អាល់ប៊ែរ អាញ់ស្តាញ់ (១៨៧៩-១៩៥៥)
អាល់ប៊ែរ អាញ់ស្តាញ់
ធ្លាប់ជាក្មេងរៀនមិនបានលទ្ធផលល្អ រហូតត្រូវសាលាដេញចេញ តែបានក្លាយជាអ្នកវិទ្យាសាស្រ្តដែលទទួលរង្វាន់ណូបែលខាងរូបវិទ្យា, ជាសកម្មជនសន្តិភាពនិយម តែបានបង្កើតទ្រឹស្តី ដែលនាំទៅដល់ការផលិតអាវុធនុយក្លេអ៊ែរ
ដែលជាអាវុធប្រល័យលោក... នេះគឺជាប្រវត្តិនៃដំណើរជីវិតរបស់អ្នកប្រាជ្ញដ៏ធំបំផុតមួយក្នុង ប្រវត្តិសាស្រ្ត ចាប់តាំងពីក្រោយសម័យកាលអ៊ីសាក់
ញូតុន។
អាល់ប៊ែរ អាញ់ស្តាញ់ កើតនៅថ្ងៃទី១៤ ខែមីនា ឆ្នាំ១៨៧៩
នៅទីក្រុងអ៊ូម (Ulm) ប្រទេសអាល្លឺម៉ង់ តែធំដឹងក្តីនៅក្នុងទីក្រុងមុយនិច។ អនាគតអ្នកប្រាជ្ញដ៏ល្បីមួយនេះ កើតមកមិនមានលក្ខណៈពិសេសអ្វីឲ្យលើសពីក្មេងដទៃទៀតនោះទេ គឺមានតែផ្ទុយទៅវិញ។
អាញ់ស្តាញ់ជាក្មេងដែលក្រចេះនិយាយ រហូតធ្វើឲ្យឪពុកម្តាយព្រួយបារម្ភខ្លាំង
ហើយនាំយកទៅជួបគ្រូពេទ្យ។
ទាល់តែដល់អាយុ ៣ ទៅ ៤ឆ្នាំ
ទើបអាញ់ស្តាញ់ចេះនិយាយ។
នៅវ័យកុមារ នៅក្នុងពេលដែលក្មេងៗស្របាលគ្នានៅសម័យនោះ ចូលចិត្តលេងច្បាំងគ្នា អាញ់ស្តាញ់វិញ
ចូលចិត្តលេងសង់ផ្ទះ ជាពិសេស
សង់ផ្ទះជាច្រើនជាន់ដោយប្រើសន្លឹកបៀរ
ហើយចូលចិត្តនៅតែឯង អង្គុយសញ្ជប់សញ្ជឹង និងស្រមើស្រមៃ។
នៅក្នុងការស្រមើស្រមៃនេះ
អាញ់ស្តាញ់ចូលចិត្តគិតពីអ្វីៗដែលហួសពីការមើលឃើញដោយភ្នែក, ពីអ្វីៗដែលគេពិបាកនឹងពន្យល់ ហើយក្រោយមក ទម្លាប់គិតស្រមើស្រមៃនេះក៏ក្លាយទៅជាវិធីសាស្រ្តមួយ ក្នុងការសិក្សាស្រាវជ្រាវរបស់អាញ់ស្តាញ់។ វិធីសាស្រ្តសិក្សាដែលគេឲ្យឈ្មោះថា “ការធ្វើពិសោធន៍ដោយគិតក្នុងចិត្ត) ” Thought Experiment)។
គ្រឿងលេងមួយទៀត ដែលទាក់ទាញអារម្មណ៍អាញ់ស្តាញ់យ៉ាងខ្លាំងដែរកាលពីក្មេង គឺត្រីវិស័យ ដែលអាញ់ស្តាញ់បានទទួលជាអំណោយពីឪពុក តាំងពីពេលមានអាយុទើបនឹងបាន ៤ ទៅ ៥ឆ្នាំ។ អាញ់ស្តាញ់មានការចម្លែកក្នុងចិត្តយ៉ាងខ្លាំង នៅពេលដែលមើលឃើញទ្រនិចត្រីវិស័យតែងតែចង្អុលទៅទិសដៅមួយជាប់ជានិច្ច គឺទិសខាងជើង។ អាញ់ស្តាញ់សាកល្បងគ្រប់មធ្យោបាយ ដោយយកត្រីវិស័យទៅដាក់ពីកន្លែងមួយ ទៅកន្លែងមួយ
ទាំងដាក់ផ្កាប់ ឬផ្ងា ឬក៏ចាប់បង្វិលយ៉ាងណា ក៏ទ្រនិចរបស់វានៅតែត្រឡប់មករកកន្លែងដើម
