អ៊ីសាក់ញូតុន (១៦៤២-១៧២៧)
នៅថ្ងៃទី២៥ ខែធ្នូ ឆ្នាំ១៦៤២ ឆ្នាំតែមួយដែលកាលីលេទទួលមរណភាពនៅអ៊ីតាលី អ្នកប្រាជ្ញមួយរូបទៀតបានចាប់កំណើតឡើង
នៅក្នុងប្រទេសអង់គ្លេស... អ៊ីសាក់ ញូតុន
ចាប់កំណើតឡើងនៅក្នុងកាលៈទេសៈដ៏លំបាកមួយ ទាំងនៅក្នុងគ្រួសារ
និងនៅក្នុងប្រទេស។
ញូតុនចាប់កំណើតឡើងជាកូនកំព្រាឪពុក។
ឪពុករបស់ញូតុនបានទទួលមរណភាព តាំងពី ៣ខែមុនញូតុនកើត ហើយនៅពេលដែលញូតុនមានអាយុទើបនឹងបាន
៣ឆ្នាំ ម្តាយបានរៀបការប្តីថ្មី ហើយទុកចោលញូតុនឲ្យរស់នៅជាមួយនឹងជីដូនជីតា
ដោយសារតែប្តីថ្មីមិនចង់ឲ្យញូតុនទៅរស់នៅជាមួយ។
រូបគំនូរបង្ហាញពីលោកអ៊ីសាក់ ញូតុន អ្នកប្រាជ្ញអង់គ្លេសដ៏ល្បីល្បាញខាងរូបវិទ្យា |
លើសពីនេះទៅទៀត ឆ្នាំដែលញូតុនកើត ក៏ជាឆ្នាំដែលអង់គ្លេសត្រូវធ្លាក់ទៅក្នុងកលយុគនយោបាយដ៏ធ្ងន់ធ្ងរ
មួយផងដែរ។ នៅឆ្នាំ១៦៤៩ នៅពេលដែលញូតុនទើបនឹងមានអាយុមិនដល់ ៧ឆ្នាំស្រួលបួលផង
សង្រ្គាមស៊ីវិលនៅអង់គ្លេសបានឈានទៅដល់ការផ្តួលរំលំរបបរាជានិយម, ព្រះមហាក្សត្រត្រូវបានគេចាប់មកកាត់ក្បាលជាសាធារណៈ,
របបសាធារណរដ្ឋត្រូវបានបង្កើតឡើង ក៏ប៉ុន្តែ ត្រូវបានប្រែក្លាយទៅជារបបផ្តាច់ការ
ក្រោមការដឹកនាំរបស់អូលីវ័រ ក្រុមវែល។ រហូតទាល់តែដល់១១ឆ្នាំក្រោយមក ទើបវិបត្តិនយោបាយត្រូវបញ្ចប់
ហើយរបបរាជានិយមអង់គ្លេសត្រូវបានបង្កើតឡើងវិញ។
ស្ថានភាពចលាចលទាំងនៅក្នុងប្រទេស និងនៅក្នុងគ្រួសារបែបនេះបានបង្កឲ្យមានការប៉ះពាល់ខាងផ្លូវចិត្ត
យ៉ាងខ្លាំងដល់ញូតុន។ ញូតុនធំដឹងក្តីជាមួយនឹងភាពឯកោ ខ្វះភាពកក់ក្តៅ ខ្វះការស្រឡាញ់ថ្នាក់ថ្មមពីឪពុកម្តាយ, ជាមួយនឹងកំហឹងនិងគំនុំចំពោះឪពុកចុងដែលផ្តាច់ក្តីស្រឡាញ់របស់
ម្តាយពីខ្លួន, ជាមួយនឹងអំពើហិង្សានៃសង្រ្គាមស៊ីវិល...
