Labels

Albert Einstein Alexandre le Grand ISIS La Terreur Pearl Harbor Renaissance កំណែទម្រង់ប៉េរេស្ត្រយកា កំណែទម្រង់សេដ្ឋកិច្ចចិន កម្ពុជា កម្ពុជាក្រោម កម្លាំងទំនាញសកល ការចាប់ផ្ដើម ការប្រជែងផ្នែកអវកាស ការវិលត្រឡប់ទៅកាន់អំណាច កាលីលេ កូសាំងស៊ីន ក្រិក ក្រុមជីហាតរដ្ឋអ៊ីស្លាម ក្រុមភេរវជនអន្តរជាតិ ខ្សែបន្ទាត់ព្រំដែន គ្រាប់បែកនុយក្លេអ៊ែរ គ្រីស្តូហ្វកូឡុំ គ្រឹស្តសាសនា ចក្រភពម៉ុងហ្គោល ចក្រភពរ៉ូម ចក្រភពអារ៉ាប់ ចលនាតស៊ូប្រដាប់អាវុធកុម្មុយនិស្ត ចិន ច្បាប់នៃចលនា ឆេកូស្លូវ៉ាគី ជប៉ុន ជ័យជម្នះរបស់ក្រុមសម្ព័ន្ធមិត្ត ជិនហ្គីស ខាន់ ដែនដីអាណានិគម តេងស៊ាវពីង តេងស៊ាវភីង ទ្រឹស្តីតារាសាស្រ្ត ទ្រឹស្តីសាសនា បក្សកុម្មុយនិស្តចិន បដិវត្តន៍ បដិវត្តន៍កសិកម្ម បដិវត្តន៍រាជានិយម បដិវត្តន៍វប្បធម៌ បដិវត្តន៍អ៊ីរ៉ង់ បារាំង បិតាកំណែទម្រង់សេដ្ឋកិច្ចចិន ប៊ិនឡាដិន បុរេប្រវត្តិ ប្រធានាធិបតីអាមេរិក ប្រវត្តិសាស្រ្ត ប្លុកកុម្មុយនិស្ត ផលវិបាក ភេរវកម្ម១១កញ្ញា មជ្ឈិមបូព៌ា មហាអំណាចអាណានិគមអាស៊ី មហាអំណាចអឺរ៉ុប មូលហេតុ ម៉ៅសេទុង យុគខ្មៅងងឹត យុគនៃពន្លឺ រដ្ឋធម្មនុញ្ រុស្សី លេនីន វាំងននដែក វិទ្យាសាស្រ្ត វិបត្តិប៊ែរឡាំង វិបត្តិព្រែកជីកស៊ុយអេ វិបត្តិមីស៊ីលគុយបា វៀតណាមខាងត្បូង សង្គ្រាមលោកលើកទី១ សង្គ្រាមលោកលើកទី២ សង្រ្គាមកូរ៉េ សង្រ្គាមឈូងសមុទ្រពែក្ស សង្រ្គាមត្រជាក់ សង្រ្គាមវៀតណាម សង្រ្គាមស៊ីវិល សង្រ្គាមអាហ្វហ្កានីស្ថាន សង្រ្គាមអ៊ីរ៉ាក់ សង្រ្គាមឥណ្ឌូចិន សព្វាវុធនុយក្លេអ៊ែរ សហភាពសូវៀត សហរដ្ឋអាមេរិក សាសនាអ៊ីស្លាម ស្ថានភាពពិភពលោក ហ៊ីត្លែរ ហ្គ័របាឆូវ អង់គ្លេស អធិរាជណាប៉ូឡេអុង អរិយធម៌ដ៏ចំណាស់បំផុតរបស់មនុស្សជាតិ អរិយធម៌មេឌីទែរ៉ាណេ អរិយធម៌អាស៊ីអាគ្នេយ៍ អាញ់ស្តាញ់ អាណាចក្រខ្មែរ អាណានិគម អាណាព្យាបាលបារាំង អាប្រាហាំលីនកុន អាមេរិក អារ៉ាប់ អាល់កៃដា អាល់ប៊ែរ អាញ់ស្តាញ់ អាស៊ីប៉ាសីហ្វិក អ៊ីតាលី អ៊ីសាក់ញូតុន អ៊ីស្រាអែល អឺរ៉ុបខាងកើត អ៊ុយក្រែន ឧស្សាហកម្ម

