Labels

Albert Einstein Alexandre le Grand ISIS La Terreur Pearl Harbor Renaissance កំណែទម្រង់ប៉េរេស្ត្រយកា កំណែទម្រង់សេដ្ឋកិច្ចចិន កម្ពុជា កម្ពុជាក្រោម កម្លាំងទំនាញសកល ការចាប់ផ្ដើម ការប្រជែងផ្នែកអវកាស ការវិលត្រឡប់ទៅកាន់អំណាច កាលីលេ កូសាំងស៊ីន ក្រិក ក្រុមជីហាតរដ្ឋអ៊ីស្លាម ក្រុមភេរវជនអន្តរជាតិ ខ្សែបន្ទាត់ព្រំដែន គ្រាប់បែកនុយក្លេអ៊ែរ គ្រីស្តូហ្វកូឡុំ គ្រឹស្តសាសនា ចក្រភពម៉ុងហ្គោល ចក្រភពរ៉ូម ចក្រភពអារ៉ាប់ ចលនាតស៊ូប្រដាប់អាវុធកុម្មុយនិស្ត ចិន ច្បាប់នៃចលនា ឆេកូស្លូវ៉ាគី ជប៉ុន ជ័យជម្នះរបស់ក្រុមសម្ព័ន្ធមិត្ត ជិនហ្គីស ខាន់ ដែនដីអាណានិគម តេងស៊ាវពីង តេងស៊ាវភីង ទ្រឹស្តីតារាសាស្រ្ត ទ្រឹស្តីសាសនា បក្សកុម្មុយនិស្តចិន បដិវត្តន៍ បដិវត្តន៍កសិកម្ម បដិវត្តន៍រាជានិយម បដិវត្តន៍វប្បធម៌ បដិវត្តន៍អ៊ីរ៉ង់ បារាំង បិតាកំណែទម្រង់សេដ្ឋកិច្ចចិន ប៊ិនឡាដិន បុរេប្រវត្តិ ប្រធានាធិបតីអាមេរិក ប្រវត្តិសាស្រ្ត ប្លុកកុម្មុយនិស្ត ផលវិបាក ភេរវកម្ម១១កញ្ញា មជ្ឈិមបូព៌ា មហាអំណាចអាណានិគមអាស៊ី មហាអំណាចអឺរ៉ុប មូលហេតុ ម៉ៅសេទុង យុគខ្មៅងងឹត យុគនៃពន្លឺ រដ្ឋធម្មនុញ្ រុស្សី លេនីន វាំងននដែក វិទ្យាសាស្រ្ត វិបត្តិប៊ែរឡាំង វិបត្តិព្រែកជីកស៊ុយអេ វិបត្តិមីស៊ីលគុយបា វៀតណាមខាងត្បូង សង្គ្រាមលោកលើកទី១ សង្គ្រាមលោកលើកទី២ សង្រ្គាមកូរ៉េ សង្រ្គាមឈូងសមុទ្រពែក្ស សង្រ្គាមត្រជាក់ សង្រ្គាមវៀតណាម សង្រ្គាមស៊ីវិល សង្រ្គាមអាហ្វហ្កានីស្ថាន សង្រ្គាមអ៊ីរ៉ាក់ សង្រ្គាមឥណ្ឌូចិន សព្វាវុធនុយក្លេអ៊ែរ សហភាពសូវៀត សហរដ្ឋអាមេរិក សាសនាអ៊ីស្លាម ស្ថានភាពពិភពលោក ហ៊ីត្លែរ ហ្គ័របាឆូវ អង់គ្លេស អធិរាជណាប៉ូឡេអុង អរិយធម៌ដ៏ចំណាស់បំផុតរបស់មនុស្សជាតិ អរិយធម៌មេឌីទែរ៉ាណេ អរិយធម៌អាស៊ីអាគ្នេយ៍ អាញ់ស្តាញ់ អាណាចក្រខ្មែរ អាណានិគម អាណាព្យាបាលបារាំង អាប្រាហាំលីនកុន អាមេរិក អារ៉ាប់ អាល់កៃដា អាល់ប៊ែរ អាញ់ស្តាញ់ អាស៊ីប៉ាសីហ្វិក អ៊ីតាលី អ៊ីសាក់ញូតុន អ៊ីស្រាអែល អឺរ៉ុបខាងកើត អ៊ុយក្រែន ឧស្សាហកម្ម

ភាពរុងរឿងនិងការធ្លាក់ចុះនៃចក្រភព ម៉ុងហ្គោល ក្រោយអធិរាជ ជិនហ្គីស ខាន់

       នៅ​ក្នុង​អំឡុង​សតវត្សរ៍ទី១៣​ ចក្រភពម៉ុងហ្គោល ក្រោម​ការ​ដឹកនាំ​របស់​អធិរាជ ជិនហ្គីស ខាន់ គឺ​ជា​មហាអំណាច​ពិភពលោក    ដែល​ត្រួតត្រា​ដែន​ដី​ដ៏​ធំ​បំផុត​មិន​ធ្លាប់​មាន  ក្នុង​ប្រវត្តិសាស្រ្ត​របស់​មនុស្ស  ​ជាតិ។ គិត​ត្រឹមឆ្នាំ​១២២៧ ដែល​អធិរាជ​ ជិនហ្គីស ខាន់ ចូលទិវង្គត ដែនដី​ដែល​ស្ថិត​ក្រោម​ការ​ត្រួតត្រា​របស់​​ចក្រភព​ម៉ុងហ្គោល លាតសន្ធឹង​ចាប់តាំង​ពី​មហាសមុទ្រ​ប៉ាស៊ីហ្វិក​ រហូត​ទៅដល់​អឺរ៉ុប​ខាង​កើត។ បើ​គិត​ជា​ទំហំ​ផ្ទៃដី ចក្រភព​ម៉ុងហ្គោល​មាន​ទំហំ​ធំជាង​ចក្រភព​ម៉ាសេដ្វាន់​របស់​អាឡិចសង់ ឡឺក្រង់ (Alexandre le Grand) រហូត​ដល់​ទៅ ៤ដង ហើយ​ធំជាង​ចក្រភព​រ៉ូម រហូតដល់​ទៅ ២ដង។
            បើទោះបីជា​យ៉ាងនេះ​ក៏ដោយ ការ​វាតទី​ពង្រីក​ទឹកដី​នៃ​ចក្រភព​ម៉ុងហ្គោល មិនបាន​បញ្ចប់​ត្រឹម​ការ​ចូល​ទិវង្គត​របស់​អធិរាជ ​ជិនហ្គីស ខាន់ នោះទេ។ អហ្កឺដី ខាន់ (Ögedei Khan) កូនប្រុសទី៣​របស់​ ជិន​ហ្គីស ខាន់ ដែលឡើង​​ស្នងតំណែង​​ជា​អធិរាជបន្តពី​ឪពុក បាន​បន្ត​ធ្វើ​សង្រ្គាម​វាតទីពង្រីក​ទឹកដី​របស់​ខ្លួន​តទៅទៀត។ កងទ័ព​ម៉ុងហ្គោល​​បាន​វាយ​​ដណ្តើម​កាន់កាប់​នគរ​សៀ (Xia) នៅ​ប៉ែក​ខាងលិច​ប្រទេស​ចិន ​ហើយ​​បាន​បន្ត​ឈ្លានពាន​ចូល​ទៅ​ក្នុង​នគរ​សុង (Song) នៅ​ប៉ែក​ខាង​ត្បូង។
 
