Labels

Albert Einstein Alexandre le Grand ISIS La Terreur Pearl Harbor Renaissance កំណែទម្រង់ប៉េរេស្ត្រយកា កំណែទម្រង់សេដ្ឋកិច្ចចិន កម្ពុជា កម្ពុជាក្រោម កម្លាំងទំនាញសកល ការចាប់ផ្ដើម ការប្រជែងផ្នែកអវកាស ការវិលត្រឡប់ទៅកាន់អំណាច កាលីលេ កូសាំងស៊ីន ក្រិក ក្រុមជីហាតរដ្ឋអ៊ីស្លាម ក្រុមភេរវជនអន្តរជាតិ ខ្សែបន្ទាត់ព្រំដែន គ្រាប់បែកនុយក្លេអ៊ែរ គ្រីស្តូហ្វកូឡុំ គ្រឹស្តសាសនា ចក្រភពម៉ុងហ្គោល ចក្រភពរ៉ូម ចក្រភពអារ៉ាប់ ចលនាតស៊ូប្រដាប់អាវុធកុម្មុយនិស្ត ចិន ច្បាប់នៃចលនា ឆេកូស្លូវ៉ាគី ជប៉ុន ជ័យជម្នះរបស់ក្រុមសម្ព័ន្ធមិត្ត ជិនហ្គីស ខាន់ ដែនដីអាណានិគម តេងស៊ាវពីង តេងស៊ាវភីង ទ្រឹស្តីតារាសាស្រ្ត ទ្រឹស្តីសាសនា បក្សកុម្មុយនិស្តចិន បដិវត្តន៍ បដិវត្តន៍កសិកម្ម បដិវត្តន៍រាជានិយម បដិវត្តន៍វប្បធម៌ បដិវត្តន៍អ៊ីរ៉ង់ បារាំង បិតាកំណែទម្រង់សេដ្ឋកិច្ចចិន ប៊ិនឡាដិន បុរេប្រវត្តិ ប្រធានាធិបតីអាមេរិក ប្រវត្តិសាស្រ្ត ប្លុកកុម្មុយនិស្ត ផលវិបាក ភេរវកម្ម១១កញ្ញា មជ្ឈិមបូព៌ា មហាអំណាចអាណានិគមអាស៊ី មហាអំណាចអឺរ៉ុប មូលហេតុ ម៉ៅសេទុង យុគខ្មៅងងឹត យុគនៃពន្លឺ រដ្ឋធម្មនុញ្ រុស្សី លេនីន វាំងននដែក វិទ្យាសាស្រ្ត វិបត្តិប៊ែរឡាំង វិបត្តិព្រែកជីកស៊ុយអេ វិបត្តិមីស៊ីលគុយបា វៀតណាមខាងត្បូង សង្គ្រាមលោកលើកទី១ សង្គ្រាមលោកលើកទី២ សង្រ្គាមកូរ៉េ សង្រ្គាមឈូងសមុទ្រពែក្ស សង្រ្គាមត្រជាក់ សង្រ្គាមវៀតណាម សង្រ្គាមស៊ីវិល សង្រ្គាមអាហ្វហ្កានីស្ថាន សង្រ្គាមអ៊ីរ៉ាក់ សង្រ្គាមឥណ្ឌូចិន សព្វាវុធនុយក្លេអ៊ែរ សហភាពសូវៀត សហរដ្ឋអាមេរិក សាសនាអ៊ីស្លាម ស្ថានភាពពិភពលោក ហ៊ីត្លែរ ហ្គ័របាឆូវ អង់គ្លេស អធិរាជណាប៉ូឡេអុង អរិយធម៌ដ៏ចំណាស់បំផុតរបស់មនុស្សជាតិ អរិយធម៌មេឌីទែរ៉ាណេ អរិយធម៌អាស៊ីអាគ្នេយ៍ អាញ់ស្តាញ់ អាណាចក្រខ្មែរ អាណានិគម អាណាព្យាបាលបារាំង អាប្រាហាំលីនកុន អាមេរិក អារ៉ាប់ អាល់កៃដា អាល់ប៊ែរ អាញ់ស្តាញ់ អាស៊ីប៉ាសីហ្វិក អ៊ីតាលី អ៊ីសាក់ញូតុន អ៊ីស្រាអែល អឺរ៉ុបខាងកើត អ៊ុយក្រែន ឧស្សាហកម្ម

