Labels

Albert Einstein Alexandre le Grand ISIS La Terreur Pearl Harbor Renaissance កំណែទម្រង់ប៉េរេស្ត្រយកា កំណែទម្រង់សេដ្ឋកិច្ចចិន កម្ពុជា កម្ពុជាក្រោម កម្លាំងទំនាញសកល ការចាប់ផ្ដើម ការប្រជែងផ្នែកអវកាស ការវិលត្រឡប់ទៅកាន់អំណាច កាលីលេ កូសាំងស៊ីន ក្រិក ក្រុមជីហាតរដ្ឋអ៊ីស្លាម ក្រុមភេរវជនអន្តរជាតិ ខ្សែបន្ទាត់ព្រំដែន គ្រាប់បែកនុយក្លេអ៊ែរ គ្រីស្តូហ្វកូឡុំ គ្រឹស្តសាសនា ចក្រភពម៉ុងហ្គោល ចក្រភពរ៉ូម ចក្រភពអារ៉ាប់ ចលនាតស៊ូប្រដាប់អាវុធកុម្មុយនិស្ត ចិន ច្បាប់នៃចលនា ឆេកូស្លូវ៉ាគី ជប៉ុន ជ័យជម្នះរបស់ក្រុមសម្ព័ន្ធមិត្ត ជិនហ្គីស ខាន់ ដែនដីអាណានិគម តេងស៊ាវពីង តេងស៊ាវភីង ទ្រឹស្តីតារាសាស្រ្ត ទ្រឹស្តីសាសនា បក្សកុម្មុយនិស្តចិន បដិវត្តន៍ បដិវត្តន៍កសិកម្ម បដិវត្តន៍រាជានិយម បដិវត្តន៍វប្បធម៌ បដិវត្តន៍អ៊ីរ៉ង់ បារាំង បិតាកំណែទម្រង់សេដ្ឋកិច្ចចិន ប៊ិនឡាដិន បុរេប្រវត្តិ ប្រធានាធិបតីអាមេរិក ប្រវត្តិសាស្រ្ត ប្លុកកុម្មុយនិស្ត ផលវិបាក ភេរវកម្ម១១កញ្ញា មជ្ឈិមបូព៌ា មហាអំណាចអាណានិគមអាស៊ី មហាអំណាចអឺរ៉ុប មូលហេតុ ម៉ៅសេទុង យុគខ្មៅងងឹត យុគនៃពន្លឺ រដ្ឋធម្មនុញ្ រុស្សី លេនីន វាំងននដែក វិទ្យាសាស្រ្ត វិបត្តិប៊ែរឡាំង វិបត្តិព្រែកជីកស៊ុយអេ វិបត្តិមីស៊ីលគុយបា វៀតណាមខាងត្បូង សង្គ្រាមលោកលើកទី១ សង្គ្រាមលោកលើកទី២ សង្រ្គាមកូរ៉េ សង្រ្គាមឈូងសមុទ្រពែក្ស សង្រ្គាមត្រជាក់ សង្រ្គាមវៀតណាម សង្រ្គាមស៊ីវិល សង្រ្គាមអាហ្វហ្កានីស្ថាន សង្រ្គាមអ៊ីរ៉ាក់ សង្រ្គាមឥណ្ឌូចិន សព្វាវុធនុយក្លេអ៊ែរ សហភាពសូវៀត សហរដ្ឋអាមេរិក សាសនាអ៊ីស្លាម ស្ថានភាពពិភពលោក ហ៊ីត្លែរ ហ្គ័របាឆូវ អង់គ្លេស អធិរាជណាប៉ូឡេអុង អរិយធម៌ដ៏ចំណាស់បំផុតរបស់មនុស្សជាតិ អរិយធម៌មេឌីទែរ៉ាណេ អរិយធម៌អាស៊ីអាគ្នេយ៍ អាញ់ស្តាញ់ អាណាចក្រខ្មែរ អាណានិគម អាណាព្យាបាលបារាំង អាប្រាហាំលីនកុន អាមេរិក អារ៉ាប់ អាល់កៃដា អាល់ប៊ែរ អាញ់ស្តាញ់ អាស៊ីប៉ាសីហ្វិក អ៊ីតាលី អ៊ីសាក់ញូតុន អ៊ីស្រាអែល អឺរ៉ុបខាងកើត អ៊ុយក្រែន ឧស្សាហកម្ម

