Labels

Albert Einstein Alexandre le Grand ISIS La Terreur Pearl Harbor Renaissance កំណែទម្រង់ប៉េរេស្ត្រយកា កំណែទម្រង់សេដ្ឋកិច្ចចិន កម្ពុជា កម្ពុជាក្រោម កម្លាំងទំនាញសកល ការចាប់ផ្ដើម ការប្រជែងផ្នែកអវកាស ការវិលត្រឡប់ទៅកាន់អំណាច កាលីលេ កូសាំងស៊ីន ក្រិក ក្រុមជីហាតរដ្ឋអ៊ីស្លាម ក្រុមភេរវជនអន្តរជាតិ ខ្សែបន្ទាត់ព្រំដែន គ្រាប់បែកនុយក្លេអ៊ែរ គ្រីស្តូហ្វកូឡុំ គ្រឹស្តសាសនា ចក្រភពម៉ុងហ្គោល ចក្រភពរ៉ូម ចក្រភពអារ៉ាប់ ចលនាតស៊ូប្រដាប់អាវុធកុម្មុយនិស្ត ចិន ច្បាប់នៃចលនា ឆេកូស្លូវ៉ាគី ជប៉ុន ជ័យជម្នះរបស់ក្រុមសម្ព័ន្ធមិត្ត ជិនហ្គីស ខាន់ ដែនដីអាណានិគម តេងស៊ាវពីង តេងស៊ាវភីង ទ្រឹស្តីតារាសាស្រ្ត ទ្រឹស្តីសាសនា បក្សកុម្មុយនិស្តចិន បដិវត្តន៍ បដិវត្តន៍កសិកម្ម បដិវត្តន៍រាជានិយម បដិវត្តន៍វប្បធម៌ បដិវត្តន៍អ៊ីរ៉ង់ បារាំង បិតាកំណែទម្រង់សេដ្ឋកិច្ចចិន ប៊ិនឡាដិន បុរេប្រវត្តិ ប្រធានាធិបតីអាមេរិក ប្រវត្តិសាស្រ្ត ប្លុកកុម្មុយនិស្ត ផលវិបាក ភេរវកម្ម១១កញ្ញា មជ្ឈិមបូព៌ា មហាអំណាចអាណានិគមអាស៊ី មហាអំណាចអឺរ៉ុប មូលហេតុ ម៉ៅសេទុង យុគខ្មៅងងឹត យុគនៃពន្លឺ រដ្ឋធម្មនុញ្ រុស្សី លេនីន វាំងននដែក វិទ្យាសាស្រ្ត វិបត្តិប៊ែរឡាំង វិបត្តិព្រែកជីកស៊ុយអេ វិបត្តិមីស៊ីលគុយបា វៀតណាមខាងត្បូង សង្គ្រាមលោកលើកទី១ សង្គ្រាមលោកលើកទី២ សង្រ្គាមកូរ៉េ សង្រ្គាមឈូងសមុទ្រពែក្ស សង្រ្គាមត្រជាក់ សង្រ្គាមវៀតណាម សង្រ្គាមស៊ីវិល សង្រ្គាមអាហ្វហ្កានីស្ថាន សង្រ្គាមអ៊ីរ៉ាក់ សង្រ្គាមឥណ្ឌូចិន សព្វាវុធនុយក្លេអ៊ែរ សហភាពសូវៀត សហរដ្ឋអាមេរិក សាសនាអ៊ីស្លាម ស្ថានភាពពិភពលោក ហ៊ីត្លែរ ហ្គ័របាឆូវ អង់គ្លេស អធិរាជណាប៉ូឡេអុង អរិយធម៌ដ៏ចំណាស់បំផុតរបស់មនុស្សជាតិ អរិយធម៌មេឌីទែរ៉ាណេ អរិយធម៌អាស៊ីអាគ្នេយ៍ អាញ់ស្តាញ់ អាណាចក្រខ្មែរ អាណានិគម អាណាព្យាបាលបារាំង អាប្រាហាំលីនកុន អាមេរិក អារ៉ាប់ អាល់កៃដា អាល់ប៊ែរ អាញ់ស្តាញ់ អាស៊ីប៉ាសីហ្វិក អ៊ីតាលី អ៊ីសាក់ញូតុន អ៊ីស្រាអែល អឺរ៉ុបខាងកើត អ៊ុយក្រែន ឧស្សាហកម្ម

