Labels

Albert Einstein Alexandre le Grand ISIS La Terreur Pearl Harbor Renaissance កំណែទម្រង់ប៉េរេស្ត្រយកា កំណែទម្រង់សេដ្ឋកិច្ចចិន កម្ពុជា កម្ពុជាក្រោម កម្លាំងទំនាញសកល ការចាប់ផ្ដើម ការប្រជែងផ្នែកអវកាស ការវិលត្រឡប់ទៅកាន់អំណាច កាលីលេ កូសាំងស៊ីន ក្រិក ក្រុមជីហាតរដ្ឋអ៊ីស្លាម ក្រុមភេរវជនអន្តរជាតិ ខ្សែបន្ទាត់ព្រំដែន គ្រាប់បែកនុយក្លេអ៊ែរ គ្រីស្តូហ្វកូឡុំ គ្រឹស្តសាសនា ចក្រភពម៉ុងហ្គោល ចក្រភពរ៉ូម ចក្រភពអារ៉ាប់ ចលនាតស៊ូប្រដាប់អាវុធកុម្មុយនិស្ត ចិន ច្បាប់នៃចលនា ឆេកូស្លូវ៉ាគី ជប៉ុន ជ័យជម្នះរបស់ក្រុមសម្ព័ន្ធមិត្ត ជិនហ្គីស ខាន់ ដែនដីអាណានិគម តេងស៊ាវពីង តេងស៊ាវភីង ទ្រឹស្តីតារាសាស្រ្ត ទ្រឹស្តីសាសនា បក្សកុម្មុយនិស្តចិន បដិវត្តន៍ បដិវត្តន៍កសិកម្ម បដិវត្តន៍រាជានិយម បដិវត្តន៍វប្បធម៌ បដិវត្តន៍អ៊ីរ៉ង់ បារាំង បិតាកំណែទម្រង់សេដ្ឋកិច្ចចិន ប៊ិនឡាដិន បុរេប្រវត្តិ ប្រធានាធិបតីអាមេរិក ប្រវត្តិសាស្រ្ត ប្លុកកុម្មុយនិស្ត ផលវិបាក ភេរវកម្ម១១កញ្ញា មជ្ឈិមបូព៌ា មហាអំណាចអាណានិគមអាស៊ី មហាអំណាចអឺរ៉ុប មូលហេតុ ម៉ៅសេទុង យុគខ្មៅងងឹត យុគនៃពន្លឺ រដ្ឋធម្មនុញ្ រុស្សី លេនីន វាំងននដែក វិទ្យាសាស្រ្ត វិបត្តិប៊ែរឡាំង វិបត្តិព្រែកជីកស៊ុយអេ វិបត្តិមីស៊ីលគុយបា វៀតណាមខាងត្បូង សង្គ្រាមលោកលើកទី១ សង្គ្រាមលោកលើកទី២ សង្រ្គាមកូរ៉េ សង្រ្គាមឈូងសមុទ្រពែក្ស សង្រ្គាមត្រជាក់ សង្រ្គាមវៀតណាម សង្រ្គាមស៊ីវិល សង្រ្គាមអាហ្វហ្កានីស្ថាន សង្រ្គាមអ៊ីរ៉ាក់ សង្រ្គាមឥណ្ឌូចិន សព្វាវុធនុយក្លេអ៊ែរ សហភាពសូវៀត សហរដ្ឋអាមេរិក សាសនាអ៊ីស្លាម ស្ថានភាពពិភពលោក ហ៊ីត្លែរ ហ្គ័របាឆូវ អង់គ្លេស អធិរាជណាប៉ូឡេអុង អរិយធម៌ដ៏ចំណាស់បំផុតរបស់មនុស្សជាតិ អរិយធម៌មេឌីទែរ៉ាណេ អរិយធម៌អាស៊ីអាគ្នេយ៍ អាញ់ស្តាញ់ អាណាចក្រខ្មែរ អាណានិគម អាណាព្យាបាលបារាំង អាប្រាហាំលីនកុន អាមេរិក អារ៉ាប់ អាល់កៃដា អាល់ប៊ែរ អាញ់ស្តាញ់ អាស៊ីប៉ាសីហ្វិក អ៊ីតាលី អ៊ីសាក់ញូតុន អ៊ីស្រាអែល អឺរ៉ុបខាងកើត អ៊ុយក្រែន ឧស្សាហកម្ម

