Labels

Albert Einstein Alexandre le Grand ISIS La Terreur Pearl Harbor Renaissance កំណែទម្រង់ប៉េរេស្ត្រយកា កំណែទម្រង់សេដ្ឋកិច្ចចិន កម្ពុជា កម្ពុជាក្រោម កម្លាំងទំនាញសកល ការចាប់ផ្ដើម ការប្រជែងផ្នែកអវកាស ការវិលត្រឡប់ទៅកាន់អំណាច កាលីលេ កូសាំងស៊ីន ក្រិក ក្រុមជីហាតរដ្ឋអ៊ីស្លាម ក្រុមភេរវជនអន្តរជាតិ ខ្សែបន្ទាត់ព្រំដែន គ្រាប់បែកនុយក្លេអ៊ែរ គ្រីស្តូហ្វកូឡុំ គ្រឹស្តសាសនា ចក្រភពម៉ុងហ្គោល ចក្រភពរ៉ូម ចក្រភពអារ៉ាប់ ចលនាតស៊ូប្រដាប់អាវុធកុម្មុយនិស្ត ចិន ច្បាប់នៃចលនា ឆេកូស្លូវ៉ាគី ជប៉ុន ជ័យជម្នះរបស់ក្រុមសម្ព័ន្ធមិត្ត ជិនហ្គីស ខាន់ ដែនដីអាណានិគម តេងស៊ាវពីង តេងស៊ាវភីង ទ្រឹស្តីតារាសាស្រ្ត ទ្រឹស្តីសាសនា បក្សកុម្មុយនិស្តចិន បដិវត្តន៍ បដិវត្តន៍កសិកម្ម បដិវត្តន៍រាជានិយម បដិវត្តន៍វប្បធម៌ បដិវត្តន៍អ៊ីរ៉ង់ បារាំង បិតាកំណែទម្រង់សេដ្ឋកិច្ចចិន ប៊ិនឡាដិន បុរេប្រវត្តិ ប្រធានាធិបតីអាមេរិក ប្រវត្តិសាស្រ្ត ប្លុកកុម្មុយនិស្ត ផលវិបាក ភេរវកម្ម១១កញ្ញា មជ្ឈិមបូព៌ា មហាអំណាចអាណានិគមអាស៊ី មហាអំណាចអឺរ៉ុប មូលហេតុ ម៉ៅសេទុង យុគខ្មៅងងឹត យុគនៃពន្លឺ រដ្ឋធម្មនុញ្ រុស្សី លេនីន វាំងននដែក វិទ្យាសាស្រ្ត វិបត្តិប៊ែរឡាំង វិបត្តិព្រែកជីកស៊ុយអេ វិបត្តិមីស៊ីលគុយបា វៀតណាមខាងត្បូង សង្គ្រាមលោកលើកទី១ សង្គ្រាមលោកលើកទី២ សង្រ្គាមកូរ៉េ សង្រ្គាមឈូងសមុទ្រពែក្ស សង្រ្គាមត្រជាក់ សង្រ្គាមវៀតណាម សង្រ្គាមស៊ីវិល សង្រ្គាមអាហ្វហ្កានីស្ថាន សង្រ្គាមអ៊ីរ៉ាក់ សង្រ្គាមឥណ្ឌូចិន សព្វាវុធនុយក្លេអ៊ែរ សហភាពសូវៀត សហរដ្ឋអាមេរិក សាសនាអ៊ីស្លាម ស្ថានភាពពិភពលោក ហ៊ីត្លែរ ហ្គ័របាឆូវ អង់គ្លេស អធិរាជណាប៉ូឡេអុង អរិយធម៌ដ៏ចំណាស់បំផុតរបស់មនុស្សជាតិ អរិយធម៌មេឌីទែរ៉ាណេ អរិយធម៌អាស៊ីអាគ្នេយ៍ អាញ់ស្តាញ់ អាណាចក្រខ្មែរ អាណានិគម អាណាព្យាបាលបារាំង អាប្រាហាំលីនកុន អាមេរិក អារ៉ាប់ អាល់កៃដា អាល់ប៊ែរ អាញ់ស្តាញ់ អាស៊ីប៉ាសីហ្វិក អ៊ីតាលី អ៊ីសាក់ញូតុន អ៊ីស្រាអែល អឺរ៉ុបខាងកើត អ៊ុយក្រែន ឧស្សាហកម្ម

ការងើបឡើងនៃអរិយធម៌អឺរ៉ុប និងចក្រភពរ៉ូម

កាលពីជាង​២ពាន់​ឆ្នាំមុន នៅក្នុង​អំឡុង​ពេល​ដែល​ម៉ាសេដ្វាន់ ក្រោម​ការ​ដឹកនាំ​របស់ Alexandre le Grand កំពុង​វាតទី​កាន់កាប់​ដែនដី តាំង​ពី​តំបន់​មេឌីទែរ៉ាណេ រហូតដល់​​តំបន់​អាស៊ី នៅ​ទិស​ខាងកើត នៅ​ប៉ែក​ខាងលិច​មេឌីទែរ៉ាណេ​ឯណេះវិញ គឺ​នៅ​ក្នុង​តំបន់​អឺរ៉ុប ក្រុម​កុលសម្ព័ន្ធ​បុរេប្រវត្តិ​មួយ​ចំនួន បាន​​​ផ្លាស់ប្តូរ​របៀបរស់​នៅ​ ពី​ការ​បរបាញ់​ មក​ប្រកប​របរ​កសិកម្ម​វិញ។ ក្នុង​ចំណោម​នោះ មាន​ប្រជាជន​មួយក្រុម​ ដែល​មាន​ការ​វិវឌ្ឍ​លឿន​ជាងគេ បង្កើត​ទៅជា​រដ្ឋ ហើយ​រហូត​ឈាន​ទៅ​បង្កើត​អរិយធម៌​ដ៏រុងរឿង​ថ្មីមួយ​ទៀត គឺ​អរិយធម៌​រ៉ូម។
            តាមពិត ពួករ៉ូម​បាន​បង្កើត​ជា​រដ្ឋ តាំង​ពី​ឆ្នាំ​៧៥៣​មុនគ.ស​​ម៉្លេះ ដោយ​នៅពេលដំបូង រ៉ូម​ប្រកាន់​យក​របបដឹកនាំ​បែប​រាជានិយម ដូចជា​បណ្តា​រដ្ឋ​ភាគច្រើន​ផ្សេងទៀត នៅ​សម័យកាល​នោះ។ ប៉ុន្តែ ប្រជាជន​រ៉ូម​ជាទូទៅ មិនចូលចិត្ត​ស្តេច ក៏​បាន​ផ្លាស់ប្តូរ​របបដឹកនាំ​ទៅ​ជា​របប​សាធារណរដ្ឋ​វិញ នៅ​អំឡុង​ឆ្នាំ​៥០០​មុនគ.ស។ សាធារណរដ្ឋ​រ៉ូម​ នៅ​ពេលនោះ ប្រកាន់​យក​របៀបដឹកនាំ​ស្រដៀង​នឹង​ប្រជាធិបតេយ្យ​ក្រិក​ដែរ ដោយ​មាន​​រដ្ឋធម្មនុញ្ញ​ជា​ច្បាប់​កំពូល ដែល​មាន​ចែង​ពី​ការ​បែងចែក​អំណាចរដ្ឋ។ ប្រមុខដឹកនាំ​អំណាច​នីតិប្រតិបត្តិ ដែល​គេ​ឲ្យ​ឈ្មោះ​ថា កុងស៊ុល ត្រូវ​បាន​ជ្រើស​តាំង​ឡើង តាមរយៈ​ការ​បោះឆ្នោត ដោយ​មាន​អាណត្តិ ១ឆ្នាំ។
 

