សង្រ្គាមលោកលើកទី២៖ ជប៉ុនលបវាយប្រហារ ទៅលើមូលដ្ឋានទ័ពជើងទឹកអាមេរិក នៅ Pearl Harbor
ជាងពីរឆ្នាំ
ក្រោយពីសង្រ្គាមលោកលើកទី២បានផ្ទុះឡើង សហរដ្ឋអាមេរិកបានព្យាយាមរក្សានយោបាយឯកោនិយមរបស់ខ្លួន
ដោយព្យាយាមមិនប្រឡូកខ្លួនចូលទៅក្នុងសង្រ្គាម។ ក៏ប៉ុន្តែ ការប្រឈមមុខដាក់គ្នាជាមួយជប៉ុន
នៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ជាពិសេស នៅចិន និងអាស៊ីអាគ្នេយ៍ បានរុញសហរដ្ឋអាមេរិកឲ្យខិតកាន់តែជិតមាត់ជ្រោះសង្រ្គាមពីមួយថ្ងៃ
ទៅមួយថ្ងៃ។
នៅពាក់កណ្តាលឆ្នាំ១៩៤១
នៅក្រោយពេលដែលជប៉ុនចូលឈ្លានពានកាន់កាប់ឥណ្ឌូចិន ដែលពេលនោះ គឺជាដែនដីអាណានិគមរបស់បារាំង
សហរដ្ឋអាមេរិកបានដាក់ទណ្ឌកម្មសេដ្ឋកិច្ចលើជប៉ុន ដែលធ្វើឲ្យជប៉ុនបាត់បង់ចំណូលយ៉ាងច្រើនសន្ធឹកសន្ធាប់ពីការដោះដូរ
ពាណិជ្ជកម្មអន្តរជាតិ ព្រមទាំងបាត់បង់ប្រភពផ្គត់ផ្គង់ប្រេងស្ទើរតែទាំងស្រុង។
ក្រោយពីបានចរចាជាមួយអាមេរិករាប់ខែតែគ្មានដំណោះស្រាយ
នៅខែវិច្ឆិកា ឆ្នាំ១៩៤១ ហ៊ីដេគី តូចូ នាយករដ្ឋមន្រ្តីជប៉ុនក៏បានសម្រេចធ្វើសង្រ្គាមជាមួយអាមេរិក។
នៅថ្ងៃទី២៥ វិច្ឆិកា កងទ័ពជើងទឹកជប៉ុនបានចេញដំណើរពីបន្ទាយ ដើម្បីឆ្ពោះទៅបើកការវាយប្រហារលើសហរដ្ឋអាមេរិក។
សហរដ្ឋអាមេរិកដែលអាចបំបែកកូដលួចអានសារសម្ងាត់របស់ជប៉ុនបាន
តាំងពីយូរមកហើយនោះ បានដឹងតាំងពីដើមខែវិច្ឆិកាថា ជប៉ុនកំពុងរៀបចំសកម្មភាពធ្វើសង្រ្គាមមកលើអាមេរិក
ក៏ប៉ុន្តែ មិនដឹងទេថា តើជប៉ុនគ្រោងបើកការវាយប្រហារទៅលើទីតាំងណាមួយពិតប្រាកដ។
ជប៉ុនវិញបានព្យាយាមលាក់ការណ៍យ៉ាងជិតបំផុត ពីព្រោះមេទ័ពជប៉ុនដឹងថា គន្លឹះនៃជោគជ័យ
គឺការលួចវាយឆ្មក់ដោយមិនឲ្យអាមេរិកដឹងខ្លួនមុន។ ទិសដៅដែលជប៉ុនគ្រោងធ្វើការវាយប្រហារ
គឺមូលដ្ឋានទ័ពជើងទឹកអាមេរិកប្រចាំតំបន់ប៉ាស៊ីហ្វិក ដែលមានទីតាំងនៅ Pearl
Harbor រដ្ឋហាវ៉ៃ ចម្ងាយប្រមាណជាង ៦០០០គីឡូម៉ែត្រពីប្រទេសជប៉ុន។
នៅក្នុងយុទ្ធសាស្រ្តទ័ពរបស់ជប៉ុន
ការកម្ទេចមូលដ្ឋានទ័ព Pearl Harbor គឺជាចំណុចគន្លឹះ ក្នុងការឈានទៅត្រួតត្រាមហាសមុទ្រប៉ាស៊ីហ្វិក
ដើម្បីរារាំងអាមេរិកកុំឲ្យចូលមករំខានសកម្មភាពឈ្លានពានរបស់ជប៉ុន នៅក្នុងតំបន់អាស៊ី។
