Labels

Albert Einstein Alexandre le Grand ISIS La Terreur Pearl Harbor Renaissance កំណែទម្រង់ប៉េរេស្ត្រយកា កំណែទម្រង់សេដ្ឋកិច្ចចិន កម្ពុជា កម្ពុជាក្រោម កម្លាំងទំនាញសកល ការចាប់ផ្ដើម ការប្រជែងផ្នែកអវកាស ការវិលត្រឡប់ទៅកាន់អំណាច កាលីលេ កូសាំងស៊ីន ក្រិក ក្រុមជីហាតរដ្ឋអ៊ីស្លាម ក្រុមភេរវជនអន្តរជាតិ ខ្សែបន្ទាត់ព្រំដែន គ្រាប់បែកនុយក្លេអ៊ែរ គ្រីស្តូហ្វកូឡុំ គ្រឹស្តសាសនា ចក្រភពម៉ុងហ្គោល ចក្រភពរ៉ូម ចក្រភពអារ៉ាប់ ចលនាតស៊ូប្រដាប់អាវុធកុម្មុយនិស្ត ចិន ច្បាប់នៃចលនា ឆេកូស្លូវ៉ាគី ជប៉ុន ជ័យជម្នះរបស់ក្រុមសម្ព័ន្ធមិត្ត ជិនហ្គីស ខាន់ ដែនដីអាណានិគម តេងស៊ាវពីង តេងស៊ាវភីង ទ្រឹស្តីតារាសាស្រ្ត ទ្រឹស្តីសាសនា បក្សកុម្មុយនិស្តចិន បដិវត្តន៍ បដិវត្តន៍កសិកម្ម បដិវត្តន៍រាជានិយម បដិវត្តន៍វប្បធម៌ បដិវត្តន៍អ៊ីរ៉ង់ បារាំង បិតាកំណែទម្រង់សេដ្ឋកិច្ចចិន ប៊ិនឡាដិន បុរេប្រវត្តិ ប្រធានាធិបតីអាមេរិក ប្រវត្តិសាស្រ្ត ប្លុកកុម្មុយនិស្ត ផលវិបាក ភេរវកម្ម១១កញ្ញា មជ្ឈិមបូព៌ា មហាអំណាចអាណានិគមអាស៊ី មហាអំណាចអឺរ៉ុប មូលហេតុ ម៉ៅសេទុង យុគខ្មៅងងឹត យុគនៃពន្លឺ រដ្ឋធម្មនុញ្ រុស្សី លេនីន វាំងននដែក វិទ្យាសាស្រ្ត វិបត្តិប៊ែរឡាំង វិបត្តិព្រែកជីកស៊ុយអេ វិបត្តិមីស៊ីលគុយបា វៀតណាមខាងត្បូង សង្គ្រាមលោកលើកទី១ សង្គ្រាមលោកលើកទី២ សង្រ្គាមកូរ៉េ សង្រ្គាមឈូងសមុទ្រពែក្ស សង្រ្គាមត្រជាក់ សង្រ្គាមវៀតណាម សង្រ្គាមស៊ីវិល សង្រ្គាមអាហ្វហ្កានីស្ថាន សង្រ្គាមអ៊ីរ៉ាក់ សង្រ្គាមឥណ្ឌូចិន សព្វាវុធនុយក្លេអ៊ែរ សហភាពសូវៀត សហរដ្ឋអាមេរិក សាសនាអ៊ីស្លាម ស្ថានភាពពិភពលោក ហ៊ីត្លែរ ហ្គ័របាឆូវ អង់គ្លេស អធិរាជណាប៉ូឡេអុង អរិយធម៌ដ៏ចំណាស់បំផុតរបស់មនុស្សជាតិ អរិយធម៌មេឌីទែរ៉ាណេ អរិយធម៌អាស៊ីអាគ្នេយ៍ អាញ់ស្តាញ់ អាណាចក្រខ្មែរ អាណានិគម អាណាព្យាបាលបារាំង អាប្រាហាំលីនកុន អាមេរិក អារ៉ាប់ អាល់កៃដា អាល់ប៊ែរ អាញ់ស្តាញ់ អាស៊ីប៉ាសីហ្វិក អ៊ីតាលី អ៊ីសាក់ញូតុន អ៊ីស្រាអែល អឺរ៉ុបខាងកើត អ៊ុយក្រែន ឧស្សាហកម្ម

បដិវត្តន៍ផ្តួលរំលំរបបរាជានិយមនៅបារាំងឆ្នាំ១៧៨៩

         នៅ​ឆ្នាំ​១៧៨៩ បារាំង ដែល​ជា​មហាអំណាច​មួយ​នៅ​អឺរ៉ុប ត្រូវ​ប្រឈមមុខ​នឹង​ហេតុការណ៍​ដ៏​ធំមួយ ដែល​នឹង​នាំ​មក​នូវ​ការ​ផ្លាស់ប្តូរ​​ក្នុង​ប្រវត្តិសាស្រ្ត​បារាំង​និង​ អឺរ៉ុប នោះ គឺ​បដិវត្តន៍​របស់​ប្រជាជន ប្រឆាំង​នឹង​របបរាជានិយម។
            នៅ​ក្នុង​អំឡុងពេល​នោះ បារាំង​​ស្ថិត​ក្រោមការដឹកនាំ​របស់ ​ព្រះបាទ ល្វីស ទី១៦ (Louis XVI) ដែល​ជា​ព្រះមហាក្សត្រ​គ្រងរាជ្យ ហើយ​កាន់អំណាច តាមបែប​រាជានិយម​ផ្តាច់ការ។ របបរាជានិយម​បារាំង​ពេលនោះ មាន​សភា ដែល​ចែកចេញ​ជា​ ៣ផ្នែក គឺ​សភា​តំណាង​បុព្វជិត​កាតូលិក (le clergé) សភា​តំណាង​អ្នក​មាន​វណ្ណៈខ្ពង់ខ្ពស់ (la noblesse) និង​សភា​តំណាង​ប្រជាជន​សាមញ្ញធម្មតា (tiers état) ដែល​នេះ​ជា​ការ​​ឆ្លុះបញ្ចាំង​អំពី​ការ​បែងចែក​វណ្ណៈ​ នៅ​ក្នុង​សង្គម​បារាំង នា​សម័យកាល​នោះ។
 
ចលនាបដិវត្តន៍​ប្រជាជន​វាយផ្តួលរំលំ​គុក Bastille នៅ​ប៉ារីស ថ្ងៃទី១៤ កក្កដា ១៧៨៩។ ថ្ងៃ​១៤ កក្កដា​នេះ ត្រូវ​បាន​បារាំង​យក​ធ្វើ​ជា​ថ្ងៃ​បុណ្យ​ជាតិ​ រហូត​មក​ទល់​នឹង​សព្វថ្ងៃ
             នៅ​ចុងសតវត្សរ៍​ទី១៨ ដោយសារ​តែ​ការ​ចំណាយ​យ៉ាង​​ច្រើន​សន្ធឹកសន្ធាប់​ នៅ​ក្នុង​សង្រ្គាម​ ដើម្បី​ជួយ​សហរដ្ឋ​អាមេរិក​​​ទាមទារ​ឯករាជ្យ​ពី​អង់គ្លេស​ផង និង​ដោយសារ​តែ​ការ​ចាយវាយ​​ខ្ជះខ្ជាយ​របស់​ព្រះបាទ​ល្វីសទី១៦​ផង បារាំង​ត្រូវ​ប្រឈមមុខ​នឹង​បញ្ហា​ថវិកា​ដ៏​ធ្ងន់ធ្ងរ​ រហូត​ស្ទើរតែ​ត្រូវ​ក្ស័យធន។
