Labels

Albert Einstein Alexandre le Grand ISIS La Terreur Pearl Harbor Renaissance កំណែទម្រង់ប៉េរេស្ត្រយកា កំណែទម្រង់សេដ្ឋកិច្ចចិន កម្ពុជា កម្ពុជាក្រោម កម្លាំងទំនាញសកល ការចាប់ផ្ដើម ការប្រជែងផ្នែកអវកាស ការវិលត្រឡប់ទៅកាន់អំណាច កាលីលេ កូសាំងស៊ីន ក្រិក ក្រុមជីហាតរដ្ឋអ៊ីស្លាម ក្រុមភេរវជនអន្តរជាតិ ខ្សែបន្ទាត់ព្រំដែន គ្រាប់បែកនុយក្លេអ៊ែរ គ្រីស្តូហ្វកូឡុំ គ្រឹស្តសាសនា ចក្រភពម៉ុងហ្គោល ចក្រភពរ៉ូម ចក្រភពអារ៉ាប់ ចលនាតស៊ូប្រដាប់អាវុធកុម្មុយនិស្ត ចិន ច្បាប់នៃចលនា ឆេកូស្លូវ៉ាគី ជប៉ុន ជ័យជម្នះរបស់ក្រុមសម្ព័ន្ធមិត្ត ជិនហ្គីស ខាន់ ដែនដីអាណានិគម តេងស៊ាវពីង តេងស៊ាវភីង ទ្រឹស្តីតារាសាស្រ្ត ទ្រឹស្តីសាសនា បក្សកុម្មុយនិស្តចិន បដិវត្តន៍ បដិវត្តន៍កសិកម្ម បដិវត្តន៍រាជានិយម បដិវត្តន៍វប្បធម៌ បដិវត្តន៍អ៊ីរ៉ង់ បារាំង បិតាកំណែទម្រង់សេដ្ឋកិច្ចចិន ប៊ិនឡាដិន បុរេប្រវត្តិ ប្រធានាធិបតីអាមេរិក ប្រវត្តិសាស្រ្ត ប្លុកកុម្មុយនិស្ត ផលវិបាក ភេរវកម្ម១១កញ្ញា មជ្ឈិមបូព៌ា មហាអំណាចអាណានិគមអាស៊ី មហាអំណាចអឺរ៉ុប មូលហេតុ ម៉ៅសេទុង យុគខ្មៅងងឹត យុគនៃពន្លឺ រដ្ឋធម្មនុញ្ រុស្សី លេនីន វាំងននដែក វិទ្យាសាស្រ្ត វិបត្តិប៊ែរឡាំង វិបត្តិព្រែកជីកស៊ុយអេ វិបត្តិមីស៊ីលគុយបា វៀតណាមខាងត្បូង សង្គ្រាមលោកលើកទី១ សង្គ្រាមលោកលើកទី២ សង្រ្គាមកូរ៉េ សង្រ្គាមឈូងសមុទ្រពែក្ស សង្រ្គាមត្រជាក់ សង្រ្គាមវៀតណាម សង្រ្គាមស៊ីវិល សង្រ្គាមអាហ្វហ្កានីស្ថាន សង្រ្គាមអ៊ីរ៉ាក់ សង្រ្គាមឥណ្ឌូចិន សព្វាវុធនុយក្លេអ៊ែរ សហភាពសូវៀត សហរដ្ឋអាមេរិក សាសនាអ៊ីស្លាម ស្ថានភាពពិភពលោក ហ៊ីត្លែរ ហ្គ័របាឆូវ អង់គ្លេស អធិរាជណាប៉ូឡេអុង អរិយធម៌ដ៏ចំណាស់បំផុតរបស់មនុស្សជាតិ អរិយធម៌មេឌីទែរ៉ាណេ អរិយធម៌អាស៊ីអាគ្នេយ៍ អាញ់ស្តាញ់ អាណាចក្រខ្មែរ អាណានិគម អាណាព្យាបាលបារាំង អាប្រាហាំលីនកុន អាមេរិក អារ៉ាប់ អាល់កៃដា អាល់ប៊ែរ អាញ់ស្តាញ់ អាស៊ីប៉ាសីហ្វិក អ៊ីតាលី អ៊ីសាក់ញូតុន អ៊ីស្រាអែល អឺរ៉ុបខាងកើត អ៊ុយក្រែន ឧស្សាហកម្ម

