Labels

Albert Einstein Alexandre le Grand ISIS La Terreur Pearl Harbor Renaissance កំណែទម្រង់ប៉េរេស្ត្រយកា កំណែទម្រង់សេដ្ឋកិច្ចចិន កម្ពុជា កម្ពុជាក្រោម កម្លាំងទំនាញសកល ការចាប់ផ្ដើម ការប្រជែងផ្នែកអវកាស ការវិលត្រឡប់ទៅកាន់អំណាច កាលីលេ កូសាំងស៊ីន ក្រិក ក្រុមជីហាតរដ្ឋអ៊ីស្លាម ក្រុមភេរវជនអន្តរជាតិ ខ្សែបន្ទាត់ព្រំដែន គ្រាប់បែកនុយក្លេអ៊ែរ គ្រីស្តូហ្វកូឡុំ គ្រឹស្តសាសនា ចក្រភពម៉ុងហ្គោល ចក្រភពរ៉ូម ចក្រភពអារ៉ាប់ ចលនាតស៊ូប្រដាប់អាវុធកុម្មុយនិស្ត ចិន ច្បាប់នៃចលនា ឆេកូស្លូវ៉ាគី ជប៉ុន ជ័យជម្នះរបស់ក្រុមសម្ព័ន្ធមិត្ត ជិនហ្គីស ខាន់ ដែនដីអាណានិគម តេងស៊ាវពីង តេងស៊ាវភីង ទ្រឹស្តីតារាសាស្រ្ត ទ្រឹស្តីសាសនា បក្សកុម្មុយនិស្តចិន បដិវត្តន៍ បដិវត្តន៍កសិកម្ម បដិវត្តន៍រាជានិយម បដិវត្តន៍វប្បធម៌ បដិវត្តន៍អ៊ីរ៉ង់ បារាំង បិតាកំណែទម្រង់សេដ្ឋកិច្ចចិន ប៊ិនឡាដិន បុរេប្រវត្តិ ប្រធានាធិបតីអាមេរិក ប្រវត្តិសាស្រ្ត ប្លុកកុម្មុយនិស្ត ផលវិបាក ភេរវកម្ម១១កញ្ញា មជ្ឈិមបូព៌ា មហាអំណាចអាណានិគមអាស៊ី មហាអំណាចអឺរ៉ុប មូលហេតុ ម៉ៅសេទុង យុគខ្មៅងងឹត យុគនៃពន្លឺ រដ្ឋធម្មនុញ្ រុស្សី លេនីន វាំងននដែក វិទ្យាសាស្រ្ត វិបត្តិប៊ែរឡាំង វិបត្តិព្រែកជីកស៊ុយអេ វិបត្តិមីស៊ីលគុយបា វៀតណាមខាងត្បូង សង្គ្រាមលោកលើកទី១ សង្គ្រាមលោកលើកទី២ សង្រ្គាមកូរ៉េ សង្រ្គាមឈូងសមុទ្រពែក្ស សង្រ្គាមត្រជាក់ សង្រ្គាមវៀតណាម សង្រ្គាមស៊ីវិល សង្រ្គាមអាហ្វហ្កានីស្ថាន សង្រ្គាមអ៊ីរ៉ាក់ សង្រ្គាមឥណ្ឌូចិន សព្វាវុធនុយក្លេអ៊ែរ សហភាពសូវៀត សហរដ្ឋអាមេរិក សាសនាអ៊ីស្លាម ស្ថានភាពពិភពលោក ហ៊ីត្លែរ ហ្គ័របាឆូវ អង់គ្លេស អធិរាជណាប៉ូឡេអុង អរិយធម៌ដ៏ចំណាស់បំផុតរបស់មនុស្សជាតិ អរិយធម៌មេឌីទែរ៉ាណេ អរិយធម៌អាស៊ីអាគ្នេយ៍ អាញ់ស្តាញ់ អាណាចក្រខ្មែរ អាណានិគម អាណាព្យាបាលបារាំង អាប្រាហាំលីនកុន អាមេរិក អារ៉ាប់ អាល់កៃដា អាល់ប៊ែរ អាញ់ស្តាញ់ អាស៊ីប៉ាសីហ្វិក អ៊ីតាលី អ៊ីសាក់ញូតុន អ៊ីស្រាអែល អឺរ៉ុបខាងកើត អ៊ុយក្រែន ឧស្សាហកម្ម

