Labels

Albert Einstein Alexandre le Grand ISIS La Terreur Pearl Harbor Renaissance កំណែទម្រង់ប៉េរេស្ត្រយកា កំណែទម្រង់សេដ្ឋកិច្ចចិន កម្ពុជា កម្ពុជាក្រោម កម្លាំងទំនាញសកល ការចាប់ផ្ដើម ការប្រជែងផ្នែកអវកាស ការវិលត្រឡប់ទៅកាន់អំណាច កាលីលេ កូសាំងស៊ីន ក្រិក ក្រុមជីហាតរដ្ឋអ៊ីស្លាម ក្រុមភេរវជនអន្តរជាតិ ខ្សែបន្ទាត់ព្រំដែន គ្រាប់បែកនុយក្លេអ៊ែរ គ្រីស្តូហ្វកូឡុំ គ្រឹស្តសាសនា ចក្រភពម៉ុងហ្គោល ចក្រភពរ៉ូម ចក្រភពអារ៉ាប់ ចលនាតស៊ូប្រដាប់អាវុធកុម្មុយនិស្ត ចិន ច្បាប់នៃចលនា ឆេកូស្លូវ៉ាគី ជប៉ុន ជ័យជម្នះរបស់ក្រុមសម្ព័ន្ធមិត្ត ជិនហ្គីស ខាន់ ដែនដីអាណានិគម តេងស៊ាវពីង តេងស៊ាវភីង ទ្រឹស្តីតារាសាស្រ្ត ទ្រឹស្តីសាសនា បក្សកុម្មុយនិស្តចិន បដិវត្តន៍ បដិវត្តន៍កសិកម្ម បដិវត្តន៍រាជានិយម បដិវត្តន៍វប្បធម៌ បដិវត្តន៍អ៊ីរ៉ង់ បារាំង បិតាកំណែទម្រង់សេដ្ឋកិច្ចចិន ប៊ិនឡាដិន បុរេប្រវត្តិ ប្រធានាធិបតីអាមេរិក ប្រវត្តិសាស្រ្ត ប្លុកកុម្មុយនិស្ត ផលវិបាក ភេរវកម្ម១១កញ្ញា មជ្ឈិមបូព៌ា មហាអំណាចអាណានិគមអាស៊ី មហាអំណាចអឺរ៉ុប មូលហេតុ ម៉ៅសេទុង យុគខ្មៅងងឹត យុគនៃពន្លឺ រដ្ឋធម្មនុញ្ រុស្សី លេនីន វាំងននដែក វិទ្យាសាស្រ្ត វិបត្តិប៊ែរឡាំង វិបត្តិព្រែកជីកស៊ុយអេ វិបត្តិមីស៊ីលគុយបា វៀតណាមខាងត្បូង សង្គ្រាមលោកលើកទី១ សង្គ្រាមលោកលើកទី២ សង្រ្គាមកូរ៉េ សង្រ្គាមឈូងសមុទ្រពែក្ស សង្រ្គាមត្រជាក់ សង្រ្គាមវៀតណាម សង្រ្គាមស៊ីវិល សង្រ្គាមអាហ្វហ្កានីស្ថាន សង្រ្គាមអ៊ីរ៉ាក់ សង្រ្គាមឥណ្ឌូចិន សព្វាវុធនុយក្លេអ៊ែរ សហភាពសូវៀត សហរដ្ឋអាមេរិក សាសនាអ៊ីស្លាម ស្ថានភាពពិភពលោក ហ៊ីត្លែរ ហ្គ័របាឆូវ អង់គ្លេស អធិរាជណាប៉ូឡេអុង អរិយធម៌ដ៏ចំណាស់បំផុតរបស់មនុស្សជាតិ អរិយធម៌មេឌីទែរ៉ាណេ អរិយធម៌អាស៊ីអាគ្នេយ៍ អាញ់ស្តាញ់ អាណាចក្រខ្មែរ អាណានិគម អាណាព្យាបាលបារាំង អាប្រាហាំលីនកុន អាមេរិក អារ៉ាប់ អាល់កៃដា អាល់ប៊ែរ អាញ់ស្តាញ់ អាស៊ីប៉ាសីហ្វិក អ៊ីតាលី អ៊ីសាក់ញូតុន អ៊ីស្រាអែល អឺរ៉ុបខាងកើត អ៊ុយក្រែន ឧស្សាហកម្ម

