តេងស៊ាវភីង៖ ការវិលត្រឡប់ទៅកាន់អំណាច ក្រោយនិរទេស
នៅឆ្នាំ១៩៦៩ ម៉ៅសេទុងបានបញ្ជូន តេង
ស៊ាវភីង ឲ្យទៅរស់នៅនិរទេសខ្លួននៅជាំងស៊ី ក្នុងហេតុផលថា ដើម្បីឲ្យលោកលត់ដំកែប្រែខ្លួនពីគំនិតមូលធននិយម។
ក៏ប៉ុន្តែ ផ្ទុយពីការគិតរបស់ម៉ៅសេទុង គឺនៅក្នុងអំឡុងពេលរស់នៅនិរទេសនៅជាំងស៊ី
ដែល តេង ស៊ាវភីង បានកំណត់ក្នុងចិត្តកាន់តែច្បាស់ថា
ចិនត្រូវការកំណែទម្រង់ស៊ីជម្រៅ ដើម្បីងាកចេញពីនយោបាយរបស់ម៉ៅសេទុង ដែលតាមពិតជានយោបាយមានប្រសិទ្ធភាពក្នុងពេលធ្វើបដិវត្តន៍
តែវាលែងស្របនឹងកាលៈទេសៈនៅសម័យកាលក្រោយបដិវត្តន៍។
ក៏ប៉ុន្តែ តេង ស៊ាវភីង ក៏បានយល់ច្បាស់ដែរថា
លោកមិនអាចនាំមកនូវការផ្លាស់ប្តូរអ្វីបានទេ ប្រសិនបើលោកស្ថិតនៅក្រៅរដ្ឋាភិបាល។
ហេតុដូច្នេះហើយបានជាលោកសម្រេចថានឹងធ្វើអ្វីៗគ្រប់យ៉ាង ដើម្បីឲ្យម៉ៅសេទុងអនុញ្ញាតឲ្យលោកត្រឡប់ទៅធ្វើការវិញ។
លោក តេង ស៊ាវភីង (ស្តាំ) ពេលជួបជាមួយលោកជេរ៉ាល ហ្វដ ប្រធានាធិបតីអាមេរិក នៅឆ្នាំ១៩៧៥ |
នៅចុងឆ្នាំ១៩៧១
នៅក្រោយពេលឮដំណឹងអំពីការស្លាប់របស់សេនាប្រមុខ លីន ពៀវ
នៅក្នុងការធ្លាក់យន្តហោះពេលរត់គេចខ្លួន ក្រោយរងការចោទពីការប៉ុនប៉ងធ្វើរដ្ឋប្រហារ
តេង ស៊ាវភីង ក៏បានសម្រេចសរសេរសំបុត្រមួយច្បាប់ទៅម៉ៅសេទុង ដោយបានថ្កោលទោស
លីន ពៀវ និងលើកសរសើរភាពឈ្លាសវៃរបស់លោកប្រធានម៉ៅ ក្នុងការទប់ស្កាត់រដ្ឋប្រហារមិនឲ្យបានសម្រេច។
ក្នុងពេលជាមួយគ្នា តេង ស៊ាវភីង បានលើកឡើងថា ការលត់ដំខ្លួននៅជាំងស៊ី ទៅតាមការណែនាំរបស់លោកប្រធានម៉ៅ
បានធ្វើឲ្យលោកមានការភ្ញាក់រឭក និងកែប្រែខ្លួនឡើងវិញ ហើយសង្ឃឹមថាថ្ងៃណាមួយនឹងអាចវិលត្រឡប់មកធ្វើការវិញ
ដើម្បីតបស្នងនូវគុណូបការៈដ៏ធំធេងរបស់បក្ស។
នៅក្នុងរយៈពេលជាច្រើនខែ តេង ស៊ាវភីង មិនបានទទួលចម្លើយអ្វីទាំងអស់តបទៅនឹងលិខិតរបស់លោក។