ទំនាក់ទំនងរវាងតេងស៊ាវភីងនិងម៉ៅសេទុង

នៅ​ក្នុង​អំឡុង​ដើម​ទសវត្សរ៍​ទី៣០ នៅពេល​ដែល​ តេង ស៊ាវភីង ធ្វើការ​នៅ​ជាំងស៊ី​ជាមួយ​ម៉ៅសេទុង បក្ស​កុម្មុយនិស្ត​ចិន​មាន​ការ​ពុះចែក​ជា​ចរន្តគំនិត​ធំៗ​ពីរ គឺ​​មួយក្រុម ភាគច្រើន​ជា​មេដឹកនាំ​ជំនាន់​មុន​ ទាមទារ​ឲ្យ​ផ្តោត​ចលនា​តស៊ូ​  ជា​បណ្តាញ​សម្ងាត់​នៅ​តាម​ទីក្រុង ​និង​ ទីប្រជុំជន ដើម្បី​ប្រជែង​ជាមួយ​នឹង  ​រដ្ឋាភិបាល ចំណែក​ឯ​មួយក្រុម​ទៀត នាំមុខ​ដោយ​ម៉ៅសេទុង ទាមទារ​ឲ្យ​ងាក​ទៅ​ផ្តោត​អាទិភាព​លើ​ចលនា​ឧទ្ទាម​ទ័ពព្រៃ​និង​បណ្តាញ​ កុម្មុយនិស្ត​នៅតាម​ទីជនបទ។

តេង ស៊ាវភីង ដែល​បាន​មើលឃើញ​ពី​ជោគជ័យ​​​នៅ​ជាំងស៊ី បាន​បង្ហាញ​នូវ​ការគាំទ្រ​យ៉ាងពេញ​ទំហឹង​ដល់​គំនិត​របស់​ម៉ៅសេទុង។ ក៏ប៉ុ​ន្តែ ការជ្រើសរើស​យក​ខាង​ម៉ៅសេទុង​នេះ មិនមែន​មិនមាន​ផលវិបាក​នោះទេ។ តេង ស៊ាវភីង រួមជាមួយ​នឹង​មន្រ្តី​ជំនិត​របស់​ម៉ៅសេទុងពីរ​នាក់​ផ្សេងទៀត​ត្រូវ​បាន​បក្ស ​ដកតំណែង​ទាំងអស់ ព្រមទាំង​ត្រូវ​បញ្ជូន​ឲ្យ​ទៅ​ធ្វើការ​លត់ដំខ្លួន។ តេង ស៊ាវភីង ត្រូវ​ក្លាយ​ជា​ជនរងគ្រោះ នៅ​ក្នុង​ការប្រជែងគ្នា រវាង​ម៉ៅសេទុង និង​មេដឹកនាំ​បក្សកុម្មុយនិស្ត​ផ្សេងទៀត។
 
លោក តេង ស៊ាវភីង (ស្តាំ) និង​ម៉ៅសេទុង នៅ​ឆ្នាំ១៩៥៩
 
ក៏ប៉ុន្តែ ផលវិបាក​ដែល​តេង ស៊ាវភីង ត្រូវ​ទូលរែក​ក្នុង​រយៈពេល​ខ្លី នឹង​ត្រូវ​ផ្តល់​ផលមកវិញ នៅ​ក្នុង​រយៈពេល​វែងខាងមុខ ដោយសារ​តែ​តេង ស៊ាវភីង បាន​ទទួល​នូវការ​ទុកចិត្ត និង​ក្លាយ​ជា​មនុស្ស​ជំនិត​របស់​ម៉ៅសេទុង។

ចាប់ពី​ឆ្នាំ​១៩៣៥ ក្រោយ​ពី​ទទួល​បាន​នូវការជោគជ័យ​ជា​បន្តបន្ទាប់​នៅលើ​សមរភូមិ យុទ្ធសាស្រ្ត​ទ័ពព្រៃ​របស់​ម៉ៅសេទុង​បាន​ទទួល​នូវការ​គាំទ្រ​កាន់​តែ​ច្រើន​ ហើយ​អំណាច​របស់​ម៉ៅសេទុង​នៅ​ក្នុង​ជួរ​ថ្នាក់​ដឹកនាំ​បក្ស​កុម្មុយនិស្ត​ក៏​ ត្រូវ​បាន​ពង្រឹង​កាន់តែ​ខ្លាំង​ផងដែរ។ ចាប់តាំង​ពី​ពេលនោះ​ហើយ​ដែល​តេង ស៊ាវភីង បាន​ចាប់ផ្តើម​ទទួល​តំណែង​សំខាន់ៗឡើងវិញ។

