Labels

Albert Einstein Alexandre le Grand ISIS La Terreur Pearl Harbor Renaissance កំណែទម្រង់ប៉េរេស្ត្រយកា កំណែទម្រង់សេដ្ឋកិច្ចចិន កម្ពុជា កម្ពុជាក្រោម កម្លាំងទំនាញសកល ការចាប់ផ្ដើម ការប្រជែងផ្នែកអវកាស ការវិលត្រឡប់ទៅកាន់អំណាច កាលីលេ កូសាំងស៊ីន ក្រិក ក្រុមជីហាតរដ្ឋអ៊ីស្លាម ក្រុមភេរវជនអន្តរជាតិ ខ្សែបន្ទាត់ព្រំដែន គ្រាប់បែកនុយក្លេអ៊ែរ គ្រីស្តូហ្វកូឡុំ គ្រឹស្តសាសនា ចក្រភពម៉ុងហ្គោល ចក្រភពរ៉ូម ចក្រភពអារ៉ាប់ ចលនាតស៊ូប្រដាប់អាវុធកុម្មុយនិស្ត ចិន ច្បាប់នៃចលនា ឆេកូស្លូវ៉ាគី ជប៉ុន ជ័យជម្នះរបស់ក្រុមសម្ព័ន្ធមិត្ត ជិនហ្គីស ខាន់ ដែនដីអាណានិគម តេងស៊ាវពីង តេងស៊ាវភីង ទ្រឹស្តីតារាសាស្រ្ត ទ្រឹស្តីសាសនា បក្សកុម្មុយនិស្តចិន បដិវត្តន៍ បដិវត្តន៍កសិកម្ម បដិវត្តន៍រាជានិយម បដិវត្តន៍វប្បធម៌ បដិវត្តន៍អ៊ីរ៉ង់ បារាំង បិតាកំណែទម្រង់សេដ្ឋកិច្ចចិន ប៊ិនឡាដិន បុរេប្រវត្តិ ប្រធានាធិបតីអាមេរិក ប្រវត្តិសាស្រ្ត ប្លុកកុម្មុយនិស្ត ផលវិបាក ភេរវកម្ម១១កញ្ញា មជ្ឈិមបូព៌ា មហាអំណាចអាណានិគមអាស៊ី មហាអំណាចអឺរ៉ុប មូលហេតុ ម៉ៅសេទុង យុគខ្មៅងងឹត យុគនៃពន្លឺ រដ្ឋធម្មនុញ្ រុស្សី លេនីន វាំងននដែក វិទ្យាសាស្រ្ត វិបត្តិប៊ែរឡាំង វិបត្តិព្រែកជីកស៊ុយអេ វិបត្តិមីស៊ីលគុយបា វៀតណាមខាងត្បូង សង្គ្រាមលោកលើកទី១ សង្គ្រាមលោកលើកទី២ សង្រ្គាមកូរ៉េ សង្រ្គាមឈូងសមុទ្រពែក្ស សង្រ្គាមត្រជាក់ សង្រ្គាមវៀតណាម សង្រ្គាមស៊ីវិល សង្រ្គាមអាហ្វហ្កានីស្ថាន សង្រ្គាមអ៊ីរ៉ាក់ សង្រ្គាមឥណ្ឌូចិន សព្វាវុធនុយក្លេអ៊ែរ សហភាពសូវៀត សហរដ្ឋអាមេរិក សាសនាអ៊ីស្លាម ស្ថានភាពពិភពលោក ហ៊ីត្លែរ ហ្គ័របាឆូវ អង់គ្លេស អធិរាជណាប៉ូឡេអុង អរិយធម៌ដ៏ចំណាស់បំផុតរបស់មនុស្សជាតិ អរិយធម៌មេឌីទែរ៉ាណេ អរិយធម៌អាស៊ីអាគ្នេយ៍ អាញ់ស្តាញ់ អាណាចក្រខ្មែរ អាណានិគម អាណាព្យាបាលបារាំង អាប្រាហាំលីនកុន អាមេរិក អារ៉ាប់ អាល់កៃដា អាល់ប៊ែរ អាញ់ស្តាញ់ អាស៊ីប៉ាសីហ្វិក អ៊ីតាលី អ៊ីសាក់ញូតុន អ៊ីស្រាអែល អឺរ៉ុបខាងកើត អ៊ុយក្រែន ឧស្សាហកម្ម

