Labels

Albert Einstein Alexandre le Grand ISIS La Terreur Pearl Harbor Renaissance កំណែទម្រង់ប៉េរេស្ត្រយកា កំណែទម្រង់សេដ្ឋកិច្ចចិន កម្ពុជា កម្ពុជាក្រោម កម្លាំងទំនាញសកល ការចាប់ផ្ដើម ការប្រជែងផ្នែកអវកាស ការវិលត្រឡប់ទៅកាន់អំណាច កាលីលេ កូសាំងស៊ីន ក្រិក ក្រុមជីហាតរដ្ឋអ៊ីស្លាម ក្រុមភេរវជនអន្តរជាតិ ខ្សែបន្ទាត់ព្រំដែន គ្រាប់បែកនុយក្លេអ៊ែរ គ្រីស្តូហ្វកូឡុំ គ្រឹស្តសាសនា ចក្រភពម៉ុងហ្គោល ចក្រភពរ៉ូម ចក្រភពអារ៉ាប់ ចលនាតស៊ូប្រដាប់អាវុធកុម្មុយនិស្ត ចិន ច្បាប់នៃចលនា ឆេកូស្លូវ៉ាគី ជប៉ុន ជ័យជម្នះរបស់ក្រុមសម្ព័ន្ធមិត្ត ជិនហ្គីស ខាន់ ដែនដីអាណានិគម តេងស៊ាវពីង តេងស៊ាវភីង ទ្រឹស្តីតារាសាស្រ្ត ទ្រឹស្តីសាសនា បក្សកុម្មុយនិស្តចិន បដិវត្តន៍ បដិវត្តន៍កសិកម្ម បដិវត្តន៍រាជានិយម បដិវត្តន៍វប្បធម៌ បដិវត្តន៍អ៊ីរ៉ង់ បារាំង បិតាកំណែទម្រង់សេដ្ឋកិច្ចចិន ប៊ិនឡាដិន បុរេប្រវត្តិ ប្រធានាធិបតីអាមេរិក ប្រវត្តិសាស្រ្ត ប្លុកកុម្មុយនិស្ត ផលវិបាក ភេរវកម្ម១១កញ្ញា មជ្ឈិមបូព៌ា មហាអំណាចអាណានិគមអាស៊ី មហាអំណាចអឺរ៉ុប មូលហេតុ ម៉ៅសេទុង យុគខ្មៅងងឹត យុគនៃពន្លឺ រដ្ឋធម្មនុញ្ រុស្សី លេនីន វាំងននដែក វិទ្យាសាស្រ្ត វិបត្តិប៊ែរឡាំង វិបត្តិព្រែកជីកស៊ុយអេ វិបត្តិមីស៊ីលគុយបា វៀតណាមខាងត្បូង សង្គ្រាមលោកលើកទី១ សង្គ្រាមលោកលើកទី២ សង្រ្គាមកូរ៉េ សង្រ្គាមឈូងសមុទ្រពែក្ស សង្រ្គាមត្រជាក់ សង្រ្គាមវៀតណាម សង្រ្គាមស៊ីវិល សង្រ្គាមអាហ្វហ្កានីស្ថាន សង្រ្គាមអ៊ីរ៉ាក់ សង្រ្គាមឥណ្ឌូចិន សព្វាវុធនុយក្លេអ៊ែរ សហភាពសូវៀត សហរដ្ឋអាមេរិក សាសនាអ៊ីស្លាម ស្ថានភាពពិភពលោក ហ៊ីត្លែរ ហ្គ័របាឆូវ អង់គ្លេស អធិរាជណាប៉ូឡេអុង អរិយធម៌ដ៏ចំណាស់បំផុតរបស់មនុស្សជាតិ អរិយធម៌មេឌីទែរ៉ាណេ អរិយធម៌អាស៊ីអាគ្នេយ៍ អាញ់ស្តាញ់ អាណាចក្រខ្មែរ អាណានិគម អាណាព្យាបាលបារាំង អាប្រាហាំលីនកុន អាមេរិក អារ៉ាប់ អាល់កៃដា អាល់ប៊ែរ អាញ់ស្តាញ់ អាស៊ីប៉ាសីហ្វិក អ៊ីតាលី អ៊ីសាក់ញូតុន អ៊ីស្រាអែល អឺរ៉ុបខាងកើត អ៊ុយក្រែន ឧស្សាហកម្ម

