Labels

Albert Einstein Alexandre le Grand ISIS La Terreur Pearl Harbor Renaissance កំណែទម្រង់ប៉េរេស្ត្រយកា កំណែទម្រង់សេដ្ឋកិច្ចចិន កម្ពុជា កម្ពុជាក្រោម កម្លាំងទំនាញសកល ការចាប់ផ្ដើម ការប្រជែងផ្នែកអវកាស ការវិលត្រឡប់ទៅកាន់អំណាច កាលីលេ កូសាំងស៊ីន ក្រិក ក្រុមជីហាតរដ្ឋអ៊ីស្លាម ក្រុមភេរវជនអន្តរជាតិ ខ្សែបន្ទាត់ព្រំដែន គ្រាប់បែកនុយក្លេអ៊ែរ គ្រីស្តូហ្វកូឡុំ គ្រឹស្តសាសនា ចក្រភពម៉ុងហ្គោល ចក្រភពរ៉ូម ចក្រភពអារ៉ាប់ ចលនាតស៊ូប្រដាប់អាវុធកុម្មុយនិស្ត ចិន ច្បាប់នៃចលនា ឆេកូស្លូវ៉ាគី ជប៉ុន ជ័យជម្នះរបស់ក្រុមសម្ព័ន្ធមិត្ត ជិនហ្គីស ខាន់ ដែនដីអាណានិគម តេងស៊ាវពីង តេងស៊ាវភីង ទ្រឹស្តីតារាសាស្រ្ត ទ្រឹស្តីសាសនា បក្សកុម្មុយនិស្តចិន បដិវត្តន៍ បដិវត្តន៍កសិកម្ម បដិវត្តន៍រាជានិយម បដិវត្តន៍វប្បធម៌ បដិវត្តន៍អ៊ីរ៉ង់ បារាំង បិតាកំណែទម្រង់សេដ្ឋកិច្ចចិន ប៊ិនឡាដិន បុរេប្រវត្តិ ប្រធានាធិបតីអាមេរិក ប្រវត្តិសាស្រ្ត ប្លុកកុម្មុយនិស្ត ផលវិបាក ភេរវកម្ម១១កញ្ញា មជ្ឈិមបូព៌ា មហាអំណាចអាណានិគមអាស៊ី មហាអំណាចអឺរ៉ុប មូលហេតុ ម៉ៅសេទុង យុគខ្មៅងងឹត យុគនៃពន្លឺ រដ្ឋធម្មនុញ្ រុស្សី លេនីន វាំងននដែក វិទ្យាសាស្រ្ត វិបត្តិប៊ែរឡាំង វិបត្តិព្រែកជីកស៊ុយអេ វិបត្តិមីស៊ីលគុយបា វៀតណាមខាងត្បូង សង្គ្រាមលោកលើកទី១ សង្គ្រាមលោកលើកទី២ សង្រ្គាមកូរ៉េ សង្រ្គាមឈូងសមុទ្រពែក្ស សង្រ្គាមត្រជាក់ សង្រ្គាមវៀតណាម សង្រ្គាមស៊ីវិល សង្រ្គាមអាហ្វហ្កានីស្ថាន សង្រ្គាមអ៊ីរ៉ាក់ សង្រ្គាមឥណ្ឌូចិន សព្វាវុធនុយក្លេអ៊ែរ សហភាពសូវៀត សហរដ្ឋអាមេរិក សាសនាអ៊ីស្លាម ស្ថានភាពពិភពលោក ហ៊ីត្លែរ ហ្គ័របាឆូវ អង់គ្លេស អធិរាជណាប៉ូឡេអុង អរិយធម៌ដ៏ចំណាស់បំផុតរបស់មនុស្សជាតិ អរិយធម៌មេឌីទែរ៉ាណេ អរិយធម៌អាស៊ីអាគ្នេយ៍ អាញ់ស្តាញ់ អាណាចក្រខ្មែរ អាណានិគម អាណាព្យាបាលបារាំង អាប្រាហាំលីនកុន អាមេរិក អារ៉ាប់ អាល់កៃដា អាល់ប៊ែរ អាញ់ស្តាញ់ អាស៊ីប៉ាសីហ្វិក អ៊ីតាលី អ៊ីសាក់ញូតុន អ៊ីស្រាអែល អឺរ៉ុបខាងកើត អ៊ុយក្រែន ឧស្សាហកម្ម

