បារាំងនិងអង់គ្លេសឈរឱបដៃមើលហ៊ីត្លែរបង្កើនកម្លាំងទ័ព រំលោភលើសន្ធិសញ្ញាសន្តិភាពក្រុង Versailles
គិតត្រឹមឆ្នាំ១៩៣៤
អំណាចរដ្ឋទាំងអស់នៅអាល្លឺម៉ង់ ទាំងអំណាចជាប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាល និងអគ្គបញ្ជាការកងទ័ពជាតិ
ត្រូវធ្លាក់ក្នុងដៃមនុស្សតែម្នាក់ គឺហ៊ីត្លែរ ដែលពេលនោះមានងារជា “Führer” (អគ្គមគ្គទេសក៍)។ ចាប់ពីពេលនោះមក ហ៊ីត្លែរក៏ចាប់ផ្តើមពង្រីកកម្លាំងទ័ពអាល្លឺម៉ង់
ដើម្បីសម្រេចតាមមហិច្ឆតាវាតទីនិយម និងគោលគំនិតបន្សុទ្ធជាតិសាសន៍អាល្លឺម៉ង់។
មហិច្ឆតា
និងគោលគំនិតទាំងអស់នេះ មិនមែនជារឿងសម្ងាត់ទេ ពីព្រោះថា ហ៊ីត្លែរធ្លាប់បានសរសេរលម្អិត
នៅក្នុងសៀវភៅ “Mein Kampf” ដែលត្រូវបានបោះពុម្ពផ្សាយរាប់លានក្បាល។ សួរថាតើហេតុអ្វីបានជាបណ្តាប្រទេសមហាអំណាច
រួមមាន សហរដ្ឋអាមេរិក បារាំង និងអង់គ្លេស ជាដើម
បណ្តោយឲ្យហ៊ីត្លែរពង្រីកកម្លាំងទ័ព ទាំងរំលោភលើសន្ធិសញ្ញាសន្តិភាព ដែលបានចុះនៅក្រោយសង្រ្គាមលោកលើកទី១បែបនេះ?
តាមការពិត
ថ្វីដ្បិតតែគេបានអានសៀវភៅ “Mein Kampf” ក៏ប៉ុន្តែ មនុស្សភាគច្រើនយល់ថា
អ្វីៗដែលហ៊ីត្លែរសរសេរនៅក្នុងសៀវភៅនេះ គឺជាគំនិតជ្រុលនិយមហួសហេតុ
ហួសពីភាពប្រាកដនិយម ហើយវាគ្រាន់តែជាការសរសេរបញ្ចេញយោបល់ នៅក្នុងពេលដែលហ៊ីត្លែរនៅជាអ្នកនយោបាយប្រឆាំងប៉ុណ្ណោះ។
គេមិនជឿថា ហ៊ីត្លែរពិតជានឹងអនុវត្តតាមគោលគំនិតនេះទាំងអស់ទេ នៅពេលបានឡើងកាន់អំណាច។
ម្យ៉ាងវិញទៀត
បណ្តាប្រទេសមហាអំណាចឈ្នះសង្រ្គាមលោកលើកទី១ រួមមាន អាមេរិក បារាំង
និងអង់គ្លេស បាននាំគ្នាទុកបណ្តោយឲ្យហ៊ីត្លែរបង្កើនកម្លាំងទ័ព ដោយបំពានទៅលើសន្ធិសញ្ញាសន្តិភាពក្រុង
Versailles គឺដោយសារតែហេតុផលសំខាន់ៗពីរ។
ទីមួយ នៅពេលនោះ
វិបត្តិសេដ្ឋកិច្ចពិភពលោកកំពុងតែរាលដាលពេញបន្ទុក ធ្វើឲ្យសហរដ្ឋអាមេរិក
បារាំង និងអង់គ្លេស ត្រូវវក់វីនឹងបញ្ហាសេដ្ឋកិច្ចនៅក្នុងស្រុករៀងៗខ្លួន
ហើយព្យាយាមចៀសវាងមិនចង់ឲ្យមានជម្លោះប្រដាប់អាវុធណាមួយបន្ថែម ពីលើនោះទៀត។
