Labels

Albert Einstein Alexandre le Grand ISIS La Terreur Pearl Harbor Renaissance កំណែទម្រង់ប៉េរេស្ត្រយកា កំណែទម្រង់សេដ្ឋកិច្ចចិន កម្ពុជា កម្ពុជាក្រោម កម្លាំងទំនាញសកល ការចាប់ផ្ដើម ការប្រជែងផ្នែកអវកាស ការវិលត្រឡប់ទៅកាន់អំណាច កាលីលេ កូសាំងស៊ីន ក្រិក ក្រុមជីហាតរដ្ឋអ៊ីស្លាម ក្រុមភេរវជនអន្តរជាតិ ខ្សែបន្ទាត់ព្រំដែន គ្រាប់បែកនុយក្លេអ៊ែរ គ្រីស្តូហ្វកូឡុំ គ្រឹស្តសាសនា ចក្រភពម៉ុងហ្គោល ចក្រភពរ៉ូម ចក្រភពអារ៉ាប់ ចលនាតស៊ូប្រដាប់អាវុធកុម្មុយនិស្ត ចិន ច្បាប់នៃចលនា ឆេកូស្លូវ៉ាគី ជប៉ុន ជ័យជម្នះរបស់ក្រុមសម្ព័ន្ធមិត្ត ជិនហ្គីស ខាន់ ដែនដីអាណានិគម តេងស៊ាវពីង តេងស៊ាវភីង ទ្រឹស្តីតារាសាស្រ្ត ទ្រឹស្តីសាសនា បក្សកុម្មុយនិស្តចិន បដិវត្តន៍ បដិវត្តន៍កសិកម្ម បដិវត្តន៍រាជានិយម បដិវត្តន៍វប្បធម៌ បដិវត្តន៍អ៊ីរ៉ង់ បារាំង បិតាកំណែទម្រង់សេដ្ឋកិច្ចចិន ប៊ិនឡាដិន បុរេប្រវត្តិ ប្រធានាធិបតីអាមេរិក ប្រវត្តិសាស្រ្ត ប្លុកកុម្មុយនិស្ត ផលវិបាក ភេរវកម្ម១១កញ្ញា មជ្ឈិមបូព៌ា មហាអំណាចអាណានិគមអាស៊ី មហាអំណាចអឺរ៉ុប មូលហេតុ ម៉ៅសេទុង យុគខ្មៅងងឹត យុគនៃពន្លឺ រដ្ឋធម្មនុញ្ រុស្សី លេនីន វាំងននដែក វិទ្យាសាស្រ្ត វិបត្តិប៊ែរឡាំង វិបត្តិព្រែកជីកស៊ុយអេ វិបត្តិមីស៊ីលគុយបា វៀតណាមខាងត្បូង សង្គ្រាមលោកលើកទី១ សង្គ្រាមលោកលើកទី២ សង្រ្គាមកូរ៉េ សង្រ្គាមឈូងសមុទ្រពែក្ស សង្រ្គាមត្រជាក់ សង្រ្គាមវៀតណាម សង្រ្គាមស៊ីវិល សង្រ្គាមអាហ្វហ្កានីស្ថាន សង្រ្គាមអ៊ីរ៉ាក់ សង្រ្គាមឥណ្ឌូចិន សព្វាវុធនុយក្លេអ៊ែរ សហភាពសូវៀត សហរដ្ឋអាមេរិក សាសនាអ៊ីស្លាម ស្ថានភាពពិភពលោក ហ៊ីត្លែរ ហ្គ័របាឆូវ អង់គ្លេស អធិរាជណាប៉ូឡេអុង អរិយធម៌ដ៏ចំណាស់បំផុតរបស់មនុស្សជាតិ អរិយធម៌មេឌីទែរ៉ាណេ អរិយធម៌អាស៊ីអាគ្នេយ៍ អាញ់ស្តាញ់ អាណាចក្រខ្មែរ អាណានិគម អាណាព្យាបាលបារាំង អាប្រាហាំលីនកុន អាមេរិក អារ៉ាប់ អាល់កៃដា អាល់ប៊ែរ អាញ់ស្តាញ់ អាស៊ីប៉ាសីហ្វិក អ៊ីតាលី អ៊ីសាក់ញូតុន អ៊ីស្រាអែល អឺរ៉ុបខាងកើត អ៊ុយក្រែន ឧស្សាហកម្ម