សង្រ្គាមកូរ៉េ៖ បទឈប់បាញ់ និងផលវិបាក ក្រោយសង្រ្គាម

នៅ​ចុងឆ្នាំ​១៩៥០ និង​ដើម​ឆ្នាំ​១៩៥១ នៅ​ពេល​ដែល​​កងទ័ព​ចិន​កំពុងមាន​ប្រៀប​ខ្លាំង​លើ​សមរភូមិ ដោយ​វាយ​រុញច្រាន​​កងទ័ព​អាមេរិក និង​សម្ព័ន្ធមិត្ត​ឲ្យ​​​ដក​ខ្លួន​ថយ​ចេញ​ពី​ទឹកដី​កូរ៉េ​ខាង​ជើង រហូតត្រូវ​បាត់បង់​ទីក្រុង​សេអ៊ូល​ជាលើកទី២ មេដឹកនាំ​អាមេរិក​ចាប់ផ្តើម​​ពិចារណា​ចង់ធ្វើសង្រ្គាម​ទៅលើ​ប្រទេស​ចិន​ដោយ​ ផ្ទាល់។ ដឹង​ពី​ដំណឹង​នេះ នាយករដ្ឋមន្រ្តីអង់គ្លេស​បាន​ធ្វើ​ដំណើរ​ទៅ​កាន់​រដ្ឋធានី​វ៉ាស៊ីងតោន ដើម្បី​ជួប​ជាមួយ​លោក​ប្រធានាធិបតី Harry Truman ប្រាប់​អំពី​ក្តីបារម្ភ​របស់​អង់គ្លេស ក៏ដូចជា ប្រទេស​ផ្សេងទៀត ដែល​ចូលរួម​ជាមួយ​អាមេរិក​ក្នុង​សង្រ្គាម​កូរ៉េ គឺ​បារម្ភ​ខ្លាច​ការ​វាយប្រហារ​ទៅលើ​ចិន​នឹង​បង្ក​ឲ្យ​មាន​សង្រ្គាម​លោក​ លើកទី៣។​ នៅ​ពេលនោះ លោក​ប្រធានាធិបតី Harry Truman បាន​ត្រឹមតែ​ស្តាប់ និង​ទទួលដឹងឮ​ពី​ក្តីបារម្ភ​របស់​សម្ព័ន្ធមិត្ត ក៏ប៉ុន្តែ មិនបាន​ធ្វើការ​សន្យា​ណាមួយ អំពី​រឿង​ធ្វើ​សង្រ្គាម​លើ​ចិន​នេះទេ។
 
ឧត្តមសេនីយ៍ Douglas MacArthur (ទី២រាប់​ពី​ស្តាំ​ទៅឆ្វេង) នៅ​ក្នុង​អំឡុង​ប្រតិបត្តិការ​វាយលុក​ដណ្តើម​ក្រុង Incheon ពី​កងទ័ព​កូរ៉េ​ខាងជើង
 
នៅ​ក្នុង​ចន្លោះ​ពី​ខែ​មករា ដល់​ខែ​កុម្ភៈ ឆ្នាំ​១៩៥១ នៅ​ក្នុង​ពេល​ដែល​អាមេរិក​កំពុងតែ​ពិចារណា​អំពី​លទ្ធភាព​បើកធ្វើ​សង្រ្គាម​ ដោយ​ផ្ទាល់​ទៅលើ​ប្រទេស​ចិន នៅ​ឯ​សមរភូមិ​ឯណោះវិញ ស្ថានភាព​ចាប់ផ្តើម​មាន​ការ​ប្រែប្រួល ដោយ​កងទ័ព​អាមេរិក​បាន​វាយ​ដណ្តើម​កាន់កាប់​ក្រុង​សេអ៊ូល​ពី​ចិន​មកវិញ ព្រមទាំង​បាន​វាយ​រុញច្រាន​កងទ័ព​ចិន​ឲ្យ​ដកថយ​​ចូល​ទៅ​ទឹកដី​កូរ៉េ​ ខាងជើងវិញ។ លោក Harry Truman ក៏​បាន​សម្រេច​​កំណត់​សមរភូមិ​នៅ​ត្រឹម​ឧបទ្វីបកូរ៉េ ដោយ​មិន​បើក​ការ​វាយប្រហារ​ដោយ​ផ្ទាល់​ទៅលើ​ប្រទេស​ចិន។ សម្រាប់​លោក Harry Truman គោលដៅ​សំខាន់ គឺ​ធ្វើយ៉ាងណា​បង្ខំ​ឲ្យ​ចិន និង​កូរ៉េ​ខាងជើង​ចុះ​កិច្ចព្រមព្រៀង​បញ្ចប់​សង្រ្គាម ហើយ​វិលត្រឡប់​ទៅរក​ស្ថានភាព​ដើម​វិញ គឺ​ស្ថានភាព​មុនពេល​ដែល​កូរ៉េ​ខាងជើង​ចូល​ឈ្លានពាន​កូរ៉េ​ខាង​ត្បូង។