ចក្រភពម៉ុងហ្គោល​​នៅ​ចុង​សតវត្សរ៍​ទី១៣ ដែល​ត្រូវ​បែងចែក​ជា ៤ផ្នែក​ធំៗ៖ ម៉ុងហ្គោល ចិន ទីបេ និង​កូរ៉េ (បៃតង) អាស៊ី​កណ្តាល (ប្រផេះ) រុស្ស៊ី (លឿង) និង​មជ្ឈិមបូព៌ា (ស្វាយ)
            ទៅទិស​ខាងលិច កងទ័ព​ម៉ុងហ្គោល​បាន​ចូល​ឈ្លាន​ពាន​រុស្ស៊ី រួចហើយ​បន្ត​ដំណើរ​ទៅ​ប៉ូឡូញ មុននឹង​វាយលុក​ចូល​ឈ្លានពាន​ទៅដល់​ហុងគ្រី និង​ក្រូអាស៊ី។ ក៏ប៉ុន្តែ ការឈ្លានពាន​របស់​កងទ័ព​ម៉ុងហ្គោល​បាន​បញ្ឈប់​​ត្រឹមនោះ ដោយ​ពួកគេ​មិន​បាន​វាយលុក​ចូល​ទៅដល់​អឺរ៉ុប​ខាងលិច​នោះទេ។ អឺរ៉ុប​ខាងលិច រួមមាន​ អាល្លឺម៉ង់ បារាំង និង​អង់គ្លេស ជាដើម បាន​រួចផុត​ពី​ការ​ត្រួតត្រា​របស់​ចក្រភពម៉ុងហ្គោល មិនមែន​ដោយសារ​តែ​ប្រទេស​ទាំងអស់​នេះ​មាន​យុទ្ធសាស្រ្ត ឬ​មាន​ទ័ព​ខ្លាំង​ពូកែ​នោះទេ ក៏ប៉ុន្តែ គឺ​ដោយសារ​តែអធិរាជ​ម៉ុងហ្គោល ​អហ្កឺដី ខាន់ បាន​ចូល​ទិវង្គត នៅ​ឆ្នាំ​១២៤១ ហើយ​មេទ័ព​ម៉ុងហ្គោល​បាន​បញ្ឈប់​រាល់​ប្រតិបត្តិការ​ទ័ព ដោយ​​នាំគ្នា​​ប្រញាប់ប្រញាល់​ធ្វើដំណើរ​ចេញពី​អឺរ៉ុប ត្រឡប់​ទៅ​ម៉ុងហ្គោលវិញ ដើម្បី​ចូលរួម​ក្នុង​ដំណើរការ​ជ្រើសរើស​អធិរាជ​ថ្មី។
            នៅ​ការ៉ាកូរុំ (Karakorum) រាជធានី​ម៉ុងហ្គោល ជម្លោះ​ដណ្តើម​រាជបល្ល័ង្ក​បាន​ផ្ទុះឡើង នៅ​ក្រោយ​ការ​ចូលទិវង្គត​របស់​អធិរាជ​អហ្កឺដី ខាន់។ នៅ​ចុងបំផុត តំណែង​ជា​អធិរាជ​ម៉ុងហ្គោល ត្រូវ​បាន​គេ​ប្រគល់​ទៅ​ឲ្យ​កូនប្រុស​របស់​អហ្កឺដី ខាន់។ ក៏ប៉ុន្តែ នៅពេល​ក្រោយៗ​មក​ទៀត ជម្លោះ​ដណ្តើម​រាជបល្ល័ង្ក តែងតែ​បាន​កើតឡើង​ជារឿយៗ នៅ​ពេលណា​ដែល​អធិរាជ​ចាស់​ចូល​ទិវង្គត។
