Labels

Albert Einstein Alexandre le Grand ISIS La Terreur Pearl Harbor Renaissance កំណែទម្រង់ប៉េរេស្ត្រយកា កំណែទម្រង់សេដ្ឋកិច្ចចិន កម្ពុជា កម្ពុជាក្រោម កម្លាំងទំនាញសកល ការចាប់ផ្ដើម ការប្រជែងផ្នែកអវកាស ការវិលត្រឡប់ទៅកាន់អំណាច កាលីលេ កូសាំងស៊ីន ក្រិក ក្រុមជីហាតរដ្ឋអ៊ីស្លាម ក្រុមភេរវជនអន្តរជាតិ ខ្សែបន្ទាត់ព្រំដែន គ្រាប់បែកនុយក្លេអ៊ែរ គ្រីស្តូហ្វកូឡុំ គ្រឹស្តសាសនា ចក្រភពម៉ុងហ្គោល ចក្រភពរ៉ូម ចក្រភពអារ៉ាប់ ចលនាតស៊ូប្រដាប់អាវុធកុម្មុយនិស្ត ចិន ច្បាប់នៃចលនា ឆេកូស្លូវ៉ាគី ជប៉ុន ជ័យជម្នះរបស់ក្រុមសម្ព័ន្ធមិត្ត ជិនហ្គីស ខាន់ ដែនដីអាណានិគម តេងស៊ាវពីង តេងស៊ាវភីង ទ្រឹស្តីតារាសាស្រ្ត ទ្រឹស្តីសាសនា បក្សកុម្មុយនិស្តចិន បដិវត្តន៍ បដិវត្តន៍កសិកម្ម បដិវត្តន៍រាជានិយម បដិវត្តន៍វប្បធម៌ បដិវត្តន៍អ៊ីរ៉ង់ បារាំង បិតាកំណែទម្រង់សេដ្ឋកិច្ចចិន ប៊ិនឡាដិន បុរេប្រវត្តិ ប្រធានាធិបតីអាមេរិក ប្រវត្តិសាស្រ្ត ប្លុកកុម្មុយនិស្ត ផលវិបាក ភេរវកម្ម១១កញ្ញា មជ្ឈិមបូព៌ា មហាអំណាចអាណានិគមអាស៊ី មហាអំណាចអឺរ៉ុប មូលហេតុ ម៉ៅសេទុង យុគខ្មៅងងឹត យុគនៃពន្លឺ រដ្ឋធម្មនុញ្ រុស្សី លេនីន វាំងននដែក វិទ្យាសាស្រ្ត វិបត្តិប៊ែរឡាំង វិបត្តិព្រែកជីកស៊ុយអេ វិបត្តិមីស៊ីលគុយបា វៀតណាមខាងត្បូង សង្គ្រាមលោកលើកទី១ សង្គ្រាមលោកលើកទី២ សង្រ្គាមកូរ៉េ សង្រ្គាមឈូងសមុទ្រពែក្ស សង្រ្គាមត្រជាក់ សង្រ្គាមវៀតណាម សង្រ្គាមស៊ីវិល សង្រ្គាមអាហ្វហ្កានីស្ថាន សង្រ្គាមអ៊ីរ៉ាក់ សង្រ្គាមឥណ្ឌូចិន សព្វាវុធនុយក្លេអ៊ែរ សហភាពសូវៀត សហរដ្ឋអាមេរិក សាសនាអ៊ីស្លាម ស្ថានភាពពិភពលោក ហ៊ីត្លែរ ហ្គ័របាឆូវ អង់គ្លេស អធិរាជណាប៉ូឡេអុង អរិយធម៌ដ៏ចំណាស់បំផុតរបស់មនុស្សជាតិ អរិយធម៌មេឌីទែរ៉ាណេ អរិយធម៌អាស៊ីអាគ្នេយ៍ អាញ់ស្តាញ់ អាណាចក្រខ្មែរ អាណានិគម អាណាព្យាបាលបារាំង អាប្រាហាំលីនកុន អាមេរិក អារ៉ាប់ អាល់កៃដា អាល់ប៊ែរ អាញ់ស្តាញ់ អាស៊ីប៉ាសីហ្វិក អ៊ីតាលី អ៊ីសាក់ញូតុន អ៊ីស្រាអែល អឺរ៉ុបខាងកើត អ៊ុយក្រែន ឧស្សាហកម្ម

