Labels

Albert Einstein Alexandre le Grand ISIS La Terreur Pearl Harbor Renaissance កំណែទម្រង់ប៉េរេស្ត្រយកា កំណែទម្រង់សេដ្ឋកិច្ចចិន កម្ពុជា កម្ពុជាក្រោម កម្លាំងទំនាញសកល ការចាប់ផ្ដើម ការប្រជែងផ្នែកអវកាស ការវិលត្រឡប់ទៅកាន់អំណាច កាលីលេ កូសាំងស៊ីន ក្រិក ក្រុមជីហាតរដ្ឋអ៊ីស្លាម ក្រុមភេរវជនអន្តរជាតិ ខ្សែបន្ទាត់ព្រំដែន គ្រាប់បែកនុយក្លេអ៊ែរ គ្រីស្តូហ្វកូឡុំ គ្រឹស្តសាសនា ចក្រភពម៉ុងហ្គោល ចក្រភពរ៉ូម ចក្រភពអារ៉ាប់ ចលនាតស៊ូប្រដាប់អាវុធកុម្មុយនិស្ត ចិន ច្បាប់នៃចលនា ឆេកូស្លូវ៉ាគី ជប៉ុន ជ័យជម្នះរបស់ក្រុមសម្ព័ន្ធមិត្ត ជិនហ្គីស ខាន់ ដែនដីអាណានិគម តេងស៊ាវពីង តេងស៊ាវភីង ទ្រឹស្តីតារាសាស្រ្ត ទ្រឹស្តីសាសនា បក្សកុម្មុយនិស្តចិន បដិវត្តន៍ បដិវត្តន៍កសិកម្ម បដិវត្តន៍រាជានិយម បដិវត្តន៍វប្បធម៌ បដិវត្តន៍អ៊ីរ៉ង់ បារាំង បិតាកំណែទម្រង់សេដ្ឋកិច្ចចិន ប៊ិនឡាដិន បុរេប្រវត្តិ ប្រធានាធិបតីអាមេរិក ប្រវត្តិសាស្រ្ត ប្លុកកុម្មុយនិស្ត ផលវិបាក ភេរវកម្ម១១កញ្ញា មជ្ឈិមបូព៌ា មហាអំណាចអាណានិគមអាស៊ី មហាអំណាចអឺរ៉ុប មូលហេតុ ម៉ៅសេទុង យុគខ្មៅងងឹត យុគនៃពន្លឺ រដ្ឋធម្មនុញ្ រុស្សី លេនីន វាំងននដែក វិទ្យាសាស្រ្ត វិបត្តិប៊ែរឡាំង វិបត្តិព្រែកជីកស៊ុយអេ វិបត្តិមីស៊ីលគុយបា វៀតណាមខាងត្បូង សង្គ្រាមលោកលើកទី១ សង្គ្រាមលោកលើកទី២ សង្រ្គាមកូរ៉េ សង្រ្គាមឈូងសមុទ្រពែក្ស សង្រ្គាមត្រជាក់ សង្រ្គាមវៀតណាម សង្រ្គាមស៊ីវិល សង្រ្គាមអាហ្វហ្កានីស្ថាន សង្រ្គាមអ៊ីរ៉ាក់ សង្រ្គាមឥណ្ឌូចិន សព្វាវុធនុយក្លេអ៊ែរ សហភាពសូវៀត សហរដ្ឋអាមេរិក សាសនាអ៊ីស្លាម ស្ថានភាពពិភពលោក ហ៊ីត្លែរ ហ្គ័របាឆូវ អង់គ្លេស អធិរាជណាប៉ូឡេអុង អរិយធម៌ដ៏ចំណាស់បំផុតរបស់មនុស្សជាតិ អរិយធម៌មេឌីទែរ៉ាណេ អរិយធម៌អាស៊ីអាគ្នេយ៍ អាញ់ស្តាញ់ អាណាចក្រខ្មែរ អាណានិគម អាណាព្យាបាលបារាំង អាប្រាហាំលីនកុន អាមេរិក អារ៉ាប់ អាល់កៃដា អាល់ប៊ែរ អាញ់ស្តាញ់ អាស៊ីប៉ាសីហ្វិក អ៊ីតាលី អ៊ីសាក់ញូតុន អ៊ីស្រាអែល អឺរ៉ុបខាងកើត អ៊ុយក្រែន ឧស្សាហកម្ម