អាមេរិក៖ ដំណើរឆ្ពោះទៅការទាមទារឯករាជ្យពីអង់គ្លេស

            ចាប់តាំង​ពី​ក្រោយ​ពេល​ដែល​គ្រីស្តូហ្វ កូឡុំ រកឃើញ​ទ្វីបអាមេរិក នៅ​ចុងសតវត្សរ៍​ទី​១៥ មហាអំណាច​នៅ​អឺរ៉ុប រួមមាន អេស្ប៉ាញ ព័រទុយហ្កាល់ បារាំង និង​អង់គ្លេស បាន​នាំគ្នា​ពង្រីក​អាណានិគម​របស់​ខ្លួន នៅលើ​ដែនដី​ថ្មីនេះ ដោយ​អេស្ប៉ាញ និង​ព័រទុយហ្កាល់ កាន់កាប់​តំបន់​អាមេរិក​ខាង​ត្បូង ចំណែក​ឯ​បារាំង និង​អង់គ្លេស​វិញ កាន់កាប់​អាមេរិក​ខាងជើង (នៅត្រង់​ម្តុំ​សហរដ្ឋ​អាមេរិក និង​កាណាដា​សព្វថ្ងៃ)។
         ក៏ប៉ុន្តែ គិត​ត្រឹម​សតវត្សរ៍​ទី​១៨ ដែនដី​អាមេរិក​ខាងជើង​ភាគច្រើន​ស្ថិត​ក្រោម​ការ​កាន់កាប់​របស់​បារាំង។ រហូតមកទល់​នឹង​ពេល​បច្ចុប្បន្ន​នេះ គេឃើញ​មាន​ទីក្រុង​ធំៗ​ជាច្រើន នៅ​អាមេរិក​ខាងជើង នៅតែ​រក្សា​ឈ្មោះ​ជា​បារាំង ដូចជា Montréal នៅ​កាណាដា និង Nouvelle-Orléan (ដែល​បច្ចុប្បន្ន​ហៅ​ជា​ភាសា​អង់គ្លេស​ថា New Orlean), Détroit និង Saint-Louis នៅ​សហរដ្ឋ​អាមេរិក ជាដើម។
        ចំណែក​អង់គ្លេស​វិញ កាន់កាប់​ដែនដី​តូចជាង​បារាំង គឺ​ដែនដី​ ​នៅ​តាម​បណ្តោយ​ឆ្នេរ​ប៉ែក​ខាង​កើត​សហរដ្ឋ​អាមេរិក ដែល​គេ​ហៅថា ដែនដី​អាណានិគម​ទាំង ១៣ ហើយ​ដែល​ក្រោយ​មក​នឹង​ត្រូវ​ក្លាយ​ជា​រដ្ឋដំបូង​បង្អស់ នៃ​សហរដ្ឋ​អាមេរិក។ ក៏ប៉ុន្តែ ​ដែនដី​អាណានិគម​អង់គ្លេស​​អស់​ទាំងនេះ ថ្វីដ្បិត​តែ​មាន​ទំហំផ្ទៃដី​តិច ប៉ុន្តែ មាន​ប្រជាជន​រស់នៅ​ច្រើន​ជាង​បារាំង ពោលគឺ ប្រមាណ​ជា ១លាន​នាក់ ធៀប​ទៅនឹង​ ដែនដី​អាណានិគម​របស់​បារាំង