សង្រ្គាមលោកលើកទី២៖ ហ៊ីត្លែរចូលឈ្លានពានកាន់កាប់ ប្រទេសបារាំង

      នៅពេល​សង្រ្គាម​លោកលើកទី២ ចាប់ផ្ទុះឡើង នៅ​ខែកញ្ញា ឆ្នាំ​១៩៣៩ បារាំង ថ្វីដ្បិត​តែមាន​ចំនួន​ប្រជាជន​តិចជាង​អាល្លឺម៉ង់​ដល់​ទៅពីរដង ក៏ប៉ុន្តែ ប្រទេស​ទាំងពីរ​មាន​កម្លាំង​ទ័ព​ប្រហាក់ប្រហែលគ្នា។ ចំណុច​ដែល​ខុសគ្នា ហើយ​ដែលនាំ​ឲ្យ​បារាំង​ត្រូវ​ទទួលបរាជ័យ​​ ​ធ្លាក់​ក្រោម​ការកាន់កាប់​របស់​ហ៊ីត្លែរ គឺ​យុទ្ធសាស្រ្ត​ទ័ព។
        យុទ្ធសាស្រ្ត​ទ័ព​របស់​បារាំង នៅ​ពេលនោះ គឺ​ពឹងផ្អែក​ខ្លាំង​ទៅលើខ្សែក្រវ៉ាត់ការពារ ដែល​បារាំង​បាន​សង់​នៅ​តាម​បណ្តោយ​ព្រំដែនជាមួយ​អាល្លឺម៉ង់ តាំង​ពី​ក្រោយ​សង្រ្គាម​លោក​លើកទី១។ ខ្សែក្រវ៉ាត់ការពារ​នេះ ត្រូវបាន​​គេ​ឲ្យ​ឈ្មោះ​ថា Ligne Maginot ដោយ​យក​តាម​ឈ្មោះ​របស់​អតីត​រដ្ឋមន្រ្តី​ទទួលបន្ទុក​កិច្ចការសង្រ្គាម​របស់​ បារាំង ដែល​ជា​អ្នក​ផ្តួចផ្តើម​គំនិត​សាងសង់​ គឺ​លោក André Maginot
     បារាំង​បាន​ផ្តោត​អាទិភាព​ខ្ពស់​ និង​ចំណាយ​ថវិកា​ការពារជាតិ​យ៉ាងច្រើន​សន្ធឹកសន្ធាប់​ទៅលើ​ការ​សាងសង់​​ Ligne Maginot ដោយ​សារ​តែ​គិត​ថា វា​គឺ​ជា​ខ្សែក្រវ៉ាត់​ការពារ​ដ៏រឹងមាំបំផុត ដែល​កងទ័ព​អាល្លឺម៉ង់​មិន​អាច​ឆ្លង​កាត់បាន។ ជាការពិត នៅ​ក្នុង​យុទ្ធសាស្រ្ត​ឈ្លានពាន​លើ​ប្រទេស​បារាំង មេទ័ព​របស់​​ហ៊ីត្លែរ​​ក៏​មិនបាន​ព្យាយាម​វាយលុក​​កាត់តាម​ Ligne Maginot ដ៏រឹងមាំ​នេះ​ដែរ​ ប៉ុន្តែ វាយលុក​ចូល​តាម​ច្រកផ្សេង គឺ​កាត់តាម​ប្រទេស​ប៊ែលហ្ស៊ិក ដែល​មាន​ព្រំដែន​ជាប់​ជាមួយ​នឹង​ប្រទេស​បារាំង ហើយ​ដែល​បារាំង​មិនមាន​ប្រព័ន្ធ​ការពារ​រឹងមាំ ដោយសារ​តែ​នៅពេលនោះ ប៊ែលហ្ស៊ិក​​ជា​ប្រទេស​អព្យាក្រឹត ហើយ​មិនមែន​ជា​គូសត្រូវ​របស់​បារាំង។
