Labels

Albert Einstein Alexandre le Grand ISIS La Terreur Pearl Harbor Renaissance កំណែទម្រង់ប៉េរេស្ត្រយកា កំណែទម្រង់សេដ្ឋកិច្ចចិន កម្ពុជា កម្ពុជាក្រោម កម្លាំងទំនាញសកល ការចាប់ផ្ដើម ការប្រជែងផ្នែកអវកាស ការវិលត្រឡប់ទៅកាន់អំណាច កាលីលេ កូសាំងស៊ីន ក្រិក ក្រុមជីហាតរដ្ឋអ៊ីស្លាម ក្រុមភេរវជនអន្តរជាតិ ខ្សែបន្ទាត់ព្រំដែន គ្រាប់បែកនុយក្លេអ៊ែរ គ្រីស្តូហ្វកូឡុំ គ្រឹស្តសាសនា ចក្រភពម៉ុងហ្គោល ចក្រភពរ៉ូម ចក្រភពអារ៉ាប់ ចលនាតស៊ូប្រដាប់អាវុធកុម្មុយនិស្ត ចិន ច្បាប់នៃចលនា ឆេកូស្លូវ៉ាគី ជប៉ុន ជ័យជម្នះរបស់ក្រុមសម្ព័ន្ធមិត្ត ជិនហ្គីស ខាន់ ដែនដីអាណានិគម តេងស៊ាវពីង តេងស៊ាវភីង ទ្រឹស្តីតារាសាស្រ្ត ទ្រឹស្តីសាសនា បក្សកុម្មុយនិស្តចិន បដិវត្តន៍ បដិវត្តន៍កសិកម្ម បដិវត្តន៍រាជានិយម បដិវត្តន៍វប្បធម៌ បដិវត្តន៍អ៊ីរ៉ង់ បារាំង បិតាកំណែទម្រង់សេដ្ឋកិច្ចចិន ប៊ិនឡាដិន បុរេប្រវត្តិ ប្រធានាធិបតីអាមេរិក ប្រវត្តិសាស្រ្ត ប្លុកកុម្មុយនិស្ត ផលវិបាក ភេរវកម្ម១១កញ្ញា មជ្ឈិមបូព៌ា មហាអំណាចអាណានិគមអាស៊ី មហាអំណាចអឺរ៉ុប មូលហេតុ ម៉ៅសេទុង យុគខ្មៅងងឹត យុគនៃពន្លឺ រដ្ឋធម្មនុញ្ រុស្សី លេនីន វាំងននដែក វិទ្យាសាស្រ្ត វិបត្តិប៊ែរឡាំង វិបត្តិព្រែកជីកស៊ុយអេ វិបត្តិមីស៊ីលគុយបា វៀតណាមខាងត្បូង សង្គ្រាមលោកលើកទី១ សង្គ្រាមលោកលើកទី២ សង្រ្គាមកូរ៉េ សង្រ្គាមឈូងសមុទ្រពែក្ស សង្រ្គាមត្រជាក់ សង្រ្គាមវៀតណាម សង្រ្គាមស៊ីវិល សង្រ្គាមអាហ្វហ្កានីស្ថាន សង្រ្គាមអ៊ីរ៉ាក់ សង្រ្គាមឥណ្ឌូចិន សព្វាវុធនុយក្លេអ៊ែរ សហភាពសូវៀត សហរដ្ឋអាមេរិក សាសនាអ៊ីស្លាម ស្ថានភាពពិភពលោក ហ៊ីត្លែរ ហ្គ័របាឆូវ អង់គ្លេស អធិរាជណាប៉ូឡេអុង អរិយធម៌ដ៏ចំណាស់បំផុតរបស់មនុស្សជាតិ អរិយធម៌មេឌីទែរ៉ាណេ អរិយធម៌អាស៊ីអាគ្នេយ៍ អាញ់ស្តាញ់ អាណាចក្រខ្មែរ អាណានិគម អាណាព្យាបាលបារាំង អាប្រាហាំលីនកុន អាមេរិក អារ៉ាប់ អាល់កៃដា អាល់ប៊ែរ អាញ់ស្តាញ់ អាស៊ីប៉ាសីហ្វិក អ៊ីតាលី អ៊ីសាក់ញូតុន អ៊ីស្រាអែល អឺរ៉ុបខាងកើត អ៊ុយក្រែន ឧស្សាហកម្ម