ក៏ប៉ុន្តែ ឧត្តមសេនីយ៍ Douglas MacArthur មេទ័ព​អាមេរិក​នៅ​កូរ៉េ បាន​​ចេញមុខ​ជំទាស់​នឹង​សេចក្តីសម្រេច​របស់​លោក​ Harry Truman ដោយ​ទាមទារ​​ចង់​បើក​ការ​វាយលុក​ទៅលើ​ទឹកដី​កូរ៉េ​ខាងជើង​សាជាថ្មី ហើយ​ក្នុង​ពេល​ជាមួយគ្នា ​ទាមទារ​ឲ្យ​លោក​ប្រធានាធិបតី Harry Truman ដាក់បញ្ជា​ឲ្យ​បើក​ការ​វាយប្រហារ​តាម​ផ្លូវ​អាកាស​ទៅលើ​ប្រទេស​ចិន ដោយ​ត្រូវ​​​ប្រើ​អាវុធ​នុយក្លេអ៊ែរ​ទៅលើ​ចិន​ប្រសិនបើ​ចាំបាច់។ ការជំទាស់នេះ ​ឧត្តមសេនីយ៍ Douglas MacArthur មិនត្រឹមតែ​បាន​លើកឡើង នៅ​ក្នុង​លក្ខណៈ​ជា​ឯកជន​ជាមួយ​លោក Harry Truman ដោយ​ផ្ទាល់​ប៉ុណ្ណោះ​ទេ តែ​ថែម​ទាំង​​បាន​​ផ្ញើ​លិខិត​ទៅប្រាប់​​សភាអាមេរិក ព្រមទាំង​ថ្លែង​ជាសាធារណៈ​​​តាម​ប្រព័ន្ធផ្សព្វផ្សាយ​ព័ត៌មាន។ នៅ​ខែ​មេសា ឆ្នាំ​១៩៥១ លោក​ប្រធានាធិបតី Harry Truman ក៏​បាន​ដកតំណែង​ឧត្តមសេនីយ៍ MacArthur ពីបទ​មិនស្តាប់​បញ្ជា​ប្រធានាធិបតី ដែល​ជា​អគ្គបញ្ជាការ​កងទ័ព។
នៅ​ចន្លោះ​ខែ​កក្កដា និង​ខែ​សីហា ឆ្នាំ​១៩៥១ នៅ​ក្នុង​ពេល​ដែល​​ស្ថានភាព​សង្រ្គាម​​នៅ​ទ្រឹង​ត្រឹម​ខ្សែស្រប​ទី៣៨ ដោយគ្មាន​ខាងណា​អាច​យក​ប្រៀប​លើ​ខាងណា​បាន ចិន និង​​អ.ស.ប​​ក៏​បាន​ចាប់ផ្តើម​បើក​ការចរចា​លើ​បទឈប់បាញ់។ ក៏ប៉ុន្តែ ការចរចា​នេះ​ត្រូវ​ទទួល​បរាជ័យ​ជាច្រើន​លើក​ច្រើនសា ចំណែក​ឯ​ការ​វាយប្រយុទ្ធគ្នា​នៅ​ក្នុង​សមរភូមិ​ក៏​ចេះតែ​បន្ត​ធ្វើ​។

