ខួប១០០ឆ្នាំនៃខ្សែបន្ទាត់ព្រំដែនមជ្ឈិមបូព៌ា គូសដោយបារាំងនិងអង់គ្លេស
អស់រយៈពេលជាច្រើនឆ្នាំមកហើយ
ដែលគេសង្កេតឃើញថា តំបន់មជ្ឈិមបូព៌ាតែងតែត្រូវបានផ្សារភ្ជាប់ទៅនឹងបញ្ហាចាក់ស្រែះ
មិនចេះចប់មិនចេះហើយ។ ជម្លោះរវាងអ៊ីស្រាអែល និងប៉ាឡេស្ទីន, ជម្លោះ និងការប្រជែងអំណាច
រវាងស៊ុននីត និងស្ហ៊ីអ៊ីត, សង្រ្គាមស៊ីវិលរាប់មិនអស់
ដូចជាសង្រ្គាមស៊ីវិលនៅស៊ីរី អ៊ីរ៉ាក់ និងយេម៉ែនសព្វថ្ងៃ, ជម្លោះទាមទារផ្តាច់ទឹកដីរបស់ពួកគួឌីស្ថាន និងចុងក្រោយ
គឺបញ្ហាជីហាតរដ្ឋអ៊ីស្លាមនៅស៊ីរី និងអ៊ីរ៉ាក់។
នៅពេលដែលបានប្រកាសតាំងខ្លួនជារដ្ឋអធិបតេយ្យ
កាលពីឆ្នាំ២០១៤ ក្រុមជីហាតបានកំណត់យកតំបន់មួយផ្នែករបស់ស៊ីរី និងមួយផ្នែកទៀតរបស់អ៊ីរ៉ាក់
មកធ្វើជាដែនដីរបស់រដ្ឋអ៊ីស្លាម ដោយប្រកាសលុបចោលទាំងស្រុងនូវខ្សែបន្ទាត់ព្រំដែនដែលមានពីមុន។
ខ្សែបន្ទាត់ព្រំដែន ដែលតាមពិតទៅ មិនមែនកើតចេញពីឆន្ទៈរបស់ប្រទេសសាម៉ីនោះទេ តែកើតចេញពីការគូសវាសតាមចិត្តឯង
ដោយមហាអំណាចអាណានិគមបារាំង និងអង់គ្លេស។
អ្វីៗកើតឡើង
កាលពី១០០ឆ្នាំមុន គឺនៅឆ្នាំ១៩១៦។ នៅពេលនោះ គ្មានទេប្រទេសស៊ីរី លីបង់
អ៊ីរ៉ាក់ ហើយក៏គ្មានដែរអ៊ីស្រាអែល និងប៉ាឡេស្ទីន។ តំបន់មជ្ឈិមបូព៌ាទាំងមូលស្ថិតនៅក្នុងដែនដីនៃចក្រភពដ៏ធំមួយ
គឺចក្រភពអូតូម៉ង់ ដែលកកើតឡើងតាំងពីសតវត្សរ៍ទី១៣ ហើយដែលកាន់កាប់ដែនដីលាតសន្ធឹងតាំងពីឈូងសមុទ្រពែក្សនៅខាងកើត
រហូតទៅដល់ប្រទេសហុងគ្រីនៅខាងលិច និងពីអេហ្ស៊ីបនៅខាងត្បូង រហូតទៅដល់តំបន់អាស៊ីកណ្តាលនៅខាងជើង
ហើយមានរាជធានីនៅក្នុងទីក្រុងកុងស្តង់ទីណូប គឺទីក្រុងអ៊ីស្តង់ប៊ុល
(តួកគី) បច្ចុប្បន្ន។
ចាប់ពីសតវត្សរ៍ទី១៩ ចក្រភពអូតូម៉ង់បានចាប់ផ្តើមធ្លាក់ចុះទន់ខ្សោយបន្តិចម្តងៗ
ដោយដែនដីខ្លះនៅអឺរ៉ុបខាងកើតត្រូវត្រូវបានចក្រភពអូទ្រីសហុងគ្រី ដណ្តើមយកទៅកាន់កាប់
ដែនដីខ្លះទៀតនៅតំបន់មជ្ឈិមបូព៌ាត្រូវធ្លាក់ទៅក្នុងដៃអង់គ្លេស។ ចំណែកឯនៅតំបន់បាល់កង់វិញ
អតីតដែនដីចក្រភពអូតូម៉ង់បានចាប់ផ្តើមនាំគ្នាប្រកាសផ្តាច់ខ្លួនជា បន្តបន្ទាប់
ដើម្បីទៅបង្កើតជាប្រទេសឯករាជរៀងៗខ្លួន។
នៅឆ្នាំ១៩១៤
សង្រ្គាមលោកលើកទី១បានចាប់ផ្តើមផ្ទុះឡើង។ ចក្រភពអូតូម៉ង់
