ពិភពក្រិកទល់នឹងអាណាចក្រពែរស៍៖ ជ័យជម្នះនៃប្រជាធិបតេយ្យ
ប្រមាណជា ៦រយឆ្នាំ មុនគ.ស (ប្រមាណជា ២ពាន់ ៦រយឆ្នាំមុនសម័យកាលបច្ចុប្បន្ន) មនុស្សបានប្រមូលផ្តុំគ្នា បង្កើតជារដ្ឋ និងអរិយធម៌ធំៗ នៅអេហ្ស៊ីប មេសូប៉ូតាមី ឥណ្ឌា និងចិន ព្រមទាំងនៅតាមតំបន់ដែលជាប់នឹងសមុទ្រមេឌីទែរ៉ាណេ។ ក្រោយមក គេឃើញមានអាណាចក្រមួយទៀតបានលេចធ្លោឡើង នៅក្នុងតំបន់ក្បែរឈូងសមុទ្រពែរស៍ ត្រង់ប្រទេសអ៊ីរ៉ង់បច្ចុប្បន្ន នោះ គឺអាណាចក្រពែរស៍។ អាណាចក្រពែរស៍ ដែលមានជំនាញខាងទ័ពសេះ។
![]() |
រូបគំនូររបស់វិចិត្រករបារាំង
បង្ហាញអំពីជីវិតចុងក្រោយរបស់ទស្សនវិទូក្រិក សូក្រាត
|
ក្រោមការដឹកនាំរបស់អធិរាជស៊ីរូស (Cyrus) អាណាចក្រពែរស៍បានវាតទីពង្រីកដែនដីរបស់ខ្លួន
ដោយវាយកាន់កាប់រដ្ឋដែលនៅជិតខាង ដែលក្នុងនោះក៏រួមមានទាំងអាណាចក្របាប៊ីឡូន
នៅមេសូប៉ូតាមីផងដែរ។ គិតត្រឹមឆ្នាំ ៥០០មុនគ.ស មេសូប៉ូតាមី អេហ្ស៊ីប ឥណ្ឌា ព្រមទាំងតំបន់អាស៊ីកណ្តាល
និងមួយផ្នែកនៃតំបន់មេឌីទែរ៉ាណេ ត្រូវធ្លាក់ក្រោមការកាន់កាប់របស់អាណាចក្រពែរស៍។
ក៏ប៉ុន្តែ អធិរាជពែរស៍មិនសុខចិត្តបញ្ចប់ការពង្រីកទឹកដីរបស់ខ្លួនត្រឹមនេះ
ទេ។ នៅឆ្នាំ៤៩៩មុនគ.ស ក្រោមការដឹកនាំរបស់អធិរាជដារីយូស (Darius) អាណាចក្រពែរស៍
ដែលដណ្តើមកាន់កាប់ទ័ពជើងទឹករបស់លីបង់ (ហ្វេនីស៊ី) ក៏បានបញ្ជូនទូកចម្បាំង
និងទាហានរបស់ខ្លួន ទៅវាយលុកចូលក្នុងប្រទេសក្រិក។ ក៏ប៉ុន្តែ កងទ័ពពែរស៍ត្រូវកងទ័ពក្រិកវាយបំបាក់
នៅប្រមាណជា ៤០គីឡូម៉ែត្រពីបុរីអាថែន នៅត្រង់កន្លែងមួយឈ្មោះថា “ម៉ារ៉ាតុង”។
ទាក់ទងនឹងសមរភូមិនៅម៉ារ៉ាតុងនេះ
មានដំណើររឿង ដែលគេនិទានតៗគ្នាមកថា ក្រោយពីកងទ័ពក្រិកបានបង្រ្កាបទ័ពពែរស៍
អ្នកនាំសារក្រិកម្នាក់បានរត់ពីម៉ារ៉ាតុង ដោយឥតឈប់ ដើម្បីនាំដំណឹងល្អនេះទៅប្រាប់រដ្ឋាភិបាលនៅអាថែន។
ពេលទៅដល់អាថែន ដោយមានការនឿយហត់ខ្លាំងពេក
អ្នកនាំសាររូបនេះនិយាយបានតែមួយម៉ាត់ថា “យើងឈ្នះហើយ!” ក៏ដួលស្លាប់ទៅ។
ទៅតាមដំណើររឿងនេះហើយ បានជាគេដាក់ឈ្មោះកីឡារត់ចម្ងាយមួយប្រភេទ ក្នុងការប្រកួតកីឡាអូឡាំពិចសម័យបច្ចុប្បន្នថា
“កីឡារត់ម៉ារ៉ាតុង”។
ក្រោយពីទទួលបរាជ័យនៅម៉ារ៉ាតុង
អាណាចក្រពែរស៍មិនអស់ចិត្ត ក៏បានលើកទ័ពមកវាយលុកលើក្រិកសាជាថ្មីទៀត។
សង្រ្គាមរវាងពែរស៍ និងក្រិកបានអូសបន្លាយពេលរហូតដល់ទៅប្រមាណជាកន្លះសតវត្សរ៍។
ក៏ប៉ុន្តែ នៅចុងបំផុតទៅ កងទ័ពអាណាចក្រពែរស៍ ដែលមានចំនួនយ៉ាងច្រើនសន្ធឹកសន្ធាប់
