ការផ្ទុះឡើងនៃសង្រ្គាមលោកលើកទី២ខែកញ្ញាឆ្នាំ១៩៣៩
នៅដើមឆ្នាំ១៩៣៩
ក្រោយពីអាល្លឺម៉ង់បានចូលឈ្លានពានកាន់កាប់ប្រទេសអូទ្រីស និងឆេកូស្លូវ៉ាគី
មហាអំណាចអឺរ៉ុប ដែលឈ្នះសង្រ្គាមលោកលើកទី១ គឺបារាំង និងអង់គ្លេស
ក៏ចាប់ផ្តើមភ្ញាក់ដឹងខ្លួន ពីមហិច្ឆតាវាតទីនិយមរបស់ហ៊ីត្លែរ។
គណៈរដ្ឋមន្រ្តីបារាំងបានប្រជុំសម្រេចគ្នាថា
គេមិនអាចបន្តទុកបណ្តោយឲ្យហ៊ីត្លែរឈ្លានពានទៅលើប្រទេសណាមួយ ជាថ្មីទៀតនោះទេ។
ចំណែកនាយករដ្ឋមន្រ្តីអង់គ្លេសវិញ បានចេញមុខប្រកាសជាសាធារណៈ នៅថ្ងៃទី១៧
ខែមីនា ឆ្នាំ១៩៣៩ថា ប្រសិនបើអាល្លឺម៉ង់ធ្វើការឈ្លានពានទៅលើប្រទេសតូចតាចណាមួយថ្មីទៀត
អង់គ្លេសនឹងចេញមុខរារាំង ដោយប្រើគ្រប់អំណាចទាំងអស់ដែលខ្លួនមាន។ ការប្រកាសនេះ
គឺជាសារព្រមានយ៉ាងច្បាស់ៗទៅដល់ហ៊ីត្លែរថា សង្រ្គាមនឹងត្រូវផ្ទុះឡើង បើហ៊ីត្លែរនៅតែបន្តសកម្មភាពឈ្លានពានរបស់ខ្លួនតទៅទៀត។
ក៏ប៉ុន្តែ បើទោះបីជាមានការព្រមានបែបនេះក៏ដោយ ហ៊ីត្លែរនៅតែមិនខ្វល់ ហើយចាប់ផ្តើមរៀបចំអនុវត្តផែនការជំហានទី៣របស់ខ្លួន
គឺចូលឈ្លានពានប្រទេសប៉ូឡូញ ដែលទឹកដីមួយផ្នែកធំ ធ្លាប់ជារបស់អាល្លឺម៉ង់
កាលពីមុនសង្រ្គាមលោកលើកទី១។
នៅថ្ងៃទី៣១ ខែមីនា ឆ្នាំ១៩៣៩ មួយសប្តាហ៍ក្រោយពីបានប្រកាសធានាការពារប៊ែលហ្ស៊ិក
ហូឡង់ និងស្វ៊ីស ពីការឈ្លានពាន បារាំង និងអង់គ្លេស ក៏បានចេញសេចក្តីប្រកាសរួមគ្នាមួយធានាការពារឯករាជ្យប្រទេសប៉ូឡូញ។
ពីរសប្តាហ៍ក្រោយមកទៀត នៅថ្ងៃទី១៣ ខែមេសា បារាំង និងអង់គ្លេសបានប្រកាសធានាការពារប្រទេសពីរទៀត
គឺ រ៉ូមានី និងក្រិក ក្រោយពីម៉ូសូលីនី
មេដឹកនាំអ៊ីតាលីបានយកតម្រាប់តាមហ៊ីត្លែរ ហើយចូលឈ្លានពានកាន់កាប់ប្រទេសអាល់បានី។
ទោះជាយ៉ាងណា វិបត្តិនៅប៉ូឡូញ
នៅតែជាចំណុចក្តៅ ហើយបារាំង និងអង់គ្លេសក៏ព្យាយាមបញ្ចុះបញ្ចូលសហភាពសូវៀតមួយទៀតឲ្យ
ចូលរួមក្នុងកិច្ចព្រមព្រៀងការពារប៉ូឡូញ ដើម្បីឲ្យមានកម្លាំងកាន់តែច្រើន
ទុកកម្លាហ៊ីត្លែរ។ ក៏ប៉ុន្តែ ការចូលរួមរបស់សហភាពសូវៀត
