Labels

Albert Einstein Alexandre le Grand ISIS La Terreur Pearl Harbor Renaissance កំណែទម្រង់ប៉េរេស្ត្រយកា កំណែទម្រង់សេដ្ឋកិច្ចចិន កម្ពុជា កម្ពុជាក្រោម កម្លាំងទំនាញសកល ការចាប់ផ្ដើម ការប្រជែងផ្នែកអវកាស ការវិលត្រឡប់ទៅកាន់អំណាច កាលីលេ កូសាំងស៊ីន ក្រិក ក្រុមជីហាតរដ្ឋអ៊ីស្លាម ក្រុមភេរវជនអន្តរជាតិ ខ្សែបន្ទាត់ព្រំដែន គ្រាប់បែកនុយក្លេអ៊ែរ គ្រីស្តូហ្វកូឡុំ គ្រឹស្តសាសនា ចក្រភពម៉ុងហ្គោល ចក្រភពរ៉ូម ចក្រភពអារ៉ាប់ ចលនាតស៊ូប្រដាប់អាវុធកុម្មុយនិស្ត ចិន ច្បាប់នៃចលនា ឆេកូស្លូវ៉ាគី ជប៉ុន ជ័យជម្នះរបស់ក្រុមសម្ព័ន្ធមិត្ត ជិនហ្គីស ខាន់ ដែនដីអាណានិគម តេងស៊ាវពីង តេងស៊ាវភីង ទ្រឹស្តីតារាសាស្រ្ត ទ្រឹស្តីសាសនា បក្សកុម្មុយនិស្តចិន បដិវត្តន៍ បដិវត្តន៍កសិកម្ម បដិវត្តន៍រាជានិយម បដិវត្តន៍វប្បធម៌ បដិវត្តន៍អ៊ីរ៉ង់ បារាំង បិតាកំណែទម្រង់សេដ្ឋកិច្ចចិន ប៊ិនឡាដិន បុរេប្រវត្តិ ប្រធានាធិបតីអាមេរិក ប្រវត្តិសាស្រ្ត ប្លុកកុម្មុយនិស្ត ផលវិបាក ភេរវកម្ម១១កញ្ញា មជ្ឈិមបូព៌ា មហាអំណាចអាណានិគមអាស៊ី មហាអំណាចអឺរ៉ុប មូលហេតុ ម៉ៅសេទុង យុគខ្មៅងងឹត យុគនៃពន្លឺ រដ្ឋធម្មនុញ្ រុស្សី លេនីន វាំងននដែក វិទ្យាសាស្រ្ត វិបត្តិប៊ែរឡាំង វិបត្តិព្រែកជីកស៊ុយអេ វិបត្តិមីស៊ីលគុយបា វៀតណាមខាងត្បូង សង្គ្រាមលោកលើកទី១ សង្គ្រាមលោកលើកទី២ សង្រ្គាមកូរ៉េ សង្រ្គាមឈូងសមុទ្រពែក្ស សង្រ្គាមត្រជាក់ សង្រ្គាមវៀតណាម សង្រ្គាមស៊ីវិល សង្រ្គាមអាហ្វហ្កានីស្ថាន សង្រ្គាមអ៊ីរ៉ាក់ សង្រ្គាមឥណ្ឌូចិន សព្វាវុធនុយក្លេអ៊ែរ សហភាពសូវៀត សហរដ្ឋអាមេរិក សាសនាអ៊ីស្លាម ស្ថានភាពពិភពលោក ហ៊ីត្លែរ ហ្គ័របាឆូវ អង់គ្លេស អធិរាជណាប៉ូឡេអុង អរិយធម៌ដ៏ចំណាស់បំផុតរបស់មនុស្សជាតិ អរិយធម៌មេឌីទែរ៉ាណេ អរិយធម៌អាស៊ីអាគ្នេយ៍ អាញ់ស្តាញ់ អាណាចក្រខ្មែរ អាណានិគម អាណាព្យាបាលបារាំង អាប្រាហាំលីនកុន អាមេរិក អារ៉ាប់ អាល់កៃដា អាល់ប៊ែរ អាញ់ស្តាញ់ អាស៊ីប៉ាសីហ្វិក អ៊ីតាលី អ៊ីសាក់ញូតុន អ៊ីស្រាអែល អឺរ៉ុបខាងកើត អ៊ុយក្រែន ឧស្សាហកម្ម

