Labels

Albert Einstein Alexandre le Grand ISIS La Terreur Pearl Harbor Renaissance កំណែទម្រង់ប៉េរេស្ត្រយកា កំណែទម្រង់សេដ្ឋកិច្ចចិន កម្ពុជា កម្ពុជាក្រោម កម្លាំងទំនាញសកល ការចាប់ផ្ដើម ការប្រជែងផ្នែកអវកាស ការវិលត្រឡប់ទៅកាន់អំណាច កាលីលេ កូសាំងស៊ីន ក្រិក ក្រុមជីហាតរដ្ឋអ៊ីស្លាម ក្រុមភេរវជនអន្តរជាតិ ខ្សែបន្ទាត់ព្រំដែន គ្រាប់បែកនុយក្លេអ៊ែរ គ្រីស្តូហ្វកូឡុំ គ្រឹស្តសាសនា ចក្រភពម៉ុងហ្គោល ចក្រភពរ៉ូម ចក្រភពអារ៉ាប់ ចលនាតស៊ូប្រដាប់អាវុធកុម្មុយនិស្ត ចិន ច្បាប់នៃចលនា ឆេកូស្លូវ៉ាគី ជប៉ុន ជ័យជម្នះរបស់ក្រុមសម្ព័ន្ធមិត្ត ជិនហ្គីស ខាន់ ដែនដីអាណានិគម តេងស៊ាវពីង តេងស៊ាវភីង ទ្រឹស្តីតារាសាស្រ្ត ទ្រឹស្តីសាសនា បក្សកុម្មុយនិស្តចិន បដិវត្តន៍ បដិវត្តន៍កសិកម្ម បដិវត្តន៍រាជានិយម បដិវត្តន៍វប្បធម៌ បដិវត្តន៍អ៊ីរ៉ង់ បារាំង បិតាកំណែទម្រង់សេដ្ឋកិច្ចចិន ប៊ិនឡាដិន បុរេប្រវត្តិ ប្រធានាធិបតីអាមេរិក ប្រវត្តិសាស្រ្ត ប្លុកកុម្មុយនិស្ត ផលវិបាក ភេរវកម្ម១១កញ្ញា មជ្ឈិមបូព៌ា មហាអំណាចអាណានិគមអាស៊ី មហាអំណាចអឺរ៉ុប មូលហេតុ ម៉ៅសេទុង យុគខ្មៅងងឹត យុគនៃពន្លឺ រដ្ឋធម្មនុញ្ រុស្សី លេនីន វាំងននដែក វិទ្យាសាស្រ្ត វិបត្តិប៊ែរឡាំង វិបត្តិព្រែកជីកស៊ុយអេ វិបត្តិមីស៊ីលគុយបា វៀតណាមខាងត្បូង សង្គ្រាមលោកលើកទី១ សង្គ្រាមលោកលើកទី២ សង្រ្គាមកូរ៉េ សង្រ្គាមឈូងសមុទ្រពែក្ស សង្រ្គាមត្រជាក់ សង្រ្គាមវៀតណាម សង្រ្គាមស៊ីវិល សង្រ្គាមអាហ្វហ្កានីស្ថាន សង្រ្គាមអ៊ីរ៉ាក់ សង្រ្គាមឥណ្ឌូចិន សព្វាវុធនុយក្លេអ៊ែរ សហភាពសូវៀត សហរដ្ឋអាមេរិក សាសនាអ៊ីស្លាម ស្ថានភាពពិភពលោក ហ៊ីត្លែរ ហ្គ័របាឆូវ អង់គ្លេស អធិរាជណាប៉ូឡេអុង អរិយធម៌ដ៏ចំណាស់បំផុតរបស់មនុស្សជាតិ អរិយធម៌មេឌីទែរ៉ាណេ អរិយធម៌អាស៊ីអាគ្នេយ៍ អាញ់ស្តាញ់ អាណាចក្រខ្មែរ អាណានិគម អាណាព្យាបាលបារាំង អាប្រាហាំលីនកុន អាមេរិក អារ៉ាប់ អាល់កៃដា អាល់ប៊ែរ អាញ់ស្តាញ់ អាស៊ីប៉ាសីហ្វិក អ៊ីតាលី អ៊ីសាក់ញូតុន អ៊ីស្រាអែល អឺរ៉ុបខាងកើត អ៊ុយក្រែន ឧស្សាហកម្ម

