Labels

Albert Einstein Alexandre le Grand ISIS La Terreur Pearl Harbor Renaissance កំណែទម្រង់ប៉េរេស្ត្រយកា កំណែទម្រង់សេដ្ឋកិច្ចចិន កម្ពុជា កម្ពុជាក្រោម កម្លាំងទំនាញសកល ការចាប់ផ្ដើម ការប្រជែងផ្នែកអវកាស ការវិលត្រឡប់ទៅកាន់អំណាច កាលីលេ កូសាំងស៊ីន ក្រិក ក្រុមជីហាតរដ្ឋអ៊ីស្លាម ក្រុមភេរវជនអន្តរជាតិ ខ្សែបន្ទាត់ព្រំដែន គ្រាប់បែកនុយក្លេអ៊ែរ គ្រីស្តូហ្វកូឡុំ គ្រឹស្តសាសនា ចក្រភពម៉ុងហ្គោល ចក្រភពរ៉ូម ចក្រភពអារ៉ាប់ ចលនាតស៊ូប្រដាប់អាវុធកុម្មុយនិស្ត ចិន ច្បាប់នៃចលនា ឆេកូស្លូវ៉ាគី ជប៉ុន ជ័យជម្នះរបស់ក្រុមសម្ព័ន្ធមិត្ត ជិនហ្គីស ខាន់ ដែនដីអាណានិគម តេងស៊ាវពីង តេងស៊ាវភីង ទ្រឹស្តីតារាសាស្រ្ត ទ្រឹស្តីសាសនា បក្សកុម្មុយនិស្តចិន បដិវត្តន៍ បដិវត្តន៍កសិកម្ម បដិវត្តន៍រាជានិយម បដិវត្តន៍វប្បធម៌ បដិវត្តន៍អ៊ីរ៉ង់ បារាំង បិតាកំណែទម្រង់សេដ្ឋកិច្ចចិន ប៊ិនឡាដិន បុរេប្រវត្តិ ប្រធានាធិបតីអាមេរិក ប្រវត្តិសាស្រ្ត ប្លុកកុម្មុយនិស្ត ផលវិបាក ភេរវកម្ម១១កញ្ញា មជ្ឈិមបូព៌ា មហាអំណាចអាណានិគមអាស៊ី មហាអំណាចអឺរ៉ុប មូលហេតុ ម៉ៅសេទុង យុគខ្មៅងងឹត យុគនៃពន្លឺ រដ្ឋធម្មនុញ្ រុស្សី លេនីន វាំងននដែក វិទ្យាសាស្រ្ត វិបត្តិប៊ែរឡាំង វិបត្តិព្រែកជីកស៊ុយអេ វិបត្តិមីស៊ីលគុយបា វៀតណាមខាងត្បូង សង្គ្រាមលោកលើកទី១ សង្គ្រាមលោកលើកទី២ សង្រ្គាមកូរ៉េ សង្រ្គាមឈូងសមុទ្រពែក្ស សង្រ្គាមត្រជាក់ សង្រ្គាមវៀតណាម សង្រ្គាមស៊ីវិល សង្រ្គាមអាហ្វហ្កានីស្ថាន សង្រ្គាមអ៊ីរ៉ាក់ សង្រ្គាមឥណ្ឌូចិន សព្វាវុធនុយក្លេអ៊ែរ សហភាពសូវៀត សហរដ្ឋអាមេរិក សាសនាអ៊ីស្លាម ស្ថានភាពពិភពលោក ហ៊ីត្លែរ ហ្គ័របាឆូវ អង់គ្លេស អធិរាជណាប៉ូឡេអុង អរិយធម៌ដ៏ចំណាស់បំផុតរបស់មនុស្សជាតិ អរិយធម៌មេឌីទែរ៉ាណេ អរិយធម៌អាស៊ីអាគ្នេយ៍ អាញ់ស្តាញ់ អាណាចក្រខ្មែរ អាណានិគម អាណាព្យាបាលបារាំង អាប្រាហាំលីនកុន អាមេរិក អារ៉ាប់ អាល់កៃដា អាល់ប៊ែរ អាញ់ស្តាញ់ អាស៊ីប៉ាសីហ្វិក អ៊ីតាលី អ៊ីសាក់ញូតុន អ៊ីស្រាអែល អឺរ៉ុបខាងកើត អ៊ុយក្រែន ឧស្សាហកម្ម