អរិយធម៌មេឌីទែរ៉ាណេ៖ ប្រវត្តិនៃជនជាតិជ្វីហ្វ (អ៊ីស្រាអែល)







កាលណា​គេ​និយាយ​ពី​អរិយធម៌​នៃ​តំបន់​មេឌីទែរ៉ាណេ​សម័យបុរាណ គេ​មិន​អាច​មិននិយាយ​​បានទេ អំពី​ប្រវត្តិ​របស់​ជនជាតិ​តូចមួយ ក៏ប៉ុន្តែ ដែល​មាន​ឥទ្ធិពល​ខ្លាំង នៅ​ក្នុង​ប្រវត្តិសាស្រ្ត​មនុស្ស​ជាតិ ជាពិសេស ឥទ្ធិពល​ខាង​មនោគមន៍វិជ្ជា​សាសនា នោះគឺ ជនជាតិជ្វីហ្វ។ ការស្វែងយល់​អំពី​ជនជាតិជ្វីហ្វ​សម័យបុរាណ​ក៏​ជា​មូលដ្ឋាន​ដ៏សំខាន់​ដែរ ដើម្បីយល់​ពី​ជម្លោះ​​នៅ​ដើមបូព៌ា​នាពេល​បច្ចុប្បន្ន​នេះ។
ជនជាតិជ្វីហ្វ​សម័យបុរាណ​នោះ ថ្វីដ្បិត​តែ​រស់នៅ​ក្បែរឆ្នេរសមុទ្រ ក្នុង​តំបន់​មេឌីទែរ៉ាណេ ក៏ប៉ុន្តែ មិនមែន​ជា​អ្នក​ជំនាញ​ខាង​ដើរសមុទ្រ​ ដូចអរិយធម៌​មេឌីទែរ៉ាណេផ្សេងទៀត ដូចជា ក្រិក កោះក្រែត និង​ហ្វេនីស៊ី​នោះទេ។ ជនជាតិ​ជ្វីហ្វ​សម័យដើម គឺ​ជា​ជាជនជាតិ​ដែល​រស់នៅ​តាម​បែប​កុលសម្ព័ន្ធនៃ​​មនុស្ស​សម័យបុរេប្រវត្តិ ដោយផ្លាស់ទី​ពី​កន្លែងមួយ ទៅកន្លែងមួយ នៅ​ចន្លោះ​​​ប្រទេស​អេហ្ស៊ីប​ និង​មេសូប៉ូតាមី។
 ប្រវត្តិ​នៃ​​​ប្រជាជាតិ​ជ្វីហ្វ​បាន​ចាប់ផ្តើម​ឡើង កាល​ពី​ជាង ៣ពាន់ឆ្នាំ​មុន នៅពេលដែល​ជនជាតិ​ជ្វីហ្វ​ភៀសខ្លួន​ចេញ​ពី​ភាព​ជា​ទាសករ​នៅ​អេហ្ស៊ីប ហើយ​ធ្វើ​ដំណើរ​កាត់តាម​វាលរហោស្ថាន​ ឆ្ពោះទៅកាន់​ទឹកដី​កាណាន (អ៊ីស្រាអែល និង​ប៉ាឡេស្ទីន​បច្ចុប្បន្ន)។ ដំណើររឿង​ ដែល​ត្រូវ​បាន​រ៉ាយរ៉ាប​យ៉ាង​ក្បោះក្បាយ នៅ​ក្នុង​គម្ពីរ​តូរ៉ា (Torah) របស់​ពួក​ជ្វីហ្វ និង​នៅ​ក្នុង​សញ្ញាចាស់​នៃ​គម្ពីរប៊ីប​របស់​គ្រឹស្ត​សាសនា។ ក៏ប៉ុន្តែ អ្នកប្រវត្តិសាស្រ្ត និង​អ្នក​បុរាណវិទ្យា​នៅតែ​មិនទាន់​មាន​ការឯកភាព​គ្នា​នៅឡើយ ជុំវិញ​ដំណើររឿងនេះ។
 