សង្រ្គាមលោកលើកទី២៖ បន្ទាប់ពីយកឈ្នះលើបារាំង ហ៊ីត្លែរងាកទៅវាយប្រហារលើអង់គ្លេស

    ​​នៅ​ពាក់កណ្តាល​ខែ​មិថុនា ឆ្នាំ​១៩៤០ កងទ័ព​របស់​ហ៊ីត្លែរ​បាន​វាយចូល​កាន់កាប់​ក្រុង​ប៉ារីស ធ្វើ​ឲ្យ​រដ្ឋាភិបាល​បារាំង ដែល​ដឹកនាំ​ដោយ​សេនាប្រមុខ Philippe Pétain ​ចរចា​សុំចុះចាញ់ ហើយ​សុខចិត្ត​ធ្វើ​ជា​រដ្ឋ​រណប​របស់​អាល្លឺម៉ង់។
        បន្ទាប់​ពី​យក​ជ័យជម្នះ​លើ​បារាំងបាន​ហើយ ហ៊ីត្លែរ​ក៏​បាន​ងាក​ទៅរក​អង់គ្លេស​វិញ​ម្តង ដោយ​ចង់​យក​ទឹកដី​ប៉ែក​ខាង​ជើង​របស់​បារាំង​ធ្វើ​ជា​មូលដ្ឋាន ក្នុងការ​វាយប្រហារ​លើ​អង់គ្លេស។ ក៏ប៉ុន្តែ អង់គ្លេស​ខុសពី​បារាំង​នៅត្រង់​ថា ប្រទេស​អង់គ្លេស​គឺ​ជា​កោះ ដែល​មាន​សមុទ្រ​​ជា​ខែល​ការពារ។ ដូច្នេះ បើសិន​ជា​ហ៊ីត្លែរ​ចង់​ចូល​ឈ្លានពាន​អង់គ្លេស គឺ​ចាំបាច់​ត្រូវ​តែ​បញ្ជូន​កងទ័ព​ឆ្លងកាត់​ច្រក​សមុទ្រ English Channel​ (​នៅ​ចន្លោះ​អង់គ្លេស និង​ឆ្នេរ​ប៉ែក​ខាង​ជើង​ប្រទេស​បារាំង) ដែល​ជា​មិនមែន​ជា​រឿង​ងាយស្រួល​នោះទេ ដោយសារ​តែ​ចក្រភព​អង់គ្លេស​នៅពេលនោះ គឺ​ជា​មហាអំណាច​ខាង​ទ័ព​ជើងទឹកដ៏ធំមួយ នៅលើ​ពិភពលោក​ ចំណែក​ឯ​ទ័ព​ជើងទឹក​របស់​អាល្លឺម៉ង់វិញ​កំពុងតែ​មាន​សភាព​ទន់ខ្សោយ​ យ៉ាងខ្លាំង ក្រោយ​ពី​ទទួលរង​ការ​ខូចខាត​យ៉ាង​ដំណំ នៅ​ក្នុង​ប្រតិបត្តិការ​ឈ្លានពាន​ប្រទេស​ន័រវែស កាល​ពី​ខែ​មេសា ១៩៤០។
 

យន្តហោះ​ចម្បាំង​របស់​អាល្លឺម៉ង់ នៅក្នុង​សង្រ្គាម​ទ័ព​អាកាស​ជាមួយ​អង់គ្លេស
        តាមការពិត ហ៊ីត្លែរ​ក៏​មិនចង់​​ធ្វើ​សង្រ្គាម​ទល់​នឹង​ចក្រភព​អង់គ្លេស​ដែរ។ បើសិន​ជា​អង់គ្លេស​យល់ព្រម ហ៊ីត្លែរ​សប្បាយចិត្ត​នឹង​ចុះ​កិច្ចព្រមព្រៀង​ជាមួយ​អង់គ្លេស ដើម្បី​ចែក​អំណាច​គ្នា គឺ​អង់គ្លេស​ធ្វើ​ជា​មហាអំណាច​ជើងទឹក ចំណែក​អាល្លឺម៉ង់​ជា​មហាអំណាច​ខាង​ជើងគោក។