ប្រវត្តិនៃការកកើតក្រុមជីហាតរដ្ឋអ៊ីស្លាម

នៅឆ្នាំ២០០១ ក្រោយ​ការ​វាយប្រហារ​ភេរវកម្ម​នៅ​ញូវយ៉ក និង​វ៉ាស៊ីងតោន ពិភពលោក​ទាំងមូល​បាន​ឮ​ពី​ឈ្មោះ​អូសាម៉ា ប៊ិនឡាដិន និង​ក្រុមភេរវជន​អាល់កៃដា។ ក្រុមភេរវជន​ដែល​បាន​ក្លាយ​ជា​ការគំរាមកំហែង​ផ្នែក​សន្តិសុខ​អន្តរជាតិ​ ដ៏ធំបំផុត​មួយ ហើយ​ដែល​បាន​នាំមកនូវការ​ផ្លាស់ប្តូរ​ដ៏ធំមិនធ្លាប់មាន នៅ​ក្នុង​ភូមិសាស្រ្ត​នយោបាយ​ពិភពលោក​ ចាប់តាំង​ពី​ក្រោយ​សង្រ្គាម​ត្រជាក់។

ប្រមាណ​ជា​១០ឆ្នាំក្រោយ​មក ក្រោយ​ពី​បាន​ធ្វើ​សង្រ្គាម​ចំនួនពីរ គឺ​ នៅ​អាហ្វហ្កានីស្ថាន (២០០១) និង​នៅ​អ៊ីរ៉ាក់ (២០០៣) អាមេរិក​បាន​រកឃើញ និង​សម្លាប់​ប៊ិនឡាដិន នៅថ្ងៃ​ទី២ ខែឧសភា ឆ្នាំ​២០១១ នៅ​ក្នុង​ប្រតិបត្តិការ​កុម្ម៉ង់ដូ នៅ​ទីក្រុង​អាបូតាបាដ ប្រទេស​ប៉ាគីស្ថាន។ ក្រុមអាល់កៃដា​បាន​ជ្រើសរើស​អ្នក​ថ្មី គឺ អៃម៉ាន់ អាល់ហ្សាវ៉ាហ៊ីរី ឲ្យ​ឡើង​មក​ធ្វើ​ជា​​អ្នក​ដឹកនាំ​ថ្មី​ តែ​ទោះជាយ៉ាងណា ដូចការ​រំពឹងទុក​របស់​លោក​បារ៉ាក់ អូបាម៉ា ការស្លាប់​របស់​ប៊ិនឡាដិន បាន​ធ្វើ​ឲ្យ​​អាល់កៃដា​​ត្រូវ​ធ្លាក់ចុះទន់ខ្សោយ​យ៉ាងខ្លាំង។
 
អាប៊ូបាគ័រ អាល់បាក់ដាឌី (Abou Bakr al-Baghdadi) ប្រមុខដឹកនាំ​ជីហាត​រដ្ឋ​អ៊ីស្លាម នៅពេល​ចេញមុខ​ជាសាធារណៈ កាល​ពី​ថ្ងៃទី៥ កក្កដា ២០១៤ REUTERS/Social Media Website via Reuters TV


