Labels

Albert Einstein Alexandre le Grand ISIS La Terreur Pearl Harbor Renaissance កំណែទម្រង់ប៉េរេស្ត្រយកា កំណែទម្រង់សេដ្ឋកិច្ចចិន កម្ពុជា កម្ពុជាក្រោម កម្លាំងទំនាញសកល ការចាប់ផ្ដើម ការប្រជែងផ្នែកអវកាស ការវិលត្រឡប់ទៅកាន់អំណាច កាលីលេ កូសាំងស៊ីន ក្រិក ក្រុមជីហាតរដ្ឋអ៊ីស្លាម ក្រុមភេរវជនអន្តរជាតិ ខ្សែបន្ទាត់ព្រំដែន គ្រាប់បែកនុយក្លេអ៊ែរ គ្រីស្តូហ្វកូឡុំ គ្រឹស្តសាសនា ចក្រភពម៉ុងហ្គោល ចក្រភពរ៉ូម ចក្រភពអារ៉ាប់ ចលនាតស៊ូប្រដាប់អាវុធកុម្មុយនិស្ត ចិន ច្បាប់នៃចលនា ឆេកូស្លូវ៉ាគី ជប៉ុន ជ័យជម្នះរបស់ក្រុមសម្ព័ន្ធមិត្ត ជិនហ្គីស ខាន់ ដែនដីអាណានិគម តេងស៊ាវពីង តេងស៊ាវភីង ទ្រឹស្តីតារាសាស្រ្ត ទ្រឹស្តីសាសនា បក្សកុម្មុយនិស្តចិន បដិវត្តន៍ បដិវត្តន៍កសិកម្ម បដិវត្តន៍រាជានិយម បដិវត្តន៍វប្បធម៌ បដិវត្តន៍អ៊ីរ៉ង់ បារាំង បិតាកំណែទម្រង់សេដ្ឋកិច្ចចិន ប៊ិនឡាដិន បុរេប្រវត្តិ ប្រធានាធិបតីអាមេរិក ប្រវត្តិសាស្រ្ត ប្លុកកុម្មុយនិស្ត ផលវិបាក ភេរវកម្ម១១កញ្ញា មជ្ឈិមបូព៌ា មហាអំណាចអាណានិគមអាស៊ី មហាអំណាចអឺរ៉ុប មូលហេតុ ម៉ៅសេទុង យុគខ្មៅងងឹត យុគនៃពន្លឺ រដ្ឋធម្មនុញ្ រុស្សី លេនីន វាំងននដែក វិទ្យាសាស្រ្ត វិបត្តិប៊ែរឡាំង វិបត្តិព្រែកជីកស៊ុយអេ វិបត្តិមីស៊ីលគុយបា វៀតណាមខាងត្បូង សង្គ្រាមលោកលើកទី១ សង្គ្រាមលោកលើកទី២ សង្រ្គាមកូរ៉េ សង្រ្គាមឈូងសមុទ្រពែក្ស សង្រ្គាមត្រជាក់ សង្រ្គាមវៀតណាម សង្រ្គាមស៊ីវិល សង្រ្គាមអាហ្វហ្កានីស្ថាន សង្រ្គាមអ៊ីរ៉ាក់ សង្រ្គាមឥណ្ឌូចិន សព្វាវុធនុយក្លេអ៊ែរ សហភាពសូវៀត សហរដ្ឋអាមេរិក សាសនាអ៊ីស្លាម ស្ថានភាពពិភពលោក ហ៊ីត្លែរ ហ្គ័របាឆូវ អង់គ្លេស អធិរាជណាប៉ូឡេអុង អរិយធម៌ដ៏ចំណាស់បំផុតរបស់មនុស្សជាតិ អរិយធម៌មេឌីទែរ៉ាណេ អរិយធម៌អាស៊ីអាគ្នេយ៍ អាញ់ស្តាញ់ អាណាចក្រខ្មែរ អាណានិគម អាណាព្យាបាលបារាំង អាប្រាហាំលីនកុន អាមេរិក អារ៉ាប់ អាល់កៃដា អាល់ប៊ែរ អាញ់ស្តាញ់ អាស៊ីប៉ាសីហ្វិក អ៊ីតាលី អ៊ីសាក់ញូតុន អ៊ីស្រាអែល អឺរ៉ុបខាងកើត អ៊ុយក្រែន ឧស្សាហកម្ម