       ទោះជាយ៉ាងនេះ​ក៏ដោយ កងទ័ព​ម៉ុងហ្គោល​នៅតែបន្ត​ធ្វើសង្រ្គាម​វាតទី​ពង្រីក​ទឹកដី​របស់​ខ្លួន​ តទៅទៀត គឺ​យុទ្ធនាការ​វាតទីទឹកដី​​ចុះ​ទៅ​ខាង​ត្បូង​ប្រទេស​ចិន និង​ទៅក្នុង​តំបន់​មជ្ឈិមបូព៌ា។ ទីក្រុង​បាកដាដ ដែល​ជា​ក្រុង​ដ៏សំខាន់​មួយ​របស់​ចក្រភព​អ៊ីស្លាម​ត្រូវ​បាន​ទាហាន​ម៉ុងហ្គោល ​វាយដណ្តើម​កាន់កាប់ នៅឆ្នាំ​១២៥៨។ បន្ទាប់មកទៀត ស៊ីរី ដែល​ជាទីតាំង​ដ៏សំខាន់​មួយ​ទៀត​របស់​ចក្រភព​អ៊ីស្លាម ក៏​ត្រូវ​ធ្លាក់​ក្រោម​ការ​ត្រួតត្រា​របស់​ចក្រភព​ម៉ុងហ្គោល​ដែរ។
            នៅ​ឯ​ទិស​ខាង​ត្បូង​ឯណោះវិញ សង្រ្គាម​ជាមួយ​នគរ​សុង នៅ​ចុង​ខាង​ត្បូង​ប្រទេស​ចិន​នៅតែ​បន្ត​ធ្វើ។ រហូត​ដល់​ឆ្នាំ​១២៧៩ កងទ័ព​ម៉ុងហ្គោល​បាន​វាយផ្តួលរំលំ​នគរ​សុង​បាន​ជាស្ថាពរ។ ប្រទេស​ចិន​ត្រូវ​ធ្លាក់​ក្រោម​ការ​គ្រប់គ្រង​របស់​អធិរាជ​ម៉ុងហ្គោល ឈ្មោះ គូប៊ីឡៃ ខាន់ (Kubilai Khan)។ ដើម្បី​ងាយស្រួល​ក្នុងការ​គ្រប់គ្រង​ប្រជាជន​ចិន ដែល​មាន​​ចំនួន​ច្រើន​រាប់លាន​នាក់ គូប៊ីឡៃ ខាន់ បាន​ប្រកាស​តាំងខ្លួន​ថា​ជា​អធិរាជ​​ចិន ហើយ​បាន​រៀបចំ​រចនាសម្ព័ន្ធ និង​របៀបដឹកនាំ ដែល​មាន​លក្ខណៈ​ស្រដៀងគ្នា​នឹង​រាជវង្ស​ចិន​ពីពេលមុន ដោយ​បង្កើត​ជា​សែរាជវង្សថ្មីមួយទៀត គឺ​រាជវង្ស​យ័ន។
            បន្ទាប់​ពី​បាន​ពង្រឹង​អំណាច​ពេញដៃ នៅ​ក្នុង​ប្រទេស​ចិន​រួចហើយ គូប៊ីឡៃ ខាន់ ក៏​បាន​ពង្រីក​ទឹកដី​របស់​ខ្លួន ចុះ​មក​ទិស​ខាងត្បូង​បន្ត​ទៀត។ ក៏ប៉ុន្តែ ​យុទ្ធនាការ​វាតទី​ពង្រីក​ទឹកដី នៅ​អាស៊ី​អាគ្នេយ៍ ដោយ​កងទ័ព​របស់​គូប៊ីឡៃ ខាន់ មិនសូវ​ជា​ទទួលបាន​ជោគជ័យ​ប៉ុន្មាន​ទេ។ កងទ័ព​ម៉ុងហ្គោល​ត្រូវ​ទទួលបរាជ័យ ​នៅ​កោះជ្វា នៅ​ឆ្នាំ១២៩៣។ នៅ​អាណ្ណាមវិញ កងទ័ព​របស់​គូប៊ីឡៃ ខាន់ ត្រូវ​ទទួលបរាជ័យ​ជាច្រើនលើក និង​ទទួលរងនូវ​ការខាតបង់​ច្រើន ទម្រាំ​តែ​អាច​គ្រប់គ្រង​ទឹកដី​អាណ្ណាម​បាន នៅ​អំឡុង​ឆ្នាំ​១២៨៨។
 