ក៏ប៉ុន្តែ មកទល់​នឹងពេលនោះ មិនមែន​មានតែ​ក្រុម​អាល់កៃដា​មួយទេ ដែល​ពិភពលោក​ត្រូវ​ប្រឈមមុខ។ សន្តិសុខ​អន្តរជាតិ​ត្រូវ​ប្រឈមមុខ​នឹង​ក្រុម​ថ្មីមួយទៀត ដែល​មាន​កម្លាំងខ្លាំងជាង ហើយ​ជាពិសេស មាន​មនោគមន៍​វិជ្ជា​ជ្រុលនិយមជាង និង​មាន​ចរិត​កាចសាហាវជាង​អាល់កៃដា​ទៅទៀត។ នោះគឺ​ក្រុមជីហាត​រដ្ឋ​អ៊ីស្លាម ហើយ​ក្រុម​ជីហាត​រដ្ឋអ៊ីស្លាម​នេះ​មាន​ប្រវត្តិកំណើត​ចេញ​ពី​សង្រ្គាម​ អ៊ីរ៉ាក់​។

នៅឆ្នាំ​២០០៣ នៅពេល​ដែល​អាមេរិក​លើកទ័ព​ចូល​ឈ្លានពាន​អ៊ីរ៉ាក់ លោក​ចច ដាបិលយូ ប៊ូស បាន​ប្រកាស​ថា អ្វី​ដែល​អាមេរិក​ធ្វើ​នៅពេលនោះ គឺ​ដើម្បី​រំដោះ​ប្រជាជន​អ៊ីរ៉ាក់​ឲ្យ​ចេញ​ផុត​ពី​អំណាច​ផ្តាច់ការ​របស់​ សាដាមហ៊ូសេន។ ក៏ប៉ុន្តែ ពិតប្រាកដ​ទៅ អ្វី​ដែល​បាន​កើតឡើង គឺ​ភាព​អនាធិបតេយ្យ​នៅទូទាំង​ប្រទេស ហើយ​​ស្ថិត​ក្នុង​ភាព​អនាធិបតេយ្យ​នេះ ចលនាបះបោរ​ប្រដាប់អាវុធ​នៃ​ក្រុម​អ្នក​កាន់​និកាយ​ស៊ុននីត ក៏​បាន​ចាប់រីកដុះដាល​ឡើង​យ៉ាងពេញបន្ទុក ដើម្បី​ប្រយុទ្ធប្រឆាំង​នឹង​វត្តមាន​កងទ័ព​អាមេរិក​ និង​ ​រដ្ឋាភិបាល​ថ្មី​នៅ​បាកដាដ ដែល​គ្រប់គ្រង​ដោយ​ក្រុម​ស្ហ៊ីអ៊ីត។ នៅ​ក្នុង​ចំណោម​មេដឹកនាំ​ក្រុមបះបោរ​ប្រដាប់អាវុធ​នៅ​អ៊ីរ៉ាក់​នេះ មាន​មនុស្ស​​ ២រូ​ប គឺ អាប៊ូ​មូហ្សាប់ អាល់ហ្សាកាវី (Abu Musab al-Zarqawi) និង អាប៊ូបាគ័រ អាល់បាក់ដាឌី (Abu Bakr al-Baghdadi) ដែល​មានតួ​នាទី​យ៉ាងសំខាន់ នៅ​ក្នុងការ​ចាប់កំណើត​នៃ​ក្រុម​ជីហាត​រដ្ឋ​អ៊ីស្លាម។

អាប៊ូមូហ្សាប់ អាល់ហ្សាកាវី ដែល​មាន​ដើមកំណើត​ពី​ប្រទេស​ហ្សកដានី បាន​បង្កើត​ក្រុម​ប្រដាប់អាវុធ​អ៊ីស្លាមជ្រុលនិយម តាំង​ពី​ឆ្នាំ​២០០០ ដើម្បី​ប្រឆាំង​នឹង​ប្រទេស​លោកខាងលិច ក៏ប៉ុន្តែ ក្រុមនេះ​មិនមានឈ្មោះ​បោះសំឡេង​អ្វីនោះទេ។ រហូតទាល់​តែ​ក្រោយ​ពី​មាន​ការ​ឈ្លានពាន​របស់​អាមេរិក​នៅ​ឆ្នាំ​២០០៣​ ទើបក្រុមនេះ​ចាប់ផ្តើម​រីកដុះដាល ដោយ​ទទួល​បាន​នូវការ​គាំទ្រ​ពី​សំណាក់​ក្រុ​ម​អ្នក​កាន់​និកាយ​ស៊ុននីត​ អ៊ីរ៉ាក់។ នៅពេលនោះ ក្រុម​របស់​អាល់ហ្សាកាវី បាន​ច្របាច់បញ្ចូលគ្នា​ជាមួយ​នឹង​ក្រុម​ប្រដាប់អាវុធ​មួយទៀត ដែល​បង្កើតឡើង​ដោយ អាប៊ូបាគ័រ អាល់បាកដាឌី បង្កើតទៅជា​សាខា​ក្រុមអាល់កៃដា ប្រចាំប្រទេស​អ៊ីរ៉ាក់។