សហរដ្ឋអាមេរិក៖ ការតាក់តែងរដ្ឋធម្មនុញ្ញបង្កើតរដ្ឋាភិបាល សហព័ន្ធក្រោយទទួលឯករាជ្យ

      នៅ​ពេល​ដែល​ដែនដី​អាណានិគម​ទាំង ១៣ នៅ​អាមេរិក​ខាងជើង ច្បាំង​ទាមទារ​ឯករាជ្យ​ពី​ចក្រភព​អង់គ្លេស នៅ​ចន្លោះ ពី​ឆ្នាំ​១៧៧៥ ដល់​ឆ្នាំ​១៧៨៣ ប្រជាជន​ប្រមាណ​ ៨៥% ដែល​រស់​​នៅ​ក្នុង​ទឹកដី​អាណានិគម​ទាំង ១៣នេះ គឺ​ជា​អ្នក​ដែល​មាន​ដើម​កំណើត​មក​ពី​ចក្រភព​អង់គ្លេស។ ហេតុដូច្នេះ​ហើយ​បានជា​​គេច្រើន​ហៅ​​សង្រ្គាម​នេះ​ថា​ សង្រ្គាម​បដិវត្តន៍ ជាជាង សង្រ្គាម​ទាមទារ​ឯករាជ្យ ពីព្រោះ ​​វា​មិនមែន​ជា​សង្រ្គាម​ រវាង​ប្រជាជាតិ​មួយ ដើម្បី​ទាមទារ​ឯករាជ្យ​ពី​ប្រជាជាតិ​មួយ​ផ្សេងទៀត​នោះទេ តែ​វា​ជា​សង្រ្គាម​ រវាង​ប្រជាជន​អង់គ្លេស​ ដើម្បី​ផ្តាច់​ខ្លួន​ចេញ​ពី​ប្រទេស​កំណើត​ខ្លួនឯង ទៅ​បង្កើត​ជា​ប្រទេស​ថ្មី។
         សភា​នៃ​ដែនដី​អាណានិគម​ទាំង ១៣ បាន​អនុម័ត​លើ​សេចក្តីប្រកាស​ឯករាជ្យ​ពី​ចក្រភព​អង់គ្លេស នៅថ្ងៃ​ទី៤ ខែកក្កដា ឆ្នាំ​១៧៧៦។ ថ្ងៃ ៤កក្កដា ដែល​ត្រូវបាន​សហរដ្ឋ​អាមេរិក​កំណត់​ជា​ថ្ងៃ​បុណ្យ​ឯករាជ្យ​រហូត​មកទល់​នឹង​ សព្វថ្ងៃ។ ក៏ប៉ុន្តែ នៅពេល​ប្រកាស​ឯករាជ្យ នៅថ្ងៃ​ទី៤ ខែ​កក្កដា ឆ្នាំ​១៧៧៦​នោះ ដែនដី​អាណានិគម​ទាំង ១៣ នៅ​មិនទាន់​ទទួលបាន​ឯករាជ្យ​ពេញលេញ​ ពី​ចក្រភព​អង់គ្លេស​នៅឡើយទេ។ រហូតដល់ឆ្នាំ​១៧៨៣ ទើបសង្រ្គាម​បដិវត្តន៍​ត្រូវ​បញ្ចប់​ជា​ស្ថាពរ ហើយ​ចក្រភព​អង់គ្លេស​ តាមរយៈ​សន្ធិសញ្ញា​ក្រុង​ប៉ារីស បាន​សុខចិត្ត​ទទួលស្គាល់​ជាផ្លូវការ​ថា អតីត​ដែនដី​អាណានិគម​អង់គ្លេស​ទាំង ១៣ គឺ​ជា​ប្រទេស​ឯករាជ្យ។

រូបគំនូរ​បង្ហាញ​ពី​ទិដ្ឋភាព​នៃ​ការ​ចុះហត្ថលេខា​លើ​រដ្ឋធម្មនុញ្ញ​ថ្មី​របស់​សហរដ្ឋ​អាមេរិក នៅថ្ងៃ​ទី១៧ កញ្ញា ១៧៨៧
 