នៅក្នុងកិច្ចព្រមព្រៀងការពារប៉ូឡូញនេះ ត្រូវប្រឈមមុខនឹងបញ្ហាស្មុគស្មាញ
ដោយសារតែសូវៀតក៏ជាគូសត្រូវ ដែលចាំតែឱកាសលេបត្របាក់ទឹកដីរបស់ប៉ូឡូញដែរ
ដែលជាហេតុធ្វើឲ្យរដ្ឋាភិបាលប៉ូឡូញមិនទុកចិត្ត ខ្លាចសូវៀតទាមទារកាត់យកទឹកដីមួយផ្នែក
នៅខាងកើតប៉ូឡូញ ដើម្បីជាថ្នូរនឹងការចូលមកជួយទប់ទល់នឹងហ៊ីត្លែរ។ ហេតុដូច្នេះហើយបានជារដ្ឋាភិបាលប៉ូឡូញបានជំទាស់ដាច់ខាតមិនឲ្យ
កងទ័ពសូវៀតចូលមកឈរជើងនៅលើទឹកដីរបស់ខ្លួន។ ការចរចា រវាងបារាំង និងអង់គ្លេស
ជាមួយស្តាលីន ក៏ត្រូវទទួលបរាជ័យ នៅពាក់កណ្តាលឆ្នាំ១៩៣៩។
បារាំង និងអង់គ្លេស មិនអាចទាក់ទាញស្តាលីនឲ្យចូលរួមក្នុងកិច្ចព្រមព្រៀងការពារប្រទេស
ប៉ូឡូញ ពីដៃហ៊ីត្លែរ ដោយសារតែមិនមានអ្វីឲ្យសូវៀតជាថ្នូរ។ ហ៊ីត្លែរវិញ
ខុសពីបារាំង និងអង់គ្លេស។
តាមការពិត នៅក្នុងពេលដែល
ស្តាលីនកំពុងចរចាជាមួយបារាំង និងអង់គ្លេស ហ៊ីត្លែរក៏បានខ្នះខ្នែងយ៉ាងខ្លាំងដែរ
ដើម្បីបញ្ចុះបញ្ចូលសូវៀតកុំឲ្យលូកដៃចូលធ្វើអន្តរាគមន៍រារាំង ការឈ្លានពានរបស់អាល្លឺម៉ង់
ទៅលើប៉ូឡូញ ហើយហ៊ីត្លែរមានកាដូដ៏ធំមួយជាថ្នូរមកវិញ គឺសន្យាឲ្យស្តាលីនកាត់យកទឹកដីមួយផ្នែកធំ
នៅប៉ែកខាងកើតប៉ូឡូញ។ ស្តាលីនយល់ព្រម ហើយនៅថ្ងៃទី២២ ខែសីហា សូវៀត និងអាល្លឺម៉ង់ក៏បានចុះកិច្ចព្រមព្រៀងមិនឈ្លានពានគ្នា
ដោយនៅក្នុងនោះ មានខសម្ងាត់មួយចែងថា នៅក្នុងពេលមានសង្រ្គាម រវាងអាល្លឺម៉ង់
និងប៉ូឡូញ សូវៀតអាចកាត់យកទឹកដីប៉ែកខាងកើតប៉ូឡូញ ព្រមទាំងប្រទេស ៣
នៅជុំវិញសមុទ្របាល់ទិក គឺឡេតូនី លីទុយអានី និងអេស្តូនី
យកទៅធ្វើជាទឹកដីរបស់ខ្លួន។ ជោគវាសនារបស់ប៉ូឡូញត្រូវបានកំណត់មិនមែនដោយព្រហ្មលិខិតទេ
តែដោយកិច្ចព្រមព្រៀងហ៊ីត្លែរ-ស្តាលីន។ ហ៊ីត្លែរបានរៀបចំផែនការឲ្យកងទ័ពអាល្លឺម៉ង់
វាយលុកទៅតាមពីរមុខសញ្ញាព្រមៗគ្នា ក្នុងគោលដៅ ចូលកាន់កាប់ទីក្រុងវ៉ាសូវីរបស់ប៉ូឡូញ។
ក៏ប៉ុន្តែ ហ៊ីត្លែរនៅត្រូវការលេសសមហេតុសមផលមួយ
ដើម្បីអាចចូលឈ្លានពានប៉ូឡូញ។