ពីដំបូង សាខាអាល់កៃដា​នៅ​អ៊ីរ៉ាក់​ត្រូវ​ស្ថិត​ក្រោម​ការ​ដឹកនាំ​របស់​អាល់ហ្សាកាវី ចំណែក​ឯ​អាល់បាក់ដាឌីវិញ គ្រាន់តែ​ជា​មេដឹកនាំថ្នាក់​កណ្តាល​ម្នាក់​ប៉ុណ្ណោះ។ ក៏ប៉ុន្តែ អ្វីៗ​ត្រូវប្រែប្រួល នៅ​ក្រោយ​ពេល​ដែល​អាល់​ហ្សាកាវី​ត្រូវ​ស្លាប់​ក្នុងការ​វាយប្រហារ​​ដោយ​ មីស៊ីល​អាមេរិក នៅ​ឆ្នាំ​២០០៦។ នៅ​ក្រោយ​ការ​ស្លាប់​របស់​អាល់ហ្សាកាវី ឥទ្ធិពល​របស់​អាល់បាក់ដាឌី​ក៏​ចាប់ផ្តើម​កើនឡើង​បន្តិចម្តងៗ រហូតបាន​ក្លាយ​ជា​មេដឹកនាំ​ក្រុមអាល់កៃដា​ប្រចាំប្រទេស​អ៊ីរ៉ាក់ នៅ​ឆ្នាំ២០១០ ដោយ​នៅពេលនោះ សាខាអាល់កៃដា​ប្រចាំ​ប្រទេស​អ៊ីរ៉ាក់នេះ ​ត្រូវ​បាន​គេដាក់ឈ្មោះ​ថា​ជា
រដ្ឋអ៊ីស្លាម​នៅ​អ៊ីរ៉ាក់

នៅឆ្នាំ២០១១ អាមេរិក​បាន​ដកកងទ័ព​ចេញ​ពី​អ៊ីរ៉ាក់។ ការដកថយ​របស់​អាមេរិក បូករួម​ជាមួយ​នឹង​អសមត្ថភាព​របស់​រដ្ឋាភិបាល​អ៊ីរ៉ាក់ បាន​ធ្វើ​ឲ្យ​ក្រុម​រដ្ឋអ៊ីស្លាម​ចាប់ផ្តើម​មានកម្លាំង​កាន់តែខ្លាំង ហើយ​បាន​វាតទី​កាន់កាប់​ទឹកដី​កាន់តែ​ធំឡើង ជាពិសេស នៅ​តំបន់​ប៉ែក​ខាងជើង​អ៊ីរ៉ាក់។