ដែលកំពុងតែធ្លាក់ចុះដុនដាបខ្លាំងស្រាប់ទៅហើយនោះ បានចូលដៃជាមួយនឹងបក្សសម្ព័ន្ធអាល្លឺម៉ង់-អូទ្រីសហុងគ្រី-អ៊ីតាលី
ដើម្បីប្រយុទ្ធតទល់នឹងបក្សសម្ព័ន្ធបារាំង-អង់គ្លេស-រុស្ស៊ី។
នៅក្នុងអំឡុងឆ្នាំ១៩១៥
និងឆ្នាំ១៩១៦ នៅក្នុងពេលដែលសង្រ្គាមលោកលើកទី១នៅមិនទាន់បញ្ចប់នៅឡើយ
រុស្ស៊ី បារាំង និងអង់គ្លេស បានលួចចរចាគ្នាដោយសម្ងាត់ ដើម្បីយកដែនដីនៃចក្រភពអូតូម៉ង់ទៅពុះចែកគ្នាកាន់កាប់
នៅពេលណាដែលឈ្នះសង្រ្គាម។ តាមការព្រមព្រៀង រុស្ស៊ីត្រូវកាន់កាប់ទីក្រុងកុងស្តង់ទីណូប
ព្រមទាំងដែនដីមួយផ្នែកនៅជាប់នឹងសមុទ្រខ្មៅ។ ចំណែកឯបារាំង និងអង់គ្លេសវិញ
ត្រូវកាន់កាប់តំបន់មជ្ឈិមបូព៌ាមួយចំណែកម្នាក់។
ការចរចាពុះចែកតំបន់មជ្ឈិមបូព៌ាត្រូវបានធ្វើឡើង
ដោយមន្រ្តីទូតអង់គ្លេសឈ្មោះ ម៉ាក សៃក្ស៍ (Mark Sykes) និងមន្រ្តីការទូតបារាំងឈ្មោះ
ហ្វ្រង់ស័រ ហ្សកពីកូ (François Georges-Picot) ហើយបានឈានទៅដល់ការចុះកិច្ចព្រមព្រៀងដោយសម្ងាត់នៅខែឧសភា
ឆ្នាំ១៩១៦។
យោងតាមកិច្ចព្រមព្រៀងនេះ
ដែលគេឲ្យឈ្មោះថា “កិច្ចព្រមព្រៀងសៃក្ស៍-ពីកូ” ដែនដីនៃចក្រភពអូតូម៉ង់ នៅក្នុងតំបន់មជ្ឈិមបូព៌ា ត្រូវពុះចែកជាពីរ គឺបារាំងត្រូវកាន់កាប់ដែនដីនៅត្រង់ប្រទេសលីបង់
និងស៊ីរីបច្ចុប្បន្ន ចំណែកឯអង់គ្លេសវិញត្រូវកាន់កាប់ដែនដីនៅត្រង់ប្រទេសអ៊ីរ៉ាក់
និងហ្សកដានីបច្ចុប្បន្ន។ ដែនដីនៅត្រង់អ៊ីស្រាអែលនិងប៉ាឡេស្ទីនបច្ចុប្បន្ន
ពីដំបូងត្រូវបានព្រមព្រៀងដាក់ឲ្យស្ថិតក្រោមការកាន់កាប់ជា អន្តរជាតិ
ក៏ប៉ុន្តែ ក្រោយមកត្រូវដាក់បញ្ចូលជាដែនអាណានិគមរបស់អង់គ្លេស។
នៅត្រង់ចំណុចប្រសព្វនៃដែនឥទ្ធិពលបារាំង
និងអង់គ្លេស ខ្សែបន្ទាត់មួយត្រូវបានគេគូសស្ទើរតែត្រង់ដូចបន្ទាត់ ចាប់តាំងពីប្រទេសអ៊ីរ៉ង់
រហូតទៅដល់សមុទ្រមេឌីទែរ៉ាណេ។ ខ្សែបន្ទាត់នេះហើយដែលបានក្លាយជាព្រំដែន
រវាងស៊ីរី និងអ៊ីរ៉ាក់ នៅពេលបច្ចុប្បន្ននេះ។
ខ្សែបន្ទាត់ព្រំដែន
រវាងស៊ីរី និងអ៊ីរ៉ាក់ ដែលត្រូវបានគេហៅជាទូទៅថា ខ្សែបន្ទាត់សៃក្ស៍-ពីកូ
ត្រូវបានបារាំង និងអង់គ្លេសគូសតាមតែចិត្តឯង តម្រូវតែទៅតាមផលប្រយោជន៍ផ្ទាល់ខ្លួនឯងតែប៉ុណ្ណោះ