គូប៊ីឡៃ ខាន់ អធិរាជ​ម៉ុងហ្គោល ដែល​បាន​បង្កើត​រាជវង្សយ័ន​គ្រប់គ្រង​រាជបល្ល័ង្ក​ចិន

            ក៏ប៉ុន្តែ អ្នកប្រវត្តិសាស្រ្ត​ជាច្រើន​យល់ថា គោលដៅ​សំខាន់​របស់​អធិរាជ​ គូប៊ីឡៃ ខាន់ ​គឺ​គ្រាន់តែ​ចង់​ឲ្យ​នគរ​​នៅ​អាស៊ីអាគ្នេយ៍​សុខចិត្ត​រណប​ចក្រភព​ម៉ុងហ្គោលហើយ​យក​សួយសារ​អាករ​ទៅ​ថ្វាយ​ស្តេច​ម៉ុងហ្គោល​តែប៉ុណ្ណោះ ដោយ​មិន​ចង់​វាយដណ្តើម​យក​ទឹកដី​នគរ​ទាំងអស់​នេះ​ទៅ​គ្រប់គ្រង​ទាំងស្រុង​ នោះទេ។ ហេតុដូច្នេះ​ហើយ​បាន​ជា​ភាគច្រើន ម៉ុងហ្គោល​ច្រើន​តែ​បញ្ជូន​កងទ័ព​ក្នុង​ទ្រង់ទ្រាយ​តូច​​ ឬ​ក៏​ត្រឹម​រាជទូត​ឲ្យ​ទៅ​កាន់នគរ​នៅ​អាស៊ីអាគ្នេយ៍។
            នៅ​ឆ្នាំ​១២៨៣ ​ម៉ុងហ្គោលបាន​បញ្ជូន​កងទ័ព​​មួយក្រុម​តូច​ កាត់​តាម​នគរ​ចម្ប៉ា ដែល​បាន​ក្លាយ​ជា​នគរ​ចំណុះ​អធិរាជ​ម៉ុងហ្គោលរួចទៅហើយ ឲ្យ​ឆ្លង​ចូល​ទៅ​នគរ​ខ្មែរ។ គេ​មិនឃើញ​មាន​ឯកសារ​ច្បាស់លាស់​​ដែល​រៀបរាប់​អំពី​ការ​វាយប្រយុទ្ធគ្នា រវាង​កងទ័ព​ម៉ុងហ្គោល ជាមួយ​នឹង​កងទ័ព​ខ្មែរ​នោះទេ។ ក៏ប៉ុន្តែ ពីរ​ឆ្នាំ​ក្រោយ​មក គឺ​នៅ​ឆ្នាំ​១២៨៥ ស្តេចនគរ​ខ្មែរ គឺ​ព្រះបាទ​ជ័យវរ្ម័ន​ទី៨ បាន​ផ្ញើ​សួយសារអាករ​ទៅ​ថ្វាយ​អធិរាជ​ម៉ុងហ្គោល​ គូប៊ីឡៃ ខាន់ ហើយ​នៅឆ្នាំ​១២៩៦ រាជទូតចិន ឈ្មោះ ជីវ តាក្វាន់ ត្រូវ​បាន​បញ្ជូន​ឲ្យ​មក​បំពេញ​បេសកកម្ម នៅ​ក្នុង​នគរ​ខ្មែរ រហូតដល់​ពាក់​កណ្តាល​ឆ្នាំ​១២៩៧។ គឺ ជីវ តាក្វាន់​នេះ​ហើយ​ដែល​បាន​បន្សល់​ទុក​នូវ​កំណត់ត្រា​ជាច្រើន អំពី​ជីវភាព​ប្រចាំថ្ងៃ​របស់​ខ្មែរ នៅ​សម័យ​អង្គរ។ ជីវ តាក្វាន់ ថ្វីដ្បិត​តែ​ត្រូវ​បាន​បញ្ជូន​ពី​ចិន ហើយ​ត្រូវ​បានគេ​ហៅ​ថា​ជា​រាជទូត​ចិន ក៏ប៉ុន្តែ តាមពិត​ គឺ​ជា​រាជទូត​របស់អធិរាជ​ម៉ុងហ្គោល ពីព្រោះ​ថា នៅ​ពេលនោះ​ ចិន ស្ថិត​ក្រោម​ការ​គ្រប់គ្រង​របស់​ម៉ុងហ្គោល ហើយ​​រាជបល្ល័ង្ក​របស់​ចិន ត្រូវ​កាន់កាប់ដោយ​អធិរាជ​ម៉ុងហ្គោល។
