Labels

Albert Einstein Alexandre le Grand ISIS La Terreur Pearl Harbor Renaissance កំណែទម្រង់ប៉េរេស្ត្រយកា កំណែទម្រង់សេដ្ឋកិច្ចចិន កម្ពុជា កម្ពុជាក្រោម កម្លាំងទំនាញសកល ការចាប់ផ្ដើម ការប្រជែងផ្នែកអវកាស ការវិលត្រឡប់ទៅកាន់អំណាច កាលីលេ កូសាំងស៊ីន ក្រិក ក្រុមជីហាតរដ្ឋអ៊ីស្លាម ក្រុមភេរវជនអន្តរជាតិ ខ្សែបន្ទាត់ព្រំដែន គ្រាប់បែកនុយក្លេអ៊ែរ គ្រីស្តូហ្វកូឡុំ គ្រឹស្តសាសនា ចក្រភពម៉ុងហ្គោល ចក្រភពរ៉ូម ចក្រភពអារ៉ាប់ ចលនាតស៊ូប្រដាប់អាវុធកុម្មុយនិស្ត ចិន ច្បាប់នៃចលនា ឆេកូស្លូវ៉ាគី ជប៉ុន ជ័យជម្នះរបស់ក្រុមសម្ព័ន្ធមិត្ត ជិនហ្គីស ខាន់ ដែនដីអាណានិគម តេងស៊ាវពីង តេងស៊ាវភីង ទ្រឹស្តីតារាសាស្រ្ត ទ្រឹស្តីសាសនា បក្សកុម្មុយនិស្តចិន បដិវត្តន៍ បដិវត្តន៍កសិកម្ម បដិវត្តន៍រាជានិយម បដិវត្តន៍វប្បធម៌ បដិវត្តន៍អ៊ីរ៉ង់ បារាំង បិតាកំណែទម្រង់សេដ្ឋកិច្ចចិន ប៊ិនឡាដិន បុរេប្រវត្តិ ប្រធានាធិបតីអាមេរិក ប្រវត្តិសាស្រ្ត ប្លុកកុម្មុយនិស្ត ផលវិបាក ភេរវកម្ម១១កញ្ញា មជ្ឈិមបូព៌ា មហាអំណាចអាណានិគមអាស៊ី មហាអំណាចអឺរ៉ុប មូលហេតុ ម៉ៅសេទុង យុគខ្មៅងងឹត យុគនៃពន្លឺ រដ្ឋធម្មនុញ្ រុស្សី លេនីន វាំងននដែក វិទ្យាសាស្រ្ត វិបត្តិប៊ែរឡាំង វិបត្តិព្រែកជីកស៊ុយអេ វិបត្តិមីស៊ីលគុយបា វៀតណាមខាងត្បូង សង្គ្រាមលោកលើកទី១ សង្គ្រាមលោកលើកទី២ សង្រ្គាមកូរ៉េ សង្រ្គាមឈូងសមុទ្រពែក្ស សង្រ្គាមត្រជាក់ សង្រ្គាមវៀតណាម សង្រ្គាមស៊ីវិល សង្រ្គាមអាហ្វហ្កានីស្ថាន សង្រ្គាមអ៊ីរ៉ាក់ សង្រ្គាមឥណ្ឌូចិន សព្វាវុធនុយក្លេអ៊ែរ សហភាពសូវៀត សហរដ្ឋអាមេរិក សាសនាអ៊ីស្លាម ស្ថានភាពពិភពលោក ហ៊ីត្លែរ ហ្គ័របាឆូវ អង់គ្លេស អធិរាជណាប៉ូឡេអុង អរិយធម៌ដ៏ចំណាស់បំផុតរបស់មនុស្សជាតិ អរិយធម៌មេឌីទែរ៉ាណេ អរិយធម៌អាស៊ីអាគ្នេយ៍ អាញ់ស្តាញ់ អាណាចក្រខ្មែរ អាណានិគម អាណាព្យាបាលបារាំង អាប្រាហាំលីនកុន អាមេរិក អារ៉ាប់ អាល់កៃដា អាល់ប៊ែរ អាញ់ស្តាញ់ អាស៊ីប៉ាសីហ្វិក អ៊ីតាលី អ៊ីសាក់ញូតុន អ៊ីស្រាអែល អឺរ៉ុបខាងកើត អ៊ុយក្រែន ឧស្សាហកម្ម