     នៅពាក់កណ្តាល​ខែកក្កដា ឆ្នាំ​១៩៤០ ហ៊ីត្លែរ​បាន​ប្រកាស​ជា​សាធារណៈ​ស្នើ​ឲ្យ​មាន​ការ​ចរចា​បញ្ចប់​សង្រ្គាម​ ជាមួយ​អង់គ្លេស។ នៅ​ពេលនោះ មាន​អ្នក​នយោបាយ ព្រមទាំង​សមាជិក​រាជវង្ស​មួយចំនួន​របស់​អង់គ្លេស​ចង់​ឲ្យ​អង់គ្លេស​ចរចា​ ជាមួយ​ហ៊ីត្លែរ ដើម្បី​បញ្ចៀស​សង្រ្គាម។ ក៏ប៉ុន្តែ ​​លោក Winston Churchill ដែល​ទើប​នឹង​ឡើង​មក​កាន់តំណែង​ជា​នាយករដ្ឋមន្រ្តី​​អង់គ្លេស ជំនួស​លោក Neville Chamberlain បានជាង​ពីរ​ខែ​ បាន​ប្រកាន់​ជំហរ​​យ៉ាងតឹងរ៉ឹង​ថា ក្នុង​ឋានៈ​ជា​មហាអំណាច​ដែល​មាន​កិត្តិយស​ និង​សម្តី​ថ្លៃថ្នូរ អង់គ្លេស​មិន​អាច​​យកតែ​រួចខ្លួន ហើយ​សុខចិត្ត​​ឲ្យ​ហ៊ីត្លែរ​កាន់កាប់​ប្រទេស​នៅ​អឺរ៉ុប​ដែនគោក ដែល​ជា​សម្ព័ន្ធមិត្ត​របស់​អង់គ្លេស ហើយ​ដែល​អង់គ្លេស​​ធ្លាប់បាន​ចុះ​កិច្ចព្រមព្រៀង​សន្យាថា​នឹង​ជួយ​ការពារ​ នោះទេ។
     ដោយ​មិន​អាច​បញ្ចុះបញ្ចូល​​អង់គ្លេស​ឲ្យ​ចូល​មក​ចរចា​បញ្ចប់​សង្រ្គាម​នឹង​ គ្នា​បាន ហ៊ីត្លែរ​ក៏​បាន​ដាក់​បញ្ជា​ឲ្យ​​ទ័ព​អាល្លឺម៉ង់    ​ចាប់ផ្តើម​អនុវត្ត​ផែនការ​ ​​ដែល​បាន​រៀបចំ​ទុក​តាំង​ពីមុន គឺ​ការ​បញ្ជូន​ទ័ព​ឆ្លង   ​សមុទ្រ​ដើម្បី​ចូល​ឈ្លានពាន​​លើ​អង់គ្លេស​ប្រតិបត្តិការដែល​ហ៊ីត្លែរ​ដាក់​ឈ្មោះ​ថាប្រតិបត្តិការ​តោសមុទ្រ (Operation Sea Lion)
        ក៏ប៉ុន្តែ ដើម្បី​​​​ឲ្យ​ តោសមុទ្រ របស់​ហ៊ីត្លែរ​អាច​ឆ្លង​ទៅ​ឈ្លានពាន​អង់គ្លេស​បាន អាល្លឺម៉ង់​ចាំបាច់​ត្រូវ​តែ​ធ្វើ​យ៉ាងណា​គ្រប់គ្រង​ច្រក​សមុទ្រ English Channel​ ឲ្យបាន​ជាមុនសិន ហើយ​ ដោយសារ​តែ​​នាវាចម្បាំង​របស់​អាល្លឺម៉ង់​ភាគច្រើន​ត្រូវ​ខូចខាត​ក្នុង​ ប្រតិបត្តិការ​ឈ្លានពាន​លើ​ន័រវែស កាលពី​ប៉ុន្មាន​ខែមុន ហ៊ីត្លែរ​មានតែ​​​​រំពឹង​លើ​យន្តហោះ​ចម្បាំង។
         នៅ​ខែ​កក្កដា ឆ្នាំ​១៩៤០ ហ៊ីត្លែរ​ក៏​បាន​បញ្ជា​ឲ្យកងទ័ព​​អាកាស​អាល្លឺម៉ង់​បើក​ប្រតិបត្តិការ​វាយ​ កម្ទេច​ទ័ព​អាកាស ព្រមទាំង​ប្រព័ន្ធ​ការពារ​ឆ្នេរ​សមុទ្រ​អង់គ្លេស ដើម្បី​គ្រប់គ្រង​​ច្រក​សមុទ្រ English Channel។ ក៏ប៉ុន្តែ ខុសពី​ការ​រំពឹង​ទុក​របស់​ហ៊ីត្លែរ កងទ័ព​អាកាស​របស់​អង់គ្លេស​មិន​ងាយ​នឹង​ឲ្យ​អាល្លឺម៉ង់​វាយបំបាក់​បាន​ងាយៗ​ នោះទេ។ តាមការពិត នៅ​ក្នុង​រយៈពេល ២សប្តាហ៍​ដំបូង គឺ​ពី​ពាក់កណ្តាល​ខែ ដល់​ចុងខែ​កក្កដា គឺ​អាល្លឺម៉ង់​ទៅវិញ​ទេ ដែល​ទទួល​រង​ការ​ខូចខាត​ច្រើន​ជាង​អង់គ្លេស ដោយ​មាន​យន្តហោះ​រហូតដល់​ទៅ ១៨០​គ្រឿង​ត្រូវ​អង់គ្លេស​បាញ់​ទម្លាក់ ក្នុងពេល​ដែល​អង់គ្លេស​ត្រូវ​បាត់បង់​យន្តហោះ​តែ ៧០គ្រឿង។
       នៅ​ខែ​កញ្ញា ឆ្នាំ​១៩៤០ ដោយ​មើល​ឃើញ​ថា ដែន​អាកាស​ក៏​មិន​អាច​គ្រប់គ្រងបាន ហើយ​ដែនទឹក​ក៏​កាន់តែ​​ពិបាក​នឹង​​យក​ប្រៀប​លើ​អង់គ្លេសទៅទៀត ហ៊ីត្លែរ​ក៏​បាន​សម្រេច​លុបចោល​គម្រោង​បញ្ជូន​កងទ័ព​ឲ្យ​ឆ្លង​សមុទ្រ​ចូល​ទៅ ​ឈ្លានពាន​អង់គ្លេស។ ក៏ប៉ុន្តែ នៅពេលនោះ ហ៊ីត្លែរ​មិនបាន​បញ្ឈប់​ការ​វាយប្រហារ​តាម​ផ្លូវអាកាស​ទៅលើ​អង់គ្លេស​នោះទេ។ ចាប់ពីថ្ងៃ​ទី៧ ខែ​កញ្ញា ហ៊ីត្លែរ​បាន​បង្វែរ​ប្រតិបត្តិការ​ទ័ព​អាកាស​ពី​ការ​វាយបើក​ច្រកផ្លូវ​ ដើម្បី​​ចូល​ឈ្លានពាន ទៅជា​ប្រតិបត្តិការ​ទម្លាក់​គ្រាប់បែក​កម្ទេច​ទីក្រុង​ធំៗ​របស់​អង់គ្លេស​ វិញ ក្នុងគោលដៅ​​ធ្វើ​យ៉ាងណា​បង្ក​ការ​ខូចខាត​​ជា​អតិបរមា ដើម្បី​បង្ខំ​ឲ្យ​អង់គ្លេស​ងាក​មក​ចរចា​បញ្ចប់​សង្រ្គាម។
         នៅ​ក្នុង​ចន្លោះ​ពី​ថ្ងៃ​ទី៧ ខែ​កញ្ញា ឆ្នាំ​១៩៤០ ដល់ថ្ងៃ​ទី២១ ខែ​ឧសភា ឆ្នាំ​១៩៤១ គ្រាប់បែក​ប្រមាណ​ជា ១០០តោន ត្រូវ​បាន​យន្តហោះ​អាល្លឺម៉ង់​ទម្លាក់​ទៅលើ​ទីក្រុង​ធំៗ​​ចំនួន ១៦ក្រុង​របស់​អង់គ្លេស ជាពិសេស គឺ​ទីក្រុង​ឡុងដ៍ ដោយ​បាន​បណ្តាល​ឲ្យ​ជនស៊ីវិល​អង់គ្លេស​ប្រមាណ ៤ម៉ឺននាក់​ត្រូវ​បាត់បង់​ជីវិត អគារ​រោងចក្រ ព្រមទាំង​ផ្ទះសម្បែង​រាប់លាន​ខ្នង​ត្រូវ​ទទួលរង​នូវការ​បំផ្លិចបំផ្លាញ។
      ក៏ប៉ុន្តែ ជាថ្មីម្តងទៀត ប្រតិបត្តិការ​ទម្លាក់​គ្រាប់បែក​នេះ​​ក៏​មិន​បាន​សម្រេច​ទៅតាម​គោលដៅ​ដែល​ ហ៊ីត្លែរ​ចង់​បាន​នោះដែរ ពីព្រោះ​ថា វា​មិន​​​បាន​ធ្វើ​ឲ្យ​សេដ្ឋកិច្ច​អង់គ្លេស​ត្រូវ​ទទួលរង​នូវការ​ ខូចខាតធ្ងន់ធ្ងរ ឬ​ក៏​ធ្វើ​ឲ្យ​អង់គ្លេស​បាក់ទឹកចិត្ត​​ ហើយ​​ងាក​មក​ចរចា​បញ្ចប់​សង្រ្គាម​ជាមួយ​អាល្លឺម៉ង់​នោះទេ។​