សង្រ្គាមកូរ៉េ៖ ការឈ្លានពានរបស់កូរ៉េខាងជើង និងអន្តរាគមន៍របស់អាមេរិក

សង្រ្គាម​កូរ៉េ​បាន​ចាប់ផ្ទុះឡើង នៅ​​ថ្ងៃ​ទី២៥ ខែ​មិថុនា ឆ្នាំ​១៩៥០ នៅពេល​ដែល​កងទ័ព​កូរ៉េ​ខាងជើង​បើក​ការ​វាយប្រហារ​ឆ្លងកាត់​ខ្សែស្រប​ទី៣៨ ចូល​ឈ្លានពាន​ទៅលើ​កូរ៉េ​ខាង​ត្បូង។ គីម អ៊ីលស៊ុង ដែល​មាន​បំណង​ចង់​បង្រួបបង្រួម​ឧបទ្វីប​កូរ៉េ​យក​មក​​ដាក់​ក្រោម​របបដឹកនាំ​ កុម្មុយនិស្ត បាន​សម្រេច​បើក​ការ​វាយប្រហារ​លើ​កូរ៉េ​ខាង​ត្បូង ដោយ​មក​ពី​កត្តា​សំខាន់ៗ៣៖ (១) តុល្យភាព​កម្លាំង​ទ័ព​ដែល​ផ្អៀងខ្លាំង​មក​ខាង​កូរ៉េ​ខាងជើង (២) ការគាំទ្រ​ពី​សំណាក់​ សូវៀត​និង​ចិន និង (៣) ​ភាព​ខ្ជីខ្ជា​របស់​អាមេរិក​ដែល​ហាក់​មិន​ទុក​បញ្ហា​កូរ៉េ​ជាចំណុច​សំខាន់​​ សម្រាប់​ផលប្រយោជន៍​ជាតិ។

ខ្សែស្រប​ទី៣៨ គឺ​ជា​ព្រំដែន ដែល​បែងចែក​កូរ៉េ​ជា​ពីរ ចាប់តាំង​ពី​ឆ្នាំ​១៩៤៨
 

សហភាព​សូវៀត និង​សហរដ្ឋ​អាមេរិក​បាន​ព្រមព្រៀង​គ្នា​ដកថយ​ចេញ​ពី​ឧបទ្វីបកូរ៉េ នៅ​ឆ្នាំ​១៩៤៩ ក៏ប៉ុន្តែ ក្រោយ​ពី​អាមេរិក​ដក​កងទ័ព​ចេញ​ទៅ កូរ៉េ​ខាង​ត្បូង​មាន​កងទ័ព​មិនដល់ ១០ម៉ឺននាក់​ផង ហើយ​កងទ័ព​នោះទៀតសោត​ក៏​មិនសូវ​មាន​ការ​ហ្វឹកហ្វឺន​ខ្ពស់ ហើយ​ភាគច្រើន​មាន​បទពិសោធន៍​ខាង​បេសកកម្ម​រក្សា​សន្តិសុខ​និង​សណ្តាប់ធ្នាប់ ​ក្នុងស្រុក ជាជាង​បទពិសោធន៍​ខាង​ប្រយុទ្ធ។ ទាំងនេះ គឺ​មួយផ្នែក​ជា​កំហុស​របស់​​សហរដ្ឋ​អាមេរិក ដែល​មិនចង់​ពង្រឹង​កម្លាំង​ទ័ព​កូរ៉េ​ខាង​ត្បូង ដោយសារ​តែ​នៅ​ពេលនោះ ​អាមេរិកបារម្ភ​ខ្លាចកូរ៉េ​ខាង​ត្បូង​ប្រើ​កម្លាំង​ទ័ព​ចូល​ឈ្លានពាន​កូរ៉េ​ ខាងជើង ហើយ​ទាញ​អាមេរិក​ឲ្យ​ចូល​ក្នុង​សង្រ្គាម​ទល់​នឹង​សហភាព​សូវៀត។ ម្យ៉ាងវិញ​ទៀត ស៊ីងម៉ាន់ រី ថ្វីដ្បិត​តែ​បាន​​ឡើង​មក​​កាន់​តំណែង​ជា​ប្រធានាធិបតី​កូរ៉េ​ខាង​ត្បូង​ តាមរយៈ​ការ​បោះឆ្នោត ក៏ប៉ុន្តែ ក្រោយ​ពី​បាន​អំណាច​ក្នុងដៃ ក៏​ស្រាប់តែ​បាន​ដឹកនាំ​ប្រទេស​តាមបែប​ផ្តាច់ការ​ ដោយ​ប្រើ​កង​កម្លាំង​ប្រដាប់អាវុធ​ទៅ​បង្រ្កាប​អ្នក​នយោបាយ​ប្រឆាំង ដែល​ផ្ទុយ​ទៅនឹង​គោលការណ៍​ប្រជាធិបតេយ្យ​សេរី ដែល​អាមេរិក​ចង់បាន។