សង្រ្គាមត្រជាក់នៅមជ្ឈិមបូព៌ា៖ វិបត្តិព្រែកជីក ស៊ុយអេឆ្នាំ១៩៥៦

សង្រ្គាមត្រជាក់ ដែល​​បាន​ចាប់ផ្តើម​ផ្ទុះឡើង​ជា​ដំបូង​នៅ​ក្នុង​តំបន់​អឺរ៉ុប បាន​ចាប់ផ្តើម​រាលដាល​ចេញ​ទៅដល់​តំបន់​អាស៊ី ជាមួយ​នឹង​ការ​ឡើង​មក​កាន់អំណាច​របស់​បក្ស​កុម្មុយនិស្ត​ចិន នៅ​ឆ្នាំ​១៩៤៩ និង​សង្រ្គាម​កូរ៉េ នៅ​ឆ្នាំ​១៩៥០ ដល់​ឆ្នាំ​១៩៥៣។

នៅ​ក្រោយ​សង្រ្គាម​កូរ៉េ មហាអំណាច​ធំៗ​ទាំងពីរ គឺ​សហរដ្ឋ​អាមេរិក និង​សហភាព​សូវៀត សុទ្ធតែ​បាន​ឆ្លងកាត់​នូវការ​ផ្លាស់ប្តូរ​ដ៏​សំខាន់ គឺ​ការ​ផ្លាស់ប្តូរ​មេដឹកនាំ។ នៅ​សហរដ្ឋអាមេរិក លោក Dwight Eisenhower អតីត​មេទ័ព​ឆ្នើម​នៅ​ក្នុង​អំឡុង​សង្រ្គាម​លោក​លើកទី២ បាន​ជាប់ឆ្នោត​ឡើង​មក​កាន់តំណែង​ជា​ប្រធានាធិបតី នៅ​ខែ​មករា​ឆ្នាំ​១៩៥៣ ​ជំនួស​លោក Harry Truman ដែល​ផុតអាណត្តិ។ នៅ​សហភាព​សូវៀត លោក Nikita Khrushchev បាន​ឡើង​មក​ធ្វើ​ជា​លេខា​បក្ស​កុម្មុយនិស្ត​ជំនួស​ស្តាលីន​ដែល​ត្រូវ​ ទទួលមរណភាព កាល​ពីខែមីនា ឆ្នាំ​១៩៥៣។

ក្រោយ​ពី​បានឡើង​មក​កាន់អំណាច លោក​ Khrushchev បាន​ព្យាយាម​ពង្រឹង​ប្លុក​កុម្មុយនិស្ត​នៅ​អឺរ៉ុប​ខាងកើត តាមរយៈ​ការ​បង្កើត​បក្ស​សម្ព័ន្ធ​វ៉ាសូវី នៅ​ឆ្នាំ​១៩៥៥ ដើម្បី​ជា​កម្លាំង​ទប់ទល់​នឹង​បក្ស​សម្ព័ន្ធ​អូតង់​របស់​លោកខាងលិច។ ក៏ប៉ុន្តែ ក្នុង​ពេល​ជាមួយគ្នា​នោះ លោក Khrushchev ក៏ហាក់ដូចជា​​បាន​បង្ហាញ​នូវ​ជំហរផ្សះផ្សា​ជាមួយ​ប្លុក​លោកសេរី​ផងដែរ ដោយ​បាន​ដកទ័ព​ចេញ​ពីប្រទេស​អូទ្រីស និង​បាន​ភ្ជាប់​ទំនាក់ទំនង​ការទូត​ជាមួយ​អាល្លឺម៉ង់​ខាងលិច។ លើសពីនេះ​ទៅទៀត នៅ​ក្នុង​កិច្ចប្រជុំ​​ជាមួយ​អាមេរិក អង់គ្លេស និង​បារាំង ដែល​បើក​ធ្វើ​នៅ​ហ្សឺណែវ នៅ​ឆ្នាំ​១៩៥៥ លោក Khrushchev បាន​លើកឡើង​អំពី​ការ​ចង់​ឃើញ​ប្លុក​កុម្មុយនិស្ត និង​ប្លុក​សេរី អាច​​រស់​នៅ​ក្នុង​សុខសន្តិភាព​ជាមួយ​គ្នា។ គោលការណ៍នេះ​ត្រូវបាន​​លោក Khrushchev ​បញ្ជាក់​សាជាថ្មី​ម្តងទៀត នៅ​ក្នុង​អំឡុង​មហាសន្និបាត​បក្ស​កុម្មុយនិស្ត​សូវៀត នៅ​ឆ្នាំ​១៩៥៦។ នៅ​ក្នុង​មហាសន្និបាត​នោះ លោក Khrushchev ក៏​បាន​ថ្លែង​រិះគន់​ផងដែរ ចំពោះ​ការ​ដឹកនាំ​តាមបែបផ្តាច់ការ​និង​ឃោរឃៅ​របស់​ស្តាលីន។