ដែល​មាន​ប្រជាជន​តែ​ប្រមាណ​ជា ១០ម៉ឺននាក់​។ ដែនដី​អាណានិគម​បារាំង​នៅ​អាមេរិក​មាន​មនុស្ស​រស់នៅ​តិច គឺ​​ដោយសារ​តែ​​ប្រជាជន​​បារាំងភាគច្រើន​មិន​ចង់​ចាកចេញ​ពី​ប្រទេស​​កំណើត​ ទៅតាំង​ទីលំនៅ​នៅ​លើ​ដែនដី​អាណានិគម។ រដ្ឋាភិបាល​បារាំងវិញ​​ក៏​មិនសូវ​ជា​យកចិត្ត​ទុកដាក់​លើ​​ដែនដី​អាណានិគម​ ដូចជា រដ្ឋាភិបាល​អង់គ្លេស​នោះដែរ។
            នៅ​ឆ្នាំ​១៧៥៦ សង្រ្គាម​ដណ្តើម​កាន់កាប់​ដែនដី​អាណានិគម​បាន​ផ្ទុះឡើង រវាង​បារាំង និង​អង់គ្លេស។ សង្រ្គាម​នេះ ដែល​ភាគច្រើន​ជា​សង្រ្គាម​ខាង​ទ័ព​ជើងទឹក បាន​អូសបន្លាយ​ពេល​ដល់​ឆ្នាំ​១៧៦៣ ហើយ​ត្រូវ​បាន​គេ​ឲ្យ​ឈ្មោះ​ថា សង្រ្គាម៧ឆ្នាំ។ នៅ​អាមេរិក សង្រ្គាម​នេះ​ត្រូវ​បាន​គេ​ឲ្យឈ្មោះ​ថា សង្រ្គាម​បារាំង​ឥណ្ឌា (French and Indian War) ពោលគឺ​សង្រ្គាម​រវាង​ បារាំង ដែលមាន​ពួក​ជនជាតិ​ដើម​ឥណ្ឌា​ស្បែក​ក្រហម​ជា​សម្ព័ន្ធមិត្ត ទល់​នឹង​​អង់គ្លេស រួមជាមួយ​នឹង​ដែនដី​អាណានិគម​ទាំង ១៣។
       សង្រ្គាម​នេះ​ត្រូវ​បាន​បញ្ចប់​ជាមួយ​នឹង​ការ​ចុះ​សន្ធិសញ្ញា​សន្តិភាព នៅ​ទីក្រុង​ប៉ារីស នៅ​ឆ្នាំ​១៧៦៣ ដោយ​បារាំង​ត្រូវ​បាត់បង់​ដែនដី​អាណានិគម​ស្ទើរតែ​ទាំងអស់​នៅ​កាណាដា ដែល​ត្រូវ​ប្រគល់​ទៅ​ឲ្យ​អង់គ្លេស ក្នុងនោះ​រួមមាន​ទាំង​ទឹកដី Québec ផងដែរ។
     អង់គ្លេស​វិញ ថ្វីដ្បិត​តែ​ទទួល​ជ័យជម្នះ​លើ​បារាំង ហើយ​ដណ្តើម​កាន់កាប់​ទឹកដី​អាណានិគម​យ៉ាងច្រើន​នៅ​អាមេរិក ក៏ប៉ុន្តែ ក្នុង​ពេល​ជាមួយ​គ្នា ក៏​ទទួលរងនូវការ​ខូចខាត​ដោយ​សង្រ្គាម​​យ៉ាង​ធ្ងន់ធ្ងរ​ដែរ។ ការ​គ្រប់គ្រង​ដែនដី​ដែល​ធ្លាប់​ស្ថិត​ក្រោម​អាណានិគម​បារាំង​ក៏​ជា​រឿង​ ស្មុគស្មាញ ហើយ​ទំនាក់ទំនង​ជាមួយ​ជនជាតិ​ឥណ្ឌា​ស្បែក​ក្រហម ដែល​ធ្លាប់ជា​សម្ព័ន្ធមិត្ត​របស់​បារាំង​ក៏​ចោទ​ជា​បញ្ហា។ ការខូចខាត​ផ្នែក​សេដ្ឋកិច្ច  ​ដោយសារ​សង្រ្គាម​មាន​ទំហំ​ធំធេង ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​អង់គ្លេស​ស្ទើរតែ​នឹងត្រូវ​ក្ស័យធន។