            ចក្រភពម៉ុងហ្គោល ចាប់តាំង​ពី​សម័យកាលអធិរាជ​ ជិនហ្គីស ខាន់ មក គឺ​ជា​មហាអំណាច​ដ៏ធំសម្បើម​មួយ ដែល​មាន​កងទ័ព​ខ្លាំង​ក្លា ច្បាំង​ឈ្នះ​ស្ទើរតែ​គ្រប់ទិសទី ហើយ​ពង្រីក​ទឹកដី​រហូត​ស្ទើរតែ​ពាក់កណ្តាល​ពិភពលោក។ ក៏ប៉ុន្តែ ចក្រភព​ដ៏​ខ្លាំងក្លា​នេះ​មាន​សត្រូវ​ដ៏ធំមួយ គឺ​ជម្លោះ​ផ្ទៃក្នុង។
            ដើម្បី​គ្រប់គ្រង​ទឹកដី​ដ៏ធំមហិមា​ ចក្រភពម៉ុងហ្គោ​លបាន​បែងចែក​ទឹកដី​របស់​ខ្លួន​ជា​ចំណែកៗ ដោយ​ផ្នែកនីមួយៗ មាន​ស្តេច​សោយរាជ្យ​ផ្សេងៗ​គ្នា។ គិតត្រឹមឆ្នាំ​ ១២៦០ ចក្រភពម៉ុងហ្គោល​ត្រូវ​បាន​បែងចែក​ជា ៤ផ្នែក​ធំៗ។ ផ្នែកទីមួយ​​ គឺ​នៅ​ម៉ុងហ្គោល ទីបេ កូរ៉េ និង​ចិន។ ទឹកដី​ម៉ុងហ្គោល​មួយ​ចំណែក​នេះ គ្រប់គ្រង​ដោយ គូប៊ីឡៃ ខាន់ ដែល​មាន​ឋានៈ​​ជា​អធិរាជ​​ចិន​ផង និង​ជា​អធិរាជ​នៃ​ចក្រភព​ម៉ុងហ្គោល​​ទាំងមូលផង។ ម៉ុងហ្គោល​ផ្នែក​ទី២ ស្ថិត​នៅ​អាស៊ី​កណ្តាល។ ផ្នែក​ទី៣ នៅ​រុស្ស៊ី។ ផ្នែក​ទី៤ នៅ​មជ្ឈិម     បូព៌ា​ ត្រង់​ម្តុំ​ចក្រភពពែរស៍។
            ដោយសារ​តែ​ចក្រភព​​ម៉ុងហ្គោល មាន​សារជាតិ​ដើម​ជា​ក្រុម​កុលសម្ព័ន្ថ​ដាច់ៗ​ពី​គ្នា ប្រជាជន​ម៉ុងហ្គោល​មាន​ការ​​ពិបាកក្នុង​ការ​រួបរួមគ្នា​ជា​ប្រជាជាតិ​តែមួយ។ ជម្លោះ​ផ្ទៃក្នុង​នៃ​ចក្រភព​ម៉ុងហ្គោល កើតមាន​ក្នុង​​ពីរ​រូបភាព។ ទីមួយ គឺ​ជម្លោះ​ រវាង​ទឹកដី​ម៉ុងហ្គោល​ទាំង ៤ផ្នែក ដោយ​ស្តេច​នីមួយៗ​ប្រជែង​គ្នា​ធ្វើ​ជា​អធិរាជ​ធំ​នៃ​ចក្រភព​ម៉ុងហ្គោល។ ជម្លោះទីពីរ គឺ​​ជា​ជម្លោះដណ្តើម​រាជបល្ល័ង្ក