តេងស៊ាវពីងនៅម៉ូស្គូមុននឹងទៅចូលរួម ចលនាតស៊ូកុម្មុយនិស្តនៅចិន

នៅថ្ងៃទី៧ ខែមករា ឆ្នាំ១៩២៦ តេង ស៊ាវភីង បាន​ចាកចេញ​ពី​ប្រទេស​បារាំង​តាម​រថភ្លើង​ កាត់តាម​ប្រទេស​អាល្លឺម៉ង់ សំដៅ​ទៅកាន់​សហភាព​សូវៀត។ គិតជាសរុប តេង ស៊ាវភីង បាន​ចំណាយពេល ៥ឆ្នាំ នៅបារាំង ហើ​យរយៈពេល ៥ឆ្នាំ​នេះ បាន​បន្សល់ទុក​នូវ​ស្លាកស្នាម​យ៉ាងច្រើន ដល់​ជីវិត​នយោបាយ និង​ផ្ទាល់​ខ្លួន​របស់ តេង ស៊ាវភីង។

គឺ​នៅ​បារាំងដែល តេង ស៊ាវភីង បាន​ចូល​ប្រឡូក​ចូល​ក្នុង​ចលនា​កុម្មុយនិស្ត បាន​សិក្សា​អំពី​រៀបចាត់តាំង​នៃ​បក្ស​កុម្មុយនិស្ត សិក្សា​អំពី​មនោគមន៍វិជ្ជា​កាលម៉ាក្ស ប្រឡូក​ដោយ​ផ្ទាល់​នៅ​ក្នុងការ​ងារ​ក្នុងវណ្ណៈកម្មករ ហើយ​ក្នុងពេល​ជាមួយគ្នា​ក៏​បាន​សិក្សា​ផងដែរ អំពី​ភាព​បើក​ចំហ​តាមបែបលោកខាងលិច ព្រមទាំង​អាច​សិក្សា​ប្រៀបធៀប​ រវាង​សង្គម នយោបាយ និង​វប្បធម៌​ចិន ជាមួយ​នឹង​ពិភព​ខាងក្រៅ។
 
រូបថត​របស់ តេង ស៊ាវភីង ពេល​កំពុង​រៀន​នៅ​ក្នុង​ប្រទេស​បារាំង

តាមការពិត បើ​គេ​ពិនិត្យ​មើល​ជារួមទៅ នៅ​ខាង​ក្រៅ​ប្រទេស​ចិន មិនមាន​ប្រទេស​ណាផ្សេងទៀត ក្រៅពី​ប្រទេស​បារាំង ដែល​បាន​ជះឥទ្ធិពល​ច្រើន​ជាងគេ​ដល់​បដិវត្តន៍​កុម្មុយនិស្ត​ចិន។ ​ក្រោយ​ជ័យជម្នះ​នៃ​បដិវត្តន៍​កុម្មុយនិស្ត​​ឆ្នាំ​១៩៤៩ ​អតីត​និស្សិត​ចិន​ដែល​រៀន​នៅ​ស្រុក​បារាំង​​បាន​ទទួល​តំណែង​សំខាន់ៗ​នៅ​ ក្នុង​រដ្ឋាភិបាល ក្នុងនោះ​មានទាំង ​តេង ស៊ាវភីង ​ជូ អេនឡាយ និង​ឥស្សរជន​ជាន់ខ្ពស់​មួយ​ចំនួន​ទៀត ដែល​កាន់តំណែង​ថ្នាក់​រដ្ឋមន្រ្តី ដូចជា រដ្ឋមន្រ្តី​ការបរទេស រដ្ឋមន្រ្តី​ទទួលបន្ទុក​ផ្នែក​បច្ចេកវិទ្យា​និង​វិទ្យាសាស្រ្ត និង​រដ្ឋមន្រ្តី​ទទួលបន្ទុក​កិច្ចការ​ឃោសនាការ​ ជាដើម។

នៅថ្ងៃ​ទី១៧ ខែមករា ឆ្នាំ​១៩២៦ តេង ស៊ាវភីង បាន​ធ្វើ​ដំណើរ​ទៅដល់​ម៉ូស្គូ ហើយ​ប្រមាណ​ជា ២សប្តាហ៍ក្រោយមក តេង ស៊ាវភីង បាន​ចុះឈ្មោះ​ចូលរៀន​នៅ​ក្នុ​ងសកលវិទ្យាល័យ​ស៊ុនយ៉ាតសេន ដែល​ជា​សកលវិទ្យាល័យ​បង្កើតឡើង​ដោយ​កិច្ចសហប្រតិបត្តិការកុម្មុយនិស្ត​ អន្តរជាតិ ហៅកាត់​ថា កូមីនទែន (Comintern) ដើម្បី​ផ្តល់​ការ​សិក្សា​ដល់​យុវជន​ចិន​មក​ពី​គណបក្ស​គួមីនតាង និង​គណបក្ស​កុម្មុយនិស្ត​ចិន។