តេងស៊ាវភីង៖ ជីវិតនិរទេសនៅស្រុកស្រែ ក្នុងអំឡុងបដិវត្តន៍វប្បធម៌

នៅ​ឆ្នាំ១៩៦៧ តេង ស៊ាវភីង ត្រូវ​បាន​ម៉ៅសេទុង​ដកហូត​តំណែង​ ហើយ​ចាប់ឃុំ​ក្នុងផ្ទះ នៅ​ប៉េកាំង។ តេង ស៊ាវភីង ដែល​ធ្លាប់​ជា​មនុស្ស​ដ៏ជំនិត​​របស់​ម៉ៅសេទុង បាន​ក្លាយ​ទៅជា​គូសត្រូវ​ខាង​នយោបាយ ហើយ​ជាជនរងគ្រោះ នៅ​ក្នុង​បដិវត្តន៍​វប្បធម៌​ ដែល​ម៉ៅសេទុង​បាន​ប្រកាស​បើក​ធ្វើ កាលពីឆ្នាំ​១៩៦៦។

ក៏ប៉ុន្តែ ខុសពី​គូសត្រូវ​ផ្សេងទៀត​របស់​ម៉ៅសេទុង​នៅពេលនោះ ដែល​ត្រូវ​បណ្តេញ​ចេញ​ពី​បក្ស ខ្លះ​ត្រូវ​ជាប់គុក ហើយ​ខ្លះ​ទៀត​ត្រូវ​សម្លាប់ តេង ស៊ាវភីង បាន​ទទួល​នូវការ​អត់ឱន​ច្រើន​​ពី​ម៉ៅសេទុង។ តេង ស៊ាវភីង និង​ក្រុម​គ្រួសារ​មិន​ត្រូវ​ចាត់បញ្ចូល​ក្នុង​វណ្ណៈ​សត្រូវ​នឹង​បដិវត្តន៍​ នោះទេ​ ហើយ​សមាជិកភាព​របស់​តេង ស៊ាវភីង នៅ​ក្នុង​បក្ស​កុម្មុយនិស្ត​ក៏​មិនត្រូវ​បាន​ដកហូត​នោះដែរ។ ទោះជាយ៉ាងណា នៅ​ឆ្នាំ១៩៦៩ ម៉ៅសេទុង​បាន​សម្រេច​និរទេស តេង ស៊ាវភីង​ឲ្យ​ទៅ​នៅ​ស្រុកស្រែ ដើម្បី​លត់ដំកែប្រែខ្លួន។

លោក តេង ស៊ាវភីង គឺ​ជា​ចំណុចស៊ីប​នៃ​ការ​វាយប្រហារ​របស់​ក្រុម​យុវជន "ឆ្មាំក្រហម" ក្នុង​អំឡុង​បដិវត្តន៍​វប្បធម៌
 
ថ្ងៃទី២៦ ខែតុលា ឆ្នាំ១៩៦៩ តេង ស៊ាវភីង និង​ភរិយា​ ត្រូវ​បាន​គេនាំខ្លួន​ចេញ​ពី​ផ្ទះ​នៅប៉េកាំង ដឹកតាម​យន្តហោះ​ពិសេស ទៅកាន់​ក្រុងណានឆាង ក្នុងខេត្ត​ជាំងស៊ី ទីកន្លែង​ដែល​ តេង ស៊ាវភីង ធ្លាប់ធ្វើការ​ជាមួយម៉ៅសេទុង នៅ​ពេល​ចាប់ផ្តើម​​ចលនា​តស៊ូ​ប្រដាប់អាវុធ​ប្រឆាំង​នឹង​រដ្ឋាភិបាល​ គួមីនតាង។