            នៅ​ចុងឆ្នាំ​១៧៨៦ រដ្ឋាភិបាល​បារាំង​បាន​រៀបចំ​គម្រោង​ធ្វើ​កំណែទម្រង់​ផ្នែក​សារពើពន្ធ ដោយ​ដំឡើង​​ពន្ធ និង​បង្កើត​ពន្ធ​ថ្មីៗ​ ដើម្បី​បង្កើន​ចំណូលរដ្ឋ។ ព្រះបាទ​ល្វីសទី១៦ ​ក៏​បាន​កោះ​ប្រជុំ​​សភា​ទាំង៣ ដើម្បី​អនុម័ត​គម្រោង​ដំឡើង​ពន្ធ​នេះ។
            កិច្ចប្រជុំ​ពេញ​អង្គ​នៃ​សភា​ទាំង៣ ដែល​គេ​ហៅ​ថា Les états-généraux បាន​បើក​ធ្វើ​ នៅ​ថ្ងៃទី៥ ខែ​ឧសភា ឆ្នាំ​១៧៨៩ នៅ​ព្រះបរមរាជវាំង​ Versailles ជាយក្រុង​ប៉ារីស។ ក៏ប៉ុន្តែ នៅ​ពេល​​បើក​កិច្ចប្រជុំ បញ្ហា​ដ៏​​ចម្រូងចម្រាស​មួយ​បាន​កើតឡើង រវាង​សភា​ទាំង៣។ សភា​តំណាង​ប្រជាជន​ធម្មតា​បាន​ទាមទារ​ឲ្យ​ធ្វើការ​កែប្រែ​ប្រព័ន្ធ​បោះឆ្នោត ​ជាមុន មុននឹង​ឈាន​ទៅ​ធ្វើការ​ប្រជុំ​អនុម័ត​កំណែទម្រង់​ស្នើឡើង​ដោយ​រដ្ឋាភិបាល។
            តាម​ទម្លាប់ គិត​មក​ទល់​នឹង​ពេល​នោះ ​សភា​នីមួយៗ​​ត្រូវ​ធ្វើការ​បោះឆ្នោត​ដាច់ៗ​ពីគ្នា​ជាមុន ទើប​ធ្វើ​ការ​អនុម័ត នៅ​ក្នុង​​កិច្ចប្រជុំ​ពេញ​អង្គ (
états généraux) ជាក្រោយ។ នៅ​ក្នុង​​កិច្ចប្រជុំ​ពេញ​អង្គ​​នៃ​សភា​ទាំង៣​នេះ សភា​នីមួយៗ​មាន​​មួយសំឡេង​ស្មើៗ​គ្នា ដែល​មានន័យថា សភា​តំណាង​ប្រជាជន​ធម្មតា ដែល​តំណាង​ប្រជាជន​រហូតដល់​ទៅ​ប្រមាណ​ជា ៩៨% នៅ​ទូទាំង​ប្រទេស អាច​​នឹង​ក្លាយ​ជា​សំឡេង​ភាគតិច ប្រសិន​បើ​សភា​ពីរ​ផ្សេងទៀត​រួបរួមគ្នា។
            ដោយ​មើល​ឃើញ​ថា របៀប​បោះឆ្នោត​បែបនេះ​មិនឆ្លុះបញ្ចាំង​ពី​ឆន្ទៈ​រាស្រ្ត​ទូទៅ សមាជិក​សភា​តំណាង​ប្រជាជន​​ក៏​បាន​ទាមទារ​ឲ្យ​ធ្វើការ​កែប្រែ​ប្រព័ន្ធ​ បោះឆ្នោត ពី​ការ​បោះឆ្នោត​តាម​សភា ទៅ​ជា​ការ​បោះឆ្នោត​​​ដោយ​រាប់​តាម​ចំនួន​សមាជិក​វិញ ពោលគឺ សមាជិក​នីមួយៗ​​ត្រូវ​មាន​មួយសំឡេង​ស្មើៗគ្នា។ ក៏ប៉ុន្តែ សំណើ​នេះ​ត្រូវ​បាន​ច្រានចោល​ដោយ​សភា​តំណាង​វិហារ​កាតូលិក និង​សភា​តំណាង​អ្នក​មាន​វណ្ណៈ​ខ្ពង់ខ្ពស់។
