Labels

Albert Einstein Alexandre le Grand ISIS La Terreur Pearl Harbor Renaissance កំណែទម្រង់ប៉េរេស្ត្រយកា កំណែទម្រង់សេដ្ឋកិច្ចចិន កម្ពុជា កម្ពុជាក្រោម កម្លាំងទំនាញសកល ការចាប់ផ្ដើម ការប្រជែងផ្នែកអវកាស ការវិលត្រឡប់ទៅកាន់អំណាច កាលីលេ កូសាំងស៊ីន ក្រិក ក្រុមជីហាតរដ្ឋអ៊ីស្លាម ក្រុមភេរវជនអន្តរជាតិ ខ្សែបន្ទាត់ព្រំដែន គ្រាប់បែកនុយក្លេអ៊ែរ គ្រីស្តូហ្វកូឡុំ គ្រឹស្តសាសនា ចក្រភពម៉ុងហ្គោល ចក្រភពរ៉ូម ចក្រភពអារ៉ាប់ ចលនាតស៊ូប្រដាប់អាវុធកុម្មុយនិស្ត ចិន ច្បាប់នៃចលនា ឆេកូស្លូវ៉ាគី ជប៉ុន ជ័យជម្នះរបស់ក្រុមសម្ព័ន្ធមិត្ត ជិនហ្គីស ខាន់ ដែនដីអាណានិគម តេងស៊ាវពីង តេងស៊ាវភីង ទ្រឹស្តីតារាសាស្រ្ត ទ្រឹស្តីសាសនា បក្សកុម្មុយនិស្តចិន បដិវត្តន៍ បដិវត្តន៍កសិកម្ម បដិវត្តន៍រាជានិយម បដិវត្តន៍វប្បធម៌ បដិវត្តន៍អ៊ីរ៉ង់ បារាំង បិតាកំណែទម្រង់សេដ្ឋកិច្ចចិន ប៊ិនឡាដិន បុរេប្រវត្តិ ប្រធានាធិបតីអាមេរិក ប្រវត្តិសាស្រ្ត ប្លុកកុម្មុយនិស្ត ផលវិបាក ភេរវកម្ម១១កញ្ញា មជ្ឈិមបូព៌ា មហាអំណាចអាណានិគមអាស៊ី មហាអំណាចអឺរ៉ុប មូលហេតុ ម៉ៅសេទុង យុគខ្មៅងងឹត យុគនៃពន្លឺ រដ្ឋធម្មនុញ្ រុស្សី លេនីន វាំងននដែក វិទ្យាសាស្រ្ត វិបត្តិប៊ែរឡាំង វិបត្តិព្រែកជីកស៊ុយអេ វិបត្តិមីស៊ីលគុយបា វៀតណាមខាងត្បូង សង្គ្រាមលោកលើកទី១ សង្គ្រាមលោកលើកទី២ សង្រ្គាមកូរ៉េ សង្រ្គាមឈូងសមុទ្រពែក្ស សង្រ្គាមត្រជាក់ សង្រ្គាមវៀតណាម សង្រ្គាមស៊ីវិល សង្រ្គាមអាហ្វហ្កានីស្ថាន សង្រ្គាមអ៊ីរ៉ាក់ សង្រ្គាមឥណ្ឌូចិន សព្វាវុធនុយក្លេអ៊ែរ សហភាពសូវៀត សហរដ្ឋអាមេរិក សាសនាអ៊ីស្លាម ស្ថានភាពពិភពលោក ហ៊ីត្លែរ ហ្គ័របាឆូវ អង់គ្លេស អធិរាជណាប៉ូឡេអុង អរិយធម៌ដ៏ចំណាស់បំផុតរបស់មនុស្សជាតិ អរិយធម៌មេឌីទែរ៉ាណេ អរិយធម៌អាស៊ីអាគ្នេយ៍ អាញ់ស្តាញ់ អាណាចក្រខ្មែរ អាណានិគម អាណាព្យាបាលបារាំង អាប្រាហាំលីនកុន អាមេរិក អារ៉ាប់ អាល់កៃដា អាល់ប៊ែរ អាញ់ស្តាញ់ អាស៊ីប៉ាសីហ្វិក អ៊ីតាលី អ៊ីសាក់ញូតុន អ៊ីស្រាអែល អឺរ៉ុបខាងកើត អ៊ុយក្រែន ឧស្សាហកម្ម