ចក្រភពម៉ុងហ្គោល

          ចក្រភព​ម៉ុងហ្គោល​ក្រោម​អធិរាជ​ជិនហ្គីស ខាន់ឆ្នាំ​១១៦២ (ឯកសារ​ខ្លះ​ថា ឆ្នាំ​១១៥៥) នៅ​តំបន់​ភ្នំ នៃ​ដែនដី​ម៉ុងហ្គោល ទារក​មួយ​បាន​ចាប់កំណើត​ឡើង។ ទារក ដែល​​ពេល​ធំដឹងក្តីឡើង ក្លាយទៅជា​មេទ័ព និង​អធិរាជ​ដ៏​ល្បីល្បាញ​បំផុត​មួយ នៅ​ក្នុង​ប្រវត្តិសាស្រ្ត​ពិភពលោក គឺ​ជិនហ្គីស ខាន់។
         នៅ​ពេល​ដែល​ជិនហ្គីស ខាន់ ចាប់កំណើត និង​ធំដឹងក្តី ម៉ុងហ្គោល​នៅមិនទាន់​ក្លាយ​ជា​ប្រជាជាតិ​រួបរួមគ្នា​មួយ​នៅឡើយទេ។ ប្រជាជន​ម៉ុងហ្គោល​រស់នៅ​​​ជា​ក្រុមកុលសម្ព័ន្ធ ដែល​រស់នៅ​ដាច់ៗ​ពីគ្នា​ ហើយ​ពេល​ខ្លះ​ធ្វើ​សង្រ្គាម​​រវាង​គ្នា​ឯង​ទៀតផង។ ចាប់តាំង​ពី​សតវត្សរ៍​ទី៧ ម៉ុងហ្គោល​ត្រូវ​ស្ថិត​ក្រោម​ការ​គ្រប់គ្រង​របស់​ចិន ក្រោម​រាជវង្ស​ថាង និង​បន្ទាប់​មកទៀត​ ក្រោម​ការ​គ្រប់គ្រង​របស់​រាជវង្ស​លៀវ (Liao)
         ជិនហ្គីស ខាន់ ដែល​​​ឈ្មោះ​កំណើត​ថា តេមូឈីន (Temutchin) គឺ​ជា​កូនប្រុស​របស់​មេក្រុម​កុលសម្ព័ន្ធ​មួយ​ ក្នុង​ចំណោម​កុលសម្ព័ន្ធ​ជាច្រើន​របស់​ម៉ុងហ្គោល។ នៅ​ពេល​ដែល​តេមូឈីន នៅ​ជា​ក្មេងប្រុស​ម្នាក់​នៅឡើយ ឪពុក​របស់​តេមូឈីន​ត្រូវ​ស្លាប់​ដោយ​ថ្នាំបំពុល​របស់​កុលសម្ព័ន្ធ ដែល​ជា​គូសត្រូវ ហើយ​តេមូឈីន ក៏​ឡើង​កាន់តំណែង​ជា​មេក្រុម​កុលសម្ព័ន្ធ​ជំនួស​ឪពុក។ កុលសម្ព័ន្ធ​​ដែល​កេរមរតក​ពី​ឪពុក​របស់តេមូឈីន គ្រាន់តែ​​ជា​កុលសម្ព័ន្ធ​តូច​ និង​ទន់ខ្សោយ​មួយប៉ុណ្ណោះ។ ក៏ប៉ុន្តែ ក្រោយ​មក​ តេមូឈីន​បាន​ពង្រីក​កម្លាំងក្រុម​សម្ព័ន្ធ​របស់​ខ្លួន តាមរយៈ​ការចង​សម្ព័ន្ធមិត្ត​ និង​តាមរយៈ​ការ​ធ្វើ​សង្រ្គាម​ដណ្តើម​កាន់កាប់​កុលសម្ព័ន្ធ​ផ្សេង​ទៀត។ នៅ​ឆ្នាំ​១២០៦ តេមូឈីន ដែល​មាន​វ័យ​ ៤៤ឆ្នាំ បាន​ក្លាយ​ទៅ​​ជា​មេដឹកនាំ​ម៉ុងហ្គោល ដែល​រួបរួមគ្នា​ជា​ប្រជាជាតិ​តែមួយ គឺ​ចក្រភព​ម៉ុងហ្គោល។ តេមូឈីន ត្រូវ​បាន​គេ​ផ្តល់​ងារ​ថ្មី​មួយ គឺ​ ជិនហ្គីស ខាន់ (មានន័យថា​តាម​ភាសា​ម៉ុងហ្គោល​ថា ស្តេច​ចក្រវាល)។
            ក្រោយ​ពី​បាន​បង្រួបបង្រួម​កុលសម្ព័ន្ធម៉ុងហ្គោល បង្កើត​ទៅជា​ប្រទេស​រួបរួមគ្នា​មួយ​ហើយ ជិនហ្គីស ខាន់ ត្រូវ​ប្រឈមមុខ​នឹង​សត្រូវ​ដ៏​ធំមួយ​ទៀត គឺ​ចិន ដែល​ស្ថិត​នៅ​ប៉ែក​ខាង​ត្បូង​ម៉ុងហ្គោល។ ជិនហ្គីស ខាន់​ ដឹងខ្លួន​ថា ចិន​ដែល​ធ្លាប់តែ​ត្រួតត្រា​ម៉ុងហ្គោល​រាប់សតវត្សរ៍​កន្លងមក​នោះ ប្រាកដ​ជា​នឹង​មិន​ទុកបណ្តោយ​ឲ្យ​ម៉ុងហ្គោល​នៅជា​ប្រទេស​ឯករាជ​ មាន​មេដឹកនាំ និង​កងទ័ព​ខ្លាំង​ពូកែ​ នៅ​ជាប់នឹង​ព្រំដែន​របស់​ខ្លួន​នោះទេ។ ឆ្លៀត​ក្នុង​ពេលដែល​ចិន​កំពុង​​ធ្លាក់ចុះ​ទន់ខ្សោយ ដោយ​មាន​ការ​បែកបាក់​ផ្ទៃក្នុង ជិនហ្គីស ខាន់ ក៏​បាន​សម្រេច​ធ្វើការ​វាយលុក​ទៅលើ​ចិន​មុន។ នៅ​ពេលនោះ ប្រទេស​ចិន​ត្រូវ​បាន​បែងចែក​ជា​ច្រើន​ចំណែក ដោយ​មាន​នគរ​ធំៗ​បី គឺ​នគរ​លៀវ (Liao) នៅ​ប៉ែក​ខាង​ជើង នគរ​សៀ (Xia) នៅ​ខាងលិច និង​នគរ​សុង (Song) នៅ​​​ប៉ែក​ខាង​ត្បូង។ ជិនហ្គីស ខាន់ បាន​នាំទ័ព​ម៉ុងហ្គោល​ប្រមាណ​ជា ៥ម៉ឺននាក់ ឆ្លងព្រំដែនសំដៅ​ទៅ​វាយលុក​ចូល​ក្នុង​នគរ​លៀវ គឺ​ដែនដី​ចិន​ប៉ែក​ខាង​ជើង។ ពេល​ចូល​ទៅដល់​ចិន​កងទ័ព​ម៉ុងហ្គោល​ត្រូវ​ប្រឈមមុខ​នឹង​ឧបសគ្គ​ដ៏ធំមួយ គឺ​មហាកំផែង​របស់​ចិន។ ក៏ប៉ុន្តែ ដើម្បី​ឆ្លងកាត់​មហាកំផែង​ដ៏ធំមហិមា​​នេះ កងទ័ព​របស់​ ជិនហ្គីស ខាន់ បាន​រកឃើញ​វិធី​ដ៏សាមញ្ញ​បំផុត​មួយ គឺ​ដើរវាង មហាកំផែង។
 
រូបគំនូរ​របស់​អធិរាជ​ម៉ុងហ្គោល ជិនហ្គីស ខាន់ ដែល​គូរ​ក្នុង​អំឡុង​សតវត្សរ៍​ទី១៤
 