នៅ​ខែ​មករា ឆ្នាំ​១៩៥៣ ការផ្លាស់ប្តូរ​នយោបាយ​ដ៏សំខាន់​មួយ​បាន​កើតមាន​ឡើង​ នៅ​សហរដ្ឋ​អាមេរិក។ លោក Dwight Eisenhower ដែល​កន្លងមក​ធ្លាប់​ចេញមុខ​ប្រឆាំង​នឹង​ការ​ធ្វើ​សង្រ្គាម​នៅ​កូរ៉េ បាន​ជាប់ឆ្នោត​ឡើង​មក​ធ្វើ​​ជា​ប្រធានាធិបតី​អាមេរិក ជំនួស​លោក Harry Truman ដែល​ផុត​អាណត្តិ។ គ្រាន់តែ​បាន​ឡើង​មក​កាន់​តំណែង​ភ្លាម លោក Eisenhower បាន​កំណត់​អាទិភាព​ជាចម្បងមួយ សម្រាប់​នយោបាយ​របស់​លោក គឺ​ធ្វើយ៉ាងណា​បញ្ចប់​សង្រ្គាម​កូរ៉េ​ឲ្យ​បាន​ឆាប់។ លោក​បាន​ចាត់​រដ្ឋមន្រ្តី​ការបរទេស​ឲ្យ​បើក​ការចរចា​សាជាថ្មី​ជាមួយ​ចិន ហើយ​ក្នុងពេល​ជាមួយគ្នា លោក​ប្រធានាធិបតី​អាមេរិក​បាន​គំរាម​មេដឹកនាំ​ចិន​ត្រង់ៗ​ថា ប្រសិនបើ​សង្រ្គាម​កូរ៉េ​មិន​បញ្ចប់​ភ្លាមៗ​តាម​រយៈ​ការចរចា​ទេ លោក​នឹង​ប្រើ​អាវុធ​នុយក្លេអ៊ែរ​ ដើម្បី​បញ្ចប់​សង្រ្គាម​នេះ។

នៅ​ក្នុង​អំឡុង​ពេលនោះ​ ​ប្លុក​កុម្មុយនិស្ត​​ក៏​ឆ្លងកាត់​នូវ​ការ​ផ្លាស់ប្តូរ​ដ៏សំខាន់​មួយ​​​ដែរ គឺ​ស្តាលីន​​មេដឹកនាំ​សហភាព​សូវៀត ដែល​គេ​ស្គាល់​ថា​ជា​បុរសខ្លាំង​នៃ​ប្លុក​កុម្មុយនិស្ត​បាន​ទទួល​មរណភាព នៅ​ខែ​មីនា​ឆ្នាំ​១៩៥៣។ នៅ​ថ្ងៃ​ទី២៧ ខែ​កក្កដា ឆ្នាំ​១៩៥៣ ៤ខែ​ក្រោយ​មរណភាព​របស់​ស្តាលីន និង​២ខែ​ក្រោយ​ការ​គំរាម​ប្រើ​អាវុធ​នុយក្លេអ៊ែរ​របស់​លោក​ Eisenhower ចិន និង​អ.ស.ប ​ក៏​បាន​​​​ព្រមព្រៀង​គ្នា​ចុះ​ហត្ថលេខាលើ​បទឈប់បាញ់។ ការ​វាយប្រយុទ្ធគ្នា​ត្រូវ​បញ្ចប់ ​ទីតាំង​នៃ​ខ្សែត្រៀម​ចុងក្រោយ​ ដែល​នៅ​ក្បែរ​ខ្សែស្រប​ទី៣៨ ត្រូវ​បាន​គេ​​កំណត់​យក​ជា​ខ្សែបន្ទាត់​ព្រំដែន​ រវាង​កូរ៉េ​ខាង​ជើង និង​កូរ៉េ​ខាង​ត្បូង ហើយ​តំបន់​គ្មាន​យោធា​ត្រូវបាន​គេ​បង្កើតឡើង នៅ​អមសងខាង​ខ្សែបន្ទាត់​ព្រំដែន​នេះ។
 
កងទ័ព​អាមេរិក និង​កូរ៉េ​ខាង​ត្បូង នៅក្បែរ​តំបន់​គ្មាន​កងទ័ព នៅ​តាម​បណ្តោយ​ព្រំដែន​កូរ៉េ​ ដែល​បង្កើតឡើង​ដោយ​បទឈប់បាញ់ ឆ្នាំ​១៩៥៣

 
កាល​ពី​ដំបូង បទឈប់បាញ់​​ដែល​ភាគី​ជម្លោះ​ចុះហត្ថលេខា នៅថ្ងៃ​ទី២៧ កក្កដា​នេះ ត្រូវ​បាន​គេ​កំណត់​ថា​ជា​ឯកសារ​បណ្តោះ​អាសន្ន​តែ​ប៉ុណ្ណោះ ដើម្បី​រង់ចាំ​ការ​ចុះហត្ថលេខា​លើ​សន្ធិសញ្ញា​សន្តិភាព​បញ្ចប់​សង្រ្គាម​ជា​ ស្ថាពរ ដែល​គេ​នឹង​រៀបចំ​ធ្វើ​នៅ​ពេលក្រោយ។ ក៏ប៉ុន្តែ ជាង ៦០ឆ្នាំក្រោយមក សន្ធិសញ្ញា​សន្តិភាព​នេះ​នៅតែ​មិន​ទាន់ត្រូវ​បាន​​ភាគីជម្លោះ​ចុះហត្ថលេខា ហើយ​បើ​និយាយ​តាមផ្លូវច្បាប់ ឧបទ្វីបកូរ៉េ​នៅតែ​ស្ថិត​ក្នុង​ស្ថានភាព​សង្រ្គាម រហូត​មកទល់​នឹង​ពេល​បច្ចុប្បន្ន។

