Labels

Albert Einstein Alexandre le Grand ISIS La Terreur Pearl Harbor Renaissance កំណែទម្រង់ប៉េរេស្ត្រយកា កំណែទម្រង់សេដ្ឋកិច្ចចិន កម្ពុជា កម្ពុជាក្រោម កម្លាំងទំនាញសកល ការចាប់ផ្ដើម ការប្រជែងផ្នែកអវកាស ការវិលត្រឡប់ទៅកាន់អំណាច កាលីលេ កូសាំងស៊ីន ក្រិក ក្រុមជីហាតរដ្ឋអ៊ីស្លាម ក្រុមភេរវជនអន្តរជាតិ ខ្សែបន្ទាត់ព្រំដែន គ្រាប់បែកនុយក្លេអ៊ែរ គ្រីស្តូហ្វកូឡុំ គ្រឹស្តសាសនា ចក្រភពម៉ុងហ្គោល ចក្រភពរ៉ូម ចក្រភពអារ៉ាប់ ចលនាតស៊ូប្រដាប់អាវុធកុម្មុយនិស្ត ចិន ច្បាប់នៃចលនា ឆេកូស្លូវ៉ាគី ជប៉ុន ជ័យជម្នះរបស់ក្រុមសម្ព័ន្ធមិត្ត ជិនហ្គីស ខាន់ ដែនដីអាណានិគម តេងស៊ាវពីង តេងស៊ាវភីង ទ្រឹស្តីតារាសាស្រ្ត ទ្រឹស្តីសាសនា បក្សកុម្មុយនិស្តចិន បដិវត្តន៍ បដិវត្តន៍កសិកម្ម បដិវត្តន៍រាជានិយម បដិវត្តន៍វប្បធម៌ បដិវត្តន៍អ៊ីរ៉ង់ បារាំង បិតាកំណែទម្រង់សេដ្ឋកិច្ចចិន ប៊ិនឡាដិន បុរេប្រវត្តិ ប្រធានាធិបតីអាមេរិក ប្រវត្តិសាស្រ្ត ប្លុកកុម្មុយនិស្ត ផលវិបាក ភេរវកម្ម១១កញ្ញា មជ្ឈិមបូព៌ា មហាអំណាចអាណានិគមអាស៊ី មហាអំណាចអឺរ៉ុប មូលហេតុ ម៉ៅសេទុង យុគខ្មៅងងឹត យុគនៃពន្លឺ រដ្ឋធម្មនុញ្ រុស្សី លេនីន វាំងននដែក វិទ្យាសាស្រ្ត វិបត្តិប៊ែរឡាំង វិបត្តិព្រែកជីកស៊ុយអេ វិបត្តិមីស៊ីលគុយបា វៀតណាមខាងត្បូង សង្គ្រាមលោកលើកទី១ សង្គ្រាមលោកលើកទី២ សង្រ្គាមកូរ៉េ សង្រ្គាមឈូងសមុទ្រពែក្ស សង្រ្គាមត្រជាក់ សង្រ្គាមវៀតណាម សង្រ្គាមស៊ីវិល សង្រ្គាមអាហ្វហ្កានីស្ថាន សង្រ្គាមអ៊ីរ៉ាក់ សង្រ្គាមឥណ្ឌូចិន សព្វាវុធនុយក្លេអ៊ែរ សហភាពសូវៀត សហរដ្ឋអាមេរិក សាសនាអ៊ីស្លាម ស្ថានភាពពិភពលោក ហ៊ីត្លែរ ហ្គ័របាឆូវ អង់គ្លេស អធិរាជណាប៉ូឡេអុង អរិយធម៌ដ៏ចំណាស់បំផុតរបស់មនុស្សជាតិ អរិយធម៌មេឌីទែរ៉ាណេ អរិយធម៌អាស៊ីអាគ្នេយ៍ អាញ់ស្តាញ់ អាណាចក្រខ្មែរ អាណានិគម អាណាព្យាបាលបារាំង អាប្រាហាំលីនកុន អាមេរិក អារ៉ាប់ អាល់កៃដា អាល់ប៊ែរ អាញ់ស្តាញ់ អាស៊ីប៉ាសីហ្វិក អ៊ីតាលី អ៊ីសាក់ញូតុន អ៊ីស្រាអែល អឺរ៉ុបខាងកើត អ៊ុយក្រែន ឧស្សាហកម្ម