មុនពេល​តេង ស៊ាវភីង​ចេញដំណើរ ជូ អេនឡាយ ដែល​ជា​នាយករដ្ឋមន្រ្តី និង​ជា​រៀមច្បង​ធ្លាប់​ធ្វើការ​ជាមួយ​ តេង ស៊ាវភីង តាំង​ពី​ពេល​រៀន​នៅ​ស្រុក​បារាំង បាន​ទូរស័ព្ទ​ទៅ​​ផ្តាំផ្ញើ​អាជ្ញាធរដែនដី​នៅ​ជាំងស៊ី​ឲ្យ​ជួយ​មើល​ ការខុសត្រូវ រៀបចំ​កន្លែង​រស់នៅ​ឲ្យ​បាន​សមរម្យ​ និង​ជាពិសេស ត្រូវ​រក្សា​សន្តិសុខ​ឲ្យ​បាន​រឹងមាំ ធ្វើ​យ៉ាងណា​កុំ​ឲ្យ តេង ស៊ាវភីង ត្រូវ​ក្រុមយុវជន​ ឆ្មាំក្រហម ធ្វើ​ទុក្ខបុកម្នេញ។

ទៅតាម​ការផ្តាំផ្ញើ​របស់​ជូ អេនឡាយ អាជ្ញាធរ​ស្រុក​ជាំងស៊ី​បាន​រៀបចំ​ផ្ទះ​ធំល្មមមួយ នៅមិនឆ្ងាយ​ប៉ុន្មាន​ពី​កន្លែង​ដែល តេង ស៊ាវភីង ត្រូវ​ធ្វើការ។ ផ្ទះ​នេះ​មាន​ពីរ​ជាន់។ តេង ស៊ាវភីង និង​ក្រុម​គ្រួសារ​រស់នៅ​ជាន់ខាងលើ ចំណែក​ឯ​ជាន់ខាងក្រោម គឺ​សម្រាប់​មន្រ្តី​រក្សា​សន្តិសុខ​ស្នាក់​នៅ​ប្រចាំការ។ ក៏ប៉ុន្តែ ថ្វីដ្បិត​តែ​មាន​កន្លែង​ស្នាក់​នៅ​សមរម្យ និង​មាន​ការ​រក្សា​សុវត្ថិភាព​បាន​ម៉ត់ចត់ តែ​តេង ស៊ាវភីង ត្រូវ​ធ្វើការ​ទៅតាម​ការ​កំណត់​របស់​បក្ស គឺ​ការងារ​ជា​កម្មករ​នៅ​រោងជាង​ជួសជុល​ត្រាក់ទ័រ។

រៀងរាល់​ព្រឹក តេង ស៊ាវភីង និង​ភរិយា ត្រូវ​ដើរ​ទៅ​ធ្វើការ​នៅ​រោងជាង ដែល​មាន​ចម្ងាយ​ប្រមាណ​ជា ១គីឡូម៉ែត្រ​ពី​ផ្ទះ ហើយ​ក្រៅពី​ការងារ​នៅ​រោងជាង តេង ស៊ាវភីង ត្រូវ​ធ្វើការ​នៅ​ក្នុង​ផ្ទះ ដូចជា ការ​ដាំដំណាំ បោសជូតផ្ទះ និង​ពុះអូស ជាដើម។ ចំណែក​ឯ​ពេល​ទំនេរ​ក្រៅពីនោះ លោក​ចំណាយពេល​អានសៀវភៅ និង​ស្តាប់​ព័ត៌មាន​តាមវិទ្យុ ព្រមទាំង​គិតពិចារណា​អំពី​អនាគត​ផ្ទាល់ខ្លួន និង​អនាគត​របស់​ប្រទេសជាតិ។

តាមពិត ថ្វីដ្បិត​តែ​ត្រូវ​គេ​ដកតំណែង​អស់ ហើយ​និរទេស​ឲ្យមក​រស់នៅ​តំបន់​ដាច់ស្រយាល តែ តេង ស៊ាវភីង នៅតែ​បន្ត​រក្សា​ក្តីសង្ឃឹម​ថា​ ថ្ងៃណាមួយ នឹង​អាច​វិលត្រឡប់​មក​ធ្វើការ​វិញ។ ការណ៍​ដែល​ម៉ៅសេទុង​មិនបណ្តេញ​លោក​ចេញ​ពី​បក្ស​ដូចជា​មេដឹកនាំ​ផ្សេងទៀត គឺ​ជា​កត្តា​ដ៏សំខាន់​មួយ ដែល​ធ្វើ​ឲ្យ​​ តេង ស៊ាវភីង មិនបោះបង់​ក្តីសង្ឃឹម។