នៅពេលនោះ គណបក្ស​គួមីនតាង​របស់​ស៊ុនយ៉ាតសេន និង​គណបក្ស​កុម្មុយនិស្ត​របស់​ម៉ៅសេទុង នៅ​ជា​សម្ព័ន្ធមិត្ត​នឹងគ្នា​នៅឡើយ។ ក្រោយ​មក​ទៀត នៅ​ក្រោយ​​មរណភាព​​របស់​ស៊ុនយ៉ាតសេន ហើយ​គណបក្ស​គួមីនតាង​ ត្រូវ​ស្ថិត​ក្រោម​ការ​ដឹកនាំ​របស់​ចាង កាយចៀក ទើប​គណបក្សគួមីនតាង​និង​គណបក្ស​កុម្មុយនិស្ត​ចាប់ផ្តើម​បែកបាក់គ្នា។

នៅម៉ូស្គូ តេង ស៊ាវភីង មានឱកាស​រៀន​ពេញម៉ោង ដោយ​មិនចាំបាច់​ត្រូវ​ធ្វើការ​បណ្តើ​រៀន​បណ្តើរ​ដូច​កាល​ពី​នៅ​ប្រទេស​ បារាំង​នោះទេ។ តេង ស៊ាវភីង រៀន ៨ម៉ោង​ក្នុងមួយថ្ងៃ ៦ថ្ងៃ​ក្នុង​មួយសប្តាហ៍ ហើយ​ត្រូវ​បាន​បក្ស​កុម្មុយនិស្ត​ធ្វើការ​វាយតម្លៃ​ថា ជា​និស្សិត​ដែល​រៀនពូកែ ​​ជា​យុវជន​ដែល​មានគំនិត​ចាស់ទុំ​ច្រើន និង​ជា​ពិសេស គឺ​ជា​​​និស្សិត​ដែល​គោរព​វិន័យយ៉ាងខ្ជាប់ខ្ជួន។

នៅសាលា មេរៀនភាគច្រើន​លើសលុប គឺ​ផ្តោត​ទៅលើ​មនោគមន៍​វិជ្ជា​កុម្មុយនិស្ត ដូចជា ការ​សិក្សា​លើ​គំនិត​របស់​កាលម៉ាក្ស អង់ហ្គែល និង​លេនីន ជាដើម ព្រមទាំង​ការ​សិក្សា​ទៅលើ​ប្រវត្តិ​បក្ស​កុម្មុយនិស្ត​សូវៀត និង​ប្រវត្តិ​នៃ​ចលនា​បដិវត្តន៍​ចិន។ ក្នុងពេល​ជាមួយគ្នា តេង ស៊ាវភីង ក៏មាន​ឱកាស​សង្កេត និង​សិក្សា​មើល​ពី ស្ថានភាព​ជាក់ស្តែង នៅ​ក្រៅសាលា​ផងដែរ។

នៅ​ពេលនោះ សហភាព​សូវៀត​នៅមិនទាន់​បាន​បង្កើត​រចនាសម្ព័ន្ធ​សេដ្ឋកិច្ច​ផែនការ​តាម​បែប​ កុម្មុយនិស្ត​នៅឡើយទេ ដោយ​នៅ​បន្ត​អនុវត្តនយោបាយ​សេដ្ឋកិច្ច ដែល​បន្សល់ទុក​តាំង​ពីសម័យ​លេនីន។ នយោបាយ​សេដ្ឋកិច្ច​នោះ ថ្វីដ្បិត​តែ​ស្ថិត​ក្រោម​ការ​គ្រប់គ្រង​យ៉ាងតឹងរ៉ឹង​ពី​សំណាក់​បក្ស​ កុម្មុយនិស្ត ក៏ប៉ុន្តែ ​មានលក្ខណៈ​មូលធន​និយម​ច្រើន​ជាង​កុម្មុយនិស្ត ដោយ​​រដ្ឋ​អនុញ្ញាត​ឲ្យ​ប្រជាជន​ប្រកបរបរ​កសិកម្ម​ជា​លក្ខណៈ​ឯកជន អាច​បើក​មុខជំនួញ​ធុនតូច ឬ​មធ្យម​ជា​លក្ខណៈ​ឯកជន ហើយ​វិនិយោគ​ពី​បរទេស​ក៏​នៅ​មាន​ការ​បើក​ចំហ។

