បដិវត្តន៍វប្បធម៌ចិន (១៩៦៦-១៩៧៦)
ក្រោយពីបានឡើងកាន់អំណាច នៅឆ្នាំ១៩៤៩ បក្សកុម្មុយនិស្តចិនក្រោមការដឹកនាំរបស់ម៉ៅសេទុង បានដាក់ចេញនូវនយោបាយសេដ្ឋកិច្ចផែនការតាមបែបកុម្មុយនិស្ត ដោយយកគំរូតាមសហភាពសូវៀត។ ក៏ប៉ុន្តែ ក្រោយពីបានអនុវត្តនយោបាយសេដ្ឋកិច្ចនេះអស់រយៈពេលជិត ១០ឆ្នាំ សេដ្ឋកិច្ចរបស់ចិនមិនមានការរីកចម្រើនជឿនលឿនដូចជាការរំពឹងទុក ហើយចិននៅតែជាប្រទេសកសិកម្មក្រីក្រ ដើរតាមយ៉ាងដាច់ឆ្ងាយពីក្រោយប្រទេសមហាអំណាចឧស្សាហកម្មលោកខាងលិច។
នៅឆ្នាំ១៩៥៨ ម៉ៅសេទុងក៏បានប្រកាសដាក់ចេញនូវកំណែទម្រង់ថ្មីមួយទៀត
ដែលគេហៅថា “មហាលោតផ្លោះ” (Great Leap Forward) ក្នុងគោលដៅប្រែក្លាយប្រទេសចិន
ពីប្រទេសកសិកម្ម ទៅជាប្រទេសឧស្សាហកម្មទំនើប ជាមួយនឹងពាក្យស្លោកថា “១៥ឆ្នាំទៀត ចិននឹងដើរទាន់
ឬហួសអាមេរិកនិងអង់គ្លេស”។
នៅក្នុងអំឡុងបដិវត្តន៍វប្បធម៌ រាល់សេចក្តីបង្រៀនតាំងពីដើមទាំងអស់ត្រូវគេលុបបំបាត់ចោល ជំនួសមកវិញដោយកម្រងពាក្យសម្តីរបស់ម៉ៅសេទុង ដែលគេយកទៅចងក្រងជា "កូនសៀវភៅក្រហម" |
របបសមូហភាពត្រូវបានអនុវត្តយ៉ាងពេញទំហឹងនៅទូទាំងប្រទេស
ទាំងនៅទីក្រុង និងនៅតាមទីជនបទ។ កម្មសិទ្ធិឯកជនទាំងអស់ត្រូវលុបចោល។ អ្វីៗទាំងអស់រាប់ចាប់តាំងពីទ្រព្យសម្បត្តិ
ដីធ្លី រហូតដល់សត្វពាហនៈ និងផលដំណាំដែលដាំបាន សុទ្ធតែជាកម្មសិទ្ធិរបស់រដ្ឋ។
ប្រជាជនគ្រប់រូប ក្មេង ចាស់ ប្រុស ស្រី
ត្រូវបានកេណ្ឌឲ្យទៅធ្វើការនៅតាមស្រែចម្ការ ជីកប្រឡាយ លើកទំនប់
និងជាពិសេស គឺធ្វើការនៅតាមរោងជាងផលិតឧបករណ៍ប្រើប្រាស់ដោយខ្លួនឯង ដើម្បីចៀសវាងការនាំចូលពីបរទេស។
ក៏ប៉ុន្តែ នៅទីបំផុតទៅ នយោបាយ “មហាលោតផ្លោះ” នេះ មិនត្រឹមតែមិនបានប្រែក្លាយចិនឲ្យទៅជាប្រទេសឧស្សាហកម្មនោះទេ
តែថែមទាំងបំផ្លិចបំផ្លាញវិស័យកសិកម្មដែលមានស្រាប់ ហើយបង្កើតឲ្យមានគ្រោះអត់ឃ្លានដ៏ធ្ងន់ធ្ងរបំផុត
ដែលគេមិនធ្លាប់ជួបប្រទះក្នុងប្រវត្តិសាស្រ្ត។ គេប៉ាន់ស្មានថា គ្រាន់តែក្នុងរយៈពេល
៣ឆ្នាំ (ពីឆ្នាំ១៩៥៩ ដល់ឆ្នាំ១៩៦១) ប្រជាជនចិនប្រមាណជា ៣០លាននាក់
ត្រូវស្លាប់ដោយការអត់អាហារ ដោយជំងឺ និងដោយបញ្ហាសុខភាពផ្សេងទៀតបង្កឡើងដោយការហូបចុកមិនគ្រប់គ្រាន់។
នយោបាយ “មហាលោតផ្លោះ” ត្រូវបានគេចាត់ទុកថាជាសោកនាដកម្ម
និងជាបរាជ័យដ៏ធំមួយនៃការដឹកនាំរបស់ម៉ៅសេទុង ហើយមន្រ្តីជាច្រើនក្នុងជួរដឹកនាំបក្សកុម្មុយនិស្តបានបាត់បង់
