Labels

Albert Einstein Alexandre le Grand ISIS La Terreur Pearl Harbor Renaissance កំណែទម្រង់ប៉េរេស្ត្រយកា កំណែទម្រង់សេដ្ឋកិច្ចចិន កម្ពុជា កម្ពុជាក្រោម កម្លាំងទំនាញសកល ការចាប់ផ្ដើម ការប្រជែងផ្នែកអវកាស ការវិលត្រឡប់ទៅកាន់អំណាច កាលីលេ កូសាំងស៊ីន ក្រិក ក្រុមជីហាតរដ្ឋអ៊ីស្លាម ក្រុមភេរវជនអន្តរជាតិ ខ្សែបន្ទាត់ព្រំដែន គ្រាប់បែកនុយក្លេអ៊ែរ គ្រីស្តូហ្វកូឡុំ គ្រឹស្តសាសនា ចក្រភពម៉ុងហ្គោល ចក្រភពរ៉ូម ចក្រភពអារ៉ាប់ ចលនាតស៊ូប្រដាប់អាវុធកុម្មុយនិស្ត ចិន ច្បាប់នៃចលនា ឆេកូស្លូវ៉ាគី ជប៉ុន ជ័យជម្នះរបស់ក្រុមសម្ព័ន្ធមិត្ត ជិនហ្គីស ខាន់ ដែនដីអាណានិគម តេងស៊ាវពីង តេងស៊ាវភីង ទ្រឹស្តីតារាសាស្រ្ត ទ្រឹស្តីសាសនា បក្សកុម្មុយនិស្តចិន បដិវត្តន៍ បដិវត្តន៍កសិកម្ម បដិវត្តន៍រាជានិយម បដិវត្តន៍វប្បធម៌ បដិវត្តន៍អ៊ីរ៉ង់ បារាំង បិតាកំណែទម្រង់សេដ្ឋកិច្ចចិន ប៊ិនឡាដិន បុរេប្រវត្តិ ប្រធានាធិបតីអាមេរិក ប្រវត្តិសាស្រ្ត ប្លុកកុម្មុយនិស្ត ផលវិបាក ភេរវកម្ម១១កញ្ញា មជ្ឈិមបូព៌ា មហាអំណាចអាណានិគមអាស៊ី មហាអំណាចអឺរ៉ុប មូលហេតុ ម៉ៅសេទុង យុគខ្មៅងងឹត យុគនៃពន្លឺ រដ្ឋធម្មនុញ្ រុស្សី លេនីន វាំងននដែក វិទ្យាសាស្រ្ត វិបត្តិប៊ែរឡាំង វិបត្តិព្រែកជីកស៊ុយអេ វិបត្តិមីស៊ីលគុយបា វៀតណាមខាងត្បូង សង្គ្រាមលោកលើកទី១ សង្គ្រាមលោកលើកទី២ សង្រ្គាមកូរ៉េ សង្រ្គាមឈូងសមុទ្រពែក្ស សង្រ្គាមត្រជាក់ សង្រ្គាមវៀតណាម សង្រ្គាមស៊ីវិល សង្រ្គាមអាហ្វហ្កានីស្ថាន សង្រ្គាមអ៊ីរ៉ាក់ សង្រ្គាមឥណ្ឌូចិន សព្វាវុធនុយក្លេអ៊ែរ សហភាពសូវៀត សហរដ្ឋអាមេរិក សាសនាអ៊ីស្លាម ស្ថានភាពពិភពលោក ហ៊ីត្លែរ ហ្គ័របាឆូវ អង់គ្លេស អធិរាជណាប៉ូឡេអុង អរិយធម៌ដ៏ចំណាស់បំផុតរបស់មនុស្សជាតិ អរិយធម៌មេឌីទែរ៉ាណេ អរិយធម៌អាស៊ីអាគ្នេយ៍ អាញ់ស្តាញ់ អាណាចក្រខ្មែរ អាណានិគម អាណាព្យាបាលបារាំង អាប្រាហាំលីនកុន អាមេរិក អារ៉ាប់ អាល់កៃដា អាល់ប៊ែរ អាញ់ស្តាញ់ អាស៊ីប៉ាសីហ្វិក អ៊ីតាលី អ៊ីសាក់ញូតុន អ៊ីស្រាអែល អឺរ៉ុបខាងកើត អ៊ុយក្រែន ឧស្សាហកម្ម