ភាពរុងរឿង និងការធ្លាក់ដុនដាបនៃចក្រភពរ៉ូម

នៅឆ្នាំ​២៧​មុន​គ.ស (២០៤០​ឆ្នាំ​មុន​សម័យកាលបច្ចុប្បន្ន) រ៉ូម​បោះបង់​របបដឹកនាំ​បែប​សាធារណរដ្ឋ ដែលមាន​តុល្យភាព​អំណាច​ រវាង​ព្រឹទ្ធសភា និង​កុងស៊ុល ហើយងាក​មក​​ចាប់យក​របៀបដឹកនាំ​បែប​ចក្រភព ដែល​អំណាច​ទាំងអស់​ត្រូវ​ប្រមូលផ្តុំ​នៅលើ​មនុស្ស​តែម្នាក់ គឺ​អធិរាជ។ អធិរាជដំបូងបង្អស់​ នៃ​ចក្រភពរ៉ូម មានឈ្មោះថា អូហ្គូស (Auguste) ឬ​តាម​ភាសា​ឡាតាំង Augustus
            នៅក្នុងរយៈពេល ៥៦​ឆ្នាំ ដែល​លោក​កាន់អំណាច អធិរាជ​អូហ្គូសបាន​ស្តារ​ប្រទេសជាតិ​ឡើងវិញ ឲ្យ​ចេញ​ពី​ភាព​ប្រេះឆា នៃ​វិវាទ​ផ្ទៃក្នុង ដែល​បាន​អូសបន្លាយ​ពេល​អស់រយៈពេល​ប្រមាណ​ជា ១​សតវត្សរ៍​កន្លងទៅ ហើយ​ដឹកនាំ​ចក្រភព​រ៉ូម ឆ្ពោះទៅរក​សុខសន្តិភាព និង​វិបុលភាព។ កំណែទម្រង់​សង្គម​ជាច្រើន​ត្រូវ​បាន​រៀបចំ​ធ្វើ។ ក្នុងពេល​ជាមួយគ្នា ការ​ការច្បាំង​វាតទី​ពង្រីក​ទឹកដី​នៃ​ចក្រភព​រ៉ូម ក៏​ចេះតែ​បន្ត។        ទាក់ទង​នឹង​វិស័យ​យោធា រ៉ូម​បាន​បង្កើត​នូវ​រចនាសម្ព័ន្ធកងទ័ព​ថ្មី​ស្រឡាង​មួយ ដែល​មិនមាន​អ្នកណា​ធ្លាប់​ធ្វើ​ពីមុន គឺ​កងទ័ព​អាជីព។ ទាហាន​រ៉ូម មិនមែន​ជា​កសិករ​​ដែល​គេ​កេណ្ឌ​យក​មកច្បាំង នៅ​ក្នុង​ពេល​មាន​តម្រូវការ ហើយ​ពេល​ចប់ចម្បាំង​ វិលត្រឡប់​ទៅ​ធ្វើ​ស្រែចម្ការ​វិញ ដូច​អ្វី​ដែលប្រទេស​ផ្សេងទៀត​ធ្លាប់​ធ្វើ​ពីមុន​នោះទេ។ នៅ​រ៉ូម ទាហាន​បំពេញ​មុខងារ​ក្នុង​ជួរ​កងទ័ព​ជា​អចិន្រ្តៃយ៍៖ ចេញ​ច្បាំង​នៅ​ពេល​មានចម្បាំង ហើយ​នៅ​ពេល​គ្មានចម្បាំង ត្រូវ​​ទទួល​ការ​ហ្វឹកហ្វឺន ​ដោយ​ទទួល​ប្រាក់បៀរវត្សរ៍​ ដូចជា​ការ​បំពេញ​មុខរបរ​ផ្សេងទៀត​ដែរ។ ហេតុដូច្នេះ​ហើយ​បាន​ជា នៅ​ក្នុង​សម័យកាលនោះ រ៉ូម​មាន​កងទ័ព​ដែល​មាន​ជំនាញ​បំផុត ដែល​ធ្វើ​ឲ្យ​ប្រទេស​ផ្សេងៗ​ទៀត​មាន​ការ​ខ្លបខ្លាច​គ្រប់ៗគ្នា។
            តាមរយៈ​ទាហាន​អាជីព​នេះ ចក្រភពរ៉ូម ទាំង​នៅ​ក្រោម​ការដឹកនាំ​របស់​អធិរាជ​អូហ្គូស និង​អធិរាជ​ក្រោយៗ​មកទៀត បាន​ទទួល​ជ័យជម្នះ​នៅ​ស្ទើរតែ​គ្រប់​សមរភូមិ ហើយ​ច្បាំង​វាតទី​ពង្រីក​ទឹកដី​របស់ខ្លួន ចាប់តាំង​ពី​អង់គ្លេស និង​តំបន់​អឺរ៉ុប​ មកដល់​តំបន់​ជុំវិញ​សមុទ្រ​មេឌីទែរ៉ាណេ ហើយ​ចាក់ចុះ​ទៅ​ទិស​ខាងកើត រហូត​ទៅដល់​អ៊ីរ៉ាក់​បច្ចុប្បន្ន​។ ក៏ប៉ុន្តែ ផ្ទុយ​ពី​ម៉ាសេដ្វាន់ របស់​ Alexandre le Grand ចក្រភពរ៉ូម​មិនមាន​មហិច្ឆតា​ចង់​ច្បាំង​កាន់កាប់​ពិភពលោក​ទាំងមូល​នោះទេ។ ចក្រភពរ៉ូម​ចេះ​កម្រិត​ដែនកំណត់​នៃ​ការ​ពង្រីក​ទឹកដី​របស់​ខ្លួន។
            ទឹកដី​នៃ​ចក្រភព​រ៉ូម​​បាន​លាតសន្ធឹង​​ដល់​កម្រិត​អតិបរមា នៅក្នុងអំឡុង​សតវត្សរ៍​ទី១ និង​សតវត្សរ៍​ទី២ នៃ​គ.ស។ ​នៅពេលនោះ ចក្រភពរ៉ូម​មាន​ផ្ទៃដី​សរុប​រហូតដល់​ទៅ ៥លាន​គីឡូម៉ែត្រ​ក្រឡា ដែលក្នុង​សម័យកាល​បច្ចុប្បន្ន​នេះ ត្រូវ​បាន​បែងចែក​បង្កើតទៅ​ជា​ប្រទេស​ប្រមាណ​ជា ៤០​ប្រទេស​ខុសៗ នៅ​ក្នុង​តំបន់​អឺរ៉ុប អាហ្វ្រិក​ខាង​ជើង និង​តំបន់​មជ្ឈិមបូព៌ា៖ អង់គ្លេស បារាំង ប៊ែលហ្ស៊ិក ប៉ែក​ខាង​ត្បូង​អាល្លឺម៉ង់ ស្វ៊ីស អេ្សប៉ាញ ព័រទុយហ្កាល់ អ៊ីតាលី អូទ្រីស ហុងគ្រី ក្រូអាស៊ី ស៊ែរប៊ី អាល់បានី បូស្នី ក្រិក រ៉ូម៉ានី    តួកគី ប៊ុលហ្ការី ស៊ីរី លីបង់ ប៉ាឡេស្ទីន អ៊ីស្រាអែល ហ្សកដានី អ៊ីរ៉ាក់ អេហ្ស៊ីប លីប៊ី ទុយនីស៊ី អាល់ហ្សេរី និង​ម៉ារ៉ុក សុទ្ធសឹង​តែ​ជា​អតីតទឹកដី​របស់​ចក្រភព​រ៉ូម។