អាដុលហ្វ៍ ហ៊ីត្លែរ និងការបង្កើតគណបក្សណាស៊ី នៅអាល្លឺម៉ង់

     អាដុលហ្វ៍ ហ៊ីត្លែរ (Adolf Hitler) មាន​ដើមកំណើត​នៅ​​ក្នុង​ប្រទេស​អូទ្រីស ប៉ុន្តែ បាន​មក​រស់​នៅ​ក្នុង​ទីក្រុង​មុយនិច ប្រទេស​អាល្លឺម៉ង់ តាំង​ពី​អាយុ ២៤ឆ្នាំ។ នៅ​ឆ្នាំ​១៩១៤ នៅ​ពេល​ដែល​សង្រ្គាម​លោក​លើកទី១​ចាប់ផ្ទុះឡើង ហ៊ីត្លែរ​ ដែល​មាន​សញ្ជាតិ​អូទ្រីស បាន​ស្ម័គ្រចិត្ត​ចូល​បម្រើ​ក្នុង​ជួរ​កងទ័ព​អាល្លឺម៉ង់ ដោយ​មាន​តួនាទី​ជា​អ្នក​នាំសារ​ រវាង​ទី​បញ្ជាការដ្ឋាន និង​សមរភូមិមុខ។ ក៏ប៉ុន្តែ ហ៊ីត្លែរ​បាន​ចំណាយ​ពេល​​នៅ​​បញ្ជាការដ្ឋាន និង​នៅ​ក្នុង​មន្ទីរពេទ្យ​ច្រើន​ជាង​នៅ​សមរភូមិមុខ។
   គឺ​នៅ​ក្នុង​ពេល​កំពុង​សម្រាក​​ព្យាបាល​របួស​នៅ​មន្ទីរពេទ្យ ដែល​ហ៊ីត្លែរ​ទទួល​ដំណឹង អំពី​បរាជ័យ​របស់​អាល្លឺម៉ង់ នៅ​ក្នុង​​​សង្រ្គាម​លោក​លើកទី១​ នៅ​ខែ​វិច្ឆិកា ឆ្នាំ​១៩១៨។ ដំណឹង​ដែល​ធ្វើ​ឲ្យ​ហ៊ីត្លែរ​មាន​ការ​ភ្ញាក់​ផ្អើល​ផង រន្ធត់ចិត្តផង និង​ពោរពេញ​ដោយ​ភ្លើង​កំហឹង​ផង ពីព្រោះ ហ៊ីត្លែរ​ជឿ​ថា បរាជ័យ​របស់​អាល្លឺម៉ង់ គឺ​ជា​បរាជ័យ​នយោបាយ មិនមែន​ជា​បរាជ័យ​ខាង​យោធា​នោះទេ។


ហ៊ីត្លែរ រួមជាមួយ​នឹង​សមាជិក​គណបក្ស​ណាហ្ស៊ី នៅ​ឆ្នាំ​១៩៣០

 
     ហ៊ីត្លែរ ក៏ដូចជា​អ្នក​ជាតិនិយម​អាល្លឺម៉ង់​ផ្សេងទៀត​ដែរ ប្រកាន់​នូវ​ជំនឿ​មួយ​​​ថា ទាហាន​អាល្លឺម៉ង់​នៅ​លើ​សមរភូមិ​មិនចាញ់​ប្រៀប​គូសត្រូវ​នោះទេ ក៏ប៉ុន្តែ មេដឹកនាំ​រដ្ឋាភិបាល​អាល្លឺម៉ង់​បែរ​ជាបាន​ប្រកាស​ចុះចាញ់​សង្រ្គាម​ទៅវិញ ដែល​ជាហេតុ​ធ្វើ​ឲ្យ​ប្រជាជាតិ​អាល្លឺម៉ង់​ទាំងមូល​ត្រូវ​ទទួលរង​នូវ​ភាព​ អាម៉ាស់ ព្រមទាំង​ត្រូវ​​គូសត្រូវ​សង្កត់ ក តាមរយៈ​ការ​ដាក់​លក្ខខណ្ឌ​យ៉ាង​ធ្ងន់ធ្ងរ និង​ដោយ​អយុត្តិធម៌ នៅ​ក្នុង​ពេល​ចុះ​សន្ធិសញ្ញា​សន្តិភាព​​នៅ Versailles នៅថ្ងៃ​ទី២៨ ខែ​មិថុនា ឆ្នាំ​១៩១៩។ កំហឹង និង​ភាព​អាម៉ាស់​នេះ​ហើយ ដែល​ត្រូវ​បាន​ហ៊ីត្លែរ យក​មក​ធ្វើ​ជា​ឧបករណ៍​នយោបាយ ដើម្បី​ឡើងកាន់អំណាច​ នៅ​ប៉ុន្មាន​ឆ្នាំ​ក្រោយ​មក​ទៀត។
     នៅ​ក្រោយ​សង្រ្គាម​លោក​លើកទី១ ហ៊ីត្លែរ ដែល​មិនមែន​ជា​អ្នក​ទទួល​បាន​ការ​រៀនសូត្រ​ជ្រៅជ្រះ​នោះ បាន​​បន្តការងារ​​ក្នុង​ជួរ​កងទ័ព​អាល្លឺម៉ង់​តទៅទៀត ដោយ​​ត្រូវ​បាន​គេ​ចាត់​ឲ្យ​តាម​ឃ្លាំមើល​សកម្មភាព​របស់​សមាជិក​គណបក្ស​ពលករ ​អាល្លឺម៉ង់។ ក៏ប៉ុន្តែ នៅ​ក្នុងពេល​កំពុង​ឃ្លាំមើល​សកម្មភាព​របស់​គណបក្ស​នេះ ហ៊ីត្លែរ​ក៏​ស្រាប់តែ​​ចាប់ផ្តើម​ជាប់ចិត្ត​នឹង​គោលនយោបាយ​បែប​ជាតិ​និយម​ របស់​ពួកគេ ហើយ​ក៏​បានចូល​ជា​សមាជិក​គណបក្ស​ពលករ​អាល្លឺម៉ង់ នៅ​ចុងឆ្នាំ​១៩១៩។
     បន្តិចម្តងៗ ហ៊ីត្លែរ​បាន​ចាប់ផ្តើម​សាង​កេរ្តិ៍ឈ្មោះ​នៅ​ក្នុង​បក្ស តាមរយៈ​ទេពកោសល្យ​ក្នុង​ការ​ថ្លែងការណ៍​ជា​សាធារណៈ ជាពិសេស ការថ្លែង​រិះគន់​សន្ធិសញ្ញា​ក្រុង​ Versailles និង​រិះគន់​អ្នក​នយោបាយ​បដិបក្ខ ព្រមទាំង​​ជនជាតិជ្វីហ្វ ដែល​ហ៊ីត្លែរ​ចោទ​ថា​ជា​ដើមឫស​នៃ​បញ្ហា​នៅ​អាល្លឺម៉ង់។
    នៅ​ខែ​កក្កដា ឆ្នាំ​១៩២១ ត្រឹមតែ​ពីរ​ឆ្នាំ​ប៉ុណ្ណោះ ​ក្រោយ​ពី​បាន​ចូល​ជា​សមាជិក​គណបក្ស​ពលករ​អាល្លឹម៉ង់ ហ៊ីត្លែរក៏​ស្រាប់តែ​ត្រូវ​បាន​គេ​តែងតាំង​ជា​ប្រធានបក្ស ដែល​​ហ៊ីត្លែរ​​​បាន​ប្តូរ​ឈ្មោះ​ទៅជា គណបក្ស​សង្គមជាតិនិយម ហើយ​ដែល​ត្រូវ​បាន​គេ​ស្គាល់​ជាទូទៅ​ថា គណបក្ស​ណាហ្ស៊ី
 
 
ហ៊ីត្លែរ កាល​ពី​ពេលនៅ​ជា​ទាហាន​ក្នុង​សង្រ្គាម​លោក​លើកទី១
 
