ហ៊ីត្លែរចូលឈ្លានពានអូទ្រីស និងឆេកូស្លូវ៉ាគីឆ្នាំ១៩៣៨
នៅក្រោយសង្រ្គាមលោកលើកទី១
ចក្រភពអូទ្រីសហុងគ្រី ដែលចាញ់សង្រ្គាម ត្រូវដួលរលំ
ហើយបែកខ្ញែកទៅជាប្រទេសផ្សេងៗគ្នា ក្នុងនោះ រួមមានប្រទេសអូទ្រីស និងឆេកូស្លូវ៉ាគីដែលមានប្រជាជនយ៉ាងច្រើនមានដើមកំណើតអាល្លឺម៉ង់។
នៅឆេកូស្លូវ៉ាគី ប្រជាជនដើមកំណើតអាល្លឺម៉ង់ភាគច្រើនរស់នៅក្នុងតំបន់ស៊ូដែត
(Sudète) ឬ Sudetenland តាមភាសាអាល្លឺម៉ង់។
គឺប្រទេសទាំងពីរនេះហើយ ដែលជាចំណុចស៊ីបនៃនយោបាយវាតទីនិយមរបស់ហ៊ីត្លែរ។
នៅចុងឆ្នាំ១៩៣៧
ហ៊ីត្លែរបានដាក់ចេញនូវផែនការជា៣ដំណាក់កាល ដើម្បីវាតទីពង្រីកទឹកដីទៅទិសខាងកើត
គឺដំបូងចូលឈ្លានពានអូទ្រីស ដែលជាប្រទេសកំណើតរបស់ហ៊ីត្លែរ បន្ទាប់មក
ឈ្លានពានឆេកូស្លូវ៉ាគី និងដំណាក់កាលទី៣ ចូលឈ្លានពានប្រទេសប៉ូឡូញ។
មុននឹងចាប់ផ្តើមអនុវត្តផែនការនេះ ហ៊ីត្លែរបានរៀបចំចរចាចុះសន្ធិសញ្ញាចងសម្ព័ន្ធមិត្តជាមួយនឹង
អ៊ីតាលី ដែលនៅពេលនោះ ជាខ្នងបង្អែករបស់អូទ្រីស។ នៅខែវិច្ឆិកា ឆ្នាំ១៩៣៧
មូសូលីនី មេដឹកនាំផ្តាច់ការអ៊ីតាលីបានទទួលយកសំណើរបស់ហ៊ីត្លែរ ហើយចូលរួម នៅក្នុងសន្ធិសញ្ញាសម្ព័ន្ធមិត្ត ត្រីភាគី អាល្លឺម៉ង់-អ៊ីតាលី-ជប៉ុន។
ប្រមាណជា ៤ខែក្រោយមក ហ៊ីត្លែរក៏បានចាប់ផ្តើមអនុវត្តតាមផែនការក្នុងការលេបយកប្រទេស
អូទ្រីស ដោយពីដំបូងហ៊ីត្លែរបានទាមទារឲ្យប្រមុខរដ្ឋាភិបាលអូទ្រីសតែងតាំង
សមាជិកគណបក្សណាហ្ស៊ីអូទ្រីសឲ្យកាន់តំណែងសំខាន់ៗ នៅក្នុងរដ្ឋាភិបាល។
អធិកាបតីអូទ្រីសបដិសេធ។ ហ៊ីត្លែរក៏បានបញ្ជាឲ្យមេដឹកនាំណាហ្ស៊ីនៅអូទ្រីសធ្វើរដ្ឋប្រហារ
ដោយប្រកាសបង្កើតរដ្ឋាភិបាលបណ្តោះអាសន្ន ហើយបន្ទាប់មកស្នើជំនួយពីអាល្លឺម៉ង់។
នៅថ្ងៃទី១២មីនា ទាហានអាល្លឺម៉ង់ក៏បានចូលឈ្លានពានអូទ្រីស រួចហើយប្រកាសភ្ជាប់ប្រទេសអូទ្រីសទៅក្នុងទឹកដីអាល្លឺម៉ង់។
តបទៅនឹងអំពើឈ្លានពានរបស់ហ៊ីត្លែរ
ទៅលើអូទ្រីសនេះ បារាំង និងអង់គ្លេស មិនបានធ្វើសកម្មភាពអ្វី ក្រៅតែពីធ្វើការតវ៉ាតាមផ្លូវទូតនោះទេ។