ក្រុងយេរូសាឡឹម​សម័យកាល​បច្ចុប្បន្ន​
នៅ​ក្នុងទឹកដី​កាណាន ជនជាតិ​ជ្វីហ្វ (ឬ​ហេព្រើ) បាន​ចាប់​របរ​កសិកម្ម បង្កើត​ជា​រដ្ឋ រួចហើយ​បាន​សាងសង់​បុរី​ជាទីសក្ការៈមួយ គឺ​ទីក្រុង​យេរូសាឡឹម។ នៅ​ខាងត្បូង​ទីតាំង​ដែល​ជនជាតិ​ជ្វីហ្វ​រស់នៅ មាន​ជនជាតិ​មួយទៀត​ ដែល​ជា​សត្រូវ​របស់​ពួក​ជ្វីហ្វ គឺ​ជនជាតិ​ហ្វ៊ីលីស្ទីន។ 

ក្រុងយេរូសាឡឹម​របស់​ពួកជ្វីហ្វ​​ត្រូវ​បាន​ពួក​បាប៊ីឡូន​កម្ទេច​ចោល នៅ​ឆ្នាំ​៥៨៨​មុនគ.ស ហើយ​ជនជាតិជ្វីហ្វ​ទាំងអស់​ត្រូវ​បាន​គេជម្លៀស​ចេញ​ពី​ទឹកដី​កំណើត យក​ទៅ​បាប៊ីឡូន រហូតក្រោយ​ពេល​ដែល​អាណាចក្រ​ពែរស៍​វាយដណ្តើម​កាន់កាប់​បាប៊ីឡូន ទើប​អធិរាជ​ពែរស៍​អនុញ្ញាត​ឲ្យ​ជនជាតិ​ជ្វីហ្វ​វិលត្រឡប់​ទៅ​ប្រទេស​កំណើត​ របស់​ពួកគេវិញ។
 

រូបគំនូរ​បង្ហាញ​ពី​ការ​កម្ទេច​ក្រុងយេរូសាឡឹម ដោយ​អាណាចក្រ​រ៉ូម
ក៏ប៉ុន្តែ នៅ​ឆ្នាំ​៦៣​មុនគ.ស ទឹកដីអ៊ីស្រាអែល​ ក៏​ដូចជា​ទឹកដី​ភាគច្រើន​ផ្សេងទៀត នៅ​ក្នុង​តំបន់ ត្រូវ​បាន​​អាណាចក្រ​រ៉ូម​ចូល​កាន់កាប់​ត្រួតត្រា។ ​ជនជាតិ​​ជ្វីហ្វ​មិនសុខចិត្ត​ទ្រាំ​រស់នៅ​ក្រោម​ការ​ត្រួតត្រា​របស់​ អាណាចក្រ​រ៉ូម ក៏​​​បាន​នាំគ្នា​ងើបឡើង​​បង្កើត​ជា​ចលនា​បះបោរ​នឹង​អាជ្ញាធរ​នៃ​អាណានិគម​ រ៉ូម។ ក៏ប៉ុន្តែ ចលនាបះបោរ​នេះ​ត្រូវ​បាន​ទាហាន​រ៉ូម​វាយបំបាក់។ ក្រុងយេរូសាឡឹម​ត្រូវ​បាន​វាយកម្ទេច​ចោល។ ​ជនជាតិ​ជ្វីហ្វ​ទាំងអស់​ត្រូវ​បាន​បណ្តេញ​ចេញ​ពី​ទឹកដី​កំណើត​ សាជាថ្មីម្តងទៀត ហើយ​​ដែនដី​អ៊ីស្រាអែល​ទាំងមូល​ត្រូវ​បាន​អាណាចក្រ​រ៉ូម​ប្តូរ​ឈ្មោះ​​​​ ទៅជា​ដែនដី​ប៉ាឡេស្ទីនវិញ។ ការ​ដែល​អាណាចក្រ​រ៉ូម​ប្តូរឈ្មោះ​ដែនដី​អ៊ីស្រាអែល​ទៅ​ជា​ប៉ាឡេស្ទីន​នេះ ទំនង​ជា​មាន​បំណង​ចង់​ដាក់ទោស​ដល់​ជនជាតិ​ជ្វីហ្វ ដោយសារ​តែ​ ប៉ាឡេស្ទីន គឺ​ជា​ឈ្មោះ​ក្លាយ​ពី ហ្វ៊ីលីស្ទីន ដែល​​ជា​ជនជាតិ​រស់នៅ​ខាងត្បូង​ជាប់នឹង​ទឹកដី​​អ៊ីស្រាអែល ហើយ​​ជា​​សត្រូវ​ចាស់ឆ្នាំ​របស់​ពួក​ជ្វីហ្វ។
