Labels

Albert Einstein Alexandre le Grand ISIS La Terreur Pearl Harbor Renaissance កំណែទម្រង់ប៉េរេស្ត្រយកា កំណែទម្រង់សេដ្ឋកិច្ចចិន កម្ពុជា កម្ពុជាក្រោម កម្លាំងទំនាញសកល ការចាប់ផ្ដើម ការប្រជែងផ្នែកអវកាស ការវិលត្រឡប់ទៅកាន់អំណាច កាលីលេ កូសាំងស៊ីន ក្រិក ក្រុមជីហាតរដ្ឋអ៊ីស្លាម ក្រុមភេរវជនអន្តរជាតិ ខ្សែបន្ទាត់ព្រំដែន គ្រាប់បែកនុយក្លេអ៊ែរ គ្រីស្តូហ្វកូឡុំ គ្រឹស្តសាសនា ចក្រភពម៉ុងហ្គោល ចក្រភពរ៉ូម ចក្រភពអារ៉ាប់ ចលនាតស៊ូប្រដាប់អាវុធកុម្មុយនិស្ត ចិន ច្បាប់នៃចលនា ឆេកូស្លូវ៉ាគី ជប៉ុន ជ័យជម្នះរបស់ក្រុមសម្ព័ន្ធមិត្ត ជិនហ្គីស ខាន់ ដែនដីអាណានិគម តេងស៊ាវពីង តេងស៊ាវភីង ទ្រឹស្តីតារាសាស្រ្ត ទ្រឹស្តីសាសនា បក្សកុម្មុយនិស្តចិន បដិវត្តន៍ បដិវត្តន៍កសិកម្ម បដិវត្តន៍រាជានិយម បដិវត្តន៍វប្បធម៌ បដិវត្តន៍អ៊ីរ៉ង់ បារាំង បិតាកំណែទម្រង់សេដ្ឋកិច្ចចិន ប៊ិនឡាដិន បុរេប្រវត្តិ ប្រធានាធិបតីអាមេរិក ប្រវត្តិសាស្រ្ត ប្លុកកុម្មុយនិស្ត ផលវិបាក ភេរវកម្ម១១កញ្ញា មជ្ឈិមបូព៌ា មហាអំណាចអាណានិគមអាស៊ី មហាអំណាចអឺរ៉ុប មូលហេតុ ម៉ៅសេទុង យុគខ្មៅងងឹត យុគនៃពន្លឺ រដ្ឋធម្មនុញ្ រុស្សី លេនីន វាំងននដែក វិទ្យាសាស្រ្ត វិបត្តិប៊ែរឡាំង វិបត្តិព្រែកជីកស៊ុយអេ វិបត្តិមីស៊ីលគុយបា វៀតណាមខាងត្បូង សង្គ្រាមលោកលើកទី១ សង្គ្រាមលោកលើកទី២ សង្រ្គាមកូរ៉េ សង្រ្គាមឈូងសមុទ្រពែក្ស សង្រ្គាមត្រជាក់ សង្រ្គាមវៀតណាម សង្រ្គាមស៊ីវិល សង្រ្គាមអាហ្វហ្កានីស្ថាន សង្រ្គាមអ៊ីរ៉ាក់ សង្រ្គាមឥណ្ឌូចិន សព្វាវុធនុយក្លេអ៊ែរ សហភាពសូវៀត សហរដ្ឋអាមេរិក សាសនាអ៊ីស្លាម ស្ថានភាពពិភពលោក ហ៊ីត្លែរ ហ្គ័របាឆូវ អង់គ្លេស អធិរាជណាប៉ូឡេអុង អរិយធម៌ដ៏ចំណាស់បំផុតរបស់មនុស្សជាតិ អរិយធម៌មេឌីទែរ៉ាណេ អរិយធម៌អាស៊ីអាគ្នេយ៍ អាញ់ស្តាញ់ អាណាចក្រខ្មែរ អាណានិគម អាណាព្យាបាលបារាំង អាប្រាហាំលីនកុន អាមេរិក អារ៉ាប់ អាល់កៃដា អាល់ប៊ែរ អាញ់ស្តាញ់ អាស៊ីប៉ាសីហ្វិក អ៊ីតាលី អ៊ីសាក់ញូតុន អ៊ីស្រាអែល អឺរ៉ុបខាងកើត អ៊ុយក្រែន ឧស្សាហកម្ម

សង្រ្គាមស៊ីវិលក្នុងសហរដ្ឋអាមេរិក (១៨៦១-១៨៦៥)

          នៅ​ក្នុង​សតវត្សរ៍​ទី​១៨ នៅ​ក្នុង​ពេល​ដែល​អឺរ៉ុប​កំពុង​វក់វី​នឹង​សង្រ្គាម​ជាមួយ​នឹង​អធិរាជ​ ណាប៉ូឡេអុង នៅ​ឯ​ត្រើយ​ម្ខាងទៀត​នៃ​មហាសមុទ្រ​អាត្លង់ទិក សហរដ្ឋ​​អាមេរិក​ ដែល​បាន​ឈ្នះ​សង្រ្គាម​ទាមទារ​​​ឯករាជ្យ​ពី​អង់គ្លេស កាល​ពី​ឆ្នាំ​១៧៨៣ បាន​​ស្គាល់​នូវ​ភាព​រីកចម្រើន​​​ទាំង​ផ្នែក​សេដ្ឋកិច្ច និង​ទាំង​ការ​ពង្រីក​ទឹកដី។
         នៅ​ឆ្នាំ១៨០៣ សហរដ្ឋ​អាមេរិក​បាន​ទិញ​ដែនដី Louisiane ពី​ណាប៉ូឡេអុង ក្នុង​តម្លៃ​ប្រមាណ​ជា ១៥លាន​ដុល្លារ (ប្រហែល ២៣៤លាន​ដុល្លារ បើ​គិត​តាម​តម្លៃ​លុយ​បច្ចុប្បន្ន)។ សព្វថ្ងៃ​នេះ សហរដ្ឋ​អាមេរិក​មាន​រដ្ឋមួយ នៅ​ប៉ែក​ខាង​ត្បូង ជាប់​នឹង​ឈូង​សមុទ្រ​ម៉ិចស៊ិក ឈ្មោះ​ថា Louisiana។ ក៏ប៉ុន្តែ ទឹកដី​ Louisiane ដែល​អាមេរិក​ទិញ​ពី​ណាប៉ូឡេអុង មិនមែន​មាន​ព្រំដែន​ត្រឹម​រដ្ឋ​ Louisiana បច្ចុប្បន្ន​នេះ​ទេ តែ​ជា​ដែនដី ដែល​មាន​ទំហំ​រហូត​ដល់​ទៅ​ជាង ២លាន​គីឡូម៉ែត្រ​ក្រឡា លាតសន្ធឹង​ស្ទើរតែ​ពេញ​មួយ​ផ្នែក​កណ្តាល​នៃ​សហរដ្ឋ​អាមេរិក ចាប់​តាំង​ពី​ឈូងសមុទ្រ​ម៉ិចស៊ិក នៅ​ប៉ែក​ខាង​ត្បូង រហូត​ទៅដល់​កាណាដា នៅ​ប៉ែក​ខាង​​ជើង។ បើ​គិត​តាម​ភូមិសាស្រ្ត​រដ្ឋបាល​បច្ចុប្បន្ន អតីត​ដែនដី Louisiane របស់​បារាំង គ្របដណ្តប់​ទៅលើ​រដ្ឋ​ចំនួន ៦ ព្រមទាំង​ផ្នែក​ខ្លះ​នៃ​រដ្ឋ​ចំនួន ៩​ផ្សេងទៀត។
