Labels

Albert Einstein Alexandre le Grand ISIS La Terreur Pearl Harbor Renaissance កំណែទម្រង់ប៉េរេស្ត្រយកា កំណែទម្រង់សេដ្ឋកិច្ចចិន កម្ពុជា កម្ពុជាក្រោម កម្លាំងទំនាញសកល ការចាប់ផ្ដើម ការប្រជែងផ្នែកអវកាស ការវិលត្រឡប់ទៅកាន់អំណាច កាលីលេ កូសាំងស៊ីន ក្រិក ក្រុមជីហាតរដ្ឋអ៊ីស្លាម ក្រុមភេរវជនអន្តរជាតិ ខ្សែបន្ទាត់ព្រំដែន គ្រាប់បែកនុយក្លេអ៊ែរ គ្រីស្តូហ្វកូឡុំ គ្រឹស្តសាសនា ចក្រភពម៉ុងហ្គោល ចក្រភពរ៉ូម ចក្រភពអារ៉ាប់ ចលនាតស៊ូប្រដាប់អាវុធកុម្មុយនិស្ត ចិន ច្បាប់នៃចលនា ឆេកូស្លូវ៉ាគី ជប៉ុន ជ័យជម្នះរបស់ក្រុមសម្ព័ន្ធមិត្ត ជិនហ្គីស ខាន់ ដែនដីអាណានិគម តេងស៊ាវពីង តេងស៊ាវភីង ទ្រឹស្តីតារាសាស្រ្ត ទ្រឹស្តីសាសនា បក្សកុម្មុយនិស្តចិន បដិវត្តន៍ បដិវត្តន៍កសិកម្ម បដិវត្តន៍រាជានិយម បដិវត្តន៍វប្បធម៌ បដិវត្តន៍អ៊ីរ៉ង់ បារាំង បិតាកំណែទម្រង់សេដ្ឋកិច្ចចិន ប៊ិនឡាដិន បុរេប្រវត្តិ ប្រធានាធិបតីអាមេរិក ប្រវត្តិសាស្រ្ត ប្លុកកុម្មុយនិស្ត ផលវិបាក ភេរវកម្ម១១កញ្ញា មជ្ឈិមបូព៌ា មហាអំណាចអាណានិគមអាស៊ី មហាអំណាចអឺរ៉ុប មូលហេតុ ម៉ៅសេទុង យុគខ្មៅងងឹត យុគនៃពន្លឺ រដ្ឋធម្មនុញ្ រុស្សី លេនីន វាំងននដែក វិទ្យាសាស្រ្ត វិបត្តិប៊ែរឡាំង វិបត្តិព្រែកជីកស៊ុយអេ វិបត្តិមីស៊ីលគុយបា វៀតណាមខាងត្បូង សង្គ្រាមលោកលើកទី១ សង្គ្រាមលោកលើកទី២ សង្រ្គាមកូរ៉េ សង្រ្គាមឈូងសមុទ្រពែក្ស សង្រ្គាមត្រជាក់ សង្រ្គាមវៀតណាម សង្រ្គាមស៊ីវិល សង្រ្គាមអាហ្វហ្កានីស្ថាន សង្រ្គាមអ៊ីរ៉ាក់ សង្រ្គាមឥណ្ឌូចិន សព្វាវុធនុយក្លេអ៊ែរ សហភាពសូវៀត សហរដ្ឋអាមេរិក សាសនាអ៊ីស្លាម ស្ថានភាពពិភពលោក ហ៊ីត្លែរ ហ្គ័របាឆូវ អង់គ្លេស អធិរាជណាប៉ូឡេអុង អរិយធម៌ដ៏ចំណាស់បំផុតរបស់មនុស្សជាតិ អរិយធម៌មេឌីទែរ៉ាណេ អរិយធម៌អាស៊ីអាគ្នេយ៍ អាញ់ស្តាញ់ អាណាចក្រខ្មែរ អាណានិគម អាណាព្យាបាលបារាំង អាប្រាហាំលីនកុន អាមេរិក អារ៉ាប់ អាល់កៃដា អាល់ប៊ែរ អាញ់ស្តាញ់ អាស៊ីប៉ាសីហ្វិក អ៊ីតាលី អ៊ីសាក់ញូតុន អ៊ីស្រាអែល អឺរ៉ុបខាងកើត អ៊ុយក្រែន ឧស្សាហកម្ម

ការធ្លាក់ដុនដាបរបស់ក្រិកនិងការលេចមុខមហាអំណាចថ្មីរបស់ Alexandre le Grand

នៅពេល​ដែល​ប្រទេស​មួយ​មាន​ការ​រួបរួមគ្នា ប្រទេស​នោះ​ច្រើន​តែ​ស្គាល់​នូវ​ភាព​រុងរឿង។ ផ្ទុយទៅវិញ ប្រសិនបើ​មាន​ការ​បែកបាក់​គ្នា ការ​ធ្វើ​សង្រ្គាម​ហែកហួរ​គ្នាឯង ប្រទេស​ប្រាកដ​ជា​នឹង​ធ្លាក់ចុះ​ទន់ខ្សោយ ហើយ​អាច​នឹង​ត្រូវ​រលំរលាយ​ ធ្លាក់​ទៅក្នុងការ​ត្រួតត្រា​របស់​បរទេស។ នេះ​គឺ​ជា​ភាពពិតជាក់ស្តែង ដែល​កើតមាន​ឡើង នៅ​គ្រប់កន្លែង ទាំង​នៅ​ក្នុង​សម័យកាល​បច្ចុប្បន្ន ក៏ដូចជា​​កាលពី​សម័យបុរាណ។
            កាលពី​ប្រមាណ​ជា ២ពាន់ ៥រយ​ឆ្នាំមុន ក្រិក​ ដែល​មាន​ការ​រួបរួមគ្នា អាច​ច្បាំង​ឈ្នះ​មហាអំណាច​ពិភពលោក គឺ​អាណាចក្រ​​ពែរស៍ រួចហើយ​ក្រិក​ខ្លួនឯង​ក៏​ស្គាល់​នូវ​ភាព​រុងរឿង​ ជា​ប្រទេស​មហាអំណាច​ដ៏សំខាន់​មួយ នៅលើ​ពិភពលោក។ ក៏ប៉ុន្តែ ភាពរុងរឿង​របស់​ក្រិក​បាន​ឈាន​មក​ដល់​ទីបញ្ចប់ នៅ​ពេល​ដែល​ក្រិក​បែកបាក់គ្នា ហើយ​គិត​តែ​ពី​ធ្វើ​សង្រ្គាម​ហែកហួរ​គ្នាឯង គឺ​នៅ​ក្នុង​សង្រ្គាម ដែល​អ្នក​ប្រវត្តិសាស្រ្ត​ដាក់​ឈ្មោះ​ថា សង្រ្គាម​ប៉េឡូប៉ូនែស (Peloponnèse)
            ក្រិកសម័យបុរាណ គឺ​ជា​បណ្តុំ​នៃ​បុរី​តូចៗ​ជាច្រើន ដែល​មាន​រចនាសម្ព័ន្ធដឹកនាំ​ឯករាជ្យ​ដាច់ចេញ​ពីគ្នា​ប្រៀបបាន​នឹង​កូនរដ្ឋ ដែល​គេ​ឲ្យឈ្មោះ​ថា បុរីរដ្ឋ​ (City-State/Cité-Etat)។ សង្រ្គាម​ប៉េឡូប៉ូនែស ដែល​ចាប់ផ្ទុះឡើង ពី​ឆ្នាំ​៤៣១​មុន​គ.ស ហើយ​អូសបន្លាយ​ពេល​រហូត​ដល់​ឆ្នាំ​៤០៤​មុន​គ.ស គឺ​ជា​សង្រ្គាម​រវាង​បក្សសម្ព័ន្ធ​ពីរ​នៃ​បុរីរដ្ឋ​ក្រិក៖ បក្ស​សម្ព័ន្ធ​ម្ខាង​​ដឹកនាំ​ដោយ​​អាថែន (Athènes) និង​បក្ស​សម្ព័ន្ធ​ម្ខាងទៀត​ដឹកនាំ​ដោយ​ស្ប៉ាត (Sparte)