ប្រវត្តិរបស់តេងស៊ាវភីង បិតាកំណែទម្រង់សេដ្ឋកិច្ចចិន

តេង ស៊ាវភីង កើត​នៅ​ឆ្នាំ១៩០៤ នៅ​ក្នុង​ត្រកូល​អ្នក​មាន​មធ្យម​មួយ នៅ​ស្រុក​គ័ងអាន ខេត្ត​ស៊ីឈ័ន។ នៅពេលនោះ​ចិន​ស្ថិត​ក្រោម​ការ​ដឹកនាំ​នៃ​រាជវង្សឆេង (Qing) ហើយ​សែស្រឡាយ​នៃ​ត្រកូល​តេង ធ្លាប់​ជា​អ្នក​មាន​កូនចៅ​ធ្វើ​ជា​មន្រ្តី ហេតុដូច្នេះហើយ​បាន​ជា​ឪពុក​របស់​តេង ស៊ាវភីង បាន​ខិតខំ​ផ្ចុងផ្តើម​កូន​ឲ្យ​បាន​រៀនសូត្រ ក្នុងក្តីស្រមៃ​ចង់​ឃើញ​កូនប្រុស​ក្នុង​ត្រកូល​បាន​ក្លាយ​ជា​មន្រ្តី​ខ្ពស់។

ក៏ប៉ុន្តែ នៅ​ពេល​ដែល​តេង ស៊ាវភីង ទើប​នឹង​ចាប់ផ្តើម​ចូលរៀន​នៅ​សាលាបាន​មួយឆ្នាំ រាជវង្សឆេង​ត្រូវ​ដួលរលំ នៅ​ក្នុង​បដិវត្តន៍​ឆ្នាំ​១៩១១។ របបរាជានិយម​ត្រូវ​គេ​រំលាយ​ចោល ជំនួស​មកវិញ​ដោយ​របបសាធារណរដ្ឋ ហើយមុខងារ​ជា​មន្រ្តី​ក៏​ត្រូវ​គេលុបចោល។ តែទោះជាយ៉ាងណា ឪពុក​របស់​តេង ស៊ាវភីង មិនបាន​បោះបង់​ចោល​គំនិត​ចង់​ឲ្យ​កូន​ទទួល​បាន​ការ​រៀនសូត្រ​ខ្ពង់ខ្ពស់​ នោះដែរ។
 
លោក តេង ស៊ាវពីង បិតា​កំណែទម្រង់​សេដ្ឋកិច្ចចិន
 
ដោយ​ការ​ប្រឹងប្រែង ភាពឆ្លាតវៃ ព្រមទាំង​ការ​ទំនុកបម្រុង​ពី​ឪពុក តេង ស៊ាវភីង បាន​ប្រឡង​ជាប់ជាបន្តបន្ទាប់ រហូត​ដល់​ថ្នាក់​វិទ្យាល័យ ហើយ​នៅ​ឆ្នាំ​១៩១៩ តេង ស៊ាវភីង មាន​ឱកាស​ថ្មីមួយទៀត គឺ​ការ​បន្តការសិក្សា​នៅ​បរទេស។ នៅពេលនោះ អ្នកមាន​ម្នាក់​នៅ​ខេត្ត​ស៊ីឈ័ន ដែល​ធ្លាប់​បាន​ទៅ​រៀន​នៅ​ប្រទេស​បារាំង បាន​បង្កើត​អាហារូបករណ៍​ពិសេសមួយ ដើម្បី​ជួយ​អ្នក​ស៊ីឈ័ន​ឲ្យ​បាន​ទៅ​បន្ត​ការ​សិក្សា​នៅ​បារាំង​ដូចខ្លួន។ អ្នក​ចង់​ទទួល​អាហារូបករណ៍​ត្រូវ​ប្រឡង​ចូល​ថ្នាក់​ត្រៀម ដែល​មាន​រយៈពេល​មួយឆ្នាំ មុននឹង​ប្រឡងយក​អាហារូបករណ៍។

