Labels

Albert Einstein Alexandre le Grand ISIS La Terreur Pearl Harbor Renaissance កំណែទម្រង់ប៉េរេស្ត្រយកា កំណែទម្រង់សេដ្ឋកិច្ចចិន កម្ពុជា កម្ពុជាក្រោម កម្លាំងទំនាញសកល ការចាប់ផ្ដើម ការប្រជែងផ្នែកអវកាស ការវិលត្រឡប់ទៅកាន់អំណាច កាលីលេ កូសាំងស៊ីន ក្រិក ក្រុមជីហាតរដ្ឋអ៊ីស្លាម ក្រុមភេរវជនអន្តរជាតិ ខ្សែបន្ទាត់ព្រំដែន គ្រាប់បែកនុយក្លេអ៊ែរ គ្រីស្តូហ្វកូឡុំ គ្រឹស្តសាសនា ចក្រភពម៉ុងហ្គោល ចក្រភពរ៉ូម ចក្រភពអារ៉ាប់ ចលនាតស៊ូប្រដាប់អាវុធកុម្មុយនិស្ត ចិន ច្បាប់នៃចលនា ឆេកូស្លូវ៉ាគី ជប៉ុន ជ័យជម្នះរបស់ក្រុមសម្ព័ន្ធមិត្ត ជិនហ្គីស ខាន់ ដែនដីអាណានិគម តេងស៊ាវពីង តេងស៊ាវភីង ទ្រឹស្តីតារាសាស្រ្ត ទ្រឹស្តីសាសនា បក្សកុម្មុយនិស្តចិន បដិវត្តន៍ បដិវត្តន៍កសិកម្ម បដិវត្តន៍រាជានិយម បដិវត្តន៍វប្បធម៌ បដិវត្តន៍អ៊ីរ៉ង់ បារាំង បិតាកំណែទម្រង់សេដ្ឋកិច្ចចិន ប៊ិនឡាដិន បុរេប្រវត្តិ ប្រធានាធិបតីអាមេរិក ប្រវត្តិសាស្រ្ត ប្លុកកុម្មុយនិស្ត ផលវិបាក ភេរវកម្ម១១កញ្ញា មជ្ឈិមបូព៌ា មហាអំណាចអាណានិគមអាស៊ី មហាអំណាចអឺរ៉ុប មូលហេតុ ម៉ៅសេទុង យុគខ្មៅងងឹត យុគនៃពន្លឺ រដ្ឋធម្មនុញ្ រុស្សី លេនីន វាំងននដែក វិទ្យាសាស្រ្ត វិបត្តិប៊ែរឡាំង វិបត្តិព្រែកជីកស៊ុយអេ វិបត្តិមីស៊ីលគុយបា វៀតណាមខាងត្បូង សង្គ្រាមលោកលើកទី១ សង្គ្រាមលោកលើកទី២ សង្រ្គាមកូរ៉េ សង្រ្គាមឈូងសមុទ្រពែក្ស សង្រ្គាមត្រជាក់ សង្រ្គាមវៀតណាម សង្រ្គាមស៊ីវិល សង្រ្គាមអាហ្វហ្កានីស្ថាន សង្រ្គាមអ៊ីរ៉ាក់ សង្រ្គាមឥណ្ឌូចិន សព្វាវុធនុយក្លេអ៊ែរ សហភាពសូវៀត សហរដ្ឋអាមេរិក សាសនាអ៊ីស្លាម ស្ថានភាពពិភពលោក ហ៊ីត្លែរ ហ្គ័របាឆូវ អង់គ្លេស អធិរាជណាប៉ូឡេអុង អរិយធម៌ដ៏ចំណាស់បំផុតរបស់មនុស្សជាតិ អរិយធម៌មេឌីទែរ៉ាណេ អរិយធម៌អាស៊ីអាគ្នេយ៍ អាញ់ស្តាញ់ អាណាចក្រខ្មែរ អាណានិគម អាណាព្យាបាលបារាំង អាប្រាហាំលីនកុន អាមេរិក អារ៉ាប់ អាល់កៃដា អាល់ប៊ែរ អាញ់ស្តាញ់ អាស៊ីប៉ាសីហ្វិក អ៊ីតាលី អ៊ីសាក់ញូតុន អ៊ីស្រាអែល អឺរ៉ុបខាងកើត អ៊ុយក្រែន ឧស្សាហកម្ម