នៅ​ឆ្នាំ​១៩៣៧ កងទ័ព​ជប៉ុន​វាយ​លុក​ចូលកាន់កាប់​រដ្ឋធានី​ណានជីង កង​ឧទ្ទាម​កុម្មុយនិស្ត និង​​កងទ័ព​ជាតិនិយម​គួមីនតាង​ក៏​បាន​ផ្អាក​សង្រ្គាម​នឹងគ្នា ដើម្បី​ប្រមូលកម្លាំង​ប្រយុទ្ធប្រឆាំង​នឹង​ការឈ្លានពាន​របស់​ជប៉ុន។ នៅពេលនោះ តេង ស៊ាវភីង និង​ឥស្សរជន​មួយ​រូប​ទៀត គឺ​លី ប៉ឆេង ត្រូវ​បាន​តែងតាំង​ឲ្យ​ធ្វើ​ជា​មេដឹកនាំ​​នៃ​កងពល​លេខ​១២៩ គឺ​តេង ស៊ាវភីង ជា​មេបញ្ជាការ​នយោបាយ ហើយ​ លី ប៉ឆេង ជា​មេបញ្ជាការ​ប្រយុទ្ធ។ ក៏ប៉ុន្តែ ខុស​ពី​កងពល​ផ្សេងទៀត ដែល​មេបញ្ជាការ​ប្រយុទ្ធ​មាន​អំណាច​ជាង​មេបញ្ជាការ​នយោបាយ នៅ​ក្នុង​កងពល​លេខ​១២៩វិញ គឺ​តេង ស៊ាវភីង ដែល​ទទួល​តំណែង​ជា​លេខា​ទី១ ហើយ​​មាន​អំណាច​លើ​ លី ប៉ឆេង។

នៅ​ក្នុងរយៈពេល​១២ឆ្នាំ (១៩៣៧-១៩៤៩) កងពល​លេខ​១២៩ ក្រោម​ការដឹកនាំ​របស់​តេង ស៊ាវភីង និង លី ប៉ឆេង បាន​ដើរតួនាទី​យ៉ាងសំខាន់ និង​បាន​សម្រេច​នូវ​ជោគជ័យ​យ៉ាងច្រើន នៅ​ក្នុង​ការ​ប្រយុទ្ធប្រឆាំង​នឹង​កងទ័ព​ជប៉ុន និង​ក្រោយ​មក​ទៀត ប្រយុទ្ធតទល់​នឹង​កងកម្លាំង​របស់​ចាង កាយចៀក រហូត​ទទួល​បាន​ជោគជ័យ​ផ្តួលរំលំ​រដ្ឋាភិបាល​សាធារណរដ្ឋ​របស់​គួមីនតាង បង្កើត​ជា​របបសាធារណរដ្ឋ​ប្រជាមានិតចិន​ឡើង​នៅ​ឆ្នាំ​១៩៤៩។

គិតត្រឹមឆ្នាំ​១៩៤៩ បើទោះបីជា​បាន​ទទួល​ជោគជ័យ​ក្នុងការ​ផ្តួលរំលំ​រដ្ឋាភិបាល​របស់​ចាង កាយចៀកហើយ​ក៏ដោយ បក្ស​កុម្មុយនិស្ត​ចិន​នៅមិនទាន់​បាន​បង្កើត​រដ្ឋាភិបាល​កណ្តាល​មួយ​ នៅឡើយដែរ ដោយ​ប្រទេស​ចិន​ទាំងមូល​ត្រូវ​បាន​ពុះចែក​ជា​ភូមិភាគ​ចំនួន៦​ដាច់​ពី​គ្នា។ តេង ស៊ាវភីង និង​ លី ប៉ឆេង ដែល​សុទ្ធតែ​ជា​អ្នក​មាន​ស្រុកកំណើត​នៅ​ខេត្ត​ស៊ីឈ័ន (ប៉ែកនិរតី) ត្រូវ​បាន​តែងតាំង​ឲ្យ​ធ្វើ​ជា​មេដឹកនាំ​ភូមិភាគនិរតី ហើយ​នៅ​ក្នុង​ភូមិភាគ​និរតី​នេះ ក៏​ដូចជា​កាល​ពី​​នៅ​ក្នុង​កងពល​លេខ​១២៩​ដែរ តេង ស៊ាវភីង ទទួល​តំណែង​​ជា​លេខា​ទី១​ ចំណែក​ឯ​ លី ប៉ឆេង គឺ​ជា​លេខា​ទី២។