លោកអាប្រាហាំ លីនកុន ប្រធានាធិបតីដែលលុបបំបាត់ទាសភាពនៅអាមេរិក

            លោក​អាប្រាហាំ លីនកុន ត្រូវ​បាន​គេ​ចារ​ឈ្មោះ​​ថា​​ជា​មេដឹកនាំ​ដ៏​អស្ចារ្យ​បំផុត នៅ​ក្នុង​ប្រវត្តិសាស្រ្ត​របស់​សហរដ្ឋ​អាមេរិក។ លោក​គឺ​ជា​ប្រធានាធិបតី ដែល​បាន​ដឹកនាំ​សហរដ្ឋ​អាមេរិក​ឆ្លងកាត់​សង្រ្គាម និង​វិបត្តិ​ធម្មនុញ្ញ​ដ៏​ធំបំផុត​មួយ​ ក្នុង​ប្រវត្តិ​របស់​អាមេរិក ក៏ប៉ុន្តែ រក្សា​បាន​នូវ​ភាព​រួបរួម​នៃ​បណ្តា​រដ្ឋ​អាមេរិក។ លោក​ក៏​ត្រូវ​បាន​គេ​ចារ​ឈ្មោះ​ទុក​ផងដែរថា​ជា​ប្រធានាធិបតី ដែល​បាន​បិទបញ្ចប់​ការ​ប្រើ​មនុស្ស​ជា​ទាសករ នៅ​ក្នុង​ទឹកដី​អាមេរិក។
            អាប្រាហាំ លីនកុន កើតនៅ​ថ្ងៃ​ទី១២ ខែ​កុម្ភៈ ឆ្នាំ​១៨០៩ នៅ​ក្នុង​រដ្ឋ Kentucky។ ដោយសារ​ត្រូវ​ប្រឈមមុខ​នឹង​ជីវភាព​លំបាក​ក្នុង​គ្រួសារ និង​ការ​រើកញ្ជើ​ពី​កន្លែង​មួយ​ទៅ​កន្លែងមួយ កុមារ​លីនកុន​មិនសូវ​ជា​បាន​ចូលរៀន​នៅ​សាលា​ច្រើន​នឹង​គេ​ទេ ក៏ប៉ុន្តែ ជា​ក្មេង​ដែល​មាន​ការ​ចេះដឹង​ច្រើន តាមរយៈ​ការ​ខិតខំ​រៀនសូត្រ​ដោយ​ខ្លួនឯង។
 
លោក​អាប្រាហាំ លីនកុន )Abraham Lincoln) ប្រធានាធិបតី​អាមេរិក ក្នុង​សម័យសង្រ្គាម​ស៊ីវិល
            នៅ​ឆ្នាំ​១៨៣០ គ្រួសារ​លីនកុន​ផ្លាស់​ទីលំនៅ​ទៅ​នៅ​ក្នុង​រដ្ឋ​ Illinois ហើយ​អាប្រាហាំ ​លីនកុន​​ បាន​ចូល​ប្រឡូក​ក្នុង​ឆាក​នយោបាយ រហូត​បាន​ជាប់ឆ្នោត​ជា​សមាជិក​សភា​​ក្នុង​​រដ្ឋ​ Illinois នៅ​ឆ្នាំ​១៨៣៤ នៅ​ក្នុង​វ័យ ២៥ឆ្នាំ។​ លោក​អាប្រាហាំ លីនកុន ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​អ្នក​នយោបាយ​ ​ដែល​​មាន​ចក្ខុវិស័យ​ចង់​ឃើញ​សហរដ្ឋ​អាមេរិកពង្រឹង​កម្លាំង​សេដ្ឋកិច្ច​ របស់​ខ្លួន​តាមរយៈ​វិស័យ​ឧស្សាហកម្ម និង​ពាណិជ្ជកម្ម ជាជាង​​វិស័យ​កសិកម្ម។ ជា​អ្នក​នយោបាយ​ដែល​មាន​គំនិត​ប្រឆាំង​នឹង​ទាសភាព ក៏ប៉ុន្តែ ក៏​មិន​ជំរុញ​ឲ្យធ្វើ​ច្បាប់​លុបបំបាត់​ទាសភាព នៅ​ទូទាំង​សហរដ្ឋ​អាមេរិក​នោះដែរ។
