Labels

Albert Einstein Alexandre le Grand ISIS La Terreur Pearl Harbor Renaissance កំណែទម្រង់ប៉េរេស្ត្រយកា កំណែទម្រង់សេដ្ឋកិច្ចចិន កម្ពុជា កម្ពុជាក្រោម កម្លាំងទំនាញសកល ការចាប់ផ្ដើម ការប្រជែងផ្នែកអវកាស ការវិលត្រឡប់ទៅកាន់អំណាច កាលីលេ កូសាំងស៊ីន ក្រិក ក្រុមជីហាតរដ្ឋអ៊ីស្លាម ក្រុមភេរវជនអន្តរជាតិ ខ្សែបន្ទាត់ព្រំដែន គ្រាប់បែកនុយក្លេអ៊ែរ គ្រីស្តូហ្វកូឡុំ គ្រឹស្តសាសនា ចក្រភពម៉ុងហ្គោល ចក្រភពរ៉ូម ចក្រភពអារ៉ាប់ ចលនាតស៊ូប្រដាប់អាវុធកុម្មុយនិស្ត ចិន ច្បាប់នៃចលនា ឆេកូស្លូវ៉ាគី ជប៉ុន ជ័យជម្នះរបស់ក្រុមសម្ព័ន្ធមិត្ត ជិនហ្គីស ខាន់ ដែនដីអាណានិគម តេងស៊ាវពីង តេងស៊ាវភីង ទ្រឹស្តីតារាសាស្រ្ត ទ្រឹស្តីសាសនា បក្សកុម្មុយនិស្តចិន បដិវត្តន៍ បដិវត្តន៍កសិកម្ម បដិវត្តន៍រាជានិយម បដិវត្តន៍វប្បធម៌ បដិវត្តន៍អ៊ីរ៉ង់ បារាំង បិតាកំណែទម្រង់សេដ្ឋកិច្ចចិន ប៊ិនឡាដិន បុរេប្រវត្តិ ប្រធានាធិបតីអាមេរិក ប្រវត្តិសាស្រ្ត ប្លុកកុម្មុយនិស្ត ផលវិបាក ភេរវកម្ម១១កញ្ញា មជ្ឈិមបូព៌ា មហាអំណាចអាណានិគមអាស៊ី មហាអំណាចអឺរ៉ុប មូលហេតុ ម៉ៅសេទុង យុគខ្មៅងងឹត យុគនៃពន្លឺ រដ្ឋធម្មនុញ្ រុស្សី លេនីន វាំងននដែក វិទ្យាសាស្រ្ត វិបត្តិប៊ែរឡាំង វិបត្តិព្រែកជីកស៊ុយអេ វិបត្តិមីស៊ីលគុយបា វៀតណាមខាងត្បូង សង្គ្រាមលោកលើកទី១ សង្គ្រាមលោកលើកទី២ សង្រ្គាមកូរ៉េ សង្រ្គាមឈូងសមុទ្រពែក្ស សង្រ្គាមត្រជាក់ សង្រ្គាមវៀតណាម សង្រ្គាមស៊ីវិល សង្រ្គាមអាហ្វហ្កានីស្ថាន សង្រ្គាមអ៊ីរ៉ាក់ សង្រ្គាមឥណ្ឌូចិន សព្វាវុធនុយក្លេអ៊ែរ សហភាពសូវៀត សហរដ្ឋអាមេរិក សាសនាអ៊ីស្លាម ស្ថានភាពពិភពលោក ហ៊ីត្លែរ ហ្គ័របាឆូវ អង់គ្លេស អធិរាជណាប៉ូឡេអុង អរិយធម៌ដ៏ចំណាស់បំផុតរបស់មនុស្សជាតិ អរិយធម៌មេឌីទែរ៉ាណេ អរិយធម៌អាស៊ីអាគ្នេយ៍ អាញ់ស្តាញ់ អាណាចក្រខ្មែរ អាណានិគម អាណាព្យាបាលបារាំង អាប្រាហាំលីនកុន អាមេរិក អារ៉ាប់ អាល់កៃដា អាល់ប៊ែរ អាញ់ស្តាញ់ អាស៊ីប៉ាសីហ្វិក អ៊ីតាលី អ៊ីសាក់ញូតុន អ៊ីស្រាអែល អឺរ៉ុបខាងកើត អ៊ុយក្រែន ឧស្សាហកម្ម

បារាំងក្រោមការដឹកនាំរបស់អធិរាជណាប៉ូឡេអុង

        ណាប៉ូឡេអុង បូណាប៉ាត (Napoléon Bonaparte) បាន​ឡើង​កាន់អំណាច​នៅ​ប្រទេស​បារាំង តាមរយៈ​ការ​ធ្វើ​រដ្ឋប្រហារ នៅ​ឆ្នាំ​១៧៩៩ ដោយ​ពីដំបូង​​​​ណាប៉ូឡេអុង កាន់តំណែង​ជា​​​​កុងស៊ុល ដែលមាន​ឋានៈ​​ជា​ប្រមុខរដ្ឋ​​នៃ​របប​សាធារណរដ្ឋ​បារាំង។ ក៏ប៉ុន្តែ នៅ​ឆ្នាំ​១៨០៤ ពោលគឺ ១៥ឆ្នាំ ក្រោយ​ការធ្វើ​បដិវត្តន៍​ផ្តួលរំលំ​របបរាជានិយម​ផ្តាច់ការ បារាំង​ស្រាប់​តែ​បាន​បោះបង់​ចោល​របបសាធារណរដ្ឋ ហើយ​​វិលត្រឡប់​ទៅ​រក​របបដឹកនាំ​បែប​រាជានិយម​ផ្តាច់ការ​ដូច​កាល​ពី​មុនវិញ តាមរយៈ​ការបង្កើត​ចក្រភព​បារាំង ដែល​មាន​ណាប៉ូឡេអុង​ជា​អធិរាជ។
            ក៏ប៉ុន្តែ ថ្វីដ្បិត​តែ​បារាំង​វិលត្រឡប់​ទៅរក​របបរាជានិយម​ផ្តាច់ការវិញ ក៏ប៉ុន្តែ ​ក្រោម​ការដឹកនាំ​របស់​ណាប៉ូឡេអុង បារាំង​បាន​ស្គាល់​នូវ​ភាព​រុងរឿង ហើយ​អធិរាជ​ណាប៉ូឡេអុង​​បាន​ទទួល​នូវការ​គាំទ្រ និង​ស្រឡាញ់​ចូលចិត្ត​ពី​សំណាក់​ប្រជាជន​បារាំង​ជា​ទូទៅ។ តាមការពិត ការ​បង្កើត​ចក្រភព​បារាំង និង​ការ​តែងតាំង​ណាប៉ូឡេអុង​ជា​អធិរាជ ត្រូវបាន​ធ្វើឡើង ដោយ​មាន​ការ​បោះឆ្នោត​គាំទ្រ​យ៉ាងច្រើន​លើសលុប ពី​សំណាក់​សភាបារាំង។