នៅតែត្រូវទទួលបរាជ័យ ដោយមិនអាចវាយកាន់កាប់ក្រិកបាន។
តាមការពិត ក្នុងចំណោមទាហានដែលអាណាចក្រពែរស៍បញ្ជូនទៅធ្វើសង្រ្គាមនៅក្រិក
មានមួយផ្នែកធំ មិនមែនជាទាហានពែរស៍នោះទេ ប៉ុន្តែ ជាទាហានដែលមានប្រភពចេញពីរដ្ឋ
ដែលស្ថិតក្រោមការត្រួតត្រារបស់អាណាចក្រពែរស៍។ ទាហានទាំងនេះមិនមានទឹកចិត្តក្នុងការច្បាំងទល់នឹងទាហានក្រិក
នោះទេ ពីព្រោះវាមិនមែនជាសង្រ្គាម ដើម្បីផលប្រយោជន៍របស់ពួកគេ តែជាសង្រ្គាម
ដើម្បីកេរ្តិ៍ឈ្មោះអាណាចក្រពែរស៍។ ផ្ទុយទៅវិញ ទាហានក្រិកច្បាំងទល់នឹងទាហានពែរស៍
ក្នុងស្មារតីស្នេហាជាតិ និងប្តូរផ្តាច់ ដើម្បីការពារសេរីភាព
និងឯករាជ្យរបស់ខ្លួន ពីការត្រួតត្រារបស់បរទេស។
បុរីរដ្ឋទាំងអស់របស់ក្រិក ដែលខ្លះជាគូប្រជែងនឹងគ្នា
ក៏សុខចិត្តទុកវិវាទរបស់ខ្លួនមួយអន្លើ ដោយងាកមកពួតដៃគ្នា
ដើម្បីប្រយុទ្ធទល់នឹងកងទ័ពពែរស៍។
អាណាចក្រពែរស៍ ដែលជាមហាអំណាច ធ្លាប់វាយបង្ក្រាបកងទ័ពធំៗ
ហើយត្រួតត្រាទឹកដី ចាប់តាំងពីឥណ្ឌា មេសូប៉ូតាមី រហូតដល់អេហ្ស៊ីប ក៏ប៉ុន្តែ បែរជាមកបរាជ័យនៅចំពោះមុខបុរីរដ្ឋតូចៗប៉ុន្មានរដ្ឋរបស់ក្រិក។
ក្រោយពីបានទទួលជ័យជម្នះលើកងទ័ពនៃអាណាចក្រពែរស៍
អាថែន ដែលជាបុរីរដ្ឋដ៏សំខាន់មួយរបស់ក្រិក បានស្គាល់នូវភាពរុងរឿង មានឈ្មោះល្បីល្បាញ
ហើយបានពង្រីកឥទ្ធិពលនៃវប្បធម៌របស់ខ្លួន ទៅកាន់បុរីរដ្ឋផ្សេងទៀតរបស់ក្រិក
ក៏ដូចជា ទៅកាន់រដ្ឋផ្សេងទៀតនៅក្បែរៗនោះ។
អាថែន គឺជាអ្នកបង្កើតរបបដឹកនាំបែបប្រជាធិបតេយ្យជាលើកដំបូងគេបង្អស់
ក្នុងប្រវត្តិមនុស្សជាតិ។ ពលរដ្ឋអាថែន ដែលមានអាយុចាប់ពី ១៨ឆ្នាំឡើងទៅ
មានសិទ្ធិចូលរួមប្រជុំ ដើម្បីជ្រើសរើសសមាជិកសភា ហើយសមាជិកសភា
ជាអ្នកជ្រើសរើសសមាសភាពរដ្ឋាភិបាល។ ជាដំណើរការប្រជាធិបតេយ្យ ដែលបានបន្សល់ទុករហូតមកទល់នឹងពេលបច្ចុប្បន្ន។
នៅក្រិកសម័យបុរាណ
យុវជនទទួលបាននូវការអប់រំយ៉ាងទូលំទូលាយ។ ពលរដ្ឋក្រិកភាគច្រើនចេះអាន
និងចេះសរសេរ។ ពួកគេចូលចិត្តជជែកគ្នា ចែកចាយ និងផ្លាស់ប្តូរគំនិតគ្នាទៅវិញទៅមក។
គឺក្រិកនេះឯង ដែលជាអ្នកដុះគំនិត បង្កើតជាសិល្បៈល្ខោន និងទស្សនវិជ្ជា។
សូក្រាត ទស្សនវិទូ ដែលគេស្គាល់គ្រប់គ្នា នៅទូទាំងពិភពលោក រហូតមកទល់នឹងពេលបច្ចុប្បន្ននេះ
គឺជាពលរដ្ឋក្រិក។ ក្រៅពីសូក្រាត ទស្សនវិទូល្បីៗផ្សេងៗទៀត ដូចជា ផ្លាតុង
និងអារីស្តូត ជាដើម ក៏សុទ្ធតែជាជនជាតិក្រិក។
ក្រៅពីប្រជាធិបតេយ្យ និងទស្សនវិជ្ជា
