ស្នាដៃសំខាន់ៗរបស់កាលីលេ
នៅមុនកាលីលេ ទ្រឹស្តីវិទ្យាសាស្រ្តមានមូលដ្ឋានឈរលើសេចក្តីបង្រៀននៃទស្សនវិទូ
ក្រិក តាំងពីប្រមាណជា ២ពាន់ឆ្នាំមុន ជាពិសេស គឺអារីស្តូត។
អារីស្តូតគឺជាកូនសិស្សរបស់ផ្លាតុង ក៏ប៉ុន្តែ ខុសពីផ្លាតុងនិងទស្សនវិទូក្រិកជាច្រើនផ្សេងទៀត
ដែលផ្តោតការសិក្សាទៅលើទស្សនវិជ្ជាខាងផ្នែកអរូបិយ អារីស្តូតផ្តោតទៅលើទស្សនវិជ្ជានៃធម្មជាតិ
គឺទៅលើអ្វីៗដែលគេអាចមើលឃើញជាក់ស្តែង។
ទ្រឹស្តីរបស់អារីស្តូតត្រូវបានបង្កើតឡើងចេញពីការសង្កេត ការទាញហេតុនិងផលទៅតាមតក្កវិទ្យា
ដែលគេអាចចាត់ទុកថាជាទ្រឹស្តីវិទ្យាសាស្រ្ត ក៏ប៉ុន្តែ ទោះជាយ៉ាងណា ទ្រឹស្តីវិទ្យាសាស្រ្តនេះនៅតែមានជាប់ឥទ្ធិពលខ្លាំងពីទស្សនវិជ្ជា
អរូបិយ និងជាពិសេស គឺខ្វះការធ្វើពិសោធន៍ជាក់ស្តែង ដើម្បីផ្ទៀងផ្ទាត់។
អ្វីៗត្រូវប្រែប្រួលចាប់តាំងពីសម័យកាលកាលីលេ!
នៅថ្ងៃមួយ
ក្នុងអំឡុងឆ្នាំ១៥៨១ នៅពេលកំពុងនៅជានិស្សិតផ្នែកវេជ្ជសាស្រ្តនៅសកលវិទ្យាល័យពីហ្សា
នៅឡើយ កាលីលេបានងើបក្បាលឡើងសំឡឹងមើលទៅលើ ឃើញជាងកំពុងជួសជុលចង្កៀងដែលគេចងព្យួរនៅលើពិដាន។
ក្រោយពីជាងលែងដៃ ចង្កៀងនោះក៏ចាប់ផ្តើមយោលចុះយោលឡើង។ នៅក្នុងពេលដែលមនុស្សជាច្រើនផ្សេងទៀតដើរហួសទៅដោយមិនខ្ចីរវល់
ចាប់អារម្មណ៍ កាលីលេវិញ ឈរសង្កេតមើលដោយម៉ត់ចត់ ហើយចាប់ផ្តើមវាស់ចង្វាក់នៃលំយោលរបស់ចង្កៀង
ដោយប្រើជីពចររបស់លោក។ តាមរយៈការវាស់ស្ទង់នេះ
កាលីលេបានសង្កេតឃើញរឿងចម្លែកមួយ ដែលផ្ទុយពីអ្វីដែលគេធ្លាប់គិតពីមុន។
"ច្បាប់នៃរំយោល"
គឺជាស្នាដៃដ៏សំខាន់មួយរបស់កាលីលេ
ហើយជាមូលដ្ឋានគ្រឹះនៃការបង្កើតនាឡិកាយោល
|
ជាទូទៅ គេគិតថា បើសិនជាគេចងព្យួរវត្ថុមួយឲ្យយោលចុះយោលឡើង ពីដំបូងការយោលពីម្ខាងទៅម្ខាងមានចម្ងាយវែង
ហើយបន្តិចម្តងៗ ចលនានៃលំយោលនេះមានកាន់តែខ្លីទៅៗ ហើយការយោលពីម្ខាងទៅម្ខាងក៏ត្រូវប្រើថេរវេលាកាន់តែតិចទៅៗ
រហូតដល់ចំណុចមួយវត្ថុនេះត្រូវឈប់យោលទាំងស្រុង។
កាលីលេវិញ បានសង្កេតឃើញថា ចង្កៀងដែលចងព្យួរនៅលើពិដាននោះ ពិតមែនតែមានចលនាលំយោលពីដំបូងវែងៗ
ហើយក្រោយមកកាន់តែខ្លីទៅៗពិតមែន ក៏ប៉ុន្តែ ថេរវេលានៃលំយោលនីមួយ (ពេលវេលាដែលត្រូវប្រើក្នុងការយោលពីម្ខាងទៅម្ខាង)