        មិនយូរប៉ុន្មាន​ក្រោយ​មក អង់គ្លេស ដែល​ទទួលជោគជ័យ​ក្នុង​សង្រ្គាម​ជាមួយ​បារាំង ក៏​ត្រូវ​ប្រឈមមុ​ខ​នឹង​សង្រ្គាម​មួយថ្មី​ទៀត នៅ​អាមេរិក​ខាងជើង ហើយលើកនេះ ជា​សង្រ្គាម​តទល់​ជាមួយ​នឹង​ទឹកដី​អាណានិគម​របស់​អង់គ្លេស​ខ្លួនឯង​ផ្ទាល់ គឺ​សង្រ្គាម​ទាមទារ​ឯករាជ្យ​របស់​អាមេរិក។
    បន្ទាប់​ពីជ័យជម្នះ ក្នុង​សង្រ្គាម​ដណ្តើម​អាណានិគម​ជាមួយ​បារាំង អង់គ្លេស​ត្រូវ​ប្រឈមមុខ​នឹង​បញ្ហា​សេដ្ឋកិច្ចធ្ងន់ធ្ងរ ក៏​បាន​សម្រេច​ដំឡើង​ពន្ធអាករ លើ​ប្រជាជន​អង់គ្លេស ដែល​រស់នៅលើ​ទឹកដី​អាណានិគម នៅ​អាមេរិក​ខាងជើង។
       ចក្រភព​អង់គ្លេស​យល់ថា ប្រជាជន​នៅ​ដែនដី​អាណានិគម​អាមេរិក​ខាងជើង​ត្រូវ​តែ​ចូលរួម​វិភាគទាន​ច្រើន នៅ​ក្នុង​វិស័យ​ការពារជាតិ​អង់គ្លេស ពីព្រោះ​ពួកគេ​ទទួល​បាន​ការការពារ​ពី​សំណាក់​ទាហាន​អង់គ្លេស។ ក៏ប៉ុន្តែ អាណានិគមជន​អង់គ្លេស​​នៅ​អាមេរិកវិញ​យល់​ថា ពួកគេ​មិនមាន​សិទ្ធ​​ជ្រើសរើស​​តំណាង​​នៅ​ក្នុង​សភា​អង់គ្លេស​ដូច​ពលរដ្ឋ​ ដទៃទៀត ដូច្នេះ មិនគួរ​មាន​កាតព្វកិច្ច​បង់ពន្ធ​ច្រើន​បែបនេះទេ។ ពួកគេ​ក៏​បាន​នាំ​គ្នា​ងើបឡើង​ប្រឆាំង​នឹង​អាជ្ញាធរ​អង់គ្លេស ហើយ​ចលនា​ប្រឆាំង​នេះ​ក៏​បាន​​រាលដាល​កាន់តែ​ខ្លាំង រហូត​ផ្ទុះ​ជា​អំពើ​ហិង្សា នៅ​ឆ្នាំ​១៧៧០ នៅ​ពេល​ដែល​ទាហាន​អង់គ្លេស​បាន​បើក​ការ​បាញ់​ប្រហារ​លើ​ក្រុមប្រឆាំង​ នៅ​បូស្តុន បណ្តាល​ឲ្យ​មនុស្ស ៥នាក់​បាត់បង់ជីវិត។