គឺចង្អុលទៅទិសខាងជើង។
អាញ់ស្តាញ់ឆ្ងល់ខ្លាំងណាស់
ក៏សួរទៅឪពុកថា តើហេតុអ្វីបានជាទ្រនិចត្រីវិស័យតែងតែចង្អុលទៅទិសតែមួយបែបនេះ? ឪពុករបស់អាញ់ស្តាញ់បានពន្យល់ថា ផែនដីយើង គឺប្រៀបបាននឹងដែកឆក់ដ៏ធំមួយ ដែលមានកម្លាំងម៉ាញេទិកទាញទ្រនិចត្រីវិស័យឲ្យចង្អុលទៅទិសខាងជើង។ អាញ់ស្តាញ់កាន់តែមានភាពអស្ចារ្យក្នុងចិត្តខ្លាំងឡើងថែមទៀត នៅពេលដែលដឹងថា
នៅជុំវិញខ្លួនយើងមានកម្លាំងដ៏ចម្លែកមួយ ដែលយើងមើលមិនឃើញ
តែមានឥទ្ធិពលអាចបង្វិលទ្រនិចត្រីវិស័យបាន។
អនុស្សាវរីយ៍ជាមួយនឹងត្រីវិស័យបានបន្តដក់ជាប់ក្នុងគំនិតរបស់ អាញ់ស្តាញ់ រហូតដល់វ័យចំណាស់ក៏លោកនៅតែចងចាំ
ហើយបានសរសេររំឭកថា គឺចេញពីត្រីវិស័យនេះហើយ ដែលធ្វើឲ្យលោកមានគំនិតដក់ជាប់មករហូតថា នៅពីខាងក្រោយអ្វីៗដែលយើងមើលឃើញដោយភ្នែក គឺមានអ្វីៗជាច្រើនទៀតដែលយើងមើលមិនឃើញ។
ក្រៅពីកម្លាំងម៉ាញេទិក នៅមានកម្លាំងអរូបិយមួយទៀត ដែលទាក់ទាញអារម្មណ៍អាញ់ស្តាញ់តាំងពីក្មេងមកដែរ
គឺអគ្គិសនី។ ឪពុករបស់អាញ់ស្តាញ់ គឺជាវិស្វករ ហើយរួមជាមួយនឹងឪពុកមារបស់អាញ់ស្តាញ់ ពួកគាត់បានបង្កើតជាសហគ្រាសមួយ
ដែលមានជំនាញខាងគ្រឿងអគ្គិសនី។
អាញ់ស្តាញ់មានការអស្ចារ្យក្នុងចិត្តចំពោះចរន្តអគ្គិសនី… វាជារបស់ដែលគេមិនអាចមើលឃើញ តែមានអំណាចខ្លាំងអស្ចារ្យ ហើយក្នុងពេលជាមួយគ្នា ក៏ពោរពេញទៅដោយគ្រោះថ្នាក់។ អាញ់ស្តាញ់ក៏មានចម្ងល់យ៉ាងច្រើនផងដែរទាក់ទងនឹងអគ្គិសនី ដោយចោទជាសំណួរយ៉ាងច្រើន មិនចេះចប់មិនចេះហើយ
ចំពោះឪពុក និងឪពុកមា។ តើអគ្គិសនីធ្វើឡើងពីអ្វី? មានល្បឿនលឿនប៉ុណ្ណា? តើគេមានវិធីអាចមើលវាឃើញដែរទេ? ។ល។ និង ។ល។
អាញ់ស្តាញ់កើតក្នុងត្រកូលជ្វីហ្វ តែមិនមែនជាអ្នកគោរពប្រតិបត្តិតាមសាសនានិងទំនៀមទម្លាប់ជ្វីហ្វ នោះទេ។ មិនត្រឹមតែប៉ុណ្ណោះ អាញ់ស្តាញ់ត្រូវបានឪពុកម្តាយចុះឈ្មោះឲ្យចូលរៀននៅសាលាបឋមសិក្សា កាតូលិក ដោយយល់ថា ជាសាលាដែលមានគុណភាព។
ការសិក្សារបស់អាញ់ស្តាញ់នៅថ្នាក់បឋមសិក្សាបានប្រព្រឹត្តទៅដោយ រលូន ដោយគ្មានចោទជាបញ្ហាអ្វីនោះទេ។ ក៏ប៉ុន្តែ អ្វីៗចាប់ផ្តើមប្រែប្រួល
នៅពេលចូលថ្នាក់អនុវិទ្យាល័យ។