            នៅ​ខែ​ធ្នូ ឆ្នាំ​១៨០៤ ណាប៉ូឡេអុង​​បាន​ទទួល​ការ​ចាក់ប្រេងតាំង​ជា​អធិរាជ ពី​សំណាក់​សម្តេច​ប៉ាប ទៅតាម​ទំនៀមទម្លាប់​របស់​មហាក្សត្រ​នៅ​អឺរ៉ុប។ នៅ​ក្នុង​ប្រទេស​បារាំង ណាប៉ូឡេអុង ត្រូវ​បាន​ប្រជាជន​ចាត់ទុក​​ជា​ស្តេច​ ក៏ប៉ុន្តែ នៅ​ក្រៅ​ប្រទេស​វិញ ស្តេច​នៅ​តាម​បណ្តា​ប្រទេស​ក្នុង​តំបន់​អឺរ៉ុប នៅតែ​ចាត់ទុក​ណាប៉ូឡេអុង​ជា​​និមិត្តរូប​នៃ​បដិវត្តន៍​ប្រឆាំង​នឹង​ របបរាជានិយម ហើយ​សង្រ្គាម ​រវាង​បារាំង និង​​បណ្តា​ប្រទេស​ក្នុង​តំបន់​អឺរ៉ុប ដែល​បាន​ផ្ទុះឡើង តាំងពី​ក្រោយ​បដិវត្តន៍​​ទម្លាក់​ស្តេច​ល្វីសទី១៦ នៅ​តែ​បន្ត​កើតមាន។ ក៏ប៉ុន្តែ តាមរយៈ​យុទ្ធសាស្រ្ត​ទ័ព និង​​នយោបាយ​ការទូត​ដ៏ឆ្លាតវៃ ណាប៉ូឡេអុងបាន​ដឹកនាំប្រទេស​បារាំង​​ឲ្យ​ក្លាយ​ទៅជា​មហាអំណាច ដែល​កាន់កាប់​តំបន់​អឺរ៉ុប​ស្ទើរតែ​ទាំងអស់។
            នៅ​ឆ្នាំ​១៨០៥ ចក្រភព​រុស្ស៊ី និង​ចក្រភព​អូទ្រីស ដែល​មាន​ការ​ជួយ​គាំទ្រ​ផ្នែក​ហិរញ្ញវត្ថុ​ពី​សំណាក់​អង់គ្លេស បាន​រួមគ្នា​បង្កើត​​សម្ព័ន្ធភាព​ ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង​ណាប៉ូឡេអុង។ ណាប៉ូឡេអុង​ក៏​បាន​នាំទ័ព ឆ្លងកាត់​តាម​អាល្លឺម៉ង់ សំដៅ​​វាយលុក​ទៅលើ​ចក្រភព​អូទ្រីស។
            នៅថ្ងៃ​ទី២ ខែធ្នូ ឆ្នាំ​១៨០៥ នៅ​ក្នុង​សមរភូមិ Austerlitz កងទ័ព​របស់​ណាប៉ូឡេអុង ដែល​មាន​ចំនួន​តិច​ជាង បាន​វាយបំបាក់​កងទ័ព​របស់​អូទ្រីស និង​រុស្ស៊ី។
            នៅ​ក្នុងរយៈពេល​ប៉ុន្មាន​ឆ្នាំ​តមក​ទៀត ណាប៉ូឡេអុង​​បាន​បន្ត​ប្រតិបត្តិការ​យោធា​វាយ​កាន់កាប់​ប្រទេស​​​ម្តងមួយៗ​ នៅ​អឺរ៉ុប ហើយ​គិត​ត្រឹម​ឆ្នាំ​១៨១២ អេស្ប៉ាញ អ៊ីតាលី អាល្លឺម៉ង់ ប៊ែលហ្ស៊ិក ហូឡង់ និង​មួយផ្នែក​របស់​ប៉ូឡូញ ពោលគឺ ​តំបន់​អឺរ៉ុប​ស្ទើរតែ​ទាំងមូល​ ត្រូវ​ស្ថិត​ក្រោម​ការ​កាន់កាប់​របស់​បារាំង។ ចំណែក​ឯ​ចក្រភព​អូទ្រីស និង​ចក្រភព​រុស្ស៊ី​វិញ ដែល​ត្រូវ​បាន​កងទ័ព​ណាប៉ូឡេអុង​វាយបំបាក់​ជាច្រើន​លើក​ បាន​ចុះ​សន្ធិសញ្ញា​សន្ធិភាព​ជាមួយ​បារាំង។ ណាប៉ូឡេអុង​បាន​នាំចក្រភព​​បារាំង​ទៅ​ក្នុង​សម័យកាល​​ដ៏រុងរឿងមួយ ក្នុង​ប្រវត្តិសាស្រ្ត​បារាំង។ ចក្រភព​បារាំង គឺ​ជា​មហាអំណាច​ដែល​ត្រួតត្រា​អឺរ៉ុប​ស្ទើរតែ​ទាំងមូល! ក៏ប៉ុន្តែ ណាប៉ូឡេអុង​មិន​បាន​ស្កប់ចិត្ត​តែ​ត្រឹមនោះទេ។​ ណាប៉ូឡេអុង​មាន​មហិច្ឆតា​ចង់​វាតទី​​ពង្រីក​អំណាច​របស់​បារាំង​ឲ្យ​បាន​ កាន់តែ​ធំជាង​នេះ​ថែមទៀត។ មហិច្ឆតា​ដែល​នឹង​នាំ​ទៅដល់​ការ​ធ្លាក់ ដុនដាប​នៃ​ចក្រភព​បារាំង។
 
រូបគំនូរ​អំពី​ណាប៉ូឡេអុង ដែល​គេ​ដាក់តាំង​នៅ​ក្នុង​សារមន្ទីរ​មួយ ស្ថិត​នៅ​ជាយក្រុង​ប៉ារីស (Château de Malmaison)

            នៅខែមិថុនា​ ឆ្នាំ​១៨១២ នៅ​ក្នុង​ពេល​ដែល​ចក្រភព​បារាំង​​ត្រួតត្រា​តំបន់​អឺរ៉ុប​បាន​ស្ទើរតែ​ ទាំង មូល​ហើយ​នោះ ណាប៉ូឡេអុង​​​នៅតែ​មាន​មហិច្ឆតា​ចង់​ពង្រីក​អំណាច​របស់​បារាំង​បន្ថែម​ទៀត ហើយ​បាន​លើកទ័ព​ចូល​ឈ្លានពាន​រុស្ស៊ី ដែល​បាន​ចុះ​សន្ធិសញ្ញា​សន្តិភាព​ជាមួយបារាំង​រួចហើយ។ នៅ​ខែ​កញ្ញា ឆ្នាំ​១៨១២ បីខែ​ក្រោយ​ពីណាប៉ូឡេអុង​ប្រកាស​សង្រ្គាម​ជាមួយ​រុស្ស៊ី កងទ័ព​បារាំង​បាន​វាយ​យក​បាន​ក្រុង​ម៉ូស្គូ ក៏ប៉ុន្តែ ខុសពី​ទម្លាប់​ដែល​គេ​ធ្លាប់​អនុវត្ត​​​ជាទូទៅ ស្តេច​ត្សារ៍​របស់​រុស្ស៊ី​បាន​បដិសេធ​មិនព្រម​ចុះចាញ់។ ផ្ទុយទៅវិញ កងទ័ព​រុស្ស៊ី​​​បាន​ប្រើ​យុទ្ធសាស្រ្ត​វាយដកថយ ដោយ​ដុតបំផ្លាញ​ស្បៀង និង​​ផ្ទះសម្បែង ទុក​ឲ្យ​ទាហាន​របស់​ណាប៉ូឡេអុង​​​ប្រឈមមុខ​នឹង​អាកាសធាតុ​ត្រជាក់​​នៃ​រដូវ​ រងារ​រុស្ស៊ី ដោយ​គ្មាន​ទីជម្រក។