តេង ស៊ាវភីង បាន​ប្រឡង់​ជាប់ចូល​ថ្នាក់​ត្រៀម ក៏ប៉ុន្តែ ដោយ​មិនសូវ​ពូកែ​​ខាង​ភាសា​បរទេស តេង ស៊ាវភីង ប្រឡង​មិនជាប់​ខាង​ភាសា​បារាំង ហើយ​ក៏​ត្រូវ​ទទួល​បរាជ័យ​ក្នុង​ការ​ប្រឡង​យក​អាហារូបករណ៍។ ក៏ប៉ុន្តែ ឪពុក​របស់​តេង ស៊ាវភីង សុខចិត្តចំណាយលុយ​ផ្ទាល់ខ្លួន ធ្វើ​ម៉េច​ឲ្យតែ​កូន​អាច​ចេញ​ទៅ​បន្ត​ការ​សិក្សា​នៅ​ប្រទេស​បារាំង។

នៅ​ឆ្នាំ​១៩២០ ក្នុងវ័យត្រឹមតែ ១៦ឆ្នាំ តេង ស៊ាវភីង រួមជាមួយ​កូនសិស្ស​ប្រមាណ​ជា ៨០នាក់ផ្សេងទៀត បានឡើង​កប៉ាល់ ធ្វើ​ដំណើរ​​ចាកចេញ​ពី​ប្រទេសកំណើត ឆ្ពោះទៅ​កាន់ប្រទេស​បារាំង។ នៅ​ពេលនោះ ការ​ធ្វើ​ដំណើរ​ពី​ចិន​ទៅ​បារាំង ត្រូវ​ចំណាយ​ពេល​រហូតដល់​រាប់ខែ ហើយ​ត្រូវ​ឈប់សំចត​តាមផ្លូវ​ជាច្រើន​កន្លែង ដោយ​កន្លែង​ឈប់សំចត​ទីមួយ គឹ​នៅ​ក្រុង​សៀងហៃ ដែល​ជា​សម្បុក​នៃ​ជនបរទេស​ស្បែក ស។

នៅសៀងហៃ តេង ស៊ាវភីង បាន​សង្កេតឃើញ​ជនជាតិចិន ដែល​ជា​ម្ចាស់ស្រុក ត្រូវ​ពួក​បរទេស​មើលងាយមើលថោក​ដូចទាសករ ហើយ​ទិដ្ឋភាព​បែបនេះក៏​កើតមាន​ដែរ នៅ​តាម​ទីកន្លែងផ្សេងទៀត​ ដូចជា ហុងកុង វៀតណាម សិង្ហបុរី និង​ស្រីលង្កា ដែល​កប៉ាល់​របស់​តេង ស៊ាវភីង​ត្រូវ​ឈប់សំចត។ រូបភាព​​នៃ​ភាព​អយុត្តិធម៌​អស់ទាំងនេះ​បាន​ដក់ជាប់​នឹង​ផ្នត់គំនិត​របស់​តេង ស៊ាវភីង ក៏ដូចជា​កូនសិស្ស​ចិន​ផ្សេងទៀត ហើយ​វាជា​ឫសគល់​មួយ នៃ​ផ្នត់គំនិត​បដិវត្តន៍​របស់​តេង ស៊ាវភីង នៅពេល​ក្រោយមកទៀត។

ទៅដល់​បារាំង តេង ស៊ាវភីង បាន​ទៅ​រៀន​នៅ​ឯ​តំបន់​ណរម៉ង់ឌី (ខាងជើង​ប្រទេស​បារាំង) ហើយ​ដូចជា​កូនសិស្ស​ចិន​ភាគច្រើន​ផ្សេងទៀត តេង ស៊ាវភីង ត្រូវ​រៀន​បណ្ដើ និង​ធ្វើការ​បណ្ដើ ដើម្បី​យក​លុយ​ចិញ្ចឹមជីវិត។ នៅពេលនោះ បារាំង​ទើប​នឹង​ងើប​ចេញ​ពី​សង្រ្គាម​លោក​លើកទី១ ហើយ​​សេដ្ឋកិច្ច​កំពុង​ស្ថិត​ក្នុង​ស្ថានភាព​ដុនដាប​ខ្លាំង។ តម្លៃ​ទំនិញ​សព្វសារពើ​ក៏​ខ្ពស់ ហើយ​ការងារ​ក៏​ពិបាករក។ ការងារ​ដែល​កូនសិស្ស​ចិន​អាច​រក​បាន​ធ្វើ​ គឺ​សុទ្ធសឹង​ជា​ការងារ​ប្រើ​កម្លាំង ទទួល​បាន​ប្រាក់ឈ្នួល​តិច ហើយ​គ្មាន​ភាព​ថ្លៃថ្នូរ ដែល​ជនជាតិ​បារាំង​មិនចង់​ធ្វើ។