វិបត្តិមីស៊ីលគុយបាឆ្នាំ១៩៦២៖ ដំណើរដើមហេតុ

វិបត្តិ​មីស៊ីល​គុយ​បា​នៅ​ឆ្នាំ​១៩៦២ គឺ​ជា​ចំណុច​ក្តៅបំផុត​នៃ​សង្រ្គាម​ត្រជាក់ ដោយ​គូបដិបក្ខ​ធំៗ​​ទាំងពីរ គឺ​សហរដ្ឋ​អាមេរិក និង​សហភាព​សូវៀត​   បាន​ប្រឈមមុខ​ដាក់គ្នា​យ៉ាង​​ខ្លាំង រហូតហៀប​នឹង​ត្រូវ  ​ផ្ទុះ​សង្រ្គាម​នុយក្លេអ៊ែរ។

អ្វីៗ​បានចាប់ផ្តើម​ឫសគល់​ពីដំបូង​កាល​ពី​ជាង៣ឆ្នាំមុន។ នៅ​ថ្ងៃ​ទី១ ខែ​មករា ឆ្នាំ​១៩៥៩ ក្រុម​ឧទ្ទាម​កុម្មុយនិស្ត ដឹកនាំ​ដោយ​ហ្វីដែល កាស្រ្តូ បាន​ឡើង​កាន់អំណាច​នៅ​គុយ​បា ដោយ​​​បាន​ផ្តួលរំលំ​​​មេដឹកនាំផ្តាច់ការ គឺ​ឧត្តមសេនីយ៍ Fulgencio Batista ​ដែល​គាំទ្រ​ដោយ​សហរដ្ឋ​អាមេរិក។

ការដួលរលំ​នៃ​របបផ្តាច់ការ Batista ត្រូវ​បាន​ទទួល​ស្វាគមន៍​ពី​សំណាក់​ប្រជាជន​គុយបា​ជាទូទៅ ក៏ប៉ុន្តែ សម្រាប់​អាមេរិក ​ដែល​បាន​ខិតខំ​ប្រើ​គ្រប់មធ្យោបាយ​ ដើម្បី​ប្រឆាំង​នឹង​ការ​រីកសាយភាយ​នៃ​លទ្ធិ​កុម្មុយនិស្ត​នៅ​ទូទាំង​ពិភពលោកស្រាប់តែ​មក​ត្រូវ​បាត់បង់​​​គុយបា ដែល​ជា​ប្រទេស​​ស្ថិត​នៅ​នឹង​មាត់របងរបស់​អាមេរិក ទៅក្នុងដៃ​កុម្មុយនិស្ត គឺ​ជា​រឿង​ដែល​មិន​អាច​ទទួល​យក​បាន។ ហេតុដូច្នេះ​ហើយ​បាន​ជា​ក្រសួង​ការបរទេស​អាមេរិក រួមជាមួយ​នឹង​ទីភ្នាក់ងារ​ចារកិច្ច CIA បាន​ព្យាយាម​ស្វែងរក​គ្រប់មធ្យោបាយ​ទាំងអស់ ដើម្បី​បណ្តេញ​ហ្វីដែល កាស្រ្តូ ចេញ​ពី​អំណាច។ CIA ក៏​បាន​ចាប់ផ្តើម​ប្រមែរប្រមូល​ក្រុម​ប្រឆាំង​គុយបា ដែល​កំពុង​និរទេស​ខ្លួន​ក្នុង​ទឹកដី​អាមេរិក ឲ្យ​មក​បង្កើត​ជា​រដ្ឋាភិបាល​និរទេសមួយ ព្រមទាំង​បាន​​ធ្វើការ​ហ្វឹកហ្វឺន និង​បំពាក់​គ្រឿងសព្វាវុធ​ដល់​ពួកគេដើម្បី​ត្រៀម​​វាយផ្តួលរំលំ​របបដឹកនាំ ​​ហ្វីដែលកាស្រ្តូ។
 
មេដឹកនាំ​កុម្មុយនិស្ត​គុយបា ហ្វីដែល កាស្រ្តូ (ឆ្វេង) និង​មេដឹកនាំ​សហភាព​សូវៀត នីគីតា គ្រូសឆេវ ឆ្នាំ​១៩៦១
ក្នុងពេល​ជាមួយគ្នា​នោះ ទំនាក់ទំនង រវាង​អាមេរិក និង​គុយបា​ កាន់​តែ​មាន​សភាព​តានតឹងឡើង ពីមួយថ្ងៃ​ទៅមួយថ្ងៃ។ ហ្វីដែល កាស្រ្តូ បាន​ភ្ជាប់​ទំនាក់ទំនង​ការទូត​ជាមួយ​សហភាព​សូវៀត ហើយ​ព្រមទាំង​បាន​​បណ្តេញ​ក្រុមហ៊ុន​ធំៗ​របស់​អាមេរិក​ឲ្យ​ឈប់​រកស៊ី នៅ​គុយបា តាមរយៈ​យុទ្ធនាការ​ជាតូបនីយកម្ម​​ក្រុមហ៊ុន​បរទេស។