Renaissance ៖ ការរស់ឡើងវិញនៃអរិយធម៌រុងរឿងអឺរ៉ុប នៅសតវត្សរ៍ ទី១៦

   នៅ​ក្នុង​សតវត្សរ៍​ទី១៥ និង​ទី១៦ នៅ​ពេលដែលអេស្ប៉ាញ​​កំពុងតែ​វាតទី​ពង្រីក​​អាណានិគម​នៅលើ​ទ្វីបអាមេរិក ដែល​គេហៅថា​ ដែនដីថ្មី នៅ​អឺរ៉ុប​ដែល​ជា​ដែនដី​ចាស់ឯណេះ​វិញ គេបាន​ស្គាល់​នូវការ​វិវឌ្ឍ​ដ៏សំខាន់មួយ គឺ​ការវិវឌ្ឍ​ខាងវប្បធម៌ ដែល​គេឲ្យ​ឈ្មោះតាម​ភាសា​បារាំង​​ថា La RenaissanceRenaissance ពីព្រោះ​ថា នៅ​ពេល​នោះ អឺរ៉ុប​បាន​ចាប់ផ្តើម​ស្គាល់​ឡើងវិញ​នូវ​វប្បធម៌រុងរឿង​ដែល​គេ​ធ្លាប់​មាន​ កាល​ពី​ក្នុង​សម័យបុរាណ ហើយ​ដែល​ត្រូវ​​រលាយបាត់បង់​​ស្ទើរតែ​ បាត់សូន្យ​នៅ​ក្រោយ​ការ​ដួលរលំ​នៃ​ ចក្រភពរ៉ូម។
            យើងដឹង​ហើយ​ថា នៅ​ក្រោយ​ការ​ដួលរលំ​នៃ​ចក្រភព​រ៉ូម នៅ​សតវត្សរ៍​ទី៥ តំបន់​អឺរ៉ុប​ដែល​ធ្លាប់​តែ​ស្ថិត​នៅ​ក្នុង​មហារដ្ឋ​តែមួយ គឺ​ចក្រភព​រ៉ូម ត្រូវ​បាន​បំបែក​ទៅជា​នគរ​ផ្សេងៗ​គ្នា ហើយ​នគរ​អស់ទាំងនោះ​បាន​ចំណាយ​ពេល​ច្រើន​ទៅលើ​ការ​ធ្វើ​សង្រ្គាម​រវាង​គ្នា​ និង​គ្នា ឬ​ធ្វើ​សង្រ្គាម​ដណ្តើម​អំណាច​ផ្ទៃក្នុង​នគរ​របស់​ខ្លួន។ អឺរ៉ុប​ត្រូវ​ធ្លាក់​ក្នុង​ភាព​អនាធិបតេយ្យ ​សេដ្ឋកិច្ច​ត្រូវ​ខ្ទេចខ្ទាំ ប្រជាជន​គ្មាន​សុខសន្តិភាព និង​គ្មាន​ការ​អប់រំ ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​វប្បធម៌​ដ៏រុងរឿង​កាល​ពីមុន ​​ត្រូវ​រលាយបាត់បង់​បន្តិចម្តងៗ រហូត​ធ្លាក់​ក្នុង​ដំណាក់កាល​មួយ ដែល​អ្នក​ប្រវត្តិសាស្រ្ត​ឲ្យឈ្មោះ​ថា យុគខ្មៅងងឹត
 
គំនូរ​គូរដោយ​ Raphaël វិចិត្រករ​អ៊ីតាលី​សម័យកាល Renaissance បង្ហាញ​អំពី​អ្នកប្រាជ្ញ​ក្រិកសម័យបុរាណ
         នៅ​ឆ្នាំ​១៤៥៣ មានហេតុការណ៍​ដ៏សំខាន់​មួយ ដែល​ធ្វើ​ឲ្យ​យុគខ្មៅងងឹត​នៅ​អឺរ៉ុប​ចាប់ផ្តើម​ទទួល​ពន្លឺឡើងវិញ។ ចក្រភព​អូតូម៉ង់​របស់​ពួកតួកគី​បាន​វាយផ្តួលរំលំ​ទីក្រុង​កុងស្តង់ទីណូប ដែល​​ជា​រាជធានី​នៃ​ចក្រភព​ប៊ីហ្សង់តាំង (អតីត​ចក្រភពរ៉ូម​ខាង​កើត)។ អ្នកប្រាជ្ញ​ជាច្រើន​​របស់​ប៊ីហ្សង់តាំង​ក៏​បាន​នាំគ្នា​រត់ភៀសខ្លួន​ទៅ​ កាន់​អឺរ៉ុប ដោយនាំ​យក​ទៅជាមួយ​នូវ​ឯកសារ​ល្អៗ ដែល​បន្សល់ទុក​ពី​អ្នកប្រាជ្ញ​ក្រិក​សម័យបុរាណ។ អ្នកប្រាជ្ញ និង​​ឯកសារ​ក្រិក​ទាំងនេះ​ហើយ ដែល​ជា​គ្រឹះ​ដ៏សំខាន់មួយ ដែល​នាំ​ទៅរក​ការ​ស្តារ​ឡើងវិញ​នៃ​វប្បធម៌​រុងរឿង​នៅ​អឺរ៉ុប ហើយ​ឆ្នាំ​១៤៥៣ ត្រូវ​បាន​អ្នក​ប្រវត្តិសាស្រ្ត​អឺរ៉ុប ជាពិសេស អ្នក​ប្រវត្តិសាស្រ្ត​បារាំង​ ចាត់ទុក​ថា​ជា​ឆ្នាំ​ចុងក្រោយ​នៃ​យុគសម័យកណ្តាល និង​ជា​ឆ្នាំ​ចាប់ផ្តើម​នៃ​សម័យកាល Renaissance
            ប្រទេស​ដែល​បាន​ដើរតួនាទី​សំខាន់​បំផុត នៅ​ក្នុង​​ការ​ធ្វើ​ឲ្យរស់ឡើងវិញ នៃ​វប្បធម៌​រុងរឿង​នេះ គឺ​អ៊ីតាលី។ គេសង្កេតឃើញ​ថា អ្នកប្រាជ្ញល្បីៗ​ ទាំង​ខាង​សិល្បៈ ស្ថាបត្យកម្ម ទស្សនវិជ្ជា នយោបាយ ហិរញ្ញវត្ថុ និង​តារាសាស្រ្ត ភាគច្រើន​ចេញ​មក​ពី​អ៊ីតាលី។
            Michel-Ange, Raphael និង​ Léonard de Vinci ​ដែលត្រូវបាន​គេ​ចាត់ទុក​ថា​ជា​វិចិត្រករ ដែល​មាន​ស្នាដៃ​ឆ្នើម​បំផុត​នៅ​ក្នុង​ប្រវត្តិសាស្រ្ត​​មនុស្ស​ជាតិ គឺ​ពូកែ​ខាង​​ចម្លាក់ គំនូរ ស្ថាបត្យកម្ម និង​វិស្វកម្ម សុទ្ធសឹង​ជា​អ្នកប្រាជ្ញ​អ៊ីតាលី។ រហូតមកទល់​នឹង​ពេល​សព្វថ្ងៃ​នេះ ក្នុងមួយថ្ងៃៗ គេឃើញ​មាន​ហ្វូងមនុស្ស​ណែនណាន់តាន់តាប់ នាំគ្នា​ឈរតម្រង់ជួរ​ចាំមើល​រូបគំនូរ​ Monalisa ដែល​គូរ​ដោយ​ Léonard de Vinci ហើយ​ដែល​គេ​ដាក់តាំង​នៅ​ក្នុងសារមន្ទីរ Louvre នៅ​ប៉ារីស។ ចំណែក​ Michel-Ange វិញ ក្រៅពី​គំនូរ និង​ចម្លាក់ បាន​បន្សល់​ទុកនូវស្នាដៃ​ស្ថាបត្យកម្ម​ដ៏ល្បីល្បាញ​​ជាច្រើន ជាពិសេស គឺ​​​​វិហារ Saint Pierre នៅ​បុរីវ៉ាទីកង់ ហើយ​ដែល​ត្រូវ​បាន​គេ​ចម្លង​តាម​ នៅ​ក្នុងការ​សាងសង់​អគារ​ជាច្រើន​ផ្សេងទៀត រួមមាន វិហារ Saint Paul នៅ​អង់គ្លេស និង​វិមាន​កាពីតូល​របស់​សហរដ្ឋ​អាមេរិក ជាដើម។
  
រូបគំនូរ Monalisa គូរដោយ Léonard de Vinci (ឬ​ Leonardo da Vinci)
  
