ភាពរុងរឿងនៃចក្រភពអារ៉ាប់ ពីសតវត្សរ៍ទី៧ ដល់សតវត្សរ៍ទី១៣
នៅសតវត្សរ៍ទី៧
សាសនាថ្មីមួយ បានចាប់កំណើតឡើង នៅក្នុងឧបទ្វីបអារ៉ាប់
(ក្នុងប្រទេសអារ៉ាប៊ីសាអ៊ូឌីតបច្ចុប្បន្ន) គឺសាសនាអ៊ីស្លាម
ដោយមានមហាម៉ាត់ជាព្យាការី។ សម្រាប់អ្នកមិនកាន់សាសនាអ៊ីស្លាម មហាម៉ាត់ គឺជាអ្នកបង្កើតសាសនាអ៊ីស្លាម
ក៏ប៉ុន្តែ អ្នកកាន់សាសនាអ៊ីស្លាមវិញយល់ថា អ៊ីស្លាមមានតាំងពីយូរណាស់មកហើយ ចំណែកមហាម៉ាត់
គ្រាន់តែជាព្យាការីចុងក្រោយ ដើម្បីនាំសាររបស់ព្រះមកផ្សព្វផ្សាយដល់មនុស្សតែប៉ុណ្ណោះ។
ក៏ប៉ុន្តែ
បើទោះជាយ៉ាងណាក៏ដោយ ការលេចមុខរបស់មហាម៉ាត់ និងសាសនាអ៊ីស្លាម
នៅឧបទ្វីបអារ៉ាប់ គឺជារបត់ដ៏សំខាន់មួយ នៅក្នុងប្រវត្តិសាស្រ្តរបស់ពិភពអារ៉ាប់។
នៅមុនមហាម៉ាត់ បណ្តាជនអារ៉ាប់នៅមិនទាន់បង្កើតជារចនាសម្ព័ន្ធរដ្ឋត្រឹមត្រូវនៅឡើយទេ
ដោយពួកគេរស់នៅជាលក្ខណៈកុលសម្ព័ន្ធផ្សេងៗដាច់ពីគ្នា ហើយកុលសម្ព័ន្ធនីមួយៗ
គោរពបូជាព្រះរៀងៗខ្លួនផ្សេងពីគ្នា គឺ ព្រះដែលតំណាងដោយរូបសំណាក។
![]() |
ចក្រភពអារ៉ាប់បានអភិវឌ្ឍផ្លូវជំនួញ ចាប់តាំងពីតំបន់អឺរ៉ុប កាត់តាមមជ្ឈិមបូព៌ា រហូតទៅដល់តំបន់អាស៊ី |
មហាម៉ាត់បាននាំនូវសេចក្តីបង្រៀនថ្មីមួយដល់កុលសម្ព័ន្ធអារ៉ាប់
គឺថា ការថ្វាយបង្គំរូបព្រះជាការខុសឆ្គង ពីព្រោះថា ព្រះពិតមិនត្រូវការរូបសំណាកជាតំណាង
ហើយព្រះពិតមានតែមួយអង្គគត់ ដែលជាព្រះរបស់មនុស្សគ្រប់គ្នា។
មនោគមន៍វិជ្ជាសាសនាថ្មីនេះ គឺជាមូលដ្ឋានដ៏សំខាន់មួយ ដែលឈានទៅបង្រួបបង្រួមក្រុមកុលសម្ព័ន្ធអារ៉ាប់
ឲ្យទៅជាសហគមន៍តែមួយវិញ គឺសហគមន៍អ៊ីស្លាម។ លើសពីនេះទៅទៀត មហាម៉ាត់បានរៀបចំឲ្យសហគមន៍អ៊ីស្លាមនេះមានរចនាសម្ព័ន្ធដឹកនាំ
ត្រឹមត្រូវ ក្នុងលក្ខណៈជារដ្ឋមួយ។
គិតត្រឹមឆ្នាំ ៦៣២
ក្រោមការដឹកនាំរបស់មហាម៉ាត់ អារ៉ាប់បានពង្រីកទឹកដីរបស់ខ្លួន រហូតបានកាន់កាប់ឧបទ្វីបអារ៉ាប់ទាំងមូល
ពោលគឺ ទឹកដីនៃប្រទេសអារ៉ាប៊ីសាអ៊ូឌីត កូវ៉ែត បារ៉ែន អារ៉ាប់រួម អូម៉ង់ និងយេមែន
នៃសម័យកាលបច្ចុប្បន្ន។
នៅក្រោយមរណភាពរបស់មហាម៉ាត់
នៅឆ្នាំ៦៣២ ថ្វីដ្បិតតែសហគមន៍អ៊ីស្លាមមានការខ្វែងគំនិតគ្នា ពីរឿងអ្នកស្នងតំណែងមហាម៉ាត់