            នៅ​ទីបញ្ចប់ គឺ​ខាង​បក្ស​សម្ព័ន្ធ​របស់​​ស្ប៉ាត ដែល​ជា​អ្នក​ទទួល​ជ័យជម្នះ ក៏ប៉ុន្តែ សង្រ្គាម​​ ៣០ឆ្នាំ​នេះ បាន​ធ្វើ​ឲ្យ​ក្រិក​ទាំងមូល​ត្រូវ​ធ្លាក់ចុះ​ទន់ខ្សោយ។ អាថែន ដែល​ចាញ់​សង្រ្គាម ​ត្រូវ​វិនាស​ហិនហោច ហើយ​របប​ប្រជាធិបតេយ្យ​ត្រូវ​ដួលរលំ។ ក៏ប៉ុន្តែ ក្នុង​ពេល​ជាមួយគ្នា បក្ស​សម្ព័ន្ធ​របស់​ស្ប៉ាត ដែល​ជា​អ្នក​ឈ្នះ​សង្រ្គាម ក៏​បាន​ជួប​ប្រទះ​នឹង​​ភាពក្រីក្រ​នៅ​ស្ទើរតែ​គ្រប់ទីកន្លែង​ដែរ។
            សង្រ្គាម​ប៉េឡូប៉ូនែស​បាន​ធ្វើ​ឲ្យ​ភាព​រុងរឿង​នៃ​មហាអំណាច​ក្រិក​ត្រូវ​ បញ្ចប់​ជា​ស្ថាពរ ហើយ​មិនយូរ​ប៉ុន្មាន​ អតីត​មហាអំណាច​មួយនេះ​ក៏​​ត្រូវ​ធ្លាក់​ក្រោម​ការ​ត្រួតត្រា​របស់​មហាអំណាច​ ថ្មីមួយទៀត គឺ​អាណាចក្រ​ម៉ាសេដ្វាន (Macédoine) ដឹកនាំ​ដោយ​អធិរាជ​ដ៏ល្បីល្បាញ​មួយរូប គឺ Alexandre le Grand (តាមភាសា​អង់គ្លេស Alexander the Great)
            ម៉ាសេដ្វាន តាមពិតទៅ​ ក៏​​ជា​នគរ​មួយ ដែល​ទទួល​ឥទ្ធិពល​ពី​វប្បធម៌​ក្រិក​ដែរ ហើយ​បច្ចុប្បន្ន​នេះ ម៉ាសេដ្វាន គឺ​ជា​តំបន់​ស្វ័យ័ត​មួយ​របស់​ក្រិក​។ Alexandre ដែល​ជា​អធិរាជ​ដ៏ល្បីល្បាញ​​របស់​ម៉ាសេដ្វាន គឺ​ជា​កូនសិស្ស​របស់​អារីស្តូត ដែល​ជា​ទស្សនវិទូ​ក្រិក។
            Alexandre le Grand ដែលមាន​វ័យត្រឹមតែ ២០ឆ្នាំ បាន​ឡើង​គ្រងរាជ​ជា​ស្តេច​របស់​ម៉ាសេដ្វាន ក្រោយ​ពី​ស្តេច​ហ្វីលីព ដែល​ជា​បិតា ត្រូវ​គេ​លបធ្វើ​ឃាត នៅ​ឆ្នាំ​៣៣៦​មុនគ.