ឆ្លងព្រំដែន​អ៊ីរ៉ាក់​ទៅ​ទិសខាងជើង គឺ ​ស៊ីរី។ ចលនា​បាតុកម្ម​ក្នុងទ្រង់ទ្រាយ​ធំ​បាន​ផ្ទុះឡើង នៅ​ខែមីនា​ឆ្នាំ​២០១១ ដើម្បី​តវ៉ា​ប្រឆាំង​នឹង​របបដឹកនាំ​របស់​លោក​បាស្ហា អាល់អាសាដ។ ក្រោយ​ពី​ទទួល​រង​ការ​បាញ់​បង្រ្កាប​ពី​សំណាក់​កងកម្លាំង​របស់​លោក​អាសាដ ចលនា​ប្រឆាំង​ដោយ​បាតុកម្ម ក៏​បាន​ប្រែក្លាយ​ទៅ​ជា​ចលនា​បដិវត្តន៍​ប្រដាប់អាវុធ ហើយ​ប្រទេស​ស៊ីរី​ក៏​ត្រូវ​ធ្លាក់​ចូល​ទៅ​ក្នុង​សង្រ្គាម​ស៊ីវិល។ នៅ​ក្នុង​បរិបទ​នោះហើយ ដែល​ក្រុម​អាល់កៃដា​ប្រចាំប្រទេស​អ៊ីរ៉ាក់​ចាប់ផ្តើម​​​ពង្រីក​កម្លាំង​ របស់ខ្លួន​ឆ្លងព្រំដែន​ចូល​ទៅ​បង្កើត​សាខា​នៅ​ក្នុង​ប្រទេស​ស៊ីរី ដោយ​ដាក់ឈ្មោះ​ថា "រណសិរ្សអាល់នូស្រា (al-Nusra)

ក៏ប៉ុន្តែ នៅ​ឆ្នាំ២០១៣ អាល់បាក់ដាឌី​បាន​បែកបាក់គ្នា​ជាមួយ​នឹង​មេដឹកនាំ​ជាន់ខ្ពស់​អាល់កៃដា ហើយ​ក៏​បាន​ផ្តាច់ខ្លួន​លែង​ធ្វើ​ជា​សាខា​អាល់កៃដា ដោយ​ទៅ​បង្កើត​ក្រុមដាច់ដោយឡែកមួយ ដែល​គ្របដណ្តប់​ទាំង​អ៊ីរ៉ាក់ និង​ស៊ីរី ហើយ​ដាក់ឈ្មោះ​ថា រដ្ឋអ៊ីស្លាម​នៅ​អ៊ីរ៉ាក់​និង​ស៊ីរី (Isalmic State of Iraq and Syria-ISIS)

មួយឆ្នាំក្រោយ​មក​ទៀត នៅ​ថ្ងៃ​ទី២៩ ខែមិថុនា ឆ្នាំ២០១៤ អាប៊ូបាគ័រ អាល់បាក់ដាឌី បាន​ប្រកាស​តាំងខ្លួន​ជា​រដ្ឋអ៊ីស្លាម ដែល​មាន​មូលដ្ឋាន​ធំ​នៅ​អ៊ីរ៉ាក់​និង​ស៊ីរី តែ​មាន​វិសាលភាព​គ្របដណ្តប់​លើ​គ្រប់​អ្នក​កាន់​សាសនា​អ៊ីស្លាម​ទាំងអស់​ នៅទូទាំង​ពិភពលោកទាំងមូល។

ជាង១០ឆ្នាំ​ក្រោយ​អាល់កៃដា ពិភពលោក​ត្រូវ​ប្រឈមមុខ​នឹង​ក្រុម​ភេរវជន​ដ៏​គ្រោះថ្នាក់​មួយ​ថ្មី​ទៀត ក៏ប៉ុន្តែ លើស​​ពី​អាល់កៃដា ដែល​គ្រាន់តែ​ជា​ក្រុម​ភេរវជន ក្រុម​ជីហាត​រដ្ឋ​អ៊ីស្លាម​​បាន​រៀបចំ​រចនាសម្ព័ន្ធ និង​ប្រកាស​តាំងខ្លួន​ជា​រដ្ឋ ដែល​មាន​ដែនដី មាន​រដ្ឋាភិបាល មាន​ថវិកា និង​ជាពិសេស មាន​កងកម្លាំង​ប្រដាប់អាវុធ ដែល​រៀបចំ​រចនាសម្ព័ន្ធ​តាមបែប​កងទ័ព​ជាតិ​នៃ​រដ្ឋ​ឯករាជ។