            នៅ​ឆ្នាំ​១៨៣៦ លោក​អាប្រាហាំ លីនកុន ដែល​មិន​ធ្លាប់​ចូល​សាលា​ច្បាប់​ផងនោះ បាន​ប្រឡង​ជាប់​ជាមេធាវី ហើយ​ក្រោយ​មក បាន​ចាប់អាជីព​ជា​មេធាវី (មេធាវី​ដែល​ល្បីឈ្មោះ​ថា​ស្មោះត្រង់​ជាមួយ​នឹង​កូនក្តី) មុននឹង​បាន​ជាប់ឆ្នោត​ជា​សមាជិក​នៃ​សភា​សហព័ន្ធ (House of Representatives) នៅ​ឆ្នាំ​១៨៤៦។ នៅ​ពេល​ផុត​អាណត្តិ នៅ​ឆ្នាំ​១៨៤៩ លោក​អាប្រាហាំ លីនកុន ដែល​បាន​​សន្យា​ពីដំបូង​​ថា​​នឹង​កាន់តំណែង  ​តែ​មួយ​អាណត្តិ ក៏​បាន​ឈប់​ពី​តំណាងរាស្រ្ត ហើយ​វិលត្រឡប់​ទៅ​រដ្ឋ Illinois របស់​លោក    ​វិញ។
            ក៏ប៉ុន្ត មិនយូរ​ប៉ុន្មាន​ក្រោយ​មក ការ​តស៊ូ​មតិ​ជុំវិញ​រឿង​ទាសករ ដែល​បាន​ផ្ទុះឡើង​​កាន់តែ​ខ្លាំង ក៏​បាន​ទាញ​លោក​អាប្រាហាំ លីនកុន ឲ្យ​វិលត្រឡប់​ចូល​មក​ក្នុង​ឆាក​នយោបាយ​ថ្នាក់​ជាតិ​ជាថ្មី​​ម្តងទៀត។ លោក​បាន​ចាកចេញ​ពី​គណបក្ស​ចាស់​របស់​លោក ហើយ​ទៅ​ចូល​រួម​ក្នុង​គណបក្ស​ថ្មី​មួយ ដែល​ទើប​នឹង​បង្កើត​ថ្មី ហើយ​ដែល​មាន​និន្នាការ​ប្រឆាំង​នឹង​ទាសភាព ​គឺ​គណបក្ស​សាធារណរដ្ឋ ហើយ​បាន​ឈរឈ្មោះ​ក្នុង​ការ​បោះឆ្នោត​ជ្រើសរើស​សមាជិក​ព្រឹទ្ធសភា​សហព័ន្ធ នៅ​ឆ្នាំ​១៨៥៨ ក៏ប៉ុន្តែ ត្រូវ​ទទួល​បរាជ័យ។
            ក៏ប៉ុន្តែ បើទោះជា​យ៉ាងនេះ​ក៏ដោយ ​លោក​អាប្រាហាំ លីនកុន នៅតែ​បន្ត​សកម្មភាព​ប្រឆាំង​នឹង​ទាសភាព តាមរយៈ​ការ​ធ្វើ​សេចក្តីថ្លែងការណ៍ សុន្ទរកថា និង​ការ​ចូលរួម​ក្នុងការ​ជជែក​តស៊ូ​មតិ​ជា​សាធារណៈ។ បន្តិចម្តងៗ កេរ្តិ៍​ឈ្មោះ​របស់​លោក​អាប្រាហាំ លីនកុន កាន់តែ​ល្បី​រន្ទឺ​ឡើង នៅ​ទូទាំង​សហរដ្ឋ​អាមេរិក គឺ​ល្បី​ទាំង​គោលគំនិត​ប្រឆាំង​នឹង​ទាសភាព ល្បី​ទាំង​ទេពកោសល្យ​ក្នុង​ការ​និយាយ។