នៅយប់ថ្ងៃទី៣១ ខែសីហា ឆ្នាំ១៩៣៩ កងកុម្មង់ដូអាល្លឺម៉ង់ក្នុងឯកសណ្ឋានជាទាហានប៉ូឡូញបានបើកការ
វាយប្រហារទៅលើទីតាំងមួយចំនួន នៅក្នុងទឹកដីអាល្លឺម៉ង់ ក្បែរព្រំដែនជាមួយប៉ូឡូញ។
ហ៊ីត្លែរបានលេសថាប៉ូឡូញជាអ្នកវាយប្រហារលើអាល្លឺម៉ង់មុន ក៏បញ្ជូនទ័ពវាយលុកចូលឈ្លានពានប៉ូឡូញ
នៅព្រឹកព្រលឹមថ្ងៃទី១ ខែកញ្ញា។
នៅថ្ងៃទី៣ កញ្ញា បារាំង និងអង់គ្លេសបានដាក់ឱសានវាទឲ្យហ៊ីត្លែរដកកងទ័ពចេញពីប៉ូឡូញ។
នៅយប់ថ្ងៃដដែល ឱសានវាទត្រូវផុតកំណត់ ហ៊ីត្លែរមិនដកទ័ព បារាំង និងអង់គ្លេស
ក៏បានប្រកាសសង្រ្គាមលើអាល្លឺម៉ង់ ហើយសង្រ្គាមលោកលើកទី២
ក៏បានចាប់ផ្ទុះឡើង។
ក៏ប៉ុន្តែ នៅពេលនោះ បារាំង
និងអង់គ្លេស ថ្វីដ្បិតតែបានប្រកាសសង្រ្គាមលើអាល្លឺម៉ង់ តែមិនបានធ្វើសកម្មភាពយោធាអ្វីធំដុំនោះទេ
ដោយទុកឲ្យប៉ូឡូញប្រឈមមុខនឹងកងទ័ពរបស់ហ៊ីត្លែរតែម្នាក់ឯង។ មិនតែប៉ុណ្ណោះ
ប៉ូឡូញត្រូវប្រឈមមុខនឹងកងទ័ពរបស់ស្តាលីន ដែលបានវាយលុកចូលប៉ូឡូញពីទិសខាងកើត
នៅថ្ងៃទី១៧ ខែកញ្ញា ស្របទៅតាមអ្វីដែលបានព្រមព្រៀងគ្នាជាមួយហ៊ីត្លែរ
កាលពីខែសីហា។
នៅថ្ងៃទី៦តុលា
កងទ័ពប៉ូឡូញត្រូវទទួលបរាជ័យទាំងស្រុង ហើយទឹកដីប៉ូឡូញត្រូវបានហ៊ីត្លែរ
និងស្តាលីន ពុះជាពីរចែកគ្នាកាន់កាប់មួយចំណែកម្នាក់។ ក្រោយពីទទួលជ័យជម្នះនៅប៉ូឡូញ
ស្តាលីនបានងាកទៅវាយលុកចូលហ្វាំងឡង់ ចំណែកហ៊ីត្លែរវិញ បានបង្វែរកងទ័ពចេញពីប៉ូឡូញ
មកទិសខាងលិច ដើម្បីត្រៀមតទល់ជាមួយបារាំង និងអង់គ្លេស។
នៅសមរភូមិទិសខាងលិចនេះ ការវាយប្រយុទ្ធគ្នាបានកើតមានតែនៅទីសមុទ្រ រវាងនាវាចម្បាំងអាល្លឺម៉ង់
និងអង់គ្លេស ហើយជាថ្មីម្តងទៀត អាល្លឺម៉ង់បានប្រើតាក់ទិកដដែល
ដូចកាលពីសង្រ្គាមលោកលើកទី១ គឺប្រើនាវាមុជទឹកបាញ់ពន្លិចនាវាដឹកទំនិញចេញចូលប្រទេសអង់គ្លេស។
រហូតដល់ជិតពាក់កណ្តាលឆ្នាំ១៩៤០ ទើបសមរភូមិជើងគោកទ្រង់ទ្រាយធំបានចាប់ផ្តើមឡើង
ក្រោយពីទាហានហ៊ីត្លែរបានវាយលុកទៅលើន័រវែស ដាណឺម៉ាក បន្ទាប់មក ទៅលើហូឡង់
និងប៊ែលហ្ស៊ិក ហើយឆ្លងចូលទៅក្នុងប្រទេសបារាំង នៅខែឧសភា ឆ្នាំ១៩៤០៕