            ក្រៅពី​ការ​ទិញ​ទឹកដី Louisiane ពី​បារាំង អាមេរិក​បាន​ពង្រីក​ទឹកដី​របស់​ខ្លួន តាមរយៈ​ការ​​ចាប់​ដី​ថ្មី និង​ការ​ធ្វើ​សង្រ្គាម​ដណ្តើម​ដែនដី​អាណានិគម ពី​អង់គ្លេស និង​អេស្ប៉ាញ។ គិត​ត្រឹម​ពាក់​កណ្តាល​សតវត្សរ៍​ទី១៩ ទឹកដី​​អាមេរិក ដែល​ពី​ដំបូង​ មាន​ចំនួន​តែ ១៣រដ្ឋ បាន​កើនឡើង​រហូត​ដល់​ទៅ ៣៤រដ្ឋ។
            ក្រៅ​ពី​បាន​ពង្រីក​ទឹកដី សេដ្ឋកិច្ច​របស់​សហរដ្ឋ​អាមេរិក​ក៏​បាន​ស្គាល់​នូវ​ការ​រីកចម្រើន​យ៉ាង​ ខ្លាំង​ក្លា​មិន​ធ្លាប់​មាន​ផងដែរ ជាពិសេស គឺ​ដោយសារ​​បដិវត្តន៍​ឧស្សាហកម្ម​ដែល​​បាន​រីកសាយភាយ​ចេញ​ពី​​​អង់គ្លេស។ ក៏ប៉ុន្តែ ក្នុង​ពេល​ជាមួយគ្នានោះ មូលដ្ឋាន​គ្រឹះ​នៃ​សេដ្ឋកិច្ច​អាមេរិក​ត្រូវ​បែងចែក​ជាពីរ​ដាច់​ពី​គ្នា​ ស្រឡះ រវាង​រដ្ឋ​នៅ​ប៉ែក​ខាងជើង និង​រដ្ឋ​នៅ​ប៉ែក​ខាង​ត្បូង។
            តំបន់​នៅ​ប៉ែក​ខាង​ជើង​មាន​មូលដ្ឋាន​​សេដ្ឋកិច្ច​​​​ចាក់គ្រឹះ​យ៉ាងរឹងមាំ ក្នុង​វិស័យ​ឧស្សាហកម្ម។ ចំណែក​រដ្ឋ​នៅ​ប៉ែក​ខាង​ត្បូង​វិញ ពឹងផ្អែក​លើ​វិស័យកសិកម្ម ជាពិសេស គឺ​ការ​ដាំ​ដំណាំ​កប្បាស និង​ថ្នាំជក់ ដែល​ជាការ​ធ្វើ​កសិកម្ម​ដោយ​ពឹង​ផ្អែក​ខ្លាំង​ទៅលើ​កម្លាំង​ពលកម្ម​របស់​ ទាសករ​ស្បែក​ខ្មៅ។
            បញ្ហា​ទាសករ​នេះ​ហើយ​ ដែល​ជា​បញ្ហា​ចម្រូងចម្រាស ដែល​បណ្តាល​ឲ្យ​មាន​ការ​ប្រឈមមុខ​ដាក់គ្នា រវាង​រដ្ឋ​នៅ​ខាងជើង និង​រដ្ឋ​នៅ​ខាង​ត្បូង។ បណ្តា​រដ្ឋ​នៅ​ប៉ែក​ខាង​ជើង ទាមទារ​ឲ្យ​​លុបបំបាត់​ទាសភាព នៅ​ទូទាំង​សហរដ្ឋ​អាមេរិក។ ចំណែក​រដ្ឋ​នៅ​ប៉ែក​ខាង​ត្បូង​វិញ ជំទាស់​ដាច់ខាត​មិន​ឲ្យ​មាន​ការ​លុបបំបាត់​ទាសភាព។ សម្រាប់​រដ្ឋ​នៅ​ប៉ែក​ខាង​ត្បូង ទាសករ គឺ​ជា​ធនធាន​សេដ្ឋកិច្ច​ដ៏​ចម្បង​បំផុត​មួយ។ ក្រៅ​ពី​​ការ​ប្រើ​កម្លាំង​ទាសករ ដើម្បី​ធ្វើការ​ក្នុង​ចម្កា​កប្បាស ឬ​ថ្នាំជក់ ការ​ទិញដូរ​ទាសករ​ក៏​ជា​មុខ​ជំនួញ​​​ដ៏​ធំ​មួយ​ដែរ សម្រាប់​​ប្រជាជន​ដែល​រស់​នៅ​ខាង​ត្បូង​សហរដ្ឋ​អាមេរិក។