សង្រ្គាមកូរ៉េ (១៩៥០-១៩៥៣)៖ ដំណើរដើមហេតុ

សង្រ្គាម​កូរ៉េ​បាន​ចាប់ផ្តើម​​ផ្ទុះឡើង​​ដំបូង​ជា​សង្រ្គាម​ស៊ីវិល រវាង​កូរ៉េ​ខាង​ជើង និង​កូរ៉េ​ខាង​ត្បូង ក៏ប៉ុន្តែ ក្រោយ​មក​ត្រូវ​រាលដាល​ទៅ​ជា​ជម្លោះ​ប្រដាប់​អាវុធ​អន្តរជាតិ ក្រោយ​ពី​សហរដ្ឋ​អាមេរិក និង​អ.ស.ប ចូល​ជួយ​កូរ៉េ​ខាង​ត្បូង ហើយ​​សាធារណរដ្ឋ​ប្រជាមានិត​ចិនចូល​ជួយ​កូរ៉េ​ខាង​ជើង។ សង្រ្គាម​កូរ៉េ​បាន​ធ្វើ​ឲ្យ​ពិភពលោក​ត្រូវ​ប្រឈមមុខ​នឹង​សង្រ្គាម​លោក​ ជាលើកទី៣ ហើយ​បាន​នាំ​សង្រ្គាម​ត្រជាក់​ចេញ​ពី​អឺរ៉ុប ឆ្លង​ចូល​មក​ដល់​តំបន់​អាស៊ី។
កូរ៉េ ​គឺ​ជា​ប្រជាជាតិ​មួយ​ដែល​មាន​អត្តសញ្ញាណ​ជាតិ វប្បធម៌​ និង​ភាសា​ផ្ទាល់​ខ្លួន ព្រមទាំង​​មាន​អរិយធម៌​ដ៏​ចំណាស់​រាប់​ពាន់​ឆ្នាំ ក៏ប៉ុន្តែ កូរ៉េ​គឺ​ជា​ប្រទេស​ដ៏​អភ័ព្វ​មួយ ដែល​មាន​ទីតាំង​ភូមិសាស្រ្ត​ស្ថិត​នៅ​ចំកណ្តាល​​ប្រទេស​មហាអំណាច​ធំៗ​៣ គឺ​ចិន រុស្ស៊ី និង​ជប៉ុន ដែល​សុទ្ធតែ​មាន​មហិច្ឆតា​ចង់​លេប​ត្របាក់​យក​ទឹកដី​កូរ៉េ។ និយាយ​ឲ្យ​ចំ កូរ៉េ គឺ​ជា​កូនចៀម នៅ​ចំកណ្តាល​ហ្វូង​ចចក។

ការពុះចែក​កូរ៉េ​ជាពីរ​បាន​ធ្វើ​ឲ្យ​ប្រជាជន​កូរ៉េ​ជាច្រើន​ត្រូវ​ព្រាត់ប្រាស​សាច់ញាតិ​​លែង​អាច​ជួបមុខគ្នា

 
ចាប់តាំង​ពី​សតវត្សរ៍​ទី១​មុន​គ.ស កូរ៉េ​តែងតែ​ត្រូវ​បាន​នគរចិន​យក​ទៅ​​ត្រួតត្រា​​ជា​នគរ​ចំណុះ​​ជា​ញឹកញាប់ មុននឹង​ត្រូវ​ធ្លាក់​ក្នុងដៃ​ចក្រភព​ម៉ុងហ្គោល នៅ​ក្នុង​អំឡុង​សតវត្សរ៍​ទី១៣គ.ស។ ក្រោយ​មក​ទៀត កូរ៉េ​ត្រូវ​ប្រឈមមុខ​នឹង​មហាអំណាច​ថ្មី​មួយ​ទៀត ដែល​ទើប​នឹង​លេចមុខ​ឡើង​នៅ​អាស៊ី គឺ​​​អាណាចក្រ​ជប៉ុន។ នៅ​ឯ​ទិស​ខាងជើង​ឯណោះវិញ មហាអំណាច​មួយ​ទៀត គឺ​រុស្ស៊ី ក៏​​មាន​មហិច្ឆតា​ចង់​ត្រួតត្រា​ឧបទ្វីប​​​កូរ៉េ​នេះ​​ដែរ ហើយ​ការ​ប្រជែង​គ្នា រវាង​រុស្ស៊ី និង​ជប៉ុន ក៏​ត្រូវ​ផ្ទុះ​​ទៅ​ជា​សង្រ្គាម ​នៅ​ឆ្នាំ​១៩០៤។ ជប៉ុន​ដែល​ជា​អ្នក​ឈ្នះ​សង្រ្គាម​​ក៏​បាន​គ្រប់គ្រង​កូរ៉េ​ដោយ​ផ្តាច់មុខ​តែ ​ម្នាក់​ឯង ព្រមទាំង​បាន​ដាក់​កូរ៉េ​ទាំងមូល​ឲ្យ​ស្ថិត​នៅ​ក្រោម​អាណានិគម​ជប៉ុន​ជា​ ផ្លូវការ ចាប់តាំង​ពី​ឆ្នាំ​១៩១០ រហូត​ដល់​ចប់​សង្រ្គាម​លោកលើកទី២ នៅ​ឆ្នាំ​១៩៤៥។ 