ប្រឈមមុខ​នឹង​បញ្ហា​នេះ និស្សិតចិន​ជាច្រើន​នាក់​បាន​នាំគ្នា​ធ្វើ​បាតុកម្ម​នៅ​មុខ​ស្ថានតំណាង​ចិន ក្នុងក្រុង​ប៉ារីស ដើម្បី​ទាមទារ​ឲ្យ​រដ្ឋាភិបាល​ជួយគិតគូរ​ដល់​ជីវភាព​របស់​ពួកគេ ក្នុងហេតុផល​ថា អ្វី​ដែល​ពួកគេ​កំពុងធ្វើនៅបារាំង គឺ​រៀនសូត្រ​យក​ចំណេះដឹង​ទៅ​ជួយ​អភិវឌ្ឍ​ប្រទេស។ ក៏ប៉ុន្តែ ការទាមទារ​របស់​ពួកគេ​ត្រូវ​បាន​តំណាង​រដ្ឋាភិបាល​ចិន​ធ្វើ​មិនដឹងមិនឮ ហើយ​លើសពីនេះ​ទៅទៀត មេដឹកនាំ​បាតុកម្ម​ខ្លះ​ត្រូវ​បាន​ប៉ូលិស​បារាំង​ចាប់ខ្លួន ដោយខ្លះ​ត្រូវ​បាន​បណ្តេញ​​ឲ្យ​ទៅ​កាន់​ប្រទេស​ចិនវិញ។
 
តេង ស៊ាវភីង នៅ​ពេល​កំពុង​សិក្សា​នៅ​ប្រទេស​បារាំង


កំហឹង​នឹង​រដ្ឋាភិបាល​បាន​ធ្វើ​ឲ្យ​និស្សិត​ចិន​ខ្លះ​កើត​​គំនិត​ចង់​ ផ្លាស់ប្តូរ​រដ្ឋាភិបាល​ចិន​នៅពេលនោះ ដែល​ពួកគេ​គិត​ថា ជា​រដ្ឋាភិបាល​ដែល​កំសាក គ្មាន​សមត្ថភាព និង​មិនគិតគូរ​ពី​ធនធាន​មនុស្ស ដែល​ជា​ទំពាំង​ស្នងឫស្សី។ នៅ​ក្នុង​បរិបទ​នោះ​ហើយ ដែល​និស្សិតចិន​មួយ​ចំនួន​ធំ ក្នុងនោះ ក៏​រួមមាន​ទាំង តេង ស៊ាវភីង​ផង ចាប់ផ្តើម​មាន​ទំនោរទៅរក​មនោគមន៍​វិជ្ជា​កុម្មុយនិស្ត ដែល​ជា​មនោគមន៍​វិជ្ជា​កំពុងតែ​រីកដុះដាល​ខ្លាំង នៅ​ក្នុង​​ប្រទេស​បារាំង ក៏ដូចជា នៅ​ក្នុង​ប្រទេស​ផ្សេងទៀត​នៅ​អឺរ៉ុប។ នៅ​ឆ្នាំ​១៩២១ តេង ស៊ាវភីង បាន​ចូល​ជាសមាជិក​ចលនា​យុវជន​ចិនកុម្មុយនិស្ត​ប្រចាំ​តំបន់​អឺរ៉ុប ហើយ​បាន​ជួប និង​ស្គាល់​និស្សិត​ចិនមួយរូប ដែល​ក្រោយ​មក​ក្លាយ​ជា​ឥស្សរជន​ដ៏សំខាន់​មួយ​រូប នៃ​បដិវត្តន៍​កុម្មុយនិស្ត​ចិន គឺ​ ជូ អេនឡាយ។