            នៅ​អំឡុង​ឆ្នាំ​១៨៥០ ជម្លោះ​រវាង​អ្នក​គាំទ្រ និង​អ្នក​ប្រឆាំង​នឹង​ការ​លុបបំបាត់​ទាសភាព បាន​កើតមាន​​កាន់តែ​ខ្លាំង​ឡើងៗ រហូត​​បង្កទៅជា​អំពើ​ហិង្សា ហើយ​ជម្លោះ​នេះ​បាន​​ឈាន​ដល់​​ចំណុច​របត់​ដ៏សំខាន់​មួយ ដែល​មិន​អាច​ស្តារ​ឡើងវិញ​បាន នៅ​ក្រោយ​​ការជាប់​ឆ្នោត​របស់​លោក​ប្រធានាធិបតី អាប្រាហាំ លីនកុន (Abraham Lincoln) ដែល​មាន​និន្នាការ​ប្រឆាំង​នឹង​​ទាសភាព។
 
 
លោក​អាប្រាហាំ លីនកុន (Abraham Lincoln) ប្រធានាធិបតី​អាមេរិក ក្នុង​សម័យសង្រ្គាម​ស៊ីវិល
            
            លោក​អាប្រាហាំ លីនកុន សមាជិក​គណបក្ស​សាធារណរដ្ឋ​ មក​ពី​រដ្ឋ​ Ilinois បាន​ជាប់ឆ្នោត​ជា​ប្រធានាធិបតី​ទី១៦ នៃ​សហរដ្ឋ​អាមេរិក នៅ​ខែ​វិច្ឆិកា ឆ្នាំ​១៨៦០។ នៅ​ខែ​ធ្នូ នៅពេល​ដែល​លោក​អាប្រាហាំ លីនកុន មិនទាន់​បាន​ស្បថ​ចូល​កាន់​តំណែង​ផងនោះ បណ្តា​រដ្ឋ​​ដែល​​នៅ​ប៉ែក​ខាង​ត្បូង ដែលសម្បូរ​ទាសករ ក៏​បាន​នាំគ្នា​ប្រកាស​ផ្តាច់ខ្លួន​ម្តងមួយៗ ចេញ​ពី​សហរដ្ឋ​អាមេរិក។ គិត​ត្រឹម​ពេល​លោក​អាប្រាហាំ លីនកុន ស្បថ​ចូល​កាន់​តំណែង នៅ​​ខែ​មីនា ឆ្នាំ​១៨៦១ រដ្ឋ​ចំនួន ៧ រួមមាន South Carolina, Mississippi, Florida, Alabama, Georgia, Louisiana និង Texas បាន​ផ្តាច់​ខ្លួន​ទៅ​បង្កើត​ជា​រដ្ឋ​សហព័ន្ធ​ថ្មី ដោយ​ដាក់​ឈ្មោះ​ថា « The Confederate States of America »