ស។ Alexandre គឺ​ជា​បញ្ញវន្ត​មួយរូប​ដែល​ពូកែ​ខាង​កំណាព្យ និង​ទស្សនវិជ្ជា ហើយ​ក៏​ជា​អ្នក​ជំនាញ​ខាង​ទ័ព​សេះ​ផងដែរ។ នៅ​ពេល​ឡើង​គ្រងរាជ​ភ្លាម បញ្ហា​ដែល​​ Alexandre le Grand ត្រូវ​ប្រឈមមុខ​មុនគេ គឺ​ការ​រកវិធី​បញ្ចប់​វិវាទ​ផ្ទៃក្នុង​ ដើម្បី​​បង្រួបបង្រួម​បុរីរដ្ឋ​ក្រិក​ឡើងវិញ ហើយ​វិធី​ដ៏ល្អបំផុត​ក្នុងការ​បង្រួបបង្រួម​គូប្រជែង​អស់ទាំងនេះ គឺ​ស្វែងរក​សត្រូវ​រួម​មួយ។ Alexandre le Grand ក៏​គិតឃើញ​គំនិត​មួយ គឺ​ប្រមែរប្រមូល​ទ័ព​ម៉ាសេដ្វាន រួម​ជាមួយ​នឹង​ទ័ព​ក្រិក​ទាំងអស់ ប្រកាស​សង្រ្គាម​ទល់​នឹង​អាណាចក្រ​ពែរស៍ ដើម្បី​ជា​ការ​សងសឹក ចំពោះ​អំពើ​ឈ្លានពាន​របស់​ពែរស៍​ ទៅលើ​ក្រិក កាល​ពី​មុន។ 
 
រូបគំនូរ​បង្ហាញ​ពី​ Alexandre le Grand ក្នុង​សមរភូមិ​ទល់នឹង​កងទ័ព​នៃ​អាណាចក្រ​ពែរស៍

ដោយសារតែ​អាណាចក្រ​ពែរស៍​គឺ​ជា​សត្រូវ​ចាស់​របស់​ក្រិក ហើយ​​​ម៉ាសេដ្វាន គឺ​ជា​ផ្នែក​មួយ​នៃ​វប្បធម៌​ក្រិក កងទ័ព​ក្រិក​បាន​​ប្រមូល​គ្នា ចេញ​ទៅតាម​ Alexandre le Grand ក្នុង​ការ​ធ្វើ​​សង្រ្គាម​ទល់​នឹង​អាណាចក្រ​ពែរស៍ ដោយ​គេ​ចាត់ទុក​ថា​នេះ​គឺ​ជា​សង្រ្គាម ​​រវាង​ក្រិក និង​ពែរស៍។
            ចេញ​ពី​ក្រិក កងទ័ព​របស់​ Alexandre le Grand បាន​វាយ​បំបាក់​កងទ័ព​របស់​អាណាចក្រ​ពែរស៍ នៅតួកគី ហើយ​បន្ទាប់មក​ វាយ​ចុះ​ទៅ​ទិស​ខាង​ត្បូង ចូលកាន់កាប់​​លីបង់ ស៊ីរី អ៊ីស្រាអែល អេហ្ស៊ីប បាប៊ីឡូន (អ៊ីរ៉ាក់) និង​ចុងក្រោយ​ ទឹកដី​ពែរស៍​ផ្ទាល់ (អ៊ីរ៉ង់)។ នៅ​ឆ្នាំ​៣៣១​មុន​គ.ស កងទ័ព​ពែរស៍ ដែល​នៅ​សេសសល់​ចុងក្រោយ​​ ត្រូវបាន​កងទ័ព​ Alexandre le Grand វាយ​កម្ទេច ​អាណាចក្រ​ពែរស៍​ត្រូវ​ដួលរលំ ហើយ​ Alexandre le Grand ក៏​ប្រកាស​ខ្លួន​ថា​ជា​អធិរាជ​របស់​ពិភពលោក។
 

រូបចម្លាក់​ Alexandre le Grand នៅលើ​មឈូស​មួយ ដែល​គេ​រកឃើញ នៅ​ក្នុង​ប្រទេស​លីបង់ ហើយ​បច្ចុប្បន្ន​រក្សា​ទុក​ក្នុង​សារមន្ទីរ​នៅ​តួកគី