សតវត្សរ៍ទី១៧ និងទី១៨៖ យុគនៃពន្លឺនៅអឺរ៉ុប (Siècle des Lumières)

        សតវត្សរ៍ទី១៧... មហាអំណាច​នៅ​អឺរ៉ុប​បន្ត​វាតទី​ពង្រីក​អាណានិគម​ នៅ​ក្នុង​ទ្វីបអាមេរិក ដោយ​អេស្ប៉ាញ និង​ព័រទុយហ្កាល់​គ្រប់គ្រង​អាមេរិក​ខាង​ត្បូង ហើយ​បារាំង និង​អង់គ្លេស​គ្រប់គ្រង​អាមេរិក​ខាងជើង ត្រង់​ទឹកដី​កាណាដា និង​សហរដ្ឋ​អាមេរិក​សព្វថ្ងៃ។
            នៅ​អាស៊ី រាជវង្សមីង​របស់​ចិន​ត្រូវ​បាន​ពួក​ម៉ាន់ជូ​ផ្តួលរំលំ នៅ​ឆ្នាំ​១៦៤៤។ ​ពួកម៉ាន់ជូ​ក៏​បាន​បង្កើត​ជារាជវង្សថ្មីមួយទៀត គឺ​រាជវង្ស​ឈីង ដែល​គ្រប់គ្រង​ប្រទេស​ចិន​រហូតដល់​ឆ្នាំ​១៩១២ ទើប​ត្រូវ​ក្រុម​បះបោរ​ដឹកនាំ​ដោយ​ស៊ុនយ៉ាតសេន​ផ្តួលរំលំ ហើយ​បង្កើត​របបសាធារណរដ្ឋ។
            នៅ​អាស៊ី​អាគ្នេយ៍ អាណាចក្រ​ខ្មែរ​នៅតែ​បន្ត​ធ្លាក់​ដុនដាប ដោយ​ទឹកដី​ចេះតែ​រួញ​បន្តិចម្តងៗ ដោយ​ការ​លេបត្របាក់​ពី​ប្រទេស​ជិតខាង។ ក្រោយ​ពី​ការ​ដួលរលំ​​អង្គរ និង​បន្ទាយលង្វែក​ដោយសារ​ដៃ​សៀម អាណាចក្រ​ខ្មែរ​ក៏​ចាប់ផ្តើម​បាត់បង់​ទឹកដី​កូស៊ាំងស៊ីន (កម្ពុជា​ក្រោម) ទៅ​ក្នុង​ដៃ​អាណ្ណាម នៅ​ក្នុង​រាជ​ព្រះបាទ​ជ័យជេដ្ឋា​ទី២។ ព្រះបាទ​ជ័យជេដ្ឋា​ទី២ ដែល​បាន​ឡើង​គ្រងរាជ្យ នៅ​ឆ្នាំ​១៦១៨ បាន​យក​ក្សត្រិយ​អាណ្ណាម​មក​ធ្វើ​ជា​ព្រះរាជាយា រួចហើយ​អនុញ្ញាត​ឲ្យ​ប្រជាជន​អាណ្ណាម​ចូល​មកតាំងទីលំនៅ​នៅក្បែរ​ព្រៃនគរ។ ចាប់ពីពេលនោះ​ហើយ ដែល​ពួក​អាណ្ណាម​ចាប់ផ្តើម​ទន្រ្ទាន​ដណ្តើម​កាន់កាប់​ទឹកដី​ ដែល​យើង​ហៅ​ថា កម្ពុជា​ក្រោម​សព្វថ្ងៃ​នេះ។
            នៅ​អឺរ៉ុបវិញ សង្រ្គាម​ដ៏ធំមួយ​បាន​ផ្ទុះឡើង នៅ​ឆ្នាំ​១៦១៨ ហើយ​អូសបន្លាយ​រហូតដល់​ឆ្នាំ​១៦៤៨ ដែល​គេ​ឲ្យ​ឈ្មោះថា សង្រ្គាម ៣០ឆ្នាំ (Guerre de Trente Ans)។ សង្រ្គាម​នេះ​ផ្ទុះឡើង​ពីដំបូង​ចេញពី​ជម្លោះ​​សាសនា រវាង​​ពួក​​កាតូលិក និងពួក​ប្រូតេស្តង់។ ក៏ប៉ុន្តែ ក្រោយ​មក សង្រ្គាម​នេះ​ក៏​បាន​រាលដាល​ទៅជា​សង្រ្គាម​ពេញ​ក្នុង​តំបន់​អឺរ៉ុប​ទាំងមូល។ សង្រ្គាម​នេះ​បាន​បិទបញ្ចប់​ដោយ​សន្ធិសញ្ញា​វេសហ្វាលី (Wesphalie) នៅ​ឆ្នាំ​១៦៤៨។ គឺ​សន្ធិសញ្ញា​វេសហ្វាលី​នេះ​ហើយ ដែល​ត្រូវបាន​គេ​ចាត់ទុក​ថា​ជា​មូលដ្ឋានគ្រឹះ​នៃ​ទំនាក់ទំនង​អន្តរជាតិ​ សម័យទំនើប ដោយ​បណ្តា​ប្រទេស​អឺរ៉ុប​បាន​ព្រមព្រៀង​គ្នា​បង្កើត​ជា​គោលការណ៍​ ដ៏សំខាន់មួយ គឺ​អធិបតេយ្យភាព និង​បូរណភាព​ទឹកដី​របស់​រដ្ឋ ពោលគឺ រដ្ឋនីមួយៗ​មាន​ព្រំដែនដែល​មិន​អាច​រំលោភ​បាន ហើយ​ត្រូវដឹកនាំ​ដោយ​អំណាច​នយោបាយ ដែល​មាន​អធិបតេយ្យភាព​កំពូល​ ដែល​ប្រទេស​ផ្សេងទៀត​មិនអាច​លូកដៃ​ចូល​មក​​ជ្រៀតជ្រែក​បាន។
 

រូបគំនូរ​បង្ហាញ​ពី​ស្តេច​ល្វីស ទី១៤ (Louis XIV) ទទួល​ជួប​សមាជិក​រាជបណ្ឌិតសភា​វិទ្យាសាស្រ្ត​បារាំង នៅ​ឆ្នាំ​១៦៦៧


            ឆ្នាំ​១៦៤៩ មួយឆ្នាំ​ក្រោយ​ការ​ចុះកិច្ចព្រមព្រៀង​វេសហ្វាលី​បញ្ចប់​សង្រ្គាម​៣០ឆ្នាំ ហេតុការណ៍​ដ៏សំខាន់​មួយ​បាន​កើតឡើង នៅ​អង់គ្លេស។ បដិវត្តន៍​ប្រឆាំង​នឹង​រាជានិយម​អង់គ្លេស​ ដែល​បាន​បង្ក​ជា​សង្រ្គាម​ស៊ីវិល​តាំង​ពី​ឆ្នាំ​១៦៤២​មកនោះ បាន​ទទួលជោគជ័យ ហើយ​ក្រុម​បដិវត្តន៍​បាន​ចាប់​ខ្លួន​ស្តេច​អង់គ្លេស គឺ​ស្តេច​ Charles ទី១ យក​មក​កាត់ទោស​ប្រហារ​ជីវិត ដោយ​កាត់ក្បាល។ របបរាជានិយម​ត្រូវ​ដួលរលំ ជំនួស​មកវិញ​ដោយ​របបសាធារណរដ្ឋ ក៏ប៉ុន្តែ ជា​របបសាធារណរដ្ឋ​បែប​ផ្តាច់ការ​ ដឹកនាំ​ដោយ​​មេដឹកនាំ​យោធា​ឈ្មោះ Oliver Cromwell។ ក៏ប៉ុន្តែ របបសាធារណរដ្ឋ​អង់គ្លេស​មាន​អាយុ​កាលតែ ១០ឆ្នាំ​ប៉ុណ្ណោះ។ នៅ​ឆ្នាំ​១៦៥៩ មួយឆ្នាំ​ក្រោយ​មរណភាព​របស់ Oliver Cromwell របប​សាធារណរដ្ឋ​​អង់គ្លេស​ត្រូវ​ដួលរលំ ហើ​យ​អង់គ្លេស​ក៏​វិលត្រឡប់​ទៅ​រក​ការដឹកនាំ​តាមបែប​រាជានិយម​វិញ ក៏ប៉ុន្តែ របបរាជានិយម​ថ្មីនេះ​ត្រូវ​បាន​គេ​ធ្វើ​កំណែទម្រង់​បន្តិចម្តងៗ ពី​រាជានិយម​ផ្តាច់ការ រហូត​ឈាន​ទៅ​បង្កើត​ជា​របបរាជានិយម​អាស្រ័យរដ្ឋធម្មនុញ្ញ នៅ​ឆ្នាំ​១៦៨៨។