    នៅថ្ងៃ​ទី៨ ខែវិច្ឆិកា ឆ្នាំ​១៩២៣ ហ៊ីត្លែរ​​បាន​រៀបចំ​ចលនា​បះបោរ​មួយ​ឡើង នៅ​ក្នុង​ទីក្រុង​មុយនិច ក្នុងគោលដៅ​ផ្តួលរំលំ​រដ្ឋាភិបាល​អាល្លឺម៉ង់។ ក៏ប៉ុន្តែ ចលនា​បះបោរ​នេះ​ត្រូវ​ទទួល​បរាជ័យ។ គណបក្ស​ណាហ្ស៊ី​ត្រូវ​បាន​អាជ្ញាធរ​ហាមឃាត់​លែង​ឲ្យ​ធ្វើ​សកម្មភាព ចំណែក​ហ៊ីត្លែរវិញ​​ត្រូវ​បាន​អាជ្ញាធរ​ចាប់ខ្លួន និង​កាត់ទោស​ដាក់ពន្ធនាគារ​ ៥ឆ្នាំ ពីបទ​ក្បត់ជាតិ។ ប៉ុន្តែ ហ៊ីត្លែរ​ជាប់ក្នុង​ពន្ធនាគារ​តែ​ជាង​១ឆ្នាំ​ប៉ុណ្ណោះ ក៏​ត្រូវ​បាន​តុលាការ​កំពូល​អាល្លឺម៉ង់​សម្រេច​លើកលែងទោស​មក​វិញ។
     ក្រោយ​ពី​ត្រូវ​បាន​ដោះលែង​ចេញ​​ពី​ពន្ធនាគារ​មកវិញ នៅ​ចុងឆ្នាំ​១៩២៤ ហ៊ីត្លែរ​បាន​ស្នើ​​ទៅ​អាជ្ញាធរ​អាល្លឺម៉ង់​ ដើម្បី​សុំ​​បើក​គណបក្ស​ណាហ្ស៊ី​ឡើងវិញ ដោយ​សន្យា​ថា​នឹង​គោរព​ស្ថាប័ន​​រដ្ឋ ហើយ​ថា គណបក្ស​ណាហ្ស៊ី​​នឹង​ធ្វើ​រាល់​សកម្មភាព​តស៊ូ​របស់​ខ្លួន​ដោយ​​សន្តិវិធី នៅ​​ក្នុង​តែ​​ក្របខណ្ឌ​នៃ​ដំណើរ​ការ​ប្រជាធិបតេយ្យតែ​ប៉ុណ្ណោះ។ រដ្ឋាភិបាល​អាល្លឺម៉ង់​​បាន​យល់ព្រម​ឲ្យ​គណបក្ស​ណាហ្ស៊ី​​បើកធ្វើ​សកម្មភាព​ នយោបាយ​ឡើងវិញ តែ​បាន​ដាក់​បម្រាម​​មិន​ឲ្យ​ហ៊ីត្លែរ​ចេញមុខ​​ធ្វើ​សេចក្តីថ្លែងការណ៍​​ ជាសាធារណៈ​​ណាមួយ​នោះទេ។ ក៏ប៉ុន្ត បើទោះបីជា​ត្រូវ​អាជ្ញាធរ​ហាមឃាត់​មិន​ឲ្យ​ធ្វើ​សេចក្តីថ្លែងការណ៍​ជា​ សាធារណៈ​ក៏ដោយ ហ៊ីត្លែរ​នៅតែ​អាច​ធ្វើការ​ផ្សព្វផ្សាយ​គំនិត​នយោបាយ​របស់​ខ្លួន​ យ៉ាងទូលំទូលាយ​បានដែរ ជាពិសេស តាមរយៈ​ការ​ចេញផ្សាយ​សៀវភៅមួយ ដែល​មាន​ចំណងជើង​ជាភាសាអាល្លឺម៉ង់​ថា Mein Kampf (ជាភាសា​ខ្មែរ ការតស៊ូ​របស់​ខ្ញុំ)។ សៀវភៅ ដែល​ហ៊ីត្លែរ​សរសេរ នៅ​ក្នុងពេល​កំពុង​ជាប់​ក្នុង​ពន្ធនាគារ ហើយ​ដែល​ត្រូវ​បាន​បោះពុម្ពផ្សាយ​រាប់លាន​ក្បាល មុននឹង​ត្រូវ​​ក្លាយ​ជា​សៀវភៅ​គោល​នៃ​នយោបាយ​របស់​របប​ណាហ្ស៊ី​អាល្លឺម៉ង់ ក្រោមការ​ដឹកនាំ​របស់​ហ៊ីត្លែរ (ឆ្នាំ​១៩៣៣-ឆ្នាំ​១៩៤៥)។