នៅខែសីហាឆ្នាំ១៩៧២ តេង ស៊ាវភីង បានសរសេរលិខិតមួយច្បាប់ទៀត ទៅម៉ៅសេទុង
ដោយបានសន្យាថា ប្រសិនបើលោកត្រូវបានអនុញ្ញាតឲ្យត្រឡប់មកធ្វើការវិញ លោកនឹងដើរតាមគន្លងនយោបាយបដិវត្តន៍របស់ម៉ៅសេទុងដោយឥតងាករេ។
ការសន្យារបស់តេង ស៊ាវភីង
បានធ្វើឲ្យម៉ៅសេទុងស្កប់ចិត្តច្រើន ហើយក្នុងពេលជាមួយគ្នានោះ ជូ
អេនឡាយក៏បានព្យាយាមពន្យល់ម៉ៅសេទុងថា បក្សត្រូវការមនុស្សមានសមត្ថភាពដូចជា
តេង ស៊ាវភីង ដើម្បីជួយធ្វើការស្តារស្ថានភាពសេដ្ឋកិច្ចដែលកំពុងតែដុនដាបខ្លាំង។
នៅទីបំផុត ម៉ៅសេទុងក៏បានយល់ព្រម ហើយនៅខែកុម្ភៈឆ្នាំ១៩៧៣ តេង ស៊ាវភីងត្រូវបានអនុញ្ញាតឲ្យបញ្ចប់ការនិរទេស
ហើយវិលត្រឡប់ទៅប៉េកាំងវិញ។
ជិតមួយខែក្រោយពីមកដល់ប៉េកាំងវិញ តេង
ស៊ាវភីង បានជួបជាមួយ ជូ អេនឡាយ នៅថ្ងៃទី២៨មីនា ហើយក្រោយពីជំនួបនេះ ជូ
អេនឡាយ បានរាយការណ៍ភ្លាមទៅម៉ៅសេទុងថា តេង ស៊ាវភីង នៅមានគំនិតភ្លឺស្វាង ព្រមទាំងសុខភាពមាំទាំ
អាចចូលធ្វើការវិញពេលណាក៏បាន។ ស្តាប់ការវាយតម្លៃរបស់ ជូ អេនឡាយហើយ
ម៉ៅសេទុងក៏បានអនុញ្ញាតឲ្យតេង ស៊ាវភីង
ចូលជួបជាលើកដំបូងចាប់តាំងពីពេលមានបដិវត្តន៍វប្បធម៌។ នៅល្ងាចថ្ងៃដដែល ជូ
អេនឡាយ កោះប្រជុំគណៈអចិន្រ្តៃយ៍បក្ស ហើយបានប្រកាសជាផ្លូវការ អំពីការតែងតាំង
តេង ស៊ាវភីង ជាឧបនាយករដ្ឋមន្រ្តីទទួលបន្ទុកកិច្ចការបរទេស។
នៅថ្ងៃទី១២ ខែមេសា ឆ្នាំ១៩៧៣
ក្រោយពីបាត់មុខអស់រយៈពេល ៤ឆ្នាំ
(ចាប់តាំងពីឆ្នាំ១៩៦៨) តេង ស៊ាវភីង បានចេញមុខជាសាធារណៈឡើងវិញជាលើកទីមួយ
នៅក្នុងឱកាសជប់លៀងទទួលសម្តេចព្រះនរោត្តមសីហនុ ដែលបំពេញទស្សនកិច្ច ក្នុងឋានៈជាប្រមុខរាជរដ្ឋាភិបាលរួបរួមជាតិកម្ពុជា
(រដ្ឋាភិបាលនិរទេសរួមជាមួយពួកខ្មែរក្រហម ដើម្បីប្រយុទ្ធប្រឆាំងនឹងរបបសាធារណរដ្ឋខ្មែរ)។
នៅឆ្នាំ១៩៧៤ ជូ អេនឡាយ ត្រូវធ្លាក់ខ្លួនឈឺធ្ងន់ធ្ងរមិនអាចធ្វើការបាន