            ក្រោយ​ពី​បាន​ផ្តាច់​ខ្លួន​ចេញ​ពី​សហរដ្ឋ​អាមេរិក រដ្ឋ​នៅ​ប៉ែក​ខាង​ត្បូង​បាន​ធ្វើ​ការ​រឹបអូស​រាល់​​ទ្រព្យ​​សម្បត្តិ​របស់​ រដ្ឋាភិបាល​សហព័ន្ធ​អាមេរិក ដែល​ស្ថិត​នៅលើ​ទឹកដី​របស់​ពួកគេ។ លើស​ពីនេះ​ទៅទៀត ពួកគេ​បាន​ទាមទារ​ឲ្យ​រដ្ឋាភិបាល​សហព័ន្ធ​អាមេរិក​ដក​ទាហាន​ចេញ​មូលដ្ឋាន​ ទ័ពមួយ​កន្លែង ឈ្មោះ « Fort Sumter » ដែល​ស្ថិត​នៅ​ក្នុង​រង្វង់​ដែនដី​របស់​រដ្ឋ​ South Carolina។ នៅ​ព្រឹកព្រលឹម​១២​ខែ​មេសា ឆ្នាំ​១៨៦១ ក្រោយ​ពី​រដ្ឋាភិបាល​របស់​លោក​អាប្រាហាំ លីនកុន បដិសេធ​មិន​ដកទ័ព កងទ័ព​របស់​រដ្ឋ​ផ្តាច់ខ្លួន​ក៏​បាន​បើក​ការ​វាយប្រហារ​ទៅលើ​ Fort Sumter
            ក្រោយ​ពី​ទទួលរង​ការ​វាយប្រហារ​ នៅ Fort Sumter លោក​អាប្រាហាំ លីនកុន ក៏​បាន​កេណ្ឌ​កងទ័ព ដើម្បី​ត្រៀម​បើក​ការ​វាយប្រហារ​ទៅលើ​​កងទ័ព​របស់​រដ្ឋ​ប៉ែក​ខាង​ត្បូង ដែល​លោក​ចាត់ទុក​ថា​ជា​ក្រុម​ឧទ្ទាម។ ការ​កេណ្ឌ​កម្លាំង​ទ័ព​នេះ​បាន​ធ្វើ​ឲ្យ​រដ្ឋ​ ចំនួន​៤​​ទៀត គឺ​រដ្ឋ Virginia, Arkansas, North Carolina និង Tennessee ប្រកាស​ផ្តាច់​ខ្លួន​​ទៅ​ចូល​រួម​ជាមួយ​​នឹង​សហព័ន្ធ​នៃ​រដ្ឋ​ប៉ែក​ខាង​ ត្បូងដែរ។
 
ទង់ជាតិ​អាមេរិក​នៅ Fort Sumter ទីតាំង​​ដែល​ចាប់ផ្ទុះ​អាវុធ​ក្នុង​សង្រ្គាម​ស៊ីវិល

         សង្រ្គាម​ស៊ីវិល​​អាមេរិក​ក៏​ចាប់ផ្ទុះឡើង រវាង​រដ្ឋ​ប៉ែក​ខាង​ជើង (២៣រដ្ឋ) ដែល​មាន​ប្រជាជន​សរុប​ប្រមាណ​ជាង ២០លាន​នាក់ មាន​កងទ័ព​ប្រមាណ ២លាន​នាក់ ហើយ​មាន​ឧស្សាហកម្ម​ជឿនលឿន និង​ហេដ្ឋារចនាសម្ព័ន្ធ​ទំនើបៗ ទល់​នឹង​រដ្ឋ​ប៉ែក​ខាង​ត្បូង (១១រដ្ឋ) ដែល​មាន​ប្រជាជន​តែ​ប្រមាណ​ជា ៩លាន​នាក់ កងទ័ព​តែ​ជាង ១លាននាក់ ក៏ប៉ុន្តែ សម្បូរ​មេទ័ព​ដែល​ពូកែ​ខាង​សឹកសង្រ្គាម។