នៅ​ក្នុង​អំឡុង​សង្រ្គាម​លោក​លើកទី២ ជោគវាសនា​របស់​កូរ៉េ​ត្រូវ​បាន​​សហរដ្ឋ​អាមេរិក និង​សម្ព័ន្ធមិត្ត​ ដែល​ជា​គូសត្រូវ​នឹង​ជប៉ុន​លើក​យក​មក​ជជែក​ពិភាក្សា​គ្នា ហើយ​នៅ​ក្នុង​ជំនួប នៅ​ទីក្រុង​គែរ ប្រទេស​អេហ្ស៊ីប នៅ​ឆ្នាំ​១៩៤៣ អាមេរិក អង់គ្លេស និង​សាធារណរដ្ឋ​ចិន​​(ដឹកនាំ​ដោយ​ចាង កាយចៀក) បាន​ឯកភាព​គ្នា​ថា នៅ​ក្រោយ​ពេល​ដែល​គេ​យក​ឈ្នះ​លើ​ជប៉ុន​បាន​ហើយ គេ​នឹង​ដក​ហូត​ដែនដី​អាណានិគម​ទាំងអស់​ពីជប៉ុន​មកវិញ ដោយ​ក្នុង​នោះ ក៏​រួមមាន​​ទាំង​ដែនដី​ចិន និង​ឧបទ្វីប​កូរ៉េ​ផងដែរ។

នៅ​ឆ្នាំ​១៩៤៥ នៅ​ក្នុង​ពេល​ដែល​សង្រ្គាម​លោកលើកទី២​កាន់តែ​ជិតឈាន​ចូល​ដល់​ទី​បញ្ចប់ សហរដ្ឋ​អាមេរិក ដែល​ពេលនោះ​កំពុងតែ​​ព្យាយាម​បញ្ចុះបញ្ចូល​ឲ្យ​សហភាព​សូវៀត​ចូល​ជួយ​ច្បាំង​ ទល់​នឹង​ជប៉ុន​នៅ​​​អាស៊ី បាន​ព្រមព្រៀង​​ឲ្យ​ពុះចែក​ប្រទេស​កូរ៉េ​ជា​ពីរ​ផ្នែក នៅ​ត្រង់​ខ្សែស្រប​ទី៣៨ ដោយ​មួយផ្នែក​ខាងជើង​ស្ថិត​ក្រោម​ការ​ត្រួតត្រា ​របស់​សូវៀត និង​មួយផ្នែក​ខាង​ត្បូង ​ស្ថិត​ក្រោម​ការត្រួតត្រា​របស់​    អាមេរិក។

តាម​គម្រោង​របស់​សហរដ្ឋ​អាមេរិក ការ​ពុះចែក​ប្រទេស​កូរ៉េ​ជា​ពីរផ្នែក​នេះ គ្រាន់តែ​​ជា​ការ​ខណ្ឌចែក​ជាលក្ខណៈ​រដ្ឋបាល ហើយ​ធ្វើឡើង​ជា​បណ្តោះ​អាសន្ន​តែ​ប៉ុណ្ណោះ។ នៅ​ក្រោយ​ពេល​ដែល​គេ​យក​ជ័យជម្នះ​លើ​ជប៉ុន​បាន​ហើយ គេ​នឹង​រៀបចំ​ឲ្យ​​កូរ៉េ​បង្រួបបង្រួម​គ្នា​​ទៅ​ជា​ប្រទេស​តែមួយឡើងវិញ។ ក៏ប៉ុន្តែ ក្តីសង្ឃឹម​នៃ​ការ​បង្រួបបង្រួម​គ្នា​នេះ​ត្រូវ​រលាយ​សាបសូន្យ នៅពេល​ដែល​​សហរដ្ឋ​អាមេរិក និង​សហភាព​សូវៀត​បាន​ប្រែក្លាយ​ទៅ​ជា​គូសត្រូវ​នឹង​គ្នា​ទៅវិញ នៅ​ក្នុង​សង្រ្គាម​ត្រជាក់។