ទាំងអស់នេះបានជះឥទ្ធិពលយ៉ាងខ្លាំងដល់បុគ្គលិកលក្ខណៈរបស់ញូតុន។ ពេញក្នុងមួយជីវិត
ញូតុនត្រូវបានគេស្គាល់ថាជាមនុស្សខ្វះភាពរាក់ទាក់ ឆេវឆាវ ពោរពេញទៅដោយការច្រណែន
និងជាមនុស្សឯកោ គ្មានមិត្តភក្តិ គ្មានគូស្នេហ៍
គ្មានទំនាក់ទំនងក្នុងសង្គម។ ប្រហែលជាដោយសារតែការចូលចិត្តភាពឯកោនេះហើយ ដែលធ្វើឲ្យញូតុនចំណាយពេលភាគច្រើននៅក្នុងជីវិត
ជាមួយនឹងការសិក្សា ការត្រិះរិះពិចារណា ទៅលើធម្មជាតិ រហូតបង្កើតបានជាទ្រឹស្តីដែលជាមូលដ្ឋានគ្រឹះនៃវិទ្យាសាស្រ្ត
រហូតមកទល់នឹងពេលបច្ចុប្បន្ន។
នៅពេលដែលញូតុនមានអាយុ
១០ឆ្នាំ ឪពុកចុងបានទទួលមរណភាព ហើយម្តាយរបស់ញូតុនក៏បានវិលត្រឡប់មករស់នៅជាមួយញូតុនវិញ
ដោយនាំមកជាមួយនូវកូនក្រោយចំនួន ៣នាក់។ អាយុបាន ១២ឆ្នាំ ញូតុនត្រូវបានម្តាយចុះឈ្មោះឲ្យចូលរៀននៅសាលា
ដែលមានចម្ងាយជាង ១០គីឡូម៉ែត្រពីផ្ទះ ហើយញូតុនក៏ត្រូវបែកពីម្តាយម្តងទៀត ដើម្បីទៅរស់នៅជាមួយគេនៅក្បែរសាលារៀន។
ក៏ប៉ុន្តែ រៀនបានតែ ៥ឆ្នាំ ញូតុនត្រូវបានម្តាយឈប់ឲ្យរៀន ដើម្បីមកធ្វើការងារកសិកម្មជួយគ្រួសារ។
ញូតុនស្អប់ការងារស្រែចម្ការ ចំណែកឯគ្រូរបស់ញូតុនក៏មានការសោកស្តាយ
ដែលឃើញកូនសិស្សដ៏មានបញ្ញាវាងវៃដូចជាញូតុនបែរជាទៅធ្វើជាកសិករ ដូច្នេះ
ក៏បានព្យាយាមទៅបញ្ចុះបញ្ចូលម្តាយរបស់ញូតុន ឲ្យបញ្ជូនកូនទៅរៀននៅសកលវិទ្យាល័យ។
ម្តាយរបស់ញូតុនបានយល់ព្រម ហើយនៅឆ្នាំ១៦៦១ ញូតុនក៏បានចុះឈ្មោះចូលរៀននៅសកលវិទ្យាល័យដ៏ល្បីមួយនៅអង់គ្លេស
គឺសកលវិទ្យាល័យខេមប្រ៊ិច (Trinity Colledge, University of Cambridge)។
ពីដំបូង ញូតុនត្រូវរៀនបណ្តើរ ធ្វើការបណ្តើ (ធ្វើការជាអ្នកបម្រើក្នុងផ្ទះ) ដើម្បីយកលុយមកផ្គត់ផ្គង់ការរៀនសូត្រ។
នៅឆ្នាំចុងក្រោយ ញូតុនត្រូវបានសាលាផ្តល់អាហារូបករណ៍ ដើម្បីរៀនបញ្ចប់ថ្នាក់បរិញ្ញាបត្រ
និងបន្តយកថ្នាក់អនុបណ្ឌិត។ ក៏ប៉ុន្តែ
ភ្លាមៗក្រោយពីញូតុនរៀនចប់ថ្នាក់បរិញ្ញា សកលវិទ្យាល័យខេមប៊្រិចក៏ដូចជាគ្រឹះស្ថានជាច្រើនផ្សេងទៀតត្រូវ
បិទទ្វារជាបណ្តោះអាសន្ន ដោយសារតែមានជំងឺដ៏កាចសហាវ កំពុងឆ្លងរាតត្បាត
នៅទីក្រុងឡុងដ៍ និងតំបន់ជុំវិញ។
ក្នុងអំឡុងពេលដែលសាលារៀនបិទទ្វារ ញូតុនបានវិលត្រឡប់ទៅផ្ទះនៅឯស្រុកស្រែ
ដើម្បីគេចពីជំងឺឆ្លង ហើយនៅក្នុងរយៈពេលជិតពីរឆ្នាំ
ញូតុនបានចំណាយពេលភាគច្រើន នៅតែម្នាក់ឯង ធ្វើការសិក្សាស៊ីជម្រៅ រហូតឈានទៅបង្កើតនូវទ្រឹស្តីជាច្រើន
រាប់ចាប់តាំងពីខាងផ្នែកអុបទិក កម្លាំងទំនាញសកល រហូតទៅដល់វិធីសាស្រ្តគណនាស្មុគស្មាញខាងគណិតវិទ្យា
គឺការគណនាឌីហ្វេរ៉ង់ស្យែល និងអាំងតេក្រាល។