ការចាប់កំណើតនៃសាសនាអ៊ីស្លាម

      ក្រោយការ​ដួលរលំ​នៃ​ចក្រភព​រ៉ូម នៅ​ក្នុង​ពេល​ដែល​អឺរ៉ុប​កំពុង​ធ្លាក់​ក្នុង​ភាព​អនាធិបតេយ្យ នៅ​ខាង​ត្បូង​សមុទ្រ​មេឌីទែរ៉ាណេ​ឯណោះវិញ ពិភពអារ៉ាប់​បាន​ស្គាល់​នូវ​ភាព​រីកចម្រើន ជាមួយ​នឹង​ការ​ចាប់កំណើត​នៃសាសនា​ថ្មីមួយ គឺ​សាសនា​អ៊ីស្លាម ដោយ​មាន​មហាម៉េដ​ជា​ព្យាការី។
       មហាម៉េដ​ កើតនៅ​អំឡុង​ឆ្នាំ​៥៧០នៃគ.ស នៅក្នុងទីក្រុងម៉ិកកា ក្នុង​ឧបទ្វីបអារ៉ាប់ (ប្រទេសអារ៉ាប៊ីសាអ៊ូឌីតនាពេលបច្ចុប្បន្ន) នៅ​ក្នុង​អំឡុង​ពេលនោះ ទីក្រុង​ម៉ិកកា គឺ​ជា​ក្រុង​ជំនួញ​ដ៏​សំខាន់មួយ ដែល​ជា​ចំណុច​កណ្តាល​ភ្ជាប់​ផ្លូវ​ជំនួញ ពី​អឺរ៉ុប រហូតដល់​អាស៊ី។
រូប​គំនូរ​បង្ហាញ​ពី​​មហាម៉េដ ព្យាការី​នៃ​សាសនា​អ៊ីស្លាម

       ដំណើរជីវិត​ពិត​របស់​មហាម៉េដ មាន​ភាព​ស្រពិចស្រពិល​ច្រើន ដែល​គេ​ពិបាក​នឹង​ធ្វើការ​បែងចែក​ឲ្យ​បាន​ច្បាស់​រវាង​អ្វី​ដែល​បាន​កើតឡើង​ ពិតប្រាកដ និង​អ្វី​ដែល​ជា​សាច់រឿង ដែល​គេ​និទាន​តៗ​គ្នា។
            ជាទូទៅ មហាម៉េដ ​ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​អ្នក​ជំនួញ​ដ៏​ចំណានម្នាក់ ដែល​ធ្វើដំណើរ​ចុះឡើង ចាប់តាំង​ពី​តំបន់​ជុំវិញ​សមុទ្រ​មេឌីទែរ៉ាណេ រហូតទៅដល់​មហាសមុទ្រ​ឥណ្ឌា ដើម្បី​ធ្វើការ​ជួញដូរ។ ក៏ប៉ុន្តែ តាមជំនឿ​របស់​អ្នក​កាន់​សាសនា​អ៊ីស្លាម នៅ​ឆ្នាំ​៦១០ មហាម៉េដ ដែ​លមាន​វ័យ​​ ៤០ឆ្នាំ បាន​ទទួលនូវ​សេចក្តីបង្រៀន​ពីព្រះ​ជា​ម្ចាស់ នៅ​ក្នុង​ល្អាង​ភ្នំមួយ ក្បែរ​ទីក្រុង​ម៉ិកកា។ មហាម៉េដ បាន​យក​សេចក្តីបង្រៀន​អស់ទាំងនោះ ទៅ​បង្រៀន​បន្ត​ដល់​បណ្តាជន​ផ្សេងទៀត។