ក្រិកក៏បានបង្កើតគំនិតថ្មីៗជាច្រើនផ្សេងទៀតដែរ ដែលបន្សល់ទុកជាកេរមរតកសម្រាប់មនុស្សជាតិ
រហូតដល់ពេលបច្ចុប្បន្ននេះ។ ទ្រឹស្តីបទគណិតវិទ្យាជាច្រើន មានប្រភពចេញពីក្រិក
ហើយដែលគេនៅតែបន្តយកមកបង្រៀននៅតាមសាលារៀននៅទូទាំងពិភពលោក សព្វថ្ងៃនេះ
(Pythagore, Thalès, Archimède សុទ្ធសឹងជាជនជាតិក្រិក)។ ពី (តាមអក្សរក្រិក π) ដែលគេយកមកប្រើ ដើម្បីគណនាបរិមាត្រនៃរង្វង់ គឺបង្កើតឡើងដោយក្រិក។
នៅក្នុងភាសានៃ បណ្តាប្រទេសក្នុងទ្វីបអឺរ៉ុបបច្ចុប្បន្ន
គេសង្កេតឃើញថា ពាក្យបច្ចេកទេស ដែលអ្នកចេះដឹងច្រើនតែយកមកប្រើ ភាគច្រើនជាពាក្យ
ដែលមានឫសគល់ចេញពីភាសាក្រិក។
កាលពីប្រមាណជាជិត
២ពាន់ ៥រយឆ្នាំមុន រដ្ឋបុរសក្រិកដ៏ល្បីម្នាក់ ឈ្មោះ “ពេរីគ្លែស” (Périclès) បានថ្លែងក្នុងសុន្ទរកថារបស់លោកថា៖ “របបនយោបាយរបស់យើងគឺជាគំរូដល់អ្នកដទៃ។
សម្រាប់ប្រទេសរបស់យើង រដ្ឋធ្វើការ ដើម្បីផលប្រយោជន៍របស់មនុស្សភាគច្រើន
មិនមែន សម្រាប់ផលប្រយោជន៍របស់មនុស្សមួយក្តាប់តូចនោះទេ។ ដូច្នេះហើយបានជាយើងហៅរបបនយោបាយនេះថាជារបបប្រជាធិបតេយ្យ។
ប្រជាជនទាំងអស់មានសិទ្ធិស្មើគ្នា នៅចំពោះមុខច្បាប់។ ច្បាប់ ដែលការពារអ្នកទន់ខ្សោយ។ ជាការពិតថា
អ្វីៗមិនអាចស្ថិតនៅជាអមតៈបាននោះទេ។ នៅថ្ងៃណាមួយ ប្រជាជាតិយើងនឹងត្រូវធ្លាក់ចុះទន់ខ្សោយ។
ក៏ប៉ុន្តែ បើទោះបីជាយ៉ាងនេះក៏ដោយ
អស់លោកអ្នកដែលរស់នៅក្នុងសម័យកាលរាប់សតវត្សរ៍ ទៅថ្ងៃអនាគត អាចនឹងនិយាយពីពួកយើងថា
ពួកយើងបានបង្កើតបុរីដ៏ល្បីល្បាញ និងប្រកបដោយសុភមង្គលបំផុត”។
ជិត ២៥សតវត្សរ៍ក្រោយមក
យើងអាចនិយាយបានថា អ្វីដែល Périclès បានប្រមើលមើលខាងលើនេះ ពិតជាបានកើតឡើងមែន។
ជាការពិតថា
ប្រជាធិបតេយ្យក្រិកសម័យបុរាណ ខុសពីប្រជាធិបតេយ្យនៅសម័យកាលបច្ចុប្បន្ន។ របៀបរបបដឹកនាំរបស់ក្រិកសម័យបុរាណត្រូវបានរៀបចំទៅតាមលក្ខណៈជា
បុរីរដ្ឋតូចៗ ដែលមានប្រជាជនតិច ប្រជាធិបតេយ្យក្រិកសម័យនោះ គឺប្រជាធិបតេយ្យដោយផ្ទាល់
ហើយមានតែពលរដ្ឋជាបុរសប៉ុណ្ណោះ ដែលអាចចូលរួមសម្រេចកិច្ចការរដ្ឋ
និងជ្រើសរើសតំណាងរាស្រ្តបាន ដោយផាត់ស្រ្តីចេញពីកិច្ចការរដ្ឋ។ ក៏ប៉ុន្តែ
បើទោះជាយ៉ាងនេះក៏ដោយ គោលគំនិតរួមនៃប្រជាធិបតេយ្យក្រិក
គឺគោលការណ៍យកប្រជាជនជាធំ
(រដ្ឋាភិបាលរបស់រាស្រ្ត ជ្រើសរើសដោយរាស្រ្ត និងដើម្បីរាស្រ្ត)
គឺជាគោលការណ៍ដែលមានឥទ្ធិពលខ្លាំងបំផុត នៅក្នុងគំនិតនយោបាយនាសម័យកាលបច្ចុប្បន្ន៕