បារាំង និងអង់គ្លេស ដែលទើបនឹងងើបចេញពីសង្រ្គាមលោកលើកទី១ ហើយកំពុងប្រឈមមុខនឹងបញ្ហាសេដ្ឋកិច្ចយ៉ាងធ្ងន់ធ្ងរនោះ
តែងតែនាំគ្នាខិតខំព្យាយាមគ្រប់មធ្យោបាយ ដើម្បីបញ្ចៀសកុំឲ្យមានសង្រ្គាមផ្ទុះឡើងសាជាថ្មីទៀត។
អសកម្មភាពរបស់មហាអំណាចទាំងពីរនេះធ្វើឲ្យហ៊ីត្លែរកាន់តែបានចិត្ត ក៏ចាប់ផ្តើមអនុវត្តផែនការដំណាក់កាលទី២របស់ខ្លួន
គឺចូលឈ្លានពានឆេកូស្លូវ៉ាគី ដោយប្រើតាក់ទិកតែមួយ ដែលហ៊ីត្លែរធ្លាប់ប្រើនៅអូទ្រីស។
នៅខែកញ្ញា ឆ្នាំ១៩៣៨
ដោយមានការជំរុញពីសំណាក់ហ៊ីត្លែរ មេដឹកនាំគណបក្សស្និទ្ធនឹងណាស៊ី
នៅក្នុងតំបន់ស៊ូដែត បានទាមទារផ្តាច់តំបន់នេះ ចេញពីប្រទេសឆេកូស្លូវ៉ាគី ដើម្បីភ្ជាប់ខ្លួនជាមួយនឹងអាល្លឺម៉ង់។
រដ្ឋាភិបាលឆេកូស្លូវ៉ាគីបដិសេធ ហ៊ីត្លែរក៏បានគំរាមធ្វើសង្រ្គាម ក្នុងហេតុផលថា
ដើម្បីចូលទៅការពារប្រជាជនអាល្លឺម៉ង់ ដែលរស់នៅក្នុងតំបន់នេះ។
វិបត្តិនៅឆេកូស្លូវ៉ាគីនេះហាក់ដូចជាបានដាស់អារម្មណ៍បារាំង
និងអង់គ្លេស អំពីមហិច្ឆតាយោធារបស់ហ៊ីត្លែរ ក៏ប៉ុន្តែ ជាថ្មីម្តងទៀត ប្រទេសមហាអំណាចទាំងពីរនេះនៅតែប្រកាន់ជំហរដូចពីមុនដដែល
គឺធ្វើដូចម្តេចឲ្យតែអាចបញ្ចៀសសង្រ្គាមជាមួយហ៊ីត្លែរ បើទោះបីជាត្រូវកាត់ដីឆេកូស្លូវ៉ាគីទៅឲ្យអាល្លឺម៉ង់ក៏ដោយ។
ដើម្បីបញ្ចៀសជម្លោះជាមួយហ៊ីត្លែរ បារាំង និងអង់គ្លេស បានដាក់សម្ពាធលើឆេកូស្លូវ៉ាគីឲ្យធ្វើតាមការទាមទាររបស់អាល្លឺម៉ង់
ពោលគឺ ត្រូវកាត់យកទឹកដីមួយផ្នែកនៃតំបន់ស៊ូដែត (គឺកន្លែងណាដែលមានប្រជាជនដើមកំណើតអាល្លឺម៉ង់លើសពី
៥០%) យកមកដាក់បញ្ចូលក្នុងទឹកដីអាល្លឺម៉ង់ ហើយជាថ្នូរមកវិញ អង់គ្លេស និងបារាំង
ធានាថានឹងការពារឯករាជ្យ និងបូរណភាពទឹកដីដែលនៅសេសសល់របស់ឆេកូស្លូវ៉ាគី។
![]() |
ពីឆ្វេងទៅស្តាំ៖ ប្រមុខដឹកនាំអង់គ្លេស បារាំង អាល្លឺម៉ង់ និងអ៊ីតាលី នៅក្នុងពេលចុះកិច្ចព្រមព្រៀងក្រុងមុយនិក ស្តីពីការកាត់ទឹកដីមួយផ្នែករបស់ឆេកូស្លូវ៉ាគី ទៅឲ្យអាល្លឺម៉ង់ |