ក៏ប៉ុន្តែ អារ៉ាប់នៅតែមានកម្លាំងខ្លាំង ហើយបន្តពង្រីកទឹកដីរបស់ខ្លួនតទៅទៀត
រហូតទៅដល់ព្រំដែននៃចក្រភពប៊ីហ្សង់តាំង (ចក្រភពរ៉ូមខាងកើត)។
សង្រ្គាមរវាងអារ៉ាប់
និងចក្រភពប៊ីហ្សង់តាំងក៏បានផ្ទុះឡើង នៅឆ្នាំ៦៣៤។ នៅក្នុងសង្រ្គាមនេះ ចក្រភពអារ៉ាប់បានវាយដណ្តើមកាន់កាប់ខេត្តម្តងមួយៗរបស់ចក្រភព
ប៊ីហ្សង់តាំង គឺ ស៊ីរី (៦៣៧) អេហ្ស៊ីប និងអារមេនី (៦៣៩) និងតំបន់អាហ្វ្រិកខាងជើង
(៧០៩)។ នៅឆ្នាំ៧១២ កងទ័ពអារ៉ាប់បានឆ្លងច្រកសមុទ្រហ្ស៊ីប្រាល់តារ (Gibraltar)
ហើយវាយលុកចូលទៅដល់អេស្ប៉ាញ។ ក្រោយពីវាយយកអេស្ប៉ាញ កងទ័ពអារ៉ាប់ក៏បានឆ្លងជួរភ្នំពីរ៉េណេ
(Pyrénées) ចូលទៅដល់ប៉ែកខាងត្បូងហ្គោល
(បារាំងបច្ចុប្បន្ន)។
នៅប៉ែកខាងកើតឯណោះវិញ កងទ័ពអារ៉ាប់បានវាយកាន់កាប់អាណាចក្រពែរស៍បានយ៉ាងស្រួល។
ប្រជាជនពែរស៍បានទទួលយកសាសនាអ៊ីស្លាម ក៏ប៉ុន្តែ ប្រកាន់យកនិកាយស្ហ៊ីអ៊ីត។
ប្រជាជនអ៊ីរ៉ង់ ដែលជាតំណងវង្សនេះអាណាចក្រពែរស៍សម័យបុរាណ នៅតែបន្តកាន់សាសនាអ៊ីស្លាម
និកាយស្ហ៊ីអ៊ីត រហូតមកទល់នឹងពេលសព្វថ្ងៃនេះ។
ការវាតទីពង្រីកទឹកដីរបស់ចក្រភពអារ៉ាប់ត្រូវបានធ្វើឡើង
ក្នុងល្បឿនយ៉ាងលឿនគួរឲ្យកត់សម្គាល់ ប៉ុន្តែ ក៏កងទ័ពអារ៉ាប់មិនចេះតែបានទទួលជោគជ័យគ្រប់ពេលនោះដែរ។
កងទ័ពអារ៉ាប់ត្រូវទទួលបរាជ័យ នៅកុងស្តង់ទីណូប នៅឆ្នាំ៧១៧ ដោយមិនអាចវាយកាន់កាប់រាជធានីនៃចក្រភពប៊ីហ្សង់តាំងបាន។
នៅអឺរ៉ុបវិញ កងទ័ពអារ៉ាប់ត្រូវកងទ័ពរបស់ពួកហ្វ្រង់ ដឹកនាំដោយស្ហាល
ម៉ារទែល (Charles Martel) វាយបំបាក់ នៅម្តុំព័រជេរ (Poitiers)
នៅឆ្នាំ៧៣២។ ពួកហ្វ្រង់
គឺជាប្រជាជនចេញពីអម្បូរហ្ស៊ែរម៉ានិក ហើយគ្រប់គ្រងដែនដីហ្គោល
(ប្រទេសបារាំងបច្ចុប្បន្ន)។
![]() |
រូបគំនូរ សតវត្សរ៍ទី១៩ ដាក់តាំងនៅវាំង Versailles ប្រទេសបារាំង បង្ហាញអំពីសមរភូមិរវាងពួកហ្វ្រង់
និងកងទ័ពអារ៉ាប់ នៅព័រជេរ ឆ្នាំ៧៣២
|
ជោគជ័យរបស់ពួកហ្វ្រង់
នៅព័រជេរ គឺជារនាំងដ៏ធំមួយ ដែលរារាំងមិនឲ្យកងទ័ពអារ៉ាប់ឈ្លានពានចូលកាន់តែជ្រៅ
ក្នុងតំបន់អឺរ៉ុប។ ក៏ប៉ុន្តែ ទោះជាយ៉ាងណា គិតមកត្រឹមពាក់កណ្តាលសតវត្សរ៍ទី៨
ពោលគឺ ប្រើរយៈពេលតែមួយសតវត្សរ៍ប៉ុណ្ណោះ ចក្រភពអារ៉ាប់បានពង្រីកទឹកដីរបស់ខ្លួនរហូតទៅដល់អាហ្វហ្កានីស្ថាន
