Labels

Albert Einstein Alexandre le Grand ISIS La Terreur Pearl Harbor Renaissance កំណែទម្រង់ប៉េរេស្ត្រយកា កំណែទម្រង់សេដ្ឋកិច្ចចិន កម្ពុជា កម្ពុជាក្រោម កម្លាំងទំនាញសកល ការចាប់ផ្ដើម ការប្រជែងផ្នែកអវកាស ការវិលត្រឡប់ទៅកាន់អំណាច កាលីលេ កូសាំងស៊ីន ក្រិក ក្រុមជីហាតរដ្ឋអ៊ីស្លាម ក្រុមភេរវជនអន្តរជាតិ ខ្សែបន្ទាត់ព្រំដែន គ្រាប់បែកនុយក្លេអ៊ែរ គ្រីស្តូហ្វកូឡុំ គ្រឹស្តសាសនា ចក្រភពម៉ុងហ្គោល ចក្រភពរ៉ូម ចក្រភពអារ៉ាប់ ចលនាតស៊ូប្រដាប់អាវុធកុម្មុយនិស្ត ចិន ច្បាប់នៃចលនា ឆេកូស្លូវ៉ាគី ជប៉ុន ជ័យជម្នះរបស់ក្រុមសម្ព័ន្ធមិត្ត ជិនហ្គីស ខាន់ ដែនដីអាណានិគម តេងស៊ាវពីង តេងស៊ាវភីង ទ្រឹស្តីតារាសាស្រ្ត ទ្រឹស្តីសាសនា បក្សកុម្មុយនិស្តចិន បដិវត្តន៍ បដិវត្តន៍កសិកម្ម បដិវត្តន៍រាជានិយម បដិវត្តន៍វប្បធម៌ បដិវត្តន៍អ៊ីរ៉ង់ បារាំង បិតាកំណែទម្រង់សេដ្ឋកិច្ចចិន ប៊ិនឡាដិន បុរេប្រវត្តិ ប្រធានាធិបតីអាមេរិក ប្រវត្តិសាស្រ្ត ប្លុកកុម្មុយនិស្ត ផលវិបាក ភេរវកម្ម១១កញ្ញា មជ្ឈិមបូព៌ា មហាអំណាចអាណានិគមអាស៊ី មហាអំណាចអឺរ៉ុប មូលហេតុ ម៉ៅសេទុង យុគខ្មៅងងឹត យុគនៃពន្លឺ រដ្ឋធម្មនុញ្ រុស្សី លេនីន វាំងននដែក វិទ្យាសាស្រ្ត វិបត្តិប៊ែរឡាំង វិបត្តិព្រែកជីកស៊ុយអេ វិបត្តិមីស៊ីលគុយបា វៀតណាមខាងត្បូង សង្គ្រាមលោកលើកទី១ សង្គ្រាមលោកលើកទី២ សង្រ្គាមកូរ៉េ សង្រ្គាមឈូងសមុទ្រពែក្ស សង្រ្គាមត្រជាក់ សង្រ្គាមវៀតណាម សង្រ្គាមស៊ីវិល សង្រ្គាមអាហ្វហ្កានីស្ថាន សង្រ្គាមអ៊ីរ៉ាក់ សង្រ្គាមឥណ្ឌូចិន សព្វាវុធនុយក្លេអ៊ែរ សហភាពសូវៀត សហរដ្ឋអាមេរិក សាសនាអ៊ីស្លាម ស្ថានភាពពិភពលោក ហ៊ីត្លែរ ហ្គ័របាឆូវ អង់គ្លេស អធិរាជណាប៉ូឡេអុង អរិយធម៌ដ៏ចំណាស់បំផុតរបស់មនុស្សជាតិ អរិយធម៌មេឌីទែរ៉ាណេ អរិយធម៌អាស៊ីអាគ្នេយ៍ អាញ់ស្តាញ់ អាណាចក្រខ្មែរ អាណានិគម អាណាព្យាបាលបារាំង អាប្រាហាំលីនកុន អាមេរិក អារ៉ាប់ អាល់កៃដា អាល់ប៊ែរ អាញ់ស្តាញ់ អាស៊ីប៉ាសីហ្វិក អ៊ីតាលី អ៊ីសាក់ញូតុន អ៊ីស្រាអែល អឺរ៉ុបខាងកើត អ៊ុយក្រែន ឧស្សាហកម្ម