នៅ​ឆ្នាំ​១៩៤៧ នៅ​ក្រោយ​ពេល​ដែលកិច្ចចរចា​លើ​ដំណោះស្រាយ​បង្រួមបង្រួម​ប្រទេស​កូរ៉េ​ត្រូវ​ ជាប់គាំង​គ្មាន​ដំណោះស្រាយ សហរដ្ឋ​អាមេរិក​​ក៏​បាន​បញ្ជូន​សំណុំរឿង​នេះ​ទៅ​ឲ្យ​អ.ស.ប​ជា​អ្នក​ ដោះស្រាយ។ តាមរយៈ​សេចក្តីសម្រេច​អនុម័ត នៅថ្ងៃ​ទី១៤ វិច្ឆិកា ១៩៤៧ អ.ស.ប​បាន​កំណត់​ឲ្យ​រៀបចំ​បោះឆ្នោត​ជាតិ​នៅ​ទូទាំង​ប្រទេស​កូរ៉េ (ទាំង​ខាង​ជើង និង​ខាង​ត្បូង) ដើម្បី​បង្កើត​រដ្ឋាភិបាល​​​បង្រួបបង្រួម​កូរ៉េ​ទាំងពីរ។ រីឯ​​​កងទ័ព​បរទេស​ទាំងអស់​ដែល​កំពុង​ឈរជើង​នៅ​លើ​ទឹកដី​កូរ៉េ​ត្រូវតែ​ ដកចេញ​ទាំងអស់។​ ក៏ប៉ុន្តែ ដំណោះស្រាយ​នេះ​ត្រូវ​បាន​សហភាព​សូវៀត​ច្រានចោល។

នៅ​ខែ​ឧសភា ឆ្នាំ​១៩៤៨ ការបោះឆ្នោត​ជាតិ​ក្រោម​ការ​ត្រួតពិនិត្យ​របស់​អ.ស.ប​ក៏​ត្រូវបាន​គេ​រៀបចំ​ ធ្វើឡើង ក៏ប៉ុន្តែ ដោយ​មាន​ការ​ជំទាស់​ពី​សហភាព​សូវៀត ការ​បោះឆ្នោត​នេះ​បាន​ប្រព្រឹត្ត​ទៅ​តែ​នៅ​ក្នុង​ទឹកដី​កូរ៉េ​ខាង​ត្បូង​តែ​ ប៉ុណ្ណោះ។ នៅ​ខែ​សីហា (ក្រោយ​ការ​បោះឆ្នោត​) រដ្ឋាភិបាលថ្មីមួយ​ត្រូវ​បាន​បង្កើតឡើង​នៅ​កូរ៉េ​ខាង​ត្បូង ដែល​គេ​ដាក់​ឈ្មោះ​ជាផ្លូវការ​ថា សាធារណរដ្ឋ​កូរ៉េ ក្រោមការដឹកនាំ​របស់​លោក​ស៊ីងម៉ាន់ រី (Syngman Rhee) ដែល​ជា​ប្រធានាធិបតី។ មួយខែ​ក្រោយ​មក កូរ៉េ​ខាង​ជើង​ក៏​បាន​ប្រកាស​បង្កើត​រដ្ឋាភិបាល​ថ្មីមួយដែរ ដោយ​ដាក់​ឈ្មោះ​ថា សាធារណរដ្ឋ​ប្រជាមានិត​ប្រជាធិបតេយ្យ​កូរ៉េ ដោយ​មាន​ គីម អ៊ីលស៊ុង ជា​ប្រមុខ។ ការពុះចែក​ប្រទេស​កូរ៉េ ដែល​ពីដំបូង​ធ្វើឡើង​ក្នុង​លក្ខណៈ​ជា​ការ​បែងចែក​រដ្ឋបាល និង​ជា​បណ្តោះអាសន្ន ក៏​បាន​ប្រែក្លាយ​ជា​ការ​បែងចែក​ជា​ប្រទេស​ពីរ​និង​ជា​អចិន្រ្តៃយ៍។ ក៏ប៉ុន្តែ មាន​តែ​រដ្ឋាភិបាល​កូរ៉េ​ខាង​ត្បូង​មួយ​តែ​ប៉ុណ្ណោះ​ដែល​ត្រូវ​បាន​អ.ស.ប​ ទទួលស្គាល់​ នៅ​ខែ​ធ្នូ ឆ្នាំ​១៩៤៨​ ថា​ជា​រដ្ឋាភិបាល​ស្របច្បាប់​តែមួយគត់ ដែល​តំណាង​ប្រទេស​កូរ៉េ​ទាំងមូល។ ចំណែកឯ​រដ្ឋាភិបាល​កូរ៉េ​ខាងជើង​វិញ​ត្រូវ​បាន​ទទួលស្គាល់​​ដោយ​សហភាព​សូវៀត និង​បណ្តា​ប្រទេស​ក្នុង​ប្លុក​កុម្មុយនិស្ត។ 
 
