កាលីលេ៖ បិតានៃវិទ្យាសាស្រ្តសម័យទំនើប
នៅវេលាយប់មួយ ក្នុងខែសីហា ឆ្នាំ១៦០៩
នៅក្នុងក្រុងមួយ ក្នុងប្រទេសអ៊ីតាលី ផ្ទៃមេឃស្រឡះ ផ្កាយរះព្រោងព្រាត អ្នកវិទ្យាសាស្រ្តមួយរូប
ឈ្មោះថា កាលីលេ ដើរចេញពីក្នុងផ្ទះ សំដៅទៅកាន់សួនច្បារ ដៃកាន់តេឡេស្កុបដ៏ថ្មីស្រឡាងមួយដែលលោកទើបនឹងបង្កើតឡើងដោយខ្លួនឯង
ហើយចាប់ផ្តើមធ្វើការសិក្សានិងសង្កេតមើលយ៉ាងលម្អិតទៅលើដួងតារា... ការសិក្សាដែលនាំទៅរករបកគំហើញដ៏អស្ចារ្យជាច្រើន
ដែលជាមូលដ្ឋានគ្រឹះនៃវិទ្យាសាស្រ្តសម័យទំនើប ប៉ុន្តែ របកគំហើញដែលធ្វើឲ្យកាលីលេខ្លួនឯងត្រូវប្រឈមមុខនឹង
គ្រោះថ្នាក់ដ៏ធ្ងន់ធ្ងរដល់ខ្លួនឯង...
នេះគឺជាដំណើររឿងនៃជីវិតនិងស្នាដៃរបស់អ្នកប្រាជ្ញមួយរូប
ដែលលោកអាញ់ស្តាញ់ (Albert
Einstein) ចាត់ទុកថាជាបិតានៃវិទ្យាសាស្រ្ត។
កាលីលេ (ឈ្មោះពេញ
កាលីលេអូ កាលីលេ) កើតនៅថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ១៥៦៤ នៅក្នុងទីក្រុងពីហ្សា
ប្រទេសអ៊ីតាលី។ នៅពេលដែលកាលីលេចាប់កំណើតឡើង តំបន់អឺរ៉ុប ហើយជាពិសេស គឺអ៊ីតាលី កំពុងឆ្លងកាត់នូវយុគសម័យរុងរឿងខាងផ្នែកចំណេះដឹង
ដែលគេហៅតាមភាសាបារាំងថា La
Renaissance។ ឆ្នាំដែលកាលីលេកើត ក៏ជាឆ្នាំកំណើតរបស់កវីដ៏ល្បីម្នាក់ក្នុងប្រវត្តិសាស្រ្ត
គឺវីលីយ៉ាម ស្ហេកស្ពៀរ (នៅអង់គ្លេស) ហើយជាឆ្នាំដែលវិចិត្រករនិងស្ថាបត្យករដ៏ល្បីរបស់អ៊ីតាលី
គឺ មីកេឡង់ជេឡូ (Michelangelo) ទើបនឹងទទួលមរណភាព។
កាលីលេ (Galileo Galilei) អ្នកប្រាជ្ញអ៊ីតាលីនាសតវត្សរ៍ទី១៧ ដែលត្រូវបានគេចាត់ទុកថាជាបិតានៃវិទ្យាសាស្រ្តសម័យទំនើប |
កាលីលេ
គឺជាកូនច្បងនៅក្នុងចំណោមបងប្អូន៦នាក់ នៃត្រកូលអ្នកមានឋានៈមធ្យមម្នាក់
ដែលមានឪពុកជាតន្ត្រីករ។ ឪពុករបស់កាលីលេត្រូវបានគេស្គាល់ថាជាតន្រ្តីករដែលមានគំនិតបះបោរ
ចូលចិត្តលេងភ្លេងនិងនិពន្ធបទភ្លេងដែលខុសពីទំនៀមទម្លាប់ ក្បួនខ្នាត និងទ្រឹស្តីតន្ត្រីដែលមានពីមុន។
កាលីលេក៏ជាមនុស្សដែលមានគំនិតបះបោរ ចោទសួរ សង្ស័យទៅលើជំនឿនិងទ្រឹស្តីដែលមានស្រាប់
ដោយកាត់ទៅរកឪពុក។
តាំងពីនៅជាកុមារនៅឡើយ កាលីលេជាក្មេងដែលពូកែឆ្ងល់និងចង់ដឹងគ្រប់សព្វបែបយ៉ាង
ហើយជារឿយៗ កាលីលេរុះរើឧបករណ៍គ្រប់សព្វបែបយ៉ាង ដើម្បីចង់មើលពីគ្រឿងក្នុង និងពីរបៀបដំណើរការរបស់វា
ព្រមទាំងចេះធ្វើគ្រឿងលេងប្លែកៗប្រកបដោយគំនិតច្នៃប្រឌិត។