តាមការពិត​ទៅ នៅ​ក្នុង​ប្រទេស​បារាំង តេង ស៊ាវភីង មិនបាន​រៀន​សូត្រ​ជាប់លាប់​នោះទេ ដោយសារ​តែ​រវល់​ធ្វើការ។ ការងារ​ភាគច្រើន តម្រូវ​ឲ្យ​តេង ស៊ាវភីង ត្រូវ​ផ្អាក​ការ​សិក្សា។ រហូតទាល់តែ​ដល់​ពេល​ធ្វើការ​សន្សំ​លុយ​បាន​ខ្លះហើយ ទើប​ត្រឡប់​ទៅ​រៀនវិញ។ ក៏ប៉ុន្តែ ក្រោយ​ពី​​​រត់ចុះរត់ឡើងជាច្រើន​ដង សាលារៀន​ក៏​​លែងទទួល​​ឲ្យចូលរៀន ចំណែក​ឯ​រោងចក្រ​ធ្លាប់​ធ្វើការ​ក៏​លែង​ទទួល​ឲ្យ​ធ្វើការ។ នៅទីបំផុត​ទៅ តេង ស៊ាវភីង ត្រូវ​ដើរទាត់ខ្យល់ នៅ​ស្រុកបារាំង។ នៅពេលនោះហើយ ដែល​តេង ស៊ាវភីង ចាប់ផ្តើម​ចំណាយពេល​ច្រើន​ ទៅលើ​ការ​សិក្សា​មនោគមន៍វិជ្ជា​កុម្មុយនិស្ត ព្រមទាំង​មាន​ពេល​ចូលរួម​ក្នុង​ចលនា​យុវជន​កុម្មុយនិស្ត​អឺរ៉ុប។

នៅ​ខែ​មិថុនា​ឆ្នាំ​១៩២៣ តេង ស៊ាវភីង បាន​ចូល​ធ្វើការ​នៅ​ការិយាល័យ​កុម្មុយនិស្ត​អឺរ៉ុប ប្រចាំ​ក្រុង​ប៉ារីស។ នៅទីនោះ តេង ស៊ាវភីង ធ្វើការ​ក្រោម​បង្គាប់​របស់ ជូ អេនឡាយ ហើយ​ការងារ​ដ៏សំខាន់​មួយ ក្នុង​​ក្នុង​ចំណោម​កិច្ចការ​ដែល តេង ស៊ាវភីង គឺ​ការ​បោះពុម្ព​កាសែត​ជាភាសា​ចិន ដែល​គេ​ដាក់​ឈ្មោះ​ថា ជីគ័ង (មានន័យថា ពន្លឺក្រហម)។

 ធ្វើការ​បាន​មួយ​ឆ្នាំ នៅ​ខែ​កក្កដា ឆ្នាំ​១៩២៤ តេង ស៊ាវភីង ដែល​មាន​វ័យ​ត្រឹមតែ ២០ឆ្នាំ ត្រូវ​បាន​បក្ស​កុម្មុយនិស្ត​ចិន​ទទួល​ឲ្យ​ចូល​ជា​សមាជិក​ពេញ​សិទ្ធិ ព្រមទាំង​ទទួល​បាន​នូវ​ការ​តែងតាំង​ឲ្យ​ធ្វើ​ជា​សមាជិក​ក្រុមប្រឹក្សា​ ប្រតិបត្តិ​នៃ​ចលនា​យុវជន​កុម្មុយនិស្ត​ចិន​ប្រចាំ​តំបន់​អឺរ៉ុប។ តេង ស៊ាវភីង បាន​ចាកចេញ​ពី​ប្រទេស​បារាំង​ទៅ​ម៉ូស្គូ នៅ​ឆ្នាំ​១៩២៥ មុននឹង​វិលត្រឡប់​ទៅកាន់​ប្រទេសចិន​វិញ នៅ​ចុងឆ្នាំ​១៩២៧៕