នៅ​ឆ្នាំ​១៩៥២ នៅពេល​ដែល​​អំណាច​របស់​លេខាភូមិភាគ​ត្រូវ​បាន​ផ្ទេរ​ទៅដាក់​ឲ្យ​ស្ថិត​ក្រោម ​ការ​គ្រប់គ្រង​ដោយ​ផ្ទាល់​នៃ​រដ្ឋាភិបាល​កណ្តាល​នៅ​ប៉េកាំង តេង ស៊ាវភីង ត្រូវ​បាន​តែងតាំង​ជា​ឧបនាយករដ្ឋមន្រ្តី​ នៅ​ក្នុងរដ្ឋាភិបាល​​ដឹកនាំ​ដោយ ជូ អេនឡាយ ដែល​ជា​រៀមច្បង​ធ្លាប់​ធ្វើការ​ជាមួយគ្នា ពេល​រៀន​នៅ​ក្នុង​ប្រទេស​បារាំង។

តេង ស៊ាវភីង កាន់តំណែង​ត្រឹម​ឧបនាយករដ្ឋមន្រ្តី​ក៏ពិតមែន ក៏ប៉ុន្តែ មាន​អំណាច​ពិសេស ដោយ​សារតែ​លោក​ទទួល​បាន​នូវ​ការទុកចិត្ត​យ៉ាងខ្លាំង​ពី​សំណាក់​ម៉ៅសេទុង។ លោក​ប្រធានម៉ៅ ដែល​ជា​ប្រធានាធិបតី​ផង និង​ជា​​ប្រមុខដឹកនាំ​កំពូល​នៃ​បក្ស​កុម្មុយនិស្ត​ផង ​បាន​ចេញ​បញ្ជា​ផ្ទៃក្នុងមួយ កំណត់​ថា រាល់​ឯកសារ​ទាំងអស់ ដែល​រដ្ឋាភិបាល​ត្រូវ​ដាក់​ជូនថ្នាក់ដឹកនាំ​បក្ស​ពិនិត្យ​និង​សម្រេច ត្រូវ​ឆ្លងកាត់​ការត្រួតពិនិត្យ​ពី​​ តេង ស៊ាវភីង​ជាមុន ដែល​ធ្វើ​ឲ្យ តេង ស៊ាវភីង ត្រូវ​មាន​តួនាទី​ជា​អ្នកសម្របសម្រួល​កិច្ចការ​ សំខាន់ៗ រវាង​បក្ស​និង​រដ្ឋ។
 
លោក តេង ស៊ាវភីង(ស្ដាំ) និង​លោក លី ប៉ឆេង មេបញ្ជាការ​កងពល​១២៩​ ក្នុង​អំឡុង​សង្រ្គាម​ទ័ព​ព្រៃប្រឆាំង​ជប៉ុន និង​កងទ័ព​គួមីនតាង
 
មិនត្រឹមតែ​ប៉ុណ្ណោះ នៅ​ក្នុងរយៈពេល​ប៉ុន្មាន​ឆ្នាំ​ក្រោ​យមកទៀត តេង ស៊ាវភីង ត្រូវ​បាន​បក្ស​ប្រគល់​កិច្ចការ​កាន់តែ​សំខាន់ៗ​បន្ថែម​ទៀត គឺ​ចាប់ពីឆ្នាំ១៩៥៣ ត្រូវ​​ទទួល​បន្ទុក​ជា​រដ្ឋមន្រ្តី​ក្រសួង​សេដ្ឋកិច្ច និង​នៅ​ឆ្នាំ១៩៥៦ ទទួល​បាន​ការ​តែងតាំងជា​អគ្គលេខាធិការ​បក្ស និង​ជា​សមាជិក​នៃ​គណៈ​អចិន្រ្តៃយ៍បក្ស ពោលគឺ​ត្រូវ​ស្ថិត​ក្នុង​ចំណោម​មនុស្ស ៦នាក់ ដែល​មាន​អំណាច​ខ្លាំង​បំផុត​នៅ​ចិន បន្ទាប់​ពី​​ម៉ៅសេទុង, លៀវ ស្ហាវឈី, ជូ អេនឡាយ, ជូ តឺ និង ឈិន យុន។

ក្នុង​ឋានៈជា​រដ្ឋមន្រ្តី​ក្រសួង​សេដ្ឋកិច្ច និង​ជា​អគ្គលេខាធិការ​បក្ស តេង ស៊ាវភីង គឺ​ជា​អ្នក​ទទួល​បន្ទុក​អនុវត្ត​ផែនការ ៥ឆ្នាំ ដែល​ដាក់ចេញ​ដោយ​បក្ស​កុម្មុយនិស្ត ក្នុងនោះ​រួម​ទាំង​នយោបាយ​សេដ្ឋកិច្ច​តាមបែប​សមូហភាព​ផងដែរ។