            នៅ​ខែ​ឧសភា ឆ្នាំ​១៨៦០ លោក​អាប្រាហាំ លីនកុន ត្រូវ​បាន​គណបក្ស​សាធារណរដ្ឋ​ជ្រើសរើស​ជា​បេក្ខជន​ សម្រាប់​ការ​បោះឆ្នោត​ប្រធានាធិបតី។ ការ​បោះឆ្នោត ដែល​លោក​បាន​ទទួល​ជោគជ័យ​ ដោយ​យក​ឈ្នះ​បេក្ខជន​មក​ពី​គណបក្ស​ប្រជាធិបតេយ្យ។
            នៅថ្ងៃ​ទី៦ ខែ​វិច្ឆិកា ឆ្នាំ​១៨៦០ លោក​អាប្រាហាំ លីនកុន បាន​ជាប់ឆ្នោត​ជា​ប្រធានាធិបតី​ទី១៦ នៃ​សហរដ្ឋ​អាមេរិក និង​ជា​ប្រធានាធិបតី​ដំបូង​បង្អស់ ដែល​មក​ពី​គណបក្ស​សាធារណរដ្ឋ។ ក៏ប៉ុន្ត នៅ​មិនទាន់​បាន​ស្បថ​ចូល​កាន់តំណែង​ផង វិបត្តិ​នយោបាយ​និង​ធម្មនុញ្ញ​ដ៏​ធំ​មិន​ធ្លាប់មាន កំពុង​រង់ចាំ​លោក​អាប្រាហាំ លីនកុន​ រួចជាស្រេច។
            រដ្ឋ​ប៉ែក​ខាងត្បូង ដែល​សម្បូរ​ទាសករ បាន​នាំគ្នា​ប្រកាស​ផ្តាច់ខ្លួន​​​ម្តងមួយៗ ​ទៅ​បង្កើត​ជា​រដ្ឋ​សហព័ន្ធ​ថ្មី ដាច់ចេញ​ពី​សហរដ្ឋ​អាមេរិក។ ​នៅ​ខែ​មេសា ឆ្នាំ​១៨៦១ លោក​អាប្រាហាំ លីនកុន ដែល​ទើប​នឹង​ចូល​កាន់តំណែង​បាន​ត្រឹមតែ​មួយខែ ហើយ​ដែល​​​ពីមុន​មក​មិន​ធ្លាប់​មាន​បទពិសោធន៍​ក្នុង​អំណាច​នីតិប្រតិបត្តិ​ ទាល់តែ​សោះ​ ត្រូវប្រឈមមុខ​នឹង​សង្រ្គាម​ដ៏​ធំមួយ​​ក្នុង​ប្រវត្តិសាស្រ្ត​អាមេរិក គឺ​សង្រ្គាម​ស៊ីវិល​ រវាង​រដ្ឋ​អាមេរិក​គ្នាឯង។
            នៅ​ឆ្នាំ​១៨៦៣ នៅ​ក្នុងពេល​ដែល​សង្រ្គាម​ស៊ីវិល​កំពុង​ឆាបឆេះ​យ៉ាង​សន្ធោរសន្ធៅ លោក​អាប្រាហាំ លីនកុន បាន​ចេញក្រឹត្យ​មួយ ដោយ​សម្រេច​រំដោះ​ទាសករ​ទាំងអស់​ នៅ​ក្នុង​រដ្ឋ​ខាង​ត្បូង​ ឲ្យ​មាន​សេរីភាព។
            ការ​រំដោះ​ទាសករ​ត្រូវ​ធ្វើឡើង​តែ​នៅ​ក្នុង​រដ្ឋ​ខាង​ត្បូង ដោយសារ​តែ​​លោក​អាប្រាហាំ លីនកុន មិនចង់​​ប៉ះពាល់​ទៅដល់​រដ្ឋ​មួយ​ចំនួន ដែល​សម្បូរ​ទាសករ​ដែរ ក៏ប៉ុន្តែ នៅ​ស្មោះស្ម័គ្រ​ជាមួយ​នឹង​សហរដ្ឋ​អាមេរិក ហើយ​មិន​បាន​ផ្តាច់ខ្លួន​ទៅ​ចុះចូល​ជាមួយ​រដ្ឋ​ខាង​ត្បូង។