អរិយធម៌អាស៊ីអាគ្នេយ៍៖ ប្រជាជាតិនៅជុំវិញអាណាចក្រខ្មែរ

នៅ​ចន្លោះ​សតវត្សរ៍​ទី៩ ដល់​ពាក់កណ្តាល​សតវត្សរ៍​ទី១៥​ នៃគ.ស អាណាចក្រ​ខ្មែរ គឺ​ជា​មហាអំណាច​​នៅ​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍ ដោយ​កាន់កាប់​ទឹកដី​យ៉ាងធំ គ្របដណ្តប់​លើ​ទឹក​ដី​នៃ​ប្រទេស​កម្ពុជា ថៃ ឡាវ និង​ប៉ែក​ខាង​ត្បូង​ប្រទេស​វៀតណាម​បច្ចុប្បន្ន។
 
ផែនទី​នៃ​អាស៊ីអាគ្នេយ៍​ ក្នុង​អំឡុង​សតវត្សរ៍ទី១០

ចម្ប៉ា
            នៅ​ខាង​កើត​​អាណាចក្រ​ខ្មែរ គេឃើញ​មានពួក​ចាម នៅ​នគរ​ចម្ប៉ា។​ ពួកចាម​​មាន​ដើមកំណើត​មក​ពី​ម៉ាឡេស៊ី (មក​ពី​កោះ​ស៊ូម៉ាត្រា ឬ​ជ្វា) ហើយ​​បាន​មក​តាំង​ទីលំនៅ នៅ​តាម​បណ្តោយ​ឆ្នេរ​ប៉ែក​ខាង​កើត​ឥណ្ឌូចិន និង​បាន​បង្កើត​ទៅជា​រដ្ឋ​មួយឡើង នៅ​ចន្លោះ​សតវត្សរ៍​ទី២ ទៅ​សតវត្សរ៍​ទី១ មុន​គ.ស។ នគរ​ចម្ប៉ា​បាន​ចាប់កំណើត​មុន​នគរភ្នំ ឬ​ហ៊្វូណន​ទៅទៀត ក៏ប៉ុន្តែ គិត​ចាប់​ពី​សតវត្សរ៍​ទី៣មក នគរ​ចម្ប៉ា​មាន​ការរីកចម្រើន​ខ្សោយ​ជាង​នគរ​ហ៊្វូណន ជាពិសេស ខាង​បច្ចេកទេស​ក្នុងការ​ធ្វើ​សឹកសង្រ្គាម។ នគរចម្ប៉ា និង​នគរ​ខ្មែរ គឺ​ជា​គូប្រជែង​នឹង​គ្នា ហើយ​តែងតែ​ធ្វើ​សង្រ្គាម​នឹង​គ្នា​ជារឿយៗ។ ក៏ប៉ុន្តែ សង្រ្គាម​ធំជាងគេ ដែល​កំណត់​ជោគវាសនា និង​កែប្រែ​ប្រវត្តិសាស្រ្ត​របស់​ពួកចាម គឺ​សង្រ្គាម​ទល់នឹង​ នគរ​អាណ្ណាម ឬ​ដាយវៀត។
 
អាណ្ណាម
            នគរ​អាណ្ណាម​ស្ថិត​នៅ​ខាង​ជើង​នគរ​ចម្ប៉ា ក៏ប៉ុន្តែ ចាប់​ពី​សតវត្សរ៍​ទី១​មុន​គ.ស រហូត​ទៅដល់​ ​សតវត្សរ៍​ទី១០គ.ស (ក្នុងរយៈពេល​ប្រមាណជា​១ពាន់​ឆ្នាំ) អាណ្ណាម​​ស្ថិត​នៅ​ក្រោម​ការ​កាន់កាប់​របស់​ចិន ពោលគឺ គឺ​គ្រាន់តែ​ជាអាណា​​ខេត្តមួយ​ប៉ុណ្ណោះ​របស់​ចិន។ ពេលខ្លះ ចិន​បាន​ហៅ​អាណ្ណាម​នេះ​ថា ណាមវៀត
            រហូត​ដល់ឆ្នាំ​៩៣៩ ពួក​​អាណ្ណាម​បាន​ទាម​ទារ​ឯករាជ្យ​ ទៅ​បង្កើត​ជានគរដាច់​ពី​ចិន ក៏ប៉ុន្តែ មិនយូរ​ប៉ុន្មាន​ នគរ​ថ្មី​នេះ​នៅ​តែ​ត្រូវ​ធ្លាក់​ទៅ​ជា​​​នគរ​ចំណុះរបស់​ចិន​វិញ​ដដែល។ ចិន ដែល​ចាប់​ពី​ឆ្នាំ​៩៦០ ដល់​ឆ្នាំ​១២៧៩ ស្ថិត​ក្រោម​ការ​គ្រប់គ្រង​របស់​រាជវង្ស​សុង។ ក្នុងការ​ព្យាយាម​​រើបម្រះ​ពី​នឹម​អាណានិគម​របស់​ចិន ពួក​អាណ្ណាម​តែងតែ​បាន​ងើបឡើង​បះបោរ ធ្វើ​សង្រ្គាម​ទល់​នឹង​កងទ័ព​ចិន​ជារឿយៗ។ ទៅ​ទិស​ខាង​ត្បូង​ឯណោះវិញ ​ពួក​អាណ្ណាម និង​ពួកចាមក៏​តែងតែ​ធ្វើ​សង្រ្គាម​​ឈ្លានពាន​គ្នា​ទៅវិញ​ទៅមក​​ឥតឈប់ដែរ ក៏ប៉ុន្តែ នៅ​ទីចុង​បំផុត គឺ​នគរ​ចម្ប៉ា ដែល​ត្រូវ​បរាជ័យ ដោយ​ត្រូវ​នគរ​អាណ្ណាម​ឈ្លាន​ពាន​​ចូល​កាន់កាប់​ទាំងស្រុង នៅឆ្នាំ​១៤៧១។ នគរ​ចម្ប៉ា​ត្រូវ​រលំ ហើយ​ពួកចាម ក៏​បាន​នាំគ្នា​រត់ខ្ចាត់ខ្ចាយ​ចេញ​ពី​នគរ ដោយ​ភាគ​ច្រើន​រត់​ភៀសខ្លួន​ទៅ​ជ្រកកោន នៅ​ក្នុង​អាណាចក្រ​ខ្មែរ ហើយ​ខ្លះ​ទៀត​រត់​ទៅ​ម៉ាឡាកា នៅ​ក្នុងប្រទេស​ម៉ាឡេស៊ី​បច្ចុប្បន្ន។