កាយវិកា​ទាំងនេះ​​របស់​លោក Khrushchev បាន​ធ្វើ​ឲ្យ​គេ​នឹកគិត​ថា សហភាព​សូវៀត​ប្រហែល​ជា​កំពុងរៀបចំ​ធ្វើ​កំណែទម្រង់​ទ្រង់ទ្រាយធំ ដើរចេញ​ពី​គន្លង​នយោបាយ​និង​មនោគមន៍​វិជ្ជា​របស់​ស្តាលីន ហើយ​ការ​ប្រឈមមុខ​ដាក់គ្នា រវាង​សហភាព​សូវៀត និង​លោកខាងលិច​​ប្រហែល​ជា​អាច​នឹង​ត្រូវ​ធូរស្រាលមកវិញ។ ក៏ប៉ុន្តែ ក្តីរំពឹង​នេះ​ត្រូវ​រលាយ​បាត់ទៅវិញ នៅពេល​ដែល​វិបត្តិ​ព្រែកជីកស៊ុយអេបាន​ផ្ទុះឡើង នៅ​ក្នុង​ប្រទេស​អេហ្ស៊ីប។

ព្រែកជីក ស៊ុយអេ  ​គឺ​ច្រកផ្លូវ​ដ៏សំខាន់​មួយ ក្នុងការ​ដឹកជញ្ជូន​តាមផ្លូវទឹក ឆ្លងកាត់​ដោយ​ត្រង់ ​ពី​     ​សមុទ្រ​មេឌីទែរ៉ាណេ ទៅកាន់​សមុទ្រ​ក្រហម។ ព្រែកជីកនេះ​ត្រូវ​បាន​សាងសង់​ឡើង កាលពីឆ្នាំ​១៨៦៩ ​ដោយ​ក្រុមហ៊ុន​ឯកជន​បារាំង ក្នុង​កិច្ចសន្យា​សម្បទាន​ផ្តល់​ដោយ​រដ្ឋាភិបាល​អេហ្ស៊ីប។ 
 
នាវាចម្បាំង​ឆ្លងកាត់​ព្រែកជីក​ស៊ុយអេ (នៅ​អេហ្ស៊ីប) ដែល​តភ្ជាប់​ពី​សមុទ្រ​មេឌីទែរ៉ាណេ ទៅ​សមុទ្រ​ក្រហម
នៅ​ឆ្នាំ​១៩៥៥ សហរដ្ឋ​អាមេរិក និង​អង់គ្លេស ដែល​សំឡឹង​ឃើញ​អេហ្ស៊ីប​ថាជា​ចំណុច​យុទ្ធសាស្រ្ត​ក្នុងការ​ប្រឆាំង​នឹង​ ឥទ្ធិពល​កុម្មុយនិស្ត​ក្នុង​តំបន់​មជ្ឈិមបូព៌ា ក៏​បាន​ព្យាយាម​ចែចង់​មេដឹកនាំ​អេហ្ស៊ីប ដោយ​បាន​សន្យា​ផ្តល់​ជំនួយ​យ៉ាងច្រើន​ នៅ​ក្នុង​គម្រោង​សាងសង់​ហេដ្ឋារចនាសម្ព័ន្ធ​សំខាន់ៗ។ មេដឹកនាំ​អេហ្ស៊ីប​វិញ​​ចង់​រក្សា​ខ្លួន​ជា​ប្រទេស​អព្យាក្រឹត​​ក៏​បាន​ ព្យាយាម​ពង្រឹង​ទំនាក់ទំនង​ទាំង​ជាមួយ​អាមេរិក និង​ទាំង​ជាមួយ​សហភាព​សូវៀត។ អេហ្ស៊ីប​​បាន​ព្រមព្រៀង​ទិញ​គ្រឿង​សព្វាវុធ​ពី​សហភាព​សូវៀត ហើយ​ថែម​ទាំង​បាន​ជជែក​អំពី​លទ្ធភាព​ក្នុង​ការ​ទទួល​ជំនួយ​រាប់ពាន់​លាន​ ដុល្លារ​​ពី​ម៉ូស្គូ​ថែម​ទៀតផង​។ មើល​ឃើញ​បែបនេះ អាមេរិក និង​អង់គ្លេស ដែល​សង្ស័យ​ថា អេហ្ស៊ីប​កំពុង​លេងល្បិច​ស៊ី​ទាំងសងខាង ​ក៏​បាន​សម្រេច​បញ្ឈប់​ការ​ផ្តល់​ជំនួយដែល​ធ្លាប់​បាន​សន្យា​ពីមុន។ ឆ្លើយតប​មកវិញ មេដឹកនាំ​អេហ្ស៊ីបបាន​សម្រេច​​បញ្ឈប់​ការ​ធ្វើ​សម្បទាន​​​ព្រែកជីក​ស៊ុយអេ ដោយ​ដកហូត​ការ​គ្រប់គ្រង​​ពី​ក្រុមហ៊ុន​ឯកជន ​យក​​មកដាក់​​ជា​សម្បត្តិរដ្ឋ។ នៅ​ខែតុលា ឆ្នាំ​១៩៥៦ បារាំង និង​អង់គ្លេស ដោយ​សហការ​ជាមួយ​អ៊ីស្រាអែល ​ក៏​បាន​បើក​ការ​វាយប្រហារ​ទៅលើ​អេហ្ស៊ីប ដើម្បី​ដណ្តើម​កាន់កាប់​​ព្រែកជីក​ស៊ុយអេ​ ​ដែល​ជា​ផ្លូវ​ដឹកជញ្ជូន​ប្រេង​ពី​តំបន់មជ្ឈិមបូព៌ា ទៅកាន់​តំបន់​អឺរ៉ុប។