កាលពីដំបូងឡើយ
កាលីលេមានចំណង់ចំណូលចិត្តទៅលើដូរតន្រ្តីនិងគំនូរ។ កាលីលេរៀនគូររូប
ព្រមទាំងរៀនភ្លេងរហូតចេះបានយ៉ាងស្ទាត់ជំនាញ។ ក្រោយមកទៀត នៅពេលដែលត្រូវឪពុកម្តាយបញ្ជូនឲ្យទៅរៀននៅក្នុងវិហារកាតូលិក
កាលីលេចាប់ផ្តើមចាប់អារម្មណ៍ទៅលើសាសនា រហូតមានបំណងចង់បួសជាសង្ឃកាតូលិក។
ក៏ប៉ុន្តែ នៅពេលនោះ ឪពុករបស់កាលីលេមិនចង់ឲ្យកូនបួសជាសង្ឃ ក៏បានជំរុញឲ្យកាលីលេចេញពីវិហារកាតូលិក
ហើយទៅចុះឈ្មោះចូលរៀននៅសកលវិទ្យាល័យពីហ្សា ដោយរៀនខាងផ្នែកវេជ្ជសាស្រ្ត
ដោយសារតែនៅពេលនោះ គ្រូពេទ្យគឺជាអាជីពដែលអាចរកលុយបានច្រើន។
ពេលកំពុងរៀនខាងផ្នែកវេជ្ជសាស្រ្តនៅសកលវិទ្យាល័យពីហ្សា
កាលីលេបានឮគេនិយាយអំពីមុខវិជ្ជាមួយ គឺគណិតវិទ្យា។ កាលីលេចាប់អារម្មណ៍ខ្លាំងលើមុខវិជ្ជានេះ
ដោយសារតែជឿថា គណិតវិទ្យាគឺជាយាន ដើម្បីសិក្សាឈ្វេងយល់អំពីអ្វីៗដែលកើតមានឡើងនៅក្នុងធម្មជាតិ។
កាលីលេនៅតែបន្តរៀនជំនាញវេជ្ជសាស្រ្តទៅតាមបំណងរបស់ឪពុក ក៏ប៉ុន្តែ បន្តិចម្តងៗ
កាលីលេចាប់ផ្តើមដកចិត្តពីមុខវិជ្ជាវេជ្ជសាស្រ្តដែលជាមុខវិជ្ជាគោល ហើយផ្តោតអារម្មណ៍ខ្លាំងឡើងៗ
ទៅលើមុខវិជ្ជាគណិតវិទ្យា។ នៅទីបំផុត កាលីលេត្រូវប្រឡងធ្លាក់ខាងវេជ្ជសាស្រ្ត
ហើយនៅឆ្នាំ១៥៨៥ កាលីលេបានបញ្ចប់ការសិក្សារយៈពេល ៤ឆ្នាំ នៅសកលវិទ្យាល័យ ដោយមិនទទួលបានសញ្ញាបត្រអ្វីទាំងអស់។
ត្រឡប់ទៅដល់ផ្ទះវិញ កាលីលេ ដែលគ្មានសញ្ញាបត្រអាចប្រកបរបរជាគ្រូពេទ្យ
ក៏បែរទៅចាប់យករបរជាអ្នកបង្រៀនគណិតវិទ្យាក្រៅម៉ោងជាលក្ខណៈឯកជន ហើយក្នុងពេលជាមួយគ្នា
កាលីលេចំណាយពេលសិក្សាស្រាវជ្រាវពង្រឹងចំណេះដឹងខ្លួនឯង ព្រមទាំងយកចំណេះដឹងនិងគំនិតច្នៃប្រឌិតរបស់លោក
ទៅបង្កើតជាឧបករណ៍ប្រើប្រាស់មួយចំនួនដែលប្លែកមិនធ្លាប់មាន និងមានប្រយោជន៍នៅក្នុងសង្គម។
បន្តិចម្តងៗ
ស្នាដៃរបស់កាលីលេត្រូវបានល្បីសុះសាយ ហើយនៅឆ្នាំ១៥៨៩ នៅក្នុងវ័យ ២៥ឆ្នាំ កាលីលេត្រូវបានគេផ្តល់មុខងារឲ្យធ្វើជាសាស្រ្តាចារ្យគណិតវិទ្យា
នៅឯសកលវិទ្យាពីហ្សា ទីដែលលោករៀនធ្លាក់មិនបានសញ្ញាបត្រ កាលពី៤ឆ្នាំមុន។
ក៏ប៉ុន្តែ ការបង្រៀននៅសកលវិទ្យាល័យពីហ្សានេះ មិនមានរយៈពេលយូរប៉ុន្មាននោះទេ
ដោយសារតែគំនិតបដិវត្តន៍ និងបះបោររបស់កាលីលេ វាផ្ទុយស្រឡះពីគំនិតអភិរក្សនិយមរបស់សកលវិទ្យាល័យ។
នៅសកលវិទ្យាល័យពីហ្សា រាល់សេចក្តីបង្រៀនទាំងអស់ចាំបាច់ត្រូវតែឈរលើគោលការណ៍