            ប្រឈមមុខ​នឹង​អាកាសធាតុ​ត្រជាក់ ការខ្វះស្បៀង និង​ជំងឺ ទាហាន​របស់​ណាប៉ូឡេអុង​ត្រូវ​បាក់កម្លាំង ហើយ​ការរត់ចោលជួរ​ក៏​កើតមាន​កាន់តែ​ច្រើន។ ទីបំផុត ណាប៉ូឡេអុង​ក៏​​​ត្រូវ​បង្ខំចិត្ត​ដក​ទ័ព​ចេញ​ពី​រុស្ស៊ី។ ក៏ប៉ុន្តែ នៅ​ក្នុង​ពេល​ដកថយ ទាហាន​​របស់​ណាប៉ូឡេអុង ដែល​កំពុង​តែ​ចុះខ្សោយ​ស្រាប់ ត្រូវ​ប្រឈមមុខ​នឹង​ការ​វាយឆ្មក់​ពី​សំណាក់​ទាហាន​រុស្ស៊ី នៅ​ស្ទើរតែ​ជាប់តាម​ផ្លូវ​​ចេញ​ពី​​រុស្ស៊ី។
            ការឈ្លានពាន​ទៅលើ​រុស្ស៊ី គឺ​ជា​បរាជ័យ​ដ៏​ធំមួយ សម្រាប់​ណាប៉ូឡេអុង។ កងទ័ព​បារាំង ដែល​ធ្លាប់តែ​ជា​ទ័ព​ដ៏ខ្លាំង ធ្វើ​ឲ្យ​គេ​ខ្លាច​រអា​ពេញ​អឺរ៉ុប ​ត្រូវ​ទទួលរង​នូវ​ការខូចខាត​យ៉ាង​ធ្ងន់ធ្ងរ​បំផុត។ ក្នុង​ចំណោម​ទាហាន​ប្រមាណ​ជា ៦០ម៉ឺន​នាក់ ដែល​ណាប៉ូឡេអុង​បញ្ជូន​ទៅ​ឈ្លានពាន​រុស្ស៊ី នៅសល់តែ​ប្រមាណ​ជា ៣ម៉ឺននាក់​ប៉ុណ្ណោះ ដែល​វិលត្រឡប់​មកវិញ។ ក្រៅពីនោះ ខ្លះ​ត្រូវ​ស្លាប់ ខ្លះទៀត​ត្រូវ​ចាប់ជា​ឈ្លើយសឹក​នៅ​រុស្ស៊ី ហើយ​ខ្លះ​ទៀត​បាន​រត់ចោលជួរ។
            នៅ​ក្នុងពេល​ដែល​ទាហានបារាំង​កំពុង​ធ្លាក់ចុះខ្សោយ ប្រទេស​ដែល​ធ្លាប់តែ​​ជា​ប្រទេស​រណប ឬ​ជា​​សម្ព័ន្ធមិត្តរបស់​បារាំង​ក៏បាន​នាំគ្នា​ងើបឡើង​ប្រឆាំង​នឹង​ ណាប៉ូឡេអុង ហើយ​នៅ​ឆ្នាំ​១៨១៤ អង់គ្លេស រុស្ស៊ី អូទ្រីស ស៊ុយអែដ និង​អាល្លឺម៉ង់ ក៏បាន​រួមដៃគ្នា​ជា​សម្ព័ន្ធមិត្ត ហើយ​​​​លើកទ័ព​ចូល​មក​ឈ្លានពាន​បារាំង​សាជាថ្មី​ម្តងទៀត ដោយ​លើកនេះ ពួកគេ​បាន​វាយបំបាក់​ទាហានរបស់​ណាប៉ូឡេអុង ហើយ​បាន​វាយលុក​ចូលដល់​ក្រុង​ប៉ារីស នៅខែ​មេសា ឆ្នាំ​១៨១៤។ បារាំង​សុំចុះចាញ់ ហើយ​ណាប៉ូឡេអុង​ត្រូវ​បាន​គេ​បង្ខំ​ឲ្យ​ដាក់រាជ្យ និង​និរទេស​ខ្លួន​ទៅ​រស់នៅលើ​កោះ​មួយ​នៅ​ក្បែរ​អ៊ីតាលី (កោះ Elbe)
            ក៏ប៉ុន្តែ រស់នៅ​និរទេស​បាន​ប្រហែល​ជិត​មួយឆ្នាំ ណាប៉ូឡេអុង​នៅ​មិនសុខ​ក៏​​​វិលត្រឡប់​មក​​ប្រទេស​បារាំង ហើយ​​ឡើងគ្រងរាជ្យ​​ជាលើកទីពីរ នៅ​ខែ​មីនា​ ឆ្នាំ​១៨១៥។