         អាណាចក្រ​ម៉ាសេដ្វាន ដែលដឹកនាំ​ដោយ​ Alexandre le Grand ដែល​ត្រូវ​បាន​គេ​ចាត់ទុក​ថា​អធិរាជ​របស់​ក្រិក​ដែរ​នោះ បាន​ជំនួស​អាណាចក្រ​ពែរស៍ ក្នុង​ឋានៈ​ជា​មហាអំណាច​ពិភពលោក គ្រប់គ្រង​ដែនដី​ ដែល​លាតសន្ធឹង​ចាប់តាំង​ពី​តំបន់​មេឌីទែរ៉ាណេ កាត់តាម​ដើមបូព៌ា​ រហូតដល់​អាស៊ី។ ក៏ប៉ុន្តែ Alexandre le Grand មិន​ស្កប់​ចិត្ត​តែ​ត្រឹមនោះទេ ដោយ​បាន​បែកគំនិត​មាន​មហិច្ឆតា​ថ្មីមួយទៀត គឺ​​ចង់វាតទី​គ្រប់គ្រង​ពិភពលោក​ទាំងមូល។
            Alexandre le Grand បាន​​លើកទ័ព​ចេញ​ពីពែរស៍​វាយលុក​ឆ្ពោះទៅ​ទិសខាងកើត រហូតដល់​ឥណ្ឌា។ ក៏ប៉ុន្តែ ទៅដល់​​កន្លែង​មួយ ក្បែរ​ក្រុងញូវដេលីបច្ចុប្បន្ន Alexandre le Grand ត្រូវ​គាំង​ដំណើរ​ ទៅមុខ​ទៀត​លែង​បាន ដោយសារ​តែ​កងទ័ព​នាំគ្នា​ធ្វើ​កូដកម្ម​លែង​ប្រយុទ្ធ។ ទាហាន​ក្រិក​​ចាប់ផ្តើម​ធុញទ្រាន់​នឹង​សង្រ្គាម​​ ម្យ៉ាង គឺ​ដោយសារតែ​ពួកគេ​​បាន​ចាកចេញ​ឆ្ងាយ​​ពី​ស្រុក​កំណើត​អស់រយៈពេល ៩ឆ្នាំ​មកហើយ។ ម្យ៉ាងទៀត អាណាចក្រ​ពែរស៍ ដែល​ជា​គូសត្រូវ​របស់​ក្រិក​ និង​ដែល​ជា​គោលដៅ​ចម្បង​នៃ​ការ​ធ្វើ​សង្រ្គាម​នេះ ក៏​ត្រូវបាន​ពួកគេ​វាយ​កម្ទេច​​រួចហើយ​ដែរ។ ដូច្នេះ សម្រាប់​ពួកក្រិក វា​គ្មាន​ន័យអ្វី ដែល​ត្រូវ​ធ្វើ​សង្រ្គាម​វាតទី​តទៅមុខ​ទៀត​នោះទេ។
            នៅពេល​ដែល​កងទ័ព​ឈប់​ស្តាប់​បញ្ជា លែង​ចង់​ធ្វើ​ដំណើរ​តទៅមុខទៀត Alexandre le Grand បាន​ត្រឹមតែ​ខឹង​សម្បារ តែ​ធ្វើ​អ្វី​មិន​កើត ក៏​សុខចិត្ត​ស្តាប់​តាម​ការទាមទារ​​របស់​កងទ័ព​ខ្លួន។ ពីសាច់រឿងនេះ គេ​អាច​ទាញ​បាន​មេរៀន​ដ៏សំខាន់​មួយ​ថា គ្រប់អំណាច​ទាំងអស់ មាន​មូលដ្ឋាន​គ្រឹះ នៅលើ​​ការព្រមព្រៀង​ស្តាប់​បង្គាប់​របស់​រាស្រ្ត មិនថា ក្នុង​របប​ផ្តាច់ការ ឬ​របប​ប្រជាធិបតេយ្យ​នោះទេ។ នៅពេល​ដែល​រាស្រ្ត​លែង​ស្តាប់​បង្គាប់ ទោះបី​ជា​អំណាច​ផ្តាច់ការ ឬអំណាច​យោធា ​ក៏​ត្រូវ​តែ​ដួលរលំ​ដែរ។