សករាជខ្មៅងងឹត (La Terreur) នៅបារាំង ក្រោយបដិវត្តន៍ឆ្នាំ១៧៨៩

        នៅ​ឆ្នាំ​១៧៨៩ ​ចលនាបដិវត្តន៍​ប្រជាជន​​បាន​​ផ្តួលរំលំ​របប​រាជានិយម​ផ្តាច់ការ ហើយ​នាំ​ប្រទេស​បារាំង ទៅ​រក​របបនយោបាយថ្មី​មួយ​ គឺ​របបរាជានិយម​អាស្រ័យ​រដ្ឋធម្មនុញ្ញ។ ព្រះមហាក្សត្រ​បារាំង គឺ​ព្រះបាទ​ល្វីសទី១៦ បាន​​បង្ខំ​ចិត្ត​ទទួល​យក​របបនយោបាយ​ថ្មី​នេះ ដោយសារ​តែ​មាន​សម្ពាធ​ពី​ចលនា​បដិវត្តន៍​​តែ​ប៉ុណ្ណោះ។ រីឯ​ក្នុង​ចិត្ត​វិញ ព្រះអង្គ​នៅតែ​ចង់​ឲ្យ​បារាំង​​វិលត្រឡប់​ទៅរក​របបរាជានិយម​ផ្តាច់ការ ដូចកាល​​ពីសម័យ​ដើម។
        នៅ​យប់​មួយ ក្នុង​ខែ​មិថុនា ឆ្នាំ​១៧៩១ ព្រះបាទ​ល្វីស​ទី១៦ ព្រមទាំង​ក្រុម​គ្រួសារ ក៏​បាន​លួច​រត់​ភៀសព្រះកាយ​ចេញ​ពី​ព្រះបរមរាជវាំង ដើម្បី​ទៅ​ស្វះស្វែង​រក​ជំនួយ​ពី​ស្តេច​អាល្លឺម៉ង់។ ក៏ប៉ុន្តែ នៅតែ​ប្រមាណ​ជា ៣០គីឡូម៉ែត្រ​ពី​ព្រំដែន​អាល្លឺម៉ង់ ព្រះ​អង្គ​ត្រូវ​​​គេ​ចាប់ខ្លួន​បាន រួច​ហើយ​បញ្ជូន​ឲ្យ​ត្រឡប់​មក​កាន់​ទីក្រុង​ប៉ារីស​វិញ។
            ចាប់ពីពេលនោះ​មក ប្រជាជន​បារាំង​បាន​បាត់បង់​ទំនុកចិត្ត​លើ​ព្រះមហាក្សត្រ​ទាំងស្រុង ដោយ​ពួកគេ​ចាត់ទុក​ថា ការព្យាយាម​រត់ភៀស​ព្រះកាយ​ទៅ​រក​ជំនួយ​ពី​បរទេស​ គឺ​ជា​ទង្វើ​ក្បត់​ជាតិ។ ចលនាបដិវត្តន៍​ប្រជាជន​ក៏​បាន​ចាប់កក្រើកឡើងវិញ ហើយ​មាន​សន្ទុះ​កាន់តែ​ខ្លាំងក្លា​ជាងមុន ដោយ​ពេលនោះ ពួកគេ​​ទាមទារ​ឲ្យ​រំលាយ​របបរាជានិយម​ចោល​ទាំងស្រុង ដើម្បី​បង្កើត​ជា​របបសាធារណរដ្ឋ​​ជំនួសវិញ។
            នៅ​ព្រឹកព្រលឹម​​ថ្ងៃ​ទី១០ ខែ​សីហា ឆ្នាំ​១៧៩២ ក្រុម​បដិវត្តន៍​​បាន​បើក​ការ​វាយលុក​ចូល​ទៅ​ដល់​ក្នុង​​ព្រះបរមរាជវាំង ក្នុង​ក្រុង​ប៉ារីស (Les Tuileries )។ របបរាជានិយម​ត្រូវ​គេ​លុប​បំបាត់​ចោល​ទាំងស្រុង ហើយ​​របបសាធារណរដ្ឋ​​ក៏​ត្រូវ​បាន​បង្កើតឡើង។ ​ព្រះបាទ​ល្វីសទី១៦ ត្រូវ​បាន​តុលាការ​បដិវត្តន៍​កាត់ទោស​ប្រហារ​ជីវិត ដោយ​កាត់ក្បាល នៅថ្ងៃទី២១ ខែ​មិថុនា ឆ្នាំ​១៧៩៣។ ការប្រហារ​ជីវិត​ព្រះបាទ​ល្វីសទី១៦ ត្រូវ​បាន​ធ្វើ​ឡើង​ជា​សាធារណៈ នៅ​កណ្តាល​ក្រុង​ប៉ារីស (នៅ​ត្រង់​ទីលាន​មួយ ដែល​គេ​ឲ្យ​ឈ្មោះ​ថា ទីលាន​បដិវត្តន៍ ហើយ​បច្ចុប្បន្ន ត្រូវ​ប្តូរឈ្មោះ​មក​ជា​ Place de la Concorde)