        មាន​អ្នកខ្លះ​​បាន​ចាប់ផ្តើម​ជឿ​ថា មហាម៉េដ គឺ​ជា​ព្យាការី​របស់​ព្រះ។ ក៏ប៉ុន្តែ ក្នុងពេល​ជាមួយគ្នា​ មហាម៉េដ ក៏​មាន​សត្រូវ​ច្រើន​ដែរ ដោយសារ​តែ​មាន​ការ​ប្រឆាំង​ជំទាស់​នឹង​សេចក្តីបង្រៀន​របស់​មហាម៉េដ ដែល​ថា ព្រះពិត​មានតែមួយ ហើយ​ការ​ថ្វាយបង្គំ​រូបសំណាក គឺ​ជា​ការ​ខុសឆ្គង។ ការគោរព​ និង​ថ្វាយបង្គំ​ព្រះ​ ដែល​មាន​ច្រើន​បែប ច្រើន​ប្រភេទ តំណាង​ដោយ​រូបសំណាក គឺ​ជា​ជំនឿសាសនា​របស់​អ្នក​ក្រុង​ម៉ិកកា នៅ​ក្នុង​អំឡុង​ពេលនោះ។
      ដោយ​មាន​ការ​ប្រឆាំង និង​ការ​ធ្វើ​ទុក្ខ​បុកម្នេញ​ខ្លាំង នៅ​ឆ្នាំ​៦២២ មហាម៉េដ រួមជាមួយ​នឹង​​អ្នក​ស្មោះស្ម័គ្រ​មួយក្រុម​តូច ក៏​បាន​រត់​ភៀសខ្លួន​ចេញ​ពី​ម៉ិកកា ទៅកាន់ក្រុងមួយទៀត ឈ្មោះ​ថា មេឌីណា (Medina) ដែល​ស្ថិត​នៅ​ចម្ងាយ​ប្រមាណ​ជា ៣២០គីឡូម៉ែត្រ​ខាងជើង​ម៉ិកកា (ក្នុង​ប្រទេស​អារ៉ាប៊ីសាអ៊ូឌីត​បច្ចុប្បន្ន​នេះ​ដែរ)។ នៅទីនោះ មហាម៉េដ​ បាន​ទាក់ទាញ​មនុស្ស​កាន់តែ​ច្រើន​ឲ្យ​ជឿលើ​សាសនា​អ៊ីស្លាម។ ក្នុងពេល​ជាមួយគ្នា​នោះ ដោយសារ​តែ​ម៉ិកកា និង​មេឌីណា មាន​ជម្លោះ​ប្រដាប់អាវុធ​នឹង​គ្នា មហាម៉េដ ដែល​ជា​ព្យាការី និង​ជា​មេដឹកនាំ​សាសនា​អ៊ីស្លាម ក៏​បាន​ក្លាយទៅជា​មេដឹកនាំ​កងទ័ព​ផងដែរ។
        ៨ឆ្នាំ​ក្រោយ​ពី​បាន​ភៀសខ្លួន​ទៅ​មេឌីណា មហាម៉េដ បានវិលត្រឡប់​មកកាន់​ទីក្រុង​ម៉ិកកា​វិញ ក៏ប៉ុន្តែ មកជាមួយ​នឹង​កងទ័ព​យ៉ាងច្រើន​សន្ធឹកសន្ធាប់ ហើយ​បាន​វាយលុកចូល​​កាន់កាប់​ក្រុង​ម៉ិកកា ទីកន្លែង​កំណើត​របស់​លោក និង​ជា​ទី​ដែល​លោក​ទទួលមរណភាព ២ឆ្នាំ​ក្រោយ​មកទៀត គឺ​នៅ​ឆ្នាំ​៦៣២។ ម៉ិកកា និង​មេឌីណា បានបន្ត​​ជា​ទីក្រុង​ដ៏​សក្ការៈ​ បំផុត​របស់​សាសនា​អ៊ីស្លាម​រហូតមកទល់​នឹង​ពេលបច្ចុប្បន្ននេះ។
        សេចក្តីបង្រៀន​របស់​មហាម៉េដ ត្រូវបាន​គេ​កត់ត្រាទុក​នៅ​ក្នុង​គម្ពីរ​កូរ៉ាន ដែល​ជា​មូលដ្ឋាន​គ្រឹះ​នៃ​សាសនា​អ៊ីស្លាម។ គោលជំនឿ​របស់​សាសនា​អ៊ីស្លាម មាន​លក្ខណៈ​ស្រដៀងគ្នា​ទៅនឹង​ជំនឿ​របស់​សាសនា​យូដា និង​គ្រឹស្តសាសនា​ដែរ គឺ​ជឿ​ថា ព្រះពិត​មានតែមួយ គឺ​ព្រះជាម្ចាស់ ដែល​បង្កើត​អ្វីៗ​ទាំងអស់​នៅ​ក្នុង​ចក្រវាលទាំងមូល។