នៅទិសខាងកើត និងអេស្ប៉ាញ នៅទិសខាងលិច។ ដែនដីទាំងអស់នៅឆ្នេរប៉ែកខាងត្បូងសមុទ្រមេឌីទែរ៉ាណេ
ព្រមទាំងតំបន់មជ្ឈិមបូព៌ាទាំងមូល ត្រូវស្ថិតក្រោមការគ្រប់គ្រងរបស់ចក្រភពអារ៉ាប់។
ក្នុងរយៈពេលប្រមាណជា
៦សតវត្សរ៍ ចក្រភពអារ៉ាប់បានស្គាល់នូវភាពរុងរឿងបំផុត ដោយ នៅក្នុងអំឡុងពេលនោះ
អារ៉ាប់បានពង្រីកផ្លូវជំនួញរបស់ខ្លួន ទាំងតាមផ្លូវគោក និងផ្លូវទឹក
ចាប់តាំងពីតំបន់អឺរ៉ុប រហូតដល់អាស៊ី។ ខាងផ្នែកចំណេះដឹង និងការច្នៃប្រឌិត
អ្នកប្រាជ្ញអារ៉ាប់ក៏មានច្រើនដែរ រាប់ចាប់តាំងពីខាងគណិតវិទ្យា រូបវិទ្យា
និងតារាវិទ្យា។
ចក្រភពអារ៉ាប់បានចាប់ផ្តើមធ្លាក់ចុះ
នៅសតវត្សរ៍ទី១៣ ដោយសារតែមានសង្រ្គាមសាសនាជាមួយនឹងកាតូលិក
នៅចន្លោះសតវត្សរ៍ទី១១ និងទី១២ផង និងជាពិសេស ដោយសារតែមានការឈ្លានពាន ពីសំណាក់ពួកម៉ុងហ្គោល
របស់ហ្សិនហ្គីស ខាន់ (Genghis Khan) នៅសតវត្សរ៍ទី១៣។
កងទ័ពម៉ុងហ្គោលបានវាយលុកចូលឈ្លានពានចក្រភពអារ៉ាប់ ហើយបានវាយកម្ទេចទីក្រុងបាកដាដ
នៅឆ្នាំ១២៥៨។ បើទោះបីជាចក្រភពអារ៉ាប់ មិនទាន់ដួលរលំ ក៏ប៉ុន្តែ ការវាយកម្ទេចក្រុងបាកដាដ
ដោយកងទ័ពម៉ុងហ្គោលនៅឆ្នាំ១២៥៨នោះ ត្រូវបានអ្នកប្រវត្តិសាស្រ្តទូទៅចាត់ទុកថា
ជាចំណុចបញ្ចប់នៃភាពរុងរឿងរបស់ចក្រភពអារ៉ាប់។
បើយើងពិនិត្យមើលទៅលើស្ថានភាពភូមិសាស្រ្ត
នយោបាយ ភាសា និងសាសនា នៅជុំវិញសមុទ្រមេឌីទែរ៉ាណេ នាសម័យកាលបច្ចុប្បន្ននេះ
យើងឃើញថា ស្លាកស្នាមនៃការបែងចែក រវាងអរិយធម៌ចក្រភពរ៉ូម ប៊ីហ្សង់តាំង និងអារ៉ាប់
នៅតែបន្តបន្សល់ទុករហូតមកទល់នឹងសព្វថ្ងៃនេះ។
នៅប៉ែកខាងជើងសមុទ្រមេឌីទែរ៉ាណេ
អឺរ៉ុបខាងលិចស្ថិតក្រោមឥទ្ធិពលនៃអរិយធម៌ នៃចក្រភពរ៉ូម ដោយនិយាយភាសាឡាតាំង
និងកាន់សាសនាគ្រឹស្តនិកាយកាតូលិក។ អឺរ៉ុបខាងកើត រហូតដល់ព្រំប្រទល់នៃតំបន់ដើមបូព៌ា
ស្ថិតក្រោមឥទ្ធិពលនៃ ចក្រភពប៊ីហ្សង់តាំង
ដែលកាន់គ្រឹស្តសាសនានិកាយអរតូដុក្ស៍ (Orthodox)។ ចំណែកនៅប៉ែកខាងត្បូងសមុទ្រមេឌីទែរ៉ាណេវិញ
ចាប់តាំងពីតំបន់អាហ្វ្រិកខាងជើង កាត់តាមមជ្ឈិមបូព៌ារហូតដល់អាហ្វហ្កានីស្ថាន
និងប៉ាគីស្ថាន គឺជាប្រទេសកាន់សាសនាអ៊ីស្លាម
ចេញពីឥទ្ធិពលរបស់ចក្រភពអារ៉ាប់៕