ដែលបានបន្សល់ទុកដោយអ្នកប្រាជ្ញក្រិក ជាពិសេស គឺអារីស្តូត ដែលបានបង្កើតទ្រឹស្តីជាច្រើន
ទាំងខាងផ្នែកទស្សនវិជ្ជា និងវិទ្យាសាស្រ្ត។
កាលីលេវិញធ្វើខុសពីទំនៀមទម្លាប់របស់សកលវិទ្យាល័យ ដោយនៅក្នុងពេលបង្រៀនសិស្ស
កាលីលេបានធ្វើការចោទសួរ ជជែកដេញដោល និងបង្ហាញពីមន្ទិលសង្ស័យ
ចំពោះទ្រឹស្តីមួយចំនួនរបស់អារីស្តូត។
នៅឆ្នាំ១៥៩១ បង្រៀនបានត្រឹមតែ ៣ឆ្នាំ កិច្ចសន្យារបស់កាលីលេនៅសកលវិទ្យាល័យពីហ្សាត្រូវបញ្ចប់
ហើយកាលីលេត្រូវក្លាយជាអ្នកអត់ការងារធ្វើដើរទាត់ខ្យល់។ ព្រមពេលជាមួយគ្នានោះ
ស្ថានភាពគ្រួសាររបស់កាលីលេក៏ត្រូវជួបនឹងភាពត្រដាបត្រដួស យ៉ាងខ្លាំង
ដោយសារតែឪពុករបស់កាលីលេត្រូវទទួលមរណភាព ហើយម្តាយ និងប្អូនស្រីពីរនាក់ផ្សេងទៀតពឹងផ្អែកខ្លាំងលើកាលីលេ
ដើម្បីផ្គត់ផ្គង់ជីវភាព។
សំណាងល្អ ប្រមាណត្រឹមតែមួយឆ្នាំក្រោយមក កាលីលេត្រូវបានសកលវិទ្យាល័យមួយផ្សេងទៀតហៅឲ្យទៅបង្រៀន
គឺសកលវិទ្យាល័យប៉ាឌូ។ នៅពេលនោះ កាលីលេកំពុងស្ថិតក្នុងសភាពក្រីក្រខ្លាំង
រហូតគ្មានលុយធ្វើដំណើរ ហើយត្រូវធ្វើដំណើរដោយថ្មើរជើងទៅសកលវិទ្យាល័យប៉ាឌូ
ដែលមានចម្ងាយរហូតដល់ទៅ ១៦០គីឡូម៉ែត្រ។ ក៏ប៉ុន្តែ ប៉ុន្មានឆ្នាំនៅប៉ាឌូ ត្រូវបានកាលីលេរាប់ថាជារយៈពេលដ៏មានសុភមង្គលមួយ
នៅក្នុងជីវិតរបស់លោក។
សកលវិទ្យាល័យប៉ាឌូមិនត្រឹមតែផ្តល់ប្រាក់ខែច្រើនជាងនោះទេ
តែជាងនេះទៅទៀត វាគឺជាកន្លែងដែលប្រកាន់យកនូវគំនិតសេរីនិយម បើកចំហឲ្យសាស្រ្តាចារ្យ
និងនិស្សិតប្រកាន់យកនូវគំនិតផ្ទាល់ខ្លួន ផ្ទុយស្រឡះពីគំនិតអភិរក្សនិយមនៅសកលវិទ្យាល័យពីហ្សា។
គំនិតបដិវត្តន៍និងបះបោររបស់កាលីលេ មិនត្រឹមតែមិនត្រូវគេហាមឃាត់ ផ្ទុយទៅវិញ
សកលវិទ្យាល័យប៉ាឌូបានតែងតាំងកាលីលេឲ្យធ្វើជាប្រធានផ្នែក គណិតវិទ្យា
ហើយបន្តកាន់តំណែងនេះអស់រយៈពេល ១៨ឆ្នាំ ។
នៅក្នុងសកលវិទ្យាល័យដែលមានគំនិតសេរីនិយមនេះហើយ ដែលកាលីលេបានធ្វើការសិក្សា
ពិសោធន៍ ស្រាវជ្រាវ និងរកឃើញនូវគោលការណ៍សំខាន់ៗជាច្រើន ទាំងខាងផ្នែកគណិតវិទ្យា និងខាងផ្នែកវិទ្យាសាស្រ្តជាទូទៅ ដែលបើកផ្លូវទៅរកបដិវត្តន៍ដ៏សំខាន់មួយខាងផ្នែកវិទ្យាសាស្រ្ត គឺចេញពីវិទ្យាសាស្រ្តតាមបែបបុរាណពីសម័យកាលអារីស្តូត (ដែលភាគច្រើនផ្អែកទៅលើទស្សនវិជ្ជា
លាយឡំនិងជំនឿសាសនា) ទៅរកវិទ្យាសាស្រ្តសម័យទំនើប ដែលមានមូលដ្ឋានគ្រឹះឈរលើការសង្កេត និងពិសោធន៍ជាក់ស្តែង៕