            ការផ្តួលរំលំ​របបរាជានិយម និង​ប្រហារ​ជីវិត​​ស្តេច​នៅបារាំង ​បាន​ធ្វើ​ឲ្យ​ព្រះមហាក្សត្រ​​នៅតាម​បណ្តា​ប្រទេស​ផ្សេងៗ​ទៀត​ក្នុង​តំបន់​ អឺរ៉ុប​ផ្ទុះកំហឹង ហើយ​នាំ​គ្នា​លើកទ័ព​​វាយលុក​​មក​លើ​របប​សាធារណរដ្ឋ​​បារាំង។ ពី​ខាងក្រៅ របបសាធារណរដ្ឋ​​ដែល​ទើប​នឹង​បង្កើត​ថ្មី​​ត្រូវ​ប្រឈមមុខ​នឹង​ការ​ឈ្លានពាន​ ​ពី​គ្រប់ទិស គឺ​អង់គ្លេស និង​ប៊ែលហ្ស៊ិក ពី​ខាងជើង អាល្លឺម៉ង់ និងអូទ្រីស​ពី​ខាង​កើត ហើយ​អេស្ប៉ាញ ពី​ខាង​ត្បូង។ ចំណែក​នៅ​ខាងក្នុងស្រុកវិញ សង្រ្គាមផ្ទៃក្នុង​​ក៏​បានឆាបឆេះ​យ៉ាង​សន្ធោរសន្ធៅ​​​ឡើងដែរ គឺ​សង្រ្គាម​ទល់​នឹង​ក្រុម​អ្នក​រាជានិយម។
            ស្ថិត​ក្នុង​ស្ថានភាព​ចលាចល​នេះ របប​សាធារណរដ្ឋបារាំង​បាន​ដាក់ចេញ​នូវ​នយោបាយ​បែបផ្តាច់ការ និង​ឃោរឃៅ​មួយ ដែល​នៅ​ក្នុង​ប្រវត្តិសាស្រ្ត​បារាំង​គេ​បាន​ដាក់​ឈ្មោះ​ថា « La Terreur »។ នៅ​ក្នុង​សម័យកាល​នោះ រាល់​អ្នក​ណា​ដែល​ប្រឆាំង​នឹង​រដ្ឋាភិបាល ត្រូវ​គេ​ចាប់ខ្លួន និង​សម្លាប់​ចោល ដោយ​ចោទ​ថា​ជា​អ្នក​ប្រឆាំង​នឹង​បដិវត្តន៍។ អ្នក​ដែល​ត្រូវ​ចាប់ខ្លួន និង​សម្លាប់ ពីបទ​ប្រឆាំង​នឹង​បដិវត្តន៍​នេះ​ មាន​ទាំង​អតីត​មន្រ្តី​ក្នុង​របបចាស់ ប្រជាជន​ធម្មតា រហូតដល់​ជួរថ្នាក់ដឹកនាំ​នៃ​របបសាធារណរដ្ឋ​គ្នាឯង។ របបសាធារណរដ្ឋ​ ដែល​កើតចេញ​ពី​បដិវត្តន៍​ប្រឆាំង​នឹង​របបផ្តាច់ការ​របស់​ស្តេច ក៏​បាន​ក្លាយ​ខ្លួន​ទៅជា​របបផ្តាច់ការ​ថ្មី​មួយទៀត។
 
រូបគំនូរ​បង្ហាញ​ពី​​សមរភូមិ​មួយ ​រវាង​កងទ័ព​សាធារណរដ្ឋបារាំង ទល់​នឹង​ចលនា​បះបោរ​របស់​ប្រជាជន​ ដែល​គេ​ហៅ​ថា​ជា​ចលនា​ប្រឆាំង​បដិវត្តន៍ (ឆ្នាំ​១៧៩៣)