            ប្រជាជន​សរុប​របស់​ចក្រភព​រ៉ូម ត្រូវ​បាន​គេ​ប៉ាន់ស្មាន​ថា មាន​ចន្លោះ​ពី ៥០លាន ទៅ​១០០លាន​នាក់ ពោលគឺ ប្រមាណ​ជា ១ភាគ៣ នៃ​ប្រជាជន​សរុប​នៅ​ទូទាំង​ពិភពលោក នៅ​ក្នុង​សម័យកាលនោះ។ នៅ​ជុំវិញ​ចក្រភព​រ៉ូម គេ​ឃើញ​មាន​ប្រជាជន​ភាគច្រើន គឺ​ជា​កុលសម្ព័ន្ធ​ ដែលបន្ត​រស់​នៅ​តាម​លក្ខណៈ​បុរេប្រវត្តិ​​ ឬ​ទើប​នឹង​បោះជំហាន​ចេញ​ពី​បុរេប្រវត្តិ មក​ប្រកប​របរ​កសិកម្ម តែ​នៅ​មិនទាន់​បង្កើត​ជា​រដ្ឋ​​នៅឡើយ។ លើកលែង​តែ​​នៅ​​​ទិស​ខាង​កើត ដែល​គេ​ឃើញ​មាន​រដ្ឋ​ និង​អរិយធម៌​ធំៗ​មួយ​ចំនួន រួមមាន ពែរស៍ ចិន និង​ឥណ្ឌា។
 
Colosseum នៅ​ក្នុង​ទីក្រុង​រ៉ូម ប្រទេស​អ៊ីតាលី​បច្ចុប្បន្ន​ គឺ​ជា​ស្លាកស្នាម​នៃ​អរិយធម៌​របស់​ចក្រភព​រ៉ូម
 
         នៅ​ក្នុង​អំឡុង​ពេលនោះ ពែរស៍ ​គ្រាន់តែ​ជា​រដ្ឋ​តូចមួយ​ប៉ុណ្ណោះ លែង​ជា​អាណាចក្រ​ដ៏​សម្បើម​ដូចពីមុន​ទៀត​ហើយ។ ​ឥណ្ឌា​វិញ បន្ត​មាន​បញ្ហា​បាក់បែក​ផ្ទៃក្នុង​ច្រើន ក៏ប៉ុន្តែ ​នៅតែ​អាច​​ចាប់​ផ្តើម​​ពង្រីក​ឥទ្ធិពល​នៃ​អរិយធម៌​​របស់​ខ្លួនទៅ​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍(នគរ​ជ្វា ខ្មែរ ម៉ាឡេ និង​ចំប៉ាជាដើម)។ ចំណែក​ចិន ដែល​បាន​បង្រួបបង្រួម​គ្នា ក្រោមការ​ដឹកនាំ​របស់​រាជវង្ស​ហាន គឺ​ជា​អាណាចក្រ​ដ៏សំខាន់​មួយ​ដែរ គ្រាន់តែ​មិនមែន​ជា​មហាអំណាច​​កម្រិត​ពិភពលោក ដូច​ជា​ចក្រភព​រ៉ូម។ អាណាចក្រ​ទាំងពីរ ចិន និង​​​រ៉ូម មាន​ទំនាក់ទំនង​​ជាមួយគ្នា​ច្រើន ទាំង​ទំនាក់ទំនង​ផ្នែក​ការទូត និង​ខាង​ផ្នែក​ជំនួញ ជាពិសេស ការ​ជួញដូរ​សូត្រ​ពី​ចិន។