គ្រូរបស់អាញ់ស្តាញ់មិនចូលចិត្តអាញ់ស្តាញ់ដែលចូលចិត្តសួរដេញដោលច្រើន ហួសហេតុ ហើយជាពិសេស គឺសួរពីរឿងដែលហួសពីកម្មវិធីសិក្សា ឬក្រៅកម្មវិធីសិក្សា។ ចំណែកឯអាញ់ស្តាញ់វិញ
ក៏មិនចូលចិត្តសាលា៖ មិនចូលចិត្តទាំងការតម្រូវឲ្យស្លៀកពាក់ឯកសណ្ឋាន និងវិន័យតឹងតែងដូចសាលាទាហាន, មិនចូលចិត្តទាំងបរិយាកាសជុំវិញ ដោយសារតែអាញ់ស្តាញ់មានគំនិតខុសគេ
មានចំណាប់អារម្មណ៍ និងចំណូលចិត្តខុសគេ ពិបាកក្នុងការរាប់អានមិត្ត
និងជាពិសេស គឺអាញ់ស្តាញ់មិនចូលចិត្តការបង្រៀន
ដែលតម្រូវឲ្យមានការអាន
និងទន្ទេញចាំមាត់ និងទាមទារឲ្យសិស្សគោរពតាមយ៉ាងខ្ជាប់ខ្ជួននូវសេចក្តីបង្រៀនរបស់ គ្រូ ដោយមិនបើកចំហឲ្យមានការចោទសួរ ឬជជែកដេញដោល។
បន្តិចម្តងៗ
អាញ់ស្តាញ់ក៏មានការសោះល្វើយក្នុងការរៀនសូត្រ លើកលែងតែមុខវិជ្ជាមួយ
ដែលអាញ់ស្តាញ់ចូលចិត្តជាងគេ គឺគណិតវិទ្យា ដោយសារតែវាជាមុខវិជ្ជាមួយ
ដែលទាមទារឲ្យមានការត្រិរិះពិចារណា ហើយមិនចេះតែអាន និងទន្ទេញចាំមាត់។
នៅពេលអាញ់ស្តាញ់មានអាយុ ១៦ឆ្នាំ
ដោយសារតែមុខជំនួញរបស់ឪពុក
ក្រុមគ្រួសាររបស់អាញ់ស្តាញ់បានរើចេញពីអាល្លឺម៉ង់ទៅរស់នៅអ៊ីតាលី ក៏ប៉ុន្តែ
ឪពុករបស់អាញ់ស្តាញ់ដែលមានក្តីស្រមៃចង់ឲ្យកូនក្លាយជាវិស្វករ ក៏បានទុកឲ្យអាញ់ស្តាញ់បន្តការរៀនសូត្រនៅទីក្រុងមុយនិច តែម្នាក់ឯង។
ការបែកពីក្រុមគ្រួសារបានធ្វើឲ្យអាញ់ស្តាញ់មានភាពកណ្តោចកណ្តែង ហើយរួមជាមួយនឹងការមិនចូលចិត្តសាលាស្រាប់
អាញ់ស្តាញ់ក៏រៀនលែងចូល
ហើយជារឿយៗ តែងតែរងទណ្ឌកម្ម
ដោយការធ្វើល្មើសនឹងវិន័យសាលា។
អាញ់ស្តាញ់មានផ្នត់គំនិតមួយថា
ការស្តាប់តែតាមបញ្ជាគ្រូ
ឬគោរពតាមតែវិន័យដោយមិនគិតពិចារណា វាគឺជាសត្រូវដ៏ធំបំផុតនៃការស្វែងរកសេចក្តីពិត។
នៅទីបំផុត អាញ់ស្តាញ់ក៏ត្រូវគេបណ្តេញចេញពីសាលាឈប់ឲ្យរៀនតទៅទៀត។
ការបណ្តេញចេញពីសាលា
បើទោះបីជាសាលាដែលអាញ់ស្តាញ់មិនចូលចិត្ត តែវាជាបទពិសោធន៍ដ៏ជូរចត់មួយ
សម្រាប់អាញ់ស្តាញ់។ អាញ់ស្តាញ់ខឹងនឹងគ្រូ ព្រមទាំងមានភាពអាម៉ាស់ និងខកចិត្តចំពោះខ្លួនឯង
ដែលទទួលបរាជ័យនៅសាលា។ ក៏ប៉ុន្តែ នៅក្នុងពេលជាមួយគ្នា អាញ់ស្តាញ់ក៏សប្បាយចិត្តដែរ... សប្បាយចិត្តនឹងបានទៅរស់នៅជួបជុំគ្រួសារនៅអ៊ីតាលី៕