      នៅថ្ងៃ​ទី១០ ខែ​ឧសភា ឆ្នាំ​១៩៤០ កងទ័ព​អាល្លឺម៉ង់​បាន​បើក​ការ​វាយលុក​ចូល​ឈ្លានពាន​ប្រទេស​បី​ព្រមៗ​គ្នា គឺ​លុចសំបួ ហូឡង់ និង​ប៊ែលហ្ស៊ិក ហើយ​៣ថ្ងៃ​ក្រោយ​មក​ទៀត កងទ័ព​អាល្លឺម៉ង់​ក៏​បាន​វាយលុក​ឆ្លងពី​ប៊ែលហ្ស៊ិក​ចូល​មក​ដល់​ប្រទេស​ បារាំង រួចហើយ​វាយបំបាក់​កងទ័ព​បារាំង នៅ​ត្រង់ទន្លេរ Meuse នៅ​ក្រុង Sedan ក្បែរ​ព្រំដែន​ប៊ែលហ្ស៊ិក។
    ប្រឈមមុខ​នឹង​ សង្រ្គាមផ្លេកបន្ទោរ របស់​អាល្លឺម៉ង់ ទាហាន​បារាំង​រាប់ម៉ឺននាក់​ដែល​ឈរជើង​នៅ​សមរភូមិ​ទិសខាង​ជើង ក្បែរព្រំដែន​ប៊ែលហ្ស៊ិក បាន​នាំគ្នា​ទម្លាក់​អាវុធ​ចុះចេញ ហើយ​សុខចិត្ត​ក្លាយ​ជា​ឈ្លើយសឹក​របស់​អាល្លឺម៉ង់។ ក៏ប៉ុន្តែ មិនមែន​ទាហាន​បារាំង​ទាំងអស់​សុទ្ធតែសុខចិត្ត​ទម្លាក់​អាវុធ​ចុះចាញ់​នោះទេ។ នៅថ្ងៃ​ទី១៧ ឧសភា ឧត្តមសេនីយ៍ Charles de Gaulle ដែល​ទើប​នឹង​ត្រូវ​បាន​តែងតាំង​ឲ្យ​ធ្វើ​ជា​មេបញ្ជាការ​កងពល​រថក្រោះ​បារាំង បាន​នាំកងពលរបស់​លោក​ចូល​ទៅវាយស្ទាក់​បង្អាក់ដំណើរ​កងទ័ព​អាល្លឺម៉ង់ ដើម្បី​​ឲ្យ​កងទ័ព​បារាំង​មាន​ពេល​រៀបចំ​ខ្សែត្រៀម​ការពារ​ក្រុង​ប៉ារីស។ ក៏ប៉ុន្តែ កងរថក្រោះ​របស់ Charles de Gaulle ​ក៏​មិន​អាច​ទប់ទល់​នឹង​​​កងរថក្រោះ Panzer របស់​អាល្លឺម៉ង់​បាន​​យូរ​ប៉ុន្មាន​នោះដែរ។
    គិត​ត្រឹម​ចុងខែ​ឧសភា ឆ្នាំ​១៩៤០ ខ្សែត្រៀម​បារាំង នៅ​ប៉ែក​ខាង​ជើង​ប្រទេស​ត្រូវ​ដួលរលំ​ស្ទើរតែ​ទាំងស្រុង ហើយ​អង់គ្លេស ដែល​ជា​សម្ព័ន្ធមិត្ត​របស់​បារាំង​ក៏​បាន​ចាប់ផ្តើម​ជម្លៀស​កងទ័ព​របស់​ ខ្លួន​ រួមជាមួយ​នឹង​ទាហាន​បារាំង​ជាង ១០ម៉ឺននាក់ ចេញ​តាមកប៉ាល់ ពី Dunkerque ឆ្ពោះទៅ​អង់គ្លេស។
     នៅ​ទិស​ខាង​ត្បូង​ឯណោះវិញ បារាំង​ក៏​ត្រូវ​ប្រឈមមុខ​នឹង​សត្រូវ​មួយ​ទៀត គឺ​អ៊ីតាលី ក្រោម​ការដឹកនាំ​របស់​មូសូលីនី​សម្ព័ន្ធមិត្ត​របស់​ហ៊ីត្លែរ ដែល​បាន​ប្រកាស​សង្រ្គាម​លើ​បារាំង នៅ​ថ្ងៃ​ទី១០​មិថុនា។
      នៅថ្ងៃ​ទី១៤ មិថុនា ឆ្នាំ​១៩៤០ កងទ័ព​អាល្លឺម៉ង់​បាន​វាយលុក​ចូល​ដល់​ក្រុង​ប៉ារីស ចំណែក​រដ្ឋាភិបាល​បារាំង​បាន​ភៀសខ្លួន​ចេញ​ពី​ប៉ារីស ហើយ​ទៅតាំង​ទីស្នាក់ការ​នៅ​ទីក្រុង Bordeaux នៅ​ខាង​ត្បូង​ឆៀង​ខាង​លិច​ប្រទេស​បារាំង។
