ដំណើររឿងនៃភាពជាសត្រូវរវាងអាមេរិកនិងប៊ិនឡាដិន
នៅក្នុងអំឡុងសង្រ្គាមអាហ្វហ្កានីស្ថាន
(១៩៧៩-១៩៨៩) ក្រុមរបស់អូសាម៉ា ប៊ិនឡាដិន ដែលនៅពេលនោះស្ថិតនៅជាផ្នែកមួយ នៃកងឧទ្ទាមមូចាហ៊ីឌីន
បានទទួលនូវការជួយជ្រោមជ្រែងយ៉ាងពេញទំហឹង ពីសំណាក់សហរដ្ឋអាមេរិក
តាមរយៈទីភ្នាក់ងារចារកិច្ចសេអ៊ីអា។ អាវុធទំនើបៗជាច្រើន ជាពិសេស
មីស៊ីលលីលើស្មាបាញ់យន្តហោះ
(ដែលមានឈ្មោះថា Stinger) ត្រូវបានអាមេរិកផ្តល់ទៅឲ្យក្រុមមូចាហ៊ីឌីន
ដើម្បីយកទៅប្រយុទ្ធតទល់នឹងកងទ័ពសូវៀត។
ដោយសារតែមានជំនួយពីសហរដ្ឋអាមេរិកបែបនេះហើយ
ទើបក្រុមឧទ្ទាមមូចាហ៊ីឌីនអាចតទល់ជាមួយនឹងកងទ័ពដ៏ខ្លាំងរបស់សូវៀត បាន។
អូសាម៉ា ប៊ិនឡាដិន ដែលមានឈ្មោះបោះសំឡេងក្នុងការយកឈ្នះកងទ័ពសូវៀត ក៏ដោយសារតែបានទទួលជំនួយជាគ្រឿងសព្វាវុធពីសេអ៊ីអានេះដែរ។
អូសាម៉ា ប៊ិនឡាដិន នៅពេលថ្លែងទៅកាន់អ្នកកាសែត នៅក្នុងប្រទេសអាហ្វហ្កានីស្ថាន នៅឆ្នាំ១៩៩៨ REUTERS/Stringer |
នៅក្រោយពេលដែលសូវៀតដកកងទ័ពចេញពីអាហ្វហ្កានីស្ថាន
នៅឆ្នាំ១៩៨៩ ប៊ិនឡាដិនបានវិលត្រឡប់ទៅអារ៉ាប៊ីសាអ៊ូឌីតដែលជាប្រទេសកំណើតវិញ
ដើម្បីប្រមែរប្រមូលលុយកាក់ និងអ្នកគាំទ្រ សម្រាប់បំពេញបេសកកម្មថ្មីស្របទៅតាមមនោគមន៍វិជ្ជាអ៊ីស្លាមជ្រុលនិយម
របស់ខ្លួន គឺធ្វើសង្រ្គាមជីហាតប្រឆាំងនឹងឥទ្ធិពលរបស់អ្នកមិនកាន់សាសនា អ៊ីស្លាម។
នៅឆ្នាំ១៩៩០
សាដាមហ៊ូសេនបានលើកទ័ពចូលឈ្លានពានប្រទេសកូវ៉ែត ហើយគំរាមកំហែងលើអារ៉ាប៊ីសាអ៊ូឌីត
ដែលនៅក្បែរខាង។ នៅពេលនោះ ប៊ិនឡាដិនបានជួបមេដឹកនាំអារ៉ាប៊ីសាអ៊ូឌីត ដើម្បីស្នើសុំយកកម្លាំងស្ម័គ្រចិត្តអារ៉ាប់ឲ្យចូលមក
អារ៉ាប៊ីសាអ៊ូឌីត ដើម្បីត្រៀមទុកការពារទល់នឹងការឈ្លានពានរបស់សាដាមហ៊ូសេន។
ក៏ប៉ុន្តែ នៅពេលនោះ រដ្ឋាភិបាលអារ៉ាប៊ីសាអ៊ូឌីតបានបដិសេធសំណើរបស់ប៊ិនឡាដិន ហើយសុខចិត្តទទួលកិច្ចការពារពីសំណាក់កងទ័ពអាមេរិកទៅវិញ។
រដ្ឋាភិបាលក្រុងរីយ៉ាដបានបើកទ្វារទទួលឲ្យកងទ័ពអាមេរិកចូលមក បោះទីតាំងនៅក្នុងទឹកដីរបស់អារ៉ាប៊ីសាអ៊ូឌីត
ដែលជាហេតុធ្វើឲ្យប៊ិនឡាដិនផ្ទុះកំហឹង ហើយបានចេញមុខរិះគន់ជាសាធារណៈទៅលើព្រះមហាក្សត្រ
និងក្រុមគ្រួសាររាជវង្សអារ៉ាប៊ីសាអ៊ូឌីតថា បានបើកដៃឲ្យពួកអ្នកមិនជឿអ៊ីស្លាមចូលមកកាន់កាប់ទឹកដី
ដែលមានទីតាំងដ៏ជាទីសក្ការៈបំផុតរបស់អ៊ីស្លាមរហូតដល់ទៅពីរកន្លែង គឺម៉ិកកា