គឺនៅតែដដែល ចាប់តាំងពីដើមដំបូង រហូតដល់ពេលដែលចង្កៀងនោះយោលកាន់តែខ្លីរហូតជិតដល់ឈប់យោល
ទាំងស្រុង។
ពេលទៅដល់បន្ទប់ស្នាក់នៅវិញ កាលីលេចាប់ផ្តើមធ្វើពិសោធន៍ឡើងវិញ ដើម្បីផ្ទៀងផ្ទាត់ឲ្យបានច្បាស់លាស់នូវអ្វីដែលលោកបានសង្កេតឃើញ។
ក្រោយពីបានពិសោធន៍ជាច្រើនលើក ដោយប្រើគ្រប់រូបភាព កាលីលេបានទាញនូវសេចក្តីសន្និដ្ឋានជាចុងក្រោយមួយថា
ការយោលពីម្ខាងទៅម្ខាងនៃវត្ថុមួយមានថេរវេលាថេរជានិច្ច តាំងពីពេលដែលវត្ថុនោះយោលខ្លាំង
រហូតដល់ចលនាលំយោលមានកាន់តែខ្លីជិតឈប់យោល។
កាលីលេ
ដែលមានវ័យមិនទាន់បាន ២០ឆ្នាំផង បានបង្កើតទ្រឹស្តីបទនៃគណិតវិទ្យាដ៏សំខាន់មួយ
ដែលគេហៅថា “ទ្រឹស្តីបទនៃលំយោល” (Law of Pendulum)។ ទ្រឹស្តីបទដែលកើតចេញពីការសង្កេត
និងផ្ទៀងផ្ទាត់ដោយការធ្វើពិសោធន៍ ហើយជាទ្រឹស្តីបទដែលត្រូវបានគេយកមកធ្វើជាមូលដ្ឋាន
នៅក្នុងការបង្កើតឧបករណ៍ដ៏សំខាន់មួយ នៅក្នុងការប្រើប្រាស់ជាប្រចាំថ្ងៃ
គឺនាឡិកាយោល។
ប៉មទ្រេតពីហ្សា នៅអ៊ីតាលី ទីដែលកាលីលេធ្វើពិសោធន៍អំពីទ្រឹស្តី "ទម្លាក់សេរី" |
នៅក្នុងអំឡុងឆ្នាំ១៥៨៩ កាលីលេគឺជាសាស្រ្តាចារ្យគណិតវិទ្យានៅសកលវិទ្យាល័យពីហ្សា
ដែលជាសកលវិទ្យាល័យប្រកាន់គំនិតអភិរក្សនិយម ដោយរាល់ការបង្រៀនទាំងអស់តែងតែគោរពយ៉ាងខ្ជាប់ខ្ជួនទៅតាមទ្រឹស្តី
វិទ្យាសាស្រ្តរបស់អារីស្តូត។ កាលីលេវិញ ដែលតាំងពីក្មេងមកតែងតែមានគំនិតបះបោរ
ចោទសួរ មិនចេះតែជឿទៅតាមគេថា បានលើកឡើងនូវគំនិតមួយចំនួនដែលផ្ទុយពីការបង្រៀនរបស់អារីស្តូត
ដោយក្នុងនោះមានទ្រឹស្តីមួយ ដែលគេតែងតែលើកយកមកនិយាយច្រើន គឺទាក់ទងនឹង “ទម្លាក់សេរី”។
យោងតាមទ្រឹស្តីរបស់អារីស្តូត វត្ថុមួយធ្លាក់ចុះក្នុងល្បឿនលឿន ឬយឺត គឺអាស្រ័យទៅនឹងទម្ងន់របស់វា
មានន័យថា វត្ថុដែលមានទម្ងន់ធ្ងន់ធ្លាក់ចុះលឿនជាងវត្ថុដែលមានទម្ងន់ស្រាល។
កាលីលេវិញយល់ឃើញផ្ទុយស្រឡះពីអារីស្តូត ដោយលើកឡើងថា ល្បឿននៃការធ្លាក់នៃវត្ថុមួយមិនអាស្រ័យទៅនឹងទម្ងន់របស់វានោះទេ
ឬអាចនិយាយបានម្យ៉ាងទៀតថា គ្រប់វត្ថុទាំងអស់ធ្លាក់ក្នុងល្បឿនស្មើគ្នា បើទោះបីជាវត្ថុនោះធ្ងន់
ឬស្រាលក៏ដោយ។