ហេតុផលទីពីរ
ហ៊ីត្លែរក៏មិនបានបង្កើនកម្លាំងទ័ពភ្លាមៗទាំងកម្រោល ដែលបង្កើតក្តីបារម្ភពិសេសណាមួយដល់ប្រទេសមហាអំណាចទាំងអស់នេះដែរ។
សកម្មភាពមួយចំនួនធំ ក្នុងការពង្រីកកម្លាំងទ័ព និងផលិតគ្រឿងសព្វាវុធធ្ងន់ៗត្រូវធ្វើឡើងដោយសម្ងាត់
ឬធ្វើឡើងនៅក្រោមរូបភាពជាគម្រោងអភិវឌ្ឍឧស្សាហកម្ម និងបច្ចេកវិទ្យាស៊ីវិល។
ចំពោះវិធានការដែលត្រូវធ្វើឡើងជាសាធារណៈ ហ៊ីត្លែរច្រើនតែរង់ចាំមើលទាល់តែមានលេសណាមួយ
ដែលអាចលើកយកមកជាសំអាងថាជាការគំរាមកំហែងដល់សន្តិសុខជាតិរបស់ អាល្លឺម៉ង់
ទើបប្រកាសធ្វើ ហើយធ្វើឡើងបន្តិចម្តងៗ ដើម្បីតេស្តមើលពីប្រតិកម្មរបស់ប្រទេសមហាអំណាចដែលជាគូសត្រូវ។
ហ៊ីត្លែរឈានជើងមួយជំហាន គ្មានប្រតិកម្ម ក៏បោះមួយជំហានទៅមុខមួយទៀត។ ពីរជំហានគ្មានប្រតិកម្ម
ក៏ចេះតែឈានទៅមុខជាជំហានៗ រហូតដល់ពេលមួយទម្រាំតែប្រទេសមហាអំណាចដឹងខ្លួន អ្វីៗត្រូវហួសពេលមិនអាចត្រឡប់ក្រោយវិញបាន។
ហ៊ីត្លែរបានចាប់ផ្តើមពង្រីកកម្លាំងទ័ពអាល្លឺម៉ង់
ដោយចាប់ផ្តើមពីការធ្វើទំនើបកម្មបច្ចេកវិទ្យាយោធាក្រោមរូបភាព ស៊ីវិល។
បន្ទាប់មកទៀត នៅឆ្នាំ១៩៣៥ នៅក្រោយពេលដែលបារាំងប្រកាសបង្កើនមួយទ្វេជាពីរ នៃរយៈពេលដែលពលរដ្ឋត្រូវជាប់កាតព្វកិច្ចយោធា
ហ៊ីត្លែរក៏បានលេស ប្រកាសបង្កើតឲ្យមានឡើងវិញនូវកាតព្វកិច្ចយោធានៅអាល្លឺម៉ង់
ព្រមទាំងបានសម្រេចបង្កើតទ័ពអាកាសអាល្លឺម៉ង់ឡើងវិញ ដែលជាការរំលោភទៅលើសន្ធិសញ្ញាក្រុង
Versailles។
នៅឆ្នាំដដែលនោះ
អង់គ្លេសដែលចង់បង្កើនទំនាក់ទំនងជាមួយអាល្លឺម៉ង់ ហើយបញ្ចៀសជម្លោះជាមួយហ៊ីត្លែរ
ក៏បានសុខចិត្តចុះកិច្ចព្រមព្រៀងឲ្យអាល្លឺម៉ង់អាចផលិតនាវាចម្បាំង លើសពីអ្វីដែលមានកំណត់នៅក្នុងសន្ធិសញ្ញាក្រុង
Versailles ហើយជាថ្នូរមកវិញ ហ៊ីត្លែរសន្យាថាអាល្លឺម៉ង់នឹងមិនបង្កើននាវាចម្បាំងឲ្យហួសពី
៣៥% នៃនាវាចម្បាំងរបស់អង់គ្លេសនោះទេ។ ការចុះកិច្ចព្រមព្រៀងនេះ គឺជាកំហុសដ៏ធ្ងន់មួយរបស់អង់គ្លេស
ពីព្រោះថា វាបានលើកទឹកចិត្តឲ្យហ៊ីត្លែរបន្តពង្រីកកម្លាំងទ័ពរំលោភលើ សន្ធិសញ្ញាក្រុង