និងមេឌីណា។
ការធ្វើសកម្មភាពបរិហាររិះគន់រដ្ឋាភិបាលបែបនេះ
បានធ្វើឲ្យអូសាម៉ា ប៊ិនឡាដិន
ត្រូវក្លាយជាសត្រូវរបស់មេដឹកនាំអារ៉ាប៊ីសាអ៊ូឌីត ហើយនៅឆ្នាំ១៩៩២ ដោយប្រឈមមុខនឹងការធ្វើទុក្ខបុកម្នេញពីសំណាក់រដ្ឋាភិបាល
អូសាម៉ា ប៊ិនឡាដិន ក៏និរទេសខ្លួនទៅរស់នៅក្នុង ប្រទេសស៊ូដង់ ដោយនាំទៅជាមួយនូវកំហឹង
និងគំនុំ ទាំងចំពោះមេដឹកនាំអារ៉ាប៊ីសាអ៊ូឌីត និងចំពោះសហរដ្ឋអាមេរិក។
នៅស៊ូដង់ អូសាម៉ា
ប៊ិនឡាដិន បានផ្តល់លុយដល់មេដឹកនាំផ្តាច់ការ អូម៉ា អាល់បាស្ហៀរ
ដើម្បីសាងសង់ហេដ្ឋារចនាសម្ព័ន្ធ ធ្វើប្រជាភិថុតទាក់ទាញការគាំទ្រពីប្រជាជន។
ជាថ្នូរមកវិញ រដ្ឋាភិបាលស៊ូដង់ផ្តល់ទីជម្រក ការការពារ ព្រមទាំងអនុញ្ញាតឲ្យប៊ិនឡាដិនបង្កើតមូលដ្ឋានអាល់កៃដានៅក្នុង
ទីក្រុងខាទុំ និងបង្កើតជំរំហ្វឹកហ្វឺនក្រុមជីហាត នៅក្នុងតំបន់វាលខ្សាច់របស់ស៊ូដង់។
ចេញពីប្រទេសស៊ូដង់នេះហើយ
ដែលប៊ិនឡាដិនបានរៀបចំផែនការវាយប្រហារភេរវកម្មជាច្រើនប្រឆាំងនឹង ផលប្រយោជន៍របស់អាមេរិក
និងលោកខាងលិច។ ការវាយប្រហារភេរវកម្មលើកដំបូងបង្អស់របស់អាល់កៃដាបានកើតមានឡើង
នៅចុងឆ្នាំ១៩៩២ ដោយសំដៅទៅលើទាហានអាមេរិក នៅឯសណ្ឋាគារពីកន្លែង ក្នុងទីក្រុងអាដែន
ប្រទេសយេម៉ែន។
ការវាយប្រហារភេរវកម្មជាបន្តបន្ទាប់មកទៀត
គឺរួមមាន ការវាយប្រហារដោយបំផ្ទុះគ្រាប់បែកនៅចំណតរថយន្តក្រោមដី នៅឯមជ្ឈមណ្ឌលពាណិជ្ជកម្មពិភពលោក
(World Trade Center) នៅទីក្រុងញូវយ៉ក (ឆ្នាំ១៩៩៣),
ការវាយប្រហារទៅលើជំរំហ្វឹកហ្វឺនរបស់កងទ័ពអាមេរិកនៅក្នុងប្រទេស
អារ៉ាប៊ីសាអ៊ូឌីត (ឆ្នាំ១៩៩៥), ការប៉ុនប៉ងធ្វើឃាតលោកហ៊ូស្នី
មូបារ៉ាក់ ប្រធានាធិបតីអេហ្ស៊ីបដែលជាសម្ព័ន្ធមិត្តរបស់អាមេរិក (ឆ្នាំ១៩៩៥) និងការប៉ុនប៉ងធ្វើឃាតលោកប្រធានាធិបតីប៊ីលគ្លីនតុន នៅពេលដែលលោកកំពុងបំពេញទស្សនកិច្ច
នៅក្នុងប្រទេសហ្វីលីពីន (ឆ្នាំ១៩៩៦)។
នៅឆ្នាំ១៩៩៦
ដោយទទួលរងសម្ពាធកាន់តែខ្លាំងពីសំណាក់សហរដ្ឋអាមេរិក អារ៉ាប៊ីសាអ៊ូឌីត
និងអេហ្ស៊ីប, លោកអូម៉ា អាល់បាស្ហៀរ ក៏បានសម្រេចឈប់ផ្តល់ជម្រកឲ្យអូសាម៉ា
ប៊ិនឡាដិន។ ប៊ិនឡាដិនបានចាកចេញពីស៊ូដង់ នៅខែឧសភាឆ្នាំ១៩៩៦ វិលត្រឡប់ទៅកាន់ប្រទេសអាហ្វហ្កានីស្ថាន
ទីដែលធ្លាប់ធ្វើសង្រ្គាមប្រឆាំងនឹងកងទ័ពសូវៀត។
នៅអាហ្វហ្កានីស្ថាន