ចាប់តាំង​ពី​ត្រូវ​បាន​បណ្តេញ​ចេញ​ដោយ​អាណាចក្រ​រ៉ូម កាល​ពី​ជាង ២ពាន់​ឆ្នាំមុន ជនជាតិ​ជ្វីហ្វ​​ត្រូវ​បែកខ្ចាត់ខ្ចាយ​​ទៅ​​រស់នៅ​ជា​សហគមន៍​ជនជាតិ​ជ្វីហ្វ ​នៅ​បរទេស ហើយ​លែងអាច​វិលត្រឡប់​ទៅកាន់​ទឹកដី​កំណើត បង្កើត​ជា​ប្រទេស​ជាតិវិញ​ជារៀងរហូត។ នៅ​ក្នុង​អំឡុង​ពេលនោះ អស់រយៈពេល​ប្រមាណជា ២ពាន់​ឆ្នាំ​ ទឹកដី​អ៊ីស្រាអែល (ដែល​ប្តូរឈ្មោះ​ទៅជា​ប៉ាឡេស្ទីន) លែង​ស្គាល់​ឯករាជ្យ ដោយ​ត្រូវ​មហាអំណាច​ប្តូរដៃគ្នា​គ្រប់គ្រង​ពីមួយ​ទៅមួយ ក្នុងនោះ​ភាគច្រើន​គឺ​ក្រោម​ការ​កាន់កាប់​របស់​មហាអំណាច​កាន់សាសនា​ អ៊ីស្លាម។ ចុងក្រោយ នៅ​ដើម​សតវត្សរ៍​ទី២០​ ទឹកដី​ប៉ាឡេស្ទីន​នេះ ត្រូវ​ស្ថិត​ក្រោម​អាណាព្យាបាល​របស់​ចក្រភព​អង់គ្លេស។
រហូត​ដល់​ក្រោយ​សង្រ្គាម​លោក​លើកទី២ សហគមន៍​ជ្វីហ្វ​​នៅ​បរទេស​បាន​នាំគ្នា​​វិលត្រឡប់​ទៅទឹកដី​កំណើតវិញ ហើយ​នៅ​ឆ្នាំ​១៩៤៧​ ក្រោយ​ពី​អង់គ្លេស​បាន​សម្រេច​បញ្ចប់ ​​អាណាព្យាបាលលើ​ដែនដី​ប៉ាឡេស្ទីន មហាសន្និបាត​អ.ស.ប​បាន​ចេញ​សេចក្តីសម្រេច បែងចែក​ដែនដី​ប៉ាឡេស្ទីន​ជា​រដ្ឋ​ឯករាជ្យពីរ គឺ​រដ្ឋ​មួយ​សម្រាប់​ជនជាតិ​អារ៉ាប់​ប៉ាឡេស្ទីន និង​រដ្ឋមួយ​ទៀត​ សម្រាប់​ជនជាតិ​ជ្វីហ្វ។
សេចក្តីសម្រេច​បែងចែក​ទឹកដី​ប៉ាឡេស្ទីន​នេះ ត្រូវ​បាន​អនុម័ត​ដោយ​សំឡេង​ភាគច្រើន ២ភាគ៣ ប៉ុន្តែ គ្រប់​ប្រទេស​អារ៉ាប់​ទាំងអស់ សុទ្ធតែ​បោះឆ្នោត​ប្រឆាំង ដោយ​ពួកគេ​ជំទាស់​​មិន​ចង់​ឲ្យ​បង្កើត​រដ្ឋ​សម្រាប់​ពួកជ្វីហ្វ ដែល​គេ​ចាត់ទុក​ថា​ជា​ជន​បរទេស​រស់​នៅ​ក្នុង​ទឹកដី​ប៉ាឡេស្ទីន ពីព្រោះ​ថា នៅ​ពេលនោះ នៅ​ក្នុង​ទឹកដី​ប៉ាឡេស្ទីន​ មាន​ជនជាតិ​ជ្វីហ្វ​រស់នៅ​តែ​ប្រមាណ​ជា ៣៧%​ប៉ុណ្ណោះ។
