អាញ់ស្តាញ់៖ បរាជ័យនៅក្នុងជីវិត
នៅចុងឆ្នាំ១៨៩៤ អាញ់ស្តាញ់ ដែលរៀនមិនចប់ថ្នាក់វិទ្យាល័យផងនោះ បានចាកចេញប្រទេសអាល្លឺម៉ង់
ហើយធ្វើដំណើរទៅរស់នៅជួបជុំជាមួយគ្រួសារ នៅប៉ែកខាងជើងប្រទេសអ៊ីតាលី។
ទៅដល់មិនយូរប៉ុន្មានផង អាញ់ស្តាញ់បានដាក់ចិត្តស្រឡាញ់ប្រទេសអ៊ីតាលី ដែលជាប្រទេសមិនប្រកាន់ទំនៀមទម្លាប់
និងវិន័យតឹងរ៉ឹងដូចអាល្លឺម៉ង់ ហើយប្រជាជនអ៊ីតាលីក៏មានភាពរាក់ទាក់
និងចិត្តគំនិតបើកចំហ ដែលត្រូវនឹងផ្នត់គំនិតរបស់អាញ់ស្តាញ់។
នៅក្នុងដែនដីដែលជាប្រភពអ្នកប្រាជ្ញសម័យកាល La Renaissance នេះ អាញ់ស្តាញ់រស់នៅក្នុងជីវិតមួយពោរពេញដោយភាពរីករាយ...
រីករាយនឹងការទស្សនាការប្រគុំតន្រ្តីបុរាណ, រីករាយនឹងការទស្សនាសារៈមន្ទីរ
និងជាពិសេស រីករាយនឹងការមានពេលវេលាគិតពិចារណា
និងអានសៀវភៅទៅតាមចិត្តចង់។ នៅពេលនោះ
អាញ់ស្តាញ់ផ្តោតអារម្មណ៍ខ្លាំងទៅនឹងការសិក្សាឈ្វេងយល់ ពីប្រវត្តិអ្នកប្រាជ្ញមុនៗ
ជាពិសេស អ្នកប្រាជ្ញដែលទទួលរងនូវការរិះគន់ ឬការដាក់ទោស ដោយសារតែប្រកាន់គំនិតផ្ទុយពីជំនឿ
និងទំនៀមទម្លាប់ចាស់ រួមមានដូចជា តារាវិទូប៉ូឡូញ នីកូឡា កូពែរនិក
និងអ្នកប្រាជ្ញអ៊ីតាលី កាលីលេ ជាដើម។
សម្រាប់មនុស្សដូចជាអាញ់ស្តាញ់ ដែលចូលចិត្តមានសិទ្ធិសេរីភាពពេញលេញក្នុងការគិតពិចារណា
អានសៀវភៅ និងសិក្សាឈ្វេងយល់ទៅលើប្រធានបទតាមតែខ្លួនចង់ ដោយមិនបារម្ភពីការគោរពវិន័យសាលា
និងការបង្រៀនរបស់គ្រូ គ្មានអ្វីដែលសប្បាយជាងជីវិត “អ្នកប្រាជ្ញក្រៅសាលា"
ដូចជានៅអ៊ីតាលីនេះទេ។ ក៏ប៉ុន្តែ ជីវិតសប្បាយរីករាយនេះមិនស្ថិតស្ថេរនៅបានយូរប៉ុន្មាននោះទេ។
កិច្ចការរកស៊ីរបស់ឪពុកអាញ់ស្តាញ់ត្រូវទទួលបរាជ័យជាបន្តបន្ទាប់ ហើយជីវភាពគ្រួសារក៏ចាប់
ផ្តើមធ្លាក់ចុះពីមួយថ្ងៃទៅមួយថ្ងៃ។ អាញ់ស្តាញ់ក៏ចាប់ផ្តើមខ្វាយខ្វល់ពីដំណើរជីវិតទៅថ្ងៃអនាគត។
អាញ់ស្តាញ់ដឹងច្បាស់ថា លោកមិនអាចបន្តរស់នៅដោយពឹងលើឪពុកម្តាយបែបនេះតទៅទៀតបានទេ
ហើយការរស់នៅតាមរបៀបរបស់លោក នៅអ៊ីតាលីនេះ ថ្វីដ្បិតតែវាជាដំណើរជីវិតដ៏រីករាយមួយ
ហើយលោកក៏អាចកើនចំណេះដឹងច្រើនជាងកាលពីរៀននៅសាលាទៅទៀត ក៏ប៉ុន្តែ វាមិនអាចផ្តល់ឱកាស
ក្នុងការស្វែងរកការងារធ្វើ ដើម្បីបានលុយមកចិញ្ចឹមជីវិតបាននោះដែរ។
ក្រោយពីបានគិតពិចារណាយ៉ាងល្អិតល្អន់ អាញ់ស្តាញ់ក៏បានកំណត់ក្នុងចិត្តថានឹងចាប់យកអាជីពជាសាស្រ្តាចារ្យ
