តេងស៊ាវភីងចូលរួមក្នុងចលនាតស៊ូ ប្រដាប់អាវុធកុម្មុយនិស្ត
នៅដើមឆ្នាំ១៩២៧ ដោយកាលៈទេសៈក្នុងស្រុកតម្រូវ
តេង ស៊ាវភីង បានបោះបង់ការសិក្សានៅម៉ូស្គូ ហើយវិលត្រឡប់ចូលមកក្នុងប្រទេសចិនវិញ។
លោកបានទៅដល់ប្រទេសចិននៅក្នុងអំឡុងខែមីនា ហើយបានទៅធ្វើការជាមួយនឹងមេកន្ទ្រាញ
ហ្វឹង យូស្ហ៊ាំង នៅក្នុងខេត្តឆាងអាន ប៉ុន្តែ រក្សាទំនាក់ទំនង ទទួលបញ្ជា និងរាយការណ៍ទៅមេដឹកនាំកុម្មុយនិស្ត
ដែលមានទីស្នាក់ការធំនៅសៀងហៃ។
បេសកកម្មដ៏ធំរបស់ តេង ស៊ាវភីង នៅពេលនោះ គឺធ្វើជាស្ពានរក្សាទំនាក់ទំនងជាមួយនឹងមេកន្ទ្រាញ
ហ្វឹង យូស្ហ៊ាំង ដើម្បីបានជាកម្លាំងទ័ពទុកទប់ទល់នឹងពួកគួមីនតាងរបស់ចាង
កាយចៀក។ ក៏ប៉ុន្តែ ក្រោយពេលដែលតេង ស៊ាវភីង បានមកដល់ឆាងអានបានត្រឹមតែមួយខែ
នៅខែមេសាឆ្នាំ១៩២៧ ចាង កាយចៀក បានសម្រេចបើកការវាយប្រហារមុនទៅលើពួកកុម្មុយនិស្ត។
ចលនាកុម្មុយនិស្តចិនដែលមិនទាន់មានកម្លាំងប្រដាប់អាវុធរឹងមាំនៅឡើយ មិនអាចទប់ទល់នឹងកម្លាំងទ័ពគួមីនតាងបាន
ក៏ត្រូវបាក់បែកខ្ចាត់ខ្ចាយ ហើយមេដឹកនាំកុម្មុយនិស្តសំខាន់ជាច្រើនរូបត្រូវពួកគួមីនតាងសម្លាប់។
រីឯក្រុមមេកន្ទ្រាញ
ហ្វឹង យូស្ហ៊ាំងវិញ ដែលពួកកុម្មុនិស្តរំពឹងចង់យកធ្វើជាកម្លាំងទ័ពដើម្បីទប់ទល់នឹង
កងទ័ពរបស់ចាង កាយចៀកនោះ មិនត្រឹមតែមិនជួយពួកកុម្មុយនិស្តប៉ុណ្ណោះទេ
ប៉ុន្តែ ថែមទាំងងាកទៅចូលដៃជាមួយពួកគួមីនតាងទៅវិញ ដោយសារតែនៅពេលនោះ ហ្វឹង
យូស្ហ៊ាំង សំឡឹងឃើញថា ពួកកុម្មុយនិស្តមានកម្លាំងទន់ខ្សោយខ្លាំងពេក ដែលគ្មានសង្ឃឹមថានឹងអាចយកឈ្នះពួកគួមីនតាងបាន។
នៅក្នុងកាលៈទេសៈបែបនេះ តេង ស៊ាវភីង ត្រូវបង្ខំចិត្តរត់ចេញពីឆាងអាន ទៅចូលរួមក្នុងបណ្តាញកុម្មុយនិស្តសម្ងាត់ជាមួយនឹងមេដឹកនាំ
កុម្មុយនិស្តផ្សេងទៀត នៅសៀងហៃ ។
នៅខែសីហា ឆ្នាំ១៩២៧
មេដឹកនាំចលនាកុម្មុយនិស្តចិនចំនួន ២១រូប បានបើកកិច្ចប្រជុំបន្ទាន់មួយនៅវូហាន
ដើម្បីជជែកគ្នា អំពីជំហានដែលត្រូវដើរបន្ទាប់ពីត្រូវទទួលរងការវាយប្រហារពីពួក
គួមីនតាង។ នៅក្នុងកិច្ចប្រជុំនេះ តេង ស៊ាវភីង ដែលគ្រាន់តែជាសមាជិកវ័យ
២២ឆ្នាំ ហើយមិនទាន់មានតួនាទីអ្វីធំដុំនៅឡើយ ត្រូវបានគេចាត់តាំងឲ្យធ្វើជាអ្នកធ្វើកំណត់ត្រាប្រជុំ។