តេង ស៊ាវភីង ស្ថិត​ក្នុង​ចំណោម​មនុស្ស​ដែល​ជឿ​ថា នយោបាយ​សេដ្ឋកិច្ច​បែបនេះ​អាច​ជំរុញ​កំណើន​សេដ្ឋកិច្ច និង​លើក​តម្កើង​ជីវភាព​របស់​ប្រជាជន​បាន​លឿន​ គឺ​លឿនជាង​នយោបាយ​សេដ្ឋកិច្ច​សមូហភាព​ និង​លឿន​ជាង​សេដ្ឋកិច្ច​តាមបែប​មូលធន​សុទ្ធសាធ​ទៅទៀត។ នយោបាយ​សេដ្ឋកិច្ច​បែបនេះ​ហើយ ដែល​តេង ស៊ាវភីង បាន​ដាក់ចេញ នៅ​ក្រោយ​ពេល​ឡើង​កាន់​អំណាច​នៅ​ចិន ចាប់ពីអំឡុង​ទសវត្សរ៍​ឆ្នាំ​៧០។

តាមការពិត គេ​សង្កេតឃើញ​ថា ពេល​រៀន​នៅ​​ម៉ូស្គូ តេង ស៊ាវភីង ដែល​កាលណោះ​មាន​វ័យ​ទើប​នឹង​បាន ២២ឆ្នាំ គឺ​ជា​និស្សិត​ដែល​មាន​គំនិត​យល់ដឹង​ស៊ីជម្រៅ​ច្រើន​ខុស​ពី​ធម្មតា ហើយ​​ផ្នត់គំនិត​ដែល​តេង ស៊ាវភីង​មាន​នៅ​ពេលនោះ ភាគច្រើន​បាន​ដក់​ជាប់​តាមខ្លួន​ជាប់រហូត ដល់​ពេល​ដែល​តេង ស៊ាវភីង ឡើង​កាន់​អំណាច​នៅ​ចិន​។

ក្រៅ​ពី​នយោបាយ​សេដ្ឋកិច្ច​កុម្មុយនិស្ត​តែ​បើក​ចំហ​តាមបែប​មូលធន គេ​​ក៏​បាន​សង្កេតឃើញ​ផងដែរ អំពី​ផ្នត់គំនិត​ខាង​នយោបាយ និង​លទ្ធិប្រជាធិបតេយ្យ ដែល​ តេង ស៊ាវភីង មាន​នៅពេល​រៀន​នៅ​​ម៉ូស្គូ ហើយ​ដែល​បន្ត​រហូតមក​ទល់​នឹង​ពេល​កាន់អំណាច​។ នៅ​ក្នុង​ចម្លើយ​​កិច្ចការ​ដែល​គ្រូ​ដាក់​ឲ្យ​ធ្វើ នៅថ្ងៃទី១២ ខែ​សីហា ឆ្នាំ​១៩២៦ តេង ស៊ាវភីង បាន​សរសេរអំពី​ "ភាព​ចាំបាច់​នៃ​អំណាច​ប្រមូលផ្តុំ និង​ការ​ស្តាប់​បញ្ជា​មេដឹកនាំ" ហើយ​ថា "ការ​បើក​ចំហ​ទៅរក​លទ្ធិប្រជាធិបតេយ្យ​អាច​ធ្វើ​ទៅបាន​នៅ​ ក្នុងកាលៈទេសៈណាមួយ និង​ក្នុង​ទំហំ​ណាមួយ គឺ​អាស្រ័យ​ទៅលើ​ភាព​អំណោយ​ផល​នៃបរិយាកាសទូទៅ​នៅ​ក្នុង​ប្រទេស"។

នេះ​គឺ​ជា​ការ​ឆ្លុះបញ្ចាំង​ស្ទើរតែ​ទាំងស្រុង​នៃ​នយោបាយ​ទូទៅ​របស់​ តេង ស៊ាវភីង នៅ​ពេល​ឡើ​ងកាន់អំណាច គឺ​ការ​ធ្វើ​កំណែទម្រង់​បើក​ចំហ​ខាង​ផ្នែក​សេដ្ឋកិច្ច​តាមបែបលោក​សេរី ក៏ប៉ុន្តែ បន្តរឹតត្បឹត​ខាង​ផ្នែក​នយោបាយ​តាមបែប​កុម្មុយនិស្ត។