សង្រ្គាម​កូរ៉េ ថ្វីដ្បិត​តែ​មាន​រយៈពេល​ខ្លី ក៏ប៉ុន្តែ​ គឺ​ជា​សង្រ្គាម​មួយ ដែល​មាន​ការ​បង្ហូរឈាម​ខ្លាំង​បំផុត ដោយ​បាន​សម្លាប់​អាយុជីវិត​មនុស្ស​រហូតដល់​ទៅ​ជិត ៥លាននាក់ ក្នុងនោះ មាន​ជាង​ពាក់កណ្តាល គឺ​ជា​ជនស៊ីវិល។ បើ​គិត​ជា​សមាមាត្រ ​ការ​ស្លាប់​ជនស៊ីវិល នៅ​ក្នុង​សង្រ្គាម​កូរ៉េ មាន​អត្រា​ខ្ពស់​ជាង​ក្នុង​សង្រ្គាម​លោកលើកទី២​ទៅទៀត។

ចាប់តាំង​ពី​ក្រោយ​សង្រ្គាម​កូរ៉េ ឧបទ្វីបកូរ៉េ​នៅតែ​បន្ត​ពុះចែក​ជាពីរ ហើយ​កូរ៉េ​ខាងជើង និង​កូរ៉េ​ខាង​ត្បូង​បាន​ដើរ​តាម​គន្លងផ្លូវ​ពីរ​ផ្ទុយពីគ្នា​ស្រឡះ។ កូរ៉េ​ខាងជើង​ស្ថិត​ក្រោម​របបផ្តាច់ការ​កុម្មុយនិស្ត​​បន្តត្រកូល តាំងពី​ជីតា គឺ​លោក​គីម អ៊ីលស៊ុង រហូត​ទៅដល់​ចៅ គឺ​លោក​គីម ជុងអ៊ុន នៅ​ពេល​បច្ចុប្បន្ន។ របបកុម្មុយនិស្ត​ក្រុងព្យុងយ៉ាងគិតតែ​ពី​ការ​ពង្រឹង​កម្លាំង​ទ័ព ដោយ​ទុក​ឲ្យ​ប្រជាជន​ត្រូវ​រស់​ក្នុង​ភាពក្រីក្រ​រហូត​ត្រូវ​ប្រឈមមុខ​នឹង​ គ្រោះអត់ឃ្លាន បណ្តាល​ឲ្យ​មាន​អ្នក​ស្លាប់​រាប់លាននាក់។

កូរ៉េ​ខាង​ត្បូង​វិញ ក៏​បាន​ឆ្លងកាត់​របបផ្តាច់ការប្រមាណ​ជាង ៣០ឆ្នាំ​ដែរ ក្រោម​ការ​ដឹកនាំ​របស់​លោក​ស៊ីងម៉ាន់ រី និង​មេដឹនាំ​យោធា​បន្តបន្ទាប់មកទៀត។ ក៏ប៉ុន្តែ ដោយសារតែ​មាន​ចលនា​តវ៉ា​ប្រឆាំង​ពី​សំណាក់​ប្រជាជន កូរ៉េ​ខាង​ត្បូង​ក៏​បាន​ធ្វើ​កំណែទម្រង់ ហើយ​ចាប់យក​របៀបដឹកនាំ​តាមបែបប្រជាធិបតេយ្យ​ ចាប់ពី​ឆ្នាំ​១៩៨៧។ នៅ​ក្នុង​អំឡុង​ពេល​ជាមួយគ្នា​នោះ កូរ៉េ​ខាង​ត្បូង​បាន​ធ្វើ​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​របស់​ខ្លួន​ រហូត​បាន​ក្លាយ​ទៅជា​មហាអំណាច​សេដ្ឋកិច្ច​មួយ នៅ​ក្នុង​តំបន់​អាស៊ី៕