នៅក្នុងកិច្ចប្រជុំនេះហើយ ដែលតេង ស៊ាវភីង បានជួបជាមួយម៉ៅសេទុងជាលើកទី១។
នៅពេលនោះ ម៉ៅសេទុង ស្ថិតក្នុងជួរថ្នាក់ដឹកនាំកុម្មុយនិស្ត ក៏ប៉ុន្តែ ក៏នៅមិនទាន់ក្លាយជាមេដឹកនាំកំពូលនៅឡើយនោះដែរ។
មេដឹកនាំបក្សកុម្មុយនិស្តចិន ដោយមានការគាំទ្រពីសំណាក់បក្សកុម្មុយនិស្តសូវៀត
បានសម្រេចបើកការតស៊ូប្រដាប់អាវុធប្រឆាំងនឹងកងទ័ពជាតិនិយមគួមីនតាង ហើយនៅពេលនោះហើយដែលកងកម្លាំងឧទ្ទាមប្រដាប់អាវុធនៃបក្សកុម្មុយនិស្ត
ត្រូវបានបង្កើតឡើង ដែលក្រោយមកត្រូវបានគេដាក់ឈ្មោះថា "កងទ័ពរំដោះប្រជាជនចិន”។
នៅឆ្នាំ១៩២៩ តេង ស៊ាវភីង ត្រូវបានមេដឹកនាំបក្សកុម្មុយនិស្តបញ្ជូនឲ្យទៅធ្វើជាមេដឹកនាំសាខា
ក្រុមឧទ្ទាមប្រចាំខេត្តក្វាងស៊ី
(ខាងត្បូងប្រទេសចិនជាប់នឹងខេត្តក្វាងទុង)។ នៅពេលនោះ តេង
ស៊ាវភីង ទើបនឹងមានអាយុ ២៥ឆ្នាំតែប៉ុណ្ណោះ ហើយការទទួលបាននូវការតែងតាំងឲ្យកាន់តំណែងសំខាន់នៅក្នុង
វ័យក្មេងបែបនេះ គឺជាការបង្ហាញឲ្យឃើញ ពីទំនុកចិត្តដែលមេដឹកនាំកុម្មុយនិស្តមានទៅលើសមត្ថភាព
ភាពប្តូរផ្តាច់និងស្មោះត្រង់របស់តេង ស៊ាវភីង នៅក្នុងចលនាបដិវត្តន៍កុម្មុយនិស្ត។
នៅក្វាងស៊ី បានចងសម្ព័ន្ធភាពជាមួយមេកន្ទ្រាញ
ព្រមទាំងមេដឹកនាំកងកម្លាំងឧទ្ទាមជនជាតិភាគតិចក្នុងស្រុកមួយចំនួន ហើយទទួលជោគជ័យក្នុងការវាយដណ្តើមកាន់កាប់ស្រុកចំនួនពីរ
ដែលត្រូវបានគេចារទុកនៅក្នុងប្រវត្តិសាស្រ្តនៃបក្សកុម្មុយនិស្ត ចិនថាជាជោគជ័យដ៏ត្រចះត្រចង់នៃចលនាបះបោរកុម្មុយនិស្ត។
ក៏ប៉ុន្តែ
ជោគជ័យនេះមានរយៈពេលខ្លីតែប៉ុណ្ណោះ។ មិនយូរប៉ុន្មាន កងកម្លាំងស្និទ្ធិនឹងចាង
កាយចៀក បានវាយដណ្តើមយកស្រុកទាំងពីរទៅវិញ ហើយមិនត្រឹមតែប៉ុណ្ណោះ ថែមទាំងបានវាយបំបែកមូលដ្ឋានរបស់ក្រុមឧទ្ទាមកុម្មុយនិស្តនៅក្វាងស៊ី
ឲ្យបែកបាក់ខ្ចាត់ខ្ចាយ មេដឹកនាំខ្លះត្រូវស្លាប់ ខ្លះត្រូវរត់គេចខ្លួន។
ចំណែកឯតេង ស៊ាវភីងវិញ បានរត់ភៀសខ្លួនចេញពីក្វាងស៊ី
ត្រឡប់ទៅកាន់ក្រុងសៀងហៃវិញ។
ជោគជ័យរបស់តេង ស៊ាវភីង នៅក្វាងស៊ីត្រូវបានបក្សកុម្មុយនិស្តអបអរនិងចារទុកក្នុង
ប្រវត្តិសាស្រ្ត ក្នុងពេលជាមួយគ្នា បរាជ័យក៏ទទួលរងនូវការរិះគន់មិនតិចនោះដែរ។
នៅក្នុងអំឡុងបដិវត្តន៍វប្បធម៌ក្នុងអំឡុងទសវត្សរ៍ឆ្នាំ៦០ ដែលតេង ស៊ាវភីង
