Labels

Albert Einstein Alexandre le Grand ISIS La Terreur Pearl Harbor Renaissance កំណែទម្រង់ប៉េរេស្ត្រយកា កំណែទម្រង់សេដ្ឋកិច្ចចិន កម្ពុជា កម្ពុជាក្រោម កម្លាំងទំនាញសកល ការចាប់ផ្ដើម ការប្រជែងផ្នែកអវកាស ការវិលត្រឡប់ទៅកាន់អំណាច កាលីលេ កូសាំងស៊ីន ក្រិក ក្រុមជីហាតរដ្ឋអ៊ីស្លាម ក្រុមភេរវជនអន្តរជាតិ ខ្សែបន្ទាត់ព្រំដែន គ្រាប់បែកនុយក្លេអ៊ែរ គ្រីស្តូហ្វកូឡុំ គ្រឹស្តសាសនា ចក្រភពម៉ុងហ្គោល ចក្រភពរ៉ូម ចក្រភពអារ៉ាប់ ចលនាតស៊ូប្រដាប់អាវុធកុម្មុយនិស្ត ចិន ច្បាប់នៃចលនា ឆេកូស្លូវ៉ាគី ជប៉ុន ជ័យជម្នះរបស់ក្រុមសម្ព័ន្ធមិត្ត ជិនហ្គីស ខាន់ ដែនដីអាណានិគម តេងស៊ាវពីង តេងស៊ាវភីង ទ្រឹស្តីតារាសាស្រ្ត ទ្រឹស្តីសាសនា បក្សកុម្មុយនិស្តចិន បដិវត្តន៍ បដិវត្តន៍កសិកម្ម បដិវត្តន៍រាជានិយម បដិវត្តន៍វប្បធម៌ បដិវត្តន៍អ៊ីរ៉ង់ បារាំង បិតាកំណែទម្រង់សេដ្ឋកិច្ចចិន ប៊ិនឡាដិន បុរេប្រវត្តិ ប្រធានាធិបតីអាមេរិក ប្រវត្តិសាស្រ្ត ប្លុកកុម្មុយនិស្ត ផលវិបាក ភេរវកម្ម១១កញ្ញា មជ្ឈិមបូព៌ា មហាអំណាចអាណានិគមអាស៊ី មហាអំណាចអឺរ៉ុប មូលហេតុ ម៉ៅសេទុង យុគខ្មៅងងឹត យុគនៃពន្លឺ រដ្ឋធម្មនុញ្ រុស្សី លេនីន វាំងននដែក វិទ្យាសាស្រ្ត វិបត្តិប៊ែរឡាំង វិបត្តិព្រែកជីកស៊ុយអេ វិបត្តិមីស៊ីលគុយបា វៀតណាមខាងត្បូង សង្គ្រាមលោកលើកទី១ សង្គ្រាមលោកលើកទី២ សង្រ្គាមកូរ៉េ សង្រ្គាមឈូងសមុទ្រពែក្ស សង្រ្គាមត្រជាក់ សង្រ្គាមវៀតណាម សង្រ្គាមស៊ីវិល សង្រ្គាមអាហ្វហ្កានីស្ថាន សង្រ្គាមអ៊ីរ៉ាក់ សង្រ្គាមឥណ្ឌូចិន សព្វាវុធនុយក្លេអ៊ែរ សហភាពសូវៀត សហរដ្ឋអាមេរិក សាសនាអ៊ីស្លាម ស្ថានភាពពិភពលោក ហ៊ីត្លែរ ហ្គ័របាឆូវ អង់គ្លេស អធិរាជណាប៉ូឡេអុង អរិយធម៌ដ៏ចំណាស់បំផុតរបស់មនុស្សជាតិ អរិយធម៌មេឌីទែរ៉ាណេ អរិយធម៌អាស៊ីអាគ្នេយ៍ អាញ់ស្តាញ់ អាណាចក្រខ្មែរ អាណានិគម អាណាព្យាបាលបារាំង អាប្រាហាំលីនកុន អាមេរិក អារ៉ាប់ អាល់កៃដា អាល់ប៊ែរ អាញ់ស្តាញ់ អាស៊ីប៉ាសីហ្វិក អ៊ីតាលី អ៊ីសាក់ញូតុន អ៊ីស្រាអែល អឺរ៉ុបខាងកើត អ៊ុយក្រែន ឧស្សាហកម្ម