ជំនឿចិត្តលើការដឹកនាំរបស់ម៉ៅសេទុង។ នៅខែមេសា ឆ្នាំ១៩៥៩ ម៉ៅសេទុងក៏បានសុខចិត្តលាឈប់ពីតំណែងជាប្រធានាធិបតី។
លោកនៅបន្តកាន់តំណែងជាលេខាបក្ស ក៏ប៉ុន្តែ បានប្រគល់កិច្ចការគ្រប់គ្រងរដ្ឋប្រចាំថ្ងៃទៅឲ្យប្រធានាធិបតីថ្មី
គឺលោក លីវ ស្ហាវឈី (Liu Shaoqi) និងលេខានៃគណៈអចិន្រ្តៃយ៍បក្ស គឺលោក តេង ស៊ាវពីង។
មេដឹកថ្មីបានធ្វើការបន្ធូរបន្ថយនយោបាយ “មហាលោតផ្លោះ” របស់ម៉ៅសេទុង
ដោយបានលុបចោលការហូបរួម ហើយបង្កើតឲ្យមានឡើងវិញ នូវការធ្វើកសិកម្មជាលក្ខណៈឯកជន។
គ្រោះអត់ឃ្លានត្រូវបានកាត់បន្ថយ ហើយសេដ្ឋកិច្ចក៏ចាប់ផ្តើមងើបចេញពីវិបត្តិមកវិញ។
ជោគជ័យរបស់មេដឹកនាំថ្មី បានធ្វើឲ្យឥទ្ធិពលរបស់ម៉ៅសេទុងនៅក្នុងបក្សត្រូវថយចុះកាន់តែ
ខ្លាំង រហូតដល់អ្នកខ្លះហ៊ានសរសេររិះគន់នយោបាយ “មហាលោតផ្លោះ” ជ្រុលនិយមរបស់លោកថែមទៀតផង។
ក៏ប៉ុន្តែ
ម៉ៅសេទុងមិនសុខចិត្តបណ្តោយឲ្យរបូតអំណាចផុតពីដៃនោះទេ ហើយដើម្បីប្រមូលអំណាចយកមកគ្រប់គ្រងវិញ
ម៉ៅសេទុងពឹងលើមនុស្សសំខាន់ពីររូប គឺលោក លីន ពៀវ (Lin Biao) ដែលជារដ្ឋមន្រ្តីក្រសួងការពារជាតិ
និងមួយរូបទៀត គឺលោកស្រី ជៀន ឈីង (Jian Qing) ដែលជាភរិយារបស់លោកម៉ៅសេទុងផ្ទាល់
និងជាអតីតតារាសម្តែងដ៏មានប្រជាប្រិយភាព និងមានវោហារ។
លោក លីន ពៀវ
ជួយម៉ៅសេទុងក្នុងការបង្កើនឥទ្ធិពលក្នុងជួរកងទ័ព ចំណែកឯលោកស្រី ជៀន ឈីង វិញ
ជួយខាងផ្នែកឃោសនាមហាជន ដើម្បីលើកមុខមាត់លោកប្រធានម៉ៅ ព្រមទាំងធ្វើការវាយប្រហារទៅលើមេដឹកនាំបក្សកុម្មុយនិស្តនៅពេលនោះ។
ពាក្យសម្តីសំខាន់ៗរបស់ម៉ៅសេទុង ត្រូវបានលោក លីន ពៀវ យកទៅចងក្រងជាសៀវភៅ
ដែលគេច្រើនតែហៅថា “កូនសៀវភៅក្រហម” ហើយយកទៅចែកចាយដល់កងទ័ព ព្រមទាំងកងកម្លាំងយុវជនដែលគេទើបនឹងបង្កើតឡើង
ដោយដាក់ឈ្មោះថា “ឆ្មាំក្រហម” (Red Guards)។
ក្រោយពីបានចាក់ឫសឥទ្ធិពលក្នុងជួរកងទ័ព
និងយុវជនបានដោយជោគជ័យ នៅឆ្នាំ១៩៦៦ ម៉ៅសេទុងក៏បានប្រកាសធ្វើបដិវត្តន៍ថ្មីមួយទៀត
គឺ “បដិវត្តន៍វប្បធម៌” ក្នុងគោលដៅលុបបំបាត់វប្បធម៌ចាស់គំរិល
ព្រមទាំងគំនិតសក្តិភូមិនិងនិយមបរទេស ដែលលោកអះអាងថា កំពុងតែចាក់ឫសយ៉ាងជ្រៅនៅតាមសាលារៀន
នៅក្នុងសង្គម ក៏ដូចជានៅក្នុងជួរថ្នាក់ដឹកនាំបក្សកុម្មុយនិស្តនៅពេលនោះ។
ចាប់ពីឆ្នាំ១៩៦៦
សាលារៀនទាំងអស់នៅទូទាំងប្រទេសត្រូវបិទទ្វារ ហើយយុទ្ធនាការបោសសម្អាតផ្ទៃក្នុងបានចាប់ផ្តើមឡើងនៅទូទាំងប្រទេស។