ក្រុមជីហាត​រដ្ឋ​អ៊ីស្លាម​បាន​ប្រកាស​​យក​ទីក្រុង​រ៉ាខា (ប្រទេស​ស៊ីរី) មក​ធ្វើ​ជា​រដ្ឋធានី​របស់​ខ្លួន មាន​ប្រភពចំណូលផ្ទាល់ខ្លួន​ដែល​បាន​មក​ពី​ការ​លក់​ប្រេង ការ​ប្រមូលពន្ធ ព្រមទាំង​ការ​ចាប់ចំណាប់ខ្មាំង​ទារ​យក​ប្រាក់​ ហើយ​​កងកម្លាំង​ប្រដាប់អាវុធ​របស់​ក្រុម​ជីហាត​រដ្ឋ​អ៊ីស្លាម​ត្រូវ​បាន​គេ​ ប៉ាន់ស្មាន​ថា​មាន​ចំនួន​ក្នុង​ចន្លោះ ពី១០ម៉ឺន ទៅ២០ម៉ឺននាក់។

កម្លាំងប្រដាប់អាវុធ ប្រភពធនធាន បូករួម​ជាមួយ​នឹង​មនោគមន៍​វិជ្ជា​អ៊ីស្លាម​ជ្រុលនិយម​ហួសហេតុ បាន​ធ្វើ​ឲ្យ​ក្រុម​ជីហាត​រដ្ឋ​អ៊ីស្លាម​ត្រូវ​ក្លាយ​ទៅជា​ក្រុមភេរវជន​ដ៏​ គ្រោះថ្នាក់​បំផុត​របស់​ពិភពលោក នៅ​ក្នុង​ពេល​បច្ចុប្បន្ន ហើយ​មនុស្ស​ជាច្រើន​យល់ថា ​កត្តា​ដ៏ចម្បង​បំផុត ដែល​រួមចំណែក​ធ្វើ​ឲ្យ​ក្រុមជីហាត​រដ្ឋ​កកើត និង​រីកដុះដាល​ដូចជា​ពេល​បច្ចុប្បន្ន​នេះ គឺ​ការឈ្លានពាន​របស់​អាមេរិក​ទៅលើ​អ៊ីរ៉ាក់​នៅ​ឆ្នាំ​២០០៣។

គេនៅចាំបានថា នៅពេល​ដែល​អាមេរិក​លើកទ័ព​ចូល​ឈ្លានពាន​អ៊ីរ៉ាក់​នៅ​ឆ្នាំ២០០៣ លោក​ចច ដាបិលយូ ប៊ូស បាន​ប្រកាស​ថា អ្វី​ដែល​អាមេរិក​ធ្វើ​នៅពេលនោះ គឺ​ដើម្បី​រំដោះ​ប្រជាជន​អ៊ីរ៉ាក់​ឲ្យ​ចេញ​ផុត​ពី​អំណាច​ផ្តាច់ការ​របស់​ សាដាមហ៊ូសេន។​ ក៏ប៉ុន្តែ មក​ទល់​នឹង​ពេល​​បច្ចុប្បន្ន​នេះ ១៣ឆ្នាំក្រោយ​ការឈ្លានពាន​របស់​អាមេរិក ១៣ឆ្នាំ​ក្រោយ​ការ​ដួលរលំ​នៃ​របបផ្តាច់ការ​សាដាមហ៊ូសេន ប្រជាជន​អ៊ីរ៉ាក់​រាប់សិបម៉ឺននាក់​នាំគ្នា​រត់ភៀសខ្លួន ទាំង​ប្រថុយនឹង​ការ​ស្លាប់ ដើម្បី​គេចចេញ​ពី​បញ្ហា​អសន្តិសុខ និង​ភាព​អនាធិបតេយ្យ​ក្នុង​ប្រទេស និង​ជាពិសេស គេចចេញ​ពី​ក្រុម​ជីហាត​រដ្ឋ​អ៊ីស្លាម៕