វិបត្តិសេដ្ឋកិច្ចពិភពលោកឆ្នាំ១៩២៩និងការឡើងកាន់អំណាច របស់ហ៊ីត្លែរនៅអាល្លឺម៉ង់

  វិបត្តិ​សេដ្ឋកិច្ច​ពិភពលោក​ឆ្នាំ​១៩២៩ (ដែល​គេ​ច្រើន​ហៅ​តាម​ភាសា​អង់គ្លេស​ថា The Great Depression) គឺ​ជា​វិបត្តិ​សេដ្ឋកិច្ច​ដ៏ធ្ងន់ធ្ងរ និង​អូសបន្លាយពេល​យូរ​បំផុត នៅ​ក្នុង​ប្រវត្តិសាស្រ្ត​ពិភពលោក​សម័យទំនើប។ អ្វីៗ​បាន​ចាប់ផ្ទុះឡើង​ចេញ​ពី​ភាព​ចលាចល​នៃ​ទីផ្សារ​មូលបត្រ​សហរដ្ឋ​ អាមេរិក នៅ​ខែ​តុលា​ ឆ្នាំ​១៩២៩ មុននឹង​​រាលដាល​ជា​វិបត្តិ​សេដ្ឋកិច្ច​ពិភពលោក ដែល​អូសបន្លាយពេល​​រហូត​ដល់​សង្រ្គាម​លោក​លើកទី២។
     នៅ​ក្រោយ​សង្រ្គាម​លោក​លើកទី១ សហរដ្ឋ​អាមេរិក ដែល​ជា​ប្រទេស​ឈ្នះ​សង្រ្គាម ហើយ​ដែល​ធ្លាប់​បាន​​ផ្តល់​ប្រាក់​កម្ចី​រាប់ពាន់លាន​ដុល្លារ ដល់​បណ្តា​ប្រទេស​អឺរ៉ុប ដើម្បី​យក​ទៅ​ធ្វើ​សង្រ្គាម បាន​លេចមុខ​ឡើង​ជា​មហាអំណាច​សេដ្ឋកិច្ច​ពិភពលោក​ដ៏ធំមួយ។ ឧស្សាហកម្ម​អាមេរិក​បាន​ស្គាល់​នូវ​ភាព​រីកចម្រើន​ដល់​កម្រិត​កំពូល លុយ​ហូរ​ដូចទឹក សំណង់​អគារ​ខ្ពស់​កប់ពពក​​រីកដូចផ្សិត ហើយ​ទីក្រុង​ញូវយ៉ក​បាន​ដណ្តើម​តំណែង​​​​ជា​មជ្ឈមណ្ឌល​ហិរញ្ញវត្ថុ​ពិភពលោក ដែល​ពីមុន​ធ្លាប់​តែ​ស្ថិត​នៅ​ក្នុង​ទីក្រុង​ឡុងដ៍​ ប្រទេស​អង់គ្លេស។
      របបមូលធននិយម​អាមេរិក​ក៏​បាន​ស្គាល់​នូវ​ការ​វិវឌ្ឍ​ដ៏​ចម្បងមួយ​ដែរ ដោយ​អ្នក​ជំនួញ​អាមេរិក​បាន​បង្កើត​នូវ​របៀប​រកស៊ី​ថ្មីមួយ ដែល​ឆ្លុះបញ្ចាំង​ឲ្យ​ឃើញ​តាម​រយៈ​ទ្រឹស្តី​របស់ Henry Ford ស្ថាបនិក​នៃ​​ក្រុមហ៊ុន​ផលិត​រថយន្ត​ FordHeny Ford បាន​លើកឡើង​នូវ​ទ្រឹស្តី​ដ៏សាមញ្ញ​មួយ​ថា ដើម្បី​​​អាច​ចំណេញ​លុយ​ច្រើន​ ក្រុមហ៊ុន​របស់​លោក​ត្រូវ​តែ​លក់​ឡាន​ឲ្យ​បាន​ច្រើន​។ ដើម្បី​លក់​ឲ្យបាន​ច្រើន គឺ​មិនត្រូវ​លក់​ឲ្យ​តែ​ពួក​អ្នក​មាន​វណ្ណៈខ្ពង់ខ្ពស់​ដូចពីមុន​នោះទេ តែ​ត្រូវ​លក់​ឲ្យ​កម្មករ​នយោជិត​ធម្មតា​ផងដែរ ហើយ​ដើម្បី​ឲ្យ​កម្មករ​នយោជិត​អាច​ទិញ​ឡាន​ជិះបាន ទាល់តែ​ពួកគេ​ទទួល​បាន​ប្រាក់​ខែ​ខ្ពស់។ Ford ក៏​បាន​ដំឡើង​ប្រាក់ខែ​យ៉ាងច្រើន​ដល់​បុគ្គលិក ហើយ​បូករួម​ជាមួយ​នឹង​ការ​បើកដៃ​ក្នុងការ​ទិញឡាន​ដោយ​បង់រំលោះ​ផងនោះ ទីផ្សារ​ឡាន​​នៅ​អាមេរិក​ក៏​បាន​កើនឡើង​យ៉ាងខ្លាំង​មិន​ធ្លាប់មាន។ នៅ​ពេលនោះ ក្រុមហ៊ុន Ford បាន​ផលិត​ឡាន​ប្រមាណ​ជា​ជិត​១ម៉ឺនគ្រឿង​ក្នុងមួយថ្ងៃៗ ដើម្បី​ដាក់​លក់​នៅលើ​ទីផ្សារ។
      ក៏ប៉ុន្តែ ភាពរុងរឿង​នេះ​មានរយៈពេល​តែ​ប៉ុន្មាន​ឆ្នាំ​ប៉ុណ្ណោះ។ នៅថ្ងៃ​ទី២៩ ខែ​តុលា ឆ្នាំ​១៩២៩ ទីផ្សារ​មូលបត្រ​អាមេរិក​បាន​ធ្លាក់ចុះ​យ៉ាង​គំហុក​ បង្ក​ឲ្យ​មាន​ភាព​ចលាចល​ បង្កើត​ទៅជា​វិបត្តិ​ហិរញ្ញវត្ថុ បណ្តាល​​ឲ្យ​​ធនាគារ​ជាច្រើន​ត្រូវ​ក្ស័យធន​ជា​បន្តបន្ទាប់។ បន្ទាប់​មក​ទៀត វិបត្តិ​ហិរញ្ញវត្ថុ​នេះ​​បាន​ក្លាយ​​ទៅ​ជា​វិបត្តិ​សេដ្ឋកិច្ចធ្ងន់ធ្ងរ ហើយ​បាន​រាលដាល​ចេញ​ពី​សហរដ្ឋ​អាមេរិក ទៅ​កាន់​ប្រទេស​​ផ្សេងៗ​ទៀត នៅទូទាំង​ពិភពលោក។

       នៅ​តាម​បណ្តា​ប្រទេស​មហាអំណាច​សេដ្ឋកិច្ច​ធំៗ ដូចជា សហរដ្ឋ​អាមេរិក អង់គ្លេស បារាំង និង​អាល្លឺម៉ង់ ជាដើម សកម្មភាព​ឧស្សាហកម្ម​បាន​ធ្លាក់ចុះ​ក្នុងចន្លោះ​ពី ២៣% ទៅ ៤៦%។ ​អត្រា​អ្នក​អត់ការងារធ្វើ​ ​កើនឡើង​​រហូតដល់ ២៥% ឬ​​ជាង ៣០% អាស្រ័យ​ទៅ​តាម​ប្រទេស។ ចំណែក​ឯ​ការ​ដោះដូរ​ពាណិជ្ជកម្ម​អន្តរជាតិ​បាន​ធ្លាក់ចុះ​រហូតដល់​ជាង​ ពាក់កណ្តាល។ សេដ្ឋកិច្ច​ដែល​ពឹងផ្អែក​លើ​ឧស្សាហកម្ម​ធុនធ្ងន់​ត្រូវ​រងគ្រោះ​​ខ្លាំង​ ជាងគេ។ ក៏ប៉ុន្តែ បន្តិចម្តងៗ វិស័យ​កសិកម្ម​ក៏​ចាប់ផ្តើម​ទទួលរង​នូវ​ឥទ្ធិពល​នៃ​វិបត្តិ​សេដ្ឋកិច្ច​នេះ​ ដែរ ដោយសារ​តែ​តម្លៃ​ផលិតផល​ត្រូវ​ធ្លាក់ចុះ​ដល់​កម្រិត​មួយ​ទាបបំផុត ដែល​ធ្វើ​ឲ្យ​ប្រជាកសិករ​ពិបាក​នឹង​រស់។
    នៅ​អាល្លឺម៉ង់ វិបត្តិ​សេដ្ឋកិច្ច​ពិភពលោក គឺ​​បញ្ហា​​ដ៏សម្បើម​មួយ​ទៀត​មក​បន្ថែម​ពីលើ​បន្ទុក​សេដ្ឋកិច្ច​ដ៏​ធ្ងន់ដែល ​មាន​ស្រាប់ (ការខូចខាត​ដោយសារ​សង្រ្គាម និង​កាតព្វកិច្ច​ត្រូវ​សងការ​ខូចខាត​ដល់​ប្រទេស​ឈ្នះ​សង្រ្គាម ដែល​មាន​ចែង​នៅ​ក្នុង​សន្ធិសញ្ញា​ក្រុង Versailles នៅ​ក្រោយ​សង្រ្គាម​លោក​លើកទី១)។
    ឥទ្ធិពល​នៃ​វិបត្តិ​សេដ្ឋកិច្ច​ពិភពលោក​ឆ្នាំ​១៩២៩​បាន​ធ្វើ​ឲ្យ​សកម្មភាព​ សេដ្ឋកិច្ច​​អាល្លឺម៉ង់​ត្រូវ​ជាប់គាំង ធនាគារ​ត្រូវ​បិទទ្វារ​ម្តងមួយៗ ប្រជាជន​រាប់លាន​នាក់​ត្រូវ​អត់ការងារ​ធ្វើ ហើយ​ត្រូវ​ប្រឈមមុខ​នឹង​ភាព​ក្រីក្រ ដោយ​បាត់​បង់​ប្រាក់​ចំណូល។ ស្ថិត​នៅ​ក្នុង​ភាព​វឹកវរ​នេះ អ្នក​ដែល​ទទួល​ផលចំណេញ គឺ​ហ៊ីត្លែរ និង​គណបក្ស​ណាហ្ស៊ី។
    ឆ្លៀត​ក្នុង​ឱកាស​ដែល​ប្រទេស​កំពុង​ឆ្លងកាត់​វិបត្តិ​សេដ្ឋកិច្ច​ធ្ងន់ធ្ងរ ហើយ​គណបក្ស​កាន់អំណាច​ត្រូវ​បាត់បង់​ប្រជាប្រិយភាព ហ៊ីត្លែរ និង​គណបក្ស​ណាហ្ស៊ី​ក៏​ចាប់ផ្តើម​បង្កើន​សកម្មភាព​ឃោសនា ដោយ​​​សន្យា​លុបចោល​សន្ធិសញ្ញា​ក្រុង​ Versailles ស្តារ​ស្ថានភាព​សេដ្ឋកិច្ច និង​បង្កើត​ការងារ​ដល់​ប្រជាជន។ ហ៊ីត្លែរ និង​គណបក្ស​ណាហ្ស៊ី​ក៏​ចាប់ផ្តើម​​ទទួល​​បាន​​​ការ​គាំទ្រ​កាន់តែ​ច្រើនឡើងៗ ហើយ​ចំនួន​អាសនៈ​នៅ​ក្នុង​សភា​ក៏​ចេះតែ​កើនឡើង ពី​ការ​បោះឆ្នោត​មួយ​ ទៅ​ការ​បោះឆ្នោត​មួយ។
     នៅ​ឆ្នាំ​១៩៣២ ហ៊ីត្លែរ​បាន​ឈរឈ្មោះ​ក្នុងការ​បោះឆ្នោត​ប្រធានាធិបតី តែ​ត្រូវ​ទទួល​បរាជ័យ។ ក៏ប៉ុន្តែ បើទោះជា​ហ៊ីត្លែរ​មិនបាន​ជាប់​ឆ្នោត​ជា​ប្រធានាធិបតី​ តែ​គណបក្ស​ណាហ្ស៊ី​ គឺ​ជា​គណបក្ស​​ដែល​មាន​សំឡេង​ច្រើន​លំដាប់ទី២ នៅ​ក្នុង​សភា​អាល្លឺម៉ង់ ហើយ​នៅ​ខែ​មករា ឆ្នាំ​១៩៣៣ ​ប្រធានាធិបតី​អាល្លឺម៉ង់ ដែល​ទើប​នឹង​ជាប់ឆ្នោត ហើយ​ដែល​ចង់​បង្ហាញ​​ឲ្យ​គេ​ឃើញ​ពី​បំណង​ល្អ ក្នុងការ​បង្កើត​ឲ្យ​មាន​តុល្យភាព​អំណាច ក៏​បាន​សម្រេច​តែងតាំង​ហ៊ីត្លែរ​ឲ្យ​ធ្វើ​​ជា​អធិកាបតី​ (​ប្រមុខ​រដ្ឋាភិបាល)។