            ម្យ៉ាងទៀត លោក​អាប្រាហាំ លីនកុន បាន​ព្យាយាម​ពន្យល់​ដល់​បណ្តា​រដ្ឋ​ខាងជើង​ថា សេចក្តីសម្រេច​រំដោះទាសករ​នេះ គឺ​ធ្វើឡើងក្នុងគោលដៅ​ធ្វើ​យ៉ាងណា​ឲ្យ​បាន​ឈ្នះ​សង្រ្គាម​លើ​រដ្ឋ​ខាង​ត្បូង ពីព្រោះ​ថា នៅពេលនោះ សេដ្ឋកិច្ច​របស់​បណ្តា​រដ្ឋ​ខាង​ត្បូង​ពឹងផ្អែក​ខ្លាំង​ទៅលើ​កម្លាំង​ទាសករ។ ដូច្នេះ បើ​គ្មាន​ទាសករ សេដ្ឋកិច្ច និង​កម្លាំង​ទ័ព​​របស់​ពួកគេ​ប្រាកដ​ជា​នឹង​ត្រូវ​ធ្លាក់​ចុះ​ទន់ខ្សោយ។
            ក្រៅពីការ​សម្រេច​រំដោះទាសករ លោក​អាប្រាហាំ លីនកុន ក៏​បាន​អនុញ្ញាត​ផងដែរ​ឲ្យ​ជនជាតិ​អាមេរិក​ស្បែក​ខ្មៅ​អាច​ចូល​បម្រើ​ក្នុង​ ជួរ​កងទ័ព។ ប្រជាជន​ស្បែក​ខ្មៅ​ក៏​បាន​នាំគ្នា​ពពាក់ពពូន​ស្ម័គ្រចិត្ត​ចូល​បម្រើ​ក្នុង ​ជួរ​កងទ័ព​សហរដ្ឋ​អាមេរិក ដើម្បី​ប្រយុទ្ធ​តទល់​នឹង​រដ្ឋ​ខាង​ត្បូង ដោយ​ពួកគេ​​​យល់ថា​ នេះ​គឺ​​ជា​សង្រ្គាម ដើម្បី​រំដោះ​ជនជាតិ​ស្បែក​ខ្មៅ​ពី​ទាសភាព។

រូបសំណាក​លោក​អាប្រាហាម លីនកុន នៅ​ Lincoln Memorial (រដ្ឋធានីវ៉ាស៊ីងតោន)

            ចាប់ពី​ពាក់កណ្តាល​ឆ្នាំ​១៨៦៣ កងទ័ព​រដ្ឋ​ខាង​ជើង​បានយកជ័យជម្នះ​លើ​រដ្ឋ​ខាង​ត្បូង នៅ​តាម​សមរភូមិ​ធំៗ​ជាច្រើន។ នៅ​ក្នុង​អំឡុង​ពេលនោះ លោក​អាប្រាហាំ លីនកុន ចង់​ជំរុញ​ឲ្យ​ការ​លុបបំបាត់​ទាសភាព​ ដែល​គ្រាន់តែ​ជា​ក្រឹត្យ​របស់​ប្រធានាធិបតី ក្លាយ​ទៅជា​គោលការណ៍ ដែល​មាន​តម្លៃ​ជា​ច្បាប់​ធម្មនុញ្ញ។ លោក​ក៏​បាន​ជំរុញ​ឲ្យ​សភា​​អាមេរិក​រៀបចំ​ធ្វើ​ច្បាប់ ដើម្បី​បញ្ចូល​ការ​លុបបំបាត់​ទាសភាព ទៅ​ក្នុង​រដ្ឋធម្មនុញ្ញ។ ក៏ប៉ុន្តែ ការ​ប៉ុនប៉ង​អនុម័ត​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ​ត្រូវ​ទទួលបរាជ័យ​ជាច្រើន​លើក ដោយសារ​តែ​មាន​ការ​ជំទាស់​ពី​សំណាក់​គណបក្ស​ប្រជាធិបតេយ្យ។