            ចក្រភពរ៉ូម ត្រូវ​បាន​គេ​កត់ត្រា​ឈ្មោះ​ក្នុង​ប្រវត្តិសាស្រ្ត​​​ថា ជា​មហាអំណាច​​ដ៏​សម្បើម​មួយ ក្នុង​ប្រវត្តិ​នៃ​មនុស្សជាតិ។ ជាការពិត​ថា នៅមុន​ចក្រភព​រ៉ូម ពិភពលោក​​ធ្លាប់​បាន​ស្គាល់​មហាអំណាច​​ធំៗ​ ដូចជា ពែរស៍ និង​មាសេដ្វាន់​​របស់​ Alexandre le Grand ហើយ​ក្រោយ​​ចក្រភព​រ៉ូម ក៏​មាន​មហាអំណាច​ពិភពលោក​ដ៏​សម្បើម​ផ្សេងទៀត ដូចជា អាណាចក្រ​ម៉ុងហ្គោល​របស់​ Gengis Khan និង​ចក្រភព​អង់គ្លេស ជាដើម ដែល​ខ្លះ​ជា​មហាអំណាច​ដែល​មាន​ផ្ទៃដី​ធំ​ជាង​ចក្រភព​រ៉ូម​ទៅទៀត ក៏ប៉ុន្តែ មិនមាន​អាណាចក្រ​ណា​ ដែល​អាច​រក្សា​ភាព​រុងរឿង​ជា​មហាអំណាច​ពិភពលោក បាន​យូរ​ដូចជា​ចក្រភព​រ៉ូម​នោះទេ។
            ក៏ប៉ុន្តែ ដូច​មេដឹកនាំ​ក្រិក​ ឈ្មោះ ពេរីគ្លែស (Périclès) ធ្លាប់​ឡើង​ កាលពី​ប្រមាណ​ជា ២ពាន់ ៥រយ​ឆ្នាំ​មុន​​​ថា អ្វីៗ​ក៏​ត្រូវ​មាន​ទី​បញ្ចប់​របស់វាដែរ។ យ៉ាងណា​មិញ អំណាច​របស់​ចក្រភព​រ៉ូម បើទោះបី​ជា​ធំសម្បើម​ប៉ុណ្ណា ក៏​ត្រូវ​មាន​ទី​បញ្ចប់​របស់​វាដែរ។
            រហូតមកទល់​នឹង​ពេល​បច្ចុប្បន្ន​នេះ អ្នក​ប្រវត្តិសាស្រ្ត​នៅ​តែ​មិន​ទាន់​មាន​ការ​ឯកភាព​គ្នា​នៅឡើយទេ អំពី​ដើមហេតុ ដែល​នាំ​ឲ្យ​ចក្រភព​រ៉ូម​ធ្លាក់​ចុះ​ដុនដាប ហើយ​ពេលវេលា​ពិតប្រាកដ នៃ​ការ​បញ្ចប់​អំណាច​រ៉ូម ក្នុង​ឋានៈ​ជា​មហាអំណាច​ពិភពលោក ក៏​គេ​ពិបាក​នឹង​កំណត់​ឲ្យ​បាន​ជាក់​លាក់​ដែរ ដោយសារ​តែ​ការ​ធ្លាក់​ចុះ​នៃ​ចក្រភព​រ៉ូម បាន​កើតឡើង​ដោយ​សន្សឹមៗ ដោយ​អូសបន្លាយពេល​រហូតដល់​ទៅ​រាប់រយឆ្នាំ​ឯណោះ។
            នៅ​ក្នុងការសិក្សា​អំពី​ដើមហេតុ ដែល​នាំ​ឲ្យ​ចក្រភព​រ៉ូម​ធ្លាក់​ដុនដាប អ្នក​ប្រវត្តិសាស្រ្ត​ច្រើន​នាំគ្នា​ផ្តោត​ទៅលើ​កត្តា​ធំៗ​មួយចំនួន ដូចជា វិបត្តិ​សេដ្ឋកិច្ច និង​សង្គម បូករួម​ជាមួយនឹង​វិបត្តិ​នយោបាយ ដែល​កើត​ពី​ជម្លោះ​ដណ្តើមស្នងតំណែង នៅ​ក្រោយ​ការស្លាប់​របស់​អធិរាជ​រ៉ូម​ម្តងៗ និង​ការ​វាយប្រហារ​ពី​កុលសម្ព័ន្ធ​​ខាងក្រៅ។