តាមគម្រោងការណ៍របស់ជប៉ុន ក្រោយពីបើកការវាយប្រហារលើ Pearl Harbor បានសម្រេចហើយ កងទ័ពជប៉ុននឹងបើកការវាយប្រហារភ្លាមៗ
នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ដោយឲ្យកងទ័ពជប៉ុនប្រចាំនៅតំបន់ឥណ្ឌូចិន បើកការវាយប្រហារចាក់ចូលតាមប្រទេសថៃ
ដើម្បចូលឈ្លានពានដែនដីអាណានិគមរបស់អង់គ្លេស នៅភូមា និងម៉ាឡេស៊ី ដែនដីអាណានិគមរបស់ហូឡង់
នៅឥណ្ឌូណេស៊ី និងប្រទេសហ្វីលីពីន ដែលនៅពេលនោះស្ថិតនៅក្រោមអាណាព្យាបាលរបស់អាមេរិក។
មូលដ្ឋានទ័ពជើងទឹក
Pearl Harbor ព្រឹកថ្ងៃទី៧ ខែធ្នូ ឆ្នាំ១៩៤១ ត្រូវជាថ្ងៃអាទិត្យ។
ដោយសារតែនៅពេលនោះ អាមេរិកមិនស្ថិតក្នុងស្ថានភាពសង្រ្គាម ទាហាននៅ Pearl
Harbor ត្រូវបានអនុញ្ញាតឲ្យឈប់សម្រាក នៅថ្ងៃអាទិត្យ ដោយទុកតែមួយចំនួនតូចឲ្យនៅយាមប្រចាំការ។
ម៉ោង ៧ព្រឹក ទាហានដែលប្រចាំការនៅមុខរ៉ាដាការពារដែនអាកាសហាវ៉ៃបានកត់សម្គាល់
ឃើញយន្តហោះយ៉ាងច្រើនសន្ធឹកសន្ធាប់ ហោះក្នុងល្បឿនយ៉ាងលឿន ពីទីសមុទ្រ សំដៅមក Pearl
Harbor។ ក៏ប៉ុន្តែ មេបញ្ជាការទទួលបន្ទុករ៉ាដាបានប្រាប់ថាកុំឲ្យមានការភ្ញាក់ផ្អើល
ដោយគិតថា យន្តហោះដែលរ៉ាដាចាប់បាននេះ គឺជាយន្តហោះចម្បាំង ដែលគេបញ្ជូនពីអាមេរិកដីគោក
ហើយដែលតាមគម្រោងនឹងត្រូវមកដល់ Pearl Harbor នៅថ្ងៃអាទិត្យនោះ។
ក៏ប៉ុន្តែ តាមពិតយន្តហោះអស់ទាំងនេះ គឺជាយន្តហោះចម្បាំងរបស់ជប៉ុន ដែលមានសរុបទាំងអស់
ចំនួន ជាង ៤០០គ្រឿង ចែកចេញជាបីក្រុម ដោយហោះចេញពីនាវាផ្ទុកយន្តហោះចំនួន
៦គ្រឿង អមទៅដោយនាវាចម្បាំងតូចធំ គិតជាសរុបចំនួន ជិត ៥០គ្រឿង
សំដៅទៅធ្វើការវាយប្រហារលើ Pearl Harbor។ យន្តហោះចម្បាំងក្រុមទីមួយរបស់ជប៉ុន
បានចាប់បើកការវាយប្រហារទៅលើ Pearl Harbor នៅម៉ោងប្រមាណជាជិត
៨ព្រឹក បន្តកន្ទុយជាប់ៗគ្នាដោយក្រុមទី២ និងក្រុមទី៣ ដោយមិនឲ្យអាមេរិកមានពេលអាចតដៃទាន់។
៩០នាទីក្រោយមក ប្រតិបត្តិការវាយប្រហារលើ Pearl Harbor ត្រូវបញ្ចប់ ហើយកងទ័ពជប៉ុនក៏បានដកថយចេញទៅវិញ ដោយបន្សល់ទុកនូវការខូចខាតយ៉ាងធ្ងន់ធ្ងរបំផុតដល់កងទ័ពអាមេរិក។
គិតជាសរុប ការវាយប្រហាររបស់ជប៉ុនទៅលើ Pearl Harbor បានបណ្តាលឲ្យអាមេរិកបាត់បង់នាវាចម្បាំងចំនួន