អូសាម៉ា ប៊ិនឡាដិន បានបង្កើតមូលដ្ឋាន នៅក្នុងទីក្រុងចាឡាឡាបាត ហើយបានចាប់ដៃធ្វើការជាមួយនឹងក្រុមឧទ្ទាមតាលីបង់
ដែលបានវាយលុកចូលកាន់កាប់ក្រុងកាប៊ុល ហើយឡើងមកកាន់អំណាចនៅអាហ្វហ្កានីស្ថាន
នៅក្នុងអំឡុងខែកញ្ញា ឆ្នាំ១៩៩៦។
នៅខែកុម្ភៈ
ឆ្នាំ១៩៩៨ ប៊ិនឡាដិន និងអាល់ហ្សាវ៉ាហ៊ីរី បានចុះហត្ថលេខារួមគ្នា លើសេចក្តីប្រកាសធ្វើសង្រ្គាមជីហាតប្រឆាំងនឹងសហរដ្ឋអាមេរិក
និងសម្ព័ន្ធមិត្ត ដោយបញ្ជាក់ក្នុងសេចក្តីប្រកាសនេះថា អ្នកកាន់សាសនាអ៊ីស្លាមគ្រប់រូបមានករណីយកិច្ចផ្ទាល់ខ្លួន
ក្នុងការសម្លាប់ពលរដ្ឋអាមេរិកនិងសម្ព័ន្ធមិត្ត ដើម្បីរំដោះទីសក្ការៈរបស់អ៊ីស្លាមចេញពីក្រញ៉ាំដៃរបស់ពួកអ្នក
មិនជឿ។
៨ខែក្រោយមក
នៅថ្ងៃទី៧ ខែសីហា ឆ្នាំ១៩៩៨ អាល់កៃដាក៏បានវាយប្រហារទៅលើស្ថានទូតអាមេរិក ចំនួនពីរនៅអាហ្វ្រិក គឺនៅតង់សានី
និងនៅកេនយ៉ា។ ការវាយប្រហារ ទាំងពីរកន្លែងនេះបាន
បណ្តាលឲ្យមនុស្សចំនួន ២២៤នាក់ ក្នុងនោះរួមមានពលរដ្ឋអាមេរិកចំនួន
១២នាក់ត្រូវបាត់បង់ជីវិត។ ចាប់ពីពេលនោះហើយ ដែលសាធារណជននៅសហរដ្ឋអាមេរិក
ចាប់ផ្តើមស្គាល់ អូសាម៉ា ប៊ិនឡាដិន និងអៃម៉ាន់ អាល់ហ្សាវ៉ាហ៊ីរី
ព្រមទាំងក្រុមអាល់កៃដា។ អូសាម៉ា ប៊ិនឡាដិន ត្រូវបានទីភ្នាក់ងារ FBI ចាត់បញ្ចូលក្នុងបញ្ជីខ្មៅនៃជនដែលគេត្រូវតាមរកចាប់ខ្លួន ជាអាទិភាពបំផុត។
បន្ថែមពីលើនេះទៅទៀត
នៅថ្ងៃទី២០សីហា ក្រោមបញ្ជារបស់លោកប្រធានាធិបតីប៊ីលគ្លីនតុន កងទ័ពអាមេរិកបានធ្វើការវាយប្រហារដោយប្រើមីស៊ីល
ទៅលើទីតាំងជាច្រើនកន្លែង ដែលគេសង្ស័យថាជាជំរំហ្វឹកហ្វឺនរបស់អាល់កៃដា
នៅក្នុងប្រទេសស៊ូដង់ និងអាហ្វហ្កានីស្ថាន។ ក៏ប៉ុន្តែ ការវាយប្រហារអស់ទាំងនេះមិនបានធ្វើឲ្យក្រុមអាល់កៃដាធ្លាក់
ចុះទន់ខ្សោយនោះទេ។
នៅថ្ងៃទី១២ ខែតុលា ឆ្នាំ២០០០ អាល់កៃដាបានធ្វើការវាយប្រហារអត្តឃាតទៅលើនាវាចម្បាំងអាមេរិក ឈ្មោះ USS Cole ដែលកំពុងឈរជើងនៅក្នុងប្រទេសយេម៉ែន ដែលកាលណោះ បានបណ្តាលឲ្យទាហានអាមេរិកចំនួន ១៧នាក់ត្រូវបាត់បង់ជីវិត។ មួយឆ្នាំក្រោយមកទៀត គឺនៅចំកណ្តាលទឹកដីរបស់អាមេរិកដោយផ្ទាល់ ដែលត្រូវទទួលរងការវាយប្រហារដោយក្រុមអាល់កៃដា គឺការវាយប្រហារភេរវកម្ម នៅទីក្រុងញូវយ៉ក និងរដ្ឋធានីវ៉ាស៊ីងតោន នៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០០១៕