            កងទ័ព​របស់ ជិនហ្គីស ខាន់ ​បាន​ធ្វើ​ដំណើរ​ទៅដល់​​រាជធានីនៃនគរចិន​ខាងជើង ដែល​មាន​ទីតាំង​នៅ​ម្តុំ​ទីក្រុង​ប៉េកាំង​បច្ចុប្បន្ន។ ក៏ប៉ុន្តែ ជាថ្មីម្តងទៀត កងទ័ព​ម៉ុងហ្គោល​ត្រូវ​ប្រឈមមុខនឹង​កំផែង​ក្រុង​ ដែល​មាន​កំពស់​១២ម៉ែត្រ ​ប្រវែង ៣០គីឡូម៉ែត្រ ហើយ​ការពារ​ដោយ​ប៉មយាម​ប្រមាណ​ជា ៩០០រយ។ ខុសពី​មហាកំផែង ដែល​មាន​ផ្លូវ​អាច​ដើរវាងបាន កងទ័ព​របស់​ជិនហ្គីស ខាន់ ចាំបាច់​ត្រូវ​តែ​ឆ្លងកាត់​កំផែងក្រុង​ប៉េកាំង​ដោយ​ការប្រយុទ្ធ។ ក៏ប៉ុន្តែ ជិនហ្គីស ខាន់​ មិនបាន​បើក​ការ​វាយប្រហារ​ទៅលើ​កំផែង​ក្រុង​ប៉េកាំង​ភ្លាមៗ​ទេ។ ផ្ទុយទៅវិញ កងទ័ព​ម៉ុងហ្គោល​បាន​ធ្វើ​ការ​ឡោមព័ទ្ធ​ ដើម្បី​កាត់ផ្តាច់​ការ​ផ្លូវ​នាំស្បៀង​ចូល​ក្នុង​ក្រុង ហើយ​ក្នុង​ពេល​ជាមួយគ្នា ពួកគេ​បាន​សាងសង់​ឧបករណ៍​សង្រ្គាម​ធុនធ្ងន់ ដើម្បី​ត្រៀម​វាយទម្លុះ​កំផែងក្រុង។ នៅ​ក្នុង​ទីក្រុង​ប្រជាជន និង​កងទ័ព​ចិន​​ដាច់ស្បៀង ហើយ​ខ្លះ​ត្រូវ​ស្លាប់​ដោយ​ការអត់ឃ្លាន។ ចំណែក​នៅ​ខាង​ក្រៅក្រុង​វិញ ទាហាន​ម៉ុងហ្គោល​មាន​ស្បៀង​ហូរហៀរ​ឥតខ្វះ ដោយសារការ​ស្ទាក់​ចាប់​ស្បៀង ដែល​​​ចិន​នាំចូល​ក្នុង​រាជធានី។
            នៅឆ្នាំ​១២១៥ កងទ័ព​របស់​ជិនហ្គីស ខាន់ ក៏បើក​ប្រតិបត្តិការ​​វាយលុក​​ទៅលើ​រាជធានី​ប៉េកាំង។ ក្រោយ​ពី​ដណ្តើម​កាន់កាប់​ទីក្រុង​បាន​ហើយ កងទ័ព​ម៉ុងហ្គោល​បាន​ដុតកម្ទេច​ផ្ទះសម្បែង និង​សម្លាប់រង្គាល​ប្រជាជនស្ទើរតែ​អស់​គ្មាន​សល់។ ដែនដី​ចិន​ខាង​ជើង​ក៏​ត្រូវ​ធ្លាក់​ក្រោម​ការ​ត្រួតត្រា​របស់​​ចក្រភព​ ម៉ុងហ្គោល។ បន្ទាប់​ពី​វាយដណ្តើម​កាន់កាប់​ចិនខាងជើងបានហើយ ជិនហ្គីស ខាន់ បាន​ងាកទៅ​សំឡឹង​ទៅទិស​ខាងលិច​វិញ​ម្តង គឺ​ចក្រភព​ពែរស៍។ ក៏ប៉ុន្តែ ជាមួយ​ពួក​ពែរស៍ ជិនហ្គីស ខាន់ មិនមាន​បំណង​ចង់​ធ្វើ​សង្រ្គាម​នោះទេ តែ​ចង់​ធ្វើ​ជំនួញ។ ជិនហ្គីស ខាន់​ ក៏បាន​បញ្ជូន​មន្រ្តី​ទូត​របស់​ខ្លួន​ឲ្យ​ទៅ​ជួប​អធិរាជ​ពែរស៍ ដើម្បី​ចរចា​បង្កើត​ទំនាក់ទំនង​ពាណិជ្ជកម្ម​នឹង​គ្នា។ នៅ​ពាក់កណ្តាល​ឆ្នាំ​១២១៨ អ្នកនាំសារម្នាក់​បាន​នាំ​កញ្ចប់​មួយ​ ពី​អាណាចក្រ​ពែរស៍​ បញ្ជូន​ទៅ​ឲ្យ​ជិនហ្គីស ខាន់។ កញ្ចប់ ដែល​នឹង​នាំ​ទៅរក​ការ​ផ្លាស់ប្តូរ​ដ៏​សំខាន់​មួយ ក្នុង​ប្រវត្តិសាស្រ្ត​ពិភពលោក។ នៅ​ក្នុង​កញ្ចប់​នោះ គឺ​ក្បាល​មន្រ្តី​ទូត​ម៉ុងហ្គោលដែល​ជិនហ្គីស ខាន់ បញ្ជូនឲ្យ​ទៅ​ជួបអធិរាជពែរស៍។
            ជិនហ្គីស ខាន់​ ផ្ទុះកំហឹង ក៏​បាន​ប្រមូលទ័ព​ប្រមាណ​ជា ២០ម៉ឺននាក់ វាយលុក​ចូល​​ឈ្លានពាន​អាណាចក្រ​ពែរស៍ ដោយ​បាន​ដាក់​បញ្ជា​ថា អ្នកណា​ដែល​សុខចិត្ត​ដាក់​អាវុធ​ចុះចាញ់​ត្រូវ​ទុក​ឲ្យរស់ ចំណែក​ឯ​ក្រុមណា ឬ​ទីក្រុង​ណា ដែល​មិនចុះចាញ់​​ត្រូវ​សម្លាប់ និង​ដុតកម្ទេច​ឲ្យរាបដល់ដី។ ​បំណង​ចង់​ធ្វើ​ជំនួញ ប្រែក្លាយ​ទៅ​ជា​កំហឹង​ចង់​ធ្វើ​សង្រ្គាម។ កងទ័ព​របស់​ជិនហ្គីស ខាន់ ​បាន​វាយ​​​​ដណ្តើម​កាន់កាប់​អាណាចក្រ​ពែរស៍​ទាំងមូល​ នៅ​ឆ្នាំ​១២២០។ ប្រជាជន​​ពែរស៍​ប្រមាណ​ជា​ជាង​១លាន​នាក់ ទាំងស្រី ទាំងប្រុស ទាំង​ចាស់ ទាំងក្មេង ត្រូវ​ស្លាប់​បាត់បង់​ជីវិត ក្នុង​សង្រ្គាម​នេះ។
            ក្រោយ​ពី​បាន​វាយកាន់កាប់​អាណាចក្រ​ពែរស៍​បាន​ហើយ ជិនហ្គីស ខាន់ បានដឹកនាំ​កងទ័ព​មួយផ្នែក​ធំ​ត្រឡប់​ទៅ​ម៉ុងហ្គោលវិញ ដោយ​នៅ​តាម​ផ្លូវ បាន​ឆ្លៀត​វាយដណ្តើម​យក​អាហ្វហ្កានីស្ថាន និង​ប៉ែក​ខាងជើង​ឥណ្ឌា។ កងទ័ព​មួយ​ផ្នែក​តូច​ទៀត ដែល​មាន​គ្នា​ប្រមាណ​ជា ២ម៉ឺននាក់ ត្រូវបាន​ជិនហ្គីស ខាន់ បញ្ជូន​ឲ្យ​ធ្វើការ​វាយលុក​សំដៅ​ទៅទិស​ខាងលិច ដើម្បី​ជាការពិសោធន៍មើល​ថា តើ​ពួកគេ​អាចវាយលុក​ទៅដល់​ត្រឹមណា ទើប​មាន​អ្នក​អាច​ចេញមុខ​មក​រារាំង​បញ្ឈប់​ដំណើរ​របស់​ពួកគេ​បាន។ ក៏ប៉ុន្តែ​ កងទ័ព​មួយ​ក្រុមនេះ​វាយលុក​ចូល​រហូតទៅដល់​ព្រំដែន​អឺរ៉ុប​ខាងកើត ដោយ​មិនមាន​អ្នក​ណា​អាចរារាំង​បាន។