តេង ស៊ាវភីង ចាប់តាំង​ពីពេល​រៀន​នៅ​ម៉ូស្គូ មិនមែន​ជា​អ្នក​ចូលចិត្ត​នយោបាយ​សេដ្ឋកិច្ច​សមូហភាព​​នោះទេ។ ផ្ទុយ​ទៅវិញ លោក​យល់ថា នយោបាយ​សេដ្ឋកិច្ច​ដែល​បើក​ចំហ​ដល់​វិនិយោគ​ឯកជន តាមបែប​មូលធន​និយម ទើប​អាច​ជំរុញ​កំណើន​សេដ្ឋកិច្ច​បាន​លឿន​ជាង។

ក៏ប៉ុន្តែ បើទោះបីជា​យ៉ាងនេះ​ក៏ដោយ លោក​​បាន​អនុវត្ត​យ៉ាងខ្ជាប់ខ្ជួន​នូវ​នយោបាយ​សេដ្ឋកិច្ច​សមូហភាព​ដាក់ចេញ​ ដោយ​ម៉ៅសេទុង។ ទោះបី​ជាក្រោយ​មក​ទៀត នៅ​ពេល​ដែល​ម៉ៅសេទុង​ដាក់ចេញ​នយោបាយ​ដែល​គេហៅថា មហាលោតផ្លោះ ហើយ​ដែល​​ជា​កំហុសឆ្គង​ដ៏ធំ បង្ក​នូវ​គ្រោះមហន្តរាយ​ដ៏មហិមា​ដល់​សេដ្ឋកិច្ច​និង​ប្រជាសាស្រ្ត​ចិន​ក៏ដោយ ក៏​តេង ស៊ាវភីង នៅតែ​បន្ត​អនុវត្ត​តាម​យ៉ាង​ខ្ជាប់ខ្ជួន​នូវ​នយោបាយ​របស់​ម៉ៅសេទុង​ដែរ។

នៅពេលក្រោយ​មក​ទៀត តេង ស៊ាវភីង បាន​បង្ហើប​ប្រាប់​កូនស្រី​របស់​លោក អំពី​វប្បដិសារី ដែល​មិន​បាន​ខិតខំ​ប្រឹងប្រែង​គ្រប់គ្រាន់ ​ក្នុងការ​ជួយ​តម្រែតម្រង់​ផ្លូវ​​ បញ្ចៀស​កុំ​ឲ្យ​ម៉ៅសេទុង​ដាក់ចេញ​នូវ​នយោបាយ​ខុសឆ្គង​អស់ទាំងនេះ។

 តាមការពិត នេះ​ក៏ដោយសារតែ​តេង ស៊ាវភីង គឺ​ជា​មនុស្ស​ដែលតែងតែ​​ប្រកាន់យ៉ាង​​ខ្ជាប់​នូវ​គោលការណ៍​ស្មោះត្រង់​ចំពោះ ​មេកើយ គោរពវិន័យ និង​ឋានានុក្រម (ថ្នាក់​ក្រោម​ត្រូវតែ​ស្តាប់​បង្គាប់​ថ្នាក់​លើ)។ រីឯ​ម៉ៅសេទុង​វិញ ក៏​ជា​អ្នក​ដែល​មិនសូវ​ចេះ​ទទួល​​ការរិះគន់ ហើយ​មិនចេះអត់ឱន​ឲ្យ​អ្នកណា​ដែល​មាន​គំនិត​ផ្ទុយ​ពីខ្លួន។ បន្ថែម​ពីលើ​នេះ​ទៅទៀត តេង ស៊ាវភីង ក៏ដូចជា​មនុស្សជាច្រើន​ផ្សេងទៀត​នៅពេលនោះ សុទ្ធតែ​បាន​ឃើញពី​ទេពកោសល្យ​​ក្នុងការ​ដឹកនាំ យុទ្ធសាស្រ្ត​យោធា ​និង​ភាពឆ្លាតវ័យ​ខាង​​នយោបាយ ព្រមទាំង​ស្នាដៃ​ដ៏ធំធេង​ជាច្រើន​ផ្សេងទៀត ដែល​ម៉ៅសេទុង​សម្រេច​បាន ចាប់តាំងពីសម័យ​​សង្រ្គាម​ស៊ីវិល រហូត​បាន​​ទទួល​ជោគជ័យ​​​ឡើង​កាន់​អំណាច។ ហេតុដូច្នេះហើយ​បាន​ជា​ពួកគេ​បាន​ដាក់​ការ​ទុកចិត្ត​ខ្លាំង រហូត​​មើល​រំលង​កំហុសឆ្គងរបស់​ម៉ៅសេទុង៕