     ៣ថ្ងៃ​ក្រោយ​ការដួលរលំ​ក្រុង​ប៉ារីស ដោយ​ប្រឈមមុខ​នឹង​បរាជ័យ​ដ៏​អាម៉ាស់​នេះ នាយករដ្ឋមន្រ្តី​បារាំង Paul Reynaud បាន​ចុះចេញ​ពី​តំណែង ហើយ​សេនាប្រមុខ Philippe Pétain ដែល​ជា​ឧបនាយករដ្ឋមន្រ្តី ត្រូវ​បាន​តែងតាំង​ឲ្យ​ឡើង​មក​កាន់តំណែង​ជំនួស​លោក Paul Reynaud
 
ហ៊ីត្លែរ និង​មេទ័ព​អាល្លឺម៉ង់ នៅ​មុខ Tour Eiffel ក្នុងក្រុង​ប៉ារីស
          គ្រាន់តែ​បាន​ឡើង​មក​កាន់​តំណែង​ជានាយករដ្ឋមន្រ្តី​បារាំង​ភ្លាម សេនាប្រមុខ​ Pétain ​បាន​ស្នើ​​ភ្លាមៗ​ទៅ​អាល្លឺម៉ង់ ដើម្បី​សុំ​ចរចា​ចុះចាញ់សង្រ្គាម។ មួយថ្ងៃក្រោយ​មក គឺ​នៅថ្ងៃ​ទី១៨ មិថុនា ឧត្តមសេនីយ៍ Charles de Gaulle ដែល​ទើប​នឹង​ត្រូវ​បាន​តែងតាំង​ជា​អនុរដ្ឋមន្រ្តី​ទទួលបន្ទុក​កិច្ចការ​ សង្រ្គាម ហើយ​ដែល​កំពុង​ស្ថិត​នៅ​ក្នុង​ទីក្រុង​ឡុងដ៍ ក៏​បាន​ធ្វើ​សេចក្តីថ្លែងការណ៍​មួយ តាមរយៈ​វិទ្យុ BBC ដោយ​បាន​រិះគន់​សេចក្តីសម្រេច​របស់​សេនាប្រមុខ Pétain ហើយ​បាន​​អំពាវនាវ​ឲ្យ​ប្រជាជន​បារាំងនាំគ្នា​ងើបឡើង​កាន់អាវុធ ដើម្បី​បន្ត​ប្រឆាំង​នឹង​កងទ័ព​អាល្លឺម៉ង់។ តាមរយៈ​សេចក្តីថ្លែងការណ៍​នេះ ឧត្តមសេនីយ៍ Charles de Gaulle ត្រូវ​បាន​រដ្ឋាភិបាល​របស់​លោក Pétain កាត់​ទោស​ដោយ​កំបាំង​មុខ​ពី​បទ​ក្បត់ជាតិ ក៏ប៉ុន្តែ ចលនា​តស៊ូ​បារាំង​ប្រឆាំង​នឹង​អាល្លឺម៉ង់​ក៏​បាន​ចាប់កំណើតឡើងដែរ។
      នៅថ្ងៃ​ទី២២ មិថុនា រដ្ឋាភិបាល​របស់​លោក Pétain បាន​ចុះ​កិច្ចព្រមព្រៀង​ចុះចាញ់សង្រ្គាម​ជាមួយ​អាល្លឺម៉ង់ ហើយ​តាមរយៈ​កិច្ចព្រមព្រៀង​នេះ ​​ទឹកដី​បារាំង​ត្រូវ​បាន​ពុះចែក​ជា ៣​ចំណែក។ ទឹកដី​ពាក់កណ្តាល​នៅ​ប៉ែក​ខាង​ជើង ដោយ​រួមបញ្ចូល​ទាំង​ទីក្រុង​ប៉ារីស​ផង ត្រូវ​ស្ថិត​ក្រោម​ការ​កាន់កាប់​របស់​អាល្លឺម៉ង់។ មួយផ្នែក​តូច​នៅ​ប៉ែក​ខាង​ត្បូង​ត្រូវ​ស្ថិត​ក្រោម​ការ​កាន់កាប់​របស់​ អ៊ីតាលី។ ចំណែក​ទឹកដី​ដែល​នៅ​សេសសល់​នៅ​ប៉ែកកណ្តាល​​គ្រប់គ្រង​ដោយ​រដ្ឋាភិបាល​របស់​ លោក Pétain ដែលបាន​ទៅ​តាំង​រដ្ឋធានី នៅទីក្រុង Vichy
            