ទឹកដី​របស់​ចក្រភព​រ៉ូម នៅ​ក្នុង​អំឡុង​សម័យកាល​រុងរឿង
 
            អរិយធម៌​រ៉ូម ស្ថិត​ក្នុង​ចំណោម​អរិយធម៌​ធំៗ ដែល​បន្សល់​ទុក​នូវ​ឥទ្ធិពល និង​កេរមរតក​ដល់​មនុស្ស​ជាតិ​រហូតដល់​សម័យកាល​បច្ចុប្បន្ន។ ក្រិក​បង្កើត​ទស្សនវិជ្ជា និង​សិល្បៈ​ល្ខោន។ ហ្វេនីស៊ី (លីបង់) បង្កើត​ប្រព័ន្ធ​សំណេរ​បែប​អក្ខរក្រម។ ចំណែក​រ៉ូមវិញ បង្កើត​ប្រព័ន្ធ​ច្បាប់ និង​សិទ្ធិ ជាពិសេស សិទ្ធិ​លើ​កម្មសិទ្ធិ​ឯកជន។
        សាធារណរដ្ឋ​រ៉ូម​ ដែល​មាន​កម្លាំង​ខ្លាំងឡើងៗ បាន​ចាប់ផ្តើម​វាតទី​ពង្រីក​ទឹកដី​របស់​ខ្លួន ដោយ​បាន​គ្រប់គ្រង​អ៊ីតាលី​ទាំងមូល នៅ​ឆ្នាំ​២៧២​មុន​គ.ស។ មិនយូរ​ប៉ុន្មាន ការកើនឡើង​នៃ​អំណាច​របស់​រ៉ូម ក៏​បាន​ធ្វើ​ឲ្យ​ប៉ះទង្គិច​ទៅដល់​រដ្ឋ​មួយទៀត គឺ​ការតាហ្ហ្ស (Carthage)Carthage ដែល​មាន​ទីតាំង​នៅ​ម្តុំ​ប្រទេស​ទុយនីស៊ី​បច្ចុប្បន្ន គឺ​ជា​​អតីត​បុរីរដ្ឋ​របស់​លីបង់ ដែល​នៅពេលនោះ បាន​ក្លាយទៅជា​រដ្ឋ​ឯករាជ្យមួយ ហើយ​ជា​មហាអំណាច​មួយ​នៅ​ក្នុង​តំបន់​មេឌីទែរ៉ាណេ។
          សង្រ្គាម​រវាង​រ៉ូម និង​ Carthage ដែល​គេ​ឲ្យ​ឈ្មោះថា សង្រ្គាម​ពុយនិក (​Punique) ក៏​បាន​ផ្ទុះឡើង នៅ​ឆ្នាំ​២៦៤​មុនគ.ស ហើយ​បាន​អូសបន្លាយ​ពេល​​រហូតដល់​ឆ្នាំ​១៤៦​មុនគ.ស។ នៅ​ក្នុងរយៈពេល​ជាង​១សតវត្សរ៍​នេះ រ៉ូម និង Carthage ច្បាំងគ្នា ដើម្បី​ដណ្តើម​កាន់កាប់​តំបន់​មេឌីទែរ៉ាណេ។
          នៅពេលមួយ កងទ័ព Carthage ដែល​ស្ថិត​ក្រោម​ការដឹកនាំ​របស់​​មេទ័ពដ៏ល្បី​មួយរូប ឈ្មោះ​ហានីបាល (Hannibal) និង​ដែល​មាន​ទ័ព​ដំរី​នាំចូល​មក​ពី​ឥណ្ឌា មាន​ប្រៀប​យ៉ាងខ្លាំង លើ​ទាហាន​រ៉ូម ដោយ​បាន​វាយ​កាន់កាប់​អេស្ប៉ាញ និង​ប៉ែក​ខាង​ត្បូង​ហ្គោល (Gaule) ពោលគឺ​ប្រទេស​​បារាំងបច្ចុប្បន្ន​ ហើយ​វាយលុក​រហូតដល់​ប៉ែក​ខាង​ជើង​អ៊ីតាលី ដែល​ជា​មូលដ្ឋាន​ធំ​របស់​រ៉ូម។