            ដោយ​គ្មាន​ជម្រើស Alexandre le Grand ក៏​បាន​ដក​កងទ័ព​ចេញ​ពី​ឥណ្ឌា ហើយ​ធ្វើ​ដំណើរ​ត្រឡប់​ក្រោយវិញ ទៅដល់​បាប៊ីឡូន ទី​ដែល​ព្រះអង្គ​ចង់​តាំង​រាជធានី សម្រាប់​អាណាចក្រ​របស់​ព្រះអង្គ គឺ​រាជធានី​របស់​ពិភពលោក។ ក៏ប៉ុន្តែ នៅឆ្នាំ​៣២៣​មុនគ.ស ក្រោយ​ពី​គ្រងរាជ្យ​បាន​តែ ១៣ឆ្នាំ​ Alexandre le Grand បាន​ចូល​ទិវង្គត ក្នុងវ័យ ៣២ឆ្នាំ។ មូលហេតុ​នៃ​ការ​ស្លាប់​នេះ ត្រូវបាន​គេ​យល់​ឃើញ​ផ្សេងៗ​ពី​គ្នា ខ្លះ​ថា​​​មក​ពី​ការ​ផឹកស្រា​ច្រើន​ហួសហេតុ​​ ឬ​ក៏ដោយសារ​តែ​មាន​គេ​ដាក់​ថ្នាំបំពុល​ក្នុងស្រា ហើយ​ខ្លះ​ទៀត​ថា មក​ពី​ជំងឺ​គ្រុនចាញ់ ឬ​ជំងឺ​គ្រុនពោះវៀន។ សាកសព​របស់​ Alexandre le Grand ត្រូវ​បាន​គេ​ដង្ហែ​យក​ទៅ​បញ្ចុះ នៅ​អេហ្ស៊ីប ក្នុង​ទីក្រុងមួយ​ដែល​យក​ឈ្មោះ​តាម Alexandre le Grand គឺ​ទីក្រុង​អាឡិចសង់ឌ្រី (Alexandrie)
            ជាង ១០ឆ្នាំ ក្រោមការ​ដឹកនាំ​របស់​ Alexandre le Grand ម៉ាសេដ្វាន និង​ក្រិក បាន​ស្គាល់​នូវ​ភាព​រុងរឿង ក្នុងឋានៈ​ជា​មហាអំណាច​ពិភពលោក ដែល​គ្រប់គ្រង​ផ្ទៃដី​លាតសន្ធឹង​ជាង ៥លាន​​គីឡូម៉ែត្រក្រឡា ហើយ​វប្បធម៌ និង​អរិយធម៌​ក្រិក​បាន​ជះឥទ្ធិពល​​ទៅ​គ្រប់​ទីកន្លែង ចាប់តាំង​ពី​​អឺរ៉ុប និង​មេឌីទែរ៉ាណេ រហូតដល់​ឥណ្ឌា។ មានតែ​ចិន​មួយប៉ុណ្ណោះ ដែល​មិន​ទទួល​ឥទ្ធិពល​ពី​ក្រិក។
            ក៏ប៉ុន្តែ នៅក្រោយ​ពេល​ដែល Alexandre le Grand ចូល​ទិវង្គត ដោយសារតែ​ការ​ឈ្លោះ​ដណ្តើម​រាជបល្ល័ង្ក​ រវាង​មេទ័ពកំពូលៗ អាណាចក្រ​ម៉ាសេដ្វាន ក៏​ត្រូវ​បាក់បែក​គ្នា ហើយ​នៅ​ឆ្នាំ​២៨១​មុនគ.ស ក្រោយ​ពី​មាន​សង្រ្គាម​ដណ្តើម​រាជបល្ល័ង្ក​​​អស់រយៈពេល ៤០ឆ្នាំ អាណាចក្រ​របស់ Alexandre le Grand ក៏​ត្រូវ​ពុះ​ជាបួន​ចំណែក បង្កើតទៅជា​អាណាចក្រ​បួនផ្សេងគ្នា ​នៅ​អេហ្ស៊ីប នៅ​បាប៊ីឡូន ​នៅ​ក្រិក និង​នៅ​ម៉ាសេដ្វាន៕