១៨គ្រឿង យន្តហោះច្បាំងជិត ៣០០គ្រឿង ព្រមទាំងហេដ្ឋារចនាសម្ព័ន្ធយោធាជាច្រើនទៀត
ហើយកាន់តែធ្ងន់ធ្ងរជាងនេះទៅទៀត គឺការបាត់បង់ជីវិតទាហានប្រមាណជិត ២៥០០នាក់
និង ១០០០នាក់ផ្សេងទៀតត្រូវរងរបួស។
ក៏ប៉ុន្តែ
បើទោះបីជាយ៉ាងនេះក៏ដោយ ការវាយប្រហារទៅលើ Pearl Harbor ត្រូវបានគេចាត់ទុកថាជាបរាជ័យដ៏ធំមួយសម្រាប់ជប៉ុន។
បរាជ័យ នៅក្នុងន័យថា ជប៉ុនមិនអាច កម្ទេចទ័ពជើងទឹកអាមេរិកប្រចាំមហាសមុទ្រប៉ាស៊ីហ្វិកបានទាំងស្រុង
ដូចការចង់បាន ដោយសារតែជប៉ុនមិនបានកម្ទេចឃ្លាំងស្តុកប្រេង និងអាវុធ
ព្រមទាំងរោងជាងសម្រាប់ជួសជុលនាវានៅ Pearl Harbor។ ចំណែកឯនាវាចម្បាំងសំខាន់ៗរបស់អាមេរិក
ជាពិសេស នាវាផ្ទុកយន្តហោះធំៗជាច្រើនគ្រឿង ក៏មិនស្ថិតនៅក្នុងបន្ទាយ នៅព្រឹកថ្ងៃអាទិត្យ
ទី៧ធ្នូនោះ។
នៅទីបំផុតទៅ
ការវាយប្រហារទៅលើមូលដ្ឋានទ័ពនៅ Pearl Harbor មិនអាចធ្វើឲ្យជប៉ុនត្រួតត្រាមហាសមុទ្រប៉ាស៊ីហ្វិកដូចដែលជប៉ុន
រំពឹងទុកនោះទេ ប៉ុន្តែ ផ្ទុយទៅវិញ តាមរយៈការវាយប្រហារនេះ ជប៉ុនបាន “ដាស់យក្សឲ្យភ្ញាក់ពីដំណេក”។
ជាងពីរឆ្នាំក្រោយពីមានការប្រទាញប្រទង់គ្នានៅក្នុងចំណោម សាធារណមតិអាមេរិក
ដែលអ្នកខ្លះចង់ឲ្យអាមេរិកចូលប្រឡូកក្នុងសង្រ្គាម ដើម្បីជួយសម្ព័ន្ធមិត្ត
ឯខ្លះទៀតទាមទារឲ្យអាមេរិករក្សាខ្លួនអព្យាក្រឹត ដើម្បីបញ្ចៀសខ្លួនពីសង្រ្គាម
នៅទីបំផុតទៅ គឺចក្រភពជប៉ុន តាមរយៈការវាយប្រហារលើ Pearl Harbor ដែលបានទាញប្រជាជនអាមេរិកឲ្យមូលមាត់គ្នាតែមួយ គឺមូលមាត់គ្នាក្នុងការធ្វើសង្រ្គាម។
![]() |
លោក Franklin D Roosevelt ប្រធានាធិបតីអាមេរិក
ចុះហត្ថលេខាលើសេចក្តីប្រកាសសង្រ្គាមលើជប៉ុន
|
នៅថ្ងៃទី៨ ធ្នូ មួយថ្ងៃក្រោយការវាយប្រហារលើ Pearl Harbor លោក Franklin Roosevelt ប្រធានាធិបតីអាមេរិកបានសុំឲ្យសភាពេញអង្គ
(Congress) ប្រកាសសង្រ្គាមលើជប៉ុន។ សេចក្តីប្រកាសសង្រ្គាមដែលសភាអាមេរិកអនុម័តភ្លាមៗ
នៅថ្ងៃនោះ។ ៣ថ្ងៃក្រោយមក អាល្លឺម៉ង់ និងអ៊ីតាលី ដែលស្ថិតក្នុងបក្សសម្ព័ន្ធត្រីភាគីជាមួយជប៉ុន
ក៏បានប្រកាសសង្រ្គាមលើអាមេរិកវិញដែរ។ សហរដ្ឋអាមេរិកក៏បានឈានជើងចូលក្នុងសង្រ្គាមលោកលើកទី២ជាផ្លូវការ៕