ផ្ទុយ​ពី​សហរដ្ឋ​អាមេរិក សហភាព​សូវៀត​បាន​ដកថយ​ចេញ​ពី​កូរ៉េ ដោយ​បន្សល់​ទុក​នូវ​កងទ័ព​កូរ៉េ​ខាងជើង​ចំនួន ១៣ម៉ឺន ៥ពាន់នាក់ ដែលទទួល​បាន​ការ​ហ្វឹកហ្វឺន​ និង​បទពិសោធន៍​ខ្ពស់ ព្រមទាំង​បំពាក់​ទៅដោយ​គ្រឿងសព្វាវុធ​ទំនើបៗ រួមមាន​ រថក្រោះ កាំភ្លើងធំ និង​ប្រព័ន្ធ​កាំជ្រួច​ទំនើបៗ។ សូវៀត​ក៏​បាន​រក្សា​ទុក​ផងដែរ​​នូវ​ជំនាញការ​យោធា​ឲ្យ​នៅ​ជួយ​កងទ័ព​កូរ៉េ​ ខាងជើង។

ដោយ​មើលឃើញ​ពី​តុល្យភាព​កម្លាំងទ័ព​ប្រកបដោយ​អំណោយផល​នេះហើយ ទើប​មេដឹកនាំ​កូរ៉េ​ខាងជើង​មានគំនិត​ចង់​ចូល​ឈ្លានពាន​កូរ៉េ​ខាង​ត្បូង តាំង​ពីឆ្នាំ​១៩៤៩ ហើយ​ គីម អ៊ីលស៊ុង បាន​ធ្វើ​ដំណើរ​ទៅកាន់​ទីក្រុង​ម៉ូស្គូ នៅ​ខែ​មីនា ដើម្បី​បញ្ចុះបញ្ចូល​មេដឹកនាំ​សហភាព​សូវៀត​ឲ្យ​គាំទ្រ​គម្រោងនេះ។ ក៏ប៉ុន្តែ ពីដំបូង ស្តាលីន​មិន​គាំទ្រ​​ដោយសារ​តែ​នៅពេលនោះ​អាមេរិក​មិន​ទាន់​ដក​កងទ័ព​ចេញ​អស់ ​ពី​កូរ៉េ​ខាង​ត្បូង ហើយ​ស្តាលីន​ខ្លាច​សង្រ្គាម​នៅ​កូរ៉េ​ទាញ​សូវៀត​ឲ្យ​ធ្លាក់​ខ្លួន​ទៅ​ក្នុង​ សង្រ្គាម​ដោយ​ផ្ទាល់​ជាមួយ​អាមេរិក។

នៅ​ដើម​ឆ្នាំ​១៩៥០ ស្តាលីន​បាន​ប្តូរ​ជំហរ​មកវិញ ដោយសារ​តែស្តាលីន​បាន​មើលឃើញ​ថា ស្ថានភាព​យុទ្ធសាស្រ្ត​​​មាន​ការ​ប្រែប្រួល​ខុស​ពី​មុន។ កងទ័ព​អាមេរិក​ទាំងអស់​ត្រូវ​បាន​ដកចេញ​ពី​កូរ៉េ​ខាង​ត្បូង នៅ​ខែ​មិថុនា ឆ្នាំ​១៩៤៩។ នៅ​ខែ​កញ្ញា​ សូវៀត​បាន​ធ្វើ​ការ​សាកល្បង​​អាវុធ​នុយក្លេអ៊ែរ​ប្រកប​ដោយ​ជោគជ័យ បិទបញ្ចប់​ភាព​ជា​មហាអំណាច​នុយក្លេអ៊ែរ​ផ្តាច់មុខ​របស់​អាមេរិក។​ ហើយ​នៅ​ខែ​តុលា បក្ស​កុម្មុយនិស្ត​ចិន​បាន​បណ្តេញ​រដ្ឋាភិបាល​ចាង កាយចៀក ឲ្យ​រត់​ទៅ​តៃវ៉ាន់ ហើយ​ចិន​ត្រូវ​ធ្លាក់​ក្រោម​ការ​គ្រប់គ្រង​របស់​ម៉ៅ សេទុង។