            ភាពចម្រូងចម្រាស​ជុំវិញ​នីតិវិធី​ក្នុងការ​បោះឆ្នោត​នេះ​បាន​ធ្វើ​ឲ្យ​ កិច្ចប្រជុំ​ពេញ​អង្គ​នៃ​សភា​ទាំង៣​ត្រូវ​ជាប់គាំង។ ជាងមួយខែ​ក្រោយ​មក នៅថ្ងៃ​ទី១៧ ខែ​មិថុនា ឆ្នាំ​១៧៨៩ សភា​តំណាង​ប្រជាជន (tiers état) ដោយ​មាន​ការ​ចូលរួម​ពី​សំណាក់​សមាជិក​មួយចំនួន​នៃ​សភា​ពីរ​ផ្សេងទៀត ក៏​បាន​ប្រកាស​បង្កើត​ជា រដ្ឋសភា (Assemblée nationale) ដែល​ជា​សភា​តំណាង​ប្រជាជន​ទូទាំង​ប្រទេស។
            ព្រះមហាក្សត្រ​ល្វីស​ទី១៦ បាន​ព្យាយាម​រារាំង​មិន​ឲ្យ​រដ្ឋសភា​ថ្មី​នេះ​ជួប​ប្រជុំ​គ្នា ដោយ​បាន​បិទ​សាលប្រជុំ​នៅ​ក្នុង​ព្រះបរមរាជវាំង ក៏ប៉ុន្តែ សមាជិក​រដ្ឋសភា​បាន​ទៅ​ជួប​ប្រជុំគ្នា​នៅ​ទីលាន​វាយកូនបាល់។ ព្រះមហាក្សត្រ​បិទ​ទីលាន​វាយកូនបាល់ រដ្ឋសភា​ក៏​នាំគ្នា​ទៅ​ប្រជុំ នៅ​ក្នុង​វិហារ​កាតូលិក។ ព្រះមហាក្សត្រ​ក៏​បាន​ប្រមូលកម្លាំង​ទ័ព ដើម្បី​ត្រៀម​បំបែក​កិច្ចប្រជុំ​របស់​រដ្ឋសភា ក៏ប៉ុន្តែ បាន​ប្តូរ​ព្រះទ័យ​ឈប់ប្រើ​កម្លាំង​ទ័ព​វិញ ក្រោយ​ពី​​​ឃើញ​មាន​សមាជិក​សភា​តំណាង​វិហារ​កាតូលិក​កាន់តែ​ច្រើន​ ចូលរួម​ក្នុង​រដ្ឋសភា​ថ្មីនេះ។​ នៅទី​បំផុត ដោយ​មិន​អាច​រារាំងកិច្ចប្រជុំ​របស់​រដ្ឋសភា​ថ្មី​នេះ​បាន ព្រះបាទ​ល្វីសទី១៦ ក៏​បាន​ចេញ​បញ្ជា​ឲ្យ​សភា​តំណាង​វិហារ​កាតូលិក និង​សភា​តំណាង​អ្នក​មាន​វណ្ណៈខ្ពង់ខ្ពស់​ចូល​រួម​ប្រជុំ​ក្នុង​​រដ្ឋសភា​ ថ្មី ដើម្បី​តាក់តែង​រដ្ឋធម្មនុញ្ញ​ថ្មី។ នៅថ្ងៃ​ទី៩ ខែ​កក្កដា រដ្ឋសភា​ថ្មីនេះ​ក៏​បាន​ប្រកាស​ខ្លួន​ទៅជា​​​សភា​ធម្មនុញ្ញ ហើយ​ចាប់ផ្តើម​ជជែក​អំពី​ការ​បង្កើត​របបនយោបាយ​ថ្មីមួយ គឺ​របបរាជានិយម​អាស្រ័យរដ្ឋ​ធម្ម   នុញ្ញ។
