Labels

Albert Einstein Alexandre le Grand ISIS La Terreur Pearl Harbor Renaissance កំណែទម្រង់ប៉េរេស្ត្រយកា កំណែទម្រង់សេដ្ឋកិច្ចចិន កម្ពុជា កម្ពុជាក្រោម កម្លាំងទំនាញសកល ការចាប់ផ្ដើម ការប្រជែងផ្នែកអវកាស ការវិលត្រឡប់ទៅកាន់អំណាច កាលីលេ កូសាំងស៊ីន ក្រិក ក្រុមជីហាតរដ្ឋអ៊ីស្លាម ក្រុមភេរវជនអន្តរជាតិ ខ្សែបន្ទាត់ព្រំដែន គ្រាប់បែកនុយក្លេអ៊ែរ គ្រីស្តូហ្វកូឡុំ គ្រឹស្តសាសនា ចក្រភពម៉ុងហ្គោល ចក្រភពរ៉ូម ចក្រភពអារ៉ាប់ ចលនាតស៊ូប្រដាប់អាវុធកុម្មុយនិស្ត ចិន ច្បាប់នៃចលនា ឆេកូស្លូវ៉ាគី ជប៉ុន ជ័យជម្នះរបស់ក្រុមសម្ព័ន្ធមិត្ត ជិនហ្គីស ខាន់ ដែនដីអាណានិគម តេងស៊ាវពីង តេងស៊ាវភីង ទ្រឹស្តីតារាសាស្រ្ត ទ្រឹស្តីសាសនា បក្សកុម្មុយនិស្តចិន បដិវត្តន៍ បដិវត្តន៍កសិកម្ម បដិវត្តន៍រាជានិយម បដិវត្តន៍វប្បធម៌ បដិវត្តន៍អ៊ីរ៉ង់ បារាំង បិតាកំណែទម្រង់សេដ្ឋកិច្ចចិន ប៊ិនឡាដិន បុរេប្រវត្តិ ប្រធានាធិបតីអាមេរិក ប្រវត្តិសាស្រ្ត ប្លុកកុម្មុយនិស្ត ផលវិបាក ភេរវកម្ម១១កញ្ញា មជ្ឈិមបូព៌ា មហាអំណាចអាណានិគមអាស៊ី មហាអំណាចអឺរ៉ុប មូលហេតុ ម៉ៅសេទុង យុគខ្មៅងងឹត យុគនៃពន្លឺ រដ្ឋធម្មនុញ្ រុស្សី លេនីន វាំងននដែក វិទ្យាសាស្រ្ត វិបត្តិប៊ែរឡាំង វិបត្តិព្រែកជីកស៊ុយអេ វិបត្តិមីស៊ីលគុយបា វៀតណាមខាងត្បូង សង្គ្រាមលោកលើកទី១ សង្គ្រាមលោកលើកទី២ សង្រ្គាមកូរ៉េ សង្រ្គាមឈូងសមុទ្រពែក្ស សង្រ្គាមត្រជាក់ សង្រ្គាមវៀតណាម សង្រ្គាមស៊ីវិល សង្រ្គាមអាហ្វហ្កានីស្ថាន សង្រ្គាមអ៊ីរ៉ាក់ សង្រ្គាមឥណ្ឌូចិន សព្វាវុធនុយក្លេអ៊ែរ សហភាពសូវៀត សហរដ្ឋអាមេរិក សាសនាអ៊ីស្លាម ស្ថានភាពពិភពលោក ហ៊ីត្លែរ ហ្គ័របាឆូវ អង់គ្លេស អធិរាជណាប៉ូឡេអុង អរិយធម៌ដ៏ចំណាស់បំផុតរបស់មនុស្សជាតិ អរិយធម៌មេឌីទែរ៉ាណេ អរិយធម៌អាស៊ីអាគ្នេយ៍ អាញ់ស្តាញ់ អាណាចក្រខ្មែរ អាណានិគម អាណាព្យាបាលបារាំង អាប្រាហាំលីនកុន អាមេរិក អារ៉ាប់ អាល់កៃដា អាល់ប៊ែរ អាញ់ស្តាញ់ អាស៊ីប៉ាសីហ្វិក អ៊ីតាលី អ៊ីសាក់ញូតុន អ៊ីស្រាអែល អឺរ៉ុបខាងកើត អ៊ុយក្រែន ឧស្សាហកម្ម