      នៅ​អឺរ៉ុប ក្នុង​សតវត្សរ៍ទី១៧ ថ្វីដ្បិត​តែ​មាន​ភាព​វឹកវរ​ដោយ​សង្រ្គាមច្រើន​ ក៏ប៉ុន្តែ ចលនា​ Renaissance ​ពោលគឺ​ការ​ចាប់កំណើតឡើងវិញ​នៃ​អរិយធម៌​អឺរ៉ុប​សម័យបុរាណ នៅតែ​បន្ត​រីកសាយភាយ​កាន់តែ​ធំឡើងៗ។ អ្នក​ប្រវត្តិសាស្រ្ត​​ជាទូទៅ​ ជាពិសេស អ្នក​ប្រវត្តិសាស្រ្ត​នៅ​តាម​បណ្តា​ប្រទេស​លោកខាងលិច ចាត់ទុក​សម័យកាល​ពី​ពាក់កណ្តាល​​សតវត្សរ៍​ទី១៧ ដល់​ពាក់កណ្តាល​សតវត្សរ៍ទី១៨​ថា ជា​យុគ​នៃ​ពន្លឺ (Enlightenment/Siècle des Lumières) ពោលគឺ ជា​សម័យកាល​នៃ​ចំណេះដឹង។
            Montesquieu, Voltaire និង​ Jean-Jacques Rousseau នៅ​បារាំង, John Locke និង Thomas Hobbes នៅ​អង់គ្លេស, Spinoza (១៦៣២-១៦៧៧) នៅ​ហូឡង់... សុទ្ធសឹង​ជា​ទស្សនវិទូ​ល្បីៗ នៅ​ក្នុង​ចន្លោះ​សតវត្សរ៍​ទី១៧ និង​ទី១៨​។ គឺ​នៅ​ក្នុង​អំឡុង​ពេលនោះហើយ ដែល​ទ្រឹស្តី​នៃ​ទស្សនវិជ្ជានយោបាយ​ដ៏សំខាន់មួយ ដែល​គេ​ឲ្យ​ឈ្មោះ​ថា កិច្ចសន្យាសង្គម ​(Contrat Social) បាន​ចាប់កំណើត​ឡើង  ហើយ​នៅតែ​បន្ត​មាន​ឥទ្ធិពល​មក​ទល់​នឹង​ពេលបច្ចុប្បន្ន​ ជាពិសេស នៅ​ក្នុង​របបដឹកនាំ​តាមបែប​ប្រជាធិបតេយ្យ។ តាមរយៈទ្រឹស្តី​នេះ រដ្ឋ​អាច​​មាន​អំណាច​ទៅលើ​ពលរដ្ឋ​បាន​​ ដោយសារ​តែពលរដ្ឋ​នីមួយៗ​​ព្រមព្រៀង​សុខចិត្ត​ដាក់ខ្លួន​ឲ្យ​​ស្ថិត​ក្រោម​ អំណាច​របស់​រដ្ឋ។ ទំនាក់ទំនង​ រវាង​រដ្ឋ និង​ប្រជាជន​ ត្រូវ​ចងភ្ជាប់​ដោយ​កិច្ចសន្យាមួយ ដែល​គេ​ហៅថា កិច្ចសន្យាសង្គម ដែល​តាមរយៈ​​កិច្ចសន្យា​នេះ ប្រជាជន​​នីមួយៗសុខចិត្ត​បោះបង់​សេរីភាព​របស់​ខ្លួន​មួយផ្នែក ហើយ​ដាក់ខ្លួន​ឲ្យ​ស្ថិត​ក្រោម​អំណាច​របស់​អ្នកដឹកនាំ​រដ្ឋ។ ​ជា​ថ្នូរមកវិញ អ្នកដឹកនាំ​រដ្ឋ​ត្រូវ​តែ​ធានា​នូវ​សន្តិសុខ និង​សិទ្ធិសេរីភាព​មួយផ្នែក​ទៀត​ដែលនៅ​សេសសល់​សម្រាប់​ប្រជាជន​ជាទូទៅ។

រូបគំនូរ​បង្ហាញ​ពី​ពិធី​ជប់លៀង​ក្រោយ​ការ​ចុះសន្ធិសញ្ញា​វេសហ្វាលី (អាល្លឺម៉ង់) បញ្ចប់​សង្រ្គាម ៣០ឆ្នាំ នៅ​អឺរ៉ុប
            ទ្រឹស្តីនេះ​គឺ​ជា​គន្លឹះ​ក្នុងការ​ស្វែងយល់​អំពី​ទំនាក់ទំនង រវាង​រដ្ឋ និង​ប្រជាជន​ដែល​នៅ​ចំណុះរដ្ឋ ទាំង​នៅ​ក្នុង​រចនាសម្ព័ន្ធ​រដ្ឋ​សម័យ​ទំនើប និងទាំង​នៅ​ក្នុង​ពេល​មនុស្ស​ចាប់​បង្កើត​រដ្ឋ​ជាដំបូង នៅ​ក្នុង​សម័យកាល​បដិវត្តន៍​កសិកម្ម។