            តាមការពិត អ្នកកាន់សាសនា​អ៊ីស្លាម​ជឿថា ព្រះ​ជាម្ចាស់​ដែល​ពួកគេ​គោរព និង​ព្រះ​​របស់​ពួកជ្វីហ្វ និង​គ្រីស្ទាន គឺ​ជា​តួអង្គព្រះដូចគ្នា​តែមួយ គឺ​អាឡាហ៍ (Allah) ហៅ​តាម​ភាសា​អារ៉ាប់ ឬ​យេហូវ៉ា (Jehovah) ហៅតាម​ភាសាហេព្រើ ហើយ​ដំណើររឿង​នៃ​សាសនា​ទាំង៣នេះ មាន​ដើមកំណើត​ចេញ​ពី​ប្រភព​តែមួយ ចាប់តាំង​ពី​អាប្រាហាំ និង​ម៉ូសេ រហូតដល់​ព្រះយេស៊ូវ។
        តាមជំនឿ​របស់​សាសនា​អ៊ីស្លាម ប្រជាជន​អារ៉ាប់ និង​ជ្វីហ្វ មាន​បុព្វបុរស​ដើមតែមួយ គឺ​អាប្រាហាំ (Abraham) ដែល​អ្នក​កាន់​សាសនា​អ៊ីស្លាម​ហៅថា អ៊ីប្រាហ៊ីម (Ibrahim)។ អាប្រាហាំ ឬ​អ៊ីប្រាហ៊ីម មាន​កូន​ប្រុសពីរនាក់ គឺ​​អ៊ីស្មាអែល (Ismaël) ជា​កូនច្បង ក៏ប៉ុន្តែ ជាកូនក្រៅច្បាប់​ជាមួយ​នឹង​ស្រីបម្រើ​ឈ្មោះ​ហាការ និង​អ៊ីសាក់ (Isaac) ជាកូនទីពីរ តែ​ជា​កូន​ស្របច្បាប់​។ អ្នកកាន់​សាសនា​អ៊ីស្លាម​ជឿ​ថា ពួក​អារ៉ាប់​គឺ​ជា​កូនចៅ​របស់​អ៊ីស្មាអែល ចំណែក​ឯពួកជ្វីហ្វ គឺ​ជា​កូនចៅ​របស់​អ៊ីសាក់។
          ស្ទើរតែ​គ្រប់​ព្យាការី​ទាំងអស់ នៅ​ក្នុង​គម្ពីរ​តូរ៉ា​នៃ​សាសនាយូដា និង​គម្ពីរប៊ីប នៃ​សាសនា​គ្រឹស្ត ក៏​ត្រូវ​បាន​សាសនា​អ៊ីស្លាម​ទទួលស្គាល់​ថា​ជា​ព្យាការី ដែល​ជា​អ្នក​នាំសារ​​របស់​ព្រះ​ដូចគ្នា​ដែរ ដោយ​គ្រាន់តែ​ពួកគេ​យល់ថា សេចក្តីបង្រៀន​របស់​ព្យាការី​អស់ទាំងនេះ​ត្រូវ​បាន​​ពួក​ជ្វីហ្វ និង​ពួក​គ្រីស្ទាន​យក​មក​ផ្សព្វផ្សាយ និង​អនុវត្ត​​ខុស​ពី​ខ្លឹមសារ​ដើម។ ហេតុដូច្នេះ​ហើយ​បាន​ជា​ព្រះ​បញ្ជូន​មហាម៉េដ ឲ្យ​មក​ធ្វើ​ជា​ព្យាការី​ចុងក្រោយបង្អស់ ដើម្បី​​​នាំបន្ទូល​ពិត​របស់​ព្រះ និង​កែតម្រូវ​សេចក្តីបង្រៀន​មុនៗ​។