លាវ
            នៅ​ខាង​លិច​អាណាម និង​ខាង​ជើង​នគរ​ខ្មែរ មាន​ប្រជាជន​មួយទៀត គឺ​លាវ។ លាវ​ធ្លាប់​ជា​នគរ​ឯករាជ្យ​មួយ នៅ​ខាង​ជើង​នគរ​ហ៊្វូណន។ ក៏ប៉ុន្តែ បន្តិចម្តងៗ ប្រទេស​លាវ​ត្រូវ​ធ្លាក់​ទៅ​ក្រោម​​ការ​ត្រួតត្រា​របស់​ខ្មែរ ដោយ​ដំបូង​​ត្រឹម​ជា​នគរ​ចំណុះ ហើយ​បន្ទាប់​មកទៀត នៅ​ក្នុង​សម័យ​អង្គរ ដែនដី​នៃ​ប្រទេស​លាវ​​ត្រូវ​បាន​​អាណាចក្រ​ខ្មែរវាតទី​កាន់​កាប់​ទាំងស្រុង។ រហូតដល់​ចុងសតវត្សរ៍​ទី​១៤ ទើប​ប្រទេស​លាវ​ចាប់ផ្តើម​លេចរូបរាង​សាជាថ្មី​ឡើង​វិញ។ ក៏ប៉ុន្តែ លាវ​ស្ថិត​នៅ​ជា​ប្រទេស​ទន់ខ្សោយ ទទួលរង​នូវ​ការ​គំរាម​កំហែង​ជា​ប្រចាំ​ពី​សំណាក់​ប្រទេស​ជិតខាង។
 
ពួក​មន (នៅភូមា)
            នៅ​ខាង​កើត​អាណាចក្រ​ខ្មែរ មាន​ប្រទេស​មួយ ​ដែល​ខ្មែរ​ហៅ​ថា ស្រុកមន ហើយ​ដែល​មាន​ទីតាំង​នៅ​ត្រង់​ប្រទេស​ភូមា​សព្វថ្ងៃ។ កាលពីមុន ស្រុកមន និង​ស្រុក​ខ្មែរ មាន​ព្រំប្រទល់​ជាប់គ្នា នៅ​ត្រង់​ម្តុំ​ព្រំប្រទល់​​ភូមា និង​ថៃ​បច្ចុប្បន្ន។ ចំណែក​ឯ​ប្រទេស​ថៃ​វិញ នៅ​មិនទាន់​មាន​រូបរាង​នៅឡើយទេ នៅពេលនោះ។ 