ក៏ប៉ុន្តែ នៅពេលនោះ ទ្រឹស្តីអស់ទាំងនេះត្រូវបានញូតុនរក្សាទុកសម្រាប់តែខ្លួនឯង
ដោយមិនបានចុះផ្សាយអ្វីទាំងអស់។ ការមិនចុះផ្សាយអំពីស្នាដៃរបស់ខ្លួនបែបនេះ
គឺដោយសារតែញូតុនគឺជាមនុស្សដែលមានចរិកឯកោនិយម មិនចូលចិត្តមានទំនាក់ទំនងជាមួយអ្នកដទៃ
ចូលចិត្តធ្វើអ្វីៗតែម្នាក់ឯងដោយមិនបង្ហាញឲ្យគេឃើញ និងជាពិសេស ញូតុនត្រូវបានគេស្គាល់ជាទូទៅថាជាមនុស្សចិត្តស្រាល
ឆាប់ខឹង និងមិនចេះទ្រាំទ្រនឹងការរិះគន់។ ហេតុដូច្នេះហើយបានជាលោកមិនចង់បង្ហាញស្នាដៃឲ្យគេឃើញ
ដរាបណាស្នាដៃនោះមិនទាន់មានភាពឥតខ្ចោះចាកផុតពីការរិះគន់។
នៅឆ្នាំ១៦៦៧ នៅពេលដែលសកលវិទ្យាល័យចាប់បើកទ្វារឡើងវិញ ញូតុនក៏បានវិលត្រឡប់ទៅខេមប៊្រិចវិញ
ហើយបានសិក្សារហូតដល់ចប់ថ្នាក់អនុបណ្ឌិត រួចហើយត្រូវបានសកលវិទ្យាល័យតែងតាំងឲ្យធ្វើជាសាស្រ្តាចារ្យ
គណិតវិទ្យានៅឆ្នាំ១៦៦៩។ ៣ឆ្នាំក្រោយមកទៀត នៅឆ្នាំ១៦៧២ ញូតុន ក្នុងវ័យត្រឹមតែ
៣០ឆ្នាំ ត្រូវបានគេជ្រើសរើសឲ្យចូលជាសមាជិករាជបណ្ឌិតសភាវិទ្យាសាស្រ្ត អង់គ្លេស
ដែលគេតែងស្គាល់ជាទូទៅថា « The Royal Society »។
នៅពេលនោះ The Royal
Society មានទម្លាប់មួយ គឺសមាជិកតែងតែជួបប្រជុំគ្នាជារឿយៗ
ដើម្បីជជែកដេញដោលគ្នា ជុំវិញប្រធានបទទាក់ទងនឹងវិទ្យាសាស្រ្ត។ សមាជិកម្នាក់ៗលើកបង្ហាញនូវលទ្ធផលនៃការសិក្សាស្រាវជ្រាវរបស់ខ្លួន
ក្នុងគោលដៅចែកចាយចំណេះដឹងផង និងដើម្បីឲ្យមានការជជែកដេញដោល ចោទជាសំណួរ
និងលើកបង្ហាញនូវទឡ្ហីករណ៍ការពារ។
សកម្មភាពអស់ទាំងនេះផ្ទុយស្រឡះពីទម្លាប់ និងអត្តចរិករបស់ញូតុន ក៏ប៉ុន្តែ
បើទោះបីជាយ៉ាងនេះក៏ដោយ ញូតុនបានព្យាយាមសម្របខ្លួន ហើយបានយកស្នាដៃរបស់លោកទៅលើកបង្ហាញ
និងដាក់ឲ្យមានការជជែកដេញដោលគ្នា។ ប៉ុន្តែមិនបានយូរប៉ុន្មានផង បញ្ហាចម្រូងចម្រាសក៏ចាប់ផ្ទុះឡើង។
លទ្ធផលនៃការសិក្សាស្រាវជ្រាវរបស់ញូតុនត្រូវទទួលរងនូវការរិះគន់ ហើយញូតុនឆ្លើយតបទៅវិញដោយកំហឹង
រហូតរាលដាលទៅជាជម្លោះជាមួយសមាជិកផ្សេងទៀត ក្នុង Royal Society។
ញូតុនមិនអាចទ្រាំទ្រនឹងស្ថានភាពអស់ទាំងនេះបាន ក៏សម្រេចចិត្តដកខ្លួនបន្តិចម្តងៗ
ពីវេទិកាជជែកដេញដោលគ្នា។ ក៏ប៉ុន្តែ នៅឆ្នាំ១៦៨៧ ក្រោមការផ្តួចផ្តើមគំនិតរបស់តារាវិទូអង់គ្លេសឈ្មោះ
អែដម៉ុន ហ៊ែលី (Edmond Halley) ញូតុនបានសុខចិត្តយកលទ្ធផលនៃការសិក្សាស្រាវជ្រាវរបស់លោកទៅ
បោះពុម្ពផ្សាយជាសៀវភៅ។ Principia បានក្លាយទៅជាមូលដ្ឋានគ្រឹះ
នៃវិទ្យាសាស្រ្តសម័យទំនើប ព្រមទាំងត្រូវបានគេទទួលស្គាល់នៅក្នុងពេលបច្ចុប្បន្ននេះថាជា
ស្នាដៃដ៏សំខាន់បំផុតមួយ នៅក្នុងប្រវត្តិនៃវិទ្យាសាស្រ្ត៕