            នៅ​ក្នុង​ប្រវត្តិ​នៃ​សាសនា​អ៊ីស្លាម គេឃើញ​ថា មហាម៉េដ​មិនត្រឹមតែ​បាន​បង្កើត​សាសនា​អ៊ីស្លាម​ប៉ុណ្ណោះទេ ក៏ប៉ុន្តែ ក៏​បាន​បង្រួបបង្រួម​ក្រុមកុលសម្ព័ន្ធ​អារ៉ាប់ ហើយ​បង្កើត​ទៅជា​រដ្ឋ​មួយ​​ផងដែរ។ មហាម៉េដ មាន​តួនាទី គឺ​ជា​មេដឹកនាំ​សាសនា​ផង ជា​មេដឹកនាំ​នយោបាយ​ផង និង​ជា​មេដឹកនាំ​កងទ័ព​ផង។ នៅ​ពេល​មហាម៉េដ​ទទួលមរណភាព នៅ​ឆ្នាំ​៦៣២ បញ្ហា​មួយ​ក៏​បាន​ផ្ទុះឡើង គឺ​​បញ្ហា​អ្នក​ស្នងតំណែង​ ជា​មេដឹកនាំ​រដ្ឋ​អ៊ីស្លាម ដែល​មហាម៉េដ​បាន​បង្កើត និង​បន្សល់ទុក។
            នៅពេលនោះ សហគមន៍​អ៊ីស្លាម​ភាគច្រើន​​យល់ថា កាលនៅរស់ មហាម៉េដ​បាន​ជ្រើសរើស​​ អាប៊ូ បាគ័រ (Abu Bakr) ដែល​ជា​មនុស្ស​ជំនិត​ឲ្យ​​​ស្នងតំណែង​​ជា​មេដឹកនាំ​រដ្ឋ​អ៊ីស្លាម។ ក៏ប៉ុន្តែ មាន​សហគមន៍​អ៊ីស្លាម​មួយ​ផ្នែក​តូច​ជំទាស់ ដោយ​ពួកគេ​យល់ថាអ្នក​ដែល​​មហាម៉េដ​ជ្រើសរើស​ឲ្យ​​​ស្នងតំណែង​មហាម៉េដ គឺ អាលី (Ali) ដែល​ជា​មនុស្ស​ជំនិតផង ជា​កូនប្រសារផង និង​ជា​បងប្អូន​ជីដូនមួយ​ផង​របស់​មហាម៉េដ។
            នៅទីបំផុត គឺ​អាប៊ូ បាគ័រ ដែល​ត្រូវ​បានតែងតាំង​ឲ្យ​ធ្វើ​ជា​អ្នក​ស្នងតំណែង​មហាម៉េដ។ ក៏ប៉ុន្តែ ការប្រេះឆា​គ្នា​ក៏​បាន​កើតឡើង​រវាង​សហគមន៍​អ៊ីស្លាម​ទាំងពីរ។ ភាពប្រេះឆា ដែល​បាន​រាលដាល​ រហូត​​ធ្វើ​ឲ្យ​សាសនាអ៊ីស្លាម​ត្រូវ​ពុះចែក​ជា​ពីរក្រុម​ផ្សេងគ្នា រហូតមកទល់នឹង​ពេលបច្ចុប្បន្ន គឺ​​និកាយ​ស៊ុននីត និង​និកាយ​ស្ហ៊ីអ៊ីត។ អ្នកកាន់​សាសនា​អ៊ីស្លាម​និកាយស៊ុននីត ដែល​មាន​ភាគច្រើន ជឿ​ថា អាប៊ូ បាគ័រ ជា​អ្នកដែល​មហាម៉េដ​បាន​ជ្រើសរើស​ឲ្យ​ឡើង​មក​ស្នងតំណែង​ជាមេដឹកនាំ​រដ្ឋ​ អ៊ីស្លាម។ ចំណែក​អ្នក​កាន់​សាសនាអ៊ីស្លាម​និកាយ​ស្ហ៊ីអ៊ីត ជឿ​ថា ​អ្នកដែល​មហាម៉េដ​បាន​ជ្រើសរើស​ឲ្យ​ឡើង​មក​ស្នងតំណែង​ជាមេដឹកនាំ​រដ្ឋ​ អ៊ីស្លាម គឺ​អាលី។ អ្នក​កាន់​និកាយ​ទាំងពីរ​នេះ នៅតែ​មើលមុខគ្នា​មិនចំ រហូតមកទល់នឹង​ពេល​បច្ចុប្បន្ន​នេះ៕