            ការ​ធ្វើ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ ដើម្បី​លុបបំបាត់​ទាសភាព បាន​ក្លាយ​ជា​គោលនយោបាយ​ចម្បងមួយ​របស់​លោក​អាប្រាហាំ លីនកុន និង​គណបក្ស​សាធារណរដ្ឋ​ នៅ​ក្នុង​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​ប្រធានាធិបតី នៅ​ឆ្នាំ​១៨៦៤។ លោក​អាប្រាហាំ លីនកុន បាន​ជាប់ឆ្នោត​ជា​ប្រធានាធិបតី​ សម្រាប់​អាណត្តិ​ទី២ ហើយ​នៅ​ខែ​ធ្នូ ឆ្នាំ​១៨៦៤ ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ​ត្រូវ​បាន​សភា​សហព័ន្ធ​អនុម័ត រួចហើយ​បញ្ជូន​ទៅ​​ឲ្យ​សភា​នៃ​បណ្តា​រដ្ឋ​សមាជិក​ផ្តល់​សច្ចាប័ន។ វិសោធនកម្ម​នេះ​​បាន​ចូល​ជាធរមាន នៅ​ខែ​ធ្នូ ឆ្នាំ​១៨៦៥ ក្រោយ​ពី​ទទួល​សច្ចាប័ន​ពី​សំណាក់​រដ្ឋ​​ចំនួន ៣ភាគ៤។ ​ក៏ប៉ុន្តែ លោក​អាប្រាហាំ លីនកុន មិន​បាន​​ឃើញ​​ការ​​ចូល​ជាធរមាន​​នៃ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ​នេះ​ទេ។
            កាលពី​ថ្ងៃ​ទី១៤ ខែ​មេសា ឆ្នាំ​១៨៦៥ ប៉ុន្មាន​ថ្ងៃ​ក្រោយ​ពី​កងទ័ព​រដ្ឋ​ខាង​ត្បូង​ត្រូវ​ទទួលបរាជ័យ និង​ប្រកាស​ចុះចាញ់​សង្រ្គាម លោក​អាប្រាហាំ លីនកុន​ ត្រូវ​បាន​អ្នកគាំទ្រ​រដ្ឋខាងត្បូង​ម្នាក់​លប​ធ្វើ​ឃាត នៅ​ក្នុង​ពេល​ដែល​លោក​កំពុង​អង្គុយ​មើល​ល្ខោន នៅ​ក្នុង​រោងល្ខោន​មួយ ក្នុង​រដ្ឋធានី​វ៉ាស៊ីងតោន។
            លោក​អាប្រាហាំ លីនកុន បាន​ទទួល​មរណភាព ដោយ​បន្សល់​ទុក​នូវ​កេរ្តិ៍​ឈ្មោះ​ជា​ប្រធានាធិបតី ដែល​បានដឹកនាំ​សហរដ្ឋ​អាមេរិក​​ឆ្លងកាត់​សង្រ្គាម​ផ្ទៃក្នុង​​ហែកហួរ​គ្នា​​ មិនធ្លាប់មាន ក៏ប៉ុន្តែ រក្សា​បាន​នូវ​បូរណភាព​ទឹកដី និង​ការ​រួបរួម​​គ្នា​​ឡើងវិញ​នៃរដ្ឋ​សហព័ន្ធ។ ជា​ប្រធានាធិបតី ដែល​បាន​រំដោះ​ទាសករ​ស្បែក​ខ្មៅ​ឲ្យ​មាន​សេរីភាព ស្រប​ទៅតាម​សេចក្តីប្រកាស​ឯករាជ្យ​របស់​សហរដ្ឋ​អាមេរិក ដែល​ចែង​ថា មនុស្ស​កើតមក​​មាន​សិទ្ធិសេរីភាព​ស្មើៗ​គ្នា។ កាន់អំណាច​​ត្រឹមតែ​មួយ​អាណត្តិ ដែល​មាន ៤ឆ្នាំ ប៉ុន្តែ លោក​អាប្រាហាំ លីនកុន ត្រូវ​បាន​​អ្នកប្រវត្តិសាស្រ្ត​អាមេរិក​​ចាត់ទុក​ជា​ប្រធានាធិបតី​ដ៏​ល្អ​ បំផុត ដែល​អាមេរិក​មិន​ធ្លាប់មាន ចាប់តាំង​ពី​ទទួល​ឯករាជ្យ រហូតមកទល់​នឹង​ពេល​បច្ចុប្បន្ន៕