សង្រ្គាមកូរ៉េ៖ អន្តរាគមន៍របស់កងទ័ពចិនដើម្បីជួយកូរ៉េខាងជើង
នៅខែមិថុនា
ឆ្នាំ១៩៥០ នៅក្នុងពេលដែលសហភាពសូវៀតធ្វើពហិការមិនចូលប្រជុំ ក្រុមប្រឹក្សាសន្តិសុខអ.ស.ប
បានអនុម័តសេចក្តីសម្រេចឲ្យប្រទេសជាសមាជិកធ្វើអន្តរាគមន៍យោធាជួយ ដល់កូរ៉េខាងត្បូង
ដែលកំពុងទទួលរងនូវការឈ្លានពានពីសំណាក់កូរ៉េខាងជើង។ នៅក្នុងចំណោមប្រទេសចំនួន
១៤ ដែលបានសម្រេចចូលរួមជាមួយអាមេរិក ដើម្បីបញ្ជូនទ័ពទៅកាន់ឧបទ្វីបកូរ៉េ
គេឃើញមានប្រទេសលោកខាងលិច ដូចជា បារាំង អង់គ្លេស កាណាដា និងអូស្រ្តាលី ជាដើម ហើយនៅក្នុងតំបន់អាស៊ី
មានប្រទេសពីរ គឺហ្វីលីពីន និងថៃ។ និយាយជារួម
គឺសុទ្ធសឹងជាប្រទេសស្ថិតក្នុងប្លុកសេរី ជាមួយសហរដ្ឋអាមេរិក។ គិតជាសរុប
កងកម្លាំងរបស់អ.ស.ប ដែលចូលរួមក្នុងប្រតិបត្តិការនៅកូរ៉េ មានចំនួន
៣០ម៉ឺននាក់ ហើយត្រូវដាក់ឲ្យស្ថិតនៅក្រោមបញ្ជារបស់មេទ័ពអាមេរិក គឺឧត្តមសេនីយ៍
Douglas MacArthur ដែលនៅពេលនោះជាមេបញ្ជាការកងទ័ពអាមេរិកប្រចាំប្រទេសជប៉ុន។
នៅក្នុងពេលដែលអ.ស.បកំពុងតែប្រមែរប្រមូលកម្លាំងទ័ព
ឧត្តមសេនីយ៍ Douglas MacArthur បានបញ្ជូនកងទ័ពអាមេរិក
៤កងពល ដែលកំពុងប្រចាំការនៅមូលដ្ឋានទ័ពក្នុងប្រទេសជប៉ុន ឲ្យទៅជួយកងទ័ពកូរ៉េខាងត្បូង
ដើម្បីការពារទីតាំងចុងក្រោយ គឺទីក្រុង Pusan ដែលកំពុងស្ថិតក្រោមការឡោមព័ទ្ធរបស់កងទ័ពកូរ៉េខាងជើង។
ថ្វីដ្បិតតែមានចំនួនទ័ពតិចជាង អាមេរិក និងកូរ៉េខាងត្បូងបានទទួលជោគជ័យក្នុងការការពារក្រុង
Pusan មិនឲ្យធ្លាក់ក្នុងដៃកូរ៉េខាងជើង ក៏ប៉ុន្តែ ជោគជ័យនេះបានមកដោយចំណាយអាយុជីវិតទាហានយ៉ាងច្រើនសន្ធឹកសន្ធាប់។
នៅថ្ងៃទី១៥ ខែកញ្ញា
ឆ្នាំ១៩៥០ នៅក្នុងពេលដែលកងទ័ពកូរ៉េខាងជើងកំពុងជាប់ដៃក្នុងសមរភូមិ
នៅក្រុង Pusan ដែលនៅចុងខាងជើងឧបទ្វីបកូរ៉េ
ឧត្តមសេនីយ៍ MacArthur បានបញ្ជូនទាហាន៤ម៉ឺននាក់
រួមជាមួយនឹងទាហានកូរ៉េខាងត្បូងជាង ៨ពាន់នាក់ ឲ្យធ្វើដំណើរតាមនាវា
បើកការវាយលុកចូលតាមកំពង់ផែក្រុង Incheon ដើម្បីកាត់ផ្តាច់ផ្លូវដឹកជញ្ជូនភស្តុភា
និងទ័ពជំនួយរបស់កូរ៉េខាងជើង។ ជោគជ័យរបស់កងទ័ពអាមេរិក នៅ Incheon បានធ្វើឲ្យកងទ័ពកូរ៉េខាងជើងត្រូវធ្លាក់ចុះខ្សោយយ៉ាងខ្លាំង ហើយបូករួមជាមួយនឹងការវាយបកយ៉ាងគំហុក