        នៅ​ក្នុង​ពេល​ដែល​កងទ័ព Carthage កំពុង​ឡោមព័ទ្ធ​អ៊ីតាលី កងទ័ព​រ៉ូម ក៏​បាន​បញ្ជូន​ទ័ព​របស់​ខ្លួន​តាម​កប៉ាល់ ចេញ​ពី​ប៉ែក​ខាង​ត្បូង​អ៊ីតាលី ឆ្លងកាត់​សមុទ្រ​មេឌីទែរ៉ាណេ ឲ្យ​វាយលុក​ចូល​ទៅ​ក្នុង​​ទុយនីស៊ី ដែល​ជា​មូលដ្ឋាន​ធំ​របស់ Carthage។ ដោយ​មាន​ការភិតភ័យ Carthage ក៏​បាន​បញ្ជា​ឲ្យហានីបាល ដកទ័ព​ចេញ​ពី​អ៊ីតាលី​មកវិញ ដើម្បី​មក​ជួយ​ការពារ​ទុយនីស៊ី។ ក៏ប៉ុន្តែ ពេល​មកដល់​ទុយនីស៊ី កងទ័ព​របស់​ហានីបាល​​ត្រូវ​ទាហាន​រ៉ូម​វាយបំបាក់។ Carthage ក៏​បាន​សុំចុះចាញ់ ហើយរ៉ូម​ក៏​ដណ្តើម​កាន់កាប់​អេស្ប៉ាញ និង​ប៉ែក​ខាង​ត្បូង​នៃ​ដែនដី​របស់​ពួក​ហ្គោល (បារាំង)។
        លទ្ធផល​នៃ​សង្រ្គាម រវាង​​​រ៉ូម និង Carthage គឺ​ជា​ចំណុច​របត់​ដ៏សំខាន់​មួយ នៃ​ប្រវត្តិសាស្រ្ត​លោក​ខាងលិច។ បើសិន​ណា​​ជា​រ៉ូម​ចាញ់​ Carthage​ វិញ ពេលនេះ ប្រជាជន​នៅ​អឺរ៉ុប​​ប្រហែល​​ជា​កំពុង​ប្រើ​ភាសា​ ដែល​មាន​ដើមកំណើត​ពី​អារ៉ាប់ ហើយ​មិនមែន​និយាយ​ភាសា ដែល​មាន​ដើម​កំណើត​ឡាតាំង (បារាំង អ៊ីតាលី អេស្ប៉ាញ) ​ដូចជា​ពេល​បច្ចុប្បន្ន​នេះ​ទេ។
          ក្រោយពីបាន​ឈ្នះសង្រ្គាម​លើ​ Carthage អំណាច​របស់​សាធាណរដ្ឋ​រ៉ូម​ក៏​បាន​កើនឡើង​កាន់តែ​ខ្លាំង ហើយបន្តិចម្តងៗ ​បាន​វាតទី​ដណ្តើម​កាន់កាប់​ទឹកដី​​កាន់តែ​ច្រើន នៅ​ក្នុង​តំបន់​មេឌីទែរ៉ាណេ​។ អាណាចក្រ​ម៉ាសេដ្វាន់ ដែល​បន្សល់ទុក​ពី​ Alexandre le Grand ត្រូវ​ធ្លាក់​ក្រោម​ការ​ត្រួតត្រា​របស់​រ៉ូម ហើយ​នៅ​ឆ្នាំ​១៦៨​មុនគ.