            នៅ​ឆ្នាំ​១៨៦៣ នៅ​ក្នុង​ពេល​ដែល​សង្រ្គាម​ស៊ីវិល​កំពុង​ឆាបឆេះ​ពេញ​បន្ទុក លោក​អាប្រាហាំ លីនកុន បាន​ចេញ​ក្រឹត្យ​មួយ​ ដោយ​សម្រេច​រំដោះទាសករ​ទាំង​ប្រមាណ​​ជាង ៣លាននាក់ នៅ​ក្នុង​រដ្ឋ​ប៉ែក​ខាង​ត្បូង​ឲ្យ​មាន​សេរីភាព​ពេញលេញ។ តាមរយៈ​សេចក្តីសម្រេច​នេះ លោក​អាប្រាហាំ លីនកុន បាន​ទាក់ទាញ​នូវ​ការ​គាំទ្រ​​យ៉ាងខ្លាំង ពី​សំណាក់​ប្រជាជន​អាមេរិក​ស្បែក​ខ្មៅ ដែល​បាន​នាំគ្នា​ស្ម័គ្រចិត្ត​​​ចូល​បម្រើ​ក្នុង​ជួរកងទ័ព​ ដើម្បី​ប្រយុទ្ធ​តទល់​នឹង​រដ្ឋ​ប៉ែក​ខាង​ត្បូង។ កងទ័ព​សហរដ្ឋ​អាមេរិក ដែល​មាន​ចំនួន​ច្រើន​លើសលុប​ស្រាប់ ក៏​កាន់តែ​កើនចំនួន​ថែម​ទៀត។ ចំណែក​ឯ​រដ្ឋ​ប៉ែក​ខាង​ត្បូង​វិញ ការ​រំដោះ​ទាសករ​បាន​ធ្វើ​​ឲ្យ​​បាត់បង់​នូវ​កម្លាំង​ពលកម្ម​ ដែល​ជា​មូលដ្ឋាន​គ្រឹះ​នៃ​សេដ្ឋកិច្ច​របស់​ពួកគេ។
            គិតត្រឹម​ឆ្នាំ​១៨៦៤ កងទ័ព​នៃ​រដ្ឋ​ខាងជើង​​មាន​ប្រៀប​កាន់តែ​ខ្លាំង​លើ​រដ្ឋ​ខាង​ត្បូង។ នៅថ្ងៃទី៩ ​ខែ​មេសា ឆ្នាំ​១៨៦៥ កងទ័ព​នៃ​រដ្ឋ​សហព័ន្ធ​ខាង​ត្បូង​បាន​ប្រកាស​សុំ​ចុះចាញ់ ក៏ប៉ុន្តែ ៥ថ្ងៃ​ក្រោយមក លោក​អាប្រាហាំ លីនកុន ត្រូវ​បាន​អ្នកគាំទ្រ​រដ្ឋ​ប៉ែក​ខាង​ត្បូង​​មួយ​រូប បាញ់​សម្លាប់ នៅពេល​លោក​កំពុង​អង្គុយ​មើល​ល្ខោន នៅ​ក្នុង​រដ្ឋធានី​វ៉ាស៊ីងតោន។
            ក៏ប៉ុន្តែ បើទោះបី​ជា​លោក​អាប្រាហាំ​ លីនកុន ត្រូវ​បាន​គេ​ធ្វើ​ឃាត​​ហើយ​ក៏ដោយ មេដឹកនាំ​រដ្ឋ​ប៉ែក​ខាង​ត្បូង​នៅតែ​សុខចិត្ត​​​ប្រកាស​ចុះចាញ់​សង្រ្គាម​ ជាផ្លូវការ។ សង្រ្គាម​ស៊ីវិល​អាមេរិក ដែល​បាន​អូសបន្លាយ​ពេល​ជាង ៤ឆ្នាំ ​ត្រូវ​បិទបញ្ចប់ ហើយ​រដ្ឋ​ខាង​ជើង និង​ខាង​ត្បូង​ក៏​បាន​រួមគ្នា​ជា​រដ្ឋ​សហព័ន្ធ​តែ​មួយ​ដូច​ពី​មុនវិញ។ គិត​ជា​សរុប ​ប្រជាជន​អាមេរិក​ ទាំង​នៅ​រដ្ឋ​ខាង​ត្បូង និង​រដ្ឋ​ខាង​ជើង ជាង ១លាននាក់ ត្រូវ​បាត់បង់​ជីវិត ពោលគឺ ប្រមាណ​ជា ៣% នៃ​ប្រជាជន​សរុប​នៅ​សហរដ្ឋ​អាមេរិក នៅ​ពេលនោះ៕