ដោយមិនបានគិតគូរពីលក្ខខណ្ឌប្រជាសាស្រ្ត ភាសា និកាយ សាសនា ឬជាតិសាសន៍នៅលើដីជាក់ស្តែងនោះទេ។
ជាលទ្ធផល
គេសង្កេតឃើញថា បណ្តាជនដែលមានភាសាដូចគ្នា និកាយសាសនាដូចគ្នា ឬជាជាតិសាសន៍ដូចគ្នា
ត្រូវបានពុះជាចំណែកៗ ហើយត្រូវស្ថិតនៅក្នុងប្រទេសផ្សេងគ្នា ជាពិសេស
គឺពួកគួឌីស្ថាន ដែលត្រូវពុះចែកដោយខ្សែបន្ទាត់ព្រំដែនសៃក្ស៍-ពីកូ ដោយមួយផ្នែកទៅនៅក្នុងប្រទេសអ៊ីរ៉ាក់
ហើយមួយផ្នែកទៀតស្ថិតក្នុងទឹកដីស៊ីរី។ ដូចគ្នាដែរចំពោះអ្នកកាន់សាសនាអ៊ីស្លាមនិកាយស៊ុននីត
ដែលត្រូវពុះចែកជាស៊ុននីតស៊ីរី និងស៊ុននីតអ៊ីរ៉ាក់។ ស៊ុននីត នៅក្នុងប្រទេសអ៊ីរ៉ាក់
ដែលជាប្រទេសមានប្រជាជនភាគច្រើនកាន់និកាយស្ហ៊ីអ៊ីត។
នៅទីចុងបំផុតទៅ
ប្រទេស ដូចជា ស៊ីរី និងអ៊ីរ៉ាក់នេះ មានឈ្មោះជាប្រទេសតែនៅលើក្រដាសតែប៉ុណ្ណោះ។
រីឯនៅលើដីជាក់ស្តែងវិញ គ្មានទេភាពរួបរួមគ្នាជាលក្ខណៈប្រជាជាតិ។
ប្រជាជនម្នាក់ៗ ភ្ជាប់អត្តសញ្ញាណខ្លួនឯងទៅនឹងសហគមន៍ ជាតិសាសន៍ ឬនិកាយសាសនារបស់ខ្លួន
ជាជាងទៅនឹងប្រទេសជាតិ។ ម្នាក់ៗគិតទៅដល់ផលប្រយោជន៍ និងអត្តសញ្ញាណជាស៊ុននីត
ជាស្ហ៊ីអ៊ីត ឬជាគួឌីស្ថាន មុននឹងគិតទៅដល់ភាពជាពលរដ្ឋអ៊ីរ៉ាក់ ឬស៊ីរី។
ប្រទេសទាំងពីរនេះអាចរក្សាអត្ថិភាពជារដ្ឋនៅជាប់លាប់បាន នៅក្នុងរយៈពេលជាច្រើនទសវត្សរ៍កន្លងទៅនេះ
គឺដោយសារតែមានរបបផ្តាច់ការ និងមេដឹកនាំជាបុរសខ្លាំង ប្រើកណ្តាប់ដៃដែកគាបសង្កត់
ចាប់បង្ខំឲ្យប្រជាជននៅរួបរួមគ្នាជាប្រជាជាតិតែមួយ។ នៅពេលដែលរបបផ្តាច់ការត្រូវដួលរលំ
ឬរង្គោះរង្គើ ដូចជា ករណីសាដាមហ៊ូសេន នៅអ៊ីរ៉ាក់ និងរបបដឹកនាំរបស់លោកបាស្ហា
អាល់អាសាដ នៅស៊ីរី ក្នុងពេលបច្ចុប្បន្ននេះ ភាពរួបរួមជាប្រជាជាតិដែលមានតែសម្បកខាងក្រៅ
ហើយដែលកើតមានដោយសារតែការចាប់បង្ខំនោះ ក៏ត្រូវរលំរលាយទៅតាមនោះដែរ
គឺពួកស៊ុននីតទៅដោយស៊ុននីត ស្ហ៊ីអ៊ីតទៅដោយស្ហ៊ីអ៊ីត
ហើយគួឌីស្ថានទៅដោយគួឌីស្ថាន។ និមិត្តរូបធំជាងគេ ដែលបង្ហាញពីការរលំរលាយនៃខ្សែបន្ទាត់ព្រំដែនសៃក្ស៍-ពីកូ
គឺការកកើតរដ្ឋអ៊ីស្លាម ដែលជាក្រុមអ្នកកាន់សាសនាអ៊ីស្លាមនិកាយស៊ុននីតនៅអ៊ីរ៉ាក់និង
នៅស៊ីរី ហើយដែលបានប្រកាសលុបចោលទាំងស្រុងនូវខ្សែបន្ទាត់ព្រំដែន ដែលគូដោយបារាំង
និងអង់គ្លេស កាលពី១០០ឆ្នាំមុន៕