នៅ​ខែ​មករា ឆ្នាំ​១៩៦១ សហរដ្ឋ​អាមេរិក​ក៏​បាន​កាត់ផ្តាច់​ទំនាក់ទំនង​ការទូត​ជាមួយ​គុយបា ហើយ​ត្រៀម​ចាប់ផ្តើមបើក​ប្រតិបត្តិការ​ចូល​ឈ្លានពាន​គុយបា។ ប្រតិបត្តិការ​ដែល​ត្រូវបាន​គេ​ស្គាល់​ជាទូទៅ​ថា ការឈ្លានពាន​នៅ Bay of Pigs។ ផែនការ​ឈ្លានពាន​ទៅលើ​គុយបា​​​ត្រូវ​បាន​រៀបចំ​ធ្វើ​ដោយ​សម្ងាត់​បំផុត ក៏ប៉ុន្តែ ដោយសារ​តែ​អ្នក​នៅ​ក្នុង​រដ្ឋាភិបាល​និរទេស​គុយបាន​មិនចេះ​លាក់​ការណ៍​ សម្ងាត់ ផែនការ​ឈ្លានពាន​របស់CIAក៏​ត្រូវ​បាន​លេចធ្លាយ​​​ទៅដល់​​​ភ្នាក់ងារ​ចារកិច្ច​គុយបានិង​KGBរបស់​សូវៀត​។

នៅយប់ថ្ងៃ​ទី១៤ ឈានចូល​ថ្ងៃ​ទី១៥ ខែ​មេសា ឆ្នាំ​១៩៦១ យន្តហោះចម្បាំង​អាមេរិក​ចំនួន ៨គ្រឿង ដែល​ត្រូវ​បាន​គេ​លាបពណ៌​និង​ដោតទង់ជាតិ​​​​របស់​រដ្ឋាភិបាល​និរទេស​គុយបា បាន​បើក​ការ​វាយប្រហារ​ទៅលើ​​មូលដ្ឋាន​ទ័ព​អាកាស ​របស់​គុយបា ដើម្បី​ជា​ការ​បើកផ្លូវ​​សម្រាប់​ការ​វាយលុក​តាម​ជើង     គោក។ ក៏ប៉ុន្តែ ប្រតិបត្តិការ​ជំហាន​ទីមួយ​នេះ​ត្រូវ​ទទួល​បរាជ័យ ដោយសារ​តែ​គុយបា​បាន​ដឹង​ជាមុន ហើយ​បាន​ជម្លៀស​យន្តហោះ​ចម្បាំង​ទាំងអស់​ចេញ​ពី​ទីតាំង​ដែល​ជា​ចំណុច​ស៊ីប​ របស់​អាមេរិក។

នៅយប់ថ្ងៃ​ទី១៦ ឈានចូល​ថ្ងៃ​ទី១៧ មេសា ប្រតិបត្តិការ​ដំណាក់កាល​ទីពីរ​ក៏​បាន​ចាប់ផ្តើម ដោយ​កងកម្លាំង​រដ្ឋាភិបាល​និរទេស​គុយបា ដែល​មាន​គ្នា​ប្រមាណ​ជា ១ពាន់៥រយនាក់ បាន​បើក​ការ​វាយប្រហារ​ចូល​ឈ្លានពាន​គុយបា ដោយ​វាយលុក​ចូល​តាម​ឆកសមុទ្រ ដែល​មាន​ឈ្មោះ​ថា Bay of Pigs។ ប្រតិបត្តិការ​ដំណាក់កាល​ទីពីរ​នេះ​ក៏​ត្រូវ​ទទួល​បរាជ័យ​ដែរ ដោយ​កងកម្លាំង​រដ្ឋាភិបាល​និរទេស​ត្រូវ​បានទាហាន​របស់​ហ្វីដែល ​កាស្រ្តូ វាយឡោមព័ទ្ធ​ជាប់​នៅ​នឹង​មាត់ឆ្នេរ ហើយ​ត្រូវ​បង្ខំចិត្ត​ទម្លាក់​អាវុធ​ចុះចាញ់។