ដើម្បីផ្ទៀងផ្ទាត់បញ្ជាក់ពីទ្រឹស្តីនេះ កាលីលេបានធ្វើការពិសោធន៍ជាក់ស្តែង
ដោយបានយកវត្ថុពីរ មានរាងស្វ៊ែរដូចគ្នា តែមានទម្ងន់ខុសគ្នា១០ដង ទៅទម្លាក់ពីលើកំពូលប៉មទ្រេតពីហ្សា
(Pisa Leaning Tower)។ ការពិសោធន៍បានបង្ហាញថា
វត្ថុទាំងពីរនេះបានធ្លាក់ចុះដល់ដីក្នុងពេលតែមួយ ដែលជាការបញ្ជាក់ថា
វត្ថុទាំងពីរ ទោះជាមានទម្ងន់ខុសគ្នាស្រឡះ តែធ្លាក់ចុះក្នុងល្បឿនស្មើគ្នា។
ក៏ប៉ុន្តែ បើទោះបីជាយ៉ាងនេះក៏ដោយ គេនៅតែមិនជឿលើទ្រឹស្តីរបស់កាលីលេ ដោយសារតែគេគិតថា
ទ្រឹស្តីដែលបន្សល់ទុកដោយអារីស្តូតអស់រយៈពេលពីរពាន់ឆ្នាំមកហើយនោះ គឺមានលក្ខណៈសមហេតុសមផលច្រើនជាង
ពីព្រោះបើគិតទៅតាមស្ថានភាពជាក់ស្តែង ញញួរ និងដុំសំឡី មិនអាចធ្លាក់ចុះក្នុងល្បឿនស្មើគ្នានោះទេ។
ជាការពិត បើសិនជាគេទម្លាក់ដុំដែក និងដុំសំឡី ដែកប្រាកដជាធ្លាក់ចុះលឿនជាងសំឡី។
ក៏ប៉ុន្តែ កាលីលេបានអះអាងថា ដុំសំឡីធ្លាក់ក្នុងល្បឿនយឺតជាងដុំដែកគឺដោយសារតែទទួលឥទ្ធិពលពី
កម្លាំងខាងក្រៅ គឺខ្យល់ និងកម្លាំងកកិតនៃបរិយាកាសរបស់ភពផែនដី។ បើតាមកាលីលេ
ប្រសិនបើគ្មានខ្យល់ និងបរិយាកាស ដុំដែក និងដុំសំឡី នឹងត្រូវធ្លាក់ចុះក្នុងល្បឿនស្មើគ្នា។
ក៏ប៉ុន្តែ នៅពេលនោះ កាលីលេមិនមានវិធីអ្វី ដែលអាចធ្វើពិសោធន៍ក្នុងទីកន្លែងដែលគ្មានបរិយាកាស
ដើម្បីបញ្ជាក់ពីទ្រឹស្តីរបស់លោកបាននោះទេ។
ប្រមាណជា ៣៧០ឆ្នាំក្រោយមក នៅថ្ងៃទី២ ខែសីហា ឆ្នាំ១៩៧២ ទ្រឹស្តីរបស់កាលីលេត្រូវបានគេបញ្ជាក់
តាមរយៈការធ្វើពិសោធន៍មួយ នៅក្នុងអំឡុងបេសកកម្មអាប៉ូឡូទី១៥
ទៅកាន់ព្រះចន្ទ ដែលជាទីតាំងគ្មានខ្យល់ និងគ្មានបរិយាកាស។
អវកាសយានិកអាមេរិក ឈ្មោះដេវីដ ស្កត (David Scott) ឈរនៅលើដីព្រះចន្ទ ដៃម្ខាងកាន់ញញួរ ដៃម្ខាងទៀតកាន់ស្លាបឥន្ទ្រី
រួចហើយលែងដៃក្នុងពេលតែមួយ។ ញញួរ និងស្លាបឥន្ទ្រីធ្លាក់ចុះក្នុងល្បឿនស្មើគ្នា
ប៉ះដីព្រះចន្ទក្នុងពេលព្រមគ្នា ហើយបណ្តាជនរាប់ពាន់លាននាក់ ដែលមើលការផ្សាយបន្តផ្ទាល់តាមទូរទស្សន៍
សុទ្ធតែបានមើលឃើញដោយខ្លួនឯងថា ទ្រឹស្តីរបស់កាលីលេ កាលពី៣៧០ឆ្នាំមុន គឺពិតជាត្រឹមត្រូវ៖
គ្រប់វត្ថុទាំងអស់មិនថាមានទម្ងន់ខុសគ្នាប៉ុណ្ណានោះទេ សុទ្ធតែធ្លាក់ចុះក្នុងល្បឿនស្មើគ្នា៕