នៅ​ខាង​ក្នុង​ផ្នែក​នីមួយៗ។ ស្របជាមួយ​នឹង​ជម្លោះ​ផ្ទៃក្នុង​នេះ ប្រជាជន​ដែល​មិនមែន​ជា​ជនជាតិ​ម៉ុងហ្គោល ហើយ​ដែល​ត្រូវ​ម៉ុងហ្គោល​ឈ្លានពាន​យក​មក​កាន់កាប់ ក៏​ចាប់ផ្តើម​ឆ្លៀតពេល​ងើបឡើង​បះបោរ​ប្រឆាំង​នឹង​អំណាច​របស់​ចក្រភព​ ម៉ុងហ្គោល។
            ជម្លោះ​ផ្ទៃក្នុង​អស់ទាំងនេះបាន​ធ្វើ​ឲ្យ​ចក្រភព​ម៉ុងហ្គោល​ធ្លាក់ចុះខ្សោយ​ បន្តិចម្តងៗ រហូត​​ដល់​អំឡុង​ឆ្នាំ​១៣៣៥ ចក្រភពម៉ុងហ្គោល នៅ​មជ្ឈិមបូព៌ា ត្រូវ​ដួលរលំ ហើយ​បំបែក​ទៅជា​នគរ​តូចៗ​ផ្សេងៗពីគ្នា។ ចាប់ពីពេលនោះ​មក​ដែនដី​ម៉ុងហ្គោល​ផ្សេងៗ​​ក៏​ចាប់ផ្តើម​រង្គោះរង្គើ ហើយ​ត្រូវ​ដួលរលំ​ម្តងមួយៗ​ជាបន្តបន្ទាប់។
            នៅ​ឆ្នាំ​១៣៦៨ រាជវង្ស​យ័ន​របស់​ម៉ុងហ្គោល ដែល​គ្រប់គ្រង​ប្រទេស​ចិន ត្រូវ​ក្រុមបះបោរចិន​ផ្តួលរំលំ ហើយ​ពួកម៉ុងហ្គោល​ក៏​បាន​រត់ភៀសខ្លួន​ត្រឡប់​ទៅ​ម៉ុងហ្គោល ដែល​ជា​ទឹកដី​កំណើតវិញ។ ចិន​រួច​ផុត​ពី​ការ​ត្រួតត្រា​របស់​ម៉ុងហ្គោល ហើយ​បង្កើត​ជា​របបដឹកនាំ​ថ្មី​មួយ​ទៀត គឺ​រាជវង្សមីង (Ming)។ គឺ​ឆ្នាំ​១៣៦៨​នេះ​ហើយ ដែល​អ្នក​ប្រវត្តិសាស្រ្ត​ជាទូទៅ​កំណត់​ថា​ជា​ឆ្នាំ​ចុងក្រោយ​នៃ​សករាជ​របស់ ​ចក្រភព​ម៉ុងហ្គោល។
            គិតជាសរុប​ទៅ ចក្រភពម៉ុងហ្គោល​បាន​ស្គាល់ភាព​រុងរឿង​ជា​មហាអំណាច​ពិភពលោក ក្នុងរយៈពេល ១៦២ឆ្នាំ (ពីឆ្នាំ​១២០៦ ដល់​ឆ្នាំ​១៣៦៨)។ ដូច្នេះ បើ​ប្រៀបធៀប​នឹង​ចក្រភពរ៉ូម ចក្រភពម៉ុងហ្គោល​មាន​ផ្ទៃដី​ធំជាង​ចក្រភព​រ៉ូម​ឆ្ងាយ ក៏ប៉ុន្តែ ម៉ុងហ្គោល​ត្រួតត្រា​ពិភពលោក​​បាន​តិច​ឆ្នាំ​ជាងរ៉ូម។ ចក្រភពរ៉ូម​​បាន​ស្គាល់​ភាព​រុងរឿង​ជា​មហាអំណាច​ពិភពលោក រហូតដល់​ទៅ ជាង ៥០០ឆ្នាំ (ឆ្នាំ​២៧​មុន​គ.ស រហូត​ដល់​ឆ្នាំ​៤៧៦​គ.ស)៕