            របបផ្តាច់ការ​ និង​ឃោរឃៅ​នេះ​បាន​បិទបញ្ចប់ នៅខែ​កក្កដា ឆ្នាំ​១៧៩៤ នៅ​ក្រោយ​ពេល​ដែល​មេដឹកនាំ​ដ៏​មាន​អំណាច​ម្នាក់ ឈ្មោះ Robespierre ត្រូវ​បាន​ចាប់ខ្លួន និង​កាត់ទោស​ប្រហារ​ជីវិត​ ដោយ​​ត្រូវ​គេ​យក​ទៅ​កាត់ក្បាល នៅ​ត្រង់​កន្លែង ដែល​គេ​ធ្លាប់​កាត់ក្បាល​ស្តេច​ល្វីសទី១៦ កាល​ពី​ជាង​១ឆ្នាំមុន។ គិត​ជា​សរុប មាន​មនុស្ស​ប្រមាណ​ជា ៥០ម៉ឺននាក់​ត្រូវ​គេ​ចាប់​ដាក់​ពន្ធនាគារ ហើយ​ប្រមាណ​ជា ១០ម៉ឺននាក់​ត្រូវ​គេ​សម្លាប់ នៅ​ក្រោម​របប​សាធារណរដ្ឋ​ផ្តាច់ការ​ថ្មីនេះ។
            ក្រោយ​ពេល​ដែល Robespierre ត្រូវ​បាន​ចាប់ខ្លួន និង​ប្រហារ​ជីវិត បិទបញ្ចប់​របបឃោរឃៅ ដែល​គេហៅ​ថា La Terreur រដ្ឋធម្មនុញ្ញ​ថ្មី​មួយ​ត្រូវ​បាន​គេ​តាក់តែង​ឡើង ដើម្បី​បង្កើត​​របបដឹកនាំ​ថ្មី​មួយទៀត​។ ក៏ប៉ុន្តែ ជម្លោះ​ផ្ទៃក្នុង រវាង​ក្រុម​អ្នក​សាធារណរដ្ឋ និង​អ្នក​រាជានិយម នៅតែ​បន្ត​កើតមាន ដែល​ជា​ហេតុ​បង្ក​ឲ្យ​មាន​អស្ថិរភាព​នយោបាយ​ជា​ប្រចាំ។ ទិដ្ឋភាព​នយោបាយ​បារាំង នៅពេលនោះ ​​តែងតែ​ប្រែប្រួល​ឥតឈប់ រវាង​ការបោះឆ្នោត និង​រដ្ឋប្រហារ​យោធា ដែល​តែងតែ​កើតមាន​ជារឿយៗ។
            ស្ថិត​នៅ​ក្នុង​ភាព​ច្របូកច្របល់​នេះ គេឃើញ​មាន​ឥស្សរជន​ម្នាក់​​ចាប់​ផ្តើម​លេចមុខឡើង ហើយ​ដែល​ក្រោយ​មក​នឹង​នាំ​មក​នូវការ​ផ្លាស់ប្តូរ​ដ៏ធំមួយ នៅ​ក្នុង​ប្រវត្តិសាស្រ្ត​បារាំង ក៏ដូចជា ប្រវត្តិសាស្រ្ត​អឺរ៉ុប។ ឥស្សរជននោះ គឺ​ណាប៉ូឡេអុង បូណាប៉ាត (Napoléon Bonaparte)
            ណាប៉ូឡេអុង កើត​ថ្ងៃ​ទី១៥ ខែ​សីហា ឆ្នាំ​១៧៦៩ នៅ​កោះ Corse ដែល​ជា​អតីត​កោះ​របស់​អ៊ីតាលី។ នៅ​ឆ្នាំ​ដែល​ណាប៉ូឡេអុង​កើត កោះ Corse ទើប​នឹង​ត្រូវ​បាន​អ៊ីតាលី​កាត់​មក​ឲ្យ​ប្រទេស​បារាំង។
            នៅ​ពេល​ដែល​បដិវត្តន៍​បារាំង​ផ្ទុះឡើង នៅ​ឆ្នាំ​១៧៨៩ ណាប៉ូឡេអុង​ទើប​នឹង​មាន​អាយុ ២០ឆ្នាំ ហើយ​គ្រាន់តែ​ជា​នាយទាហាន​ថ្នាក់ទាប​ម្នាក់ ដែល​ទើប​នឹង​បញ្ចប់​សាលា​នាយទាហាន នៅ​ប៉ារីស។ ក៏ប៉ុន្តែ នៅ​ក្រោម​​របបសាធារណរដ្ឋ​ ណា​ប៉ូឡេអុង ដែល​មាន​ស្នាដៃ​ច្រើន​ក្នុង​សមរភូមិ ក៏បាន​ឡើង​បុណ្យស័ក្តិ​ជា​បន្ត​បន្ទាប់។ នៅ​ឆ្នាំ​១៧៩៦ នៅពេល​ដែល​របបសាធារណរដ្ឋ​បារាំង​កំពុង​ប្រឈមមុខ​នឹង​ការ​ឈ្លានពាន​ពី​សំណាក់ ​កងទ័ព​ស្តេច​នៃ​បណ្តា​ប្រទេស ដែល​នៅ​ជុំវិញ ណាប៉ូឡេអុង​ត្រូវ​បាន​គេ​តែងតាំង​ជា​ឧត្តមសេនីយ៍​ ហើយ​បាន​ដឹកនាំទ័ព​យក​ជ័យជម្នះ នៅ​តាម​បណ្តា​សមរភូមិ​សំខាន់ៗ​​ជាច្រើន ជាពិសេស នៅ​ប៉ែក​ខាង​អ៊ីតាលី ដែល​កងទ័ព​របស់​ណាប៉ូឡេអុង​វាយបំបាក់​កងទ័ព​អូទ្រីស​ រហូត​ធ្វើ​ឲ្យ​​អូទ្រីស​ត្រូវ​បង្ខំចិត្ត​​​​ចុះ​កិច្ចព្រមព្រៀង​សន្តិភាព​​ ជាមួយ​បារាំង។
         នៅ​ឆ្នាំ​១៧៩៩ នៅពេល​ដែល​កងទ័ព​បារាំង​​បាន​បង្ហាញ​នូវ​កម្លាំង​គួរ​ឲ្យ​ស្ញប់ស្ញែង​ចំពោះ​ សត្រូវ​ពី​ខាងក្រៅ នៅ​ផ្ទៃក្នុង​ប្រទេស​បារាំង​ឯណេះវិញ វិបត្តិ​នយោបាយ​តែងតែ​កើតមាន​ជា​អចិន្រ្តៃយ៍។ ស្ថិត​ក្នុង​ស្ថានភាព​បែបនេះ ណាប៉ូឡេអុង ដែល​កំពុង​គ្រប់គ្រងទ័ព ក្នុង​ប្រទេស​អេហ្ស៊ីប ក៏​បាន​ធ្វើ​ដំណើរ​វិលត្រឡប់​មក​កាន់​ទីក្រុង​ប៉ារីស​វិញ។ ​នៅ​ខែ​វិច្ឆិកា ឆ្នាំ​១៧៩៩ ណាប៉ូឡេអុង​បាន​រៀបចំ​ធ្វើ​រដ្ឋប្រហារ​ទម្លាក់​រដ្ឋាភិបាល ដណ្តើម​អំណាច​យក​មក​កាន់កាប់។
            របបដឹកនាំ​ថ្មី​នេះ មាន​រដ្ឋធម្មនុញ្ញ ដែល​មានរូបភាព​ខាងក្រៅ​ជា​របបប្រជាធិបតេយ្យ ក៏ប៉ុន្តែ ក្នុងការ​អនុវត្ត​ជាក់ស្តែង អំណាច​ទាំងអស់​ស្ថិត​ក្នុង​ដៃ​រដ្ឋាភិបាល ក្រោម​ការ​ដឹកនាំ​របស់​ណាប៉ូឡេអុង។ ជាថ្មី​ម្តងទៀត ប្រជាជន​បារាំង ដែលខិតខំ​រើខ្លួន​​ចេញ​ពី​របបផ្តាច់ការ​មួយ ប៉ុន្តែ​ តែងតែត្រូវ​ធ្លាក់​ចូល​ទៅ​ក្នុង​របបផ្តាច់ការ​ថ្មី​ជា​បន្តបន្ទាប់។ លើសពីនេះ​ទៅទៀត នៅឆ្នាំ​១៨០៤ ណាប៉ូឡេអុង បូណាប៉ាត ដែល​អះអាង​ថា​ជា​អ្នក​ការពារ​របប​សាធារណរដ្ឋ ក៏ប៉ុន្តែ ស្រាប់តែ​បាន​ប្រកាស​ខ្លួន​ជា​អធិរាជ។ ១៥ឆ្នាំ ក្រោយ​បដិវត្តន៍​ទម្លាក់​របបរាជានិយម​ផ្តាច់ការ បារាំង​បាន​វិលត្រឡប់​ទៅ​រក​ការដឹកនាំ​តាមបែប​រាជានិយម​ផ្តាច់ការ​ដូចពីមុន​ វិញ គឺ​ចក្រភព​បារាំង ក្រោម​អំណាច​របស់​អធិរាជ​ណាប៉ូឡេអុង៕