            ទស្សនវិជ្ជា​នយោបាយ ស្តីពី​ការ ការបែងចែក​អំណាច​រដ្ឋ របស់ Montesquieu និង John Locke ក៏​ជា​ទ្រឹស្តី​នយោបាយ​ដ៏​មាន​ឥទ្ធិពល​ខ្លាំង​មួយដែរ នៅ​អឺរ៉ុប​នៅ​ចន្លោះ​សតវត្សរ៍​ទី១៧ និង​ទី១៨។ ទ្រឹស្តីនេះ គឺ​ជា​មូលដ្ឋាន​គ្រឹះ​នៃ​លទ្ធិប្រជាធិបតេយ្យ ហើយ​ដែល​មាន​ឥទ្ធិពល​នៅទូទាំង​ពិភពលោក រហូតមកទល់​នឹង​សព្វថ្ងៃ​នេះ។
រូបគំនូរ​បង្ហាញ​ពី​លោក​អ៊ីសាក់ ញូតុន អ្នកប្រាជ្ញ​​​អង់គ្លេស​ដ៏ល្បីល្បាញខាង​រូបវិទ្យា

            និយាយ​ខាង​ផ្នែកវិទ្យាសាស្រ្ត​វិញ នៅ​ចន្លោះ​សតវត្សរ៍​ទី១៧ និង​ទី១៨ គេឃើញ​មាន​ទ្រឹស្តី​ល្អៗ​ជាច្រើន​បាន​ចាប់កំណើតឡើង ចេញ​ពី​អ្នកប្រាជ្ញល្បីៗ​ជាច្រើន​ ដូចជា​ ខាង​តារាស្រ្ត​ មាន​ Johannes Kepler នៅ​អាល្លឺម៉ង់​, ខាង​រូបវិទ្យា និង​គណិតវិទ្យា មាន​​ Blaise Pascal និង René Descartes នៅ​បារាំង និង​ជាពិសេស អ៊ីសាក់ ញូតុន Isacc Newton នៅ​អង់គ្លេស។ អ៊ីសាក់ ញូតុន ដែល​កើតឆ្នាំ​១៦៤២ ត្រូវ​បាន​គេ​ចាត់ទុក​ថា​​ជា​អ្នកវិទ្យាសាស្រ្ត​ដ៏​មាន​ឥទ្ធិពល​បំផុត នៅ​ក្នុង​ប្រវត្តិសាស្រ្ត​របស់​មនុស្សជាតិ។ ទ្រឹស្តី​របស់​ញូតុន ដែល​ត្រូវ​បាន​គេ​ស្គាល់​ច្រើន​ជាងគេ គឺ​កម្លាំង​នៃ​ទំនាញផែនដី។
            ចំណេះដឹង​នៃ​អ្នកប្រាជ្ញ​អឺរ៉ុប ក្នុង​ចន្លោះ​សតវត្សរ៍​ទី១៧ និង​ទី១៨​នេះ​ហើយ ដែល​ជា​ពន្លឺ​ បំភ្លឺផ្លូវ ឆ្ពោះ​ទៅ​ការ​ធ្វើ​បដិវត្តន៍​ធំៗ​ជាច្រើន​ ទាំង​បដិវត្តន៍​​ផ្នែក​វិទ្យាសាស្រ្ត​សម័យទំនើប និង​ទាំង​បដិវត្តន៍​ខាង​សង្គម​និង​នយោបាយ ដូចជា បដិវត្តន៍​នៅ​អង់គ្លេស នៅ​ឆ្នាំ​១៦៨៨ ដែល​ឈាន​ទៅ​បង្កើត​រាជានិយម​អាស្រ័យ​ធម្មនុញ្ញ, បដិវត្តន៍​នៅ​អាមេរិក ដែល​ឈាន​ទៅ​បង្កើត​សហរដ្ឋ​អាមេរិក​ឯករាជ្យ​ពី​អាណានិគម​អឺរ៉ុប នៅ​ឆ្នាំ​១៧៧៦ និង​បដិវត្តន៍​បារាំង​ នៅ​ឆ្នាំ​១៧៨៩ ដែល​ផ្តួលរំលំ​របបរាជានិយម​ផ្តាច់ការ បង្កើត​ទៅជា​របបសាធារណរដ្ឋ រហូត​មក​ទល់​នឹង​ពេល​បច្ចុប្បន្ន​នេះ៕