            នៅ​ក្នុង​ពេល​ដែល​សភាធម្មនុញ្ញ​កំពុង​តែ​ប្រជុំ​តាក់តែង​រដ្ឋធម្មនុញ្ញ​ ថ្មី មានហេតុការណ៍​មួយចំនួន​បាន​កើតឡើង ដែល​ជា​ដើមហេតុ​ជំរុញ​ឲ្យ​ស្ថានការណ៍​កាន់តែ​ធ្លាក់​ដុនដាប រហូត​បង្កើត​ទៅ​ជា​ចលនា​បដិវត្តន៍​ប្រជាជន។
            ទាហាន​ប្រមាណ​ជា ២ម៉ឺននាក់ ត្រូវ​បាន​ព្រះបាទ​ល្វីសទី១៦​ចល័ត​ចូល​មក​ក្នុង​ក្រុង​ប៉ារីស ដែល​ជា​ហេតុ​ ធ្វើ​ឲ្យ​បណ្តា​ជន​មាន​ការ​សង្ស័យ​ខ្លាច​ព្រះអង្គ​ប្រើ​កម្លាំង​ទ័ព​ បង្រ្កាប​ចលនាប្រឆាំង​នៅ​រដ្ឋសភា។
            ម្យ៉ាងទៀត នៅថ្ងៃ​ទី១១ ខែ​កក្កដា ព្រះមហាក្សត្រ​បាន​ដក​តំណែង​រដ្ឋមន្រ្តី​មួយចំនួន ដែល​ព្រះអង្គ​យល់​ថា មាន​គំនិត​គាំទ្រ​​បដិវត្តន៍។ ក្នុងចំណោម​រដ្ឋមន្រ្តី​ដែល​ត្រូវ​ដកតំណែង​នោះ មាន​រដ្ឋមន្រ្តី​ក្រសួង​ហិរញ្ញវត្ថុ ដែល​ប្រជាជន​បារាំង​ស្រឡាញ់​ចូលចិត្ត។ ដឹង​ពី​ដំណឹង​នេះបណ្តាជន​នៅ​ក្នុង​ក្រុងប៉ារីស​ក៏​បាន​នាំគ្នា​ងើបឡើង​បះបោរ​ប្រឆាំង​នឹង​ ព្រះបាទ​ល្វីសទី១៦។ ចលនាបដិវត្តន៍​ ដែល​កើតឡើង​នៅ​ក្នុង​រដ្ឋសភា ក៏​បាន​រាលដាល​ទៅជា​ចលនាបដិវត្តន៍​ប្រជាជន។
            នៅថ្ងៃ​ទី១៤ ខែ​កក្កដា ឆ្នាំ​១៧៨៩ ចលនាបដិវត្តន៍​ប្រជាជន​បាន​នាំគ្នា​វាយលុក​ទៅលើ​គុកមួយ ក្នុងក្រុង​ប៉ារីស គឺ​គុកឈ្មោះ Bastille ដែល​ក្រុម​បដិវត្តន៍​ចាត់ទុកថា​ជា​និមិត្តរូប​នៃ​អំណាច​ផ្តាច់ការ​របស់​ ស្តេច។ គុក Bastille ត្រូវ​បាន​ចលនាបដិវត្តន៍​វាយដណ្តើម​យកបាន ហើយ​ថ្ងៃ​ទី១៤ កក្កដា ត្រូវ​បាន​​បារាំង​ចាត់ទុក​ជា​ថ្ងៃ​បុណ្យឯករាជ្យ​ រហូត​មក​ទល់​នឹង​ពេល​បច្ចុប្បន្ន​នេះ។