        ចាប់ពីពេលនោះមក ចលនា​ប្រឆាំង​នឹង​រដ្ឋាភិបាល​ចក្រភព​អង់គ្លេស​ក៏​កើតមាន​កាន់តែ​ខ្លាំង ហើយ​គិត​ត្រឹមឆ្នាំ​១៧៧៤ ដែនដី​អាណានិគម​ទាំង ១៣ នៅ​អាមេរិក​ខាងជើង ក៏​បាន​រៀបចំ​បង្កើត​ជា​សភា និង​រដ្ឋាភិបាល​​នៅ​តាម​តំបន់​​​រៀងៗខ្លួន ហើយ​នៅ​ខែ​កញ្ញា ឆ្នាំ​១៧៧៤ តំណាង​ដែនដី​អាណានិគម​ទាំង ១៣​ បាន​ជួប​ប្រជុំគ្នា​នៅ Philadelphia ដែល​គេ​រាប់​ថាជា​កិច្ចប្រជុំ​នីតិកាល​ទី១​នៃ​សភារួម​របស់​ដែនដី​អាណានិគម​ ទាំង ១៣ (Continental Congress)។ ក៏ប៉ុន្តែ នៅ​ពេលនោះ អាមេរិក​មិនទាន់​​ប្រកាស​ឯករាជ្យ​ដាច់ចេញ​ពី​ចក្រភព​អង់គ្លេស​នៅឡើយទេ។
     ចក្រភព​អង់គ្លេសវិញ ឆ្លើយតប​នឹង​ចលនា​ប្រឆាំង​​នៅ​អាមេរិក ក៏​បាន​ចាត់វិធានការ​កាន់តែ​តឹងរ៉ឹង ព្រមទាំង​បាន​បញ្ជូន​ទាហាន​កាន់តែ​ច្រើន​ឲ្យ​ទៅ​អាមេរិក ក្នុង​គោលដៅ​ពង្រឹង​អំណាច​របស់​ខ្លួន ទៅលើ​ដែនដី​អាណានិគម។ វិធានការ​រឹតតែ​តឹងរ៉ឹង ចលនាប្រឆាំង​ក៏​រឹតតែ​កើនឡើង។ មិនយូរ​ប៉ុន្មាន ចលនាប្រឆាំងនៅ​ក្នុង​ដែនដី​អាណានិគម​នៅ​អាមេរិក​​​ក៏​បាន​ក្លាយ​ជា​ចលនា​ បះបោរ​ប្រដាប់​អាវុធ ហើយ​​បាន​ប៉ះប្រយុទ្ធ​ជាមួយ​នឹង​ទាហាន​អង់គ្លេស​ជាលើកទី១ នៅ​ Massachusetts នៅ​ថ្ងៃ​ទី១៩ ​ខែមេសា ឆ្នាំ​១៧៧៥។ គឺ​ថ្ងៃនោះ​ហើយ​ ដែល​គេ​ចាត់ទុក​ថា​ជា​ថ្ងៃ​ចាប់ផ្តើម​នៃ​សង្រ្គាម​ឯករាជ្យ​ ឬ​សង្រ្គាម​បដិវត្តន៍អាមេរិក។
     នៅខែ​ឧសភា ឆ្នាំ​១៧៧៥ គណៈប្រតិភូ​មក​ពី​ដែនដី​អាណានិគម​ទាំង ១៣ ដោយ​ក្នុងនោះ​រួមមាន Georges Washington, John Adams, Benjamin Franklin និង ​Thomas Jefferson បាន​បើក​កិច្ចប្រជុំ​សភា​ជាថ្មីម្តងទៀត ហើយ​សម្រេច​បង្កើត​កងទ័ពរួម (Continental Army) ដោយ​មាន
Georges Washington ជា​អគ្គបញ្ជាការ ដើម្ប​ប្រយុទ្ធតទល់​ជាមួយ​នឹង​កងទ័ព​នៃ​ចក្រភព​អង់គ្លេស។
 
គំនូរ​បង្ហាញ​អំពី​លោក Georges Washington និង​កងទ័ព​អាមេរិក ក្នុង​សង្រ្គាម​ទាមទារ​ឯករាជ្យ​ពី​អង់គ្លេស