ស រ៉ូម​ក៏​បាន​ដាក់​អាណានិគម​លើ​ក្រិកទាំងមូល។ ក៏ប៉ុន្តែ បើទោះជា​យ៉ាងនេះ​ក៏ដោយ វប្បធម៌ និង​អរិយធម៌​ក្រិក នៅតែ​​មាន​ឥទ្ធិពល​ខ្លាំង​ជាងគេ នៅ​ក្នុង​តំបន់​មេឌីទែរ៉ាណេ ពីព្រោះ​ថា ពួករ៉ូម​ខ្លួនឯង​ក៏​ទទួល​ឥទ្ធិពល​ពី​វប្បធម៌​ក្រិក​តាំង​ពី​យូរ​ណាស់​មក​ហើយ ​ដែរ ហើយ​នៅ​ទីបំផុត​ទៅ វប្បធម៌ក្រិក និង​វប្បធម៌​រ៉ូម​ត្រូវ​រលាយចូល​គ្នាតែមួយ ហើយ​គឺ​មហាអំណាច​រ៉ូម ដែល​ជា​អ្នក​ចែកចាយ​បន្ត​នូវ​ឥទ្ធិពល​វប្បធម៌​ក្រិក។ រ៉ូម​ពង្រីក​ទឹកដី​ទៅដល់​ទីណា ឥទ្ធិពល​នៃ​វប្បធម៌​របស់​ក្រិក​ក៏​រីកសាយភាយ​ទៅដល់​ទីនោះ។
        គិតត្រឹមឆ្នាំ​សតវត្សរ៍​ទី២ មុនគ.ស ជាលើក​ទីមួយ និង​ជាលើក​ចុងក្រោយ នៅ​ក្នុង​ប្រវត្តិសាស្រ្ត​តំបន់​នៅ​ជុំវិញ​សមុទ្រ​មេឌីទែរ៉ាណេ​ទាំងមូល ត្រូវ​ធ្លាក់​ក្រោម​ការ​គ្រប់គ្រង​របស់​រដ្ឋ​ និង​អរិយធម៌​តែមួយគត់ គឺ​សាធារណរដ្ឋ​រ៉ូម។ នៅពេលនោះ គ្មាន​សត្រូវ​​​ណា ពី​ខាង​ក្រៅ ដែល​ហ៊ាន​ងើបឡើង​ប្រឈមមុខ​ជាមួយ​នឹង​រ៉ូម​នោះទេ ក៏ប៉ុន្តែ រ៉ូម​ត្រូវ​ប្រឈមមុខ​នឹង​សត្រូវ​មួយ​ផ្សេងទៀត គឺ​ជម្លោះ​ផ្ទៃក្នុង។
    ប្រជាជនរ៉ូម​មាន​ចំនួន​កើនឡើង​យ៉ាង​ឆាប់រហ័ស ហើយ​មាន​ចំនួន​កាន់តែ​ច្រើន ចំណែក​ឯ​ស្ថាប័ន​នយោបាយ​នៃ​សាធារណរដ្ឋ​រ៉ូម ដែល​បង្កើតឡើងដំបូង សម្រាប់​គ្រប់គ្រង​​រដ្ឋ​តូចមួយ ក៏​ត្រូវ​ប្រឈមមុខ​នឹង​បញ្ហា ហើយ​លែង​អាច​គ្រប់គ្រង​​រដ្ឋ​ដ៏ធំ និង​​ដែល​មាន​ប្រជាជន​យ៉ាងច្រើន​សន្ធឹកសន្ធាប់​បែបនេះ​តទៅទៀតបាន។ រ៉ូម​ក៏​ត្រូវ​ធ្លាក់​ក្នុង​សង្រ្គាម​ស៊ីវិល​ និង​ការ​បះបោរ​របស់​ប្រជាជន ដូចជា ការបះបោរ​នៅ​ក្រិក និង​នៅ​អេស្ប៉ាញ​ ជាដើម ហើយ​ចលាចល​ផ្ទៃក្នុង​រ៉ូម​នេះ បាន​អូសបន្លាយ​ពេល​រហូតដល់​ទៅ​​១​សតវត្សរ៍។
ក៏ប៉ុន្តែ បើទោះបីជា​មាន​វិវាទ​ផ្ទៃក្នុង​រ៉ាំរ៉ៃ​បែបនេះ​ក៏ដោយ អំណាច​រ៉ូម​នៅ​ក្នុង​តំបន់​មេឌីទែរ៉ាណេ​មិនបាន​ធ្លាក់ចុះ​នោះទេ។ រ៉ូម​នៅតែ​បន្ត​ជា​មហាអំណាច​នៅ​ក្នុង​តំបន់​មេឌីទែរ៉ាណេ​ដដែល។