            ប្រឈមមុខ​នឹង​ចលនា​បដិវត្តន៍​របស់​ប្រជារាស្រ្ត ព្រះបាទ​ល្វីសទី១៦ ក៏​បាន​សុខចិត្ត​ដកកម្លាំង​ទ័ព​ចេញ​ពី​ប៉ារីស​ ហើយ​​តែងតាំង​រដ្ឋមន្រ្តី​ក្រសួង​ហិរញ្ញវត្ថុ​ដ៏​មាន​ប្រជាប្រិយភាព​ឲ្យ​មក​ កាន់តំណែង​វិញ។
            នៅថ្ងៃ​ទី២៦ ខែ​សីហា ឆ្នាំ​១៧៨៩ សភាធម្មនុញ្ញ​បារាំង​បាន​អនុម័ត​សេចក្តីថ្លែងការណ៍ ​ស្តីពី​សិទ្ធិមនុស្ស និង​សិទ្ធិ​ពលរដ្ឋ​ ដែល​មាន​ចែង​ជាអាទិ៍ អំពី​ការ​​មាន​សិទ្ធិ​ស្មើគ្នា​រវាង​ប្រជាពលរដ្ឋ និង​ការ​លុបចោល​នូវ​វណ្ណៈ​សក្តិភូមិ​​ពី​សម័យបុរាណ។
            របបរាជានិយម​ផ្តាច់ការ​ត្រូវ​បិទ​បញ្ចប់ ជំនួស​មកវិញ​ដោយ​របបរាជានិយម​អាស្រ័យ​រដ្ឋធម្មនុញ្ញ។ ព្រះបាទ​ល្វីសទី១៦ នៅតែកាន់អំណាច​នីតិប្រតិបត្តិ ក៏ប៉ុន្តែ អំណាចរបស់​ព្រះអង្គ​ត្រូវកាត់បន្ថយ ដោយ​បង្វែរ​ទៅ​ឲ្យ​រដ្ឋសភា ដែល​ជា​សភា​តែមួយ ​តំណាង​ប្រជាជន​ទូទៅ ហើយ​​លែង​មាន​ការ​បែងចែក ទៅតាម​វណ្ណៈ​ដូចពីមុន។           
ព្រះបាទ​ ល្វីស ទី១៦ (Louis XVI) ព្រះមហាក្សត្រ​នៃ​របបរាជានិយម​បារាំង ដែល​ត្រូវ​ចលនា​បដិវត្តន៍ប្រជាជន
​​ផ្តួលរំលំ និង​កាត់ក្បាល​ជាសាធារណៈ
 
            អ្នកខ្លះ​គិតថា​ នេះ​គឺ​ជា​ការ​បិទបញ្ចប់​នៃ​បដិវត្តន៍​ ក៏ប៉ុន្តែ នៅទីបំផុត​ទៅ វា​គ្រាន់តែ​ជា​ការ​ចាប់ផ្តើម​ប៉ុណ្ណោះ។ នៅ​ក្នុងរយៈពេល​ប៉ុន្មាន​ឆ្នាំ​ខាងមុខ របបរាជានិយម​អាស្រ័យធម្មនុញ្ញ​ ដែល​ទើប​នឹង​បង្កើត​ថ្មី​​ត្រូវ​ប្រឈមមុខ​នឹង​អស្ថិរភាព​​ឥតឈប់ឈរ។ ចលនា​បដិវត្តន៍​របស់​ប្រជាជនបារាំង​ក៏​បាន​កើតឡើង​សាជាថ្មី​។ ចលនាបដិវត្តន៍​នេះ​​មាន​សន្ទុះ​កាន់តែ​ខ្លាំង រហូត​ឈាន​ទៅ​​រំលាយ​របបរាជានិយម​ចោល​ទាំងស្រុង។ ​របបសាធារណរដ្ឋបារាំង​ត្រូវ​បាន​បង្កើតឡើង ហើយ​​​ព្រះបាទ​ល្វីសទី១៦ ដែល​ជា​អតីត​ព្រះមហាក្សត្រ​ ត្រូវ​បាន​តុលាការ​បដិវត្តន៍​កាត់ទោស​ប្រហារ​ជីវិត ដោយ​កាត់ក្បាល​ជា​សាធារណៈ៕