ខាងរូបវិទ្យា ក៏ប៉ុន្តែ ដើម្បីអាចធ្វើជាសាស្រ្តាចារ្យបាន លោកចាំបាច់ត្រូវតែត្រឡប់ទៅចូលរៀននៅសាលាវិញ។
អាញ់ស្តាញ់ចូលចិត្តសាលានៅអ៊ីតាលី តែលោកមានចំណោទខាងភាសា។ ដូច្នេះហើយទើបលោកសម្រេចចិត្តទៅរៀន
នៅស្វ៊ីស ដែលជាសាលាមានផ្នត់គំនិតសេរីនិយមប្រហាក់ប្រហែលនឹងអ៊ីតាលី តែល្អត្រង់និយាយភាសាអាល្លឺម៉ង់។
អាញ់ស្តាញ់បានសន្យាជាមួយឪពុកម្តាយថានឹងខិតខំរៀនដោយខ្លួនឯង
នៅផ្ទះ ដើម្បីប្រឡងចូលរៀននៅសាលាប៉ូលីតិចនិចក្រុងហ្ស៊ូរិច ដែលជាសកលវិទ្យាល័យដ៏ល្បីល្បាញមួយខាងផ្នែកវិស្វកម្ម
និងវិទ្យាសាស្រ្តទូទៅ។ ក៏ប៉ុន្តែ ការប៉ុនប៉ងប្រឡងចូលសាលាប៉ូលីតិចនិចនេះត្រូវទទួលបរាជ័យ
ដោយនៅក្នុងការប្រឡង នៅឆ្នាំ១៨៩៥ អាញ់ស្តាញ់បានពិន្ទុល្អតែខាងគណិតវិទ្យា
និងរូបវិទ្យា ចំណែកឯមុខវិជ្ជាផ្សេងទៀតធ្លាក់ទាំងអស់។
![]() |
អគារសាលាប៉ូលីតិចនិចហ្ស៊ូរិច (ស្វីស) ដែលអាញ់ស្តាញ់រៀនបានសញ្ញាបត្រជាសាស្ត្រាចារ្យរូបវិទ្យា នៅឆ្នាំ១៩០០ |
ទោះជាយ៉ាងណា អាញ់ស្តាញ់ក៏មិនសុខចិត្តបោះបង់ការព្យាយាមតែត្រឹមនោះដែរ
ដោយបានទៅរៀនត្រៀមមួយឆ្នាំ មុននឹងត្រឡប់មកប្រឡងម្តងទៀត នៅឆ្នាំ១៨៩៦ ហើយបានជាប់ចូលរៀនសាលាប៉ូលីតិចនិចហ្ស៊ូរិច។
នៅក្នុងអំឡុងពេលជាមួយគ្នានោះ អាញ់ស្តាញ់បានសម្រេចចិត្តបោះបង់ចោលសញ្ជាតិអាល្លឺម៉ង់
ដែលជាសញ្ជាតិកំណើត ហើយដាក់ពាក្យសុំសញ្ជាតិស្វ៊ីស។ សញ្ជាតិស្វ៊ីស ដែលអាញ់ស្តាញ់ទទួលបាន
នៅឆ្នាំ១៩០១ ក្រោយពីបញ្ចប់ការសិក្សាថ្នាក់សកលវិទ្យាល័យ។
នៅសាលាប៉ូលីតិចនិកក្រុងហ្ស៊ូរិច អាញ់ស្តាញ់បានបង្កើតនូវទំនាក់ទំនងជិតស្និទ្ធជាមួយមិត្តរួមថ្នាក់
ម្នាក់មានដើមកំណើតមកពីស៊ែរប៊ី គឺ មីឡេវ៉ា ម៉ារីច ដែលជាសិស្សស្រីតែម្នាក់គត់នៅក្នុងថ្នាក់
តែជាសិស្សដ៏ពូកែម្នាក់។ អាញ់ស្តាញ់ និង មីឡេវ៉ា ម៉ារីច
ចំណាយពេលច្រើនរៀនជាមួយគ្នា ជជែកដេញដោលគ្នាពីរូបវិទ្យា ហើយបន្តិចម្តងៗ ភាពជិតស្និទ្ធិនៅក្នុងទំនាក់ទំនងក្នុងការសិក្សាក៏បានរាលដាលទៅជា
ទំនាក់ទំនងផ្ទាល់ខ្លួន។ អ្នកទាំងពីរចាប់ចិត្តស្រឡាញ់គ្នា ហើយសន្យាថានឹងរៀបការនឹងគ្នា
នៅក្រោយពេលបញ្ចប់ការសិក្សា។
នៅឆ្នាំ១៩០០ ក្នុងវ័យ ២១ឆ្នាំ
អាញ់ស្តាញ់បានប្រឡងជាប់ ទទួលសញ្ញាបត្រជាសាស្រ្តចារ្យខាងរូបវិទ្យា។ នេះគួរតែជាការបើកទំព័រជីវិតដ៏មានសុភមង្គលមួយសម្រាប់អាញ់ស្តាញ់។