           អ្នកប្រាជ្ញ​មួយរូប​ទៀត​របស់​អ៊ីតាលី នាសម័យកាល Renaissance គឺ​ទស្សនវិទូនយោបាយ ឈ្មោះ Machiavelli ​បាន​និពន្ធ​សៀវភៅមួយក្បាល​​ ដែលល្បីសុះសាយ​​រហូត​មក​ដល់​សព្វថ្ងៃ គឺ​សៀវភៅ ដែល​មាន​ចំណង​ជើង​ជា​ភាសា​បារាំង​ថា Le Prince។ នៅ​ក្នុង​សៀវភៅ​នេះ Machiavelli បាន​សរសេរ​អំពី​របៀប​ដឹកនាំ​រដ្ឋ ដោយ​ប្រើ​ប្រាជ្ញា​ផង ប្រើ​កម្លាំង​ផង និងប្រើ​​កលល្បិចផង។ បើតាម Machiavelli មេដឹកនាំ​រដ្ឋ​ត្រូវ​តែ​ចេះប្រើ​កម្លាំង​ដូចជា​សត្វតោ និង​ចេះ​ក្រឡិចក្រឡុច​ដូចជា​សត្វកញ្ជ្រោង ក៏ប៉ុន្តែ កម្លាំង និង​ភាព​ក្រឡិចក្រឡុច​នេះ មិនមែន​​ដើម្បី​គ្រាន់តែ​រក្សា​អំណាច​យកមក​បំពេញ​ប្រយោជន៍​ផ្ទាល់ខ្លួន​ នោះទេ ប៉ុន្តែ គឺ​ដើម្បី​រក្សា​អំណាច​យក​ទៅ​បម្រើ​ផលប្រយោជន៍​របស់​ប្រជាជន​​ទូទៅ។ រដ្ឋ​​អាច​រំលោភ​ច្បាប់ ឬ​ធ្វើ​នូវ​ទង្វើ​ដែល​គ្មាន​សីលធម៌ បើ​សិន​ជា​វា​ចាំបាច់ ដើម្បី​ផលប្រយោជន៍​ជាតិ ដែល​គេហៅ​តាមភាសា​បារាំង​ថា Raison dEtat។ គោលគំនិត​របស់ Machiavelli ត្រូវ​បាន​អ្នកខ្លះ​រិះគន់​ថា​ជា​គំនិតអ្នកនយោបាយ​ដែល​គ្មាន​សីលធម៌ ក៏ប៉ុន្តែ ខ្លះទៀត យល់ថា​វាជា​គំនិត​នយោបាយ​ដែល​មាន​លក្ខណៈ​ប្រាកដ​និយម។ មកទល់នឹង​ពេល​បច្ចុប្បន្ន​នេះ សៀវភៅ Le Prince របស់ Machiavelli នៅតែ​ជា​សៀវភៅ​គោល ដែល​គេ​យក​មក​បង្រៀន​នៅ​​​ស្ទើរតែ​គ្រប់​សាលា​​វិទ្យាសាស្រ្ត​នយោបាយ​។
 

វិហារ Saint Pierre នៅ​បុរីវ៉ាទីកង់


            នៅ​សតវត្សរ៍ទី​១៦ ចលនា Renaissance ដែល​ចាប់កំណើត​នៅ​អ៊ីតាលី បាន​ជះពន្លឺ​បន្តិចម្តងៗ ទៅដល់​បណ្តា​ប្រទេស​ផ្សេងទៀត នៅ​ទូទាំង​តំបន់​អឺរ៉ុប រាប់ចាប់តាំង​ពី​អេស្ប៉ាញ បារាំង អាល្លឺម៉ង់ និង​អង់គ្លេស រហូត​ទៅដល់​ប៉ូឡូញ។
            នៅ​ឆ្នាំ​១៥៤៣ តារាវិទូ​ប៉ូឡូញម្នាក់​ឈ្មោះ Nicolas Corpernic ដែល​ធ្លាប់​បាន​ទៅ​សិក្សា​នៅ​អ៊ីតាលី បាន​ចេញផ្សាយ​សៀវភៅមួយ អំពី​ទ្រឹស្តី​ថ្មី​នៃ​តារាសាស្រ្ត ដែល​ត្រូវបាន​គេ​ចាត់ទុកថា​ជា​​បដិវត្តន៍​នៃ​ការ​យល់ដឹង​របស់​មនុស្ស​ ទៅលើចក្រវាល។