ពីសំណាក់អាមេរិក នៅឯសមរភូមិក្រុង Pusan នោះផង កងទ័ពកូរ៉េខាងជើងក៏ត្រូវបែកខ្ចាត់ខ្ចាយ
ដោយនាំគ្នាដកថយឆ្លងខ្សែស្របទី៣៨ ត្រឡប់ចូលទៅក្នុងទឹកដីកូរ៉េខាងជើងវិញ ។
នៅថ្ងៃទី២៧ ខែកញ្ញា
កងទ័ពអាមេរិក និងកូរ៉េខាងត្បូង បានវាយដណ្តើមកាន់កាប់រដ្ឋធានីសេអ៊ូល ហើយកូរ៉េខាងត្បូងក៏ត្រូវបានរំដោះពីកូរ៉េខាងជើងមកវិញបាន
ទាំងស្រុង។ ក៏ប៉ុន្តែ អាមេរិកមិនចង់បញ្ឈប់តែត្រឹមនេះទេ ដោយរដ្ឋាភិបាលរបស់លោក
Harry Truman ចង់ឆ្លៀតក្នុងពេលដែលកងទ័ពកូរ៉េខាងជើងកំពុងធ្លាក់ចុះទន់ខ្សោយ
បើកការវាយលុកផ្តួលរំលំរបបកុម្មុយនិស្តនៅព្យុងយ៉ាង ហើយបង្រួបបង្រួមឧបទ្វីបកូរ៉េមកជាប្រទេសតែមួយឡើងវិញ
ក្រោមការដឹកនាំរបស់រដ្ឋាភិបាលកូរ៉េខាងត្បូង ដែលជាសម្ព័ន្ធមិត្តអាមេរិក។
នៅថ្ងៃទី១ ខែតុលា
ឆ្នាំ១៩៥០ នៅពេលដែលកងទ័ពអាមេរិក និងកូរ៉េខាងត្បូងវាយលុកឆ្លងខ្សែស្របទី៣៨
ចូលឈ្លានពានកូរ៉េខាងជើង ស្តាលីនបានផ្ញើតេលេក្រាមទៅម៉ៅសេទុង និងជូអេនឡាយ ស្នើសុំឲ្យចិនបញ្ជូនទ័ពទៅជួយកូរ៉េខាងជើង
ក៏ប៉ុន្តែ ក្នុងពេលជាមួយគ្នា ស្តាលីនក៏បានបញ្ជាក់ផងដែរថា កងទ័ពសូវៀតនឹងមិនចូលធ្វើអន្តរាគមន៍ដោយផ្ទាល់នៅក្នុងសង្រ្គាមនេះ
ទេ។
ក្រោយពីបានប្រជុំជជែកគ្នាអស់រយៈពេលជាច្រើនថ្ងៃ
មេដឹកនាំបក្សកុម្មុយនិស្តចិនក៏បានឯកភាពគ្នាថា ទឹកដីកូរ៉េខាងជើងគឺជាតំបន់ទ្រនាប់ដ៏សំខាន់មួយ
សម្រាប់ការពារប្រទេសចិន ពីការគំរាមកំហែងរបស់អាមេរិក។ ប្រសិនបើកូរ៉េខាងជើងត្រូវអាមេរិកវាយដណ្តើមកាន់កាប់បាន
កងទ័ពអាមេរិកនឹងអាចមានវត្តមាននៅព្រំដែនចិន ហើយក្នុងជំហានបន្ទាប់ គឺទឹកដីចិន
ដែលអាចនឹងត្រូវប្រឈមមុខនឹងការឈ្លានពានពីសំណាក់អាមេរិក។ ដូច្នេះ ចិនត្រូវតែធ្វើអន្តរាគមន៍យោធានៅកូរ៉េ
ដើម្បីបញ្ចៀសសេណារីយ៉ូដ៏គ្រោះថ្នាក់នេះ។ ចិនក៏ចាប់ផ្តើមចល័តទ័ពឲ្យទៅកាន់តំបន់ព្រំដែនជាប់នឹងកូរ៉េ
ខាងជើង។
នៅថ្ងៃទី១៩ ខែតុលា
ឆ្នាំ១៩៥០ កងទ័ពអាមេរិកបានវាយចូលកាន់កាប់ក្រុងព្យុងយ៉ាង
ហើយនៅថ្ងៃដដែលនោះ កងទ័ពចិន ដែលម៉ៅសេទុងហៅថាជា "កងទ័ពស្ម័គ្រចិត្ត” ហើយមានចំនួនប្រមាណជា
១៣ម៉ឺននាក់ ក៏បានឆ្លងទន្លេយ៉ាលូ ដែលជាខ្សែទឹកបែងចែកព្រំដែន រវាងចិន
និងកូរ៉េខាងជើង។ ៤ថ្ងៃក្រោយមក