រយៈពេល​ប្រមាណ​ជា ៤ឆ្នាំ នៅ​ជាំងស៊ី ដែល​តាមពិត គឺ​ជា​ពេល​ត្រូវ​ទទួល​ទណ្ឌកម្ម ដើម្បី​លត់ដំខ្លួន​ ត្រូវ​បាន​ តេង ស៊ាវភីង ប្រែក្លាយ​ទៅជា​ឱកាស... ឱកាស​ដកខ្លួនថយ​ចេញ​ពី​ភាពច្របូកច្របល់​ខាង​នយោបាយ​នៅ​ប៉េកាំង, ពី​ការ​ប្រជែងអំណាច, ពីការ​បរិហាររិះគន់​គ្នា សង្ស័យគ្នា​ និង​ហែកហួរគ្នា​ទៅវិញទៅមក... ឱកាស​ដកខ្លួន​ចេញ​ពី​កិច្ចការរដ្ឋ​ប្រចាំថ្ងៃ ហើយ​មានពេល​គិតគូរ​ពី​យុទ្ធសាស្រ្ត​ទូលំទូលាយ​និង​ស៊ីជម្រៅ ​សម្រាប់​ប្រទេស​ជាតិ ក្នុងរយៈពេលវែង។

គឺនៅក្នុង​អំឡុងពេល​​រស់នៅ​និរទេស​នៅ​ជាំងស៊ី ដែល​តេង ស៊ាវភីង បាន​កំណត់​ច្បាស់ក្នុងចិត្ត​ថា ម៉ៅសេទុង ពិតណាស់​ជា​ប្រមុខដឹកនាំ​ប្រកប​ដោយ​ទេពកោសល្យ និងសម្រេច​បាន​នូវ​ស្នាដៃ​ដ៏ធំធេង​សម្រាប់​ប្រទេសជាតិ ក៏ប៉ុន្តែ យុទ្ធសាស្រ្ត​របស់​ម៉ៅសេទុង​មាន​ប្រសិទ្ធភាព​តែ​នៅ​ក្នុង​អំឡុង​ពេល​កំពុង​ ធ្វើ​បដិវត្តន៍​តែ​ប៉ុណ្ណោះ។ នៅពេលនេះ បដិវត្តន៍​បាន​បញ្ចប់​ទៅហើយ ចិន​ត្រូវតែ​បើកទំព័រ​សករាជ​ថ្មី ដាក់ចេញ​នូវ​នយោបាយ​ថ្មី ដែល​ស្រប​ទៅនឹង​កាលៈទេសៈ​បច្ចុប្បន្ន ហើយ​នយោបាយ​ដែល​ស្រប​នឹង​កាលៈទេសៈ​នៃ​ស្រុក​សន្តិភាព គឺ​ត្រូវ​ផ្តោត​ទៅលើ​ការ​រក្សា​ស្ថិរភាព សណ្តាប់ធ្នាប់​សាធារណៈ និង​ជាពិសេស គឺ​កំណែទម្រង់​សេដ្ឋកិច្ច ដើម្បី​លើកតម្កើង​ជីវភាព​ប្រជាជន និង​នាំមកនូវ​ការ​អភិវឌ្ឍ​​ឲ្យ​ចិន​អាច​ដើរទាន់​ប្រទេស​ផ្សេងទៀត។