ផែនទី ​ប្រទេស​បារាំង​ក្នុង​សង្រ្គាម​លោកលើកទី២ ដែល​បង្ហាញ​ពី​ការ​ពុះចែក​ទឹកដី​បារាំង​ជា ៣​ផ្នែក៖ ពណ៌ក្រហម​​កាន់កាប់​ដោយអាល្លឺម៉ង់, ពណ៌តៃតងខ្ចី​កាន់កាប់​ដោយ​អ៊ីតាលី និង​ពណ៌ស្វាយ​កាន់កាប់​ដោយ​រដ្ឋាភិបាល​របស់​សេនាប្រមុខ Philippe Pétain
          នៅ​លើ​ក្រដាស រដ្ឋ​បារាំង ក្រោម​ការ​ដឹកនាំ​របស់​លោក Pétain ត្រូវ​បាន​ចាត់ទុក​ជា​រដ្ឋ​អធិបតេយ្យ​មួយ ក៏ប៉ុន្តែ ធាតុពិត​ជាក់ស្តែង គឺ​ជា​រដ្ឋាភិបាល​រណប​អាល្លឺម៉ង់​សុទ្ធសាធ។ ហ៊ីត្លែរ​បាន​តម្រូវ​ឲ្យ​ទ័ព​ជើងទឹក​បារាំង​ទាំងអស់​ត្រូវ​​រំសាយ​អាវុធ ចំណែក​ឯ​ទ័ព​ជើងគោកវិញ មិន​ត្រូវ​ឲ្យ​មាន​ចំនួន​លើស​ពី ១០ម៉ឺននាក់។ ចំណែក​ទាហាន​បារាំង​ទាំងអស់ ដែល​អាល្លឺម៉ង់​បាន​ចាប់​ជា​ឈ្លើយសឹក ​ត្រូវ​បន្ត​ជាប់ឃុំ នៅ​ក្នុង​ប្រទេស​អាល្លឺម៉ង់ ដោយ​មិន​អាច​វិលត្រឡប់​មក​ប្រទេស​បារាំង​បានវិញ​នោះទេ។ លើសពីនេះ​ទៅទៀត រាល់ការ​ចំណាយ​ទាំងអស់​របស់​កងទ័ព​អាល្លឺម៉ង់ ដែល​កាន់កាប់​ទឹកដី​ពាក់កណ្តាល​ប៉ែក​ខាង​ជើង​ប្រទេស​បារាំង គឺ​ត្រូវ​ទទួលរ៉ាប់រង​ដោយ​ថវិកា​ជាតិបារាំង។
         និយាយ​ដោយ​ខ្លី ហ៊ីត្លែរ​ចង់​​​​សង្កត់​ក្បាល​បារាំង​ឲ្យ​រាប​ដល់ដី ដើម្បី​ឲ្យ​បារាំង​​​ទទួល​នូវ​ភាព​អាម៉ាស់​ ដូចអ្វី​ដែល​អាល្លឺម៉ង់​បាន​ទទួល ដោយ​សន្ធិសញ្ញា​ក្រុង Versailles នៅ​ក្រោយ​​សង្រ្គាម​លោកលើកទី១។ តាមការពិត អ្វី​ដែល​ហ៊ីត្លែរ​បាន​ដាក់​លើ​បារាំង មាន​ភាព​ធ្ងន់ធ្ងរ​ជាង​អ្វី​ដែល​សន្ធិសញ្ញា​ក្រុង Versailles ដាក់​លើ​អាល្លឺម៉ង់​ឆ្ងាយណាស់ ពីព្រោះ​ថា អាល្លឺម៉ង់​ក្រោយ​សង្រ្គាម​លោកលើកទី១ យ៉ាងហោចណាស់​ ក៏​អាច​រក្សា​ទឹកដី​របស់​ខ្លួន​បាន​ទាំងមូល ដោយ​គ្មាន​កងទ័ព​បរទេស​គ្រប់គ្រង ហើយ​ទាហាន​អាល្លឺម៉ង់​ក៏​មិនត្រូវ​បាន​​គេ​ចាប់ឃុំ​ជា​ឈ្លើយសឹក​នោះដែរ៕