(ថ្ងៃទី២៥ តុលា) កងទ័ពចិនក៏បានចាប់ផ្តើមបើកការវាយប្រហារទៅលើកងទ័ពកូរ៉េខាងត្បូង
និងកងកម្លាំងអាមេរិក ដែលស្ថិតនៅក្បែរព្រំដែនចិន-កូរ៉េ។
នៅក្នុងរយៈពេល ២ខែបន្ទាប់មកទៀត កងទ័ពអាមេរិក ដែលមិនសូវស្គាល់កងទ័ពចិន ហើយព្រមទាំងមើលស្រាលចិនផងនោះ ត្រូវទទួលបរាជ័យជាបន្តបន្ទាប់នៅស្ទើរតែគ្រប់សមរភូមិ ហើយបូករួមជាមួយនឹងការចូលមកដល់នៃរដូវរងារ ដែលសីតុណ្ហភាពចុះត្រជាក់ក្រោមសូន្យអង្សាផងនោះ
ទាហានអាមេរិក ដែលមិនបានត្រៀមខ្លួនសម្រាប់សមរភូមិក្នុងរដូវត្រជាក់ ក៏ចាប់ផ្តើមធ្លាក់ចុះខ្សោយ
ហើយត្រូវបង្ខំចិត្តវាយដកថយ
ឆ្ពោះទៅកាន់ខ្សែស្របទី៣៨វិញ។
គិតត្រឹមថ្ងៃទី៥ធ្នូ
ក្រុងព្យុងយ៉ាងត្រូវបានចិនវាយដណ្តើមកាន់កាប់ ហើយនៅពាក់កណ្តាលខែធ្នូ
កងទ័ពអាមេរិក និងសម្ព័ន្ធមិត្តក៏បានថយចេញពីកូរ៉េខាងជើងឆ្លងខ្សែស្របទី៣៨ ត្រឡប់ចូលទៅក្នុងទឹកដីកូរ៉េខាងត្បូងវិញ។
នៅឯទីក្រុងញូវយ៉ក ក្រុមប្រឹក្សាសន្តិសុខអ.ស.ប
បានបើកកិច្ចប្រជុំ
ដោយមានវត្តមានគណៈប្រតិភូពិសេសរបស់ចិន ដើម្បីព្យាយាមស្វែងរកដំណោះស្រាយបញ្ចប់សង្រ្គាមកូរ៉េ។
ក៏ប៉ុន្តែ នៅពេលនោះ ដល់វេនចិនម្តង ដែលមិនចង់បញ្ចប់សង្រ្គាមនៅត្រឹមខ្សែស្របទី៣៨។ ចិនដែលយល់ថាខ្លួនកំពុងមានប្រៀបលើកងទ័ពអាមេរិក ក៏ចាប់ផ្តើមមានគំនិតចង់បន្តវាយលុកចូលឈ្លានពានទៅលើកូរ៉េខាងត្បូង ដើម្បីបង្រួបបង្រួមកូរ៉េ ដាក់ក្រោមការដឹកនាំរបស់រដ្ឋាភិបាលកុម្មុយនិស្ត។ ចិនបានបដិសេធមិនទទួលយកបទឈប់បាញ់ដែលស្នើឡើង ដោយអ.ស.ប ហើយក៏បានបើកការវាយលុកឆ្លងខ្សែស្របទី៣៨ រហូតវាយយកបានក្រុងសេអ៊ូល
នៅថ្ងៃទី៤ ខែមករា ឆ្នាំ១៩៥១។
ប្រឈមមុខនឹងបរាជ័យនេះ មេដឹកនាំអាមេរិកក៏បានចាប់ផ្តើមគិតគូរពិចារណាចង់បើកធ្វើសង្រ្គាម ទៅលើចិនដោយពេញទំហឹង ពោលគឺ ធ្វើការវាយប្រហារទៅលើទឹកដីចិនដោយផ្ទាល់ ដោយមិនមែនកម្រិតសមរភូមិនៅត្រឹមតែក្នុងឧបទ្វីបកូរ៉េ ដូចដែលគេធ្វើនាពេលកន្លងមក។ ក៏ប៉ុន្តែ គ្រប់គ្នាសុទ្ធតែដឹងថា ចិនគឺជាសម្ព័ន្ធមិត្តរបស់សហភាពសូវៀត។ ប្រសិនបើអាមេរិកប្រកាសសង្រ្គាមលើចិន សហភាពសូវៀតប្រហែលជានឹងចូលមកជួយ ហើយដល់ពេលនោះ សង្រ្គាមកូរ៉េ ដែលពីដំបូងគ្រាន់តែជាសង្រ្គាមស៊ីវិលមួយនោះ អាចនឹងរុញច្រានពិភពលោកឲ្យធ្លាក់ទៅក្នុងមាត់ជ្រោះនៃសង្រ្គាមលោក ជាលើកទី៣៕