បដិវត្តន៍ផ្តួលរំលំរបបរាជានិយមចិននៅឆ្នាំ១៩១១

    ជាទូទៅ នៅពេលណា​ដែល​គេ​និយាយ​ដល់​បដិវត្តន៍​នៅ​ចិន គេ​ច្រើន​តែ​នាំគ្នា​គិត​ទៅដល់​បដិវត្តន៍​កុម្មុយនិស្ត ដឹកនាំ​ដោយ​ម៉ៅសេទុង នៅ​ឆ្នាំ​១៩៤៩ និង​​នៅ​ចន្លោះ​ពី​ឆ្នាំ​១៩៦៦ ដល់​ឆ្នាំ​១៩៧៦។ តែ​តាមពិត នៅ​ចិន ក៏ដូចជា នៅ​រុស្ស៊ី​ដែរ បដិវត្តន៍​កុម្មុយនិស្ត​គ្រាន់​តែ​ជា​ជំហានបន្ទាប់ ដែល​កើតឡើង​ក្រោយ​ពី​មាន​បដិវត្តន៍​ដើម​មួយ​ គឺ​បដិវត្តន៍​ផ្តួលរំលំ​របបរាជានិយម។
     នៅ​រុស្ស៊ី​បដិវត្តន៍​ផ្តួលរំលំ​របបរាជានិយម និង​បដិវត្តន៍​កុម្មុយនិស្ត​មាន​គម្លាតគ្នា​តែ​ប្រមាណ​ជា ៨ខែ​ប៉ុណ្ណោះ គឺ​បដិវត្តន៍​ខែ​កុម្ភៈ និង​បដិវត្តន៍​ខែតុលា ឆ្នាំ​១៩១៧។ ចំណែក​នៅ​ចិន​វិញ បដិវត្តន៍​ទាំងពីរ​នេះ​មាន​គម្លាត​គ្នា​រហូត​ដល់​ទៅ​ ៣៨ឆ្នាំ ពោលគឺ បដិវត្តន៍​ផ្តួលរំលំ​របបរាជានិយម​ចិន បា​ន​កើតឡើង តាំង​ពី​ឆ្នាំ​១៩១១។
      បដិវត្តន៍​ឆ្នាំ​១៩១១ គឺ​ជា​លទ្ធផល​នៃ​ការ​ធ្លាក់ចុះដុនដាប​នៃ​រាជវង្ស​ឆេង (Qing) របស់​ពួក​ម៉ាន់ជូ ដែល​បាន​គ្រប់គ្រង​ប្រទេស​ចិន ចាប់តាំង​ពី​ឆ្នាំ​១៦៤៤ ក្រោយ​ពី​បាន​ផ្តួលរំលំ​​រាជវង្ស​ម៉េង (Ming) របស់​ជនជាតិ​ហាន។
     នៅ​ក្នុង​អំឡុង​សតវត្សរ៍​ទី​១៩ នៅពេល​ដែល​បណ្តា​ប្រទេស​លោកខាងលិច​ស្គាល់​នូវ​ភាពរីកចម្រើន​ តាមរយៈ​បដិវត្តន៍​ឧស្សាហកម្ម ចិនវិញ​ត្រូវ​​ធ្លាក់​ដុនដាប ដោយ​​រាជវង្សឆេង​ត្រូវ​ប្រឈមមុខ​នឹង​បញ្ហា​ធំៗ​ជាច្រើន ។ នៅ​ក្នុងស្រុក រាជវង្សឆេង​ត្រូវ​ប្រឈមមុខ​នឹង​ចលនា​ទាមទារ​ឲ្យ​ធ្វើ​កំណែទម្រង់​របៀបដឹកនាំ ​រដ្ឋ ចំណែក​ពី​ខាង​ក្រៅប្រទេស​វិញ ចិន​ត្រូវ​ប្រឈមមុខ​នឹង​ការឈ្លានពាន​លុកលុយ​ពី​បរទេស ជាពិសេស ប្រទេស​លោកខាងលិច។