ជោគជ័យ​របស់​ពួកកុម្មុយនិស្ត​នៅ​ចិន​ធ្វើ​ឲ្យ​ស្តាលីន​គិត​ថា ចិន​គឺ​ជា​ប្រទេស​ជា​យុទ្ធសាស្រ្ត​ដ៏សំខាន់មួយ ក៏ប៉ុន្តែ អាមេរិក​មិន​ចូល​ធ្វើ​អន្តរាគមន៍​ជួយ​ពួក​គួមីនតាង​ដែល​ជា​សម្ព័ន្ធមិត្ត ដោយ​​ទុក​បណ្តោយ​ឲ្យ​បក្ស​កុម្មុយនិស្ត​ឡើងកាន់​អំណាច។ ដូច្នេះ ចំពោះ​កូរ៉េ​ដែល​ជា​ប្រទេស​តូចតាច​មួយ​នោះ អាមេរិក​​ក៏​ប្រាកដ​ជា​នឹង​មិន​លូកដៃ​ប្រឡូក​ក្នុង​សង្រ្គាម ដើម្បី​ជួយ​កូរ៉េ​ខាង​ត្បូង​នោះដែរ។ ស្តាលីន​កាន់តែ​មាន​ភាព​ប្រាកដ​ក្នុងចិត្ត​​ថែម​ទៀត​ចំពោះ​ការ​សន្និដ្ឋាន​ នេះ​ នៅ​ក្រោយ​ពេល​ដែល​រដ្ឋមន្រ្តី​ការបរទេស​អាមេរិក គឺ​លោក Dean Acheson បាន​​ថ្លែង​ជា​សាធារណៈ នៅ​ខែ​​មករា ឆ្នាំ​១៩៥០ ដោយ​មិន​រាប់បញ្ចូល​ឧបទ្វីបកូរ៉េ ទៅក្នុង​ចំណោម​​ទីតាំង​យុទ្ធសាស្រ្ត​​​​ដែល​អាមេរិក​ត្រូវ​ការពារ​ដោយ​ កម្លាំង​ទ័ព។

នៅ​ខែ​មេសា ឆ្នាំ​១៩៥០ ស្តាលីន​ក៏​បាន​ផ្តល់​ភ្លើងខៀវ​ឲ្យ​គីម អ៊ីលស៊ុង ចូល​ឈ្លាន​ពាន​កូរ៉េ​ខាង​ត្បូង ហើយ​​គម្រោង​ឈ្លានពាន​នេះ​ក៏​ទទួល​បាន​នូវ​ការ​គាំទ្រ​ពី​សំណាក់​​បក្ស​ កុម្មុយនិស្ត​ចិន​ផងដែរ ក្រោយ​ពី គីម អ៊ីលស៊ុង បាន​ជួប​ជាមួយ​ ម៉ៅ សេទុង នៅ​ខែ​ឧសភា។

នៅ​ព្រឹកព្រលឹម​ថ្ងៃ​អាទិត្យ ទី២៥ មិថុនា កងទ័ព​កូរ៉េ​ខាង​ជើង ដោយ​មាន​ជំនួយ​ពី​កងកាំភ្លើង​ធំ និង​កងរថក្រោះ ក៏​បាន​បើក​ការ​វាយ​លុក​ឆ្លងព្រំដែន​ចូល​ឈ្លានពាន​​​កូរ៉េ​ខាង​ត្បូង ហើយ​​ក្នុងរយៈពេល​តែ ៣ថ្ងៃ​ កូរ៉េ​ខាង​ជើង​ក៏​បាន​វាយ​ចូល​ដណ្តើម​បាន​​រដ្ឋធានី​សេអ៊ូល​។