តេង ស៊ាវភីង ត្រូវបានម៉ៅសេទុងប្រគល់ភារកិច្ចឲ្យធ្វើជាអ្នកចាត់ចែងកិច្ចការ
រដ្ឋប្រចាំថ្ងៃ។ ក៏ប៉ុន្តែ ការដំឡើងមុខងារ តេង ស៊ាវភីង ជាបន្តបន្ទាប់នេះ បានធ្វើឲ្យពួកជ្រុលនិយមមួយក្រុមនៅក្នុងបក្សមិនសប្បាយចិត្ត
ជាពិសេស គឺ លោកស្រី ជៀន ឈីង និងបក្សពួក៣នាក់ផ្សេងទៀត គឺ វ៉ាង ហុងវេន, ចាង ជុនឆាវ និង យ៉ាវ វេនយ័ន
ដែលសុទ្ធសឹងជាមនុស្សមានឥទ្ធិពលខ្លាំង នៅក្នុងគណៈអចិន្រ្តៃយ៍បក្ស ។
អ្នកទាំងបួន ដែលត្រូវបានគេដាក់រហស្សនាមថា “ជើងកាងទាំង៤” ចេះតែបន្តរករឿងមកវាយប្រហារ តេង
ស៊ាវភីង ជាប់ជាប្រចាំ។
នៅខែមករា ឆ្នាំ១៩៧៦ ជូ អេនឡាយ
ដែលជាខ្នងបង្អែកដ៏ធំមួយរបស់ តេង ស៊ាវភីង ត្រូវទទួលមរណភាពដោយជំងឺមហារីក។
ក្រុម “ជើងកាងទាំង៤” ក៏រឹតតែមានឱកាសវាយប្រហារ
តេង ស៊ាវភីង កាន់តែខ្លាំងជាងមុន។
នៅខែមេសា ៣ខែក្រោយមរណភាពរបស់ជូ អេនឡាយ និងត្រូវចំរដូវបុណ្យឆេងម៉េង
អ្នកគាំទ្រជូ អេនឡាយ មួយក្រុមបានជួបជុំគ្នានៅទីលានធានអានមេន
ដើម្បីរំឭកវិញ្ញានក្ខន្ធ ជូ អេនឡាយផង និងឆ្លៀតបរិហាររិះគន់អាជ្ញាធរថា មិនបានរៀបចំបុណ្យសពជូនលោកឲ្យសក្តិសមជារដ្ឋបុរសដ៏ឆ្នើមដែលគេគោរព
ស្រឡាញ់។ ក្នុងពេលជាមួយគ្នា ពួកគេក៏បាននាំគ្នាស្រែកគាំទ្រការដឹកនាំរបស់
តេង ស៊ាវភីងផងដែរ។
ហេតុការណ៍នៅធានអានមេននេះត្រូវបានក្រុម « ជើងកាងទាំង៤” ចាត់ទុកថាជាចលនាប្រឆាំងបដិវត្តន៍
ប្រឆាំងនឹងលោកប្រធានម៉ៅ ហើយបានជាលេសមកបង្កើនការវាយប្រហារលើ តេង ស៊ាវភីង
ដែលពួកគេចោទថាជាអ្នកញុះញង់ឲ្យមានចលនាបាតុកម្មនេះ។ នៅថ្ងៃទី៧ខែមេសា
២ថ្ងៃក្រោយបាតុកម្មនៅធានអានមេន គណៈអចិន្រ្តៃយ៍បក្សបានបើកកិច្ចប្រជុំបន្ទាន់មួយ
ហើយតាមការបញ្ជារបស់ម៉ៅសេទុង តេង ស៊ាវភីង ត្រូវបានគេដកតំណែងចេញវិញទាំងអស់
ចំណែកឯតំណែងនាយករដ្ឋមន្រ្តីរបស់ ជូ អេនឡាយ
ត្រូវបានគេប្រគល់ទៅឲ្យអ្នកផ្សេង គឺ ហួ គួហ្វឹង។ បន្ថែមពីលើនេះទៅទៀត