     នៅ​ឆ្នាំ​១៨៤០ សង្រ្គាម​មួយ​បាន​ផ្ទុះឡើង រវាង​ចិន និង​អង់គ្លេស ដែល​គេ​ឲ្យឈ្មោះ​ថា សង្រ្គាម​អាភៀន។ សង្រ្គាម​នេះ​បាន​កើតឡើង ក្រោយ​ពី​អាជ្ញាធរ​ចិន​បាន​ធ្វើការ​បង្រ្កាប​ការ​ជួញដូរ​អាភៀន ព្រមទាំង​បាន​​រឹបអូស​យក​អាភៀន​រាប់​តោន​របស់​អង់គ្លេស​មក​បំផ្លាញចោល ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​ចក្រភពអង់គ្លេស​ផ្ទុះកំហឹង ហើយ​លើកទ័ព​រាប់​ម៉ឺននាក់ ចូល​មក​ឈ្លានពាន​ប្រទេស​ចិន។ ក្រោយ​ពី​បាន​វាយប្រយុទ្ធគ្នា​អស់រយៈពេល ២ឆ្នាំ កងទ័ព​ចិន​ត្រូវ​ទទួល​បរាជ័យ ហើយ​រាជវង្សឆេង​ត្រូវ​បង្ខំ​ចិត្ត​កាត់​កោះ​ហុងកុងទៅ​ឲ្យ​ចក្រភព​អង់គ្លេស​ ព្រមទាំង​ត្រូវ​បើក​កំពង់ផែ​សំខាន់ៗ​ជាច្រើន​ឲ្យ​អង់គ្លេស ក៏ដូចជា ប្រទេស​លោកខាងលិច​ផ្សេងទៀត​ចូល​ធ្វើជំនួញ​ដោយ​សេរី។ លើសពីនេះ​ទៅទៀត ពលរដ្ឋ​ទាំងអស់​របស់​លោកខាងលិច ដែល​រស់នៅ​ក្នុង​ប្រទេស​ចិន​ លែង​ស្ថិត​នៅ​ក្រោម​ច្បាប់​ចិន​ទៀត​ហើយ តែ​ត្រូវ​ដាក់​ឲ្យ​ស្ថិត​នៅ​ក្រោម​ច្បាប់​របស់​លោកខាងលិចវិញ។ និយាយ​ឲ្យចំ ចិន​ត្រូវ​បាត់បង់​ស្ទើរតែ​ទាំងស្រុង​នូវ​អធិបតេយ្យភាព​ខាង​នយោបាយ​ ពាណិជ្ជកម្ម និង​នយោបាយ​ការបរទេស។
     នៅ​ឆ្នាំ​១៨៩៥ ចិន​ត្រូវ​បាត់បង់​ទឹកដី​កាន់តែ​ច្រើន​ថែមទៀត ក្រោយ​ពី​ចាញ់​សង្រ្គាម​ទល់​នឹង​ជប៉ុន (សង្រ្គាម​ដណ្តើម​កាន់កាប់​កូរ៉េ ឆ្នាំ​១៨៩៤-១៨៩៥)។ ក្រៅ​ពី​ត្រូវ​ដកខ្លួន​ចេញ​ពី​កូរ៉េ ចិន​ត្រូវ​បង្ខំ​ចិត្ត​សងការខូចខាត​ដល់​ជប៉ុន ហើយ​ត្រូវ​កាត់កោះ​តៃវ៉ាន់ ព្រមទាំង​ដែនដី​ម៉ាន់ជូរី​មួយ​ផ្នែក​ទៅ​ឲ្យ​ជប៉ុន​កាន់កាប់។
      នៅ​ឆ្នាំ​១៩០៨ រាជវង្សឆេង​បាន​ធ្លាក់ចុះ​កាន់តែ​ដុនដាប​​រកលេខ​ដាក់​គ្មាន ក្រោយ​ពី​ព្រះមហាក្សត្រ​ចាស់​សោយទិវង្គត ហើយ​រាជបល្ល័ង្ក​ត្រូវ​ធ្លាក់​ទៅ​ក្នុង​ដៃ​រាជទាយាទ ដែល​មាន​អាយុ​ទើប​តែ ៣ឆ្នាំ គឺ​ព្រះអង្គម្ចាស់​ពូយី (Puyi) ដែល​នឹង​ត្រូវ​​ក្លាយ​ទៅជា​អធិរាជ​ចុងក្រោយ​បង្អស់​នៃ​អាណាចក្រ​ចិន។