            ភ្លាមៗ​ក្រោយ​ការវិលត្រឡប់​មក​គ្រងរាជ្យ​របស់​ណាប៉ូឡេអុង​ ប្រទេស​ដែល​ជា​សត្រូវ​របស់​ណាប៉ូឡេអុង​ក៏​បាន​រួមគ្នា​​បង្កើត​សម្ព័ន្ធភាព​ យោធា​សាជាថ្មី ហើយ​សង្រ្គាម​រវាង​កងទ័ព​សម្ព័ន្ធមិត្ត និង​កងទ័ព​ណាប៉ូឡេអុង​ក៏​បាន​ផ្ទុះឡើង​ម្តងទៀត។
 
សាកសព​របស់​ណាប៉ូឡេអុង ដែល​គេ​តម្កល់​ទុក​នៅ​ក្នុង​សារមន្ទីរ ឈ្មោះ Les Invalides ក្នុង​ក្រុង​ប៉ារីស
            នៅថ្ងៃ​ទី១៨ ខែ​មិថុនា ឆ្នាំ​១៨១៥ ​ នៅ​ Waterloo (ប្រទេស​ប៊ែលហ្ស៊ិក) កងទ័ព​ណាប៉ូឡេអុង​ត្រូវ​ទទួល​​បរាជ័យ ហើយ​​ណាប៉ូឡេអុង​ក៏​ត្រូវ​បង្ខំ​ចិត្ត​ដាក់រាជ្យ​ជាលើក​ទីពីរ និង​ជា​លើក​ចុងក្រោយ។ ណាប៉ូឡេអុង​ត្រូវ​បាន​អង់គ្លេស​ចាប់​និរទេស​ខ្លួន​ឲ្យ​ទៅរស់នៅលើ​កោះ Saint Hélène ដែល​ជា​កូនកោះ​តូចមួយ ស្ថិតនៅ​ដាច់ស្រយាល​ កណ្តាល​មហាសមុទ្រ​អាត្លង់ទិក។
            ណាប៉ូឡេអុង​ទទួល​មរណភាព នៅថ្ងៃ​ទី៥ ខែ​ឧសភា ឆ្នាំ​១៨២១ ក្នុងវ័យ ៥២ឆ្នាំ។ បច្ចុប្បន្ន សាកសព​របស់​ណាប៉ូឡេអុង​ត្រូវ​បាន​គេ​តម្កល់​ទុក​នៅ​ក្នុង​សារមន្ទីរ​មួយ​ ក្នុង​ក្រុងប៉ារីស ឈ្មោះ​ថា Les Invalides
            ណាប៉ូឡេអុង​ត្រូវ​បាន​គេ​ចារឈ្មោះ​ទុក​ថា​ជា​មេដឹកនាំ​មួយរូប ប្រកប​ដោយ​ភាព​វាងវៃ​ខាង​ផ្នែក​យុទ្ធសាស្រ្ត​សង្រ្គាម។ ជា​មេដឹកនាំ​ដែល​បាន​នាំ​ប្រទេស​បារាំង​ទៅរក​ភាព​រុងរឿង និង​មាន​ទឹកដី​ធំធេង​បំផុត​មិន​ធ្លាប់​មាន​ក្នុង​ប្រវត្តិសាស្រ្ត​បារាំង។ ក៏ប៉ុន្តែ ណាប៉ូឡេអុង​ក៏​ជាប់ឈ្មោះ​ផងដែរ​ថា​ជា​មេដឹកនាំ​ដែល​​ប្រកប​ដោយ​មហិច្ឆតា​ ខ្ពស់​ហួសហេតុ ដែល​បង្ក​​ជា​សង្រ្គាម​ឈ្លានពាន​វាតទី​ពាសពេញ​តំបន់​អឺរ៉ុប៕