     ក៏ប៉ុន្តែ បន្តិចម្តងៗ ហ៊ីត្លែរ​បាន​យក​អំណាច​​​ជា​អធិកាបតី​នេះ​ទៅ​បង្រ្កាប​អ្នក​នយោបាយ​ប្រឆាំង ដើម្បី​ពង្រឹង​អំណាច​ផ្ទាល់​ខ្លួន។ ហ៊ីត្លែរ​បាន​ចាត់វិធានការ​ជាច្រើន​ ក្នុងគោលដៅ​រឹតបន្តឹង​សិទ្ធិសេរីភាព​របស់​ប្រជាជន និង​បង្កើន​អំណាច​ដល់​ប៉ូលិស​ក្នុងការ​ចាប់​មនុស្ស​យក​មក​ឃុំឃាំង​ដោយ​គ្មាន ​ការ​កាត់ទោ ស។
 

អាដុលហ្វ ហ៊ីត្លែរ នៅ​ឆ្នាំ​១៩៣៧

      គិតត្រឹម​ពាក់កណ្តាល​ឆ្នាំ​១៩៣៣ ហ៊ីត្លែរ​រួម​ជាមួយ​នឹង​សមាជិក​សភា​មក​ពី​គណបក្ស​ណាហ្ស៊ី​បាន​អនុម័ត​ច្បាប់ ​ប្រគល់​​អំណាច​ទាំងអស់ គឺ​ទាំង​អំណាច​នីតិបញ្ញត្តិ និង​នីតិប្រតិបត្តិ​ទៅ​ឲ្យ​ហ៊ីត្លែរ​កាន់កាប់​តែ​ម្នាក់ឯង ហើយ​របបនយោបាយ​អាល្លឺម៉ង់​ត្រូវ​ប្រែក្លាយ​ទៅជា​របបឯកបក្ស គឺ​អំណាចរដ្ឋ​ត្រូវ​ស្ថិត​ក្រោម​ការ​​គ្រប់គ្រង​របស់​គណបក្ស​តែមួយ​គត់ គឺ​គណបក្ស​ណាហ្ស៊ី។
       មួយឆ្នាំ​ក្រោយ​មក​ទៀត នៅ​ខែ​សីហា ឆ្នាំ​១៩៣៤ ហ៊ីត្លែរ និង​គណបក្ស​ណាហ្ស៊ី​បាន​សម្រេច​យក​តំណែង​ប្រធានាធិបតី និង​អធិកាបតី​មក​ច្របាច់​បញ្ចូល​គ្នា​ជា​តំណែង​តែមួយ ដែល​កាន់កាប់​ដោយ​ហ៊ីត្លែរ ។ មកដល់​ពេលនោះ រាល់​អំណាច​រដ្ឋ​ទាំងអស់ ទាំង​អំណាច​ជា​ប្រមុខរដ្ឋ ជា​ប្រមុខរដ្ឋាភិបាល​ និង​ជា​អគ្គបញ្ជាការ​កងទ័ព ​​ត្រូវ​ស្ថិត​ក្នុង​ដៃ​របស់​ហ៊ីត្លែរ​តែ​ម្នាក់​ឯង។
ក្រោយ​ពី​បាន​ក្តោបក្តាប់​អំណាច​រដ្ឋ​ទាំងអស់​ហើយ ហ៊ីត្លែរ​ក៏​បាន​ចាប់ផ្តើម​បង្កើន​កម្លាំង​ទ័ព​អាល្លឺម៉ង់​ឡើងវិញ ដោយ​រំលោភ​លើ​សន្ធិសញ្ញា​ក្រុង Versailles ដែល​បាន​ចុះ នៅ​ក្រោយ​សង្រ្គាម​លោក​លើកទី១៕