គិត​មក​ត្រឹមពេលនោះ ប្រតិបត្តិការឈ្លានពាន​នៅ Bay of Pigs ថ្វីដ្បិត​តែ​អាមេរិក​ខិតខំ​លាក់បាំង​ក្លែងបន្លំ​ថា​ជា​ជម្លោះ​ផ្ទៃក្នុង​ គុយបា តែ​គ្រប់គ្នា​សុទ្ធតែ​ដឹង​ថា នេះ​គឺ​ជា​ការឈ្លានពាន​​ដែល​រៀបចំ​ធ្វើឡើង​ដោយ​ភ្នាក់ងារ​ចារកិច្ច​អាមេរិក។ ហើយ​បរាជ័យ​នៃ​ប្រតិបត្តិការ​នេះ គឺ​ជា​ភាព​អាម៉ាស់​ដ៏ធំមួយ​ សម្រាប់​អាមេរិក ដែល​នៅពេលនោះ​ស្ថិត​ក្រោម​ការដឹកនាំ​របស់​លោក​ប្រធានាធិបតី John Fitzerald Kennedy

បរាជ័យ​នេះ​ក៏​បាន​បង្ក​នូវ​ផលប៉ះពាល់​យ៉ាង​ច្រើន​ដែរ ដល់​នយោបាយ​អាមេរិក ក្នុងការ​ប្រឆាំង​នឹង​ចលនាកុម្មុយនិស្ត នៅ​ក្នុង​តំបន់​អាមេរិកឡាទីន។ សកម្មភាព​ឈ្លានពាន​របស់​អាមេរិក នៅ Bay of Pigs បាន​ធ្វើ​ឲ្យ​ហ្វីដែល កាស្រ្តូ ទទួល​បាន​នូវការ​គាំទ្រ​កាន់តែ​ខ្លាំង ហើយ​ចលនា​បដិវត្តន៍​កុម្មុយនិស្ត​ប្រឆាំង​នឹង​ចក្រពត្តិ​អាមេរិក​ក៏​ មាន​ប្រជាប្រិយភាព​​កាន់តែ​ខ្លាំងឡើង​ដែរ ទាំង​នៅ​ក្នុង​ប្រទេស​គុយបា និង​នៅ​តាម​បណ្តា​ប្រទេស​មួយ​ចំនួន​ផ្សេងទៀត នៅ​អាមេរិក​ឡាទីន។

លើសពីនេះ​ទៅទៀត សកម្មភាព​ឈ្លានពាន​របស់​អាមេរិក​បាន​រុញ​ហ្វីដែល កាស្រ្តូ ឲ្យ​ខិត​ទៅ​កៀក​នឹង​​សហភាព​សូវៀតកាន់តែ​ខ្លាំងឡើងថែមទៀត ដោយសារ​តែ​មេដឹកនាំ​កុម្មុយនិស្ត​គុយបា​​ចង់​ស្វះស្វែង​រក​ការការពារ​ពី​ សំណាក់​សូវៀត ដើម្បី​ទប់ទល់​នឹង​ការឈ្លានពាន​ណាមួយ​ថ្មី​ទៀត​របស់​អាមេរិក។ ដោយសារ​តែ​ក្តីបារម្ភ​ជា​ប្រចាំ ខ្លាច​ទទួល​រង​នូវការ​ឈ្លានពាន​សាជាថ្មី​ពី​អាមេរិក​នេះ​ហើយ ទើប​នៅ​ខែ​ឧសភា ឆ្នាំ​១៩៦២​ (មួយឆ្នាំ​ក្រោយ​ការឈ្លានពាន​របស់​អាមេរិក​នៅ Bay of Pigs) ហ្វីដែល កាស្រ្តូ ​បាន​ព្រមព្រៀង​ជាមួយ​លោក​ ​នីគីតា គ្រូឆេវ ឲ្យ​សហភាព​សូវៀត​ដំឡើង​មីស៊ីល​​បំពាក់​ក្បាលគ្រាប់​នុយក្លេអ៊ែរ នៅលើទឹកដី​គុយបា។