គីម អ៊ីលស៊ុងប្រមុខដឹកនាំកូរ៉េខាងជើង(ឆ្វេង) និង ស៊ីងម៉ាន់ រី ប្រមុខដឹកនាំកូរ៉េខាងត្បូង (ស្ដាំ) នៅក្នុងអំឡុងសង្គ្រាមកូរ៉េ
 
នៅ​ឆ្នាំ​១៩៤៩ សហភាព​សូវៀត និង​សហរដ្ឋ​អាមេរិក​បាន​ព្រមព្រៀងគ្នា​ដក​កងទ័ព​រៀងៗ​ខ្លួន​ចេញ​ពី​កូរ៉េ ដោយ​បន្សល់​ទុក​នូវ​ប្រទេស​ពីរ ដែល​មាន​កំណើតចេញ​ពី​សាច់ឈាម​នៃ​ជាតិសាសន៍​តែមួយ តែ​សំឡឹង​មើល​គ្នា​ក្នុង​ភាព​ជា​សត្រូវ។ គីម អ៊ីលស៊ុង និង​ស៊ីងម៉ាន់ រី សុទ្ធតែ​ជា​អ្នក​ជាតិនិយម​​ដូចគ្នា ហើយ​មាន​គោលដៅ​ដូចគ្នា គឺ​ចង់​ឲ្យ​កូរ៉េ​រួបរួមគ្នា​ជា​ប្រទេស​តែមួយឡើងវិញ ក៏ប៉ុន្តែ ម្នាក់​ៗ​សុទ្ធតែ​ចង់​ឲ្យ​ប្រទេស​កូរ៉េ​ដែល​រួបរួមគ្នា​នេះ ស្ថិត​នៅ​ក្រោម​ការ​គ្រប់គ្រង​របស់​ពួកគេ​រៀងៗខ្លួន គឺ​គីម អ៊ីលស៊ុង ចង់​​បង្រួបបង្រួម​កូរ៉េ​ក្រោម​របបដឹកនាំ​កុម្មុយនិស្ត ចំណែក​ឯ​ស៊ីងម៉ាន់ រី ចង់​​បង្កើត​ជា​របបដឹកនាំ​ប្រជាធិបតេយ្យ​សេរី​បែប​លោក​ខាងលិច។

ការ​សំឡឹង​មើល​គ្នា​ក្នុងភាព​ជាសត្រូវ​​បាន​ធ្វើ​ឲ្យ​ទំនាក់ទំនង រវាង​កូរ៉េ​ទាំងពីរ​ត្រូវ​ស្ថិត​ក្នុង​សភាពតានតឹង​ជាប់ជា​ប្រចាំ ហើយ​ចាប់តាំង​ពី​សូវៀត និង​អាមេរិក​ដក​កងទ័ព​ចេញ​ពី​កូរ៉េ ការ​ប៉ះទង្គិចគ្នា​ដោយ​អាវុធ តែងតែ​កើតមាន​ឡើង​ជារឿយៗ​ នៅ​តាម​បណ្តោយ​ព្រំដែន។

នៅ​កូរ៉េ​ខាងជើង គីម អ៊ីលស៊ុង ដែល​មាន​កម្លាំង​ទ័ព​ខ្លាំង​ជាង​​ក៏​បាន​សម្រេច​ថា​នឹង​ធ្វើការ​ បង្រួបបង្រួម​កូរ៉េ​ដោយ​ប្រើ​កម្លាំង​ទ័ព។ នៅ​ព្រឹកព្រលឹម​ថ្ងៃ​ទី២៥ ខែ​មិថុនា ឆ្នាំ​១៩៥០ កងទ័ព​កូរ៉េ​ខាងជើង​​បាន​បើក​ការ​វាយ​ប្រហារ​ឆ្លងកាត់​ព្រំដែន​ចូល​ឈ្លានពាន ​លើ​កូរ៉េ​ខាង​ត្បូង។ សង្រ្គាម​កូរ៉េ​ក៏​ចាប់ផ្តើម​ផ្ទុះឡើង៕