       បរាជ័យ​ជាបន្តបន្ទាប់ នៅ​ក្នុង​សង្រ្គាម​ទល់​នឹង​បរទេស ជាពិសេស បរាជ័យ​ដ៏​គួរ​ឲ្យ​អាម៉ាស់​ទល់​នឹង​ជប៉ុន ដែល​គិត​ម​កត្រឹមពេលនោះ ត្រូវ​បាន​គេ​ចាត់ទុក​ថា​ជា​កូន​ប្រទេស​តូចមួយ​នោះ បាន​ធ្វើ​ឲ្យ​ប្រជាជន​ចិន​កាន់តែ​ច្រើន​នាំគ្នា​ផ្ទុះកំហឹង ជាពិសេស ជនជាតិ​ហាន ដែល​ជា​ជនជាតិ​ភាគច្រើន​ យល់ថា រាជវង្សឆេង​របស់​ពួក​ម៉ាន់ជូ គឺ​​ពួក​ក្បត់ជាតិ​លក់​ប្រទេស​ទៅ​ឲ្យ​បរទេស។ ​អំពើ​បះបោរ​ជាច្រើន​ក៏​បាន​ផ្ទុះឡើង ដោយ​ខ្លះ​ជា​ក្រុមបះបោរ​ប្រឆាំង​នឹង​ជនបរទេស ហើយ​ខ្លះ​ទៀត​ជា​ចលនា​បដិវត្តន៍​ ដែល​មាន​គោលដៅ​​​ផ្តួលរំលំ​រាជវង្សឆេង ក្នុងចំណោម​នោះ មាន​ចលនា​បដិវត្តន៍​ដ៏ធំ​​មួយ​ ដឹកនាំ​ដោយ​​ ស៊ុន យ៉ាតសេន
 
ស៊ុន យ៉ាតសេន មេដឹកនាំ​បដិវត្តន៍​ផ្តួលរំលំ​រាជវង្សឆេង នៅ​ឆ្នាំ​១៩១១
 
            ស៊ុន យ៉ាតសេន មាន​ដើម​កំណើត​មក​ពី​ខេត្ត​ខ្វាងទុង ហើយ​​ទទួល​ឥទ្ធិពល​នៃ​ការ​អប់រំ តាមបែប​លោក​ខាងលិច។ ស៊ុន យ៉ាតសេន​ ​បានចាកចេញ​ពី​ប្រទេស​ចិន ​ទៅ​រស់នៅ និង​រៀនសូត្រ នៅ​ហាវ៉ៃ តាំង​ពី​អាយុ ១៣ឆ្នាំ។ ក្រោយ​មក​ លោក​បាន​ក្លាយ​ខ្លួន​ជា​គ្រិស្តបរិស័ទ និង​បាន​ទៅ​រៀនសូត្រ​រហូត​បញ្ចប់​ការ​សិក្សា​ថ្នាក់​វេជ្ជបណ្ឌិត នៅ​ក្នុង​សកលវិទ្យាល័យ​អង់គ្លេស នៅកោះហុងកុង។ ក៏ប៉ុន្តែ ស៊ុន យ៉ាតសេន មិនបាន​ចាប់យក​អាជីព​ជា​គ្រូពេទ្យ​នោះទេ ដោយ​ងាក​ទៅ​ប្រឡូក​ចូល​ក្នុង​​ចលនា​បដិវត្តន៍ ក្នុង​គោលជំនឿ​មួយ​ថា ក្តីសង្ឃឹម​នៃ​អនាគត​ចិន​មានតែ​មួយ​គត់ គឺ​ផ្តួលរំលំ​រាជវង្សឆេង ហើយ​បង្កើត​របបសាធារណរដ្ឋ​មួយ ដែល​ប្រកាន់​យក​នូវ​របៀបដឹកនាំបែបប្រជាធិបតេយ្យ ហើយ​ធ្វើ​កំណែទម្រង់​​សេដ្ឋកិច្ច និង​បច្ចេកវិទ្យា ដោយ​យក​គំរូ​តាម​ប្រទេស​លោកខាងលិច។    