កងទ័ព​កូរ៉េ​ខាង​ត្បូង ដែល​គ្មាន​ទាំង​កាំភ្លើងធំ គ្មាន​ទាំង​រថក្រោះ ហើយ​​គ្មានទាំង​អាវុធ​ទំនើប​សម្រាប់​បាញ់​រថក្រោះផងនោះ ត្រូវ​កងទ័ព​កូរ៉េ​ខាង​ជើង​វាយ​បំបាក់​ឲ្យ​រត់ខ្ចាត់ខ្ចាយ ហើយ​ គ្រាន់តែ​ក្នុង​រយៈពេល ៥ថ្ងៃ កងទ័ព​កូរ៉េ​ខាង​ត្បូង ដែល​ពីដំបូង​មាន​ចំនួន​ជិត ១០ម៉ឺននាក់ ត្រូវ​ធ្លាក់​មក​សល់​ត្រឹមតែ​ប្រមាណ​ជាង ២ម៉ឺននាក់​ប៉ុណ្ណោះ។ កងទ័ព​ដែល​នៅ​សេសសល់ រួមជាមួយ​​នឹង​មន្រ្តី​រដ្ឋាភិបាល​កូរ៉េ​ខាង​ត្បូង​ក៏​នាំគ្នា​ដកខ្លួន​ថយ​ ចេញ​ពី​រដ្ឋធានី​សេអ៊ូល រត់ទៅ​ទៅ​ប្រមូលផ្តុំគ្នា​នៅ​ក្នុង​ក្រុង​ពូសាន (Pusan) ដែល​ស្ថិត​នៅ​ចុង​ខាង​ត្បូង នៃ​ឧបទ្វីបកូរ៉េ។ ក្រៅពី​ក្រុង​ពូសាន ឧបទ្វីប​កូរ៉េ​ទាំងមូល​ត្រូវ​ធ្លាក់​ក្រោម​ការ​កាន់កាប់​របស់​កូរ៉េ​ខាងជើង។

នៅ​សហរដ្ឋ​អាមេរិក ភ្លាមៗ​ក្រោយ​ពី​ទទួល​ដំណឹង​ពី​ការវាយលុក​របស់​កូរ៉េ​ខាងជើង លោក​ប្រធានាធិបតី Harry Truman បាន​កោះ​ប្រជុំ​មន្រ្តី​ជំនិតៗ ហើយ​បានយល់ស្រប​គ្នា​​ថា អ្វី​ដែល​កំពុង​កើតឡើង​នៅ​កូរ៉េ​ គឺ​ជា​ផ្នែក​មួយ​នៃ​យុទ្ធសាស្រ្ត​របស់​សហភាព​សូវៀត ក្នុងការ​ពង្រីក​ឥទ្ធិពល​កុម្មុយនិស្ត។ ​លោក​ប្រធានាធិបតី Harry Truman បាន​លើក​ឡើង​នូវ​ហេតុផល​ថា ប្រសិនបើ​អាមេរិក​​​មិនហ៊ាន​ប្រឈមមុខ​នឹង​សង្រ្គាម ហើយ​​ឈរឱបដៃ​ទុក​បណ្តោយ​ឲ្យ​ពួក​កុម្មុយនិស្ត​កាន់កាប់​ឧបទ្វីប​កូរ៉េ​នោះ ស្តាលីន​ប្រាកដ​ជា​បានចិត្ត​កាន់តែ​ខ្លាំង​ គឺ​ដូច​ហ៊ីត្លែរ​កាល​ពី​មុន​សង្រ្គាម​លោក​លើកទី២​អ៊ីចឹង ដែល​នៅ​ពេលនោះ បារាំង និង​អង់គ្លេស​ ដែល​មិនចង់​ជួប​សង្រ្គាម​ក៏​ទុក​បណ្តោយ​ឲ្យ​ហ៊ីត្លែរ​ចូល​ឈ្លានពាន​​ប្រទេស​ តូចតាចនៅ​អឺរ៉ុប​តាមចិត្ត តែ​នៅទីបំផុត សង្រ្គាម​នៅតែ​ត្រូវ​កើតឡើង។ ហេតុដូច្នេះ​ហើយ​បាន​ជា​អាមេរិក​សម្រេច​ថា​ត្រូវ​តែ​បញ្ជូន​ទ័ព​ឲ្យ​មក​ជួយ​ កូរ៉េ​ខាង​ត្បូង ក៏ប៉ុន្តែ លោក Harry Truman ចង់​ឲ្យ​ប្រតិបត្តិការ​នេះ​ត្រូវ​ធ្វើឡើង ក្រោម​​អាណត្តិ​របស់​អ.ស.ប។