ត្រូវម៉ៅសេទុងនិរទេសឲ្យទៅលត់ដំខ្លួននៅស្រុកស្រែ ចំណុចរិះគន់ដែលក្រុមអ្នកស្និទ្ធនឹងម៉ៅសេទុងតែងតែបានលើកឡើងច្រើន
ជាងគេ ដើម្បីប្រឆាំងនឹងតេង ស៊ាវភីង ក៏មានដែរបរាជ័យនៅក្វាងស៊ី ដោយគេបានចោទ
តេង ស៊ាវភីងថា ជាទាហានរត់ចោលជួរ ជាមេទ័ពរត់ចោលកូនទាហាន។
ក្រោយពីបរាជ័យខាងយោធានៅក្វាងស៊ី
ពេលទៅដល់សៀងហៃ តេង ស៊ាវភីង ត្រូវប្រឈមមុខនឹងសោកនាដកម្មដ៏ធំមួយទៀត ម្តងនេះ
គឺសោកនាដកម្មគ្រួសារ។ ភរិយារបស់ តេង ស៊ាវភីង
ត្រូវបានគេនាំចូលមន្ទីរពេទ្យមួយនៅសៀងហៃ ដើម្បីសម្រាលកូន ក៏ប៉ុន្តែ
ដោយការព្យាបាលមិនដិតដល់ ភរិយារបស់តេង ស៊ាវភីង ត្រូវធ្លាក់ខ្លួនឈឺ
ហើយទទួលមរណភាពតែប៉ុន្មានថ្ងៃប៉ុណ្ណោះ ក្រោយការសម្រាលកូន។
មិនយូរប៉ុន្មានក្រោយមកទៀត កូនតូចដែលទើបនឹងកើតនេះក៏ត្រូវស្លាប់ទៅទៀត ដែលជាទុក្ខសោកដ៏ធំបំផុត
សម្រាប់តេង ស៊ាវភីង ដែលជាប្តី និងជាឪពុក។
ក៏ប៉ុន្តែ
បើទោះបីជាត្រូវប្រឈមមុខនឹងសោកនាដកម្មយ៉ាងធំធេងបែបនេះក៏ដោយ តេង ស៊ាវភីង
បានវិលត្រឡប់ទៅធ្វើការវិញភ្លាមៗ ហើយប្រហែលជាមួយឆ្នាំក្រោយមក តេង
ស៊ាវភីង ត្រូវបានមេដឹកនាំបក្សចាត់តាំងឲ្យទៅធ្វើការនៅខេត្តជាំងស៊ី ដែលជាដែនដីស្ថិតក្រោមការកាន់កាប់របស់ក្រុមឧទ្ទាមកុម្មុយនិស្ត
ដឹកនាំដោយម៉ៅសេទុង។
ជាំងស៊ីគឺជាដែនដីដំបូងគេដែលចលនាតស៊ូកុម្មុយនិស្តរបស់ម៉ៅសេទុងបាន
ដណ្តើមកាន់កាប់ ហើយបង្កើតជារចនាសម្ព័ន្ធគ្រប់គ្រងតាមបែបកុម្មុយនិស្ត។ ពេលទៅដល់ជាំងស៊ី
នៅក្នុងអំឡុងខែសីហាឆ្នាំ១៩៣១ តេង ស៊ាវភីង ត្រូវបានតែងតាំងជាលេខាបក្សប្រចាំស្រុកដ៏ធំមួយ
ដែលបក្សកុម្មុយនិស្តបានកំណត់យកធ្វើជារដ្ឋធានីនៃរបបសាធារណរដ្ឋ កុម្មុយនិស្តរបស់ខ្លួន។
គឺនៅពេលធ្វើការនៅជាំងស៊ី
ដែល តេង ស៊ាវភីង ចាប់ផ្តើមដាក់ចិត្តគោរពស្រឡាញ់ និងកោតសរសើរចំពោះម៉ៅសេទុង។ តេង ស៊ាវភីង
ដែលធ្លាប់ទទួលបរាជ័យនៅខេត្តក្វាងស៊ី ដឹងច្បាស់ថា ការវាយដណ្តើមកាន់កាប់
និងគ្រប់គ្រងដែនដី រហូតបង្កើតជាតំបន់ស្វយ័តមានរចនាសម្ព័ន្ធគ្រប់គ្រងត្រឹមត្រូវ បែបនេះ
គឺជារឿងដ៏សែនស្មុគស្មាញ ហើយជោគជ័យនៅជាំងស៊ី គឺជាការបង្ហាញឲ្យឃើញពីទេពកោសល្យ និងស្នាដៃដ៏ឆ្នើមមិនអាចប្រកែកបានរបស់ម៉ៅសេទុង៕