អរិយធម៌អាស៊ីអាគ្នេយ៍៖ភាពរុងរឿងនៃ អាណាចក្រខ្មែរសម័យអង្គរ

         នៅ​ក្នុង​អំឡុង​សតវត្សរ៍​ទី៩​ នៅ​ក្នុង​ពេល​ដែល​អឺរ៉ុប​កំពុង​ឆ្លងកាត់​នូវ​យុគខ្មៅ​ងងឹត ក្រោយ​ការ​ដួលរលំ​នៃ​ចក្រភព​រ៉ូម ហើយ​ចក្រភព​អារ៉ាប់​កំពុង​ស្គាល់​ភាព​រុងរឿង វាតទី​កាន់កាប់ទឹកដី​នៅ​ប៉ែកខាងត្បូង និង​ខាង​កើត​នៃ​តំបន់​មេឌីទែរ៉ាណេ នៅ​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍​ឯណោះវិញ អាណាចក្រ​មួយ​ក៏​កំពុង​តែ​ងើបឡើង និង​ស្គាល់​ភាព​រុងរឿង​ខ្លាំង​ដែរ នោះគឺ អាណាចក្រ​ខ្មែរ។
 
ប្រាសាទអង្គរវត្ត ដែល​ជា​កេរមរតក​នៃ​អាណាចក្រ​ខ្មែរ ក្នុង​យុគសម័យរុងរឿង
 
            តាមរយៈ​ការសិក្សា​របស់​អ្នក​បុរាណវិទ្យា គេរកឃើញ​ថា នៅ​ត្រង់​ទឹកដី​នៃ​ប្រទេស​កម្ពុជា​បច្ចុប្បន្ន​ មាន​មនុស្ស​រស់នៅ​ដើមដំបូង តាំង​ពី​ប្រមាណ​ជា ៤២០០ឆ្នាំ​មុន​គ.ស ពោលគឺ ប្រមាណ​ជា​ជាង ៦ពាន់​ឆ្នាំមុន​សម័យកាល​បច្ចុប្បន្ន។ ប្រជាជន​នៅ​តំបន់​នេះ​បាន​ចាប់ផ្តើម​ងាកចេញ​ពី​ការរស់​នៅ​បែប​បុរេ​ប្រវត្តិ មក​​ចាប់​ប្រកបរបរ​កសិកម្ម រួចហើយ​​បន្តិចម្តង​បាន​បង្កើត​ទៅ​ជា​រដ្ឋមួយឡើង នៅ​អំឡុង​សតវត្សរ៍​ទី១​នៃ គ.ស គឺ​នគរ​​គោកធ្លក (ឬ​នគរ​ភ្នំ ) ដែល​ក្នុង​ឯកសារ​ចិន​ហៅ​ក្លាយ​មក​ជា ហ៊្វូណន
            ដំណើររឿង​នៃ​ការ​កកើត​នគរ​គោកធ្លក ឬ​ហ៊្វូណន ត្រូវបានគេ​ដំណាល​ជា​លក្ខណៈ​រឿង​ព្រេង និង​មាន​កត់ត្រា​ទុក​ក្នុង​សិលាចារឹក​និងក្នុង​​ឯកសារ​ចិន។ តាមដំណើររឿងព្រេង នៅ​ក្នុង​ទំនៀមទម្លាប់​ប្រពៃណីខ្មែរ ការកកើត​នៃ​នគរគោកធ្លក ចាប់ផ្តើម​ពី​អាពាហ៍ពិពាហ៍ រវាង​ព្រះថោង ដែល​ជា​ក្សត្រ​មក​ពី​ឥណ្ឌា និង​នាងនាគ ដែល​ជា​ម្ចាស់ស្រុក។ ក៏ប៉ុន្តែ នៅ​ក្នុង​សិលាចារឹក​ជា​ភាសា​សំស្ក្រឹត គេ​បាន​រកឃើញ​នូវ​កំណត់ត្រា​អំពី​ដំណើររឿង នៃ​អាពាហ៍ពិពាហ៍​ រវាង​ម្ចាស់ស្រុក គឺ​ព្រះនាង​សោមា ជាមួយ​នឹង​ព្រាហ្មណ៍​​ម្នាក់​ឈ្មោះ កោណ្ឌញ្ញ ដែល​ធ្វើ​ដំណើរ​តាមទូក​ មកពីទិស​ខាង​ត្បូង​ (អាចមក​ពីកោះជ្វា ឬ​ស៊ូម៉ាត្រា)។ ចំណែក​ឯកសារ​ចិន​វិញ​​មាន​កត់ត្រា អំពី​​​​អាពាហ៍ពិពាហ៍​រវាង​ព្រះបាទ​ហ៊ុនទៀន និង​ព្រះនាង​លីវយី។
អ្នកប្រាជ្ញ​ខ្លះ​យល់ថា ដំណើររឿង​ទាំង៣ខាងលើនេះ គឺ​ជា​រឿង​តែមួយ គ្រាន់តែ​មាន​ការ​កត់ត្រា​ឈ្មោះ​ខុសៗគ្នា។ ក៏ប៉ុន្តែ អ្នក​ខ្លះ​ទៀត យល់ថា រឿង​នេះ​អាច​ជា​ដំណើររឿង ផ្សេងគ្នា ដែល​កើតឡើង​នៅ​ក្នុង​ទឹកដី​ខ្មែរដូចគ្នា ប៉ុន្តែ ក្នុង​កាលវេលា​ខុសគ្នា។
            នគរហ៊្វូណន​មាន​រាជធានី​នៅ​ម្តុំ​ បាភ្នំ (ខេត្ត​ព្រៃវែង​បច្ចុប្បន្ន) ហើយមាន​​វប្បធម៌​លាយ​ចម្រុះ​គ្នា រវាង​វប្បធម៌​របស់​ជនជាតិ​ខ្មែរ​ដើម និង​វប្បធម៌​ទទួល​ឥទ្ធិពល​ពីឥណ្ឌា។ សាសនា​ក៏ដូចគ្នា​ដែរ។ ប្រជារាស្រ្ត​នៃហ៊្វូណនគោរព​តាម​ជំនឿ​​សាសនា​ដើម​របស់​ខ្លួនផង ដែល​គេហៅថា សាសនា​អ្នកតា និង​តាម​ជំនឿ​សាសនា​ពី​ឥណ្ឌា​ផង គឺ​ដំបូង​ព្រហ្មញ្ញសាសនា​ និង​បន្ទាប់មកទៀតពុទ្ធសាសនា។
            តាមពិត ហ៊្វូណន​​គឺ​ជា​អាណាចក្រ​មួយ ដែល​មាន​នគរ​ច្រើនជា​ចំណុះ។ នគរ​ទាំងនេះ​​​គ្រប់គ្រង​ដោយ​ក្សត្រផ្សេងគ្នា ​មាន​ឯករាជ​ដាច់ចេញ​ពីគ្នា ហើយ​ពេល​ខ្លះ ថែម​ទាំង​​ធ្វើ​សង្រ្គាម​រវាង​គ្នា​ទៀតផង គឺ​​ដូចជា សង្រ្គាម​រវាង​ស្តេចត្រាញ់ នៅ​តំបន់​អឺរ៉ុប ក្នុង​យុគសម័យ​កណ្តាល ក្រោយ​ការ​ដួលរលំ​នៃ​ចក្រភព​រ៉ូម​ដូច្នោះដែរ។
            នៅ​ក្នុង​អាណាចក្រ​ហ៊្វូណន គេឃើញ​មាននគរ​ពីរ ដែល​មាន​ការ​ប្រកួតប្រជែងគ្នា​ខ្លាំង​ជាងគេ គឺ​មួយ​មាន​រាជធានី​នៅ​វយធបុរៈ (នៅត្រង់​ព្រៃកប្បាស​បច្ចុប្បន្ន) និង​មួយទៀត មាន​រាជធានី​នៅ​សម្ភុបុរៈ (ត្រង់​ស្រុក​សម្បូរ ខេត្ត​ក្រចេះ​បច្ចុប្បន្ន)។