       ស៊ុន យ៉ាតសេន បាន​បង្កើត​នូវ​ទ្រឹស្តី​នយោបាយ​មួយ​ថា ដើម្បី​អាច​ក្លាយ​ជា​ប្រទេស​រុងរឿង​មួយ​បាន ចិន​ត្រូវ​តែ​ប្រកាន់​យក​នូវ​គោលការណ៍​ធំៗ​ចំនួន ៣ គឺ​ ជាតិនិយម ពោលគឺ ប្រទេស​ចិន​សម្រាប់​ជនជាតិ​ចិន ហើយ​មិនមែន​សម្រាប់​ជនបរទេស, ប្រជាធិបតេយ្យ គឺ​ប្រជាជន​ជា​ម្ចាស់​អំណាច និង សង្គមនិយម ពោលគឺ សុខមាលភាព​របស់​ប្រជាជន​ជា​ចម្បង។ នៅ​ក្នុងការ​ធ្វើ​បដិវត្តន៍​ប្រឆាំង​នឹង​រាជវង្សឆេង ស៊ុន យ៉ាតសេន បាន​ចំណាយ​ពេល​ភាគច្រើន​រស់នៅ​និរទេស​ខ្លួន នៅ​ក្រៅ​ប្រទេស ជាពិសេស នៅ​ជប៉ុន អង់គ្លេស និង​សហរដ្ឋ​អាមេរិក។
 
យ័ន ស៊ីខាយ អតីត​មេទ័ព​ក្នុង​រាជវង្សឆេង ហើយ​បាន​ក្លាយ​ជា​ប្រធានាធិបតី​នៃ​សាធារណរដ្ឋ​ចិន ក្រោយ​បដិវត្តន៍​ឆ្នាំ​១៩១១
 
            នៅ​ខែតុលា ឆ្នាំ​១៩១១ នៅ​ក្នុង​ក្រុង​វូឆាង (Wuchang) ក្រុម​បដិវត្តន៍​មួយ​ក្រុម​ដែល​ស្និទ្ធ​នឹង​ស៊ុន យ៉ាតសេន បាន​​នាំគ្នា​ងើបឡើង​បះបោរ រហូត​វាយ​​ដណ្តើម​កាន់កាប់​ក្រុង​វូឆាង​ទាំងមូល។ ដំណឹង​ស្តីពី​ជោគជ័យ​របស់​ក្រុម​បះបោរ​នៅ​វូឆាង បាន​លេចឮ​ទៅដល់​តំបន់​ផ្សេងៗ​ទៀត ហើយ​ចៅហ្វាយស្រុក ចៅហ្វាយ​ខេត្ត​ជាច្រើន បាន​នាំគ្នា​ប្រកាស​​ផ្តាច់ខ្លួន​ឈប់​ទទួល​​បញ្ជា​ពី​​ព្រះមហាក្សត្រឆេង ក្នុងពេល​ជាមួយគ្នា កងទ័ព​ឆេង​ជាច្រើន​បាន​នាំគ្នា​ផ្តាច់ខ្លួន​ចុះចូល​ជាមួយនឹង​ក្រុម​ ឧទ្ទាមបដិវត្តន៍។
            ស្ថិត​ក្នុង​ស្ថានភាព​ដុនដាប​នេះ ស្តេច​ឆេង​បាន​តែងតាំង​អតីត​មេទ័ព​ដ៏​ល្បីឈ្មោះ​ម្នាក់​ គឺ យ័ន ស៊ីខាយ (Yuan Sikhai) ឲ្យ​មក​ធ្វើ​ជា​នាយករដ្ឋមន្រ្តី ដើម្បី​បង្រ្កាប​ក្រុម​បះបោរ។ ក៏ប៉ុន្តែ ក្រោយ​ពី​បាន​អំណាច​ក្នុងដៃ យ័ន ស៊ីខាយ បែរ​ជា​ទៅ​ចរចា​ត្រូវរ៉ូវគ្នា ជាមួយ​នឹង​ក្រុម​បដិវត្តន៍​របស់​ស៊ុន យ៉ាតសេន ដើម្បី​បង្ខំ​ឲ្យ​ស្តេច​ឆេង​ដាក់រាជ្យ រួច​ហើយ​បង្កើត​ជា​របបសាធារណរដ្ឋ​មួយ​ឡើង នៅ​ថ្ងៃ​ទី១២ ខែ​កុម្ភៈ ឆ្នាំ​១៩១២ ដោយ​ យ័ន ស៊ីខាយ ខ្លួនឯង​ផ្ទាល់​ ជា​អ្នក​​​កាន់តំណែង​ជា​ប្រធានាធិបតី​នៃ​សាធារណរដ្ឋ​ថ្មី​នេះ៕