នៅថ្ងៃ​ទី៥ ខែវិច្ឆិកា ១៩៥៦ នៅ​ពេល​ដែល​កងទ័ព​បារាំង អង់គ្លេស និង​អ៊ីស្រាអែល​វាយដណ្តើម​កាន់កាប់​តំបន់​ជុំវិញ​ព្រែកជីកស៊ុយអេ លោក Khrushchev បាន​គំរាម​មេដឹកនាំ​ប្រទេស​ទាំង៣​នេះ​ត្រង់ៗ​ថា ប្រសិនបើ​ពួកគេ​មិន​ដកទ័ព​ថយចេញ​ពី​អេហ្ស៊ីប​ទេ សូវៀត​នឹង​​ប្រើ​អាវុធ​នុយក្លេអ៊ែរ ដើម្បី​បញ្ឈប់​ទង្វើ​ឈ្លានពាន​របស់​ពួកគេ។ ប្រឈមមុខនឹង​ការ​គំរាម​ប្រើ​អាវុធ​នុយក្លេអ៊ែរ​នេះ មេដឹកនាំ​សហរដ្ឋ​អាមេរិក​មិនត្រឹមតែ​មិនចេញ​មុខការពារ​ប្រទេស​ ជាសម្ព័ន្ធមិត្ត​របស់​ខ្លួន​នោះទេ ក៏ប៉ុន្តែ ថែមទាំង​បាន​ដាក់​សម្ពាធ​​ទៅលើ​​បារាំង អង់គ្លេស និង​អ៊ីស្រាអែល​ឲ្យ​ដកថយចេញ​ពី​អេហ្ស៊ីប ដោយ​ព្រមាន​ថា បើ​ពួកគេ​មិនដកថយ​ទេ ពួកគេ​នឹង​ត្រូវ​ទទួលរងនូវ​ទណ្ឌកម្ម​សេដ្ឋកិច្ច។ សហរដ្ឋ​អាមេរិក​មិន​ចេញមុខ​ជួយ​បារាំង អង់គ្លេស និង​អ៊ីស្រាអែល ដោយសារ​តែ​ខឹង​នឹង​ប្រទេស​សម្ព័ន្ធមិត្ត​ទាំងបី​នេះ ដែល​បើក​​ធ្វើ​សកម្មភាព​យោធា​នៅ​អេហ្ស៊ីប ដោយ​មិន​ប្រាប់​អាមេរិក​ឲ្យដឹង​ជាមុន។

ប្រឈមមុខ​នឹង​ការ​គំរាម​ប្រើ​អាវុធ​នុយក្លេអ៊ែរ​ពី​សំណាក់​មេដឹកនាំ​សូវៀតផង និង​ការ​គំរាម​ដាក់ទណ្ឌកម្ម​​សេដ្ឋកិច្ច​ពី​សហរដ្ឋ​អាមេរិក ដែល​ជា​សម្ព័ន្ធមិត្ត​ផង បារាំង អង់គ្លេស និង​អ៊ីស្រាអែល​ក៏​បាន​ដកទ័ព​ចេញ​ពី​អេហ្ស៊ីប ហើយ​វិបត្តិ​ព្រែកជីកស៊ុយអេ​ក៏​ត្រូវ​បិទបញ្ចប់។