សម្រាប់​មេដឹកនាំ​សហភាព​សូវៀត​ ការដំឡើង​មីស៊ីល​នុយក្លេអ៊ែរ​នៅ​គុយបា គឺ​ជា​ការឆ្លើយតប​ទៅនឹង​យុទ្ធសាស្រ្ត​នុយក្លេអ៊ែរ​របស់​អាមេរិក ដែល​កំពុង​មាន​ប្រៀប​លើ​សូវៀត តាមរយៈ​ការ​ដាក់ពង្រាយ​មីស៊ីល​នុយក្លេអ៊ែរ​នៅ​តាម​បណ្តា​ប្រទេស​ក្នុង​តំបន់ ​អឺរ៉ុប​ខាងលិច។ គិតត្រឹម​ឆ្នាំ​១៩៦១ មីស៊ីល​ជាង ១០០ដើម ​ត្រូវ​បាន​អាមេរិក​ដំឡើង​នៅក្នុង​ប្រទេស​អ៊ីតាលី និង​តួកគី ដោយ​មីស៊ីល​នីមួយៗ​សុទ្ធតែ​អាច​បំពាក់​ក្បាលគ្រាប់នុយក្លេអ៊ែរ បាញ់​ទៅដល់​ក្រុងម៉ូស្គូ។ សូវៀតវិញ មាន​មីស៊ីល​​​តែ ២០ដើម​ប៉ុណ្ណោះ ដែល​អាច​បំពាក់​ក្បាលគ្រាប់​នុយក្លេអ៊ែរ បាញ់​ទៅលើ​ទឹកដី​សហរដ្ឋ​អាមេរិក​បាន គឺ​ជា​មីស៊ីល​អន្តរទ្វីប ដែល​ត្រូវ​បាញ់​​​ចេញ​ពី​ទឹកដី​សូវៀត ហើយ​ដែល​មិនសូវ​ជា​មាន​ប្រសិទ្ធភាព​ក្នុងការ​បាញ់​ឲ្យ​ចំទិសដៅ ដោយសារ​តែ​នៅពេលនោះ បច្ចេកវិទ្យា​មីស៊ីល​អន្តរទ្វីប​របស់​សូវៀត​​មិនទាន់​ជឿនលឿន​គួរ​ឲ្យ​ ទុកចិត្ត​បាន​ ១០០% នៅឡើយ។ ដូច្នេះ ការ​ដំឡើង​មីស៊ីល​នុយក្លេអ៊ែរ​​រយៈចម្ងាយ​មធ្យម នៅ​ក្នុង​ទឹកដី​គុយបា ក្បែរ​សហរដ្ឋ​អាមេរិក គឺ​ជា​ឱកាស​ល្អមួយ​ឲ្យ​សហភាព​សូវៀត​​ស្វែងរក​តុល្យភាព​កម្លាំងទ័ព​ នុយក្លេអ៊ែរ​ជាមួយ​នឹង​សហរដ្ឋ​អាមេរិក។
 
កាំជ្រួចមីស្ស៊ីល​​នុយក្លេអ៊ែររបស់​សូវៀត ប្រភេទ SS-4 ដែល​នៅ​បន្សល់​ទុក​តាំង​នៅ​ប្រទេស​គុយបា (រូបថតឯកសារ)
ហ្វីដែល កាស្រ្តូវិញ យល់ថា ការ​ដំឡើង​មីស៊ីល​នុយក្លេអ៊ែរ​នៅ​លើ​ទឹកដី​គុយបា គឺ​ជា​មធ្យោបាយ​ដ៏ល្អមួយ ដើម្បី​កំញើញ​អាមេរិក​កុំ​ឲ្យ​បើក​ការ​ឈ្លានពាន​ទៅលើ​គុយបា​សាជាថ្មី​ ម្តងទៀត។ ក៏ប៉ុន្តែ សម្រាប់​សហរដ្ឋ​អាមេរិក វត្តមាន​មីស៊ីល​នុយក្លេអ៊ែរ​សូវៀត​នៅ​គុយបា ដែល​មាន​ចម្ងាយ​ប្រមាណ​តែ​ជាង ១០០គីឡូម៉ែត្រ​ពី​រដ្ឋ Florida គឺ​ជា​ការគំរាមកំហែង​ដ៏ធំបំផុត សម្រាប់​សន្តិសុខ​ជាតិ ដែល​អាមេរិក​ត្រូវតែ​ប្រើគ្រប់មធ្យោបាយ​ទាំងអស់ ដើម្បី​កម្ចាត់ចោល។ វិបត្តិ​មីស៊ីល​គុយបា​ក៏​បាន​ផ្ទុះឡើង បង្ក​ឲ្យ​មាន​ការ​ប្រឈមមុខ​ដាក់គ្នា​​ខាង​ផ្នែកយោធា​​យ៉ាង​ខ្លាំងបំផុត រហូត​ស្ទើរតែ​ត្រូវ​ផ្ទុះ​ទៅជា​សង្រ្គាម​នុយក្លេអ៊ែរ នៅ​ខែ​តុលា ឆ្នាំ​១៩៦២៕