នៅថ្ងៃ​ទី២៥ មិថុនា ថ្ងៃ​ដែល​កូរ៉េ​ខាងជើង​ចូល​ឈ្លានពាន​កូរ៉េ​ខាងត្បូង ក្រុមប្រឹក្សា​សន្តិសុខ​អ.ស.ប​បាន​បើក​កិច្ចប្រជុំ​បន្ទាន់​ ហើយ​​បាន​អនុម័ត​សេចក្តីសម្រេច​មួយ​ថ្កោលទោស​អំពើ​ឈ្លានពាន​របស់​កូរ៉េ​ខាង​ ជើង ហើយ​២ថ្ងៃ​ក្រោយ​មក ក្រុមប្រឹក្សា​សន្តិសុខ​ក៏បាន​ចេញ​សេចក្តីសម្រេច​ថ្មី​មួយ​ទៀត​ស្នើសុំ​ឲ្យ​ ប្រទេស​ជាសមាជិក​បញ្ជូន​ទ័ព​ទៅ​ជួយ​កូរ៉េ​ខាង​ត្បូង។ សហភាព​សូវៀត គឺ​ជា​សមាជិក​អចិន្រ្តៃយ៍​​​ដែល​មាន​សិទ្ធិវ៉េតូ ក៏ប៉ុន្តែ ​បាន​ធ្វើ​ពហិការ​មិនចូលរួម​ប្រជុំ​ក្រុមប្រឹក្សា​សន្តិសុខ​ តាំង​ពី​ខែ​មករា ឆ្នាំ​១៩៥០ ដើម្បី​ជា​ការ​តវ៉ា​ប្រឆាំង​នឹង​ការណ៍​ដែល​គេ​នៅ​បន្ត​ឲ្យ​សាធារណរដ្ឋ​ចិន (ចិនតៃវ៉ាន់) នៅ​បន្ត​កាន់កាប់​អាសនៈ​ជា​សមាជិក​អចិន្រ្តៃយ៍​ក្រុមប្រឹក្សា​សន្តិសុខ ដោយ​មិន​ព្រម​ផ្ទេរ​អាសនៈ​នេះ​ទៅ​ឲ្យ​សាធារណរដ្ឋ​ប្រជាមានិតចិន (ចិនដីគោក) ដែល​ឡើង​មក​កាន់​អំណាច​តាំង​ពី​ខែ​តុលា ឆ្នាំ​១៩៤៩។ ហេតុដូច្នេះ​ហើយ​បាន​ជា​ក្រុមប្រឹក្សា​សន្តិសុខ​អាច​អនុម័ត​សេចក្តីសម្រេច​ ស្តីពី​សង្រ្គាម​កូរ៉េ​នេះ​បាន។ 
ក្រុម ​ប្រឹក្សា​សន្តិសុខ​បើឆ្នោត​អនុម័ត​សេចក្តីសម្រេច​ស្តីពី​សង្រ្គាម​កូរ៉េ ដោយ​គ្មាន​វត្តមាន​សហភាព​សូវៀត ដែល​ធ្វើ​ពហិការ​មិនចូល​ប្រជុំ​ចាប់តាំង​ពី​ខែ​មករា ឆ្នាំ​១៩៥០
គិត​ជា​សរុប មាន​ប្រទេស​ចំនួន ១៤ ដែល​បាន​ចូលរួម​ក្នុង​បេសកកម្ម​អ.ស.ប​នៅ​កូរ៉េ ក្រោម​ការដឹកនាំ​របស់​សហរដ្ឋ​អាមេរិក។ ប្រទេស​ទាំង ១៤​នេះ រួមមាន បារាំង អង់គ្លេស ប៊ែលហ្ស៊ិក ហូឡង់ ក្រិក តួកគី កាណាដា អូស្រ្តាលី នូវែលសេឡង់ អាហ្វ្រិក​ខាង​ត្បូង អេត្យូពី កូឡុំប៊ី ថៃ និង​ហ្វីលីពីន។ គិតជា​សរុប កងកម្លាំង​អ.ស.ប ដែល​ចូល​ធ្វើ​អន្តរាគមន៍ ក្នុង​សង្រ្គាម​កូរ៉េ មាន​ចំនួន​ប្រមាណ ៣០ម៉ឺននាក់ ក្នុងនោះ​ ២៦ម៉ឺននាក់ មកពី​សហរដ្ឋ​អាមេរិក៕