ឆេកូស្លូវ៉ាគីដែលមានកម្លាំងទ័ពខ្សោយ
ក៏បង្ខំចិត្តទទួលយកសំណើរបស់បារាំង និងអង់គ្លេស ហើយនៅថ្ងៃទី២២ ខែកញ្ញា
ឆ្នាំ១៩៣៨ នាយករដ្ឋមន្រ្តីអង់គ្លេសក៏ធ្វើដំណើរទៅជួបហ៊ីត្លែរ ដើម្បីប្រាប់អំពីដំណោះស្រាយនេះ
ក៏ប៉ុន្តែ ហ៊ីត្លែរស្រាប់តែបានធ្វើការទាមទារកាន់តែច្រើនជាងមុនទៅទៀត គឺទាមទារយកតំបន់ស៊ូដែតទាំងមូល
មិនមែនត្រឹមតែតំបន់ ដែលមានប្រជាជនអាល្លឺម៉ង់លើសពី ៥០% នោះទេ
ហើយម្យ៉ាងទៀត ហ៊ីត្លែរទាមទារថា ឆេកូស្លូវ៉ាគីត្រូវតែកាត់តំបន់ស៊ូដែតនេះមកឲ្យអាល្លឺម៉ង់ភ្លាមៗ
ដោយមិនចាំបាច់រង់ចាំឲ្យមានគណៈកម្មការអន្តរជាតិចូលមកធ្វើការ កំណត់ព្រំដែនជាមុននោះទេ។
នៅឯឆេកូស្លូវ៉ាគី
រដ្ឋាភិបាលបានសម្រេចកេណ្ឌកងទ័ព ដើម្បីត្រៀមការពារខ្លួនពីការឈ្លានពានរបស់កងទ័ពអាល្លឺម៉ង់។
សហភាពសូវៀត ដែលជាសម្ព័ន្ធមិត្តរបស់ឆេកូស្លូវ៉ាគី ក៏បានកេណ្ឌកងទ័ព ដើម្បីត្រៀមធ្វើសង្រ្គាមទល់នឹងហ៊ីត្លែរដែរ។
ក៏ប៉ុន្តែ អង់គ្លេស និងបារាំង នៅតែបន្តព្យាយាមរកវិធីចរចា ដើម្បីបញ្ចៀសសង្រ្គាមជាមួយហ៊ីត្លែរ។
រដ្ឋាភិបាលអង់គ្លេសនៅតែយល់ថា
ជម្លោះអាចនឹងបញ្ចប់ ប្រសិនបើឆេកូស្លូវ៉ាគីសុខចិត្តកាត់តំបន់ស៊ូដែតឲ្យទៅអាល្លឺម៉ង់
តាមការទាមទាររបស់ហ៊ីត្លែរ។ អង់គ្លេសក៏ត្រឡប់មកចរចាជាមួយហ៊ីត្លែរវិញ
ហើយនៅថ្ងៃទី៣០ ខែកញ្ញា អាល្លឺម៉ង់ អ៊ីតាលី អង់គ្លេស និងបារាំង ក៏បានចុះកិច្ចព្រមព្រៀងមួយ
នៅក្នុងទីក្រុងមុយនិក ដោយគ្មានវត្តមានឆេកូស្លូវ៉ាគី ដោយព្រមព្រៀងឲ្យអាល្លឺម៉ង់ចូលកាន់កាប់តំបន់ស៊ូដែត។
ជាថ្នូរមកវិញ ហ៊ីត្លែរបានសន្យាថានឹងបញ្ឈប់ការទាមទារផ្តាច់ទឹកដីរបស់ខ្លួនតែ
ត្រឹមតំបន់ស៊ូដែតនេះ។
បន្ទាប់មក បារាំង
និងអង់គ្លេសបានប្រាប់ទៅឆេកូស្លូវ៉ាគី អំពីអ្វីដែលគេបានព្រមព្រៀងជាមួយហ៊ីត្លែរ
នៅមុយនិក ដោយបញ្ជាក់ថា ប្រសិនបើឆេកូស្លូវ៉ាគីមិនព្រមប្រគល់តំបន់ស៊ូដែតទៅឲ្យហ៊ីត្លែរទេ