            អាមេរិក ក្នុងឋានៈ​ជា​ប្រទេស​ឯករាជ្យ​ បាន​ចាប់កំណើត​ជាផ្លូវការ ក៏ប៉ុន្តែ ប្រទេស​ដែល​ទើប​នឹង​ចាប់កំណើត​ថ្មី​នេះ​ត្រូវ​ឆ្លងកាត់​នូវ​​ដំណាក់កាល​ដ៏​ សំខាន់​មួយទៀត ដែល​ជា​ចំណុច​ស្លាប់​រស់ ក្នុងការ​កំណត់​ជោគវាសនា​ប្រទេស សម្រាប់​ថ្ងៃ​អនាគត គឺ​ការ​កំណត់​រចនាសម្ព័ន្ធ និង​របបនយោបាយ ដើម្បី​ដឹកនាំ​ប្រទេស​ថ្មី​នេះ។
            តាមការពិត ប្រទេស​ដែល​ទើប​នឹង​ចាប់កំណើត​ថ្មី​នេះ មិនមែន​ជា​ប្រទេស​តែមួយ​នោះទេ ប៉ុន្តែ ជា​ដែនដី​ចំនួន ១៣ ដែល​មាន​រចនាសម្ព័ន្ធ​ដឹកនាំដាច់ៗ​ពីគ្នា ប្រៀបបាន​នឹង​ប្រទេស​ឯករាជ្យ ១៣​ផ្សេងគ្នា។ រដ្ឋ​ទាំង ១៣នេះ បាន​បង្កើត​សភា​រួមគ្នា កាល​ពី​ឆ្នាំ​១៧៧៤ ដែល​គេ​ឲ្យ​ឈ្មោះ​ថា Continental Congress ហើយ​ក្រោយ​មកទៀត​ប្តូរឈ្មោះ​ទៅជា Confederation Congress។ ក៏ប៉ុន្តែ នៅក្នុងការ​អនុវត្ត​ជាក់ស្តែង សភា​នេះ​មាន​អំណាច​តិចតួច​បំផុត​ទៅលើ​រដ្ឋ​​ជា​សមាជិក​ទាំង ១៣។
ការតាក់តែង​រដ្ឋធម្មនុញ្ញ​ថ្មី
          ក្រោយ​ពី​ទទួលបាន​ឯករាជ្យ​ពី​អង់គ្លេស មេដឹកនាំ​អាមេរិក​ចាប់ផ្តើម​មើលឃើញ​កាន់តែ​ច្បាស់​ថា ប្រទេស​ឯករាជ្យ​ថ្មី​នេះ​​ត្រូវការ​ចាំបាច់​នូវ​អំណាចរដ្ឋបាល​កណ្តាល​រឹងមាំ ​មួយ ទើប​អាច​រក្សា​ស្ថិរភាព​ប្រទេស​បាន​យូរ​អង្វែង។ សភា​អាមេរិក (Confederation Congress) ក៏​បាន​កោះ​ប្រជុំ​តំណាង​រដ្ឋ​ទាំង ១៣ ដើម្បី​​តាក់តែង​រដ្ឋធម្មនុញ្ញ​ កំណត់​អំពី​របបនយោបាយ​ប្រទេស។ កិច្ចប្រជុំ​នៃ​សភា​ធម្មនុញ្ញ (Constitution Convention) បាន​ចាប់បើក​ធ្វើ នៅថ្ងៃ​ទី២៥ ខែ​ឧសភា ឆ្នាំ​១៧៨៧ នៅ​ក្នុង​ទីក្រុង Philadelphia នៅ​ក្នុង​អគារ ដែល​គេ​ធ្លាប់​ប្រជុំ​អនុម័ត​សេចក្តីប្រកាស​ឯករាជ្យ កាល​ពី​១១ឆ្នាំមុន។ ចច វ៉ាស៊ីងតោន (George Washington) មក​ពី​រដ្ឋ Virginia ដែល​ត្រូវ​បាន​គេ​ចាត់ទុក​ថា​ជា​វីរបុរស​ក្នុង​សង្រ្គាម​បដិវត្តន៍ ត្រូវ​បាន​គេ​បោះឆ្នោត​តែងតាំង​ឲ្យ​ធ្វើ​​ជា​ប្រធាន​សភា​ធម្មនុញ្ញ ដែល​​មាន​សមាជិក​សរុប ៥៥រូប មក​ពីគ្រប់រដ្ឋ​ទាំងអស់ លើកលែង​តែ​រដ្ឋ​ Rhode Island ដែល​បដិសេធ​មិន​ចូលរួម​ប្រជុំ ដោយសារ​រដ្ឋ​នេះ​មិនចង់​ឲ្យ​មាន​​អំណាច​រដ្ឋបាល​កណ្តាល​ថ្មី​ណាមួយ​​មក​ ត្រួតត្រា​លើ​ពួកគេ។
            ក្រោយ​ពី​ជជែក​តស៊ូមតិ​គ្នា​យ៉ាង​ស្វិតស្វាញ​អស់រយៈពេល​រាប់ខែ សភាធម្មនុញ្ញ​នេះ​ក៏​បាន​ឯកភាព​គ្នា​លើ​ការ​បង្កើត​រដ្ឋ​សហព័ន្ធ​មួយ ដែល​មាន​អំណាច​លើ​រដ្ឋ​ជា​សមាជិក​ទាំង ១៣ ហើយ​រដ្ឋ​សហព័ន្ធ​នេះ​​មាន​អំណាច​ធំៗ​៣ គឺ​​នីតិ​ប្បញ្ញត្តិ ​នីតិ​ប្រតិបត្តិ និង​តុលាការ ដែល​ជា​អំណាច​ឯករាជ្យ​ពី​គ្នា ក៏ប៉ុន្តែ មាន​តុល្យភាព​អំណាច ដែល​អាច​ត្រួតមើល​គ្នា​ទៅវិញ​ទៅមក​ (Check and balance) ដោយ​មិន​ឲ្យ​ស្ថាប័ន​ណាមួយ​មាន​អំណាច​ហួសហេតុ​អាច​ធ្វើ​អ្វី​តាម​ចិត្ត។


បញ្ហា​ចម្រូងចម្រាស​ក្នុង​ការ​តាក់តែង​រដ្ឋ​ធម្មនុញ្ញ
            នៅ​ក្នុងការ​តាក់តែង​រដ្ឋធម្មនុញ្ញ​ថ្មី​​របស់​រដ្ឋ​សហព័ន្ធ​អាមេរិក បញ្ហា​ដែល​ចម្រូងចម្រាស​ខ្លាំង​ជាងគេ ដែល​រហូត​ដល់​ពេល​ខ្លះ​ស្ទើរតែ​នាំ​ឲ្យ​កិច្ចប្រជុំ​សភា​ធម្មនុញ្ញ​ត្រូវ​ ទទួល​បរាជ័យ គឺ​​ភាព​ចម្រូងចម្រាស​ ​ស្តីអំពី​ទំនាក់ទំនង​ រវាង​រដ្ឋ​សមាជិក និង​រដ្ឋ​សហព័ន្ធ ជាពិសេស ការ​កំណត់​របៀប​ជ្រើសរើស​​​តំណាង​រដ្ឋ​សមាជិក នៅ​ក្នុង​សភា​សហព័ន្ធ។ គណៈប្រតិភូ​មក​ពី​រដ្ឋ​ ដែល​មាន​ផ្ទៃដី​ធំ និង​ប្រជាជន​ច្រើន ទាមទារ​ឲ្យ​​ធ្វើ​ការ​កំណត់​ចំនួន​​អាសនៈ ទៅតាម​ចំនួន​ប្រជាជន ពោលគឺ រដ្ឋ​ដែល​មាន​ប្រជាជន​ច្រើន​ត្រូវ​មាន​អាសនៈ​ច្រើន​នៅ​ក្នុង​សភា។ ចំណែក​ឯ​រដ្ឋ​តូចៗ​វិញ​ទាមទារថា រដ្ឋ​សមាជិក​ទាំងអស់ ទោះតូច ទោះធំ ទោះ​មាន​ប្រជាជន​តិច ឬ​ច្រើន ត្រូវ​តែ​មាន​ចំនួន​អាសនៈ​ស្មើៗ​គ្នា នៅ​ក្នុង​សភា​សហព័ន្ធ។