លោក លីវ ស្ហាវឈី ត្រូវបានបណ្តេញចេញពីតំណែងប្រធានាធិបតី ហើយយកទៅឃុំឃាំង
ព្រមទាំងធ្វើទារុណកម្ម រហូតត្រូវស្លាប់នៅក្នុងគុក នៅឆ្នាំ១៩៦៩។ លោក តេង
ស៊ាវពីងវិញ ត្រូវបានគេនិរទេសឲ្យទៅរស់នៅធ្វើជាកសិករ “ដើម្បីលត់ដំកែប្រែខ្លួន” នៅតំបន់ដាច់ស្រយាលប៉ែកខាងត្បូងប្រទេសចិន។
នៅទូទាំងប្រទេស
ក្រុមយុវជន ដែលគេឲ្យឈ្មោះថា “ឆ្មាំក្រហម” ត្រូវបានគេផ្តល់សិទ្ធិអំណាចឲ្យធ្វើការឆែកឆេរផ្ទះសម្បែងប្រជាជន
ដើម្បីស្វែងរកអ្នកដែលគេគិតថាមានគំនិតចាស់គំរិល គំនិតសក្តិភូមិ គំនិតរណបបរទេស
ឬអ្នកដែលមានគំនិតប្រឆាំងនឹងម៉ៅសេទុង។ ក៏ប៉ុន្តែ មិនយូរប៉ុន្មាន
ការផ្តល់សិទ្ធិអំណាចហួសហេតុដល់ក្រុមយុវជននេះ បានបង្កជាបញ្ហាធ្ងន់ធ្ងរដល់ម៉ៅសេទុងខ្លួនឯង
ដោយក្រុម “ឆ្មាំក្រហម” មានការបែងចែកជាបក្សជាក្រុម
ហើយធ្វើការប្រជែងគ្នាទៅវិញទៅមក បង្កើតទៅជាអនាធិបតេយ្យ គ្រប់គ្រងលែងបាន។
នៅពាក់កណ្តាលឆ្នាំ១៩៦៨
នៅពេលមើលឃើញភាពចលាចលកើតឡើងកាន់តែធ្ងន់ធ្ងរ ស្ទើរតែរាលដាលទៅជាសង្រ្គាមស៊ីវិល
ម៉ៅសេទុងក៏បានចេញបញ្ជាឲ្យកងទ័ពចេញបង្រ្កាបក្រុម “ឆ្មាំក្រហម”។ នៅពេលនោះ គឺក្រុមយុវជន “ឆ្មាំក្រហម” ខ្លួនឯងវិញម្តង
ដែលត្រូវបានគេបញ្ជូនឲ្យទៅរស់នៅធ្វើការនៅតាមទីជនបទ ដើម្បីធ្វើការលត់ដំកែប្រែ។
ការបង្រ្កាប និងការបោសសម្អាតផ្ទៃក្នុងគ្នាឯងនេះមិនបានកើតឡើងតែទៅលើក្រុម
យុវជន “ឆ្មាំក្រហម”នេះទេ ក៏ប៉ុន្តែ
បន្តិចម្តងៗ វាបានរាលដាលទៅដល់ជួរថ្នាក់ដឹកនាំបក្សកុម្មុយនិស្តខ្លួនឯងផ្ទាល់។
ចាប់ពីឆ្នាំ១៩៧០ ជួរថ្នាក់ដឹកនាំកំពូលនៃបក្សកុម្មុយនិស្តចិនត្រូវបានបែកជាពីរ
រវាងម្ខាងក្រុមអ្នកស្និទ្ធិនឹងម៉ៅសេទុង និងម្ខាងទៀតក្រុមអ្នកស្និទ្ធិនឹង
លីន ពៀវ រដ្ឋមន្រ្តីការពារជាតិនិងជាអតីតមនុស្សជំនិតរបស់ម៉ៅសេទុងផ្ទាល់។
នៅឆ្នាំ១៩៧១ ក្រោយពីរងការចោទប្រកាន់ថាមានជាប់ពាក់ព័ន្ធនឹងការរៀបចំធ្វើ
រដ្ឋប្រហារទម្លាក់ម៉ៅសេទុង លីន ពៀវ ព្រមទាំងក្រុមគ្រួសារក៏បានរត់ភៀសខ្លួនតាមយន្តហោះ
សំដៅទៅសុំសិទ្ធិជ្រកកោន នៅសហភាពសូវៀត ក៏ប៉ុន្តែ យន្តហោះរបស់លោកត្រូវធ្លាក់នៅក្នុងប្រទេសម៉ុងហ្គោលី
សម្លាប់មនុស្សទាំងអស់ដែលនៅលើនោះ។
ក្រោយការស្លាប់របស់
លីន ពៀវ អំណាចរបស់ម៉ៅសេទុងបានកើនឡើងកាន់តែខ្លាំង ហើយបដិវត្តន៍វប្បធម៌បានបន្តធ្វើរហូតដល់ពេលដែលម៉ៅសេទុងទទួល មរណភាព នៅថ្ងៃទី៩
ខែកញ្ញា ឆ្នាំ១៩៧៦៕