            តាំងពីដើមរៀងមក មនុស្ស​ក្នុង​សម័យបុរាណ​យល់ថា ផែនដី​គឺ​ជា​ចំណុច​កណ្តាល​នៃ​ចក្រវាល។ គ្រប់អ្វីៗ​ទាំងអស់​​ដែល​នៅលើ​មេឃ ទាំង​ព្រះចន្ទ ព្រះអាទិត្យ និង​គ្រប់ផ្កាយ​ទាំងអស់​ សុទ្ធតែធ្វើ​ដំណើរ​ជុំវិញ​ផែនដី។ Nicolas Copernic ដែល​បាន​ចំណាយ​ពេល​រាប់ឆ្នាំ សិក្សា​អំពី​តារាស្រ្ត បាន​បង្កើត​នូវ​ទ្រឹស្តី​ដ៏ថ្មីស្រឡាងមួយ គឺ​ថា មិនមែន​ព្រះអាទិត្យ​ទេ ដែល​វិល​ជុំវិញ​ផែនដី គឺ​ផែនដី​វិញ​ទេ ដែល​ជុំវិញ​ព្រះអាទិត្យ។ ​ហេតុ​ដែល​គេ​មើលទៅឃើញ​ហាក់ដូចជា​ព្រះអាទិត្យ និង​អ្វីៗ​ទាំងអស់​នៅលើ​មេឃ​វិល​ជុំវិញ​ផែនដី តាមការពិត គឺ​ដោយសារ​តែ​ផែនដី​វិលជុំវិញ​ខ្លួនឯង ដែល​ក្នុងមួយជុំៗ ​មាន​រយៈពេល ២៤ម៉ោង។ យោងតាម​ទ្រឹស្តី​របស់ Copernic ផែនដី​​គ្រាន់តែ​ជា​ភពមួយ​ ក្នុង​ចំណោម​ភព​ជាច្រើន​ផ្សេងទៀតប៉ុណ្ណោះ ហើយ​មិនមែន​ជា​ចំណុច​កណ្តាល​នៃ​ចក្រវាល ដូចដែល​គេ​ធ្លាប់​ជឿ​ពីមុន​នោះទេ។ ទ្រឹស្តី​របស់ Nicolas Copernic គឺ​​ជា​ចំណុច​ចាប់ផ្តើម​នៃ​តារាសាស្រ្ត​សម័យទំនើប ក៏ប៉ុន្តែ វាផ្ទុយ​ទៅនឹង​ជំនឿ​របស់​វិហារ​កាតូលិក​ នាសម័យកាល​នោះ។ ហេតុដូច្នេះ​ហើយ​បាន​ជា​ Copernic រង់ចាំ​រហូតដល់ដង្ហើមចុងក្រោយ​នៃ​ជីវិត​របស់​លោក ទើប​ចេញផ្សាយ​សៀវភៅ ស្តីពី​បដិវត្តន៍​នៃ​តារាស្រ្ត​។
 
រូបគំនូរ​បង្ហាញ​ពី Nicolas Copernic ​តារាវិទូ​ប៉ូឡូញ ដែល​គេ​ចាត់ទុក​ថា​ជា​បិតា​នៃ​តារាស្រ្ត​សម័យបុរាណ

            និយាយ​អំពី​វិហារ​កាតូលិក ​យុគសម័យ Renaissance ក៏​ជា​យុគសម័យ​​ដែល​​មាន​ការ​បែកបាក់​នៃ​គ្រឹស្ត​សាសនា​និកាយ​​កាតូលិក​ ផងដែរ។ យើងដឹង​ហើយ​ថា នៅពេល​ដែល​ចក្រភព​រ៉ូម​ត្រូវ​ពុះចែក​ជាពីរ គ្រឹស្ត​សាសនា​​ត្រូវ​បាក់​បែក​ជា​ពីរ​និកាយ​​រួចមកហើយ គឺ​និកាយ​អ័រតូដុក្ស៍ (Orthodox) នៅ​ចក្រភព​រ៉ូម​ខាង​កើត (ចក្រភព​ប៊ីហ្សង់តាំង​)​ និង​និកាយ​កាតូលិក​ នៅ​​ចក្រភព​រ៉ូម​ខាងលិច​ (​អឺរ៉ុបខាងលិច)។ ក្រោយ​ពេល​ចក្រភព​រ៉ូម​ខាង​លិច​ដួលរលំ​​បែកខ្ញែក​ទៅជា​នគរ​ផ្សេងៗ​គ្នា គ្រប់នគរ​ទាំងអស់​​នៅ​អឺរ៉ុប​ខាងលិច​នៅតែ​បន្ត​ស្ថិត​ក្រោម​អំណាច​នៃ​វិហារ​ កាតូលិក​ដដែល ដោយ​មាន​​​សម្តេច​ប៉ាប នៅ​ទីក្រុង​រ៉ូម​ ជា​អ្នក​មាន​អំណាច​កំពូលខាង​សាសនា។