      ផ្ទុយទៅវិញ ការ​ទម្លាក់​គ្រាប់បែក​លើ​ទីក្រុង​ឡុងដ៍ ដែល​បាន​កម្ទេច​ផ្ទះសម្បែង​ ព្រមទាំង​សម្លាប់​ប្រជាជន​ស៊ីវិល​រាប់ម៉ឺននាក់ បាន​ធ្វើ​ឲ្យ​ប្រជាជន​អង់គ្លេស​កាន់តែ​មាន​កំហឹង​ចំពោះ​ហ៊ីត្លែរ ហើយ​នាំគ្នា​គាំទ្រ​រដ្ឋាភិបាល និង​កងទ័ព​អង់គ្លេស​​កាន់តែ​ខ្លាំង ក្នុងការ​ប្រយុទ្ធតទល់​នឹង​​អាល្លឺម៉ង់។ បើ​និយាយ​ពី​ខាង​ផ្នែក​សេដ្ឋកិច្ច​វិញ ប្រតិបត្តិការ​ទម្លាក់​គ្រាប់បែក​ដោយ​ឥតលោះថ្ងៃ នៅ​ក្នុងរយៈពេល ៨ខែ​នេះ ក៏​មិន​បាន​ធ្វើ​ឲ្យ​សកម្មភាពផលិតកម្ម​របស់​អង់គ្លេស​ត្រូវ​ធ្លាក់​ចុះ​ នោះដែរ។ ​វិស័យ​ឧស្សាហកម្ម​យោធារបស់​អង់គ្លេស​​ មិនត្រឹមតែ​មិន​ធ្លាក់ចុះ​នោះទេ តែ​ថែមទាំង​កើនឡើង​ទៅវិញ។
 
ក្រុងឡុងដ៍ ដែល​ត្រូវ​ខូចខាត​ដោយ​ការ​ទម្លាក់​គ្រាប់បែក​របស់​អាល្លឺម៉ង់
          លើសពីនេះ​ទៅទៀត នៅ​ដើមឆ្នាំ​១៩៤១ អង់គ្លេស​ចាប់ផ្តើម​ទទួល​បាន​នូវ​ជំនួយ​ផ្នែក​យោធា​ពី​ប្រទេស​ដ៏សំខាន់​មួយ គឺ​សហរដ្ឋ​អាមេរិក។ នៅខែ​មីនា ឆ្នាំ​១៩៤១ សភា​អាមេរិក​បាន​អនុម័ត​ច្បាប់​មួយ (Lend-Lease Act) ដោយ​អនុញ្ញាត​ឲ្យ​ប្រធានាធិបតី​អាមេរិក គឺ​លោក Franklin Roosevelt បញ្ជូន​គ្រឿង​សព្វាវុធ​ទៅជួយ​​អង់គ្លេស ហើយ​ខុស​ពី​កាល​សម័យ​សង្រ្គាម​លោក​​លើកទី១ គ្រឿងសព្វាវុធ​អស់ទាំង​នេះ​ត្រូវ​បាន​ផ្តល់​ទៅ​ឲ្យ​អង់គ្លេស​​ក្នុង​ ទ្រង់ទ្រាយ​ជា​ជំនួយ​ឥតសំណង។ ជំនួយ​យោធា​របស់​អាមេរិក បាន​ធ្វើ​ឲ្យ​អង់គ្លេស​មាន​កម្លាំង​កាន់តែ​ខ្លាំង ក្នុង​ការប្រយុទ្ធ​តទល់​នឹង​អាល្លឺម៉ង់។
       នៅ​ទីចុង​បញ្ចប់ ហ៊ីត្លែរ​ត្រូវ​ប្រឈមមុខ​នឹង​តថភាព​មួយ គឺ​​ទឹកដី​​របស់​អង់គ្លេស​ជា​ដែន​កោះ​ដែល​មិនអាច​ចូល​ឈ្លានពាន​បាន។ ហ៊ីត្លែរ​ក៏​បាន​សម្រេច​ផ្អាក​ប្រតិបត្តិការ​យោធា​នៅ​អង់គ្លេស ហើយ​ងាកទៅ​អឺរ៉ុប​ខាង​កើតវិញ​ម្តង ដោយ​ចាប់ផ្តើម​អនុវត្ត​គម្រោង​ការណ៍​ចូល​ឈ្លានពាន​សហភាព​សូវៀត ដែល​ហ៊ីត្លែរ​ធ្លាប់​បាន​ចុះ​កិច្ចព្រមព្រៀង​មិន​ឈ្លានពាន​គ្នា​រួចទៅហើយ នៅ​មុនពេល​ចូល​ឈ្លានពាន​ប៉ូឡូញ កាល​ពី​ឆ្នាំ​១៩៣៩៕