            ឆ្នាំ១២២៦ ភ្លាមៗ​ក្រោយ​ពី​វិលត្រឡប់​ប្រតិបត្តិការ​យោធា​នៅ​ពែរស៍ ជិនហ្គីស ខាន់ បាន​នាំកងទ័ព​ចូល​ឈ្លានពាន​ទៅលើ​ទឹកដី​ចិន ដែល​នៅសេសសល់​​ពី​ការ​ឈ្លាន​ពាន​លើកមុន។ ក៏ប៉ុន្តែ នៅ​ខែ​សីហា ឆ្នាំ​១២២៧ នៅ​ក្នុង​ពេល​ដែល​​កងទ័ព​ម៉ុងហ្គោល​កំពុង​វាយ​លុក​ទៅលើ​រាជធានី​របស់​នគរ​សៀ នៅ​ដែនដី​ប៉ែក​ខាង​លិច​ប្រទេស​ចិន ជិនហ្គីស ខាន់ ក៏​ស្រាប់​ចូលទិវង្គត់ ក្នុង​វ័យ ៦៥​ឆ្នាំ (៧២ឆ្នាំ បើ​គិត​តាម​ឯកសារ​ខ្លះ ដែល​ថា ជិនហ្គីស ខាន់ កើត​ឆ្នាំ​១១៥៥)។ រហូតមកទល់​នឹង​ពេលបច្ចុប្បន្ន​នេះ អ្នក​ប្រវត្តិសាស្រ្ត​នៅតែមិនទាន់​មាន​ការ​ឯកភាព​គ្នា​នៅឡើយ អំពី​មូលហេតុ​នៃ​ការ​ស្លាប់​របស់​ជិនហ្គីស ខាន់។ ខ្លះ​ថា ស្លាប់​ក្នុង​សមរភូមិ​ ក្នុង​ពេល​ប្រយុទ្ធ​ជាមួយ​នឹង​នគរ​សៀ។ ខ្លះ​ទៀត​ថា​ស្លាប់​ដោយ​ជំងឺ ឬ​ដោយ​ធ្លាក់​ពីលើ​ខ្នងសេះ។
            អធិរាជ​ជិនហ្គីស ខាន់ ទទួល​មរណភាពដោយបន្សល់​ទុក​នូវ​កងទ័ព​​ដ៏​ខ្លាំង​ពូកែ​រាប់សិបម៉ឺននាក់ ហើយ​​គិតមកត្រឹមពេលនោះ ចក្រភព​ម៉ុងហ្គោល​​បាន​កាន់កាប់​ទឹកដី​ដែល​លាតសន្ធឹង​ចាប់តាំង​ពី​មហាសមុទ្រ ​ប៉ាស៊ីហ្វិក​ រហូត​ទៅដល់​អឺរ៉ុប​ខាងកើត។ ទឹកដី​នៃ​ចក្រភព​ម៉ុងហ្គោល​​មាន​ទំហំ​ធំជាង​ចក្រភព​ម៉ាសេដ្វាន់​របស់​ អាឡិចសង់ ឡឺក្រង់ (Alexandre le Grand) រហូត​ដល់​ទៅ ៤ដង ហើយ​ធំជាង​ចក្រភព​រ៉ូម រហូតដល់​ទៅ ២ដង។
            មរណភាព​របស់​ជិនហ្គីស ខាន់ មិនបាន​បញ្ចប់​ការ​វាតទី​ពង្រីកទឹកដី​នៃ​ចក្រភព​ម៉ុងហ្គោល​នោះទេ។ អហ្កឺដី ខាន់ (Ögedei Khan) កូនប្រុសទី៣​របស់​ជិន​ហ្គីស ខាន់ ដែលឡើង​​ស្នងតំណែង​​ជា​អធិរាជបន្តពី​ឪពុក ព្រមទាំង​អធិរាជ​ជំនាន់ក្រោយៗ​មកទៀត បាន​បន្ត​ធ្វើ​សង្រ្គាម​វាតទីពង្រីក​ទឹកដី​របស់​ចក្រភព​ម៉ុងហ្គោល​ រហូត​កើនឡើង​ទ្វេដង ​​លើស​ពី​សម័យកាល​​អធិរាជជិនហ្គីស ខាន់៕