            នៅ​សតវត្សរ៍​ទី៥ នគរ​វយធបុរៈ​បាន​វាយដណ្តើម​កាន់កាប់​សម្ភុបុរៈ​ ហើយ​បញ្ចូលគ្នា​បង្កើត​ទៅជា​នគរ​ធំមួយ ដែល​មាន​អំណាច​យ៉ាង​ខ្លាំង រហូត​​ក្រោយ​មកទៀត ឈាន​ទៅ​​​ដណ្តើម​កាន់កាប់​​ដែនដី​នៃ​នគរហ៊្វូណន​ទាំងមូល។ នគរហ៊្វូណន​ត្រូវ​ដួលរលំ ហើយ​ជំនួស​មកវិញ ដោយ​នគរ​ថ្មីមួយទៀត ដែល​នៅ​ក្នុង​ឯកសារ​ចិន​ដាក់​ឈ្មោះ​ឲ្យ​ថា ចេនឡា ហើយ​ដែល​ក្រោយមក​បាន​ក្លាយ​ទៅជា​អាណាចក្រ​ខ្មែរ។
            នៅសតវត្សរ៍ទី៧ ក្រោយ​ការ​ចូលទីវង្គត​របស់​ព្រះបាទ​ជ័យវរ្ម័នទី១ រាជាណាចក្រ​កម្ពុជា ដែលចិន​ហៅ​ថា ចេនឡា ត្រូវ​បាន​បំបែក​ជា​​នគរ​ពីរ ដូចកាល​ពី​សម័យ​ហ៊្វូណន​វិញ គឺ​នគរ​វយធបុរៈ ដែល​ចិនហៅថា ចេនឡា​ទឹក និង​នគរ​សម្ភុបុរៈ ដែល​ចិន​ហៅ​ថា ចេនឡាគោក។ ចេនឡាទឹក​មាន​ទឹកដី​នៅ​ត្រង់​ម្តុំ​កម្ពុជា​ក្រោម​សព្វថ្ងៃ ចំណែក​ឯ​ចេនឡា​គោក មាន​ទឹកដី​នៅ​ត្រង់​ម្តុំ​ប្រទេស​កម្ពុជា​សព្វថ្ងៃ ហើយ​លាតសន្ធឹង​ដល់​ជួរភ្នំ​ដងរែក។ ក៏ប៉ុន្តែ ការបែងចែក​នគរ​ចេនឡា​ជាពីរ​នៅពេលនោះ ប្រហែល​ជា​ធ្វើឡើង គ្រាន់តែដើម្បី​ចែកគ្នា​គ្រប់គ្រង​តែប៉ុណ្ណោះ។ ចេនឡា​ទាំងពីរ ​មិនមែន​ជាសត្រូវ​នឹងគ្នា ដូច​ជា​កាលពី​នគរវយធបុរៈ និង​សម្ភុបុរៈ កាល​ពី​​នៅក្នុង​សម័យកាល​​នគរហ៊្វូណន​នោះទេ។
 
ផែនទី​នៃអាណាចក្រខ្មែរ ក្នុង​អំឡុង​សតវត្សរ៍ទី១០

      រហូតដល់​ដើមសតវត្សរ៍​ទី៩ ចេនឡា​ទាំងពីរ​ក៏​បាន​បង្រួបបង្រួម​គ្នា​ជា​នគរ​តែមួយ​ឡើងវិញ ក្រោមការដឹកនាំ​របស់​ព្រះបាទ​ជ័យវរ្ម័នទី២ ដែល​បាន​ឡើង​គ្រងរាជ្យ នៅ​ឆ្នាំ​៨០២។ ថ្វីដ្បិត​តែ​នៅ​ក្នុង​ប្រវត្តិសាស្រ្ត ព្រះបាទ​ជ័យវរ្ម័នទី២​មិនសូវ​មាន​កិត្តិនាម​ល្បី ដូចជា ព្រះបាទ​ជ័យវរ្ម័នទី៧ ក៏ប៉ុន្តែ ព្រះអង្គ​ត្រូវបានអ្នក​ប្រវត្តិសាស្រ្ត​​​ចាត់ទុកថា​ជា​ក្សត្រ​ដំបូងបង្អស់ ដែល​បាន​ស្ថាបនា​អាណាចក្រ​ខ្មែរ​រួបរួមគ្នា​មួយ ដែល​ក្រោយមកទៀត ​បាន​ស្គាល់​នូវ​ភាពរុងរឿង​បំផុត​ក្នុង​ប្រវត្តិសាស្រ្ត​ខ្មែរ។ ​ឆ្នាំ​៨០២ ដែល​​​ព្រះបាទ​ជ័យវរ្ម័នទី២ ​ឡើង​គ្រងរាជ្យ ត្រូវ​បាន​អ្នក​ប្រវត្តិសាស្រ្ត​ទូទៅ​កំណត់​ថា​ជា​ចំណុច​ចាប់ផ្តើម​នៃ​ សម័យអង្គរ​ ដែល​ជា​សម័យកាល​ដ៏រុងរឿង​បំផុត​នៃ​អាណាចក្រ​ខ្មែរ។