ការសិក្សា​របស់​តេង ស៊ាវភីង នៅ​សកលវិទ្យាល័យ​ស៊ុនយ៉ាតសេន​នៅ​ម៉ូស្គូ ត្រូវ​មាន​រយៈពេល​២ឆ្នាំ ក៏ប៉ុន្តែ រៀន​បាន​ត្រឹមតែ​មួយ​ឆ្នាំ កាលៈទេសៈ​នយោបាយ​នៅ​ក្នុង​ប្រទេស​ចិន បាន​តម្រូវ​ឲ្យ​តេង ស៊ាវភីង ត្រូវ​បញ្ឈប់​ការ​សិក្សា​មុនកាលកំណត់ ហើយ​វិលត្រឡប់​ទៅកាន់​ប្រទេស​ចិនវិញ នៅ​ថ្ងៃ​ទី១២ ខែមករា ឆ្នាំ​១៩២៧។

នៅពេលនោះ សម្ព័ន្ធភាព រវាង​ពួកជាតិនិយម​គួមីនតាង ក្រោម​ការដឹកនាំ​របស់​ចាង កាយចៀក និង​​ចលនាកុម្មុយនិស្ត​របស់​ម៉ៅសេទុង បាន​ប្រេះឆា​កាន់តែ​ខ្លាំង ជិតឈាន​ចូល​ដល់​ដំណាក់កាល​បែកបាក់​លែង​អាច​ផ្សះផ្សាបាន។ ការបែកបាក់គ្នា​នេះ​បាន​ធ្វើ​ឲ្យ​បក្ស​កុម្មុយនិស្ត​សូវៀត​មាន​ការ​ ព្រួយបារម្ភ​យ៉ាងខ្លាំង ដោយសារ​តែ​នៅពេលនោះ ចលនា​កុម្មុយនិស្ត​ចិនមិនទាន់​មាន​កម្លាំង​ទ័ព​ខ្លាំង​អាច​ប្រជែង​ជាមួយ​នឹង ​ពួក​គួមីនតាង​បាន​នៅឡើយ។

ហេតុដូច្នេះហើយ​បានជា​បក្ស​កុម្មុយនិស្ត​សូវៀត ក៏​បាន​សម្រេច​បញ្ជូន តេង ស៊ាវភីង រួមជាមួយ​នឹង​អ្នក​នយោបាយកុម្មុយនិស្ត​វ័យ​ក្មេង​ប្រមាណ​ជា ២០នាក់​ផ្សេងទៀត ឲ្យ​ចាកចេញ​ពី​ម៉ូស្គូ វិលត្រឡប់​ចូល​ទៅ​​ក្នុង​ប្រទេស​ចិនវិញ​ ដើម្បី​ធ្វើការ​ជាមួយ​នឹង​ ហ្វឹង យូស៊ាំង (Feng Yuxiang) ដែល​ជា​មេកន្ទ្រាញ​មួយរូប​មាន​កម្លាំង​ទ័ព​ខ្លាំង​បង្គួរ ហើយ​ដែល​មាន​ទំនាក់ទំនង​ជិតស្និទ្ធ​ទាំងជាមួយ​ពួក​គួមីនតាង និង​ពួក​កុម្មុយនិស្ត។
 គោលដៅ​របស់​បក្ស​កុម្មុយនិស្ត​សូវៀត​នៅពេលនោះ គឺ​ម្យ៉ាង ​ចង់​ឲ្យ​តេង ស៊ាវភីង និង​បក្ស​ពួក​ជួយ​ក្នុង​​ការសម្របសម្រួល ដើម្បី​ព្យាយាម​បញ្ចៀស​កុំ​ឲ្យ​ពួកគួមីនតាង និង​ចលនា​កុម្មុយនិស្ត​ត្រូវ​បែកបាក់​គ្នា និ​ងម្យ៉ាងទៀត ប្រសិនបើ​ការបាក់បែកគ្នា​ពិតជា​កើតឡើង​មែន ត្រូវ​ពង្រឹង​សម្ព័ន្ធភាពជាមួយ​នឹង​ក្រុមរបស់​ ហ្វឹង យូស៊ាំង ដើម្បី​ទុក​​ជា​កម្លាំង​ទ័ព​ទប់ទល់​នឹង​កងកម្លាំង​របស់​ពួក​គួមីនតាង៕