            ក៏ប៉ុន្តែ នៅ​ឆ្នាំ​១៥១៧ បុព្វជិត​កាតូលិក​អាល្លឺម៉ង់​ម្នាក់ ឈ្មោះ Martin Luther (សូមកុំច្រឡំ​ជាមួយ Martin Luther King ដែល​ជា​សកម្មជន​ការពារ​សិទ្ធិ​ជន​ជាតិ​ស្បែក​ខ្មៅ​នៅ​អាមេរិក!) បាន​ចេញមុខ​ជា​សាធារណៈ​រិះគន់​សេចក្តីបង្រៀន រចនាសម្ព័ន្ធ និង​របៀបដឹកនាំ​របស់​សម្តេចប៉ាប ព្រមទាំង​បាន​ទាមទារ​ឲ្យ​ធ្វើ​កំណែទម្រង់​ស៊ីជម្រៅ​នៃ​វិហារ​កាតូលិក​។ នៅ​ឆ្នាំ​១៥២១ Marthin Luther ត្រូវបាន​សម្តេច​ប៉ាប​បណ្តេញ​ចេញ​ពី​វិហារ​កាតូលិក ព្រមទាំង​ត្រូវ​បាន​អធិរាជ​ Charles Quint ចាត់ទុក​ថា​ជា​ឧទ្ទាម​ក្រៅច្បាប់។ ក៏ប៉ុន្តែ​ គំនិត​របស់​ Martin Luther បាន​ទទួល​នូវ​ការ​គាំទ្រ​កាន់តែ​ច្រើន ហើយ​ចលនា​ប្រឆាំង​នឹង​ថ្នាក់ដឹកនាំ​វិហារកាតូលិក​ចេះតែ​បន្ត​​​រីករាលដាល​ កាន់តែ​ធំឡើង រហូត​បង្កើត​ទៅជា​និកាយ​មួយថ្មី​ទៀត ដែល​គេ​ឲ្យ​ឈ្មោះ​ថា ប្រូតេស្តង់ (Protestant)។ ប្រូតេស្តង់ ដោយសារ​តែ​ពួកគេ​​ជា​អ្នក​តវ៉ា​ប្រឆាំង​នឹង​អំណាច​របស់​សម្តេចប៉ាប និង​សេចក្តី​បង្រៀន​ជាទូទៅ​របស់​វិហារ​កាតូលិក។
            នៅ​ឆ្នាំ​១៥៣៤ នៅ​អង់គ្លេស ដែល​ស្ថិត​នៅ​ក្រោម​អំណាច​របស់​សម្តេច​ប៉ាប​ដែរ​នោះ ព្រះបាទ ​Henri VIII ចង់​លែង​ព្រះមហេសី​របស់​ព្រះអង្គ ប៉ុន្តែ សម្តេច​ប៉ាប​មិន​អនុញ្ញាត។ ព្រះបាទ Henri VIII ក៏​បាន​​​ផ្តាច់ខ្លួន​ចេញ​ពី​អំណាច​របស់​សម្តេច​ប៉ាប ដោយ​បាន​បង្កើត​ជា​និកាយ​ថ្មី​មួយ​ទៀត សម្រាប់​អង់គ្លេស គឺ​និកាយ Anglican។ រហូតមកទល់​នឹង​ពេល​បច្ចុប្បន្ន​នេះ វិហារ​គ្រឹស្ត​សាសនា​និកាយ​ Anglican នៅតែ​ត្រូវ​កាត់ផ្តាច់​ពី​អំណាច​របស់​សម្តេច​ប៉ាប។ ប្រមុខដឹកនាំ​វិហារ​ Anglican គឺ​ ព្រះមហាក្សត្រ​​អង់គ្លេស៕