ម៉ៅសេទុងបានតែងតាំង ហួ គួហ្វឹង ជាអនុប្រធានទី១នៃបក្សកុម្មុយនិស្ត ពោលគឺជា អ្នកដែលត្រូវស្នងតំណែងជាមេដឹកនាំបក្ស
ដោយបិទផ្លូវមិនឲ្យ តេង ស៊ាវភីង អាចវិលត្រឡប់មកកាន់អំណាចវិញបាន។
ក៏ប៉ុន្តែ នៅក្រោយមរណភាពរបស់ម៉ៅសេទុង
នៅថ្ងៃទី៩ ខែកញ្ញា ឆ្នាំ១៩៧៦ ហួ គួហ្វឹង បានចេញបញ្ជាឲ្យចាប់ខ្លួន ក្រុម “ជើងកាងទាំង៤” យកមកកាត់ទោស
បោសសម្អាតក្រុមអ្នកមានគំនិតម៉ៅនិយមជ្រុលចេញពីជួរថ្នាក់ដឹកនាំ បក្ស
ហើយនៅពាក់កណ្តាលឆ្នាំ១៩៧៧ តេង ស៊ាវភីង ត្រូវបានតែងតាំងឲ្យកាន់តំណែងសំខាន់ៗឡើងវិញ
ក្នុងនោះ រួមមានតំណែងជាអនុប្រធានគណៈមជ្ឈិម, អនុប្រធានគណៈកម្មាធិការកងទ័ព និងជានាយសេនាធិការកងទ័ពជាតិ។តាមឋានានុក្រម
តេង ស៊ាវភីង ធ្វើការក្រោមបង្គាប់របស់ ហួ គួហ្វឹង ក៏ប៉ុន្តែ
នៅក្នុងស្ថានភាពជាក់ស្តែង ហួ គួហ្វឹង មិនមែនជាឥស្សរជនដែលមានកេរ្តិ៍ឈ្មោះ
មានប្រវត្តិជោគជ័យ និងឥទ្ធិពលដូចជាតេង ស៊ាវភីងនោះទេ។ តាមការពិត នៅពេលនោះ
អត់ពីម៉ៅសេទុង និងជូ អេនឡាយទៅ គឺ តេង ស៊ាវភីង ដែលជាឥស្សរជនដ៏មានឥទ្ធិពលជាងគេខាងផ្នែកសេដ្ឋកិច្ច
នយោបាយ និងការទូត។ ចំណែកឯក្នុងជួរកងទ័ពវិញ តេង ស៊ាវភីង ក៏មានឥទ្ធិពលខ្លាំងជាងគេដែរ
ចាប់តាំងពីក្រោយការស្លាប់របស់ លីន ពៀវមកម៉្លេះ។
ហេតុដូច្នេះហើយបានជា
ថ្វីដ្បិតតែ ហួ គួហ្វឹង មានតំណែងជាប្រធានបក្ស និងជានាយករដ្ឋមន្រ្តី
តែធាតុពិតជាក់ស្តែង គឺ តេង ស៊ាវភីង ដែលជាអ្នកចាត់ចែងកិច្ចការសំខាន់ៗ
ទាំងនៅក្នុងបក្ស និងកិច្ចការរដ្ឋ។ តាមការពិត តេង ស៊ាវភីង បានក្លាយជាប្រមុខដឹកនាំកំពូលនៃសាធារណរដ្ឋប្រជាមានិតចិន ដោយមិនមានតំណែងផ្លូវការជាមេដឹកនាំនោះទេ
ទោះជាប្រធានាធិបតីក៏មិនមែន ជានាយករដ្ឋមន្រ្តីក៏មិនមែន
ហើយជាប្រធានបក្សក៏មិនមែន គឺលោកមានតំណែងត្រឹមតែជាអនុប្រធានបក្សតែប៉ុណ្ណោះ៕