ឆេកូស្លូវ៉ាគីនឹងត្រូវប្រឈមមុខនឹងកងទ័ពអាល្លឺម៉ង់តែម្នាក់ឯង ដោយគ្មានជំនួយពីអង់គ្លេស
និងបារាំងនោះទេ។ ឆេកូស្លូវ៉ាគីដែលដឹងច្បាស់ថាខ្លួនមិនមានកម្លាំងទ័ពអាចទប់ទល់នឹង
ហ៊ីត្លែរបាន ក៏សុខចិត្តធ្វើតាម ហើយកងទ័ពអាល្លឺម៉ង់ក៏បានចូលកាន់កាប់តំបន់ស៊ូដែត
នៅថ្ងៃទី១០ ខែតុលា ឆ្នាំ១៩៣៨។
នៅអង់គ្លេស លោក Neville
Chamberlain នាយករដ្ឋមន្រ្តីអង់គ្លេស ត្រូវបានគេចាត់ទុកជាវីរបុរសដ៏ឆ្នើមមួយ
ដែលបានដោះស្រាយបញ្ចប់វិបត្តិឆេកូស្លូវ៉ាគី ដោយសន្តិវិធី ហើយបញ្ចៀសបាននូវសង្រ្គាម។
ក៏ប៉ុន្តែ នៅអាល្លឺម៉ង់វិញ ហ៊ីត្លែរបានកំណត់ក្នុងចិត្តថា សម្បទានគ្រប់យ៉ាង
ដែលអង់គ្លេស និងបារាំងបានធ្វើនៅក្នុងវិបត្តិឆេកូស្លូវ៉ាគី គឺបញ្ជាក់យ៉ាងច្បាស់ថាអង់គ្លេសនិងបារាំងកំពុងតែខ្លាចអាល្លឺម៉ង់។
ក្រោយមកមិនដល់មួយឆ្នាំផង
នៅខែមីនា ឆ្នាំ១៩៣៩ ហ៊ីត្លែរក៏បានចូលឈ្លានពានកាន់កាប់ទឹកដីដែលនៅសេសសល់របស់
ឆេកូស្លូវ៉ាគី ព្រមទាំងទាមទារយកទឹកដីរបស់ប្រទេសផ្សេងៗទៀត នៅក្នុងតំបន់ក្បែរៗនោះ។
រហូតមកទល់ពេលនោះ
ទើបអង់គ្លេស និងបារាំងភ្ញាក់ដឹងខ្លួនថា អ្វីដែលហ៊ីត្លែរបានសន្យា
នៅទីក្រុងមុយនិក កាលពីឆ្នាំមុន គឺជាការបោកប្រាស់សុទ្ធសាធ ហើយសម្រេចថា
ចាប់ពីពេលនេះទៅ ពួកគេនឹងលែងធ្វើសម្បទាន ដើម្បីផ្គាប់ចិត្តហ៊ីត្លែរដូចពីមុនទៀតហើយ។
នៅថ្ងៃទី៣១ ខែមីនា
១៩៣៩ ក្រោយពីហ៊ីត្លែរបានទាមទារផ្តាច់ទឹកដីមួយផ្នែករបស់ប៉ូឡូញ បារាំង និងអង់គ្លេស
ក៏បានប្រកាសជាសាធារណៈធានាការពារឯករាជ្យ និងបូរណភាពទឹកដីរបស់ប៉ូឡូញ
ពីការឈ្លានពានរបស់ហ៊ីត្លែរ។ ក៏ប៉ុន្តែ ការប្រកាសនេះមិនបានធ្វើឲ្យហ៊ីត្លែរខ្លាចរអានោះទេ។
ហ៊ីត្លែរ ដែលធ្លាប់មើលឃើញពីជំហរទន់ជ្រាយរបស់បារាំង និងអង់គ្លេស កាលពីអំឡុងវិបត្តិនៅឆេកូស្លូវ៉ាគី
ក៏បានចូលឈ្លានពានប្រទេសប៉ូឡូញ នៅថ្ងៃទី១ ខែកញ្ញា ឆ្នាំ១៩៣៩។
ពីរថ្ងៃក្រោយមក បារាំង និងអង់គ្លេស បានប្រកាសសង្រ្គាមលើអាល្លឺម៉ង់ ហើយសង្រ្គាមលោកលើកទី២ក៏ចាប់ផ្ទុះឡើង៕