Versailles បន្ថែមទៀត។ នៅទីចុងបំផុត សូម្បីតែការសន្យាថានឹងមិនមាននាវាចម្បាំងហួសពី
៣៥% នៃនាវាចម្បាំងរបស់អង់គ្លេស ក៏ហ៊ីត្លែរមិនគោរពតាមដែរ។
នៅឆ្នាំ១៩៣៦ នៅក្រោយពេលដែលបារាំងបានចុះសន្ធិសញ្ញាសម្ព័ន្ធភាពជាមួយសហភាពសូវៀត
ដែលនៅក្នុងនោះមានចែងថា បារាំងមានកាតព្វកិច្ចជួយសូវៀត ក្នុងករណីមានសង្រ្គាមជាមួយអាល្លឺម៉ង់
ហ៊ីត្លែរក៏បានលេសនេះមកចោទបារាំងថាបានធ្វើផ្ទុយពីសន្ធិសញ្ញា ក្រុង Versailles
ហើយថា សម្ព័ន្ធភាពបារាំង-សូវៀតនេះ គឺជាការគំរាមកំហែងដល់សន្តិសុខជាតិអាល្លឺម៉ង់
ដែលចាំបាច់ត្រូវតែឲ្យអាល្លឺម៉ង់ចាត់វិធានការបន្ថែមទៀត ដើម្បីពង្រឹងវិស័យការពារជាតិរបស់ខ្លួន។
ហ៊ីត្លែរក៏បានបញ្ជូនទាហានចូលមកឈរជើងនៅក្នុងតំបន់ Rheinland ដែលជាប់នឹងព្រំដែនរបស់បារាំង ដោយរំលោភទៅលើបម្រាម ដែលមានចែងនៅក្នុងសន្ធិសញ្ញាក្រុង
Versailles។
នៅពេលនោះ
មេទ័ពអាល្លឺម៉ង់មានការបារម្ភយ៉ាងខ្លាំង ចំពោះវិធានការរបស់ហ៊ីត្លែរ
ពីព្រោះថា អាល្លឺម៉ង់មានកងទ័ពសរុបតែ ១០ម៉ឺននាក់ប៉ុណ្ណោះ ចំណែកឯបារាំងវិញ
មានចំនួនទ័ពច្រើនជាងអាល្លឺម៉ង់រហូតដល់ទៅ ៨ដង។ ដូច្នេះ ប្រសិនបើផ្ទុះសង្រ្គាមនឹងគ្នា
អាល្លឺម៉ង់ប្រាកដជាមិនអាចទប់ទល់នឹងកងទ័ពបារាំងបាននោះទេ។ មេទ័ពអាល្លឺម៉ង់ក៏បានដាក់បញ្ជាដល់ទាហានរបស់ខ្លួនដែលចូលទៅឈរជើង
នៅក្បែរព្រំដែនបារាំងថា ប្រសិនបើមានការប្រឈមមុខដាក់គ្នាជាមួយនឹងទាហានបារាំង
ពួកគេត្រូវតែដកថយមកវិញភ្លាម។ ក៏ប៉ុន្តែ ជារឿងដែលគួរឲ្យភ្ញាក់ផ្អើល បារាំងមិនបានចាត់វិធានការអ្វីតបតវិញទាំងអស់
ក្រៅតែពីធ្វើការតវ៉ាតាមផ្លូវទូត ទៅសង្គមប្រជាជាតិ ដែលជាស្ថាប័នមួយគ្មានអំណាច
ហើយដែលអាល្លឺម៉ង់បានដកខ្លួនចេញពីសមាជិក តាំងពីឆ្នាំ១៩៣៣។
អសកម្មភាពរបស់បារាំងនៅពេលនោះ
បានធ្វើឲ្យហ៊ីត្លែរបកស្រាយថាជាភាពទន់ជ្រាយមួយ ហើយចាប់ពីពេលនោះមក ហ៊ីត្លែរបានកំណត់ក្នុងចិត្តថា
បារាំង និងអង់គ្លេស ប្រាកដជានឹងមិនហ៊ានចេញមុខប្រឆាំងនឹងអាល្លឺម៉ង់នោះទេ។
នៅខែវិច្ឆិកា