ថៃ ឬ​សៀម
            នៅ​ក្នុង​សិលាចារឹក គេ​ឃើញ​មាន​ការកត់​ត្រា​ពី​វត្តមាន​របស់​ពួកថៃ ឬ​សៀម នៅ​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍ ប្រហែល​ជា​ចាប់​ពី​សតវត្សរ៍​ទី១២​មក។ ពួកថៃ ឬ​សៀម កាល​ពី​មុន​រស់​នៅ​ក្នុង​ខេត្ត​យូណាន​ប្រទេស​ចិន ហើយ​បាន​ចាប់ផ្តើម​ធ្វើ​អន្តោប្រវេសន៍​ចាក់ចុះ​មក​ទិស​ខាង​ត្បូង បន្តិចម្តងៗ ចាប់តាំង​ពី​សតវត្សរ៍​ទី៩។
            ពីដំបូង គេឃើញ​ពួកថៃ ឬសៀម​​បាន​ចុះ​មកតាំង​ទីលំនៅ នៅ​ភាគខាងជើង​ប្រទេស​លាវ​សព្វថ្ងៃ និង​នៅ​ឈៀងម៉ៃ។ ចំនួន​ពួកថៃ ឬសៀម​​នៅ​ប៉ែក​ខាង​ជើង​នៃ​តំបន់​អាស៊ីអាគ្នេយ៍​មាន​កាន់តែ​ច្រើន​ឡើងៗ ហើយ​ពួកគេ​ក៏​បាន​បង្កើត​ទៅ​ជា​នគរ​តូចៗ​មួយចំនួន ដូចជា សុខោទ័យ ឆៀងសែន ឈៀងម៉ែ ​ស្រែមួយលាន និង​អយុធ្យា។​ ក៏ប៉ុន្តែ ពី​ដំបូង ​នគរ​ទាំងអស់​នេះ​ជា​នគរ​ទន់ខ្សោយ ហើយ​ស្ថិត​នៅ​ក្រោម​ការ​ឥទ្ធិពល​របស់​អាណាចក្រ​ខ្មែរ។ នៅពេល​ដែល​អាណាចក្រ​ខ្មែរ​ចាប់ផ្តើម​ធ្លាក់ចុះខ្សោយ នគរ​របស់​ពួកថៃ ឬ​សៀម​ ក៏​បាន​ពង្រឹង​ប្រទេស​របស់​ខ្លួន​បន្តិចម្តងៗ ឲ្យ​ទៅ​ជា​នគរ​ដែល​មាន​​​​អធិបតេយ្យ​ពេញលេញ ដោយ​ចាប់ផ្តើម​ពី​សុខោទ័យ នៅ​អំឡុង​សតវត្សរ៍​ទី១៣។ ​បន្ទាប់មកទៀត នៅសតវត្សរ៍​ទី១៤ ក្រោយ​ពី​ស្តេច​រាមកំហែង​ចូល​ទិវង្គត ​សុខោទ័យ​ត្រូវ​ធ្លាក់​ដុនដាប ហើយ​ត្រូវ​ធ្លាក់​ក្រោម​ការ​ត្រួតត្រា​របស់​នគរ​សៀម​មួយទៀត គឺ​នគរ​​​អយុធ្យា។ គឺ​​អយុធ្យា​នេះ​ហើយ ដែល​បាន​ពង្រីក​អំណាច​នគរ​សៀម ហើយ​​ជា​គូប្រជែង​ដ៏ធំ​បំផុត​របស់​អាណាចក្រ​ខ្មែរ នៅ​ចុងសម័យ​អង្គរ។

ម៉ាឡេ
            ងាកទៅ​ប៉ែក​ខាង​សមុទ្រ​វិញ នៅ​ប៉ែក​​ខាង​ត្បូង​អាណាចក្រ​ខ្មែរ គេ​ឃើញ​មាន​​​អាណាចក្រ​​ដ៏ធំមួយ គឺ​អាណាចក្រ​ស្រីវិជ័យ (Srivijaya) ​របស់​ពួកម៉ាឡេ ដែល​មាន​ទីតាំង​នៅ​លើ​កោះស៊ូម៉ាត្រា ក៏ប៉ុន្តែ មាន​ដែនដី​​គ្របដណ្តប់​​រហូតទៅដល់ កោះជ្វា (Java) កោះ​បរណេអូ (Borneo) និង​ម៉ាឡាកា នៅ​ចុង​ខាង​ត្បូង​នៃ​ឧបទ្វីប​ម៉ាឡេ ពោលគឺ ពាសពេញ​ដែនដី​នៃ​ប្រទេស​ម៉ាឡេស៊ី ឥណ្ឌូណេស៊ី និង​ព្រុយណេ​​សព្វថ្ងៃ។ នៅ​អំឡុង​សតវត្សរ៍ទី១៣ អាណាចក្រ​ស្រីវិជ័យ​បាន​ធ្លាក់ចុះ​ទន់ខ្សោយ​រហូត​ត្រូវ​ធ្លាក់​ទៅជា​នគរ​ ចំណុះ​ឲ្យ​អាណាចក្រ​ខ្មែរ ហើយ​ក្រោយ​មក​ទៀត​ ជា​នគរ​ចំណុះ​របស់​នគរ​សុខោទ័យ​របស់​សៀម។ នៅ​ដើមសតវត្សរ៍​ទី១៥ អាណាចក្រ​ស្រីវិជ័យ​ត្រូវ​ដួលរលំ ហើយ​បែក​ខ្ញែក​ទៅជា​នគរ​តូចៗ​ផ្សេងៗ​ពី​គ្នា៕