    នៅ​ក្នុង​សៀវភៅ​នេះ ហ៊ីត្លែរ​បាន​សរសេរ​រៀបរាប់​អំពី​ប្រវត្តិ​ផ្ទាល់​ខ្លួន​ផង និង​អំពី​មនោគមន៍វិជ្ជា​​នយោបាយ ដើម្បី​នាំមក​នូវ​ការ​ផ្លាស់ប្តូរ​ប្រជាជាតិ​អាល្លឺម៉ង់​ផង។ យោងតាម​គោលគំនិត​របស់​ហ៊ីត្លែរ ប្រជាជាតិ​អាល្លឺម៉ង់​ត្រូវ​តែ​​បង្កើតឡើង​ដោយ​ឈរលើ​មូលដ្ឋាន​ជាតិសាសន៍​ ជាធំ។
      ការបង្កើត​ប្រជាជាតិ​អាល្លឺម៉ង់​ដោយ​ឈរលើ​មូលដ្ឋាន​ជាតិសាសន៍ ទៅតាម​គំនិត​​របស់​ហ៊ីត្លែរ​នេះ​ ​មាន​ន័យ​ពីរ​យ៉ាង។ ទីមួយ មានន័យថា ប្រជាជាតិ​អាល្លឺម៉ង់ គឺទុក​​សម្រាប់​តែ​ជាតិសាសន៍​អាល្លឺម៉ង់​តែប៉ុណ្ណោះ ចំណែក​ឯ​​ជាតិសាសន៍​ផ្សេងទៀត​ត្រូវ​តែ​កម្ចាត់ចោល ដើម្បី​បន្សុទ្ធ​ជាតិសាសន៍​អាល្លឺម៉ង់។ គំនិត​បន្សុទ្ធ​ជាតិសាសន៍​នេះ​ហើយ ដែល​ជា​ដើមហេតុមួយ ដែល​នាំ​ឲ្យ​មាន​ការ​សម្លាប់​រង្គាល​ជនជាតិ​ជ្វីហ្វ​នៅ​អាល្លឹម៉ង់ និង​នៅ​តាម​បណ្តា​ប្រទេស​ស្ថិត​ក្រោម​ការ​កាន់កាប់​របស់​ហ៊ីត្លែរ នៅ​ក្នុង​អំឡុង​សង្រ្គាម​លោក​លើកទី២ ហើយ​ប្រសិនបើ​ហ៊ីត្លែរ​ជា​អ្នក​ឈ្នះ​សង្រ្គាម​លោក​លើកទី២​វិញ ប្រហែល​មិនមែន​តែ​ជន ជ្វីហ្វមួយទេ ដែល​ត្រូវ​ទទួលរង​ការ​សម្លាប់​រង្គាល​ផ្តាច់ពូជ។
     ទីពីរ ការ​បង្កើត​ប្រជាជាតិ​អាល្លឺម៉ង់​ដោយ​ឈរលើ​មូលដ្ឋាន​ជាតិសាសន៍ គឺ​មានន័យថា ព្រំដែន​របស់​​​ប្រទេស​អាល្លឺម៉ង់​​នឹង​មិន​​ត្រូវ​កំណត់​តាម​លក្ខណៈ​ ភូមិសាស្រ្ត​នោះទេ តែ​ទៅតាម​លក្ខណៈ​ជាតិសាសន៍ ឬ​អាច​និយាយ​បាន​ម្យ៉ាងទៀត​ថា នៅ​ទីណា​ក៏ដោយ​ ឲ្យ​តែ​​មាន​ជាតិសាសន៍​អាល្លឺម៉ង់​រស់នៅ ទីនោះ​ត្រូវ​តែ​ជា​ទឹកដី​របស់​អាល្លឺម៉ង់។ ដោយ​ឈរលើ​គោលគំនិត​នេះ​ហើយ ដែល​ហ៊ីត្លែរ​បាន​ចូល​ឈ្លានពាន​​​តំបន់ ដែល​មាន​ប្រជាជន​ដើម​កំណើត​អាល្លឺម៉ង់​រស់នៅ ក្នុងប្រទេស​ឆេកូស្លូវ៉ាគី និង​ប៉ូឡូញ ហើយ​​ដែល​ជា​ឆ្នួន​ដុតបញ្ឆេះ​សង្រ្គាម​លោក​លើកទី២ នៅ​ឆ្នាំ​១៩៣៩៕