             នៅ​ពាក់កណ្តាល​ឆ្នាំ​១៧៧៦ នៅ​ក្នុង​ពេល​ដែល​សង្រ្គាម​បដិវត្តន៍​អាមេរិក​កំពុង​តែ​ឆាបឆេះ​ពេញ​បន្ទុក ប្រជាជន​​​នៅ​ក្នុង​ដែនដី​អាណានិគម​ទាំង ១៣ កាន់តែច្រើន​ឡើង​បង្ហាញ​ពី​ជំហរ​ចង់​បាន​ឯករាជ្យ​ដាច់ចេញ​ពី​ចក្រភព​ អង់គ្លេស​ទាំងស្រុង។ នៅថ្ងៃទី៤ ខែកក្កដា ឆ្នាំ​១៧៧៦ សភា​នៃ​ដែនដី​អាណានិគម​ទាំង ១៣ (Continental Congress) ក៏​បាន​អនុម័ត​​​សេចក្តី​​ប្រកាស​​ឯករាជ្យ​​​ពី​អង់គ្លេស។ គិតមកត្រឹមពេលនោះ ដែនដី​អាណានិគម​ទាំង ១៣ ភាគច្រើន​ស្ថិត​ក្រោម​ការ​កាន់កាប់​របស់​កងទ័ព​អាមេរិក ក៏ប៉ុន្តែ អង់គ្លេស ដែល​នៅតែ​​​មិន​​សុខចិត្ត​បោះបង់​ដែនដី​​អាណានិគម​របស់​ខ្លួន​​ ក៏​បាន​បញ្ជូន​​នាវាចម្បាំង ព្រមទាំង​ទាហាន​​កាន់តែ​ច្រើន ដើម្បី​ទៅ​វាយបង្រ្កាប​ទាហាន​អាមេរិក ដែល​អង់គ្លេស​ចាត់ទុកថា​  ជា​ក្រុមបះបោរ។
            នៅដើម​​ឆ្នាំ​១៧៧៨ បារាំង ដែល​ច្បាំង​ចាញ់​​​អង់គ្លេស ក្នុង​សង្រ្គាម​ដណ្តើម​ដែនដី​អាណានិគម​អាមេរិក កាល​ពី​១៥ឆ្នាំមុន ​មើល​ឃើញ​សន្ទុះ​នៃ​កម្លាំង​ទ័ព​អាមេរិក​ថាជា​​ឱកាស​ល្អ​​ ដើម្បី​​សងសឹក​ចំពោះ​អង់គ្លេស ក៏​បាន​លូកដៃ​ចូល​អន្តរាគមន៍​ជួយ​អាមេរិក ក្នុងការ​ច្បាំង​ជាមួយ​នឹង​កងទ័ព​អង់គ្លេស។ អង់គ្លេស​​ក៏​ប្រកាស​សង្រ្គាម​ជាមួយ​បារាំង។ ​អេស្ប៉ាញ និង​ហូឡង់ ដែល​ជា​សម្ព័ន្ធមិត្ត​របស់​បារាំង​បាន​នាំគ្នា​ចូល​មក​ជួយ​បារាំង ចំណែក​រដ្ឋ​ខ្លះ​របស់​​អាល្លឺម៉ង់​បាន​ចូល​មក​ជួយ​អង់គ្លេស។​ ​​សង្រ្គាម​ឯករាជ្យ​អាមេរិក​ក៏​បាន​រាលដាល​ទៅជា​សង្រ្គាម​​អន្តរជាតិ ដែល​អូសបន្លាយពេល​រហូត​ដល់​ឆ្នាំ​១៧៨៣ ទើប​បញ្ចប់ តាមរយៈ​ការ​ចុះ​​សន្ធិសញ្ញា​ នៅ​ទីក្រុង​ប៉ារីស ថ្ងៃទី៣ កញ្ញា ឆ្នាំ​១៧៨៣។ ​នៅ​ក្នុង​សន្ធិសញ្ញា​នេះ អង់គ្លេសបាន​​សុខចិត្ត​​ទទួល​ស្គាល់​​អាមេរិកថា ​ជា​ប្រទេស​ដែល​មាន​​ឯករាជ្យ​ពេញលេញ៕