ផ្ទុយ​ពី​ជនជាតិ​អារ៉ាប់ សហគមន៍​ជនជាតិ​ជ្វីហ្វ​វិញ​បាន​នាំគ្នា​អបអរ​សាទរ​ចំពោះ​សេចក្តីសម្រេច​​ បែងចែក​ទឹកដី​​ប៉ាឡេស្ទីន​នេះ ហើយ​នៅខែ​ឧសភា ​ឆ្នាំ​១៩៤៨ ពួកជ្វីហ្វ​នៅ​ប៉ាឡេស្ទីន​ក៏​បាន​ប្រកាស​បង្កើត​រដ្ឋ​ឯករាជ្យ​ជាផ្លូវការ ដោយ​ដាក់​ឈ្មោះ​ថា រដ្ឋ​អ៊ីស្រាអែល។ មួយថ្ងៃ​ក្រោយ​អ៊ីស្រាអែល​ប្រកាស​បង្កើត​រដ្ឋឯករាជ្យ​ កងទ័ព​មក​ពី​បណ្តា​ប្រទេស​អារ៉ាប់​នៅ​ក្នុង​តំបន់ រួមមាន លីបង់ ស៊ីរី ហ្សកដានី អ៊ីរ៉ាក់ អេហ្ស៊ីប រួមជាមួយ​កងកម្លាំង​ប្រដាប់​អាវុធ​អារ៉ាប់​ប៉ាឡេស្ទីន ក៏​បាន​បើក​ការ​វាយប្រហារ​លើ​រដ្ឋ​អ៊ីស្រាអែល ដែល​ទើប​នឹង​បង្កើត​ថ្មី​នេះ។

សង្រ្គាម​នេះ​ត្រូវ​បាន​គេ​ឲ្យ​ឈ្មោះ​ថា សង្រ្គាមឯករាជ្យ ហើយ​វា​ជា​សង្រ្គាម​មួយ ក្នុង​ចំណោម​សង្រ្គាម​ធំៗ​ទាំង ៤ រវាង​អ៊ីស្រាអែល និង​អារ៉ាប់។ ថ្វីដ្បិត​តែ​មាន​ចំនួន​ទ័ព​តិចជាង​គូសត្រូវ អ៊ីស្រាអែល​តែងតែ​យក​ឈ្នះ​លើ​ប្រទេស​អារ៉ាប់ នៅ​គ្រប់​សង្រ្គាម​ទាំងអស់នេះ ហើយ​នៅរៀងរាល់​លើក​​ដែល​អ៊ីស្រាអែល​ឈ្នះ​សង្រ្គាម អ៊ីស្រាអែល​បានដណ្តើម​កាន់កាប់​ដែនដី​មួយផ្នែក​របស់​គូសត្រូវ។ ចាប់ពីពេលនោះ​មក គឺ​ដល់​វេន​អ៊ីស្រាអែល​ម្តង ដែល​ច្រានចោល​ដំណោះស្រាយ​ស្នើ​ឡើង​ដោយ​អ.ស.ប ដែល​ជាហេតុ​ធ្វើ​ឲ្យ​ជម្លោះ​នៅដើមបូព៌ា​ត្រូវ​អូសបន្លាយ​ពេល​រហូតមកទល់នឹង​ ពេល​បច្ចុប្បន្ន​នេះ។ 

នៅមុន​សម័យកាល​ជ្វីហ្វ គ្រប់សាសនា​ទាំងអស់ នៅ​ទូទាំង​ពិភពលោក គឺ​ជា​សាសនា​ដែល​មានតួអង្គ​​ព្រះ​ច្រើនអង្គ។ មនុស្ស​ជាតិ​នាំគ្នា​គោរព​ព្រះអាទិត្យ ព្រះចន្ទ ផ្កាយ ឬ​សមុទ្រ ថា​ជា​ព្រះ ហើយ​នាំគ្នា​សង់​រូបសំណាក​តំណាង​តួអង្គ​ព្រះ ដើម្បី​ជា​ទីសក្ការៈ។
ជនជាតិ​ជ្វីហ្វ​​បាន​​បង្កើត​មនោគមន៍​វិជ្ជា​សាសនាថ្មីមួយ​​ ដែល​​មាន​ជំនឿ​ថា ព្រះ​មាន​តែ​មួយ​អង្គ​គត់ គឺ ​ព្រះជាម្ចាស់ ​ដែល​ជា​អ្នក​បង្កើត និង​​មាន​អំណាច​លើ​អ្វីៗ​ទាំងអស់​នៅក្នុង​ចក្រវាល​ទាំងមូល។ ព្រះអាទិត្យ ព្រះចន្ទ ផ្កាយ ឬ​សមុទ្រ ដែល​គេ​ធ្លាប់តែ​គោរព​បូជា​ពីមុន​មក​នោះ មិនមែន​ជា​ ​ព្រះ​នោះទេ ហើយ​ថា មនុស្ស​ត្រូវ​តែ​បោះបង់​ការ​គោរព​រូបសំណាក​ព្រះ ហើយ​បែរ​មក​គោរពបូជា​ ព្រះពិត វិញ។