     នៅ​ប្រមាណ​ជា​ពាក់​កណ្តាល​សតវត្សរ៍​ទី១​មុន​គ.ស នៅពេល​ដែល​រ៉ូមកំពុង​ស្ថិត​ក្នុង​ភាព​ចលា ចល​ផ្ទៃក្នុង ឥស្សរជន​ដ៏សំខាន់​មួយ​ក៏​បាន​លេចមុខឡើង នៅ​ក្នុង​ប្រវត្តិសាស្រ្ត​រ៉ូម គឺ​ហ្ស៊ុលស៍ សេហ្សា (Jules César)
        សេហ្សា​​ បាន​ជាប់ឆ្នោត​ជា​កុងស៊ុល​រ៉ូម (​អំណាច​នីតិប្រតិបត្តិ​​នៃ​សាធារណរដ្ឋ​រ៉ូម) នៅ​ឆ្នាំ​៥៩​មុន​គ.ស។ ក្រោយមក សេហ្សា បាន​ដឹកនាំ​កងទ័ព​រ៉ូម​ធ្វើ​សង្រ្គាម​វាតទី​កាន់កាប់​តំបន់​ជាច្រើន នៅ​ក្នុង​ទ្វីបអឺរ៉ុប។​ នៅ​ឆ្នាំ​៥២​មុន​គ.ស សេហ្សា បាន​វាយបំបាក់​ពួក​ហ្គោល (ប្រទេស​បារាំងបច្ចុប្បន្ន)​ នៅត្រង់​កន្លែងមួយ ដែល​គេ​ហៅ​ថា សមរភូមិ​អាលេស៊ីយ៉ា (Alésia)
     ក្រោយ​ពី​ជ័យជម្នះ​នេះ សេហ្សា​បាន​នាំទ័ព​​វិលត្រឡប់​ទៅកាន់​រ៉ូមវិញ ដោយ​បាន​ប្រើ​កម្លាំង​ទ័ព​វាយ​ដណ្តើម​អំណាច​ទាំងអស់​មក​កាន់កាប់។ ក្រោយ​ពី​បាន​ក្តាប់​អំណាច​ពេញដៃ សេហ្សា បាន​ធ្វើ​សង្រ្គាម​ពង្រីក​ទឹកដី​រ៉ូម​ ហើយ​បាន​ប្រកាស​ខ្លួនឯង​ជា​មេដឹកនាំ​ផ្តាច់ការ​​នៃ​សាធារណរដ្ឋ​រ៉ូម។ ក៏ប៉ុន្តែ សេ ហ្សា​ត្រូវ​បាន​គេ​លបធ្វើឃាត នៅ​ឆ្នាំ​៤៤​មុន​គ.ស។
 
រូបសំណាក​របស់ Jules César នៅ​ក្នុង​សួនច្បារ​មួយ ក្នុង​ក្រុង​ប៉ារីស
 
            មរណភាព​របស់​ហ្ស៊ុល សេហ្សា គឺ​ជា​ចំណុច​ចាប់ផ្តើម​មួយ ដែល​ធ្វើ​ឲ្យ​របបសាធារណរដ្ឋ​ នៅ​រ៉ូម ឈាន​ទៅ​រក​ការ​ដួលរលំ ដោយ​ជំនួស​មកវិញ ដោយ​របប​ដឹកនាំ​ថ្មីមួយ​ទៀត គឺ ចក្រភព​​រ៉ូម។ ចក្រភព​រ៉ូម​ ដែល​ចាប់កំណើតឡើង នៅ​ឆ្នាំ​២៧​មុន​គ.ស ហើយ​បន្ត​ជា​មហាអំណាច​គ្រប់គ្រង​ពិភពលោក​ រហូតដល់​ឆ្នាំ​៤៧៦​នៃ​គ.ស។ គិតជា​សរុប​ទៅ រ៉ូម (ទាំង​ក្នុង​សម័យកាល​សាធារណរដ្ឋ និង​ក្នុង​សម័យកាល​​ជា​ចក្រភព​រ៉ូម) បាន​​ធ្វើ​ជា​មហាអំណាច​គ្រប់គ្រង​ពិភពលោក​ អស់រយៈពេល ជិត ៧០០​ឆ្នាំ៕