អាញ់ស្តាញ់មានគូស្នេហ៍, មានសញ្ញាបត្រក្នុងដៃ, អាចចាប់អាជីពជាសាស្រ្តាចារ្យទៅតាមក្តីស្រមៃ
និងអាចរៀបការសាងគ្រួសារជាមួយគូស្នេហ៍... ក៏ប៉ុន្តែ អ្វីៗមិនបានដំណើរការទៅតាមក្តីបំណងទាំងអស់នេះទេ។
ក្នុងរយៈពេលប្រមាណជាជិត២ឆ្នាំចាប់តាំងពីបញ្ចប់ការសិក្សា អាញ់ស្តាញ់ដាក់ពាក្យសុំបង្រៀននៅគ្រប់កន្លែង
ក៏ប៉ុន្តែ គ្មានសាលាណាមួយទទួលឲ្យអាញ់ស្តាញ់ធ្វើជាសាស្រ្តាចារ្យនោះទេ។
អាញ់ស្តាញ់ក្លាយជាអ្នកអត់ការងារធ្វើដើរទាត់ខ្យល់
ហើយក្រុមគ្រួសារដែលកំពុងឆ្លងកាត់បញ្ហាក្នុងការរកស៊ីផងនោះក៏មិន អាចផ្ញើលុយកាក់មកជួយបាន។
អាញ់ស្តាញ់ត្រូវធ្លាក់ក្នុងសភាពតោកយ៉ាកសុខភាពធ្លាក់ចុះទន់ខ្សោយ
ហើយសូម្បីតែលុយបង់ថ្លៃឈ្នួលផ្ទះ ក៏មិនមានផង កុំថាឡើយដល់មានលុយទៅរៀបការ
និងចិញ្ចឹមគ្រួសារ។
អាញ់ស្តាញ់ចាប់ផ្តើមអស់សង្ឃឹមក្នុងជីវិត
ហើយនៅក្នុងសំបុត្រខ្លះដែលផ្ញើទៅក្រុមគ្រួសារដែលនៅអ៊ីតាលី អាញ់ស្តាញ់ថែមទាំងបានសរសេរថា
លោកមិនគួរនឹងចាប់កំណើតនៅលើលោកនេះទេ ពីព្រោះថា
ជីវិតរបស់លោកគឺគ្មានន័យអ្វីទាំងអស់។
ទុក្ខជាន់លើទុក្ខ! នៅក្នុងពេលដែលអាញ់ស្តាញ់កំពុងតែប្រឈមមុខនឹងភាពអត់ការងារធ្វើ
និងជីវភាពតោកយ៉ាក ឪពុករបស់អាញ់ស្តាញ់ក៏ស្រាប់តែទទួលមរណភាព ដោយជំងឺគាំងបេះដូង
ដែលជាហេតុធ្វើឲ្យខ្សែជីវិតរបស់អាញ់ស្តាញ់កាន់តែត្រូវកណ្តោចកណ្តែង ថែមមួយកម្រិតទៀត។
ប្រឈមមុខនឹងជីវភាពតោកយ៉ាក អាញ់ស្តាញ់ក៏សម្រេចចិត្តបោះបង់ក្តីបំណងចង់ធ្វើជាសាស្រ្តាចារ្យ
រូបវិទ្យា ហើយសុខចិត្តទទួលយកការងារជាជំនួយការបច្ចេកទេស នៅឯការិយាល័យចុះបញ្ជីប្រកាសនីយបត្រតក្កកម្ម
(Swiss Patent Office) ដែលជាស្ថាប័នរដ្ឋស្វីស
ទទួលបន្ទុកត្រួតពិនិត្យ និងចុះបញ្ជីការពារសិទ្ធិលើរូបមន្តវិទ្យាសាស្រ្ត ឬការច្នៃប្រឌិតថ្មីៗណាមួយ
ទៅតាមការស្នើសុំរបស់ម្ចាស់ស្នាដៃ។ វាមិនមែនជាអាជីពក្នុងក្តីស្រមៃរបស់អាញ់ស្តាញ់នោះទេ
តែទោះជាយ៉ាងណាវាក៏ជាការងារ ដែលអាចផ្តល់ប្រាក់ខែគ្រប់គ្រាន់ ក្នុងផ្គត់ផ្គង់ជីវភាព
និងអាចចិញ្ចឹមគ្រួសារបាន។
ក្រោយពីបានការងារធ្វើ
អាញ់ស្តាញ់បានរៀបការជាមួយមីឡេវ៉ា ម៉ារីច នៅឆ្នាំ១៩០៣
ជាមួយនឹងចំណងដៃកូនប្រុសទីមួយ នៅឆ្នាំ១៩០៤ មុននឹងកើតបានកូនប្រុសទីពីរ
៦ឆ្នាំក្រោយមកទៀត៕