ការបង្កើត​​សាសនា​ថ្មីនេះ គឺ​ជា​របត់​ថ្មី​ដ៏សំខាន់​​មួយ នៅ​ក្នុង​ការ​ផ្លាស់ប្តូរ​ផ្នត់គំនិត​របស់​មនុស្ស។ តាមជំនឿថ្មីនេះ ធម្មជាតិ​​លែង​​ជា​ព្រះ​ដូចជា​គេ​ធ្លាប់​ជឿពីមុន​ទៀត​ហើយ។ ធម្មជាតិ គឺ​ជា​អ្វី​ដែល​ព្រះពិត​បាន​បង្កើត​ឡើង ហើយ​ដែល​ព្រះ​ដាក់​ឲ្យ​ស្ថិត​ក្រោម​អំណាច​របស់​មនុស្ស។ ពេលវេលា​​មិនមែន​ជា​វាលវដ្តសង្សា ​វិលវល់​ដូចកង់រទេះ កើតចាស់​ឈឺស្លាប់​ ហើយ​ចាប់ជាតិ​មកវិញ​នោះទេ។ ពេលវេលា​​ធ្វើ​ដំណើរ​ទៅមុខ​ជានិច្ច ដោយ​មិន​អាច​វិលត្រឡប់​ថយក្រោយ​វិញ​បានទេ ហើយ​នៅ​ថ្ងៃអនាគត អ្វីៗ​អាច​នឹង​ប្រសើរ​ឡើង ប្រសិនបើ​គេ​ខិតខំ​ប្រឹងប្រែង។​ ដូច្នេះ មនុស្ស​មិន​ត្រូវ​ផ្តេកផ្តួល​រង់ចាំ​វាសនា ហើយ​ក៏​មិនត្រូវ​​ផ្អែក​លើ​ទស្សនៈ "កម្មផល" ដោយ​មើល​ទៅលើ​ភាព​អយុត្តិធម៌​ក្នុង​សង្គម​ថា​ជា​ផល​ ដែល​បាន​ពី​កម្ម​ ដែល​បាន​ប្រព្រឹត្ត​ពី​មុន​នោះដែរ។ មនុស្ស​ចាំបាច់​ត្រូវ​តែ​ចេះ​រើបម្រះ ងើបឡើង​ប្រឆាំង​នឹង​អំពើ​អយុត្តិធម៌ ដោយ​មិន​ត្រូវ​នៅ​ស្ងៀម ទ្រាំ​ទទួល​រងការ​ជិះជាន់ ដោយ​ចាត់ទុក​ថា​វា​ជា​កម្មផល​របស់​ខ្លួន​ពី​ជាតិមុន​នោះទេ។
            ដោយសារ​តែ​មាន​ផ្នត់គំនិត​បែបនេះ​ហើយ ទើប​ជនជាតិ​ជ្វីហ្វ ដែល​ជា​ជនជាតិ​តូចមួយ​ហ៊ាន​ងើបឡើង​តវ៉ា​ប្រឆាំង​នឹង​ការជិះជាន់​របស់​ អាណាចក្រ​រ៉ូម។ ការតវ៉ា​បះបោរ ដែល​ធ្វើ​ឲ្យ​ជនជាតិ​ជ្វីហ្វ​ត្រូវ​អាណាចក្រ​រ៉ូម​បណ្តេញ​ចេញ​ពីទឹកដី​កំណើត ទៅរស់នៅ​រប៉ាត់រប៉ាយ គ្មាន​ស្រុក គ្មាន​ទេស​នឹងគេ​អស់រយៈពេល​រាប់ពាន់​ឆ្នាំ។ ក៏ប៉ុន្តែ ផ្នត់គំនិត​នេះ​បាន​ជះឥទ្ធិពល​​ដល់​មនុស្ស​យ៉ាងច្រើន​រហូត​​មកដល់​សព្វថ្ងៃ​ នេះ ជាពិសេស ចំពោះ​ប្រជាជន​នៅ​តាម​បណ្តា​ប្រទេស​លោកខាងលិច ដែល​មាន​ជំនឿ និង​វប្បធម៌​តាមបែប​ជ្វីហ្វ ឬ​​គ្រឹស្តសាសនា៕