            នៅទីបំផុត គេ​ក៏​បាន​សម្រុះសម្រួលគ្នា​ដោយ​សម្រេច​យក​ដំណោះស្រាយ​កណ្តាល​មួយ គឺ​បង្កើត​អំណាច​នីតិប្បញ្ញត្តិ ដែលមាន​សភា​ពីរ។ រដ្ឋសភា (House of Representatives) ដែល​ចំនួន​អាសនៈ​ត្រូវ​បែងចែក​ទៅ​ឲ្យ​រដ្ឋ​ជា​សមាជិក ទៅតាម​ចំនួន​ប្រជាជន និង​ព្រឹទ្ធសភា (Senate) ដែល​គ្រប់រដ្ឋ​ទាំងអស់ មាន​ចំនួន​អាសនៈស្មើៗ​គ្នា ដោយ​មិន​គិត​ពី​ទំហំ​ផ្ទៃដី ឬ​ចំនួន​ប្រជាជន។
ការអនុម័ត​រដ្ឋធម្មនុញ្ញ
            រដ្ឋធម្មនុញ្ញ​ថ្មីត្រូវ​បាន​អនុម័ត​ដោយ​សភា​ធម្មនុញ្ញ នៅខែ​កញ្ញា ឆ្នាំ​១៧៨៧ មុននឹង​បញ្ជូន​ទៅ​ឲ្យ​​ប្រជាជន​នៅ​តាម​រដ្ឋ​សមាជិក​បោះឆ្នោត​អនុម័ត។ ដើម្បី​ឲ្យ​រដ្ឋធម្មនុញ្ញ​នេះ​ចូល​ជា​ធរមាន​បាន គេ​ត្រូវការ​ឲ្យ​មាន​ការ​យល់ព្រម​ពី​សំណាក់​​​រដ្ឋ​យ៉ាងតិច ៩ ក្នុង​ចំណោម​រដ្ឋ​ទាំង​ ១៣។
            ដំណើរការ​បោះឆ្នោត​តាម​រដ្ឋ​សមាជិក ដើម្បី​​អនុម័ត​រដ្ឋធម្មនុញ្ញ​ថ្មី​នេះ បាន​ចាប់ផ្តើម​ធ្វើ​នៅ​ដើម​ខែ​ធ្នូ ឆ្នាំ​១៧៨៧ ដោយ​មាន​រដ្ឋ​ចំនួន ៥ គឺ Delaware, Pennsylvania, New Jersey, Georgia និង Connecticut បាន​ទទួល​យក​​រដ្ឋធម្មនុញ្ញ​នេះភ្លាមៗ។ ចំណែក​ឯ​រដ្ឋ​ខ្លះ​ទៀត​ ជាពិសេស រដ្ឋ​ Massachussetts បាន​បដិសេធ​មិន​ទទួល​យក​​ ដោយ​លើកហេតុផល​ថា រដ្ឋធម្មនុញ្ញ​ថ្មី​នេះ មិនមាន​ចែង​អំពី​ការ​ការពារ​សិទ្ធិ​ជាមូលដ្ឋាន​ខាង​ផ្នែក​នយោបាយ ដូចជា សិទ្ធិក្នុង​ការ​បញ្ចេញ​មតិ សិទ្ធិ​សេរីភាព​ខាង​សារព័ត៌មាន និង​សិទ្ធិ​ខាង​ជំនឿ​សាសនា​ ជាដើម។
            នៅ​ទីបំផុត នៅ​ពាក់កណ្តាល​ឆ្នាំ​១៧៨៨ រដ្ឋ Massachussetts ព្រមទាំង​រដ្ឋ​មួយចំនួន​ផ្សេងទៀត ក៏​បាន​ព្រមព្រៀងទទួល​យក​រដ្ឋធម្មនុញ្ញ​ថ្មី​នេះ ក្រោយ​ពី​ទទួលបាន​នូវការ​សន្យា​ថា​ ​រដ្ឋធម្មនុញ្ញ​នេះ​នឹង​ត្រូវ​​​​ធ្វើ​វិសោធនកម្ម​ ដើម្បី​ដាក់​បញ្ចូល​​នូវ​ចំណុច​ដែល​ពួកគេ​ចង់​បាន។ ​រដ្ឋ Massachussetts, Maryland និង South Carolina បាន​អនុម័ត​​ទទួលយក​រដ្ឋធម្មនុញ្ញ​នៃ​រដ្ឋ​សហព័ន្ធ​ជា​បន្តបន្ទាប់គ្នា ហើយ​នៅ​ថ្ងៃ​ទី២១ ខែ​មិថុនា ឆ្នាំ​១៧៨៨ រដ្ឋធម្មនុញ្ញ​នេះ​ក៏​បាន​ចូល​ជា​ធរមាន​ ក្រោយ​ពី​ទទួល​បាន​ការ​អនុម័ត​យល់ព្រម​ពី​សំណាក់​រដ្ឋ​ទី៩ គឺ​រដ្ឋ New Hamsphire