វិបត្តិ​ព្រែកជីកស៊ុយអេ គឺ​ជា​ចំណុច​ចាប់ផ្តើម​នៃ​ការ​រាលដាល​សង្រ្គាម​ត្រជាក់​នៅ​ក្នុង​តំបន់​ មជ្ឈិមបូព៌ា ដោយ​ចាប់​ពី​ឆ្នាំ​១៩៥៧ លោក Eisenhower បាន​ដាក់ចេញ​នូវ​នយោបាយ​ថ្មីមួយ​គឺ​អាមេរិក​ត្រូវ​តែ​ផ្តល់​ជំនួយ​ទាំងខាង​ ហិរញ្ញវត្ថុ និង​ខាង​យោធា ដល់​បណ្តា​ប្រទេស​អារ៉ាប់​ទាំងឡាយណា ដែល​ប្រឈមមុខ​នឹង​ឥទ្ធិពល​កុម្មុយនិស្ត។

វិបត្តិ​ព្រែកជីកស៊ុយអេ​​ក៏​ជា​ចំណុច​របត់​ដ៏សំខាន់​មួយ​ដែរ នៅ​ក្នុង​នយោបាយការបរទេស​បារាំង​ចំពោះ​សហរដ្ឋ​អាមេរិក។ ភាពជូរចត់​នៅ​អេហ្ស៊ីប​បាន​ធ្វើ​ឲ្យ​មេដឹកនាំ​បារាំង​កំណត់​ក្នុង​ចិត្ត​ថា ពួកគេ​មិន​អាច​រំពឹងតែ​ទៅលើ​អាមេរិក​ ដើម្បី​​ជួយ​ការពារ​សន្តិសុខ​របស់​បារាំង​បាន​នោះទេ​។ បារាំង ក្រោម​ការ​ដឹកនាំ​របស់​ឧត្តមសេនីយ៍ Charles de Gaulle ក៏​បាន​រៀបចំ​កម្មវិធី​ផលិត​អាវុធ​នុយក្លេអ៊ែរ​ផ្ទាល់​ខ្លួន ហើយ​ព្រមទាំង​បាន​​សហការជាមួយ​អាល្លឺម៉ង់​ខាងលិច ក្នុងការ​​ជំរុញ​ឲ្យ​ពង្រឹង​ការធ្វើ​​សមាហរ័ណកម្ម​អឺរ៉ុប ឈានទៅ​បង្កើត​​សហគមន៍​អឺរ៉ុប ដែល​ជា​សម្ព័ន្ធភាព​រវាង​ប្រទេស​អឺរ៉ុប​គ្នាឯង ដើម្បី​កុំ​ឲ្យ​ពឹងផ្អែក​ទាំងស្រុង​តែ​ទៅលើ​អង្គការ​អូតង់​ដែល​ស្ថិត​ក្រោម​ ការ​ដឹកនាំ​របស់​សហរដ្ឋ​អាមេរិក។

សន្ធិសញ្ញា​បង្កើត​សហគមន៍​សេដ្ឋកិច្ច​អឺរ៉ុប​ត្រូវ​បាន​ចុះ​ហត្ថលេខា នៅ​ទីក្រុង​រ៉ូម នៅ​ថ្ងៃ​ទី២៥ ខែ​មីនា ឆ្នាំ​១៩៥៧ (ដោយ​មាន​ប្រទេស​ជា​សមាជិក​ស្ថាបនិក​ចំនួន ៦ គឺ​បារាំង អាល្លឺម៉ង់ខាងលិច អ៊ីតាលី ប៊ែលហ្ស៊ិក លុចសំបួ និងហូឡង់) ហើយ​នៅ​ឆ្នាំ​១៩៦០ បារាំង​បាន​ធ្វើការ​សាកល្បង​អាវុធ​នុយក្លេអ៊ែរ​របស់​ខ្លួន​​ប្រកប​ដោយ​ ជោគជ័យ​ ក្លាយ​ជា​មហាអំណាច​នុយក្លេអ៊ែរ​ទី៤ បន្ទាប់​ពី​សហរដ្ឋអាមេរិក សហភាព​សូវៀត និង​អង់គ្លេស៕