ឆ្នាំ១៩៣៧ ហ៊ីត្លែរក៏បានប្រាប់ទៅមេទ័ពអាល្លឺម៉ង់ អំពីផែនការជាជំហានៗ ដើម្បីវាតទីពង្រីកទឹកដីទៅទិសខាងកើត
ដោយចាប់ផ្តើមដំបូង ពីការឈ្លានពានយកអូទ្រីស ដែលសម្បូរទៅដោយប្រជាជនដើមកំណើតអាល្លឺម៉ង់
យកមកដាក់បញ្ចូលទៅក្នុងទឹកដីអាល្លឺម៉ង់ នៅក្នុងនយោបាយមួយ ដែលហៅតាមភាសាអាល្លឺម៉ង់ថា
"Anschluss"
(មានន័យជាភាសាខ្មែរថា “ការភ្ជាប់” ឬ “ការបង្រួបបង្រួម”)។ ជំហានទីពីរ នៅក្នុងគម្រោងការណ៍របស់ហ៊ីត្លែរ
គឺចូលឈ្លានពានឆេកូស្លូវ៉ាគី ដើម្បីកាត់យកដែនដីមួយផ្នែកដែលសម្បូរប្រជាជនដើមកំណើតអាល្លឺម៉ង់
យកមកកាន់កាប់។ ជំហានទី៣ គឺចូលឈ្លានពានប្រទេសប៉ូឡូញ។
ប៉ុន្មានឆ្នាំក្រោយមកទៀត
គេឃើញថា ហ៊ីត្លែរបានអនុវត្តតាមផែនការរបស់ខ្លួនជាជំហានៗ ដោយមិនមានអ្នកណាចេញមុខមករារាំងអ្វីទាំងអស់។
ហ៊ីត្លែរចាប់ផ្តើមដំបូង ពីការស្វះស្វែងរកកិច្ចព្រមព្រៀងសម្ព័ន្ធភាពជាមួយអ៊ីតាលី
ដែលនៅពេលនោះ គឺជាសម្ព័ន្ធមិត្តដ៏ជិតស្និទ្ធរបស់អូទ្រីស។ នៅខែវិច្ឆិកា
ឆ្នាំ១៩៣៧ មូសូលីនី មេដឹកនាំអ៊ីតាលីបានទទួលយកសំណើរបស់ហ៊ីត្លែរ ហើយសុខចិត្តចូលរួមនៅក្នុងសន្ធិសញ្ញាសម្ព័ន្ធភាព
ដែលអាល្លឺម៉ង់ទើបនឹងបានចុះជាមួយជប៉ុន កាលពីមួយឆ្នាំ ហើយបង្កើតទៅជាបក្សសម្ព័ន្ធត្រីភាគី
អាល្លឺម៉ង់-អ៊ីតាលី-ជប៉ុន។
![]() |
ប្រជាជនដើមកំណើតអាល្លឺម៉ង់ នៅក្នុងប្រទេសឆេកូស្លូវ៉ាគី ទទួលស្វាគមន៍ទាហានណាហ្ស៊ី |
ក្រោយពីបានចុះសម្ព័ន្ធភាពជាមួយមូសូលីនីហើយ
ជំហានបន្ទាប់ ហ៊ីត្លែរក៏បានកាត់យកប្រទេសអូទ្រីសមកកាន់កាប់ នៅខែមីនា
ឆ្នាំ១៩៣៨ មុនចូលឈ្លានពានឆេកូស្លូវ៉ាគី នៅប៉ុន្មានខែក្រោយមក ទៀត។ ដូចការរំពឹងទុករបស់ហ៊ីត្លែរ
គេមិនឃើញមានប្រទេសមហាអំណាចធំៗណាមួយចេញមុខរារាំងសកម្មភាពឈ្លានពាន របស់អាល្លឺម៉ង់នេះទេ។
រហូតទាល់តែដល់ឆ្នាំ១៩៣៩ នៅពេលដែលហ៊ីត្លែរគ្រោងចូលឈ្លានពានប៉ូឡូញ
ទើបបារាំង និងអង់គ្លេសភ្ញាក់ដឹងខ្លួន។ ក៏ប៉ុន្តែ នៅពេលនោះ ស្ថានភាពបានចូលដល់លក្ខណៈទុំជោរជ្រុលដែលធ្វើឲ្យគេលែងអាចរារាំង
មហិច្ឆតាវាតទីនិយមរបស់ហ៊ីត្លែរបានទៀតហើយ ក្រៅតែពីការធ្វើសង្រ្គាម៕