តេង ស៊ាវភីង ដឹង​ថា ចក្ខុវិស័យ​ដែល​លោក​មាន​សម្រាប់​ប្រទេស​ចិន​ក្រោយ​បដិវត្តន៍ គឺផ្ទុយ​ស្រឡះ​ពី​ចក្ខុវិស័យ​របស់​ម៉ៅសេទុង ក៏ប៉ុន្តែ តេង ស៊ាវភីង ​គឺ​ជា​មនុស្ស​មាន​ភាព​ប្រាកដ​និយម ហើយ​ដឹង​ច្បាស់​ថា ដរាបណា​ម៉ៅសេទុង​នៅ​រស់ ឆាកនយោបាយ​ចិន​នឹង​នៅតែ​ស្ថិត​ក្រោម​ឥទ្ធិពល និង​អំណាច​របស់​ម៉ៅសេទុង។ ដូច្នេះ ដើម្បី​អាច​នាំមក​នូវការ​ផ្លាស់ប្តូរ​ស្របទៅ​តាម​ចក្ខុវិស័យ​របស់​លោក វិធី​ដ៏ល្អ​មិនមែន​ប្រឆាំង​​នឹង​ម៉ៅសេទុង​នោះទេ តែគឺ​ត្រូវ​ធ្វើការ​ជាមួយ​នឹង​ម៉ៅសេទុង។

តាមការពិត តេង ស៊ាវភីង​ធ្លាប់​បាន​មើលឃើញ​យ៉ាងច្បាស់ អំពី​វិនាសកម្ម​នៅ​សហភាព​សូវៀត ដែល​បង្កឡើង​ដោយ​ការហែកហួរគ្នា រវាង​មេដឹកនាំជំនាន់មុន និង​ជំនាន់ក្រោយ តាមបែប​ ទឹកឡើងត្រីស្រមោច ទឹកហោចស្រមោចស៊ីត្រី ជាពិសេស គឺ​រវាង​នីគីតា គ្រូឆេវ និង​ស្តាលីន នៅ​ក្នុង​អំឡុង​ទសវត្សរ៍​ឆ្នាំ៥០។

តេង ស៊ាវភីង បាន​កំណត់​ក្នុង​ចិត្ត​ថា លោក​នឹង​មិន​ដើរតាម​គន្លង​របស់​គ្រូឆេវ​ដែល​វាយប្រហារ​បន្ទោសបង្អាប់​ មុខមាត់​របស់​ស្តាលីន​នោះទេ។ ផ្ទុយទៅវិញ លោក​នឹង​បន្ត​លើកតម្កើង​វីរភាព​របស់​ម៉ៅសេទុង​ក្នុង​នាម​ជា​ស្ថាបនិក​ និង​មេដឹកនាំ​ដ៏ភ្លឺស្វាង​នៃ​បដិវត្តន៍​កុម្មុយនិស្ត​ចិន ហើយដើម្បីអាច​ធ្វើ​កំណែទម្រង់​សំខាន់ៗ ដោយ​មិន​បង្កើត​ឲ្យ​មាន​ការ​ប្រឈមមុខ​ជាមួយ​នឹង​ម៉ៅសេទុង​និង​អ្នកគាំទ្រ លោក​នឹង​ខិតខំ​ពន្យល់​ពួកគេ​ថា កំណែទម្រង់​នេះ​គឺ​សុទ្ធតែ​ជា​ការ​ធ្វើ​តាម​គោលគំនិតដើម​​របស់​ម៉ៅសេទុង ដោយ​គ្រាន់តែ​សម្រប​ទៅតាម​កាលៈទេសៈ​​ជាក់ស្តែង​តែ​ប៉ុណ្ណោះ។ 

ក៏ប៉ុន្តែ អ្វីៗ​អស់ទាំងនេះ​​មិន​អាច​នឹង​កើតឡើង​បានទេ ប្រសិនបើ​លោក​ស្ថិត​នៅ​ក្រៅ​រដ្ឋាភិបាល។ ដូច្នេះ ជំហាន​ដំបូង​ដ៏​ចាំបាច់​បំផុត គឺ​ត្រូវ​តែ​រកវិធី​ធ្វើយ៉ាងណា​ឲ្យ​ម៉ៅសេទុង​អនុញ្ញាត​ឲ្យ​លោក​វិលត្រឡប់​ទៅ ​ធ្វើការ​វិញ៕