ស្ថិរភាព​នៃ​រដ្ឋ​ធម្មនុញ្ញ​និង​របបនយោបាយ​អាមេរិក
       មួយឆ្នាំ​ក្រោយការ​ចូលជាធរមាន​នៃ​រដ្ឋធម្មនុញ្ញ​ រដ្ឋាភិបាល​នៃ​សហរដ្ឋ​អាមេរិកត្រូវ​បាន​បង្កើត​ឡើង ​ហើយ​​​នៅថ្ងៃ​ទី៣០ ខែមេសា ឆ្នាំ​១៧៨៩ លោក ចច វ៉ាស៊ីងតោន បាន​ចូល​កាន់​តំណែង​ជា​ប្រធានាធិបតី​ទីមួយ នៃ​សហរដ្ឋ​អាមេរិក។ សហរដ្ឋ​អាមេរិក បាន​ចាប់កំណើត​ឡើង ជា​រដ្ឋ​សហព័ន្ធ ដែល​មាន​រដ្ឋ​សមាជិក​ចំនួន ១៣ (Delaware, Pennsylvania, New Jersey, Georgia, Connecticut, Massachusetts, Maryland, South Carolina, North Carolina, New Hampshire, Virginia, New York, និង Rhode Island)
      ជាង២០០ឆ្នាំ​ក្រោយ​មក សហរដ្ឋ​អាមេរិក​បាន​ស្គាល់​នូវ​ការ​ផ្លាស់ប្តូរ​ជាច្រើន​រាប់​មិន​អស់ ចាប់តាំង​ពី​ប្រទេស​ដែល​មាន​ទឹកដី​មួយ​ចម្រៀក​តូច​នៅ​ឆ្នេរ​ប៉ែក​ខាង​កើត ទៅជា​ប្រទេស​ដែល​មាន​ទឹកដី​លាត​សន្ធឹង​តាំង​ពី​ឆ្នេរ​សមុទ្រ​អាត្លង់​ទិក រហូត​ដល់​ឆ្នេ​រ​សមុទ្រ​ប៉ាស៊ីហ្វិក ហើយ​ចំនួន​រដ្ឋ ដែល​មាន​ពី​ដំបូង​ត្រឹមតែ ១៣រដ្ឋ ​បាន​កើនឡើង​រហូត​ដល់ ៥០​រដ្ឋ (បូករួម​នឹង​ដែនដី​នៅ​ឯនាយ​សមុទ្រ​ជាច្រើន​ទៀត)។          ក៏ប៉ុន្តែ  អ្វី​ដែល​នៅ​ស្ថិត​ស្ថិរ​ជាប់ជានិច្ច​រៀងមក គឺ​រដ្ឋធម្មនុញ្ញ និង​របបនយោបាយ។ រដ្ឋធម្មនុញ្ញ​​នៃ​សហរដ្ឋ​អាមេរិក​ ត្រូវ​បាន​គេ​​ធ្វើ​វិសោធនកម្ម​បន្ថែម​ជំពូក និង​មាត្រា​ថ្មីៗ ចំនួន ២៧​លើក ដើម្បី​សម្របទៅតាម​ការ​វិវឌ្ឍ​របស់​ប្រទេស​ជាតិ ក៏ប៉ុន្តែ របប​នយោបាយ និង​​គោលគំនិត​​​នៃ​រដ្ឋធម្មនុញ្ញ​ដើម នៅតែ​ស្ថិត​ជា​ធរមាន​​រហូតមក​ទល់​នឹងពេល​បច្ចុប្បន្ន​៕