            នៅចុងសតវត្សរ៍​ទី៣ នៃ​គ.ស ចក្រភព​រ៉ូម​ត្រូវ​បាន​គេ​ពុះចែក​ជា​ពីរ​ចំណែក គ្រប់គ្រង​ដោយ​អធិរាជ​ពីរ​ផ្សេងគ្នា៖ ចក្រភព​រ៉ូម​ខាងកើត និង​ចក្រភពរ៉ូម​ខាងលិច។ ចាប់ពីពេលនោះមក​ ស្ថាប័ន​នយោបាយ និង​កងទ័ព​រ៉ូម​ បាន​ចាប់ផ្តើម​បាត់បង់​ស្ថិរភាព​បន្តិចម្តងៗ។ ជម្លោះផ្ទៃក្នុង​រ៉ូម​ចេះតែ​បន្ត​កើតមាន​ឥតឈប់ឈរ។ ក្នុងពេល​ដែល​រ៉ូម​កំពុង​ជួប​នឹង​អស្ថិរភាព​ផ្ទៃក្នុង ក្រុម​កុលសម្ព័ន្ធ​ពី​ខាងក្រៅ ជាពិសេស ក្រុម​កុលសម្ព័ន្ធ​​មក​ពី​អាល្លឺម៉ង់ និង​តួកគី បាន​បង្កើន​ការ​វាយប្រហារ​កាន់តែ​ខ្លាំង​ ទៅលើ​ចក្រភព​រ៉ូម។
            នៅ​ដើម​សតវត្សរ៍​ទី៥ ចក្រភព​រ៉ូម​ក៏​ចាប់ផ្តើម​បាត់បង់​ទឹកដី​បន្តិចម្តងៗ ទៅ​ក្នុង​ដៃ​ពួក​កុលសម្ព័ន្ធ ដោយ​ចាប់ផ្តើម​ពី​​ទឹកដី​​​អង់គ្លេស​ នៅ​អំឡុង​ឆ្នាំ​៤១០​នៃ​គ.ស អេស្ប៉ាញ និង​អាហ្វ្រិក​ខាងជើង នៅ​ឆ្នាំ​៤៣០ ហ្គោល (បារាំង) នៅ​ឆ្នាំ​៤៥០ ហើយ​នៅ​ឆ្នាំ​៤៧៦ ក្រុមកុលសម្ព័ន្ធ​មក​ពី​អាល្លឺម៉ង់​បាន​វាយលុក​ចូល​កាន់កាប់​អ៊ីតាលី រួចហើយ​ទម្លាក់​អធិរាជនៃ​ចក្រភពរ៉ូម​ខាងលិច​ពីអំណាច​។
            ថ្វីដ្បិត​តែ​ចក្រភព​រ៉ូម​មិនទាន់​ដួលរលំ​ទាំងស្រុង ដោយ​នៅ​សល់​​ចក្រភព​រ៉ូម​ខាងកើត​មួយទៀត ដែល​គេច្រើន​ហៅ​ថា ​ចក្រភព​ប៊ីហ្សង់តាំង (Byzantin) ក៏ប៉ុន្តែ រ៉ូម ជា​មហាអំណាច​ពិភពលោក​បាន​ឈាន​ដល់​ទីបញ្ចប់ នៅ​ត្រឹមឆ្នាំ​៤៧៥​នេះ។
            អាណាចក្រ​​ប៊ីហ្សង់តាំង ដែល​មាន​រាជធានី នៅ​កុងស្តង់ទីណូប (Constantinoble) គឺ​នៅត្រង់​ទីក្រុង​អ៊ីស្តង់ប៊ុល ប្រទេស​តួកគី​បច្ចុប្បន្ន បាន​បន្ត​អំណាច​រ៉ូម រហូតដល់​​សតវត្សរ៍​ទី១៥​នៃ​គ.ស។ នៅ​ឆ្នាំ​១៤៥៣ តួកគី​បាន​វាយលុក​កាន់កាប់​​ទីក្រុង​កុងស្តង់ទីណូប ផ្ដួលរលំ​ចក្រភព​ប៊ីហ្សង់តាំង ហើយ​បង្កើត​ជា​​​ចក្រភព​ភព​ថ្មី​មួយទៀត គឺ​ចក្រភព​​អូតូម៉ង់ (ឬចក្រភព​តួកគី)៕