    ក្នុងរយៈពេល​ប្រមាណ​ជា​ជាង ៦០០ឆ្នាំ​ ចាប់តាំង​ពី​ដើម​សតវត្សរ៍​ទី៩ រហូតដល់​ពាក់កណ្តាល​សតវត្សរ៍ទី១៥ អាណាចក្រ​ខ្មែរ​​បាន​ស្គាល់​នូវភាពរុងរឿង​ ក្នុងឋានៈ​ជា​មហាអំណាច នៅ​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍។ នៅ​ក្នុង​អំឡុង​ពេលនោះ អាណាចក្រ​ខ្មែរ​​បាន​គ្រប់គ្រង​ទឹកដី​ដ៏ធំ ដែលគ្របដណ្តប់​លើ​ទឹកដី​កម្ពុជា​ ថៃ ឡាវ និង​ប៉ែក​ខាង​ត្បូង​ប្រទេស​វៀតណាម​បច្ចុប្បន្ន។ ព្រំដែន​នៃ​អាណាចក្រ​ខ្មែរ​លាតសន្ធឹង​រហូតទៅដល់​ប្រទេស​ចិន នៅ​ប៉ែក​ខាង​ជើង ភូមា នៅប៉ែក​ខាង​លិច ម៉ាឡេស៊ី នៅប៉ែក​ខាង​ត្បូង និង​នគរ​ចម្ប៉ា នៅ​ខាងកើត។
       នៅ​ក្នុង​កំណត់ត្រា​របស់​ពួកអារ៉ាប់ នៅ​ចន្លោះ​ពីសតវត្សរ៍ទី៩ និង​សតវត្សរ៍​ទី១០ គេឃើញ​ថា កាលណា​និយាយ​ពី​តំបន់​អឺរ៉ុប ពួកអារ៉ាប់តែងតែ​លើកឡើង​ពី​ការ​ធ្លាក់ដុនដាប​ ក្នុង​យុគខ្មៅងងឹត ក៏ប៉ុន្តែ ពួកអារ៉ាប់​បាន​​ចាត់ទុក​តំបន់​អាស៊ីអាគ្នេយ៍ថា​ស្ថិត​ក្នុង​​តំបន់​ដែល​មាន ​ភាព​រុងរឿង​បំផុត នៅលើ​ពិភពលោក នៅ​ក្នុង​អំឡុង​ពេលនោះ។
            ក៏ប៉ុន្តែ ជម្លោះ​ផ្ទៃក្នុង ជាពិសេស ជម្លោះ​ដណ្តើម​រាជ្យបល្ល័ង្ក បូករួម​ជាមួយ​នឹង​ការ​ឈ្លានពាន​ពី​ប្រទេស​ជិតខាង បាន​ធ្វើ​ឲ្យ​អាណាចក្រ​ខ្មែរ​ត្រូវ​ធ្លាក់ចុះ​ខ្សោយ​ជាបន្តបន្ទាប់ ហើយទឹកដី​កាន់តែ​រួញតូច។ជាទូទៅ អ្នកប្រវត្តិសាស្រ្ត​បាន​កំណត់​ថា សម័យកាល​រុងរឿង​នៃ​អាណាចក្រ​ខ្មែរ​បាន​ចាប់ផ្តើម​ពី​ឆ្នាំ​៨០២ ជាមួយនឹង​ការ​ឡើងគ្រងរាជ្យ​នៃ​ព្រះបាទ​ជ័យវរ្ម័ន​ទី២ និង​បញ្ចប់នៅ​ត្រឹម​ឆ្នាំ​១៤៣១ នៅ​ពេល​ដែល​​ព្រះបាទ​ស្រីសុរិយោពណ៌ (ឬចៅពញាយ៉ាត) សម្រេច​ចិត្ត​បោះបង់​រាជធានី​អង្គរចោល ហើយ​​ទៅតាំង​រាជធានី​នៅស្រីសន្ធរ និង​បន្ទាប់​មក​នៅ​​ភ្នំពេញវិញ ដើម្បី​គេចចេញ​ពី​ការឈ្លានពានរបស់​កងទ័ព​សៀម៕